in ,

របៀ​ប​មិន​ត្រឹមត្រូវ​ក្នុងការ​​ប្រើប្រាស់​ព្រះ​គម្ពីរ

Wrong ways to use the Bible

មាន​របៀប​មិន​ត្រឹម​ត្រូវ​មួយ​ចំនួន​ដែល​គ្រីស្ទ​បរិស័ទ​ប្រើ​ប្រាស់​ព្រះ​គម្ពីរ។ យើង​នឹង​មើល​លើ​របៀប​មិន​ត្រឹម​ត្រូវ​បី​យ៉ាង​សង្ខេប។

របៀប​មិន​ត្រឹម​ត្រូវ​ទី​មួយ​គឺ​ថា គ្រីស្ទ​បរិស័ទ​គ្រាន់​តែ​មើល​លើ​ខ​គម្ពីរ​ផ្សេងៗ​ដោយ​មិន​មាន​រចនា​សម្ព័ន្ធ​នៅ​ក្នុង​របៀប​ដែល​ពួក​គេ​អាន​ព្រះ​គម្ពីរ ហើយ​បន្ទាប់​មក​ពួក​គេ​អនុវត្ត​ខ​គម្ពីរ​មួយ​ដោយ​មិន​គិត​ពី​បរិបទ។ ឧទាហរណ៍៖ ពួក​គេ​ប្រហែល​ជា​អាន​កណ្ឌ​គម្ពីរ និក្ខមនំ ៣១:១២-១៧ ហើយ​គិត​ថា គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​រក្សា​ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​ឈប់​សម្រាក (ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​សៅរ៍)។ យើង​ត្រូវ​តែ​កាត់​ស្រាយ​បទ​គម្ពីរ​ផ្សេងៗ​ដោយ​ការ​គិត​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ទាំង​មូល​លើក​ឡើង។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​បង្គាប់​ឲ្យ​គ្រីស្ទ​បរិស័ទ​រក្សា​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ (កូឡូស ២:១៦-១៧)។

របៀប​មិន​ត្រឹម​ត្រូវ​ទី​ពីរ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​គឺ ការ​គិត​ថា​ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​សៀវភៅ​ក្បួន​ច្បាប់ ឬ​សៀវភៅ​អំពី​សីលធម៌។ ព្រះ​គម្ពីរ​ពិត​ជា​មាន​ច្បាប់​និង​បង្រៀន​អំពី​សីលធម៌ ប៉ុន្តែ​នោះ​មិន​មែន​ជា​មូលដ្ឋាន​គ្រឹះ​របស់​ព្រះ​គម្ពីរ​នោះ​ឡើយ។ ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​បើក​សម្ដែង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​កណ្តាល។ យើង​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​​តាម​របៀប​នេះ។

របៀប​មិន​ត្រឹម​ត្រូវ​ទី​បី​គឺ គ្រាន់​តែ​អាន​ផ្នែក​ផ្សេងៗ​របស់​ព្រះ​គម្ពីរ ដើម្បី​លើក​ទឹក​ចិត្ត​យើង ប៉ុន្តែ​មិន​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​មាន​បន្ទូល​ទេ។ ចូរ​ស្រមៃ​មើល​ថា មាន​ការ​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​មួយ​ដែល​អ្នក​រត់​ប្រណាំង​ទាំង​អស់​គ្នា​ត្រូវ​តែ​រត់​តាម​ផ្លូវ​ជា​ច្រើន។ ពួក​គេ​មិន​ស្គាល់​ផ្លូវ​ទាំង​អស់​នៃ​ការ​រត់​ប្រណាំង​នោះ​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​មាន​ផែនទី​មួយ ដើម្បី​បង្ហាញ​​ផ្លូវ​ដែល​ពួក​គេ​ត្រូវ​រត់​តាម។ ចូរ​ស្រមៃ​ទៀត​ទៅ​មើល​ថា អ្នក​រត់​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ប្រើ​ផែនទី ប៉ុន្តែ​មិន​រត់​តាម​ផ្លូវ​ដែល​ផែនទី​ប្រាប់​នោះ​ទេ។ គាត់​គ្រាន់​តែ​គិត​ថា ផែន​ទី​នោះ​ស្អាត​ហើយ​ផ្តល់​ឲ្យ​គាត់​មាន​គំនិត​ល្អៗ។ ដូច្នេះ ពេល​កំពុង​រត់​ប្រណាំង​ហើយ​គាត់​ហត់ នោះ​គាត់​យក​ផែនទី​ចេញ​មក​មើល គាត់​ក៏​មាន​អារម្មណ៍​សប្បាយ ពីព្រោះ​គាត់​បាន​មើល​ផែនទី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ ដែល​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​បន្ត​រត់​ទៅ​មុខ​ទៀត។ ប៉ុន្តែ គាត់​មិន​រត់​តាម​ទិស​ដែល​ផែនទី​ប្រាប់​គាត់​ឲ្យ​រត់​នោះ​ទេ។ តើ​គាត់​នឹង​រត់​ទៅ​ដល់​ខ្សែ​ជ័យ​ដែរ​ឬ​ទេ? ទេ!

មនុស្ស​ខ្លះ​ចាត់​ទុក​ព្រះ​គម្ពីរ​ដូច​គ្នា​អញ្ចឹង​ដែរ។ ពួក​គេ​ប្រើ​ប្រាស់​ខ​គម្ពីរ​ផ្សេងៗ​ចេញ​ពី​ព្រះ​គម្ពីរ ដែល​ពួក​គេ​ចូល​ចិត្ត យក​មក​លើក​ទឹក​ចិត្ត​ខ្លួន​ឯង និង​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​សប្បាយៗ ឬ​មាន​អារម្មណ៍​សុខ​សាន្ត ប៉ុន្តែ​ពួក​មិន​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​នោះ​ឡើយ។ សូម្បី​តែ​គ្រូ​គង្វាល​មួយ​ចំនួន​ក៏​ធ្វើ​ដូច​នេះ​ផង​ដែរ។ ឧទាហរណ៍៖ គ្រីស្ទ​បរិស័ទ​ខ្លះៗ​ចូល​ចិត្ត​ស្តាប់​ខ​គម្ពីរ​ផ្សេងៗ​ចេញ​ពី​ព្រះ​គម្ពីរ ដែល​បង្រៀន​ថា ព្រះ​ស្រឡាញ់​យើង។ នោះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​សប្បាយ​សុខ​សាន្ត ប៉ុន្តែ​ពួក​គេ​មិន​ជឿ​លើ​អ្វី ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​ការ​ដែល​ព្រះ​បោះ​ទម្លាក់​មនុស្ស​ទៅ​ក្នុង​ស្ថាន​នរក​នោះ​ទេ ឬ​ពួក​គេ​មិន​ចង់​អាន ឬ​ស្តាប់​ផ្នែក​ខ្លះៗ​ក្នុង​ព្រះ​គម្ពីរ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត​ឡើយ។

ដូច្នេះ មនុស្ស​ទាំង​នេះ​ប្រើប្រាស់​ព្រះ​គម្ពីរ ប៉ុន្តែ​ពួក​គេ​មិន​ជឿ​លើ​ព្រះ​គម្ពីរ​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​ជឿ​លើ​ផ្នែក​ខ្លះៗ​នៃ​ព្រះ​គម្ពីរ​ដែល​គេ​ចូល​ចិត្ត​មិន​មែន​ជា​ការ​ជឿ​លើ​ព្រះ​គម្ពីរ​នោះ​ទេ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ទង្វើ​បែប​នេះ​ឡើយ ពីព្រោះ​នេះ​គឺ​ជា​ការ​ប្រើ​ប្រាស់​ព្រះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​មែន​ជា​ការ​ជឿ​ព្រះ​នោះ​ឡើយ។ ទង្វើ​បែប​នេះ​មាន​លក្ខណៈ​អំនួត អាត្មា​និយម និង​ថ្វាយ​បង្គំ​រូប​ព្រះ។ វា​ជា​លក្ខណៈ​អំនួត​ដោយ​ព្រោះ​យើង​គិត​ថា អ្វី​ដែល​យើង​ជឿ​គឺ​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ទៅ​វិញ។ វា​ជា​លក្ខណៈ​អាត្មា​និយម​ដោយ​ព្រោះ​យើង​គ្រាន់​តែ​ប្រើ​ប្រាស់​ព្រះ​សម្រាប់​ផល​ប្រយោជន៍​របស់​យើង​តែ​ប៉ុណ្ណោះ។ វា​ជា​លក្ខណៈ​ថ្វាយ​បង្គំ​រូប​ព្រះ​ដោយ​ព្រោះ​យើង​បង្កើត​ព្រះ​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន។

រៀបរៀង​ និង​និពន្ធ​ដោយ៖ ដៃគូរ​ដំណឹង​ល្អ
កែ​សម្រួល​ដោយ៖  លោក ទេព រ៉ូ, លោក ខែម បូឡុង
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បើ​ខ្ញុំ​កាន់​តែ​មិន​អធិស្ឋាន

​លោក​អ្នក​យល់​អំពី​សេចក្ដី​ក្រោធ​