in

ហេតុផល​៣​យ៉ាង​ដែល​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេស៊ូវ

3 Reasons to Obey Jesus

ហេតុ​អ្វី​បាន​ជា​យើង​គួរ​ព្យាយាម​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​គ្រប់​ចំណុច? ហេតុ​អ្វី​បាន​ជា​យើង​គួរ​ព្យាយាម​បម្រើ​ទ្រង់​គ្រប់​ទាំង​ចំណុច​នៃ​ជីវិត​យើង? មាន​ហេតុ​ផល​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​នឹង​លើក​ឡើង​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។

១. ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​លើ​សកល​លោក​នេះ

ហេតុផល​ចម្បង ហើយ​ច្បាស់លាស់​ជាង​គេ​បំផុត​នោះ​គឺ ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​លើ​សកល​លោក​នេះ។ ប្រសិនបើ​ទ្រង់​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​អម្ចាស់ នោះ​ក៏​មាន​ន័យ​ដែល​ថា ទ្រង់​ក៏​ជា​អម្ចាស់​លើ​មុខ​ជំនួញ លើ​ការងារ លើ​ការ​រៀនសូត្រ និង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​នៅ​ផ្ទះ​ដែរ។ ម្ចាស់​ជំនួញ​មិន​មែន​ជា​ម្ចាស់​ចម្បង​ទេ ប៉ុន្តែ​គាត់​ស្ថិត​នៅ​ក្រោម​ម្ចាស់​មួយ​ទៀត គាត់​គ្រាន់​តែ​ជា​អ្នក​មើល​ខុស​ត្រូវ​ប៉ុណ្ណោះ។ ព្រះ​ជាម្ចាស់ គឺ​ជាម្ចាស់​លើ​គ្រប់​អ្វីៗ​ទាំង​អស់។ ព្រះ​អង្គ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស​យើង​ទុក​ជា​ការ​ដែល​ទ្រង់​ទុក​ចិត្ត។ យើង​ប្រៀប​ដូច​ជា​អ្នក​ចាត់ការ​លើ​គេហដ្ឋាន​មួយ​របស់​ព្រះ​ជាម្ចាស់​អញ្ចឹង ហើយ​បើ​ដូច្នោះ​មែន នោះ​ក៏​មាន​ន័យ​ថា យើង​ក៏​ជា​អ្នក​ចាត់ការ​លើ​គេហដ្ឋាន​របស់​ព្រះ​គ្រីស្ទ​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ ហើយ​ក្នុង​នាម​ជា​មនុស្ស ព្រះ​ជាម្ចាស់​បាន​ប្រទាន​ផែនដី​នេះ​ដល់​ទ្រង់​ទុក​ជា​មរតក៖ «ប៉ុន្តែ នៅ​គ្រា​ក្រោយ​បង្អស់​នេះ ព្រះ​អង្គ​មាន​បន្ទូល​មក​កាន់​យើង ដោយសារ​ព្រះ​រាជបុត្រា​វិញ​ដែល​ព្រះ​អង្គ​បាន​តម្រូវ​ឲ្យ​បាន​គ្រប់គ្រង​របស់​ទាំង​អស់ ទុក​ជា​មរតក…» (ហេព្រើរ ១:២ គកស)។ ក្នុង​បរិបទ​នៃ​ការ​គ្រោង​ទុក​របស់​ព្រះ​អង្គ អ្នក​ធ្វើ​ការ​នីមួយៗ​ត្រូវ​តែ​ធ្វើ​នូវ​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​ប្រគល់​ដល់​គាត់ «…ហើយ​ព្រះ​អង្គ​ទ្រទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ​បន្ទូល​ដ៏​មាន​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ។» (ហេព្រើរ ១:៣ គកស)។

នៅ​ពេល​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ​ដ៏​ពិត នោះ​យើង​នឹង​កាន់តែ​មើល​ឃើញ​ពី​កាតព្វកិច្ច​របស់​យើង​ក្នុង​ការ​បម្រើ​ព្រះគ្រីស្ទ។ គ្រីស្ទ​បរិស័ទ​ដ៏​ពិត​គឺ​ជា​អ្នក​ដែល​ជឿ​ទុកចិត្ត​លើ​ព្រះ​គ្រីស្ទ។ ដោយ​សារ​តែ​ការ​ជឿ​ទុក​ចិត្ត​នោះ បាន​ជា​ពួក​គេ​ចុះ​ចូល​ក្រោម​ភាព​ជា​ព្រះ​អម្ចាស់​របស់​ទ្រង់។ ពួក​គេ​បាន​លន់តួ​ថា «ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់» (រ៉ូម ១០:៩ គកស)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ជា «បាវបម្រើ ឬ​ក៏​អ្នក​បម្រើ» របស់​ព្រះ​គ្រីស្ទ (រ៉ូម ១:១; ១កូរិនថូស ៧:២២)។ «ដូឡោស៍» (doulos) គឺ​ជា​ពាក្យ​គន្លឹះ​ក្នុង​ភាសា​ក្រិក​លើ​ពាក្យ «បាវបម្រើ ឬ​អ្នក​បម្រើ ឬ​ក៏​អ្នក​ស៊ី​ឈ្នួល»។ នៅ​ជំនាន់​ចក្រភព​រ៉ូម អត្ថ​ន័យ​ដ៏​សាមញ្ញ​នៃ​ពាក្យ​នេះ​ដែល​គេ​បាន​ប្រើ​គឺ ដើម្បី​ពណ៌នា​អស់​អ្នក​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ស្រប់​ច្បាប់ ហើយ​ពួក​គេ​ត្រូវ​បម្រើ​ម្ចាស់​ខ្លួន​រហូត​ទាល់​ម្ចាស់​ដោះ​លែង​ពួក​គេ។

ពិត​ណាស់! ចំពោះ​ម្ចាស់​ដែល​ជា​មនុស្ស ការ​ដែល​គាត់​ត្រួតត្រា​អ្នក​បម្រើ​របស់​ខ្លួន​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ពិបាក។ អ្នក​បម្រើ​រង​ការ​ឈឺចាប់​ដោយ​ជិះជាន់​របស់​ចៅហ្វាយ! ប៉ុន្តែ​ព្រះយេស៊ូវ​មិន​ដូច្នោះ​ទេ ភាព​ជា​ម្ចាស់​របស់​ទ្រង់​មក​លើ​យើង គឺ​មាន​ភាព​ល្អ​យ៉ាង​ពេញ​ទី។ បាវ​បម្រើ​របស់​ទ្រង់ អាច​មាន​ភាព​អរសប្បាយ ហើយ​ក៏​គួរ​តែ​អរសប្បាយ​ក្នុង​ការ​បម្រើ​ទ្រង់​ដែរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​គិត​ឲ្យ​ហ្មត់ចត់​អំពី​ជម្រៅ​នៃ​ការ​ដែល​យើង​បម្រើ​ទ្រង់។ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ នោះ​មាន​ន័យ​ថា គាត់​បាន​លះបង់​ជីវិត​គាត់​ទាំង​ស្រុង​ចោល (លូកា ១៤:២៥-៣៣)។ ជីវិត​របស់​គាត់​លែង​ជា «ជីវិត​ខ្លួន​ឯង» ទៀត​ហើយ។ គាត់​លែង​ថា​គ្មាន​តួនាទី​អ្វី​ទៀត​ដែរ៖ «អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា “យើង​ជា​បាវ​បម្រើ​ឥត​កម្រៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ”» (លូកា ១៧:១០ គកស)។

អ្នក​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ​ត្រូវ​តែ​ធ្វើ​អ្នក​ដើរ​តាម​គ្រប់​ពេលវេលា ជា​ពិសេស​ការ​ប្រជុំ​គ្នា​នៅ​ក្រុម​ជំនុំ​នៅ​ថ្ងៃ​អាទិត្យ។ យើង​ប្រជុំ​គ្នា​ដើម្បី​អបអរសាទរ​សេចក្ដី​ល្អ​របស់​ព្រះ​អង្គ ដើម្បី​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់ ដើម្បី​សញ្ជឹងគិត​លើ​លក្ខណសម្បត្តិ​របស់​ទ្រង់ ដើម្បី​អរព្រះគុណ​ទ្រង់ ដើម្បី​លន់តួ​បាប​របស់​យើង ដើម្បី​ទទួល​បាន​ការ​អត់​ទោស និង​ដើម្បី​ទទួល​បាន​អំណាច​របស់​ទ្រង់​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ក៏​ដើម្បី​ប្តេជ្ញាចិត្ត​ជា​ថ្មី​ក្នុង​ការ​បម្រើ​ទ្រង់​ដែរ។ ប៉ុន្តែ ការ​ដែល​យើង​បម្រើ​ព្រះ​អង្គ​មិន​មែន​មាន​តែ​ថ្ងៃ​អាទិត្យ​នោះ​ទេ យើង​ត្រូវ​បន្ត​បម្រើ​ទ្រង់​ពេញ​មួយ​សប្ដាហ៍​តែ​ម្ដង។ គ្រីស្ទ​បរិស័ទ​ដែល​ធ្វើ​ការ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ក៏​កំពុង​បម្រើ​ព្រះ​គ្រីស្ទ​ដែរ។

២. សេចក្ដី​ស្រឡាញ់​ដល់​ព្រះ​គ្រីស្ទ

ហេតុ​ផល​មួយ​ទៀត​ដែល​យើង​បម្រើ​ព្រះ​គ្រីស្ទ គឺ​ព្រោះ​យើង​ស្រឡាញ់​ទ្រង់។ «…យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន» (១យ៉ូហាន ៤:១៩)។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បទបញ្ជា​របស់​ខ្ញុំ​ចុះ» (យ៉ូហាន ១៤:១៥ គកស)។ ការ​ដែល​យើង​ស្រឡាញ់​ព្រះ​គ្រីស្ទ​ ស​ឲ្យ​ឃើញ​ថា យើង​ស្រឡាញ់​ព្រះ​ជាម្ចាស់ ដូច​ដែល​មាន​ពណ៌នា​នៅ​ក្នុង «បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១» នៃ​កណ្ឌ​គម្ពីរ ម៉ាថាយ ២២:៣៧-៣៨ ថា «…ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក។

ទាំង​នេះ​ជា​ខគម្ពីរ​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​អំពី​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៦:៥។ បញ្ញត្តិ​ដែល​មាន​ក្នុង​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​បាន​បង្គាប់​ឲ្យ​យើង​​ស្រឡាញ់​ទ្រង់​ជា​ចម្បង​ក្នុង​ជីវិត​របស់​យើង។ យើង​ត្រូវ​តែ​ស្រឡាញ់​ព្រះ «ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង» (ចោទិយកថា ៦:៥)។ យើង​ក៏​ឃើញ​ពី​ការ​គាំទ្រ​លើ​ការ​ស្រឡាញ់​បែប​នោះ​ក្នុង​បញ្ញត្តិ​ទី​មួយ​នៃ​បញ្ញត្តិ​ទាំង​ដប់​ផង​ដែរ៖ «កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ» (និក្ខមនំ ២០:៣)។ ព្រះ​ជាម្ចាស់​សក្ដិសម​នឹង​ទទួល​ភក្ដីភាព​ពី​យើង​ទាំង​ស្រុង។ យើង​ត្រូវ​មាន​ភក្ដីភាព​ជា​ចម្បង​ទៅ​លើ​ព្រះ មិន​មែន​លើ​របស់​អ្វី​មួយ ឬ​ក៏​បុគ្គល​ណា​ផ្សេង​នោះ​ទេ។ បញ្ញត្តិ​ទី​ពីរ​ក៏​រំឭក​យើង​អំពី​ការ​ប្តេជ្ញាចិត្ត​នេះ​ដែរ ដោយ​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​ជា​ព្រះ​ដ៏​ប្រចណ្ឌ ព្រះ​អង្គ​មិន​អត់ធន់​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែងក្លាយ​ឡើយ (និក្ខមនំ ២០:៥)។

ប្រសិនបើ​យើង​ស្រឡាញ់​ព្រះ​ជាម្ចាស់ យើង​គួរ​តែ​ស្រឡាញ់​ទ្រង់​ឲ្យ​អស់​ពី​ជីវិត ហើយ​យើង​ក៏​គួរ​ស្រឡាញ់​ទ្រង់​គ្រប់​ពេលវេលា​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​គួរ​បម្រើ​ទ្រង់​គ្រប់​ពេលវេលា។

ការ​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​បន្ទុក​ចំពោះ​អស់​អ្នក​ដែល​ចូល​ចិត្ត​គ្រប់​គ្រង់​ខ្លួន​ឯង។ ប៉ុន្តែ​វា​គ្មាន​អ្វី​ជា​បន្ទុក​ទេ។ ព្រះ​ជាម្ចាស់​សក្ដិសម​ឲ្យ​យើង​ស្រឡាញ់​ណាស់។ ព្រះ​អង្គ​គួរ​ឲ្យ​ស្រឡាញ់​លើស​គ្រប់​អ្វីៗ​ទាំង​អស់។ ហើយ​ព្រះ​គ្រីស្ទ​ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​ជាម្ចាស់ ទ្រង់​សក្ដិសម​ឲ្យ​យើង​ស្រឡាញ់​លើស​អ្វីៗ​ទាំង​អស់។ ព្រះ​អង្គ​បាន​សម្ដែង​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ក្នុង​ការ​ដែល​ទ្រង់​បាន​សង្គ្រោះ​យើង ហើយ​រាប់​យើង​ជា​សុចរិត​ដោយ​ព្រះ​គុណ​របស់​ទ្រង់។ ការ​ដែល​យើង​អរព្រះគុណ​ទ្រង់ គឺ​ជា​ការ​ដែល​បង្ហាញ​ថា​យើង​ស្រឡាញ់​ទ្រង់ (រ៉ូម ៥:៨; ៨:៣២; ១យ៉ូហាន ៤:៧-១២)។

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​គ្រីស្ទ​ក៏​បាន​សន្យា​ចំពោះ​យើង​ដែរ​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង។ យើង​មាន​ព្រះ​វត្តមាន​ទ្រង់​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​យើង។ តាម​រយៈ​ព្រះ​វត្តមាន​ទ្រង់ ទ្រង់​បំផ្លាស់បំប្រែ​យើង ហើយ​ក៏​ប្រទាន​កម្លាំង​ដល់​យើង ដើម្បី​ឲ្យ​យើង​អាច​នឹង​បន្ត​បម្រើ​ទ្រង់ (ម៉ាថាយ ២៨:២០; រ៉ូម ៥:៥; ២កូរិនថូស ៣:១៨)។

ក្នុង​ជីវិត​នេះ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​មិន​ទាន់​ជា​ល្អ​ឥតខ្ចោះ​នៅ​ឡើយ​ទេ។ យើង​នៅ​តែ​ធ្លាក់​ក្នុង​អំពើ​បាប។ ប៉ុន្តែ ពេល​ដែល​យើង​លន់​តួ​បាប នោះ​ព្រះ​គ្រីស្ទ​នឹង​អត់​ទោស​ឲ្យ (១យ៉ូហាន ១:៩)។

៣. អំណរ​នៃ​ការ​បម្រើ​ព្រះ​គ្រីស្ទ

ការ​ដែល​យើង​ពិភាក្សា​អំពី​តួនាទី​របស់​យើង ពេល​ខ្លះ​អាច​ក្លាយ​ជា​បន្ទុក។ ប៉ុន្តែ យោង​តាម​បទគម្ពីរ តួនាទី​របស់​យើង​មិន​ជា​បន្ទុក​អ្វី​ទេ ពេល​ដែល​យើង​ប្រកប​ជា​មួយ​ព្រះ​គ្រីស្ទ។

«ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ» (១យ៉ូហាន ៥:៣-៥)។ ព្រះ​យេស៊ូវ​បាន​សន្យា​ថា យើង​នឹង​ទទួល​បាន​ក្ដី​អំណរ​ក្នុង​ការ​ដែល​យើង​បម្រើ​ទ្រង់ «ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង នេះ​ជា​សេចក្តី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » (យ៉ូហាន ១៥:១១-១២)។ ចំពោះ​ភ្នែក​អ្នក​ដែល​មើល​ពី​ក្រៅ គេ​ប្រហែល​ជា​នឹង​គិត​ថា ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​ហាក់​បី​ដូច​មាន​ន័យ​ថា យើង​បាន​លះបង់​នូវ​រាល់​គ្រប់​អ្វី ដែល​មើល​ទៅ​អាច​នឹង​ផ្ដល់​ការ​អរសប្បាយ​ដល់​យើង។ អាថ៌កំបាំង​នៃ​ការ​បម្រើ​ព្រះ​ជាម្ចាស់​គឺ​ដូច​នេះ លះបង់​ចោល​ទាំង​អស់ នោះ​យើង​នឹង​ទទួល​បាន​នូវ​អ្វីៗ​ដែល​មាន​ន័យ​លើស​នោះ​ទៅ​ទៀត។

«អ្នក​ណា​ដែល​រក​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ» (លូកា ១៧:៣៣)។

«អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀង​ទៅ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះបី​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរបិតា​នឹង​លើក​មុខ​អ្នក​នោះ» (យ៉ូហាន ១២:២៥-២៦)។

«ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ» (ម៉ាថាយ ១៦:២៦ គកស)។

សម្គាល់៖ យើង​ដក​ស្រង់​ឯកសារ​ចេញ​ពី The Lordship of Christ: Serving Our Savior All of the Time, in All of Life, with all of Our Heart និពន្ធ​ដោយ​លោក​គ្រូ Vern S. Poythress។
ចំណាំ៖ យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ និង លោក វ៉ែល ណាថាន
ដក​ស្រង់​ខ្លះៗ​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រីស្ទ​បរិស័ទ និង​ពិធី​ភ្ជុំ​បិណ្ឌ

​ស្ថាន​សួគ៌