in

លក្ខណៈ​នៃ​សេចក្តី​អធិប្បាយ​តាម​អត្ថន័យ​ព្រះ​គម្ពីរ

ប្រសិនបើ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺ​ជា​ពួកជំនុំ​ដែល​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើន​ឡើងៗ ដូច​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់ នោះ​ចំណុច​ដ៏​ជាក់ច្បាស់​ក្នុង​ការ​ចាប់ផ្តើម​សង់​ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺ​ត្រូវ​ដាស់តឿន​ហៅ​សមាជិក​ឲ្យ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជា​ប្រភព​នៃ​ជីវិត និង​សុខភាព។ ព្រះបន្ទូល​នោះ​ឯង​ដែល​បាន​ផ្តល់​ចំណី​បំប៉ន អភិវឌ្ឍន៍ និង​រក្សា​ការ​ពារ​ពួកជំនុំ​ឲ្យ​យល់​ដឹង​ពី​ដំណឹងល្អ។

លក្ខណៈនៃសេចក្តីអធិប្បាយតាមអត្ថន័យព្រះគម្ពីរ

លក្ខណៈ​នេះ​មាន​ន័យ​ថា ទាំង​គ្រូគង្វាល ទាំង​ពួកជំនុំ​ត្រូវតែ​ប្ដេជ្ញា​ទៅ​នឹង​សេចក្តី​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ។ សេចក្តី​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ​ជា​ប្រភេទ​នៃ​សេចក្តី​អធិប្បាយ​ដែល​លាត​ត្រដាង​ឲ្យ​ឃើញ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ គ្រូគង្វាល​នឹង​យក​អត្ថបទ​ព្រះបន្ទូល​ជាក់លាក់​ណា​មួយ​ពី​ព្រះគម្ពីរ​មក​ពន្យល់​អត្ថបទ​ព្រះបន្ទូល​នោះ បន្ទាប់មក​យក​អត្ថន័យ​នៃ​អត្ថបទ​ព្រះបន្ទូល​ឲ្យ​ពួកជំនុំ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ វា​ជា​ប្រភេទ​នៃ​សេចក្តី​អធិប្បាយ​ដែល​មាន​ប្រសិទ្ធភាព​ជាងគេ​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់ ក៏ដូចជា​ទៅកាន់​អ្នក​ដែល​មិនមែន​ជា​រាស្ត្រ​របស់​ទ្រង់។ ការ​ប្ដេជ្ញា​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ គឺ​ជា​ការ​ប្ដេជ្ញា​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

សេចក្តី​អធិប្បាយ​មាន​ច្រើន​ប្រភេទ ឧទាហរណ៍​ដូចជា សេចក្តី​អធិប្បាយ​តាម​ប្រធានបទ គឺជា​សេចក្តី​អធិប្បាយ​ដែល​ប្រមូល​ផ្តុំ​ខគម្ពីរ​មួយ​ខ​ ឬ​ច្រើន​ខ​ទាក់ទង​នឹង​ប្រធានបទ​ជាក់លាក់​ណា​មួយ​ដូចជា ប្រធានបទ​ស្តី​ពី​ការ​អធិស្ឋាន ឬ​ប្រធានបទ​ស្តី​ពី​ការ​ថ្វាយ​តង្វាយ។ សេចក្តី​អធិប្បាយ​មួយ​ប្រភេទ​ទៀត គឺ​ជា​សេចក្តី​អធិប្បាយ​ដោយ​យក​ជីវប្រវត្តិ​របស់​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​មក​សិក្សា ដើម្បី​បង្ហាញ​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់ ចេញពី​គំរូ​នៃ​សេចក្តី​សង្ឃឹម និង​ភាពស្មោះត្រង់​របស់​បុគ្គល​ម្នាក់​នោះ។ ហើយ​ប្រភេទ​នៃ​សេចក្តី​អធិប្បាយ​ទាំង​ពីរ​អាច​មាន​ប្រយោជន៍​ចំពោះ​ពួកជំនុំ​ពេល​ខ្លះ​បាន។ ប៉ុន្តែ​ទោះជាយ៉ាងណា គ្រូគង្វាល​គួរតែ​មាន​ទម្លាប់​ក្នុង​ការ​ពន្យល់​ ហើយ​ផ្ដល់​ការ​អនុវត្ត​ចេញពី​ព្រះបន្ទូល​ពី​មួយ​កណ្ឌ​ទៅ​មួយ​កណ្ឌ ដ្បិត​ព្រះបន្ទូល​គឺជា​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកជំនុំ។

ការ​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ មាន​ន័យ​ថា ពួកជំនុំ​ជឿ​ថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មាន​អំណាច​លើ​ជីវិត​របស់​ពួកគេ។ ការ​អធិប្បាយ​បែប​នេះ​បង្ហាញ​ថា រាស្ត្រ​របស់​ទ្រង់​គួរតែ​ ឮ​ព្រះបន្ទូល ហើយ​ចាំបាច់​ ត្រូវតែ​ឮ​ព្រះបន្ទូល​នោះ បើ​មិន​ដូច្នោះ​ទេ ពួកជំនុំ​របស់​យើង​នឹង​អត់​បាន​ទទួល​នូវ​អ្វី​ដែល​ព្រះជាម្ចាស់​សព្វព្រះទ័យ​នឹង​ប្រើ​សម្រាប់​កែច្នៃ​យើង​ឲ្យ​ដូច​រូបអង្គ​ទ្រង់​នោះ​ឡើយ។ ហើយ​វា​ក៏​បង្ហាញ​ដែរ​ថា ព្រះជាម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកជំនុំ​រៀន​ទាំង​ពី​រព្រះគម្ពីរ​សញ្ញាថ្មី និង​សញ្ញាចាស់ ព្រមទាំង​រៀន​ពី​គ្រប់​ទាំង​ប្រភេទ​នៃ​កណ្ឌគម្ពីរ​ដូចជា​កណ្ឌ​ក្រឹត្យវិន័យ កណ្ឌ​ប្រវត្តិសាស្ត្រ កណ្ឌ​សុភាសិត កណ្ឌ​ហោរា កណ្ឌ​ដំណឹងល្អ និង​កណ្ឌ​សំបុត្រ។ គ្រូ​អធិប្បាយ​ដែល​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ​ដែល​អធិប្បាយ​ឲ្យ​ចប់​ពី​មួយ​កណ្ឌ​ទៅ​មួយ​កណ្ឌ ក៏ដូចជា​ផ្លាស់ប្ដូរ​សេចក្តី​អធិប្បាយ​របស់​គាត់​ជា​ទៀងទាត់​រវាង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សញ្ញាថ្មី ឬ​ជ្រើសរើស​ប្រភេទ​នៃ​កណ្ឌគម្ពីរ​ផ្សេងៗ​គ្នា នោះ​ខ្ញុំ​ជឿ​ថា គាត់​ប្រៀប​ដូចជា​ម្តាយ​ម្នាក់​ដែល​ផ្តល់​អាហារ​ដល់​កូន​ពី​គ្រប់​ទាំង​ក្រុម​នៃ​អាហារ មិនមែន​គ្រាន់​តែ​ផ្តល់​អាហារ​ដែល​ពួកគេ​ចូលចិត្ត​​ពីរ​បី​មុខ​នោះ​ទេ។

អំណាច​នៃ​ការ​អធិប្បាយ​របស់​​គ្រូគង្វាល​មិនមែន​កើត​ចេញពី​ខ្លួន​គាត់​នោះ​ទេ ប៉ុន្តែ​កើត​ចេញពី​ព្រះបន្ទូល​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។ សូម្បីតែ​ព្រះជាម្ចាស់​ក៏​មិន​បាន​ប្រទាន​បេសកកម្ម​មួយ​ដល់​ពួក​ហោរា​នៅ​សញ្ញាចាស់​ និង​ពួក​សាវ័ក​នៅ​សញ្ញា​ថ្មី​ឲ្យ​ចេញ​ទៅ​ហើយ​អធិប្បាយ​តាម​ចិត្ត​ខ្លួន​នោះ​ទេ តែ​ទ្រង់​ឲ្យ​ពួកគាត់​អធិប្បាយ​តាម​ព្រះបន្ទូល​របស់​ទ្រង់។ ដូច្នេះ គ្រូ​អធិប្បាយ​សព្វថ្ងៃ​នេះ​នៅតែ​មាន​អំណាច​ក្នុង​ការ​អធិប្បាយ​ពី​ព្រះជាម្ចាស់​ដរាបណា​ពួកគាត់​អធិប្បាយ​តាម​ព្រះបន្ទូល​របស់​ទ្រង់។
What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ម៉ាក ដិវើរ ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ជឿខ្ញុំចុះ

អធិស្ឋានបែបនិយាយដើម