យើង​បាន​បង្កើត​គេហទំព័រ​នេះ ដើម្បី​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ​ខ្មែរ។ យើង​ជឿ​យ៉ាង​មុតមាំ​លើ​ព្រះគម្ពីរ​របស់​ព្រះជាម្ចាស់ ហើយ​ចង់​ឈរ​មាំមួន​នៅ​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។ ដូច្នេះ​ដើម្បី​ជា​ការ​ការពារ​ពី​សេចក្តី​បង្រៀន​ខុសឆ្គង​ យើង​បាន​យក​គោលជំនឿ​របស់ The Gospel Coalition ដែល​បាន​បកប្រែ​ដោយ​គេហទំព័រ ដៃ​គូ​ក្នុង​ដំណឹងល្អ ធ្វើ​ជា​គោល​របស់​យើង។

បើ​សិន​ជា​បងប្អូន​មាន​ចំណាប់​អារម្មណ៍​ស្ម័គ្រចិត្ត​​ចង់រួម​ចំណែក​ជួយ​រចនា​អត្ថបទ​ ឬ​បកប្រែ​សូម​ទំនាក់ទំនង​ជា​មួយ​យើង​ខ្ញុំ។

tgclogo
dkdl

គោលជំនឿ

១. ព្រះ​ត្រៃ​ឯក

យើង​ជឿ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​គង់​នៅ​អស់​កល្ប​ជានិច្ច​ក្នុង​តួ​បុគ្គល​បី​អង្គ​ដែល​ជា​ព្រះ​ស្មើគ្នា​គឺ​ព្រះ​វរបិតា​ព្រះរាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ទ្រង់​ស្គាល់​ស្រឡាញ់ ហើយ​ថ្វាយ​សិរី​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​អង្គ​ជា​ព្រះ​ដ៏​ពិត​ហើយ​មាន​ព្រះ​ជន្ម​គង់​នៅ។ ទ្រង់​គ្រប់​លក្ខណ៍​ឥត​ខ្ចោះ​ទាំង​ក្នុង​សេចក្តី​ស្រឡាញ់ និង​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់​ផង។ ទ្រង់​ជា​ព្រះ​អាទិករ​លើ​របស់​សព្វសារពើ​គឺ​ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ដូច្នេះ​ហើយ​ទ្រង់​សម​នឹង​ទទួល​សិរី​រុងរឿង និង​ការ​លើក​តម្កើង​ទាំង​ស្រុង។ ដោយ​ព្រោះ​ទ្រង់​ជា​ព្រះ​ដែល​មិន​ចេះ​សុគត ហើយ​គង់នៅ​អស់​កល្ប​ជានិច្ច​ទ្រង់​ជ្រាប​យ៉ាង​ពេញ​លេញ និង​ល្អិតល្អន់​អំពី​ទី​បញ្ចប់​តាំង​ពី​ដើម​ដំបូង​មក​ក៏​ទ្រទ្រង់ ហើយ​គ្រប់​គ្រង​លើ​គ្រប់​ទាំង​អស់​ប្រកប​ដោយ​អធិបតេយ្យភាព។ ព្រះ​អង្គ​ក៏​បង្កើត​នូវ​ផែនការ​ដ៏​ល្អ​តាំង​ពី​អស់​កល្ប​ដោយ​ទ្រង់​ផ្ទាល់​បាន​ចូល​រួម​ធ្វើ​អន្តរាគមន៍ ដើម្បី​ប្រោស​លោះ​ប្រជារាស្ត្រ​មួយ​សម្រាប់​ទ្រង់ និង​ស្ដារ​ឡើង​វិញ​នូវ​រាល់​ស្នា​ព្រះ​ហត្ថ​ទ្រង់​ដែល​បាន​ធ្លាក់​ចុះ​សម្រាប់​ជា​ការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​មាន​សិរី​ល្អ​របស់​ទ្រង់។

២. ការ​បើក​សម្ដែង

យើង​ជឿ​ថា ដោយ​សារ​ព្រះ​គុណ​ទ្រង់​ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អត្ថិភាព​និង​ព្រះ​ចេស្ដា​របស់​ទ្រង់​នៅ​ក្នុង​លំដាប់​លំដោយ​នៃ​សព្វសារពើ​ដែល​ព្រះ​បាន​បង្កើត ហើយ​ទ្រង់​ក៏​បាន​បើក​សម្ដែង​យ៉ាង​ច្បាស់​អំពី​អង្គ​ទ្រង់​ដល់​មនុស្ស​ជាតិ​ដែល​បាន​ធ្លាក់​ចុះ​ក្នុង​អង្គ​បុគ្គល​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់​គឺ​ជា​ព្រះ​បន្ទូល​ដែល​បាន​ត្រឡប់​ជា​សាច់​ឈាម។ លើស​ជាង​នេះ​ទៀត​ព្រះ​អង្គ​គឺ​ជា​ព្រះ​ដែល​មាន​បន្ទូល ហើយ​ដោយ​សារ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​នោះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ដោយ​ព្រះ​គុណ​តាមរយៈ​ភាសា​មនុស្ស​ជាតិ៖ យើង​ជឿ​ថា​ព្រះ​បាន​បណ្តាល​ឲ្យ​តែង​ព្រះ​បន្ទូល​ដែល​បាន​រក្សា​ទុក​ក្នុង​ព្រះ​គម្ពីរ​គឺ​សៀវភៅ​ទាំង​ហុកសិប​ប្រាំ​មួយ​កណ្ឌ​នៃ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​ដែល​សញ្ញា​ទាំង​ពីរ​នេះ​គឺ​ជា​កំណត់​ត្រា និង​ជា​មធ្យោបាយ​នៃ​ព្រះ​រាជ​កិច្ច​សង្គ្រោះ​របស់​ទ្រង់​ក្នុង​លោកីយ៍​នេះ។ មាន​តែ​សំណេរ​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​បន្ទូល​ដែល​ព្រះ​បាន​បណ្តាល​ឲ្យ​តែង​តាម​រយះ​ពាក្យ​សម្ដី​ជា​ព្រះ​បន្ទូល​ដែល​មាន​សិទ្ធ​អំណាច​ពេញទី​ក៏​គ្មាន​កំហុស​នៅ​ក្នុង​សំណេរ​ដើម ហើយ​ដែល​មាន​ភាព​ពេញ​លេញ​នៅ​ក្នុង​ការ​បើក​សម្ដែង​អំពី​ព្រះ​ហរ​ទ័យ​ទ្រង់​សម្រាប់​សេចក្តី​សង្គ្រោះ។ សំណេរ​ទាំង​នេះ​ក៏​គ្រប់​គ្រាន់​សម្រាប់​អស់​ទាំង​អ្វីៗ​ដែល​ព្រះ​ទ្រង់​តម្រូវ​ឲ្យ​យើង​ជឿ និង​ប្រព្រឹត្ត​តាម ហើយ​ក៏​ជា​សិទ្ធ​អំណាច​ចុង​ក្រោយ​លើ​រាល់​វិស័យ​នៃ​តម្រិះ​ទាំង​ឡាយ​ដែល​ព្រះ​បន្ទូល​និយាយ​ទៅ​កាន់​ផង។ យើង​ព្រម​ទទួល​សារភាព​ថា​ភាព​មាន​ដែន​កំណត់ និង​អំពើ​បាប​របស់​យើង​រាល់​គ្នា​បាន​រារាំង​មិន​អាច​ឲ្យ​យើង​ស្គាល់​សេចក្តី​ពិត​នៃ​ព្រះ​បាន​ពេញ​លេញ​ឡើយ ប៉ុន្តែ​យើង​អះអាង​ថា​ដោយ​មាន​ការ​ជួយ​បំភ្លឺ​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​នោះ​យើង​អាច​ស្គាល់​សេចក្តី​ពិត​ដែល​ព្រះ​បាន​បើក​សម្ដែង​បាន​យ៉ាង​ពិត​ប្រាកដ។ យើង​ត្រូវ​ជឿ​ព្រះ​គម្ពីរ ជា​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​នូវ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​គម្ពីរ​បង្រៀន ត្រូវ​គរ​ព​តាម​ព្រះ​គម្ពីរ​ទុក​ជា​សេចក្ដី​បង្គាប់​របស់​ព្រះ​នូវ​គ្រប់​ទាំង​សេចក្ដី​តម្រូវ ហើយ​ត្រូវ​ទុក​ចិត្ត​ព្រះ​គម្ពីរ ជា​ពាក្យ​សន្យា​នៃ​ព្រះ នូវ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​គម្ពីរ​សន្យា​ផង។ នៅ​ពេល​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​ឮ ជឿ ហើយ​ធ្វើ​តាម​ព្រះ​បន្ទូល​នោះ​ពួក​គេ​ត្រូវ​បាន​បំពាក់បំប៉ន ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​អំពី​ដំណឹង​ល្អ។

៣. ការ​បង្កើត​មនុស្ស​ជាតិ

យើង​ជឿ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​មក​ជា​ប្រុស​ជា​ស្រី​ដូច​រូបអង្គ​ទ្រង់។ លោក អ័ដាម និង​នាង អេវ៉ា ស្ថិត​នៅ​ក្នុង​លំដាប់​នៃ​ការបង្កើត​ដែល​ព្រះ​អម្ចាស់​ផ្ទាល់​បាន​ប្រកាស​ថា ជា​ការ​ល្អ​ប្រពៃ។ ពួក​គេ​គឺ​ជា​ភ្នាក់ងារ​របស់​ព្រះ ដើម្បី​ថែរក្សា​ចាត់​ចែង​ហើយ​ត្រួតត្រា​លើ​ស្នា​ព្រះ​ហត្ថ​ទាំង​ឡាយ ហើយ​រស់​នៅ​ដោយ​មាន​សេចក្តី​ប្រកប​ដ៏​បរិសុទ្ធ និង​ភក្ដីភាព​ជា​មួយ​នឹង​ព្រះ​អាទិករ​របស់​គេ។ មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ត្រូវ​បាន​បង្កើត​មក​យ៉ាង​ស្មើ​គ្នា​តាម​រូប​អង្គ​ទ្រង់​រីក​រាយ​ចំពោះ​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​ចូល​មក​ឯ​ព្រះ​ដោយ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ជន​ទាំង​ពីរ​ភេទ​នេះ​ក៏​ត្រូវ​បាន​ព្រះ​ត្រាស់​ហៅ​ឲ្យ​ចេញពី​ជីវិត​អកម្ម​ដែល​បំពេញ​តែ​បំណង​ប្រាថ្នា​ខ្លួន​ឯង​មក​ឯ​ជីវិត​ឯកជន និង​សាធារណៈ​ដ៏​សំខាន់​ដែល​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុម​គ្រួសារ​ពួក​ជំនុំ និង​ជីវិត​ជា​ពលរដ្ឋ។ លោក អ័ដាម និង​នាង អេវ៉ា ត្រូវ​បាន​បង្កើត​មក ដើម្បី​ជួយ​បំពេញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​រួម​សម្ព័ន្ធមេត្រី​ជា​សាច់​តែ​មួយ​ដែល​បង្កើត​បាន​ជា​ខ្នាត​សីលធម៌​នៃ​ការ​រួម​បវេណី​តែ​មួយ​គត់​សម្រាប់​បុរស និង​ស្ត្រី​ដូច្នេះ​អាពាហ៍ពិពាហ៍​បែប​នេះ​ឯង​គឺ​ជា​គំរូ​បង្ហាញ​អំពី​សម្ព័ន្ធមេត្រី​រវាង​ព្រះ​គ្រីស្ទ​នឹង​ពួក​ជំនុំ​ទ្រង់។

នៅ​ក្នុង​គម្រោង​ផែនការ​ដ៏​ឈ្លាសវៃ​របស់​ព្រះ​បុរស និង​ស្ត្រី​មិន​មែន​អាច​ផ្លាស់​ប្តូរ​គ្នា​នោះ​ឡើយ (គឺ​បុរស និង​ស្ត្រី​មាន​លក្ខណៈ​ខុសពី​ផ្សេង​ពី​គ្នា) គឺ​ពួក​គេ​ត្រូវ​បំពេញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ផ្លូវ​ដែល​ចម្រើន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​ទ្រង់​បាន​កំណត់​ថា​ពួក​គេ​ត្រូវ​មាន​តួនាទី​ផ្សេងៗ​គ្នា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់​រវាង​ព្រះ​គ្រីស្ទ និង​ពួក​ជំនុំ​ប្តី​ត្រូវ​ទទួល​ខុស​ត្រូវ​ជា​មេ​គ្រួសារ​ក្នុង​របៀប​មួយ​ដែល​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​យក​ចិត្ត​ទុក​ដាក់ និង​លះបង់​របស់​ព្រះ​គ្រីស្ទ​រីឯ​ប្រពន្ធ​វិញ​គឺ​ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​នាង​ក្នុង​របៀប​មួយ​ដែល​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួក​ជំនុំ​ដល់​ព្រះ​អម្ចាស់​របស់​នាង (គឺ​ព្រះ​គ្រីស្ទ)។ នៅ​ក្នុង​ព័ន្ធ​កិច្ច​នៃ​ពួក​ជំនុំ​បុរស និង​ស្ត្រី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បម្រើ​ព្រះ​គ្រីស្ទ​ទាំង​អស់​គ្នា ហើយ​នឹង​បង្កើន​ឲ្យ​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ព័ន្ធ​កិច្ច​នានា​នៃ​រាស្ត្រ​របស់​ព្រះ។ តួនាទី​ដឹក​នាំ​ពិសេស​នៅ​ក្នុង​ពួក​ជំនុំ​ដែល​បាន​ប្រទាន​ឲ្យ​ដល់​បុរស​ដែល​មាន​លក្ខណសម្បត្តិ​ល្អ​គឺ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ការ​បង្កើត​ការ​ធ្លាក់​ចុះ និង​ការ​ប្រោស​លោះ​ហើយ​មិន​ត្រូវ​ដក​តួនាទី​នេះ​ចេញ​ដោយ​សម្អាង​ទៅ​លើ​ការ​បត់​បែន​វប្បធម៌​នោះ​ឡើយ។

៤. ការ​ធ្លាក់​ចុះ

យើង​ជឿ​ថា លោក អ័ដាម ដែល​បាន​បង្កើត​មក​ដូច​រូប​អង្គ​ព្រះ​បាន​ធ្វើ​ឲ្យ​ខូច​ភាព​ដូច​រូប​អង្គ​ទ្រង់​នោះ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​បាត់​បង់​ព្រះ​ពរ​ដើម​ដល់​ខ្លួន​គាត់​ព្រម​ទាំង​ដល់​កូន​ចៅ​គាត់​ទាំង​អស់​ផង​គឺ​ដោយ​សារ​ការ​ធ្លាក់​ចុះ​ទៅ​ក្នុង​អំពើ​បាប​តាម​រយៈ​សេចក្តី​ល្បួង​របស់​អារក្ស​សាតាំង។ ជា​លទ្ធផល​គឺ​គ្រប់​មនុស្ស​ជាតិ​ទាំងអស់​បាន​ដាច់​ចេញ​ពី​ព្រះ​ក៏​បាន​ត្រឡប់​ជា​ពុក​រលួយ​ក្នុង​គ្រប់​ទ្រង់​ទ្រាយ​នៃ​ភាវៈ​របស់​គេ (ឧទាហរណ៍៖ ដូច​ជា​ផ្នែក​ខាង​រូប​កាយ​ខាង​គំនិត​ខាង​ឆន្ទៈ​ខាង​មនោសញ្ចេតនា​ខាង​ឯ​វិញ្ញាណ​ជា​ដើម) ហើយ​ទី​បញ្ចប់​ក៏​ត្រូវ​ទទួល​ទោស និង​សេចក្តី​ស្លាប់​ជាក់​ជា​មិន​ខាន បើ​សិន​ជា​គ្មាន​កិច្ច​អន្តរាគមន៍​ដែល​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ​អង្គ​នោះ។ សេចក្តី​ត្រូវ​ការ​ដ៏​ធំ​បំផុត​របស់​មនុស្ស​ជាតិ​គឺ​ការ​ផ្សះ​ជា​មួយ​នឹង​ព្រះ​ដែល​យើង​ត្រូវ​ឈរ​នៅ​ចំពោះ​សេចក្តី​ក្រោធ​ដ៏​សេចក្តី​យុត្តិធម៌ និង​បរិសុទ្ធ​របស់​ទ្រង់ ហើយ​សេចក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​មនុស្ស​គ្រប់​រូប​នោះ​គឺ​ស្ថិត​នៅ​លើ​សេចក្តី​ស្រឡាញ់​ដែល​យើង​មិន​សម​នឹង​ទទួល​របស់​ព្រះ​អង្គ​ដដែល​នេះ​ឯង។ មាន​តែ​ទ្រង់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ជួយ​រំដោះ​យើង និង​ធ្វើ​ឲ្យ​យើង​អាច​មក​ឯ​ទ្រង់​វិញ​បាន។

៥. គម្រោង​ផែន​ការណ៍​របស់​ព្រះ

យើង​ជឿ​ថា តាំង​ពី​ដើម​អស់​កល្ប​រៀង​មក​ព្រះ​ទ្រង់​បាន​ប្ដេជ្ញា​ដោយ​ព្រះ​គុណ​រួច​ហើយ​ថា​នឹង​សង្គ្រោះ​ដល់​មនុស្ស​មាន​បាប​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​មក​ពី​គ្រប់​ទាំង​សាសន៍​គ្រប់​ទាំង​ពូជ​មនុស្ស​គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា​ហើយ​ទ្រង់​សម្រេច​ផែនការ​នេះ ដោយ​បាន​ស្គាល់​គេ​ជា​មុន​ហើយ​ក៏​បាន​ជ្រើស​គេ​ផង​ដែរ។ យើង​ជឿ​ថា ព្រះ​ទ្រង់​រាប់​ជា​សុចរិត​ហើយ​ញែក​ជា​បរិសុទ្ធ​ដល់​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ ដោយ​សារ​ព្រះ​គុណ​ទ្រង់ ហើយ​ក៏​ជឿ​ថា​នៅ​ថ្ងៃ​មួយ​ទ្រង់​នឹង​ប្រទាន​សិរី​ល្អ​ដល់​គេ​គឺ​គ្រប់​ទាំង​អស់​សម្រាប់​ជា​ការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​មាន​សិរី​ល្អ​នៃ​ទ្រង់។ ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ទ្រង់​បង្គាប់ ហើយ​ក៏​អង្វរ​មនុស្ស​ទាំង​អស់​ឲ្យ​ប្រែ​ចិត្ត ហើយ​ជឿ​ដោយ​បាន​ដាក់​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែល​នាំ​ទៅ​ឯ​សេចក្តី​សង្គ្រោះ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស និង​ដោយ​បាន​តាំង​ព្រះ​គ្រីស្ទ​ឡើង​ជា​ព្រះ​អង្គ​ប្រោស​លោះ​របស់​ពួក​គេ​ផង។

៦. ដំណឹង​ល្អ

យើង​ជឿ​ថា ដំណឹង​ល្អ​គឺ​ជា​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដ៏​ជា​តួ​ប្រាជ្ញា​នៃ​ព្រះ។ លោកីយ៍​ចាត់​ទុក​ដំណឹង​ល្អ​ថា​ជា​សេចក្ដី​ចំកួត​ទោះបី​វា​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ដល់​អស់​អ្នក​ដែល​កំពុង​បាន​សង្គ្រោះ​ក៏​ដោយ​ដំណឹង​ល្អ​នេះ​គឺ​ថ្លែង​អំពី​ព្រះ​គ្រីស្ទ​ដែល​ផ្ដោត​ទៅ​លើ​ឈើ​ឆ្កាង និង​ការ​រស់​ឡើង​វិញ​គឺ​បាន​សេចក្តី​ថា​បើ​មិន​បាន​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ទេ​នោះ​ក៏​មិន​មាន​ការ​ប្រកាស​ដំណឹង​ល្អ​ដែរ​ហើយ​ក៏​គ្មាន​ការ​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ដ៏​ពិត​ប្រាកដ​ដែរ​បើ​សេចក្តី​ប្រកាស​នោះ​មិន​ផ្ដោត​ទៅ​លើ​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់ (ខ្លឹម​សារ​សំខាន់​នោះ​គឺ៖ «ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា… [ហើយ] ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»)។ ដំណឹង​ល្អ​នេះ​គឺ​តាម​ព្រះ​គម្ពីរ (ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់​តាម​បទ​ព្រះ​គម្ពីរ) តាម​ទេវ​សាស្ត្រ និង​សេចក្តី​សង្គ្រោះ (ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​អំពើ​បាប​របស់​យើង​រាល់គ្នា ដើម្បី​ផ្សះផ្សា​យើង​រាល់​គ្នា​ជា​មួយ​នឹង​ព្រះ​វិញ) តាម​ប្រវត្តិសាស្ត្រ (បើ​សិន​ជា​ព្រឹត្តិការណ៍​នៃ​ការ​សង្គ្រោះ​នោះ​មិនបាន​កើត​ឡើង​ទេ​នោះ​ជំនឿ​របស់​យើង​រាល់​គ្នា​ឥត​ប្រយោជន៍​យើង​នៅ​ក្នុង​អំពើ​បាប​របស់​យើង​រាល់​គ្នា​នៅ​ឡើយ ហើយ​យើង​ក៏​គួរ​ឲ្យ​អាណិតអាសូរ​ជាង​មនុស្ស​ទាំង​អស់​ផង) តាម​ពួក​សាវ័ក (ព្រះ​បាន​ផ្ទុកផ្ដាក់​ព្រះ​បន្ទូល​ទៅ​ពួក​សាវ័ក ដើម្បី​ផ្សព្វផ្សាយ​បន្ត​ដោយ​ពួក​គេ​គឺ​ជា​ស្មរ​បន្ទាល់​អំពី​ព្រឹត្តិការណ៍​សង្គ្រោះ​នេះ) ហើយ​ក៏​តាម​បុគ្គល​ម្នាក់ៗ​ផ្ទាល់​ដែរ (បើ​បុគ្គល​ណា​ម្នាក់​ទទួល​ជឿ​ហើយ​កាន់​ខ្ជាប់​ខ្ជួន​តាម​ដំណឹង​ល្អ​បុគ្គល​នោះ​បាន​សង្គ្រោះ)។

៧. ការ​ប្រោស​លោះ​នៃ​ព្រះ​គ្រីស្ទ

យើង​ជឿ​ថា ដោយ​សារ​សេចក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់​ចំពោះ​ព្រះ​វរបិតា​ព្រះ​រាជ​បុត្រា​ដែល​គង់​នៅ​អស់​កល្ប​ជានិច្ច​បាន​យក​កំណើត​ជា​មនុស្ស៖ ព្រះ​បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម​ជា​ព្រះ​ពេញ​លេញ​ជា​មនុស្ស​ជាតិ​ពេញ​លេញ​គឺ​បុគ្គល​ម្នាក់​ដែល​មាន​និស្ស័យ​ពីរ។ មនុស្ស​ឈ្មោះ «យេស៊ូវ» ដែល​ជា​ព្រះ​មែស្ស៊ី​នៃ​សាសន៍​អ៊‌ីស្រាអែល​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​យាង​មក​ទ្រង់​បាន​ចាប់​កំណើត​តាម​រយៈ​ការ​ចាប់​ទុំ​ផ្ទៃ​ដ៏​អស្ចារ្យ​គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ក៏​ប្រសូត​មក​ពី​ក្រមុំ​ព្រហ្មចារី​ឈ្មោះ​នាង ម៉ារា។ ទ្រង់​បាន​ស្តាប់​បង្គាប់​យ៉ាង​គ្រប់​លក្ខណ៍​ដល់​ព្រះ​វរបិតា​ទ្រង់​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​រស់​នៅ​ជីវិត​ដែល​គ្មាន​បាប​សោះ​បាន​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​ជា​ច្រើន​បាន​ជាប់​ឆ្កាង​នៅ​ក្រោម​អំណាច​លោក ប៉ុនទាស-ពីឡាត់ លុះ​ដល់​ថ្ងៃទី​បី​សព​ទ្រង់​ក៏​បាន​​រស់​ពី​សុគត​ឡើង​វិញ​ហើយ​ក៏​បាន​យាង​ទៅ​ឯ​ស្ថានសួគ៌​វិញ។ ក្នុង​នាម​ទ្រង់​ជា​ស្តេច​ដ៏​ជា​អ្នក​សង្រួបសង្រួម​ទ្រង់​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​គ្រប់​គ្រង​ទាំង​នៅ​ស្ថានសួគ៌ និង​ផែនដី​ដោយ​នូវ​អស់​ទាំង​អធិបតេយ្យភាព​របស់​ព្រះ ហើយ​ទ្រង់​ជាស​ម្តេច​សង្ឃ និង​ជា​អ្នក​ការពារ​ក្តី​ដ៏​សុចរិត​របស់​យើង​រាល់​គ្នា។

យើង​ជឿ​ថា ដោយ​សារ​ការ​យក​កំណើត​ជា​មនុស្ស​ព្រះ​ជន្ម​រស់​នៅ​ការ​សុគត​ការ​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់​នោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ធ្វើ​ជា​អ្នក​តំណាង និង​ជំនួស​ឲ្យ​យើង​រាល់​គ្នា។ ទ្រង់​ធ្វើ​ដូច្នោះ​គឺ ដើម្បី​ឲ្យ​យើង​ដែល​នៅ​ក្នុង​ទ្រង់​អាច​ក្លាយ​ជា​សេចក្តី​សុចរិត​របស់​ព្រះ៖ នៅ​លើ​ឈើ​ឆ្កាង​ទ្រង់​បាន​លប់​អំពើ​បាប​ចោល​ចេញ​បាន​ថ្វាយ​តង្វាយ​ប្រយោជន៍​ឲ្យ​យើង​អាច​រួច​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ ព្រម​ទាំង​បាន​ធ្វើ​ការ​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ​នឹង​អ្នក​ជឿ​ទាំង​អស់​ដោយ​ទ្រង់​ផ្ទាល់​បាន​ផ្ទុក​លើ​អង្គ​ទ្រង់​នូវ​ទោស​ទាំង​ស្រុង​នៃ​បាប​របស់​យើង​រាល់​គ្នា។ តាម​រយៈ​ការ​រស់​ឡើង​វិញ ព្រះ​យេស៊ូវ​ត្រូវ​បាន​ព្រះ​វរបិតា​បញ្ជាក់​ថា​គ្មាន​ទោស​ទ្រង់​បំបាក់​អំណាច​នៃ​សេចក្តី​ស្លាប់ ហើយ​បាន​ឈ្នះ​លើ​សាតាំង​ដែល​ពី​ដើម​មាន​អំណាច​លើ​សេចក្តី​នេះ​រួច​ក៏​បាន​នាំ​មក​នូវ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​ពួក​រាស្ត្រ​ទ្រង់​គ្រប់ៗ​គ្នា។ ហើយ​តាម​រយៈ​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់​នោះ​ទ្រង់​ត្រូវ​បាន​លើក​តម្កើង​ឡើង​ជា​ព្រះ​អម្ចាស់​អស់​កល្ប​ជានិច្ច​ព្រម​ទាំង​រៀប​ចំ​កន្លែង​ឲ្យ​យើង​រាល់​គ្នា​បាន​ទៅ​នៅ​ជា​មួយ​នឹង​ទ្រង់​ផង។

យើង​ជឿ​ថា គ្មាន​សេចក្តី​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ​ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។ ពីព្រោះ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើល​ងាយ​ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ​ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​ឡើយ​គឺ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង។

៨. ការ​រាប់​ជា​សុចរិត​ដល់​មនុស្ស​មាន​បាប

យើង​ជឿ​ថា ដោយ​សារ​ការ​ស្តាប់​បង្គាប់ និង​ការ​សុគត​របស់​ទ្រង់​ព្រះ​គ្រីស្ទ​បាន​បង់​សង​បំណុល​ទាំង​ស្រុង​ដល់​អស់​ពួក​អ្នក​ដែល​បាន​រាប់​ជា​សុចរិត។ ដោយ​សារ​យញ្ញ​បូជា​ដែល​ទ្រង់​ថ្វាយ​នោះ​ទ្រង់​បាន​ទទួល​ទោស​ជំនួស​យើង​ជា​ទោស​ដែល​យើង​ត្រូវ​ទទួល ដោយ​សារ​អំពើ​បាប​យើង​ដោយ​ទ្រង់​បាន​ផ្គាប់​យ៉ាង​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ហើយ​ពេញ​លេញ​ដល់​សេចក្តី​យុត្តិធម៌​របស់​ព្រះ​ជំនួស​យើង​រាល់​គ្នា។ ដោយ​សារ​ការ​ស្តាប់​បង្គាប់​ដ៏​គ្រប់​លក្ខណ៍​របស់​ទ្រង់​ព្រះ​យេស៊ូវ​បាន​បំពេញ​តាម​ការ​ទាម​ទារ​ដ៏​សុចរិត​របស់​ព្រះ​ជំនួស​យើង​រាល់​គ្នា ដ្បិត​ដោយ​សារ​ជំនឿ​តែ​ម្យ៉ាង​គត់​ដែល​ព្រះ​រាប់​អ្នក​ដែល​បាន​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​តែ​មួយ​អង្គ​គត់ ដើម្បី​ឲ្យ​បាន​ទទួល​មក​នៅ​ជា​មួយ​ព្រះ​វិញ​ថា​ជា​ការ​ស្តាប់​បង្គាប់​ដ៏​គ្រប់​លក្ខណ៍។

យើង​ជឿ​ថា ដោយ​ព្រោះ​ព្រះ​វរបិតា​បាន​ប្រទាន​ព្រះ​គ្រីស្ទ​មក​សម្រាប់​យើង ហើយ​ក៏​ទទួល​យក​នូវ​ការ​ស្តាប់​បង្គាប់ និង​ការ​រង​ទោស​របស់​ទ្រង់ (ជា​ទណ្ឌកម្ម​ដែល​យើង​រាល់​គ្នា​ត្រូវ​ទទួល) ដោយ​ទទេ​ហើយ​មិន​មែន​ដោយ​សារ​អ្វី​មួយ​ចេញ​ពី​យើង​រាល់​គ្នា​សោះ​នោះ​ការ​រាប់​ជា​បរិសុទ្ធ​នេះ​គឺ​ជា​ព្រះ​គុណ​ដ៏​សទ្ធា​តែ​មួយ​ប៉ុណ្ណោះ​ប្រយោជន៍​ឲ្យ​បាន​ថ្វាយ​សិរី​ល្អ​ដល់​សេចក្តី​យុត្តិធម៌ និង​ព្រះ​គុណ​ដ៏​បរិបូណ៌​របស់​ព្រះ​ក្នុង​ការ​ដែល​ទ្រង់​រាប់​មនុស្ស​មាន​បាប​ជា​សុចរិត។ យើង​ជឿ​ថា​ការ​ខិតខំ​ក្នុង​ការ​ស្តាប់​បង្គាប់​ទាំង​លក្ខណៈ​ជា​សាធារណៈ និង​លក្ខណៈ​ជា​បុគ្គល​គឺ​ហូរ​ចេញ​មក​ពី​ការ​រាប់​ជា​សុចរិត​ដែល​ឥត​បង់​ថ្លៃ​នេះ។

៩. អំណាច​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ

យើង​ជឿ​ថា សេចក្តី​សង្គ្រោះ​នេះ​ដែល​បាន​បញ្ជាក់​ក្នុង​គ្រប់​បទ​គម្ពីរ​ហើយ​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ប្រទាន​មក​ពួក​រាស្ត្រ​ទ្រង់​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ទ្រង់​ត្រូវ​បាន​ចាត់​បញ្ជូន​មក​ដោយ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ក្នុង​នាម​ជា​អង្គ​ជំនួយ​ទ្រង់​មាន​ព្រះ​វត្តមាន​ជា​មួយ​ព្រម​ទាំង​នៅ​ក្នុង​ពួក​អ្នក​ជឿ។ ទ្រង់​សម្ដែង​ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់​អំពី​អំពើ​បាប​អំពី​សេចក្តី​សុចរិត និង​អំពី​សេចក្តី​ជំនុំ​ជម្រះ ហើយ​តាម​រយៈ​កិច្ចការ​ដ៏​អាថ៌កំបាំង និង​ដ៏​មាន​ព្រះ​ចេស្ដា​របស់​ទ្រង់​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​ដែល​ស្លាប់​ខាង​ឯ​វិញ្ញាណ​កើត​ជា​ថ្មី​ឡើង​វិញ។ព្រះ​អង្គ​ក៏​នាំ​គេ​ឲ្យ​ប្រែ​ចិត្ត និង​ជឿ​ហើយ​ក្នុង​ទ្រង់​នោះ​គេ​ក៏​បាន​ជ្រមុជ​ទៅ​ក្នុង​ការ​រួប​រួម​ជា​មួយ​នឹង​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​ដោយ​សេចក្តី​នោះ​គេ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ​ដោយ​ព្រះ​គុណ​តែ​មួយ​គត់​តាម​រយៈ​ជំនឿ​តែ​មួយ​គត់​ក្នុង​ព្រះ​គ្រីស្ទ​តែ​មួយ​គត់។

យើង​ជឿ​ថា ដោយ​សារ​ព្រះ​វិញ្ញាណ​ដែល​ជា​ភ្នាក់ងារ​នោះ​ពួក​អ្នក​ជឿ​បាន​កើត​ជា​ថ្មី​ញែក​ជា​បរិសុទ្ធ ហើយ​ទទួល​រាប់​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​នៃ​ព្រះ​គេ​ក៏​រួម​ចំណែក​ក្នុង​និស្ស័យ​ព្រះ ហើយ​ទទួល​អំណោយ​ទាន​ផ្សេងៗ​តាម​ដែល​ទ្រង់​ចែក​ឲ្យ​ដោយ​ព្រះ​ចេស្ដា​ទ្រង់។ អង្គ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ផ្ទាល់​គឺ​ជាទី​បញ្ចាំចិត្ត​នៃ​មត៌ក​ដែល​ព្រះ​បាន​សន្យា ហើយ​នៅ​ក្នុង​គ្រា​នេះ​ទ្រង់​ក៏​គង់​ជា​មួយ​នាំ​ផ្លូវ​បង្រៀន​បំពាក់បំប៉ន​ជំរុញ​កម្លាំង និង​ផ្តល់​អំណាច​ដល់​អ្នក​ជឿ ដើម្បី​ឲ្យ​បាន​ដូច​ជា​ព្រះ​គ្រីស្ទ​ទាំង​នៅ​ក្នុង​ការ​រស់​នៅ និង​ការ​បម្រើ។

១០. នគរ​ព្រះ

យើង​ជឿ​ថា អស់​អ្នក​ដែល​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ​តាម​រយៈ​ការ​រួប​រួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ដោយ​ជំនឿ ហើយ​តាម​រយៈ​ការ​បង្កើត​ជា​ថ្មី ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចូល​ក្នុង​នគរ​ព្រះ​បាន ហើយ​ក៏​ត្រេកអរ​ជា​មួយ​នឹង​ព្រះ​ពរ​នៃ​សម្ព័ន្ធមេត្រី​ថ្មី​គឺ​ការ​អត់​ទោស​បាប​ការ​ផ្លាស់​ប្តូរ​ពី​ខាង​ក្នុង​ដែល​ជំរុញ​ឲ្យ​មាន​ចិត្ត​ចង់​ថ្វាយ​សិរី​ល្អ​ទុក​ចិត្ត និង​ស្តាប់​បង្គាប់​ដល់​ព្រះ ព្រម​ទាំង​សិរី​ល្អ​នា​ពេល​អនាគត​ដែល​នឹង​ត្រូវ​បើក​សម្ដែង​មក​ផង។

ការ​ប្រព្រឹត្ត​ល្អ​គឺ​ជា​ភស្តុតាង​ដ៏​ចាំ​បាច់​នៃ​ព្រះ​គុណ​ដែល​កំពុង​តែ​សង្គ្រោះ។ ការ​រស់​នៅ​ជា​អំបិល​នៃ​ផែនដី​ដែល​កំពុង​ស្អុយ​រលួយ​ទៅ ហើយ​ជា​ពន្លឺ​នៃ​លោកីយ៍​ដ៏​ខ្មៅ​ងងឹត​ពួក​អ្នក​ជឿ​មិន​គួរ​ដក​ខ្លួន​ចេញ​ពី​លោកីយ៍​ទាំង​ស្រុង​ក៏​មិន​គួរ​ត្រឡប់​ដូច​ជា​លោកីយ៍​បេះ​បិទ​នោះ​ដែរ។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​ការ​ល្អ​ដល់​ទី​ក្រុង​ដែល​យើង​រស់​នៅ​នោះ​ព្រោះ​គ្រប់​ទាំង​កិត្តិយស និង​សិរី​ល្អ​នៃ​ប្រជាជាតិ​នោះ​ត្រូវ​ថ្វាយ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​វិញ។ ដោយ​ព្រោះ​យើង​ទទួល​ស្គាល់​ថា ព្រះ​ជាម្ចាស់​លើ​លំដាប់​លំដោយ (សណ្ដាប់​ធ្នាប់) នៃ​ការ​បង្ក​បង្កើត​នេះ ហើយ​ដោយ​ព្រោះ​យើង​គឺ​រាស្ត្រ​នៃ​នគរ​ព្រះ​នោះ​យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង​ដូច​ជា​ស្រឡាញ់​ខ្លួន​ឯង​ធ្វើ​ការ​ល្អ​ដល់​មនុស្ស​គ្រប់​រូប​ជា​ពិសេស​គឺ​ចំពោះ​អស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ នគរ​ព្រះ​ដែល​បាន​មក​ដល់ ហើយ​តែ​មិន​ទាន់​សម្រេច​ពេញ​លេញ​នៅ​ឡើយ​គឺ​ជា​ការ​បញ្ជាក់​អំពី​អធិបតេយ្យភាព​របស់​ព្រះ​នៅ​លើ​លោកីយ៍​នេះ ដរាប​ដល់​ការ​ប្រោស​លោះ​គ្រប់​ទាំង​ស្នា​ព្រះ​ហត្ថ​ទ្រង់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ នគរ​ព្រះ​គឺ​ជា​អំណាច​ចេស្ដា​ដែល​វាយ​លុក​ទៅ​លើ​នគរ​ដ៏​ខ្មៅ​ងងឹត​របស់​សាតាំង ហើយ​ក៏​បង្កើត​ព្រម​ទាំង​កែ​ឲ្យ​បាន​ថ្មី​ឡើង​វិញ​នូវ​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​ដែល​បាន​រំដោះ​ចេញ​ពី​នគរ​នោះ​តាមរយៈ​ការ​ប្រែ​ចិត្ត និង​ជំនឿ។ ហេតុ​ដូច្នេះ នគរ​ព្រះ​ចាំ​បាច់​ត្រូវ​តែ​បង្កើត​សហគមន៍​មនុស្ស​ថ្មី​មួយ​ដែល​រស់​នៅ​ជា​មួយ​គ្នា​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ។

១១. រាស្ត្រ​ថ្មី​នៃ​ព្រះ

យើង​ជឿ​ថា រាស្ត្រ​នៃ​ការ​តាំង​សញ្ញា (សម្ព័ន្ធមេត្រី) ថ្មី​របស់​ព្រះ​បាន​ចូល​មក​ឯ​ក្រុង​យេរូសាឡឹម​នៃ​ស្ថានសួគ៌​រួច​ហើយ។ ពួក​គេ​ក៏​បាន​អង្គុយ​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌​រួច​ហើយ​ដែរ។ ពួក​ជំនុំ​សកល​នេះ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ពួក​ជំនុំ​តាម​កន្លែង​ផ្សេងៗ​ដែល​មាន​ព្រះ​គ្រីស្ទ​ទ្រង់​តែ​មួយ​អង្គ​គត់​ជា​សិរសា ដូច្នេះ​ការ​ពិត «ពួក​ជំនុំ​តាម​តំបន់» នីមួយៗ​គឺ​ជា​ពួក​ជំនុំ​ជា​ដំណាក់​នៃ​ព្រះ​ជា​ក្រុម​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ជា​សសរ និង​ជា​គ្រឹះ​នៃ​សេចក្តី​ពិត។ ពួក​ជំនុំ​គឺ​ជា​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ​ជា​កែវ​ព្រះ​នេត្រ​របស់​ទ្រង់​ជា​ស្នាម​ចារឹក​នៅ​លើ​ព្រះ​ហត្ថ​ទ្រង់ ហើយ​ទ្រង់​បាន​ដណ្តឹង​នាង​ទុក​សម្រាប់​អង្គ​ទ្រង់​ជា​ដរាប​តទៅ។ ពួក​ជំនុំ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ដោយ​សារ​ដំណឹង​ល្អ​ដែល​ពួក​គេ​ប្រកាស​ពិធី​ដ៏​បរិសុទ្ធ​វិន័យ​មហា​បេសកកម្ម ហើយ​លើស​ជាង​នេះ​ទៀត​គឺ​សេចក្តី​ស្រឡាញ់​ដែល​ពួក​ជំនុំ​មាន​ចំពោះ​ព្រះ ព្រម​ទាំង​សេចក្តី​ស្រឡាញ់​ដែល​សមាជិក​ម្នាក់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំពោះ​មនុស្ស​ទូទៅ​ទាំង​អស់​ផង។

ការ​ដែល​សំខាន់​នោះ​គឺ​ថា​ដំណឹង​ល្អ​ដែល​យើង​ស្រឡាញ់​ការ​ពារ​នេះ​គឺ​មាន​ឥទ្ធិពល​ទាំង​ទៅ​លើ​បុគ្គល​ម្នាក់ៗ និង​ទាំង​សហភាព​នៃ​មនុស្ស​ដែរ ហើយ​ការ​ទាំង​ពីរ​នេះ​យើង​មិន​អាច​មើល​រំលង​មួយ​ណា​បាន​ឡើយ។ ព្រះ​គ្រីស្ទ​យេស៊ូវ​ទ្រង់​ជា​សេចក្តី​សុខសាន្ត។ ទ្រង់​មិន​ត្រឹម​តែ​នាំ​មក​នូវ​សេចក្តី​មេត្រី​រវាង​មនុស្ស​នឹង​ព្រះ​ប៉ុណ្ណោះ​ទេ​តែ​សេចក្តី​មេត្រី​រវាង​មនុស្ស និង​មនុស្ស​ដែល​បាន​ដាច់​ចេញពី​ព្រះ​ផង​ដែរ។ បំណង​ព្រះ​ហឫទ័យ​ទ្រង់​នោះ​គឺ ដើម្បី​បង្កើត​មនុស្ស​ជាតិ​ថ្មី​មួយ​ក្នុង​ព្រះ​អង្គ​ទ្រង់​ដោយ​តាំង​ឲ្យ​មាន​ស្ពានមេត្រី​ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះផ្សា​ទាំង​ពីរ​ជា​មួយ​នឹង​ព្រះ​គឺ​ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ​មក​ក្នុង​រូប​កាយ​តែ​មួយ​ដោយ​សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្តី​សម្អប់​គ្នា​ដោយ​ឈើ​ឆ្កាង​នោះ​ឯង។ ពួក​ជំនុំ​មាន​តួនាទី​ធ្វើ​ជា​ទី​សម្គាល់​អំពី​ផែនដី​ថ្មី​របស់​ព្រះ​ដែល​នឹង​មក​ដល់​តាម​រយៈ​ការ​ដែល​សមាជិក​របស់​ពួក​ជំនុំ​រស់​នៅ​ដោយ​បម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​អ្នក​ជិត​ខាង​ខ្លួន​ជា​ជាង​អាត្មានិយម។ ពួក​ជំនុំ​គឺ​ជា​ដំណាក់​រួម​មួយ​របស់​ព្រះ​វិញ្ញាណ​នៃ​ព្រះ ហើយ​ជា​បន្ទាល់​និរន្តរ៍​អំពី​ព្រះ​នៅ​ក្នុង​លោកីយ៍​នេះ។

១២. ពិធី​ជ្រមុជ​ទឹក និង​ពិធី​ជប់លៀង​ព្រះ​អម្ចាស់

យើង​ជឿ​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​ជប់លៀង​ព្រះ​អម្ចាស់​បាន​តាំង​ឡើង​ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​ផ្ទាល់។ ពិធី​ជ្រមុជ​ទឹក​គឺ​ជាប់​ទាំង​ទង​នឹង​ការ​ចូល​មក​ក្នុង​សហគមន៍​នៃ​ការ​តាំង​សញ្ញា (សម្ព័ន្ធមេត្រី) ថ្មី​ហើយ​ពិធី​ជប់លៀង​ព្រះ​អម្ចាស់​ទាក់​ទង​នឹង​ការ​រម្លឹក​ឡើង​វិញ​នូវ​សញ្ញា (សម្ព័ន្ធមេត្រី) ថ្មី​នោះ។ ពិធី​ទាំង​ពីរ​នេះ​គឺ​ជា​សេចក្តី​សន្យា​របស់​ព្រះ​ដល់​យើង​រាល់​គ្នា​ជា​ពិធី​ដែល​ព្រះ​តាំង​ឡើង​សម្រាប់​សម្ដែង​អំពី​ព្រះ​គុណ​ជា​ពិធី​សម្បថ​សាធារណៈ​របស់​យើង​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​បាន​ជាប់​ឆ្កាង ហើយ​ឥឡូវ​នេះ​បាន​រស់​ឡើង​វិញ​ហើយ​ក៏​ជា​ការ​រំពឹង​រង​ចាំ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ ព្រម​ទាំង​ការ​បំពេញ​សម្រេច​នៃ​គ្រប់​ទាំង​អស់។

១៣. ការ​ស្ដារ​គ្រប់​ទាំង​អស់​ឡើង​វិញ

យើង​ជឿ​ថា អង្គ​ព្រះ​យេស៊ូវ​ផ្ទាល់​នឹង​យាង​ត្រឡប់​មក​វិញ​មាន​ព្រះ​កាយ​ប្រកប​ដោយ​សិរី​រុងរឿង​រួម​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ​របស់​ទ្រង់​គឺ​ជា​ពេល​ដែល​ទ្រង់​នឹង​ធ្វើ​ជា​ចៅក្រម​ចុង​ក្រោយ​បំផុត ហើយ​នគរ​ទ្រង់​នឹង​បាន​សម្រេច​ពេញ​លេញ។ យើង​ជឿ​ថា ទាំង​ពួក​សុចរិត និង​ពួក​ទុច្ចរិត​នឹង​រស់​ឡើង​វិញ​ខាង​រូប​កាយ គឺ​ពួក​អ្នក​ទុច្ចរិត​នឹង​ជាប់​ជំនុំជម្រះ ហើយ​ជាប់​ទោស​ដោយ​ដឹង​ខ្លួន​ក្នុង​ស្ថាន​នរក​អស់​កល្ប​ជានិច្ច​ដូច​ដែល​ព្រះ​អម្ចាស់​នៃ​យើង​ទ្រង់​បាន​បង្រៀន​ហើយ។ រីឯ​ពួក​សុចរិត​វិញ​គេ​នឹង​ទទួល​បាន​ព្រះ​ពរ​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក និង​នៃ​កូន​ចៀម​នៅ​ក្នុង​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី​ដែល​ជា​លំនៅ​នៃ​សេចក្តី​សុចរិត។

យើង​ជឿ​ថា នៅ​ថ្ងៃ​នោះ​ពួក​ជំនុំ​នឹង​ត្រូវ​បង្ហាញ​ថា​ជា​អ្នក​គ្មាន​កំហុស​នៅ​ចំពោះ​ព្រះ​ដោយ​សារ​ការ​ស្តាប់​បង្គាប់​ការ​រង​ទុក្ខ និង​ជ័យជម្នះ​របស់​ព្រះ​គ្រីស្ទ​គឺ​គ្រប់​ទាំង​អំពើ​បាប​ត្រូវ​បាន​សម្អាត ហើយ​លទ្ធផល​ដ៏​អាក្រក់​ទាំង​អស់​របស់​បាប​ក៏​នឹង​ត្រូវ​បាន​បំបាត់​ចោល​អស់​កល្ប​ជានិច្ច។ ព្រះ​ទ្រង់​នឹង​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់ ហើយ​ពួក​រាស្ត្រ​ទ្រង់​នឹង​រីករាយ​នៅ​ក្នុង​វត្ត​មាន​នៃ​សេចក្តី​បរិសុទ្ធ​ដ៏​រក​ថ្លែង​មិន​បាន​របស់​ទ្រង់ ហើយ​គ្រប់​ការ​ទាំង​អស់​នឹង​បាន​ជា​ការ​សរសើរ​តម្កើង​ពី​ព្រះ​គុណ​ដ៏​មាន​សិរី​ល្អ​របស់​ទ្រង់។

PlovPit.com is a ministry of Action International Ministries