in

អ្វី​ដែល​យើង​គួរ​ធ្វើ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​កំពុង​ទាស់​ជាមួយ​យើង

What to Do When It Feels Like God Is against You

មាន​ចំណុច​ដ៏​សំខាន់​ពីរ​យ៉ាង​ដែល​លោក​អ្នក​គួរ​ធ្វើ ពេល​ដែល​លោក​អ្នក​ប្រឈមមុខ​នឹង​បញ្ហា ហើយ​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​កំពុង​ទាស់​នឹង​លោក​អ្នក៖

១. ចូរ​ចែកចាយ​អំពី​អារម្មណ៍​របស់​លោក​អ្នក​ជា​មួយ​ព្រះ​អង្គ

ជាដំបូង​លោក​អ្នក​គួរ​និយាយ​ពី​អារម្មណ៍​ដែល​លោក​អ្នក​មាន​ឲ្យ​ចំៗ​ទៅ​កាន់​ព្រះ​ជាម្ចាស់។ យើង​អាច​មើល​ការ​នេះ​ឃើញ​នៅ​ក្នុង​បទ​គម្ពីរ ជា​ពិសេស​ក្នុង​ជីវិត​ស្ដេច ដាវីឌ និង​អ្នក​និពន្ធ​កណ្ឌគម្ពីរ ទំនុកដំកើង​ប៉ុន្មាន​នាក់​ទៀត។ នៅ​ពេល​ដែល​ពួក​គាត់​មាន​បញ្ហា ឬ​ក៏​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ព្រះ​ជាម្ចាស់ ពួក​គាត់​បាន​ចែក​ចាយ​ពី​ការ​នោះ​យ៉ាង​សាមញ្ញ​ក្នុង​ទំនុក​របស់​ពួក​គាត់។ ទង្វើ​នេះ​ស​បញ្ជាក់​ឲ្យ​យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​អាច​ទទួល​យក​នូវ​រាល់​អ្វីៗ​ដែល​យើង​ចែក​ចាយ​ទៅ​កាន់​ទ្រង់ ហើយ​ក៏​បង្ហាញ​ថា ព្រះ​អង្គ​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​នឹង​សណ្ដាប់​នូវ​រាល់​អ្វីៗ​ដែល​មាន​ក្នុង​ចិត្ត​យើង​ផង​ដែរ។ ហើយ​តាម​រយៈ​ការ​ដែល​យើង​ទូល​ទៅ​កាន់​ទ្រង់​បែប​នេះ នោះ​ព្រះ​អង្គ​ក៏​នឹង​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​ពី​ទស្សនៈ​របស់​ទ្រង់ ហើយ​និង​ជួយ​ឲ្យ​យើង​យល់​អំពី​ព្រះ​គុណ​របស់​ទ្រង់​ដែល​មាន​ចំពោះ​យើង។ ការ​ចែកចាយ​ដោយ​ចិត្ត​ស្មោះ​ត្រង់​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ គឺ​ជា​ការ​ដ៏​សំខាន់​ណាស់​ពេល​ដែល​យើង​ប្រឈមមុខ​នឹង​បញ្ហា។

២. ចូរ​សញ្ជឹងគិត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អង្គ

ចំណុច​ទី​ពីរ យើង​ត្រូវ​តែចំណាយ​ពេល​សញ្ជឹង​គិតលើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់។ ព្រះ​បន្ទូល​បាន​ចែង​ហើយ​ថា «ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?» (រ៉ូម ៨:៣២ គគខ)។ ជា​មួយ​គ្នា​នេះ​ដែរ ចូរ​គិត​អំពី​សេចក្ដី​សន្យា​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:៣១ ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ថា «បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?» (គគខ)។
ទោះបើ​យើង​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​កំពុង​តែ​ទាស់​នឹង​យើង ក៏​អារម្មណ៍​ដូច​នោះ​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ ដាច់​ខាត​យើង​ត្រូវ​តែ​រំឭក​ខ្លួន​ឯង​អំពី​សេចក្ដី​សន្យា​ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង​ក្នុង​ព្រះ​គម្ពីរ និង​ពី​របៀប​ដែល​ទ្រង់​នៅ​ខាង​យើង​តាម​រយៈ​ព្រះ​រាជបុត្រា​ទ្រង់​ផ្ទាល់ និង​របៀប​ការ​ដែល​ព្រះ​រាជបុត្រា​ទ្រង់​សង្គ្រោះ​យើង។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ​លោក​គ្រូ៖ Philip Graham Ryken
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ និង លោក វ៉ែល ណាថាន
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចិត្ត​ស្អប់​អំពើ​បាប

ការ​បន្ទាបខ្លួន