in

ភាព​រន្ធត់​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​យាង​មក​យក​កំណើត

The Shocking Implications of Incarnation

ប្រសិនបើ​យើង​មិន​យល់​អំពី​ទម្ងន់​នៃ​ការ​អស្ចារ្យ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​ទេ នោះ​គឺ​ដោយ​សារ​យើង​មិន​យល់​អំពី​ទម្ងន់​នៃ​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​។ ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ។ នេះ​គឺ​ជា​រឿង​មួយ​ស្មាន​មិន​ដល់ ដែល​ព្រះ​ដ៏​បរិសុទ្ធ និង​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច បាន​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ជា​មួយ​អ្វីៗ​ដែល​មិន​ស្ថិតនៅ​អស់​កល្ប​ជានិច្ច និង​ជាមួយ​មនុស្ស​ដែល​មិន​បរិសុទ្ធ។ តាម​ពិត​ទៅ ការ​យក​កំណើត​ជា​មនុស្ស​គឺ​ជា​ចំណុច​ដ៏​រន្ធត់​មួយ​ ដែល​ញែក​ជំនឿ​គ្រីស្ទ​បរិស័ទ​ចេញ​ពី​សាសនា​អ៊ីស្លាម និង​សាសនា​យូដា។ ឯកសារ​ពី​ទីក្រុង​យេរូសាឡិម ធាលម៉ាឌ (Jerusalem Talmud) បាន​លើក​ឡើង​ថា «ប្រសិនបើ​មនុស្ស​ណា​ម្នាក់​អះអាង​ថា​ខ្លួន​ជា​ព្រះ នោះ​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​កុហក​ហើយ» (Ta’anit ២:១)។ គម្ពីរ កូរ៉ាន់ (Qur’an) បាន​លើក​ឡើង​ថា «ព្រះ​អាឡស់ (Allah) មិន​បាន​កើត​មក​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​បង្កើត​ទ្រង់​ដែរ» (Sura al-lkhlas ១១២)។ ទាំង​សាសនា​យូដា និង​សាសនា​អ៊ីស្លាម​បាន​យល់​ឃើញ​ថា នេះ​ជា​រឿង​លីលា​មួយ ដែល​គិត​ថា ព្រះ​ដ៏​បរិសុទ្ធ​នឹង​បន្ទាបខ្លួន​មក​ក្លាយ​ជា​មនុស្ស។

ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​យើង​កោត​ខ្លាច​ទ្រង់។ ប៉ុន្តែ ប្រសិនបើ​យើង​ចង់​ស្គាល់​ព្រះ​ជាម្ចាស់ និង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់ គឺ​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ស្វែង​យល់​អំពី​កម្រិត​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​ស្រឡាញ់​ភាព​បរិសុទ្ធ​របស់​ទ្រង់ និង​អំពី​ការ​ដែល​ទ្រង់​រក្សា​ភាព​បរិសុទ្ធ​របស់​ទ្រង់។ ប្រសិនបើ​យើង​មិន​ចាប់​ផ្ដើម​ពី​ចំណុច​នេះ​ទេ នោះ​យើង​ក៏​នឹង​មិន​ឲ្យ​តម្លៃ​ចំពោះ​ដំណឹង​ល្អ​ដែរ។ ដូច​ដែល​លោក​គ្រូ អេ. ដឹបលយូ ថូសឺរ៍ (A.W. Tozer ក្នុង​សៀវភៅThe Knowledge of the Holy) បាន​លើក​ឡើង​ថា៖

«ដំណឹងល្អ​គ្មាន​ន័យ​ចំពោះ​មនុស្ស​យើង​ទេ ប្រសិន​បើ​យើង​មិន​បាន​ដក​ពិសោធន៍​អំពី​ទម្ងន់​នៃ​បន្ទុក​នោះ ហើយ​យើង​ក៏​នឹង​មិន​អាច​យល់​អំពី​ភាព​វេទនា និង​ទម្ងន់​នោះ​បាន​ដែរ ប្រសិន​បើ​យើង​មិន​ឃើញ «ព្រះ​ដ៏​ជា​ធំ និង​ខ្ពស់​បំផុត» ទេ​នោះ។ ការ​មាន​ទស្សនៈ​ទាប​អំពី​ព្រះ​ជាម្ចាស់ នឹង​បំផ្លាញ​ដំណឹងល្អ​ចំពោះ​អស់​អ្នក​ដែល​កាន់​តាម។»

ក្រោម​ការ​តាំង​សញ្ញា​ចាស់ មនុស្ស​ឆ្លើយ​តប​ចំពោះ​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ដោយ​មាន​ការ​ភ័យ​ខ្លាច និង​ការ​រន្ធត់​ចិត្ត។ នៅពេល​ដែល​លោក ម៉ូសេ បាន​ជួប​ព្រះ​ជាម្ចាស់ គាត់ «ក៏​ខ្ទប់​មុខ ដ្បិត​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ» (និក្ខមនំ ៣:៦)។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​គាត់​ទូល​សុំ​ឲ្យ​បាន​ឃើញ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ ទ្រង់​បាន​មាន​បន្ទូល​ថា «ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ» (និក្ខមនំ ៣៣:២០)។ នៅ​ពេល​ដែល​គេ​បាន​យក​ហឹប​នៃ​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ត្រលប់​មក​អ៊ីស្រាអែល​វិញ ព្រះ​អង្គ​បាន​សម្លាប់​មនុស្ស ៥០.០០០ នាក់ ព្រោះ​ពួក​គេ​បាន​មើល​ក្នុង​ហឹប​នោះ។ ពួក​គេ​ក៏​បាន​និយាយ​ដោយ​អស់​សង្ឃឹមថា «តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន?» (១សាំយូអែល ៦:២០)។ នៅ​ពេល​ដែល​ស្ដេច ដាវីឌ បាន​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ ព្រះ​អង្គ​បាន​សម្លាប់​បុរស​ម្នាក់​ដែល​បាន​ប៉ះ​ហឹប​នោះ​ក្នុង​មួយ​រំពេច។ «នៅ​ថ្ងៃ​នោះ​ដាវីឌ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​បន្ទូល​ថា ធ្វើ​ដូច​ម្ដេច​ឲ្យ​ហឹប​នៃ​ព្រះ​យេហូវ៉ា​ចូល​មក​ឯ​អញ​បាន» (២សាំយូអែល ៦:៩)។ នៅ​ពេល​ដែល​ហោរា អេសេគាល កាន់​តែ​ចូល​ជិត​បល្ល័ង្ក​របស់​ព្រះ​អម្ចាស់ គាត់​ក៏​កាន់​តែ​មិន​ដឹង​ថា​គួរ​ទូល​ពី​អ្វី​ដែរ​ «នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា កាល​ខ្ញុំ​បាន​ឃើញ​ហើយ នោះ​ខ្ញុំ​ក្រាប​មុខ​ចុះ​ដល់​ដី» (អេសេគាល ១:២៨)។

មិន​ត្រឹម​តែ​មនុស្ស​ម្នា​មាន​ការ​រន្ធត់​ចំពោះ​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​ជាម្ចាស់​ក៏​បាន​មាន​ព្រះ​បន្ទូល​ជា​ច្រើន​ដង​អំពី​ចំណុច​នោះ​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា អេសាយ​ថា «តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា…អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង ។» (អេសាយ ៤០:១៣, ១៧)។ បន្ទាប់ពី​លោក យ៉ូប បាន​សួរ​ដេញ​ដោល​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់​ហើយ ទ្រង់​បាន​ឆ្លើយ​តប​ចេញ​ពី​ខ្យល់​កួច​ថា «តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​តម្រិះ ដោយ​សារ​ពាក្យ​សម្ដី​ឥត​ប្រាជ្ញា​ដូច្នេះ តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែន​ដី​ឡើង?»។

ព្រះ​យេស៊ូវ​ក៏​មាន​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ដែរ ព្រោះ​ទ្រង់​ជា​ព្រះ និង​បាន​គង់​នៅ​ជាមួយ​ព្រះ​តាំង​ពី​ដើម​មក​ម៉្លេះ។ នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​តាំង​សេចក្ដី​សញ្ញា​ចាស់ ព្រះ​យេស៊ូវ​ក៏​មាន​វត្តមាន​នៅ​ទីនោះ​ដែរ ព្រោះ​ទ្រង់​ជា​ព្រះ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​បញ្ជាក់​អំពី​ភាព​រន្ធត់ និង​ភាព​អស្ចារ្យ​នៃ​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស​របស់​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​បាន​ចាក់​ការ​មិន​ពេញ​ចិត្ត​របស់​ទ្រង់​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស បាន​មាន​បន្ទូល​ប្រាប់​លោក ម៉ូសេថា «ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ»។ ព្រះ​អង្គ​បាន​ប្រសូត​មក​ជា​ទារក​មួយ​នៅ​ក្នុង​ស្នូក​សត្វ មិន​មែន​នៅ​លើ​រាជ​បល្ល័ង្ក​ឡើយ។ ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង ដែល​ទាមទារ​យញ្ញ​បូជា​​​មាន​ឈាម ប្រយោជន៍​នឹង​លោះ​បាប​យើង​នោះ​ ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស។ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គេ​សម្លាប់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង​ដែល​បាន​សួរ​លោក យ៉ូបថា «តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែន​ដី​ឡើង» បាន​យាង​មក​យក​កំណើត។ ព្រះ​អង្គ​បាន​ប្រសូត​មក​ក្នុង​ស្រុក​ដែល​មិន​មាន​អ្វី​ពិសេស និង​បាន​ធ្វើ​ត្រឹម​តែ​ជា​ជាង​ឈើ​នៅ​ក្នុង​ស្រុក​ណាសារ៉ែត​ប៉ុណ្ណោះ។

ការ​មក​យក​កំណើត​ជា​មនុស្ស​នៅ​ថ្ងៃ​នេះ

តើ​ការ​ដែល​ព្រះ​អង្គ​មក​យក​កំណើត​ជា​មនុស្ស​មាន​អត្ថ​ន័យ​ដូច​ម្ដេច​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ? ទី​១ ការ​ដែល​ទ្រង់​មក​យក​កំណើត​ជា​មនុស្ស​មាន​ន័យ​ថា យើង​រស់​នៅ​ក្នុង​លោកិយ តែ​មិន​មែន​ជា​របស់​ផង​លោកិយ​ទេ។ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​ពួក​សាវ័ក​ទ្រង់​ថា «ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ» (យ៉ូហាន ១៧:១៥-១៦)។ អាច​និយាយ​ម៉្យាង​ទៀត​បាន​ថា យើង​សង្វាត​រក​ភាព​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង​តាម​រយៈ​ការ​ស្ដាប់​បង្គាប់ និង​ការ​លះបង់ ទោះបី​ជា​យើង​កំពុង​រស់នៅ​ក្នុង​ទី​ក្រុង​របស់​យើង ក្បែរ​អ្នក​ជិត​ខាង និង​នៅ​ក្នុង​គ្រួសារ​របស់​យើង​ក៏​ដោយ។

ទី​២ ការ​ដែល​ព្រះ​យេស៊ូវ​យាង​មក​យក​កំណើត​ជា​មនុស្ស​មាន​ន័យ​ថា យើង​ស្វែងរក​ឱកាស ដើម្បី​នឹង​លះ​អាល័យ​ខ្លួន​ឯង។ ការ​លះ​អាល័យ​ខ្លួន​ឯង​មិន​មែន​ជា​ចំណុច​មួយ​ដែល​វប្បធម៌​របស់​យើង​ចូល​ចិត្ត​និយាយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ចំណុច​ផ្ដើម​នៃ​ការ​ដែល​គ្រីស្ទ​បរិស័ទ​លូតលាស់​ក្នុង​គំនិត​របស់​ព្រះ​គ្រីស្ទ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះ​អង្គ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​លះ​អាល័យ​ខ្លួន​ឯង​ចេញ​ពី​អភ័យឯកសិទ្ធិ​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់ ឲ្យ​ត្រូវ​គេ​មើល​ងាយ​ ហើយ​សម្លាប់​ទ្រង់។ ទ្រង់​បាន​ធ្វើ​បែប​នេះ ព្រោះ​ទ្រង់​ចង់​សង្គ្រោះ​យើង ហើយ​ទ្រង់​បាន​ជ្រាប​ថា ដើម្បី​សម្រេច​ការ​សង្គ្រោះ​យើង​បាន គឺ​ត្រូវ​តែ​បំពេញ​តម្រូវការ​នៃ​ភាព​បរិសុទ្ធ​របស់​ទ្រង់។ យើង​មិន​អាច​បំពេញ​ភាព​ជា​បរិសុទ្ធ​នោះ​បាន​ទេ ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​បំពេញ​ជំនួស​យើង។ យើង​ក៏​ត្រូវ​តែ​មាន​គំនិត​ដូច​ទ្រង់​ដែរ «កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ» (ភីលីព ២:៣)។ យើង​លះ​អាល័យ​ខ្លួន​ឯង ដើម្បី​ស្រឡាញ់​អ្នក​ដទៃ។

ទី​៣ ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​មាន​ន័យ​ថា យើង​មិន​ស្រឡាញ់​លុយ។ ព្រះ​ជាម្ចាស់​ជា​បុគ្គល​ដែល​មាន​ជាង​គេ​នៅ​លើ​ចក្រវាល​ទាំង​មូល។ ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទ្រង់ តាម​រយៈ​ទ្រង់ និង​សម្រាប់​ទ្រង់។ ប៉ុន្តែ នៅ​ពេល​ដែល​ទ្រង់​ទត​មើល​មក​លោកិយ​នេះ ហើយ​សម្រេច​ថា​ទ្រង់​ត្រូវ​ប្រសូត​នៅ​ក្នុង​គ្រួសារ​ណា​មួយ​នោះ ទ្រង់​បាន​សម្រេច​ទៅ​ប្រសូត​នៅ​ក្នុង​គ្រួសារ​ដ៏​ក្រ​បំផុត។ នៅ​ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា​បាន​ទៅ​ព្រះ​វិហារ​នៅ​ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​មក​នោះ គឺ​លោក​លូកា បាន​សរសេរ​ទុក​ថា «លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​តាម​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ​ឱរស​ទៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ​អម្ចាស់…ហើយនិង​ថ្វាយ​យញ្ញ​បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​អម្ចាស់ គឺ​ថា «‍លលក​១​គូ ឬ​ព្រាប​ជំទើរ​២‍»» (២:២២-២៤)។ នោះ​ហើយ​ជា​អ្វី​ដែល​នាង​ម៉ារា​បាន​យក​ទៅ​ថ្វាយ។ ទោះ​បី​ជា​ព្រះ​យេស៊ូវ​មាន​ទ្រព្យ​ដ៏​មហិមា​នៅ​លើ​លោក​នេះ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​បាន​សម្រេច​ទៅ​យក​កំណើត​នៅ​ក្នុង​គ្រួសារ​ដែល​មិន​មាន​ទាំង​លទ្ធភាព​ក្នុង​ការ​យក​យញ្ញបូជា​ដ៏​សាមញ្ញ​បំផុត​ទៅ​ថ្វាយ​ព្រះ។ ចូរ​កុំ​ឲ្យ​យើង​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​ឡើយ។

ទី​៤ ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​មាន​ន័យ​ថា យើង​មិន​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​សម្ផស្ស​ខាង​ក្រៅ​នោះ​ឡើយ។ វប្បធម៌​របស់​យើង​ស្រឡាញ់​សម្ផស្ស​ខាង​ក្រៅ​ខ្លាំង​ណាស់ ប៉ុន្តែ​ព្រះ​គ្រីស្ទ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​ដែល​មិន​មាន​ភាព​ស្រស់​ស្អាត​ខាង​ក្រៅ​ឡើយ។ ព្រះ​អង្គ​ជា​បុគ្គល​ដែល​មាន​សិរីល្អ​លើស​គេ​បំផុត​នៅ​លើ​លោក​នេះ ប៉ុន្តែ​យើង​មិន​បាន​ទទួល​យក​សិរីល្អ​របស់​ទ្រង់​សោះ។ មនុស្ស​រាប់​ពាន់​នាក់​បាន​មើល​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ភ្នែក ប៉ុន្តែ​ពួក​គេ​មិន​បាន​មើល​ឃើញ​ទ្រង់​ដោយ​ដួង​ចិត្ត​របស់​ពួក​គេ​ឡើយ។ យើង​ក៏​ត្រូវ​មើល​ភាព​ស្រស់​ស្អាត​នៅ​ក្នុង​ផែនដី​របស់​យើង​ដោយ​ប្រើ​ភ្នែក​នៃ​ដួង​ចិត្ត​របស់​យើង​ដែរ។ តើ​យើង​នឹង​មើល​ឃើញ​អ្វី នៅ​ពេល​ដែល​យើង​មើល​ផែនដី​នេះ​ដោយ​ប្រើ​ភ្នែក​នៃ​ដួង​ចិត្ត​របស់​យើង? យើង​នឹង​ឃើញ​ថា សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​គង់​នៅ​ជាមួយ​អស់​អ្នក​ដែល​ស្រែក​ឃ្លាន អ្នក​ដែល​គេ​រាប់​ថា​ចំឡែក អ្នក​អាក្រាត អ្នក​ឈឺ និង​ពួក​អ្នក​ទោស។ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ហើយ​ថា នៅ​ពេល​ដែល​យើង​ផ្ដល់​ការ​ថែ​រក្សា​ដល់​មនុស្ស​ប្រភេទ​នោះ គឺ​យើង​បាន​ផ្ដល់​ចំពោះ​ទ្រង់​ដែរ។

ចំណុច​ចុង​ក្រោយ ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​កាន់​ខាង​យើង។ លោក​សាវ័ក ប៉ុល មិន​មែន​គ្រាន់​តែ​លើក​ឡើង​អំពី​ការ​ឆ្កាង​ព្រះ​យេស៊ូវ​ទេ នៅ​ពេល​គាត់​សរសេរ​ថា «ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្ដេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះ​អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ​រាជ​បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ​រាជ​បុត្រា​ទ្រង់​នោះ​ផង» (រ៉ូម ៨:៣១-៣២)។ គាត់​ក៏​កំពុង​និយាយ​អំពី​ការ​យាង​មក​យក​កំណើត​របស់​ព្រះ​យេស៊ូវ​ផង​ដែរ គឺ​នៅ​ពេល​ដែល​ទ្រង់​បាន​យាង​ចេញ​ពី​ព្រះ​វរបិតា មក​យក​កំណើត​ជា​មនុស្ស ហើយ​បាន​សម្រេច​ការ​សង្គ្រោះ​របស់​យើង។ ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​មាន​ន័យ​ថា ទ្រង់​កាន់​ខាង​យើង។ ព្រះ​យេស៊ូវ​បាន​យាង​ចេញ​ពី​ភាព​ជា​ព្រះ និង​អភ័យឯកសិទ្ធិ​ផ្សេងៗ​ទៀត​របស់​ទ្រង់​ ដើម្បី​មក​សុគត។ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​កាលៈទេសៈ​ដែល​ត្រូវ​គេ​មើល​ងាយ​ និង​លះ​អាល័យ​ខ្លួន​ឯង ដើម្បី​នឹង​នាំ​យើង​ទៅ​ឯ​ព្រះ​ជាម្ចាស់ ដែល​មាន​ភាព​អរសប្បាយ​អស់​កល្ប​ជានិច្ច។ ព្រះ​អង្គ​បាន​លាក់​ភាព​បរិសុទ្ធ​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​កោត​ខ្លាច​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ប៉ះ​ទ្រង់ មើល​ឃើញ​ទ្រង់ ស្គាល់​ទ្រង់ និង​ស្រឡាញ់​ទ្រង់។ ទ្រង់​លែង​លើក​ឡើង​ថា «ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ» ប៉ុន្តែ​ចាប់​ពី​ពេល​នៅ​តទៅ ទ្រង់​បាន​លើក​ឡើង​ថា «មើល​ព្រះ​ភក្ត្រ​ទ្រង់…នោះ​នឹង​បាន​ស្កប់​ចិត្ត» (ទំនុកដំកើង ១៧:១៥)។

នៅ​ពេល​ដែល​យើង​រស់នៅ​ដោយ​ពឹង​លើ​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ នោះ​អ្នក​ដទៃ​នឹង​មាន​ការ​រន្ធត់​យ៉ាង​ខ្លាំង​ដោយ​សារ​ជីវិត​របស់​យើង។ ទោះបើ​យើង​ជា​បុត្រា​បុត្រី​របស់​ស្ដេច​ក៏​ដោយ ក៏​យើង​នឹង​បន្ទាបខ្លួន​ឯង ដើម្បី​បម្រើ​អ្នក​ដទៃ​ដែរ។ ទោះ​បើ​យើង​អាច​ធ្វើ​គ្រប់​អ្វីៗ​បាន​ក៏​ដោយ ក៏​យើង​នឹង​លះ​អាល័យ​ខ្លួន​ឯង​ចេញ​ពី​ការ​​រួម​ចំណែក​មួយ​ចំនួន ដើម្បី​ឲ្យ​យើង​អាច​នឹង​ស្រឡាញ់​ព្រះ​ជាម្ចាស់​ និង​អ្នក​ដទៃ​បាន​ដែរ​។ នៅ​ពេល​ដែល​យើង​រក​លុយ​បាន យើង​ក៏​នឹង​រៀប​គម្រោង​ដើម្បី​នឹង​ប្រើ​លុយ​នោះ​សម្រាប់​នគរ​ព្រះ​ផង​ដែរ។ ទោះ​បី​ជា​យើង​កំពុង​រស់នៅ​ក្នុង​លោកិយ​នេះ​ក៏​ដោយ​ ក៏​យើង​នឹង​ព្យាយាម​ថែរក្សា​ភាព​ស្អាត​ស្អំ​ខាង​ក្នុង​ជា​ជាង​ខាង​ក្រៅ​ដែរ។ យើង​នឹង​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ជា​ជាង​លើ​កាលៈទេសៈ​របស់​យើង ព្រោះ​យើង​ដឹង​ថា ទ្រង់​កាន់​ខាង​យើង។

នៅ​ពេល​ដែល​យើង​រស់នៅ​បែប​នេះ អ្នក​ដទៃ​នឹង​គិត​ថា យើង​ជា​មនុស្ស​ឆ្កួត​ ហើយ​គេ​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​មួយ​ចំនួន​របស់​យើង​គួរ​ឲ្យ​រន្ធត់​។ ប៉ុន្តែ យើង​នឹង​អះអាង​អំពី​ភាព​អស្ចារ្យ​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស។ ជីវិត​រស់នៅ​របស់​យើង​នឹង​ប្រកាស​អំពី​ដំណឹង​ដ៏​ល្អ​បំផុត​គឺ​៖ ព្រះ​យេស៊ូវ​បាន​យាង​មក ហើយ​ទ្រង់​ក៏​កំពុង​គង់​នៅ​ជា​មួយ​យើង។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Bethany Jenkins
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​លោក​អ្នក​ស្គាល់​រឿង​ការ​ដែល​ព្រះ​យេស៊ូវ​ប្រសូត​មក​ច្បាស់​ប៉ុណ្ណា?

បុណ្យ​ណូអែលដ៏​ជា​ការ​អស្ចារ្យ​