in

ស្រឡាញ់ សើច អស្ចារ្យ

ព្រះ​គម្ពីរ​មិន​មែន​ជា​រឿង​ប្រឌិត

ភស្តុតាង​៣​យ៉ាង​

ជានិច្ច​ជា​កាល យើង​តែងតែ​ទទួល​សំណួរ​ដែល​សួរ​ថា៖ តើ​លោក​អ្នក​ដឹង​ដោយ​របៀប​ណា​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​រឿង​ប្រឌិត?

ប្រាកដ​ណាស់! សូម្បី​តែ​បុគ្គល​ម្នាក់​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​​នឹង​ព្រះ​គម្ពីរ ក៏​នៅ​តែ​ពិបាក​ក្នុង​ជឿ​ថា ព្រះ​គម្ពីរ​ទាំង​មូល​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​ដែរ ព្រោះ​សាច់​រឿង​លម្អិត​ជា​ច្រើន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ឃើញ​ពី​ជំនាន់​បុរាណ ក៏​ដូច​ជា​ការ​សរសេរ​ចុះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ផង​ដែរ។ តោះ​យើង នាំ​គ្នា​មើល​បី​ចំណុច​ដែល​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​រឿង​ប្រឌិត៖

១. អ្វីៗ​ដែល​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​លក្ខណៈ​ប្លែក

ជា​ដំបូង ប្រសិន​បើ​យើង​ប្រៀប​ធៀប​ព្រះ​គម្ពីរ​ទៅ​នឹង «សៀវភៅ​បរិសុទ្ធ» នៃ​សាសនា​ផ្សេងៗ​ទៀត នោះ​យើង​នឹង​ឃើញ​ថា ព្រះ​គម្ពីរ​មាន​លក្ខណៈ​ពិសេស​ជាង​សៀវភៅ​ទាំង​នោះ​ឆ្ងាយ​ណាស់។ ព្រះ​គម្ពីរ​មិន​មែន​ត្រឹម​តែ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មនុស្ស​យ៉ាង​តិច​៤០​នាក់ ដែល​រស់​នៅ​ក្នុង​ទ្វីប​ផ្សេងៗ​គ្នា​ក្នុង​កំឡុង​ពេល​១៥០០​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​មិន​គួរ​សន្មត​ថា ព្រះ​គម្ពីរ​គឺ​ជា​រឿង​ដែល​ពួកគេ​បាន​ប្រឌិត​ឡើង​នោះ​ឡើយ។ ព្រះ​គម្ពីរ​ក៏​បាន​រៀប​រាប់​អំពី​ភាព​បរាជ័យ​ខាង​ឯ​សីលធម៌​របស់​ពួក​ឰយុកោ​ដែរ ខណៈ​ដែល​សាសនា​ផ្សេងៗ​តែង​តែ​លាក់​បាំង​អំពី​ភាព​បរាជ័យ​របស់​ពួក​ឰយុកោ​ខ្លួន។

លើស​ពី​នោះ​ទៅ​ទៀត ចំណុច​ស្នូល​នៃ​ព្រះ​គម្ពីរ​ក៏​មិន​ដូច​ជា​ចំណុច​ស្នូល​នៃ​សៀវភៅ​សាសនា​ផ្សេងៗ​ទៀត​ដែរ។ សាសនា​ដែល​មនុស្ស​បង្កើត​ឡើង​តែង​តែ​បង្រៀន​ថា យើង​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​តាម​រយៈ​ការ​ធ្វើ​នេះ ធ្វើ​នោះ ឬ​ក៏​ធ្វើ​អំពើ​ល្អ​ជា​ដើម តែ​ព្រះ​គម្ពីរ​បាន​ពន្យល់​ប្រាប់​ថា យើង​ជា​មនុស្ស​មាន​បាប​ដែល​សម​នឹង​ទទួល​ការ​ថ្កោល​ទោស​ពី​ព្រះ​ជាម្ចាស់ ហើយ​ទោះ​បី​ជា​យើង​អាច​ធ្វើ​អំពើ​ល្អ​ច្រើន​ប៉ុណ្ណា​ណា​ក៏​ដោយ ក៏​អំពើ​ល្អ​ទាំង​នោះ​មិន​អាច​លុប​លាង​ពិរុទ្ធភាព (បាប) របស់​យើង​ចោល​បាន​ឡើយ។ ព្រះ​ជា​ម្ចាស់​ផ្ទាល់​បាន​ដោះ​ស្រាយ​បញ្ហា​របស់​យើង ដោយ​ព្រះ​អង្គ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ហើយ​បាន​រងទុក្ខ​ជំនួស​អំពើ​បាប​យើង។ សាសនា​ដែល​មនុស្ស​បង្កើត​ឡើង​តែង​តែ​បង្រៀន​អំពី​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​ថ្វាយ​ព្រះ ប៉ុន្តែ​ព្រះ​គម្ពីរ​បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​មនុស្ស​វិញ។

២. បុរាណវត្ថុ​វិទ្យា​អះអាង​ថា​ព្រះ​គម្ពីរ​ជា​សេចក្ដី​ពិត

ទី​ពីរ ព្រះ​គម្ពីរ​បាន​រៀប​រាប់​ចំៗ​អំពី​មនុស្ស​លោក ព្រឹត្តិការណ៍​ផ្សេងៗ និង​ទី​កន្លែង​ដែល​មាន​សរសេរ​ចុះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ចូរ​មើល​ភស្តុតាង​ខាង​ក្រោម​ដែល​ជា​ការ​សង្ខេប​អំពី​កំណត់ហេតុ​បណ្ដាញ​មួយ​ទៀត៖

  • បុរាណ​វិទូ​បាន​រក​ឃើញ​សិលាចារឹក​មួយ​ដែល​មាន​ឈ្មោះ​ថា ធែល ដែន ស្ទៀល (Tel Dan Stele) នៅ​ប្រទេស​អ៊ីស្រាអែល នៅ​សតវត្ស​ទី​៩​មុន គ.ស. ដែល​មាន​រៀបរាប់​អំពី «តំណ​វង្ស​របស់​ស្ដេច​ដាវីឌ»។ ការ​ស្វែងរក​ឃើញ​មួយ​នេះ​បាន​បំបាក់​មុខ​អ្នក​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​គម្ពីរ ព្រោះ​ពួក​គេ​គិត​ថា​ស្ដេច ដាវីឌ គឺ​គ្រាន់​តែ​ជា​បុរស​ម្នាក់​ដែល​មាន​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ។
  • សិលាចារឹក ម៉ីស្សា ស្ទៀល (Mesha Stele) ពណ៌នា​អំពី​ការ​ដែល​ស្ដេច អំរី បាន​ត្រួតត្រា​លើ​សាសន៍ ម៉ូអាប់។ សិលាចារឹក​នេះ​ក៏​បាន​លើក​ឡើង​អំពី​ព្រះ​នាម​ផ្ទាល់​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែរ (ព្រះ​យេហូវ៉ា) ហើយ​ក៏​ទំនង​ជា​បាន​រៀប​រាប់​អំពី «តំណ​វង្ស​របស់​ស្ដេច​ដាវីឌ» ដែរ ប៉ុន្តែ​ដោយសារ​មាន​តួអក្សរ​មួយ​ចំនួន​ដែល​ពួក​គេ​អាន​មិន​ដាច់ ដូច្នេះ​ក៏​នៅ​មាន​ការ​ប្រកែក​គ្នា។
  • សិលាចារឹក ពីឡាត់ (Pilate Stone) ក៏​បាន​បង្ហាញ​ភស្តុតាង​អំពី​ជីវិត​របស់​បុរស​ម្នាក់ ដែល​បាន​កាត់​ក្ដី​ឲ្យ​គេ​ឆ្កាង​សម្លាប់​ព្រះ​យេស៊ូវ​ដែរ។ ពួក​អ្នក​ទាស់​ប្រឆាំង​មួយ​ចំនួន​តែង​តែ​បដិសេធ​អំពី​ជីវិត​របស់​បុរស​ម្នាក់​នេះ ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គេ​រក​ឃើញ​សិលាចារឹក​នេះ ពួក​គេ​ក៏​ឈប់​បដិសេធ ព្រោះ​សិលាចារឹក​នេះ​បាន​រៀប​រាប់​ថា លោក​ប៉ុនទាស-ពីឡាត់ គឺ​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា​នៅ​ជំនាន់​នោះ។

លោក​បណ្ឌិត នែលសិន គ្លូក (Dr. Nelson Glueck) ដែល​ជា​នាយក​នៃ​មហាវិទ្យាល័យ ហេព្រើញូញាន (Hebrew Union College) ហើយ​ក៏​ជា​បុរាណវិទូ​ម្នាក់​ដែល​គ្រប់​គ្នា​គោរព ហើយ​ទុក​ចិត្ត អំពី​ការ​ស្វែងរក​ឃើញ​ទីកន្លែង​ចាស់ៗ​នៅ​ក្នុង​ព្រះ​គម្ពីរ​ចំនួន​១៥០០​កន្លែង​បាន​យ៉ាង​ត្រឹម​ត្រូវ។ គាត់​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​គម្ពីរ និង​បុរាណវត្ថុវិទ្យា​ថា៖

«យើង​អាច​លើក​ឡើង​ជា​លំដាប់​លំដោយ​ថា គ្មាន​ការ​រក​ឃើញ​ពី​បុរាណ​ណា​មួយ​ដែល​ជំទាស់​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ឡើយ។ បុរាណវត្ថុវិទ្យា​បាន​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ដែល​ជា​អំណះអំណាង​អំពី​អ្វីៗ​ដែល​ព្រះ​គម្ពីរ​បាន​ចែង មិន​ថា​បែប​ជា​ព័ត៌មាន​សង្ខេប ឬ​​ក៏​លម្អិត ហើយ​ដោយ​ពឹង​លើ​មូលដ្ឋាន​ដូច​គ្នា​នោះ​ដែរ នៅ​ពេល​ដែល​យើង​យក​ការ​ពណ៌នា​នៅ​ក្នុង​ព្រះ​គម្ពីរ​មក​គិត​គូ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​យើង​នឹង​ឃើញ​ថា ការ​ធ្វើ​បែប​នោះ​តែង​តែ​នាំ​ឲ្យ​យើង​រក​ឃើញ​ទីកន្លែង ឬ​ក៏​របស់​អ្វី​មួយ​ដ៏​អស្ចារ្យ​ជានិច្ច​ជា​កាល។»

លោក​បណ្ឌិត វីលលៀម អេហ្វ. អលប្រាយត៍ (William F. Albright) ដែល​ជា​បុរាណ​វិទូ​ដ៏​ឆ្នើម​ម្នាក់​បាន​លើក​ឡើង​អំពី​ការ​ពិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​ដូច​ត​ទៅ៖

«សូម​អរគុណ​ដល់​ការ​ស្វែងរក​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ ព្រោះ​តាម​រយៈ​ការ​​រក​ឃើញ​ទាំង​នេះ ធ្វើ​ឲ្យ​យើង​បាន​ស្គាល់​ប្រវត្តិសាស្ត្រ​យ៉ាង​ច្បាស់។ បុរាណវត្ថុវិទ្យា​បាន​ស្វែងរក​ឃើញ អះអាង ហើយ​បង្ហាញ​ដល់​យើង​អំពី​អ្វីៗ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​ថា​ពិត​ជា​បាន​កើត​ឡើង​មែន៖ ជំនាន់​ពួក​ឰយុកោ​លោក ម៉ូសេ ការ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ការ​វាយ​យក​ទឹក​ដី​កាណាន ពួក​ចៅហ្វាយ ពួក​ស្ដេច ការ​ក្លាយ​ជា​ឈ្លើយ និង​ការ​ស្ដារ​ឡើង​វិញ។ ប្រមាណ​ជា​៤០​ឆ្នាំ​មុន ខ្ញុំ​គិត​ថា ការ​រក​ឃើញ​បែប​នេះ​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ»។

លោក​បណ្ឌិត គ្លូក (Glueck) និង​លោក​បណ្ឌិត អលប្រាយត៍ (Albright) បាន​ផ្ដោត​កា​ស្វែងរក​របស់​ពួក​គាត់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ចុះ​ចំណែក​ឯ​សញ្ញា​ថ្មី​វិញ? តើ​យើង​អាច​ទុក​ចិត្ត​បាន​ដូច​សញ្ញា​ចាស់​ដែរ​ឬ​ទេ? បើ​និយាយ​ឲ្យ​ខ្លី​ទៅ ដោយ​សារ​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទើប​តែ​បាន​កើត​ឡើង​ថ្មីៗ​នេះ ទើប​យើង​មាន​ភស្តុតាង​ជា​ច្រើន​ទាក់ទង​នឹង​សញ្ញា​ថ្មី។ ចូរ​ពិចារណា​អំពី​ចំណុច​ដ៏​លម្អិត​ដែល​មាន​នៅ​ក្នុង​ជំពូក​មួយ​នៃ​ព្រះ​គម្ពីរ ដែល​មាន​ការ​អះអាង​ពី​ប្រវត្តិសាស្ត្រ​វិទូ និង​បុរាណវត្ថុ​វិទូ៖

  • ទីតាំង (ក្រុង​អាំភីប៉ូលី និង​ក្រុង​អ័ប៉ូឡូនា) ដែល​អ្នក​ធ្វើ​ដំណើរ​តែង​តែ​ឈប់ ដើម្បី​សម្រាក​ម្ដង​ហើយ​ម្ដង​ទៀត (កិច្ចការ ១៧:១)
  • សាលា​ប្រជុំ​នៅ​ក្រុង​ថែស្សាឡូនីច (កិច្ចការ ១៧:១)
  • ងារ​ជា «ចៅហ្វាយ» សម្រាប់​អ្នក​ដឹក​នាំ​នៅ​កន្លែង​នោះ (កិច្ចការ ១៧:៦)
  • ការ​យល់​ឃើញ​ដ៏​ត្រឹម​ត្រូវ​ថា ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​គឺ​ជា​ផ្លូវ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទៅ​កាន់​ទីក្រុង​អាថែន ប្រសិន​បើ​មាន​ខ្យល់​ល្អ​ពី​ទិស​ខាង​កើត​ក្នុង​រដូវ​ក្ដៅ (កិច្ចការ ១៧:១៤)
  • រូប​ចម្លាក់​ជា​ច្រើន​នៅក្នុង​ទី​ក្រុង​អាថែន (កិច្ចការ ១៧:១៦)
  • ការ​លើក​ឡើង​អំពី​សាលា​ប្រជុំ​នៅ​ទី​ក្រុង​អាថែន (កិច្ចការ ១៧:១៧)
  • ការ​រៀបរាប់​អំពី​ការ​ដែល​ពួក​ទស្សនវិទូ​បាន​ប្រជុំ​គ្នា ដើម្បី​វែកញែក​រឿង​រ៉ាវ​ផ្សេងៗ​នៅ​តាម​ទី​ផ្សារ (កិច្ចការ ១៧:១៧)
  • ពួក​គេ​បាន​លេង​ពាក្យ​នៅ​ក្នុង​ភាសា​អាថែន​សំដៅ​លើ​លោក​សាវក ប៉ុល បាន​យ៉ាង​ត្រឹម​ត្រូវ​ថា «ប៉ប៉ាច់» (កិច្ចការ ១៧:១៨) ក៏​ដូច​ជា​ទី​កន្លែង «ភ្នំ​អើរីយ៉ូស» (កិច្ចការ ១៧:១៩)
  • ការ​រៀប​រាប់​អំពី​លក្ខណសម្បត្តិ​របស់​អ្នក​ទី​ក្រុង​អាថែន (កិច្ចការ ១៧:២១)
  • អាសនា «ព្រះ​ដ៏​ពុំ​ស្គាល់» (កិច្ចការ ១៧:២៣)
  • ការ​ដែល​ពួក​ទស្សនវិទូ​ក្រិក​ឆ្លើយ​តប​តាម​របៀប​ដែល​គេ​តែង​តែ​ឆ្លើយ​តប៖ បដិសេធ​ការ​រស់​ឡើង​វិញ​ខាង​សាច់​ឈាម (កិច្ចការ ១៧:៣២)
  • ការ​ប្រើ​ងារ​ជា «ចៅ​ក្រម​នៅ​ភ្នំ​អើរីយ៉ូស» សម្រាប់​សមាជិក (កិច្ចការ ១៧:៣៤)

ចូរ​ចាំ​ថា ចំណុច​ដ៏​លម្អិត​ទាំង​នេះ គឺ​យើង​ទើប​តែ​បាន​ដក​ស្រង់​ចេញ​មក​ពី​កណ្ឌ​គម្ពីរ កិច្ចការ ជំពូក១៧ តែ​មួយ​ប៉ុណ្ណោះ ពោល​គឺ​នៅ​មាន​ភស្តុតាង​ជា​ច្រើន​ទៀត​ដែល​យើង​អាច​មើល​បាន។ នេះ​មិន​មែន​ចង់​មាន​ន័យ​ថា គ្រប់​ពាក្យ​ពេចន៍​ដែល​រៀបរាប់​នៅ​ក្នុង​បទ​គម្ពីរ​ទាំង​អស់​សុទ្ធតែ​ត្រូវ​នោះ​ទេ ប៉ុន្តែ​វា​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​ថា អ្នក​និពន្ធ (លោក លូកា) ស្គាល់​យ៉ាង​ច្បាស់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​មនុស្ស វប្បធម៌ និង​ទីតាំង​ដែល​គាត់​បាន​សរសេរ​។ លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​មិន​មាន​ការ​សរសេរ​ចុះ​ពី​មុន​ដែល​បដិសេធ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស និង​ទី​កន្លែង​ដែល​ព្រះ​គម្ពីរ​បាន​ពណ៌នា​ដែរ ប៉ុន្តែ​យើង​បែរ​ជា​មាន​ភស្តុតាង​មួយ​ចំនួន​ពី​សតវត្ស​ទី១ និង​ទី​២ ដែល​មិន​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ប៉ុន្តែ​បាន​អះអាង​ថា ព្រះ​យេស៊ូវ​ពិត​ជា​ធ្លាប់​មាន​វត្តមាន​នៅ​លើ​លោក​នេះ​មែន។

នៅ​មាន​ពួក​បុរាណ​វិទូ​ជា​ច្រើន​ទៀត​ដែល​យើង​អាច​លើក​ឡើង​មក​ពណ៌នា​បាន ដែល​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​អះអាង​ពី​ចំណុច​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​គម្ពីរ។ ពិត​ណាស់! យើង​នឹង​មិន​អាច​រក​ឃើញ​នូវ​រាល់​វត្ថុបុរាណ ក៏​ដូច​ជា​ការ​សរសេរ​ចុះ​អំពី​បុគ្គល​គ្រប់​រូប ព្រឹត្តិការណ៍ ឬ​ក៏​ទី​កន្លែង​ដែល​មាន​ពណ៌នា​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ​ឡើយ។ ឧទាហរណ៍៖ ការ​ស្វែង​យល់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាច​ប្រាប់​យើង​ថា លោក ប៉ុន​ទាស-ពីឡាត់ បាន​ឆ្កាង​ព្រះ​យេស៊ូវ (ព្រោះ​លោក ថាស៊ីថឹស (Tacitus) ដែល​ជា​អ្នក​ប្រវត្តិសាស្ត្រ​បាន​សរសេរ​យ៉ាង​លម្អិត​នៅ​ក្នុង​សៀវភៅ​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា Annals) ប៉ុន្តែ​វិទ្យាសាស្ត្រ​មិន​អាច​អះអាង​ប្រាប់​យើង​ថា ការ​សុគត​របស់​ព្រះ​យេស៊ូវ​ពិត​ជា​បាន​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទាស់​នឹង​បាប​ថា ទ្រង់​ពិត​ជា​បាន​ស្កប់​ស្កល់​នេះ​ឡើយ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​បុរាណ​វត្ថុ​វិទ្យា​បាន​បង្ហាញ​យើង​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​យើង​បាន​រក​ឃើញ បាន​បញ្ជាក់​ឲ្យ​យើង​ឃើញ​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​រឿង​ប្រឌិត​ឡើង​នោះ​ឡើយ។

ចូរ​ប្រៀប​ធៀប​ភាព​ត្រឹម​ត្រូវ​រវាង​ព្រះ​គម្ពីរ ទៅ​នឹង​ការ​រក​ឃើញ​ពី​​វត្ថុបុរាណ​ទាក់ទង​នឹង​សាសនា​មរមន (Mormon)។ «សៀវភៅ​បរិសុទ្ធ» របស់​ពួក​មរមន​បាន​បង្រៀន​ថា ជាតិសាសន៍​ដំបូង​នៅ​ប្រទេស អាមេរិច គឺ​តាម​ពិត​ជា​សាសន៍​យូដា​ដែល​បាន​រត់​គេច​ចេញ​ពី​ទីក្រុង​យេរូសាឡឹម ប៉ុន្តែ​ការ​ពិសោធ​ឌីអេនអេ (DNA) បាន​បង្ហាញ​ថា ពួក​គេ​ខុស​ហើយ។ លើស​ពី​នោះ​ទៅ​ទៀត ទោះ​បើ​ពួក​គេ​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​ស្វែងរក​ភស្តុតាង​នៅ​ក្នុង​ប្រទេស អាមេរិច ក៏​ដោយ ក៏​បុរាណវត្ថុ​វិទូ​មិន​បាន​រក​ឃើញ​ភស្តុតាង​សូម្បី​តែ​មួយ ដែល​គាំទ្រ​អំណះអំណាង​របស់​ពួក​មរមន ហើយ​លើស​ពី​នោះ​ទៅ​ទៀត ជាតិ​សាសន៍​ដំបូង​នៅ​អាមេរិច​ក៏​មិន​បាន​ធ្លាប់​ប្រើ​ដាវ​កោង​ក្ងុក ឬ​ក៏​ជិះ​សេះ និង​ដំរី​នោះ​ឡើយ។

យើង​អាច​លើក​ភស្តុតាង​អំពី​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ដែល​មាន​ជំនាញ​ខុសៗ​គ្នា​ក្នុង​ការ​បង្ហាញ​ថា ការងារ​របស់​ពួក​គេ​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ ព្រម​ទាំង​ទទួល​ស្គាល់​ថា អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​ការ​ពិត។ ប៉ុន្តែ ជា​ចម្បង​យើង​ក៏​មិន​គួរ​ទុក​ចិត្ត​លើ​សេចក្ដី​សន្និដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រ​ដ៏​ឆ្លាត​ទាំង​នោះ​ដែរ។ ពិត​ណាស់! ប្រសាសន៍​របស់​ពួកគេ​អាច​ជា​ជំនួយ​ដល់​យើង ប៉ុន្តែ​យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា ពួក​គេ​អាច​សន្និដ្ឋាន​ខុស ហើយ​ក៏​អាច​ផ្លាស់​ប្ដូរ​គំនិត​ខ្លួន​ដែរ។ ដូច្នេះ តើ​មាន​អ្វី​ដែល​យើង​អាច​មើល ដើម្បី​បង្ហាញ​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​រឿង​ប្រឌិត​របស់​យើង​? គឺ​ពិត​ជា​មាន!

៣. ការ​ដែល​ព្រះ​ជាម្ចាស់​ឈ្លោះ​គ្នា​ជាមួយ​នឹង​សាសនា​ដទៃ​បាន​អះអាង​ថា​ព្រះ​គម្ពីរ​គឺ​ជា​ការ​ពិត

នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ជំពូក៤០-៤៦ យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ហោរា អេសាយ ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ឲ្យ​គាត់​ទៅ​ប្រាប់​ពួក​ព្រះ​ក្លែង​ក្លាយ ដើម្បី​ឲ្យ​ពួក​គេ​បង្ហាញ​ថា​ខ្លួន​ជា​ព្រះ​ពិត។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​អង្គ​បាន​ស្នើ​ពួក​គេ​ឲ្យ​ទាយ​ពី​អនាគត ហើយ​ឲ្យ​អ្វីៗ​ដែល​គេ​និយាយ​បាន​កើត​ឡើង។

«ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​សម្ដែង​ដើម​ហេតុ​នៃ​រឿង​ឯង​មក មហា​ក្សត្រ​នៃ​ពួក​យ៉ាកុប ទ្រង់​មាន​បន្ទូល​ថា ចូរ​រ៉ាយ​រ៉ាប់​តាម​លំ​អាន​របស់​ឯង​ទាំង​ប៉ុន្មាន​ចុះ ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​ត្រូវ​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​ការ​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ ចូរ​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា ឯង​រាល់​គ្នា​ជា​ព្រះ​មែន អើ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ​ឬ​អាក្រក់​ក្ដី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា​មួយ​គ្នា។» (អេសាយ ៤១:២១-២៣)

នេះ​ជា​ការ​ល្បងល​សម្រាប់​សាសនា​ផ្សេងៗ​ទៀត​នៅ​លើ​ផែនដី​នេះ។ តើ​ពួក​គេ​អាច​ពណ៌នា​ចំៗ​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​បាន​ដែរ​ឬ​ទេ? បើ​និយាយ​ឲ្យ​ខ្លី​ទៅ មាន​តែ​ព្រះ​ជាម្ចាស់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ជ្រាប​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង ហើយ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ការ​ទាំង​អស់​នោះ​អាច​កើត​ឡើង​បាន ពីព្រោះ​ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ជា​ព្រះ​អាទិករ​ដែល​មាន​ពេញ​ដោយ​អំណាច​ព្រះ​ចេស្ដា ហើយ​ទ្រង់​ក៏​មាន​លក្ខណសម្បត្តិ​ដ៏​សុចរិត​តាម​រយៈ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផង​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៤១:២៦ ព្រះ​ជាម្ចាស់​បាន​សួរ​ថា «តើ​អ្នក​ណា​បាន​សម្ដែង​សេចក្ដី​តាំង​ពី​ដើម​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា អ្នក​នោះ​និយាយ​ត្រូវ​មែន? អើ គ្មាន​អ្នក​ណា​សម្ដែង​ទេ អើ​គ្មាន​អ្នក​ណា​បង្ហាញ​សោះ អើ គ្មាន​អ្នក​ណា​ឮ​ពាក្យ​សម្ដី​របស់​ឯង​រាល់​គ្នា​ឡើយ!»។

អ្នក​ដែល​បង្កើត​សាសនា​ផ្សេងៗ​មិន​ដែល​ហ៊ាន​ទាយ​អំពី​អនាគត​ឡើយ។7 ក្រៅ​ពី​ព្រះ​គម្ពីរ​របស់​គ្រីស្ទ​បរិស័ទ «សៀវភៅ​បរិសុទ្ធ» គ្មាន​គម្ពីរ​​របស់​សាសនា​ណា ដែល​មាន​ការ​ទាយ​ទុក​អំពី​អនាគត​ឡើយ។ ការ​ទាយ​ទុក​របស់​លោក នូសស្រាដាម៉ាស (Nostradamus) មិន​មាន​ភាព​ជាក់​លាក់​ទេ ឯ​ការ​ទាយ​ទុក​របស់​លោក អាឌហ្គ័រ ខាយស៍ (Edgar Cayce) គឺ​ខុស​ទាំង​ស្រុង ហើយ​ទំនាយ​របស់​អ្នក​ទាំង​ពីរ​នេះ​មិន​ស៊ី​គ្នា​ទៅ​នឹង​ស្តង់ដារ ១០០% នៃ​ទំនាយ​របស់​ពួក​ហោរា​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ១៨:២២ ឡើយ។

ឥឡូវនេះ ចូរ​មើល​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​អាច​ធ្វើ​បាន​ទាក់ទង​នឹង​ចំណុច​នេះ៖

«អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី​ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។» (អេសាយ ៤២:៨-៩)

ចុះ​តើ​ទំនាយ​មាន​អ្វី​ទាក់ទង​នឹង​ការ​ដែល​ថា តើ​ព្រះ​គម្ពីរ​ជា​រឿង​ប្រឌិត​ដែរ​ឬ​អត់? មនុស្ស​ធម្មតា​មិន​អាច​រៀបរាប់​អំពី​អនាគត​បាន​ត្រឹម​ត្រូវ​ទេ ហើយ​ព្រះ​គម្ពីរ​ជាង​១​ភាគ​៤ គឺ​ជា​ទំនាយ​នៅ​សម័យ​កាលដែល​គេ​បាន​សរសេរ​ឡើង ហើយ​ការ​នេះ​បង្ហាញ​ថា អ្នក​និពន្ធ​មិន​បាន​ប្រឌិត​នូវ​អ្វី​ដែល​ពួក​គេ​បាន​តែង​នោះ​ឡើយ ពោល​គឺ​ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​បាន​បណ្ដាល​ឲ្យ​ពួក​គេ​តែង​ឡើង។ ទំនាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​រៀប​រាប់​អំពី​បុគ្គល ពេលវេលា និង​ព្រឹត្តិការណ៍​ជាក់​លាក់ ហើយ​ក៏​និយាយ​ចំៗ​ផង​ដែរ។ ស្ទើរ​តែ​គ្រប់​ទំនាយ​ទាំង​អស់ បាន​ទាយ​ឡើង​រាប់​សិប​សតវត្ស​មុន​ព្រឹត្តិការណ៍​នោះ​កើត​ឡើង ហើយ​ចំពោះ​ទំនាយ​ដែល​បាន​បំពេញ​សម្រេច​ហើយ គឺ​ត្រូវ​បាន​បំពេញ​ចំៗ​ដូច​ដែល​បាន​ទាយ​ទុក។ ទំនាយ​ខ្លះ​នឹង​ត្រូវ​បំពេញ​សម្រេច​នៅពេល​អនាគត។

ចូរ​ពិចារណា​លើ​ទំនាយ​មួយ​ចំនួន​ក្នុង​ចំណោម​ទំនាយ​ចំៗ​រាប់​រយ​ដែល​ព្រះ​គម្ពីរ​បាន​ទាយ​ទុក៖

ព្រះ​មែស្ស៊ី​នឹង…ទំនាយការ​បំពេញ​សម្រេច
ប្រសូត​ចេញ​ពី​នាង​ក្រមុំ​ព្រហ្មចារីអេសាយ ៧:១៤ម៉ាថាយ ១:២៥
ប្រសូត​នៅ​ក្រុង​បេថ្លេហិមមីកា ៥:២ម៉ាថាយ ២:១, ៦
ត្រូវ​គេ​ក្បត់​ដោយសារ​ប្រាក់​៣០​ដួងសាការី ១១:១២ម៉ាថាយ ២៦:១៥, ៤៩
គេ​យក​សំលៀក​បំពាក់​ទ្រង់​ចែក​គ្នា​នៅ​កន្លែង​ឈើ​ឆ្កាងទំនុកដំកើង ២២:១៨យ៉ូហាន ១៩:២៤
ត្រូវ​របួស​ដោយ​ព្រោះ​អំពើ​រំលង​របស់​យើងអេសាយ ៥៣:៥១ពេត្រុស ២:២៤
ត្រូវ​បាន​គេ​សម្លាប់​ជំនួស​អ្នក​ដទៃដានីយ៉ែល ៩:២៦២កូរិនថូស ៥:២១
រស់​ពី​សុគត​ឡើង​វិញទំនុកដំកើង ១៦:១០លូកា ២៤:៦

បន្ថែម​លើ​ទំនាយ​ជា​ច្រើន​អំពី​ព្រះ​មែស្ស៊ី​ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​មាន​ទំនាយ​រាប់​រាយ​ផ្សេង​ទៀត​ដែល​បាន​រៀប​រាប់​យ៉ាង​លម្អិត​ដែរ ដែល​ជារឿយៗ រៀប​រាប់​អំពី​ការ​ដែល​ទ្រង់​នឹង​ដាក់​ទោស​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​ដែល​នៅ​ជុំ​វិញ​ពួក​គេ ដោយសារ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះ​អង្គ។

នៅ​ពេល​ដែល​អ្នក​ទាស់​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​និយាយ​អំពី​ទំនាយ​ទាក់ទង​នឹង​ព្រះ​មែស្ស៊ី ពួក​គេ​តែង​តែ​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​បំពេញ​សម្រេច​ទំនាយ​មួយ​ចំនួន ប៉ុន្តែ​បើ​ព្រះ​យេស៊ូវ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា តើ​ឲ្យ​ទ្រង់​ប្រាកដ​ថា ទ្រង់​នឹង​កើត​ពី​នាង​ក្រមុំ​ព្រហ្មចារី​នៅ​ក្រុង​បេថ្លេហិម ឬ​ក៏​ថា​ទ្រង់​នឹង​រស់​ពី​សុគត​វិញ​យ៉ាង​ដូចម្ដេច​បាន​ទៅ?

ពួក​អ្នក​ទាស់​ប្រឆាំង​តែង​តែ​សន្មត​ថា ទំនាយ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ចុះ​ក្រោយ​ពេល​ដែល​បាន​បំពេញ​សម្រេច​ហើយ ប៉ុន្តែ​គ្រប់​ទំនាយ​ទាំង​នេះ​ត្រូវ​បាន​ទាយ​ទុក​យ៉ាង​តិច ៤០០ ឆ្នាំ​មុន គ.ស. ព្រឹត្តិការណ៍​ទាំង​នោះ​បាន​កើត​ឡើង។ ទោះបើ​នៅ​មាន​គេ​បដិសេធ​ឆ្នាំ​វិនិច្ឆ័យ​ដែល​មាន​ការ​គាំទ្រ​ជា​ច្រើន​ទាក់ទង​នឹង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ត្រូវ​ដោះស្រាយ​ចំពោះ​ការ​បក​ប្រែ​ព្រះ​គម្ពីរ​សញ្ញាចាស់​ពី​ភាសា​ហេប្រឺ​ទៅ​ភាសា​ក្រិក​ដែរ ដែល​គេ​ហៅ​ថា សាប់ថួអាចែនថ៍ (Septuagiant)។ ការ​បក​ប្រែ​នោះ​មាន​រួម​បញ្ចូល​នូវ​ទំនាយ​អំពី​ព្រះ​យេស៊ូវ មុន​ពេល​ដែល​ទ្រង់​ប្រសូត​ទៀត។ លើស​ពី​នោះ ផ្នែក​ខ្លះទៀត​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​តារាង​ខាង​លើ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ក្រាំង​សមុទ្រ​ស្លាប់ (Dead Sea Scroll) ដែរ រួម​ទាំង​ក្រាំង​អេសាយ (Isaiah Scroll) ផង ដែល​ត្រូវ​បាន​សរសេរ​ឡើង​ប្រមាណ​ជា​មួយ​សតវត្ស​មុន​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ ហើយ​ឯកសារ​នោះ​មាន​ការ​ទាយ​ទុក​ចំៗ​អំពី​ព្រះ​មែស្ស៊ី។ តើ​ឲ្យ​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដឹង​យ៉ាង​ដូចម្ដេច​បាន​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ចំៗ​ទាំង​នេះ? មាន​ចម្លើយ​តែ​មួយ​គត់​ដែល​ត្រឹម​ត្រូវ​គឺ៖ ព្រះ​ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​ពួក​គេ​តែង។ ពួក​គេ​មិន​បាន​ប្រឌិត​នូវ​អ្វីៗ​ដែល​ពួក​គេ​បាន​សរសេរ​ចុះ​ឡើយ។

សេចក្ដី​សន្និដ្ឋាន

សេចក្ដី​ពិត​គឺ៖ ព្រះ​ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​អ្នក​និពន្ធ​តែង​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​ឥឡូវ​យើង​ហៅ​ថា ព្រះ​គម្ពីរ ដែល​មាន​៦៦​កណ្ឌ (២ធីម៉ូថេ ៣:១៦)។ លក្ខណៈ​ដ៏​ពិសេស ប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង​ការ​បំពេញ​សម្រេច​នូវ​សេចក្ដី​ទំនាយ​យ៉ាង​លម្អិត​នៅ​ក្នុង​ព្រះ​គម្ពីរ នឹង​លុប​បំបាត់​នូវ​គំនិត​ដែល​ថា មនុស្ស​យើង​ជា​អ្នក​ប្រឌិត​ព្រះ​គម្ពីរ​ឡើង។ សេចក្ដី​ពិត​ទាំង​នេះ​មិន​មែន​ជា​អំណះអំណាង​ដែល​បញ្ជាក់​ថា​គ្រប់​ពាក្យ​ពេចន៍​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​នោះ​ទេ ប៉ុន្តែ​សេចក្ដី​ពិត​ទាំង​នេះ​ជួយ​ឲ្យ​យើង​ឃើញ​ថា មាន​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ព្រះ​អង្គ​ជា​អ្នក​បណ្ដាល​ឲ្យ​តែង ហើយ​ក៏​ជា​អំណះអំណាង​ដល់​យើង​ដែរ​ថា យើង​អាច​មាន​ទំនុក​ចិត្ត​លើ​សាច់​រឿង​ដ៏​លម្អិត​ទាំង​នោះ​បាន ហើយ​ថា យើង​ក៏​មិន​ចាំ​បាច់​ពឹង​លើ​វិទ្យាសាស្ត្រ​ដើម្បី​ថា ចំណុច​ណា​មួយ​ត្រឹម​ត្រូវ ឬ​ក៏​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ មូល​ហេតុ​ដ៏​ចម្បង​ដែល​យើង​ទទួល​ជឿ​ថា ព្រះ​ជាម្ចាស់​ជា​អង្គ​ដែល​បណ្ដាល​ឲ្យ​តែង​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​ព្រោះ​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​យើង ព្រះ​អង្គ​ផ្ដល់​ជា​អំណះអំណាង​ដល់​យើង ក៏​ដូច​ជា​បញ្ជាក់​ដល់​យើង​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​មែន ខណៈពេល​ដែល​យើង​រៀនសូត្រ​សិក្សា​ដោយ​ភ្ជាប់​ជា​មួយ​ការ​អធិស្ឋាន។

ជា​ចុង​ក្រោយ លើស​ពី​ចំណុច​ដែល​ថា ព្រះ​ជាម្ចាស់​ផ្ទាល់​ជា​អង្គ​ដែល​និពន្ធ​ព្រះ​គម្ពីរ​តាម​រយៈ​មនុស្ស ព្រះ​បន្ទូល​ក៏​បាន​ពន្យល់​ពី​ព្រះ​រាជសារ​ដ៏​សំខាន់​ដល់​យើង​ដែរ។ ក្នុង​នាម​ជា​អ្នក​ដែល​បាន​ប្រព្រឹត្តិ​បាប​ទាស់​នឹង​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ និង​ជា​ព្រះ​អាទិករ​ដ៏​បរិសុទ្ធ​របស់​យើង យើង​សក្ដិសម​នឹង​ទទួល​ការ​ថ្កោល​ទោស​ពី​ទ្រង់

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Tim Chaffey
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.answersingenesis.org ដោយមានការអនុញ្ញាត។

កំណត់​យោង
១. ​បើ​លោក​អ្នក​ចង់​អាន​ការ​ពណ៌នា​ត្រួសៗ​អំពី​ការ​ស្វែងរក​ឃើញ​ចំនួន​៥០​កន្លែង​ដែល​ស៊ីគ្នា​ទៅ​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង សូម​ចូល​ទី​កាន់​គេហទំព័រ៖ bibleandarchaeology.com
២. Dr. Nelson Glueck, Rivers in the Desert, (New York: Farrar, Strous, and Cudahy, ១៩៥៩), ទំព័រ​១៣៦។
៣. William F. Albright, History, Archaeology, and Christian Humanism, (Edinburgh: Adam & Charles Black, ១៩៦៥), ទំព័រ​២៩៣។
៤. Norman L. Geisler, Systematic Theology, វគ្គ​១, (Minneapolis, MN: Bethany House, ២០០២), ទំព័រ​៤៦៩។ សៀវភៅ​សាសនា​ផ្សេងៗ​ទៀត​ក៏​មាន​សរសេរ​ចុះ​នូវ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ដែល​ការ​ស្វែងរក​ឃើញ​ពី​សម័យ​បុរាណ​អាច​អះអាង​ថា វា​ពិត​ឬ​កី​មិន​ពិត។ អ្វី​ដែល​យើង​ចង់​លើក​ឡើង​ត្រង់​ចំណុច​នេះ​គឺ មិន​មែន​ថា​ការ​ស្វែងរក​ឃើញ​ពី​បុរាណ​ជា​អំណះអំណាង​ថា ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទេ ប៉ុន្តែ​យើង​ចង់​លើក​ឡើង ដើម្បី​បង្ហាញ​ថា​ការ​រក​ឃើញ​ទាំង​នោះ​គឺ​ជា​ការ​បង្ហាញ​ថា ចំណុច​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​គឺ​មិន​មែន​ជា​ការ​ប្រឌិត​ឡើយ។
៥. គម្ពីរ​មរមន​បាន​អះអាង​ជា​លំដាប់​លំដោយ​អំពី​ចំណុច​នេះ​ក្នុង Mosiah 9:16 and Ether 9:19។ បើ​លោក​អ្នក​ចង់​ឃើញ​ពី​ចំណុច​ខុស​ឆ្គង​របស់​ពួក​មរមន​ទាក់ទង​នឹង​ការ​ស្វែងរក​ឃើញ​ពី​សម័យ​បុរាណ សូម​ចូល​ទៅ​អាន​គេហទំព័រ៖ http://www.watchman.org/articles/mormonism/non-mormon-archaeologists-speak-on-book-of-mormon-evidence
៦. ពួក​ក្រុម​យេហូវ៉ា​វិនាស៍ (Jehovah’s Witnesses) បាន​ព្យាយាម​ទាយ​ជា​ច្រើន​ដង​អំពី​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​ជា​លើក​ទី​ពីរ ហើយ​ការ​ទាយ​របស់​ពួក​គេ​មិន​ដែល​ត្រូវ​សោះ។ មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ក៏​បាន​ព្យាយាម​ទាយ​ដែរ ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​ពិត​ជា​ល្ងីល្ងើ​មែន ព្រោះ​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ហើយ​ថា គ្មាន​អ្នក​ណា​ដឹង​អំពី​ថ្ងៃ ឬ​ក៏​ម៉ោង​ដែល​ទ្រង់​នឹង​យាង​មក​វិញ​ទេ (ម៉ាថាយ ២៤:៣៦)។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ឃើញ​សិរីល្អ

ចុងសប្តាហ៏