in

​ព្រះយេស៊ូវ​សុគតដើម្បី​ទទួលយក​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់

ប្រសិនបើព្រះជាម្ចាស់មិនមានភាពយុត្តិធម៌ទេ នោះក៏មិនមានការទាមទារឲ្យព្រះរាជបុត្រាទ្រង់ត្រូវរងទុក្ខ ហើយសុគតនោះដែរ។ ហើយប្រសិនបើព្រះជាម្ចាស់មិនមានព្រះហឫទ័យស្រឡាញ់ទេ នោះក៏មិនមានការសព្វព្រះហឫទ័យឲ្យព្រះរាជបុត្រាទ្រង់រងទុក្ខ ហើយសុគតដែរ។ ប៉ុន្តែព្រះជាម្ចាស់មានទាំងភាពយុត្តិធម៌ និងព្រះហឫទ័យស្រឡាញ់។ ដូច្នេះហើយ ដោយសារព្រះហឫទ័យស្រឡាញ់របស់ទ្រង់បានជាទ្រង់សព្វព្រះហឫទ័យបំពេញតាមការទាមទារនៃសេចក្ដីយុត្តិធម៌របស់ទ្រង់។

ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់បានទាមទារថា «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង» (ចោទិយកថា ៦:៥)។ ប៉ុន្តែយើងបែរជាទៅស្រឡាញ់របស់ផ្សេងជាជាងស្រឡាញ់ព្រះជាម្ចាស់ទៅវិញ។ ការមិនគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ដោយទៅស្រឡាញ់របស់ផ្សេងជាងទ្រង់ និងការឱបក្រសោបរបស់ទាំងនោះដោយធ្វើតាមតែចិត្តរបស់ខ្លួន នោះហើយគឺជាអំពើបាប ។ ហេតុដូច្នេះហើយបានជាព្រះគម្ពីរចែងថា «គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ» (រ៉ូម ៣:២៣ គខប)។ យើងតែងតែលើកតម្កើងនូវអ្វីៗដែលយើងពេញចិត្តជាងគេបំផុត ហើយអ្វីដែលយើងពេញចិត្តនោះមិនមែនជាព្រះជាម្ចាស់នោះទេ។

ដូច្នេះ អំពើបាបមិនមែនជារឿងតូចតាចនោះទេ ព្រោះវាមិនមែនប្រឆាំងទៅនឹងព្រះមហាក្សត្រដ៏តូចតាចនោះឡើយ។ បើអ្នកប្រមាថអ្នកដែលមានឋានៈខ្ពង់ខ្ពស់ នោះពាក្យប្រមាថរបស់អ្នកក៏កាន់តែធ្ងន់ធ្ងរទៅៗតាមឋានៈរបស់បុគ្គលនោះដែរ។ ព្រះអាទិករនៃសកលលោកនេះស័ក្ដិសមនឹងទទួលការគោរព ការលើកតម្កើង និងភាពស្មោះត្រង់ពីយើងរហូតគ្មានទីបញ្ចប់។ ដូច្នេះហើយ ការដែលមនុស្សមិនស្រឡាញ់ទ្រង់ គឺមិនមែនជារឿងធម្មតានោះទេ តែវាជាអំពើក្បត់។ វាធ្វើឲ្យខូចព្រះនាមព្រះជាម្ចាស់ ហើយក៏បំផ្លាញសុភមង្គលរបស់មនុស្សលោកដែរ។

ដោយព្រោះព្រះជាម្ចាស់យុត្តិធម៌ នោះទ្រង់ក៏នឹងមិនបំភ្លេចអំពើឧក្រិដ្ឋដែលពួកមនុស្សបានធ្វើនោះដែរ។ ទ្រង់មានសេចក្ដីក្រោធដ៏បរិសុទ្ធទាស់នឹងពួកគេ។ ពួកគេសមនឹងទទួលការដាក់ទណ្ឌកម្ម ហើយទ្រង់ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការនេះផងដែរថា៖ «ដ្បិតឈ្នួលរបស់អំពើបាប នោះគឺជាសេចក្តីស្លាប់…» ([biblegateway passage=”រ៉ូម 6:23″ display=”រ៉ូម ៦:២៣”])។ «…អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត» (អេសេគាល ១៨:៤ គខប)។

ព្រះជាម្ចាស់បានដាក់បណ្ដាសាដ៏យុត្តិធម៌លើអស់ទាំងមនុស្សដែលប្រព្រឹត្តអំពើបាប។ ប្រសិនបើព្រះជាម្ចាស់មិនព្រមដាក់ទណ្ឌកម្មលើអំពើបាប នោះមានន័យថាទ្រង់អយុត្តិធម៌។ ប្រសិនបើព្រះជាម្ចាស់មិនបានដាក់ទោសលើអំពើបាប នោះមានន័យថា ទ្រង់បានធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូររបស់ទ្រង់ហើយ។ បើដូច្នេះមែន ការកុហកនឹងសោយរាជ្យនៅលើស្នូលនៃសេចក្ដីពិតហើយ។ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់មានបន្ទូលថា «…ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» (កាឡាទី ៣:១០; ចោទិយកថា ២៧:២៦)។

ក៏ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មិនមែនបញ្ចប់ត្រឹមបណ្ដាសាដែលទ្រង់បានដាក់លើមនុស្សមានបាបទេ។ ព្រះជាម្ចាស់មិនគ្រាន់តែសព្វព្រះហឫទ័យនឹងចាក់សេចក្តីក្រោធរបស់ទ្រង់លើមនុស្សមានបាប ទោះបើសេចក្តីក្រោធរបស់ទ្រង់បរិសុទ្ធក៏ដោយ តែលើសពីនោះទៅទៀតព្រះជាម្ចាស់ចាត់ព្រះរាជបុត្រាទ្រង់ ដើម្បីមកទទួលយកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយទ្រាំទ្របណ្ដាសាជំនួសអស់អ្នកដែលទុកចិត្ដទ្រង់។ «ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួសយើង…» (កាឡាទី ៣:១៣ គកស)។

នេះហើយគឺជាអត្ថន័យនៃពាក្យថា «យញ្ញបូជាប្រោសលោះ» ដែលមាននៅក្នុងកណ្ឌគម្ពីរ រ៉ូម ៣:២៥ នៅដើមជំពូកនេះ។ ពាក្យថា «យញ្ញបូជាប្រោសលោះ» សំដៅទៅលើការដកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចេញពីមនុស្សមានបាប ដោយការប្រទានឲ្យមានអ្នកទទួលជំនួសវិញ។ ព្រះជាម្ចាស់ផ្ទាល់ជាអ្នកប្រទានអ្នកទទួលជំនួស អ្នកនោះគឺជាព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់មិនគ្រាន់តែលុបសេចក្ដីក្រោធចោលប៉ុណ្ណោះទេ តែទ្រង់ថែមទាំងទទួលយកវា ហើយបង្វែរសេចក្ដីក្រោធនោះពីយើងទៅអង្គទ្រង់វិញ។ ដោយសារសេចក្ដីក្រោធរបស់ព្រះជាម្ចាស់យុត្តិធម៌ ដូច្នេះហើយបានទ្រង់ចាក់សេចក្តីក្រោធនោះលើព្រះយេស៊ូវ មិនមែនគ្រាន់តែបំភ្លេចចោលនោះទេ។

សូមកុំឲ្យយើងគិតថា ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់របស់ទ្រង់គ្មានសារៈសំខាន់នោះឡើយ។ បើយើងមិនទទួលស្គាល់ថា អំពើបាបរបស់យើងមានស្ថានភាពធ្ងន់ធ្ងរ ហើយមិនទទួលស្គាល់ថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់យុត្តិធម៌នោះទេ នោះយើងក៏មិនអាចទទួលស្គាល់ថា សេចក្ដីស្រឡាញ់របស់ទ្រង់ធំមហិមាប៉ុណ្ណាចំពោះយើងនោះដែរ។ ប៉ុន្តែនៅពេលយើងទទួលស្គាល់ពីស្ថានភាពមិនស័ក្តិសមរបស់យើង ដោយសារព្រះគុណរបស់ព្រះជាម្ចាស់បានបើកសម្ដែងឲ្យយើងឃើញ នោះបានជាយើងអាចសម្លឹងមើលការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទ រួចនិយាយថា «នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង» ១យ៉ូហាន ៤:១០។

ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ»)។ កាឡាទី ៣:១៣ (គកស)

គឺព្រះជាម្ចាស់បានប្រគល់ព្រះយេស៊ូវទុកជាយញ្ញបូជាប្រោសលោះដោយសារឈាមរបស់ព្រះអង្គតាមរយៈជំនឿ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានដាក់ទោសបាបដែលមនុស្សបានប្រព្រឹត្តកាលពីមុនទេ រ៉ូម ៣:២៥ (គខប)

នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ១យ៉ូហាន ៤:១០

 

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ពិចារណា​

​មនុស្សពាក់​កណ្ដាល​ពិភពលោក