in

ភាព​ជា​អម្ចាស់​របស់​ព្រះ​គ្រីស្ទ៖ ចំណុច​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​តែ​ដឹង

10 Things You Should Know about the Lordship of Christ

១. ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់​លើ​គ្រប់​អ្វីៗ​ទាំង​អស់ ពីព្រោះ​ទ្រង់​ជា​ព្រះ

ព្រះ​វរបិតា​គឺ​ជា​ព្រះ។ ព្រះ​រាជបុត្រា​គឺ​ជា​ព្រះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ព្រះ។ ព្រះ​ជាម្ចាស់​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​តាម​រយៈ​អំណាច​នៃ​ការ​គ្រោង​ទុក​របស់​ទ្រង់ (ទំនុកដំកើង ១០៣:១៩)។ និយាយ​ឲ្យ​ចំ​ទៅ បុគ្គល​នីមួយៗ​នៃ​ព្រះ​ត្រៃ​ឯក​មាន​ឋានៈ​ស្មើ​គ្នា​ក្នុង​ការ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។ ព្រះគ្រីស្ទ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់។ ការ​គ្រង​រាជ្យ​នេះ គឺ​លើ​គ្រប់​អ្វីៗ​ទាំង​អស់ មិន​មែន​គ្រាន់​តែ​លើ​ខ្យល់​អាកាស ពេល​វេលា ឬ​ក៏​អ្វីៗ​ដែល​យើង​ធ្វើ​នោះ​ទេ ពោល​គឺ​លើ​សត្វ​ចាប សរសៃសក់​ក្បាល​របស់​យើង ក៏​ដូច​ជា​គ្រប់​ទាំង​អាតូម​ដែរ។

២. ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ពីព្រោះ​ទ្រង់​បាន​សម្រេច​ការ​ស្ដាប់​បង្គាប់​បាន​យ៉ាង​ឥត​ខ្ចោះ​តាម​លក្ខណៈ​ជា​មនុស្ស ទ្រង់​បាន​នាំ​នូវ​ក្ដី​សង្គ្រោះ​ដល់​យើង ហើយ​ព្រះ​ជាម្ចាស់​បាន​ឲ្យ​ទ្រង់​គ្រងរាជ្យ​លើ​ចក្រវាល​ទាំង​មូល​ទុក​ជា​រង្វាន់

ព្រះវរបិតា​បាន​តាំង​ឲ្យ​ព្រះគ្រីស្ទ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ត​របស់​ទ្រង់ ថែម​ទាំង​ឲ្យ​ទ្រង់​មាន​អំណាច​លើ​ចក្រវាល​ទាំង​មូល ទុកជា​លទ្ធផល​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ៖

«…(ព្រះ​ដ៏​ជា​ព្រះវរបិតា) ប្រោស​ព្រះគ្រីស្ទ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ ខ្ពស់​ជាង​វត្ថុ​ស័ក្ដិសិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។ ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះ​បាទា​របស់​ព្រះគ្រីស្ទ ព្រម​ទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ក្រុមជំនុំ ដែល​ជា​ព្រះ​កាយ​របស់​ព្រះអង្គ។ ក្រុមជំនុំ​នេះ​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណ​សម្បត្តិ​របស់​ព្រះគ្រីស្ទ ហើយ​ព្រះគ្រីស្ទ​ផ្ទាល់ ក៏​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណ​សម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ» (អេភេសូរ ១:២០-២៣ គខប)។

ព្រះ​គ្រីស្ទ​ជា​បុគ្គល​មួយ​អង្គ ហើយ​ការ​ដែល​ទ្រង់​គ្រង​រាជ្យ​លើ​គ្រប់​អ្វីៗ​ទាំង​អស់ គឺ​ជា​ការ​គ្រង​រាជ្យ​រួម​គ្នា។ ប៉ុន្តែ ទ្រង់​បាន​ធ្វើ​ការ​នោះ​ចេញ​ពី​ទស្សនៈ​ពីរ​យ៉ាង៖ ១) ព្រោះ​ទ្រង់​ជា​ព្រះ ២) ព្រោះ​ទ្រង់​បាន​សម្រេច​ជ័យ​ជម្នះ​ចុង​ក្រោយ​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់​តាម​រយៈ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌។ ព្រះ​គ្រីស្ទ​ជា​បុគ្គល​មួយ​អង្គ​ដែល​ជា​ព្រះ​ផង និង​ជា​មនុស្ស​ផង ហើយ​ក៏​កំពុង​សោយ​រាជ្យ​លើ​បល្ល័ង្ក​នៃ​ចក្រវាល​ទាំង​មូល។
៣. ព្រះ​គ្រីស្ទ​មាន​អំណាច​លើ​ទាំង​អ្នក​ជឿ និង​អ្នក​មិន​ជឿ

ចំណុច​ខុស​គ្នា​រវាង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​គឺ៖ អ្នក​ជឿ​ទទួល​ស្គាល់ ហើយ​ចុះចូល​ក្រោម​អំណាច​របស់​ព្រះ​គ្រីស្ទ​ដោយ​អំណរ ដ្បិត​ពួក​គាត់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ទ្រង់។

«ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំង​អស់ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី ដូច្នេះ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ…» (ម៉ាថាយ ២៨:១៨-១៩ គគខ)។

៤. យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​គ្រប់​ចំណុច

ចូរ​ចាំ​ថា ការ​ស្ដាប់​បង្គាប់​មិន​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ក្ដី​សង្គ្រោះ​ទេ ហើយ​ក៏​គ្មាន​ចំណែក​ក្នុង​ការ​ដែល​យើង​ក្លាយ​ជា​អ្នក​ទទួល​ក្ដី​សង្គ្រោះ​ដែរ។ ព្រះ​ជាម្ចាស់​រាប់​យើង​ជា​សុចរិត​ដោយសារ​ព្រះ​គុណ​របស់​ទ្រង់​ដែល​ជា​អំណោយ​ទាន​សម្រាប់​យើង (រ៉ូម ៣:២៤)។ វា (ការ​រាប់​ជា​សុចរិត) ជា​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​ទាំង​ស្រុង (អេភេសូរ ២:៨)។ ការ​ដែល​នាំ​ឲ្យ​ព្រះ​ជាម្ចាស់​អត់​ទាស់​បាប​យើង ក៏​ដូច​ជា​នាំ​ឲ្យ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ មិន​មែន​ជា​ការ​ស្ដាប់​បង្គាប់​របស់​យើង​ទេ វា​ជា​ការ​ស្ដាប់​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ទៅ​វិញ​ទេ។

យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​មាន​ការ​រួបរួម​ជាមួយ​នឹង​ទ្រង់​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​តាម​រយៈ​ការ​ដែល​យើង​ជឿ​ទុក​ចិត្ត​លើ​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។ ការ​ដែល​យើង​ស្ដាប់​បង្គាប់​ទ្រង់​ដោយ​ស្មោះ​ត្រង់ គឺ​ជា​ការ​ដែល​យើង​ថ្វាយ​ការ​អរព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​យើង​រួច​ទៅ​ហើយ។ ដោយសារ​ព្រះ​បាន​សង្គ្រោះ​យើង ដូច្នេះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​យើង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បង្កើត​ផលផ្លែ​ខាង​ឯ​វិញ្ញាណ​បាន (កាឡាទី ៥:២២-២៣)។

៥. យើង​ត្រូវ​តែ​បម្រើ​ព្រះ​គ្រីស្ទ​គ្រប់​ពេល​វេលា ពេញ​មួយ​ជីវិត ហើយ​អស់​ពី​ចិត្ត​របស់​យើង

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​យើង​បម្រើ​ទ្រង់៖
ព្រះ​គ្រីស្ទ​កំពុង​សោយ​រាជ្យ ហើយ​ទ្រង់​ស័ក្តិសម​នឹង​ឲ្យ​យើង​ស្ដាប់បង្គាប់
ព្រះ​គ្រីស្ទ​មាន​គ្រប់​លក្ខណៈ​ដែល​គួរ​ឲ្យ​យើង​ស្រឡាញ់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​បម្រើ​ទ្រង់
ព្រះ​ជាម្ចាស់​បាន​បង្គាប់​យើង​ឲ្យ​បម្រើ​ទ្រង់
ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង តុបតែង​យើង គ្រោង​យើង គឺ​ដើម្បី​បម្រើ​ទ្រង់
មាន​តែ​ការ​បម្រើ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​នឹង​ឲ្យ​យើង​រក​ឃើញ​នូវ​ភាព​ស្កប់​ចិត្ត និង​អំណរ​ដ៏​ពោរពេញ​នៅ​ក្នុង​ជីវិត​នេះ
ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​អង្គ​ដែល​ប្រទាន​កម្លាំង​ដល់​យើង​ក្នុង​ការ​បម្រើ​ទ្រង់
ការ​ដែល​យើង​បម្រើ​ព្រះគ្រីស្ទ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​បម្រើ​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ ពីព្រោះ​បុគ្គល​នីមួយៗ​ជា​ព្រះត្រៃឯក។

៦. ព្រះ​គុណ​ដឹកនាំ​យើង ហើយ​ប្រដាប់​យើង​ឲ្យ​លូតលាស់​ក្នុង​ការ​បម្រើ​ព្រះ​គ្រីស្ទ

យើង​មិន​ត្រូវ​សន្មត​ថា ការ​ដែល​យើង​បម្រើ​កើត​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់​នោះ​ទេ។ ព្រះ​ជាម្ចាស់​បាន​ផ្ដល់​ព្រះ​គុណ នៅ​ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​នឹង​ដឹក​នាំ ប្រដាប់ និង​ផ្ដល់​កម្លាំង​ដល់​យើង។ ការ​នេះ​កើត​ឡើង​តាម​រយៈ ការ​អាន​ព្រះ​គម្ពីរ ការ​សិក្សា​ព្រះ​គម្ពីរ ការ​អធិប្បាយ ការ​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ ការ​ជ្រមុជ​ទឹក ការ​អធិស្ឋាន និង​ការ​ប្រកប​គ្នា​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ផ្សេងៗ​ទៀត នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ។ ការ​ទាំង​អស់​នេះ​អាច​កើត​ឡើង​បាន​តាម​រយៈ​ព្រះ​វត្តមាន និង​អំណាច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​យើង។

លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​អាច​នឹង​ទទួល​បាន​ការ​ធនធាន​ម៉្យាង​ទៀត​តាម​រយៈ​ទេវវិទ្យា និង​គំរូ​ផ្សេងៗ​ដែល​គ្រីស្ទ​បរិស័ទ​ជំនាន់​មុនៗ​បាន​បន្សល់​ទុក​សម្រាប់​យើង។ បុគ្គល​ដូច​ជា​លោក​គ្រូ ចន ខែលវ៉ែន (John Calvin) អ័ប្រាហាំ ឃូព័រ (Abraham Kuyper)។ល។ ដែល​ពួកគាត់​បាន​គិត​យ៉ាង​ស៊ី​ជម្រៅ និង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ខ្លឹមសារ​នៃ​ការ​បម្រើ​ព្រះគ្រីស្ទ​ពេញ​មួយ​ជីវិត។

៧. ការ​បម្រើ​ព្រះ​គ្រីស្ទ​បង្កើត​ឲ្យ​ជីវិត​យើង​មាន​លក្ខណៈ​ខុស​ពី​អ្នក​ដទៃ

គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ពី​អ្នក​មិន​ជឿ​ ជា​ពិសេស​ទាក់ទង​នឹង​ចំណាប់​អារម្មណ៍​នៃ​ចិត្ត​របស់​ពួក​គាត់។ យើង​អាច​ឃើញ​ពី​លក្ខណៈ​ខុស​គ្នា​នេះ គឺ​មាន​គ្រប់​ទាំង​ចំណុច​នៃ​ជីវិត​រស់នៅ​របស់​ពួក​គាត់។ យើង​មាន​ការ​ជំរុញ​ចិត្ត​ដែល​ខុស​ប្លែក​ពី​អ្នក​មិន​ជឿ។ ទស្សនៈ​ស្ដីពី​ច្បាប់​រវាង​យើង និង​លោកីយ៍​នេះ​គឺ ខុស​គ្នា​ឆ្ងាយ​ណាស់ ព្រោះ​យើង​ទទួល​ស្គាល់​ថា ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​បង្កើត​ឲ្យ​មាន​ច្បាប់ ហើយ​ក៏​ជា​អង្គ​គ្រប់​គ្រង​ផែនដី​នេះ​ដែរ។ យើង​មើល​មក​ខ្លួនឯង​ឃើញ​ថា ខុស​ពី​គេ ព្រោះ​យើង​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ក្នុង​រូបអង្គ​ទ្រង់ ហើយ​យើង​ក៏​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដែរ។ យើង​មាន​គោលបំណង​ខុស​គ្នា​ពី​អ្នក​មិន​ជឿ ព្រោះ​ព្រះ​ជាម្ចាស់​បាន​ផ្ដល់​គោល​បំណង​ដល់​យើង​ដែល​ជា​អ្នក​ជឿ។ យើង​បម្រើ​ព្រះ​ជាម្ចាស់ និង​នគរ​របស់​ទ្រង់ ខណៈ​ពេល​ដែល​ពួក​គាត់​បម្រើ​គោល​បំណង​របស់​ខ្លួន ដែល​គោល​បំណង​នោះ​ប្រៀប​ដូច​ជា​ព្រះ​ក្លែងក្លាយ​យ៉ាង​ដូច្នោះ​ដែរ។

ចំណុច​ខុស​គ្នា​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា​ខុស​គ្នា​ដែរ ការ​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា នេះ​ជា​ចំណុច​ខុស​គ្នា​ដ៏​សាមញ្ញ​ខាង​ឯ​សាសនា ដូច​ជា​ទេវវិទ្យា និង​គណិតវិទ្យា។ នយោបាយ ការងារ ទំនាក់ទំនង ស្ថាប័ន ហិរញ្ញវត្ថុ និង​សិល្បៈ​សុទ្ធតែ​ត្រូវការ​គ្រីស្ទ​បរិស័ទ​ក្នុង​ការ​ផ្ដល់​គំរូ ដូច​ដែល​ចំណុច​ក្នុង​ក្រុម​ជំនុំ ជីវិត​អាពាហ៍ពិពាហ៍ ការ​ធ្វើ​ជា​ឪពុកម្ដាយ និង​ការ​មើល​ថែ​កូន​ដែល​មាន​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​គំរូ​គឺ​មក​ពី​គ្រីស្ទ​បរិស័ទ។
៨. ដោយសារ​ព្រះ​គ្រីស្ទ​គឺ​ជា​ម្ចាស់​លើ​ផែនដី​ទាំង​មូល យើង​អាច​រៀន​ធ្វើ​ការ​ជាមួយ​នឹង​អ្នក​មិន​ជឿ​ក្នុង​រយៈ​ពេល​ខ្លី​បាន

យើង​អាច​ធ្វើ​ការ​បែប​នេះ​បាន ព្រោះ​តាម​រយៈ​ព្រះ​គុណ​សាមញ្ញ​របស់​ព្រះ​ជាម្ចាស់ ទ្រង់​បាន​រារាំង​មិន​ឲ្យ​ចិត្ត​គេ​បះបោរ​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ។

៩. ព្រះ​គ្រីស្ទ​ប្រទាន​អំណាច និង​ទំនួល​ខុស​ដល់​មនុស្ស​យើង​ខុសៗ​គ្នា​តាម​កាលៈទេសៈ​ផ្សេងៗ​គ្នា​នៃ​ជីវិត​យើង

ព្រះ​ជាម្ចាស់​ជា​អ្នក​បង្កើត​ឲ្យ​មាន​អំណាច មិន​មែន​មនុស្ស​លោក​ទេ។ ហេតុ​ដែល​អំណាច​របស់​មនុស្ស​យើង​មាន​ដែន​កំណត់ ពីព្រោះ​ព្រះ​ជាម្ចាស់​ជា​អ្នក​ឲ្យ​អំណាច​នោះ​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់។ ទំនួល​ខុស​ត្រូវ​របស់​មន្ត្រី អ្នក​ដឹក​នាំ​ក្នុង​ជួរ​រដ្ឋាភិបាល ឪពុកម្ដាយ អ្នក​ដឹក​នាំ​ក្រុម​ជំនុំ (គ្រូ​គង្វាល និង​ក្រុម​ចាស់ៗ) អ្នក​ដឹក​នាំ​ក្នុង​ការ​រក​ស៊ី (ម្ចាស់ និង​អ្នក​គ្រប់គ្រង) គ្រូ​បង្រៀន ជាង​គំនូរ កសិករ។ល។ សុទ្ធតែ​កំណត់​ពី​ព្រះ​ជាម្ចាស់ ហើយ​ទំនួល​ខុស​ត្រូវ​ទាំង​នោះ​មាន​លក្ខណៈ​ខុស​គ្នា​អាស្រ័យ​លើ​អំណាច​ដែល​បុគ្គល​នីមួយៗ​មាន។ គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​សិក្សា​ព្រះ​គម្ពីរ ហើយ​គិត​ពី​របៀប​នៃ​ការ​ទទួល​ខុស​ត្រូវ​នូវ​រាល់​ចំណុច​នីមួយៗ​នៃ​ជីវិត​យើង។

១០. ព្រះ​ជាម្ចាស់​បាន​សម្រេច​ការ​ដ៏​ប្លែក​គ្នា​រវាង​ក្រុម​ជំនុំ និង​ស្ថាប័ន​ផ្សេងៗ តាម​រយៈ​ព្រះ​គ្រីស្ទ

ក្រុម​ជំនុំ​ដ៏​ពិត គឺ​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ​ដែល​ទទួល​បាន​ភាព​បរិសុទ្ធ​តាម​រយៈ​ព្រះ​វត្តមាន​នៃ​ការ​គង់​នៅ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ យើង​អាច​ឃើញ​ការ​នេះ​តាម​រយៈ​ការ​ដែល​ក្រុម​ជំនុំ​តាម​តំបន់​ជួប​ប្រជុំ​គ្នា​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ ហើយ​យើង​ក៏​ដឹង​ដែរ​ថា ព្រះ​គ្រីស្ទ​បាន​រាប់​ការ​នេះ​នៅ​ស្ថាន​សួគ៌​ដែរ (អេភេសូរ ២:៦)។ ព្រះជាម្ចាស់​បាន​តែងតាំង​ក្រុមជំនុំ​ឲ្យ​មាន​លក្ខណៈ​ខុស​ពី​ស្ថាប័ន​ផ្សេងៗ​​ត្រង់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​អំណាច​ឲ្យ​ក្រុម​ជំនុំ​អាច​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​បាន ដែល​ទ្រង់​មាន​ព្រះហឫទ័យ​ឲ្យ​យើង​មាន​តួនាទី​ជា​អ្នក​បង្កើត​សិស្ស និង​ជា​អ្នក​ថែ​បំប៉ន​អ្នក​ជឿ។ អ្នក​ជឿ​យក​ចិត្ត​ទុក​ដាក់​នឹង​សមាជិក​ក្រុម​ជំនុំ​ខុស​គ្នា​ឆ្ងាយ​ពី​លោកីយ៍។

គេ​បាន​ប្រៀប​ធៀប​លក្ខណៈ​ខុស​គ្នា​មួយ​នេះ​ទៅ​នឹង ក្រុម​ជំនុំ​ដែល​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត និង​ការ​ផ្ដល់​កម្លាំង​ដល់​គ្រីស្ទ​បរិស័ទ​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់​ពេញ​មួយ​ជីវិត ពោល​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​ស្ថាប័ន​ផ្សេងៗ​ទៅ​ទៀត។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Vern S. Poythress
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និងលោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. សេចក្ដីបង្រៀនឯកត្រីអង្គត្រូវបានបង្កើតកំឡុងសតវត្សទី២ឬទី៣នៃគ្រិស្តសករាជដោយអធិរាជរ៉ូមខន់ស្ទែនធីងនិងសាវ័កក្បត់ជំនឿក្រោយពីសាវ័កស្មោះត្រង់បានស្លាប់និងត្រូវចាប់ដាក់គុក គ្រិស្តសាសនិកសម័យបូរាណរួមទាំងព្យាការីពុំបានបង្រៀននិងគោរពប្រណិបត្តិជំនឿនេះឡើយ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ពិបាក​យល់​ណាស់

ជីវិត​ដ៏​មិន​ចេះ​សាប​សូន្យ​