in ,

តើ​នេះ​ជា​ខ​គម្ពីរ​ដែល​គេ​យល់​ច្រឡំ​ខ្លាំង​ជាង​គេ មែន​ទេ?

The most misapplied verse in the Bible?

គេហទំព័រ Bible Gateway បាន​សង្កេត​ឃើញ​ថា កណ្ឌ​គម្ពីរ ភីលីព ៤:១៣ គឺ​ជា​ខគម្ពីរ​មួយ​ដែល​ពេញ​និយម​យ៉ាង​ខ្លាំង ព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាន​អាន​ខគម្ពីរ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ខគម្ពីរ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។

«ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ» (ភីលីព ៤:១៣)។

ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​មនុស្ស​ច្រើន​ចូល​ចិត្ត​ខគម្ពីរ​នេះ​យ៉ាង​ខ្លាំង ទំនង​មក​ពី​ពួក​គាត់​មិន​ទាន់​បាន​យល់​ពី​អត្ថន័យ​ដើម​នៅ​ឡើយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​អនុវត្ត​ខគម្ពីរ​នោះ​ខុស។ ខគម្ពីរ​នេះ​មាន​សេចក្ដី​ពិត​ដ៏​ល្អៗ​ជា​ច្រើន ប៉ុន្តែ​យើង​ក៏​ត្រូវ​មើល​ពី​គុណសម្បត្តិ​មួយ​ចំនួន​ពី​ខគម្ពីរ​នេះ​ដែរ៖

គុណសម្បត្តិ​៧​យ៉ាង​ដែល​យើង​គួរ​គិត​ពិចារណា

១. ដំបូង ខគម្ពីរ​នេះ​មិន​បាន​បង្រៀន​ថា ព្រះ​ជាម្ចាស់​នឹង​ជួយ​យើង​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​បាប​ឡើយ។ ព្រះ​ជាម្ចាស់​មិន​មែន​ជា​ដើម​ហេតុ​នៃ​អំពើ​បាប​ទេ។ បាប​កើត​ចេញ​ពី​ខាង​សាច់​ឈាម​របស់​យើង។ នៅ​ក្នុង​ឃ្លា​ដែល​ថា «គ្រប់​ទាំង​អស់» មិន​បាន​រាប់​បញ្ចូល​ទាំង​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​ស្អប់ ឬ​ក៏​អ្វី​ដែល​ប្រឆាំង​នឹង​លក្ខណសម្បត្តិ​របស់​ទ្រង់​ឡើយ។

២. ខគម្ពីរ​នេះ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​អាច​ធ្វើ​អ្វីៗ​ដែល​លើស​ពី​ច្បាប់​ធម្មជាតិ​នោះ​ទេ។ ឧទាហរណ៍ ការ​លោត​រំលង​សមុទ្រ​អាត្លង់ទិច ឬ​ក៏​បក់​ដៃ​ហើរ​ដូច​សត្វ​ចាប ហើយ​អាច​ហោះ​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ​ទេ។ ខគម្ពីរ​នេះ​មិន​បាន​បង្រៀន​ថា ខ្ញុំ​អាច​ធ្វើ​ការ​អស្ចារ្យ​បាន​នោះ​ទេ។ តាម​ពិត នៅ​ក្នុង​ឃ្លា​ដែល​ថា «គ្រប់​ទាំង​អស់» រាប់​បញ្ចូល​តែ​អ្វីៗ​ដែល​សាមញ្ញៗ​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​យើង​ឲ្យ​មក​ធ្វើ​តែ​ប៉ុណ្ណោះ។

៣. ខគម្ពីរ​នេះ​មាន​ន័យ​ថា ខ្ញុំ​អាច​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​ឲ្យ​ខ្ញុំ​ធ្វើ។ ខ្ញុំ​អាច​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​ឲ្យ​ខ្ញុំ​ធ្វើ។ ចំពោះ​ឃ្លា​ដែល​ថា «គ្រប់​ទាំង​អស់» គឺ​យើង​ត្រូវ​តែ​យល់​ថា ​គ្រប់​អ្វីៗ​ទាំង​អស់ គឺ​សំដៅ​ទៅ​លើ​អ្វីៗ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ផ្ដល់​អត្ថ​ន័យ​ឲ្យ។

៤. ខគម្ពីរ​នេះ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​អាច​បោះបង់​ទំនួលខុសត្រូវ​របស់​ខ្ញុំ​ចោល​ដោយ​គ្រាន់តែ​ពឹង​លើ​ព្រះ​គុណ​ ដែល​រួម​មាន​ដូច​ជា ព្រះ​បន្ទូល និង​ពិធី​លៀង​ព្រះ​អម្ចាស់​នោះ​ឡើយ។ល។ យើង​អាច​និយាយ​ម៉្យាង​ទៀត​បាន​ថា ប្រសិន​បើ​ខ្ញុំ​គ្រាន់តែ​អង្គុយ​ដោយ​មិន​ធ្វើ​អ្វី​សោះ នោះ​មាន​ន័យ​ថា ខ្ញុំ​នឹង​មិន​អាច​ស្គាល់​កម្លាំង​នេះ​បាន​ឡើយ។ ដើម្បី​ឲ្យ​មាន​បទ​ពិសោធន៍​ទាក់ទង​នឹង​អំណាច​អធម្មជាតិ​នេះ​បាន គឺ​ខ្ញុំ​ត្រូវ​តែ​សង្វាត​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វែង​យល់​ពី​ព្រះ​គុណ​ព្រះ​ជាម្ចាស់។

៥. ខ​គម្ពីរ​នេះ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​លែង​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​លន់តួ​បាប​របស់​ខ្ញុំ ក៏​ដូច​ជា​ការ​ការ​ប្រែចិត្ត​នោះ​ឡើយ។ ប្រសិន​បើ​លោក​អ្នក​មាន​អំពើ​បាប​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​លោក​អ្នក ដែល​លោក​អ្នក​មិន​ទាន់​បាន​លន់តួ ឬ​ក៏​មិន​ទាន់​បាន​ផ្លាស់​ប្រែ​ចិត្ត​នៅ​ឡើយ នោះ​លោក​អ្នក​នឹង​បាត់​បង់​អំណរ​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​ជា​មិន​ខាន។ ការ​ប្រព្រឹត្តិ​អំពើ​បាប និង​សេចក្ដី​​អំណរ មិន​អាច​នៅ​ក្នុង​ដួង​ចិត្ត​តែ​មួយ​បាន​នោះ​ទេ។ ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ជីវិត​រស់នៅ​លើ​ផែនដី​នេះ យើង​មិន​អាច​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ ហើយ​ជា​រឿយៗ យើង​ក៏​ប្រព្រឹត្តិ​អំពើ​បាប​នៅ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ ប៉ុន្តែ​ប្រសិន​បើ​មាន​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តិ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​មាន​ន័យ​ថា ខ្ញុំ​នឹង​មិន​អាច​មាន​សេចក្ដី​អំណរ​បាន​ឡើយ ទោះ​បី​ជា​កាលៈទេសៈ​របស់​ខ្ញុំ​ល្អ​ប៉ុណ្ណា​ក៏​ដោយ។

៦. ខគម្ពីរ​នេះ​មាន​ន័យ​ថា ខណៈពេល​ដែល​ខ្ញុំ​រស់នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ គឺ​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា អំណាច​ព្រះ​ចេស្ដា​របស់​ព្រះ​ជាម្ចាស់ ធំ​ជា​ង​ទុក្ខ​លំបាក​ដែល​ខ្ញុំ​នឹង​ជួប​ប្រទះ​ទៅ​ទៀត ដ្បិត​គ្មាន​ទុក្ខ​លំបាក​ណា​ធំ​ជាង​អំណាច​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ ក៏​គ្មាន​ការ​រារាំង​ណា​ធំ​ជាង​អំណាច​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ។ គ្មាន​ការ​ល្បងល​ណា​ធំ​ជាង​អំណាច​របស់​ព្រះ​ជាម្ចាស់​ទេ ហើយ​ក៏​គ្មាន​ការ​ទាស់​ប្រឆាំង​ណា​ធំ​ជាង​អំណាច​របស់​ទ្រង់​ដែរ។ គ្មាន​ការ​បៀតបៀន​ណា​ធំ​ជាង​អំណាច​របស់​ទ្រង់​ឡើយ។ ប្រសិនបើ​យើង​ដាក់​ជំនឿ​របស់​យើង​លើ​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់ នោះ​យើង​នឹង​មាន​អំណរ មាន​ការ​ស្កប់ចិត្ត ក៏​ដូច​ជា​មាន​ទំនុក​ចិត្ត​ផង​ដែរ។

៧. ព្រះ​ជាម្ចាស់​សម្រេច​ការ​នេះ​នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ ដោយ​ចាប់​ផ្ដើម​ពី​ចំណុច​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​យើង ពោល​គឺ​ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ធ្វើ​ការ​នេះ​នៅ​សំបក​ក្រៅ​នៃ​ជីវិត​របស់​យើង​ទេ។ ព្រះ​អង្គ​ចាប់​ផ្ដើម​សម្រេច​ការ​នេះ​ដោយ​ចាប់​ពី​ចំណុច​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​យើង​តែ​ម្ដង។ នៅ​ទី​នោះ​ហើយ​ជា​កន្លែង​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​កម្លាំង​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​មក​ដល់​យើង ដើម្បី​ឲ្យ​យើង​អាច​នឹង​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​បាន។ ទ្រង់​ធ្វើ​ការ​នេះ​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ជីវិត​របស់​យើង រួម​ទាំង​ចិត្ត​គំនិត អ្វីៗ​ដែល​លោក​អ្នក​ស្រឡាញ់ និង​ឆន្ទៈ​របស់​លោក​អ្នក​ផង​ដែរ។

តើ​ខគម្ពីរ​នេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច?

គន្លឹះ​នៃ​ការ​យល់​អំពី​ខគម្ពីរ​នេះ​គឺ៖ យើង​ត្រូវ​យល់​ពី​បរិបទ! កណ្ឌ​គម្ពីរ ភីលីព ៤:១៣ គឺ​ជា​ចំណុច​សម្ងាត់​របស់​សាវ័ក ប៉ុល អំពី​ភាព​ស្កប់​ចិត្ត ដូច​ដែល​បាន​អះអាង​នៅ​ក្នុង​ខគម្ពីរ​មុនៗ​នោះ៖ «ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក​រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ» (ភីលីព ៤:១១-១២)។

ព្រះ​ជាម្ចាស់​មាន​ព្រះ​រាជ​បុត្រា​តែ​មួយ​គត់ ដែល​គ្មាន​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​មែន​គ្មាន​កូន​ដែល​មិន​មាន​ទុក្ខ​ព្រួយ​ឡើយ។

នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក ចូរ​នឹក​ស្រមៃ​ទៅ​មើល​ថា តើ​លោក​អ្នក​អាច​សរសេរ​ដូច​អ្វី​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ដែរ​ឬ​ទេ? ហើយ​ថា តើ​លោក​អ្នក​មាន​សេចក្ដី​ពិត​នោះ​បន្តិច​បន្តូច​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​ដែរ​ឬ​ទេ? ខ្ញុំ​មាន​ភាព​ស្កប់ស្កល់​ក្នុង​ជីវិត​របស់​ខ្ញុំ មិន​ថា​កាលៈទេសៈ​របស់​ខ្ញុំ​មាន​សណ្ឋាន​បែប​ណា​ក៏​ដោយ។ ខ្ញុំ​អាច​រស់នៅ​បាន ទោះ​បើ​ខ្ញុំ​មាន​តិច ឬ​ច្រើន​ក្ដី ។ ខ្ញុំ​មាន​ភាព​ស្កប់ស្កល់ ទោះ​បើ​ខ្ញុំ​បាន​ហូប​ចុក​ឆ្អែត ឬ​ក៏​នៅ​ស្រេក​ឃ្លាន ទោះ​បើ​ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ឬ​ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​ក្រីក្រ​តោក​យ៉ាក​លំបាក​ប៉ុណ្ណា​ក៏​ដោយ។ ក៏​ខ្ញុំ​នៅ​អាច​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន​តាម​រយៈ​ព្រះ​អម្ចាស់​ខ្ញុំ​ដែល​ជា​អង្គ​ដែល​ប្រទាន​កម្លាំង​ដល់​ខ្ញុំ។ ចូរ​នឹក​ស្រមៃ​អំពី​ការ​ដែល​លោក​អ្នក​អាច​រស់នៅ​បែប​នេះ​បាន។ តាម​ពិត​ទៅ​ យើង​អាច​រស់នៅ​បែប​នេះ​បាន។ យើង​មាន​​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​យើង​ត្រូវការ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​រួច​ទៅ​ហើយ។ លោក​គ្រូ ម៉ូតយ័រ (Motyer) បាន​សង្ខេប​ខគម្ពីរ​នោះ​ដូច​ត​ទៅ៖

«គ្មាន​កាលៈទេសៈ​ណា​ធំ​ជាង​ព្រះ​របស់​សាវ័ក ប៉ុល ទេ។ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​កាលៈទេសៈ​ណា​ដែល​អាច​នឹង​យក​ឈ្នះ​លើ​សាវ័ក ប៉ុល បាន​ដែរ» (The Message of Philippians, ទំព័រ ២១៩)។

ព្រះ​ជាម្ចាស់​របស់​សាវ័ក ប៉ុល ក៏​ជា​ព្រះ​របស់​យើង​ទាំង​អស់​គ្នា​ដែរ។ ហេតុ​ដូច្នេះហើយ នៅ​ពេល​ដែល​យើង​មិន​មាន​ភាព​ស្កប់ស្កល់​ដូច​ដែល​សាវ័ក ប៉ុល មាន ក៏​ដូច​ជា​គាត់​បាន​ពន្យល់​ដល់​យើង នោះ​មិន​មែន​មានន័យ​ថា យើង​មិន​មាន​អ្វី​ដែល​យើង​ត្រូវការ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​អំណរ​នោះ​ទេ ប៉ុន្តែ​គឺ​មក​ពី​យើង​បាន​ដាក់​ទំនុក​ចិត្ត​លើ​កន្លែង​ខុស​ប៉ុណ្ណោះ ពោល​គឺ​យើង​បាន​ផ្ដោត​ទៅ​លើ​កាលៈទេសៈ​របស់​យើង ជា​ជាង​ទៅ​លើ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។

តើ​លោក​អ្នក​ត្រូវ​រស់នៅ​ដោយ​មិន​ពឹង​លើ​កាលៈទេសៈ​របស់​លោក​អ្នក​ដែរ​ឬ​ទេ? ឬ​ក៏​ថា តើ​លោក​អ្នក​កំពុង​តែ​ធ្លាក់​ចុះ​ដោយ​មាន​អារម្មណ៍​ខ្ទេចខ្ទាំឬ? ឥឡូវ​នេះ នៅ​ក្នុង​កាលៈទេសៈ​នៃ​ជីវិត​រស់នៅ​របស់​លោក​អ្នក តើ​លោក​អ្នក​ត្រូវការ​មាន​បទ​ពិសោធន៍​អំពី​សេចក្ដី​អំណរ​ដែរ​ឬ​ទេ? តើ​លោក​អ្នក​ត្រូវ​ដឹង​ថា លោក​អ្នក​ត្រូវ​និយាយ​យ៉ាង​ដូច​ម្ដេច​ម៉េច​ដែរ​ឬ​ទេ «ខ្ញុំ​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​តាម​រយៈ​ព្រះ​គ្រីស្ទ​ដែល​ប្រទាន​កម្លាំង​ដល់​ខ្ញុំ»? ប្រសិនបើ​ចម្លើយ គឺ​លោក​អ្នក​ត្រូវការ នោះ​ចូរ​ចាំ​ថា គ្រប់​សេចក្ដី​អំណរ​ទាំង​អស់​សម្រាប់​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក និង​គ្រប់​អំណាច​ទាំង​អស់​សម្រាប់​ជីវិត​របស់​លោក​អ្នក មាន​តែ​នៅ​ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ។ ដូច្នេះ លោក​អ្នក​ត្រូវ​តែ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ឲ្យ​ខ្លាំង​ជាមួយ​ព្រះ​គ្រីស្ទ​តាម​​ដែល​លោក​អ្នក​អាច​ធ្វើ​បាន។

ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​សម្លឹង​មើលទៅ​ឯ​ទ្រង់ ជឿ​ទុក​ចិត្ត​លើ​ទ្រង់ រស់នៅ​ថ្វាយ​ទ្រង់ ស្រឡាញ់​ទ្រង់ ដើរ​តាម​ទ្រង់ និង​ស្ដាប់​បង្គាប់​ទ្រង់ នេះ​មាន​ន័យ​ថា សេចក្ដី​អំណរ​នោះ​នឹង​កាន់​តែ​កើន​ឡើងៗ ហើយ​បំពេញ​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក​ជា​មិន​ខាន។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​បែប​នេះ ហើយ​លោក​អ្នក​ក៏​ត្រូវ​តែ​ធ្វើ​បែប​នេះ​ដែរ។ តាម​ពិត​ទៅ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ត្រូវ​ធ្វើ​បែប​នេះ។ ឥឡូវ​នេះ លោក​អ្នក​ទំនង​ជា​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ពិបាកៗ ឬ​ក៏​ទំនង​ជា​នឹង​ជួប​កាលៈទេសៈ​ដ៏​លំបាកៗ​នៅ​ខាង​មុខ​នេះ​ក៏​ថា​បាន ឬ​ក៏​លោក​អ្នក​ទំនង​ទើប​នឹង​ឆ្លង​ផុត​ពី​កាលៈទេសៈ​ដ៏​លំបាកៗ តែ​ក៏​នឹង​ទំនង​ជា​ត្រឡប់​ចូល​ទៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាកៗ​នោះ​វិញ​ម្ដង​ទៀត​ក៏​មិន​ដឹង។ ព្រះ​ជាម្ចាស់​មាន​ព្រះ​រាជ​បុត្រា​តែ​មួយ​គត់​ដែល​គ្មាន​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​មែន​គ្មាន​កូន​ដែល​មិន​មាន​ទុក្ខ​ព្រួយ​នោះ​ឡើយ។ លោក​អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ស្រេក​ឃ្លាន។ លោក​អ្នក​ទំនង​ជា​នឹង​ស្គាល់​ពី​ភាព​ឆ្អែត​ឆ្អន់។ ប៉ុន្តែ នេះ​ជា​ចំណុច​សម្ងាត់​របស់​សាវ័ក ប៉ុល ដែល​គាត់​បាន​ប្រាប់​យើង​ទាំង​អស់​គ្នា​ថា៖ លោក​អ្នក​មាន​គ្រប់​អ្វីៗ​ដែល​លោក​អ្នក​ត្រូវការ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​រួច​ទៅ​ហើយ ហើយ​លោក​អ្នក​ក៏​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​តាម​រយៈ​ព្រះ​គ្រីស្ទ​ផង​ដែរ ព្រោះ​ទ្រង់​ជា​អង្គ​ដែល​ប្រទាន​កម្លាំង​ដល់​លោក​អ្នក។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Steven Lawson
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​លោក អ៊ុន ជ័យរិទ្ធ និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.thegoodbook.co.uk ដោយមានការអនុញ្ញាត។
ដកស្រង់ត្លុកអប់រំចេញពី adam4d.com ដោយការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ធ្វើ​អ្វី​មួយ

ធ្វើ​ដំណើរ