in

ការ​ងារ​របស់​លោក​អ្នក​មិន​មែន​ឥត​ប្រយោជន៍​ទេ

Your 9-to-5 Is Not in Vain

តើ​លោក​អ្នក​ធ្វើ​អ្វី​នៅ​ពេល​ដែល​លោក​អ្នក​ជួប​ប្រទះ​បទពិសោធន៍​ដែល​បង្ហាញ​ថា ការងារ​របស់​លោក​អ្នក​មិន​មាន​ផល​ផ្លែ​សោះ ឬ​ក៏​វា​បរាជ័យ​តែ​ម្ដង? តើ​លោក​អ្នក​ឆ្លើយ​តប​យ៉ាង​ដូច​ម៉េច​នៅ​ពេល​ដែល​លោក​អ្នក​ឃើញ​ថា ការ​ដែល​លោក​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​បង្កើត​ផល​ល្អ​បាន​ត្រឹម​តិច​តួច​ប៉ុណ្ណោះ?

មិន​ថា​លោក​អ្នក​ជា​គ្រូ​គង្វាល​ដ៏​ស្មោះ​ត្រង់​ដែល​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​ជំនុំ​ដែល​កំពុង​មាន​បញ្ហា ឬ​ក៏​ជា​សិស្ស​នៅ​វិទ្យាល័យ​ដែល​កំពុង​ទទួល​បាន​ពិន្ទុ​មិន​សូវ​ល្អ ឬ​ក៏​ជា​ឪពុកម្ដាយ​ដែល​កំពុង​ជួយ​កូន​ដែល​កំពុង​ពាលា​នោះ​ទេ គឺ​យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ធ្លាប់​ជួប​ការ​មិន​សប្បាយ​ចិត្ត ព្រោះ​ការងារ​របស់​យើង​មិន​មាន​ផល​ផ្លែ​ល្អ។ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ចំណុច​នេះ​មិន​ស័ក្ដិសម​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ធាតុ​ពិត​នៅ​តែ​ដដែល៖ ការ​ខំ​ប្រឹង​ធ្វើ​ការ​មិន​ធានា​ថា​រមែង​បង្កើត​ឲ្យ​មាន​ផល​ផ្លែ​ល្អ​ទេ។ ពេល​ខ្លះ​គម្រោង​ការ​របស់​យើង​បរាជ័យ ឬ​ក៏​យើង​មិន​បាន​ធ្វើ​អ្វី​ទាន់​ម៉ោង ទោះ​បើ​យើង​ខំ​ប្រឹង​ប៉ុណ្ណា​ក៏​ដោយ។

យើង​រស់នៅ​ក្នុង​យុគសម័យ​ដែល​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ខំ​ប្រឹង​ធ្វើ​ការ ដូច្នេះ​ការ​ដែល​យើង​ពិបាក​នឹង​ទទួល​យក​នោះ​គឺ​ការ​មិន​ទទួល​បាន​ផល​ផ្លែ ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​តែង​តែ​ខំប្រឹង​ធ្វើ​ការ។ យើង​តែង​តែ​រំពឹង​ចង់​បាន​ផល​ផ្លែ​ភ្លាមៗ ហើយ​យើង​ងាយ​នឹង​បាក់​ទឹក​ចិត្ត​នៅ​ពេល​ដែលក្ដី​រំពឹង​របស់​យើង​មិន​បាន​ដូច​បំណង។

នៅ​ពេល​ដែល​ខ្ញុំ​ជួប​ប្រទះ​ពេល​វេលា​ដែល​យើង​មិន​ទទួល​បាន​ផល​ផ្លែ នោះ​ខ្ញុំ​ងាយ​នឹង​ប្រឈម​មុខ​ជា​មួយ​ការ​ល្បួង​ដោយ​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ជីវិត​ខ្លួន​ឯង​តាម​របៀប​មិន​ល្អ ឬ​ក៏​បន្ទោស​អ្នក​ដទៃ​ចំពោះ​បរាជ័យ​របស់​ខ្ញុំ។ នៅ​ក្នុង​ពេលវេលា​ដ៏​លំបាក​របស់​ខ្ញុំ ខ្ញុំ​ក៏​ធ្លាប់​មាន​មន្ទិលសង្ស័យ​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​សម្លឹង​មើល​មក​ខ្ញុំ​ដែរ ដោយ​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ប្រទាន​ពរ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ។ ជា​រឿយៗ នៅ​ពេល​ដែល​ខ្ញុំ​សួរ​បែប​នេះ ខ្ញុំ​តែង​តែ​ភ្លេច​​ពី​ពេល​វេលា​ដែល​ទ្រង់​ធ្លាប់​ប្រទាន​ពរ​ដល់​ខ្ញុំ។

ការ​រំឭក​៤​យ៉ាង​នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​ពេលវេលា​ដែល​យើង​មិន​ទទួល​បាន​ផល​ផ្លែ

នៅ​ពេល​ដែល​ខ្ញុំ​ប្រឈម​មុខ​ជា​មួយ​ពេល​វេលា​មិន​មាន​ផល​ផ្លែ រឿង​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ២១ តែងតែ​ជួយ​ដល់​ខ្ញុំ។ ពួក​សិស្ស​បាន​ចេញ​ទៅ​រក​ត្រី​ពេញ​មួយ​យប់ តែ «គេ​ចាប់​មិន​បាន​អ្វី​សោះ» (យ៉ូហាន ២១:៣)។ នៅ​ពេល​ព្រះ​អាទិត្យ​ជិត​នឹង​រះ ព្រះ​យេស៊ូវ​បាន​សួរ​ថា តើ​ពួក​គេ​ចាប់​បាន​ត្រី​ឬ​អត់។ ពួក​គេ​ចាប់​មិន​បាន​ត្រី​ទេ។ បន្ទាប់មក ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​ពួក​គេ​ថា «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្ដាំ​ទូក» (យ៉ូហាន ២១:៥-៦)។ លទ្ធផល​គឺ​ពិត​ជា​អស្ចារ្យ​ណាស់! ក្រោយ​ពី​បាន​បរាជ័យ​ពេញ​មួយ​យប់ អួន​បាន​ជាប់​ត្រី​យ៉ាង​ច្រើន រហូត​ដល់​វា​ចាប់​ផ្ដើម​រហែក។

រឿង​នេះ​មាន​ការ​រំឭក​៤​យ៉ាង​ក្នុង​ការ​លើក​ទឹក​ចិត្ត​យើង នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​ជា​មួយ​ពេល​វេលា​ដែល​មិន​មាន​ផល​ផ្លែ។

១. ការ​មិន​ទទួល​បាន​ផលផ្លែ​គឺ​ជា​បទពិសោធន៍​ធម្មតា

យើង​អាច​ដោះ​សារ​ចំពោះ​ពួក​សិស្ស​បាន ប្រសិន​បើ​ពួក​គាត់​ចេញ​ទៅ​រក​ត្រី​ដោយ​រំពឹង​ថា ខ្លួន​នឹង​ចាប់​បាន​ត្រី​ច្រើន។ យើង​ដឹង​ហើយ​ថា ពួក​គាត់​បាន​ប្ដូរផ្ដាច់​ជីវិត​ពួក​គាត់​ជាមួយ​ព្រះ​គ្រីស្ទ បាន​ចាក​ចេញ​ពី​គ្រួសារ​ខ្លួន ពី​ផ្ទះ និង​ការងារ​របស់​ខ្លួន ដើម្បី​ដើរ​តាម​ទ្រង់។ ពួក​សិស្ស​ខ្លះ មាន​អាជីព​ជា​អ្នក​នេសាទ​ត្រី។ មើល​ទៅ​ពួក​គាត់​កំពុង​តែ​រស់នៅ​ក្នុង​របៀប​ដ៏​ត្រឹម​ត្រូវ​ហើយ​៖ គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដ៏​ប្ដូរផ្ដាច់ ហើយ​ក៏​ជា​អ្នក​ខំ​ប្រឹង​ធ្វើ​ការ។ ប៉ុន្តែ ក៏​ការ​ខំ​ប្រឹង​របស់​ពួក​គាត់​នៅ​តែ​បរាជ័យ។

យើង​ប្រហែល​ជា​មិន​យល់​ពី​មូល​ហេតុ​ដែល​ការ​ខំ​ប្រឹង​របស់​យើង​បរាជ័យ​ទេ ហើយ​យើង​ក៏​ប្រហែល​ជា​ងាយ​មាន​ចិត្ត​ក្រេវ​ក្រោធ​ដែរ។ ប៉ុន្តែ យើង​ត្រូវ​តែ​ចងចាំ​ថា ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ព្រះ​អង្គ​មិន​បាន​សន្យា​ថា ការងារ​របស់​យើង​នឹង​មាន​ជ័យ​ជម្នះ​ឡើយ។ ក្នុង​ប្រាជ្ញា​របស់​ទ្រង់ ព្រះ​អង្គ «ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ» (ម៉ាថាយ ៥:៤៥)។ ការ​ដែល​យើង​ជួប​ប្រទះ​នឹង​ពេលវេលា​ដែល​យើង​មិន​ទទួល​បាន​ផល គឺ​គ្រាន់​តែ​ជា​ផ្នែក​ក​មួយ​នៃ​ការ​រស់នៅ​ក្នុង​ពិភពលោក​ដែល​​ត្រូវ​បណ្ដាសា​ដោយសារ​ការ​ធ្លាក់ចុះ​ក្នុង​អំពើ​បាប​​ប៉ុណ្ណោះ។ ដូច្នេះ ការងារ​របស់​យើង​នៅ​លើ​ពិភព​លោក​នេះ គឺ​ស្ថិត​ក្រោម «បន្លា ហើយ​និង​អញ្ចាញ» ដែល​នាំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ និង​មិន​សូវ​មាន​ផល​ផ្លែ (លោកុប្បត្តិ ៣:១៨)។

នៅ​ពេល​យើង​មើល​ទៅ​ថា មិន​អាច​ទទួល​បាន​ជ័យ​ជម្នះ ឬ​ក៏​នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​មិន​ទទួល​បាន​ផល​ផ្លែ ចូរ​យើង​ចងចាំ​ថា មនុស្ស​គ្រប់ៗ​រូប​តែងតែ​ជួប​ប្រទះ​រឿង​បែប​នេះ។ ការ​ដែល​យើង​ជួប​ប្រទះ​រឿង​បែប​នេះ មិន​មែន​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ទេ ប៉ុន្តែ​ជា​ការ​រំឭក​យើង​ថា ផែនដី​ដែល​យើង​កំពុង​រស់នៅ កំពុង​រង់ចាំ​ការ​ស្ដារ​ឡើង​វិញ​ជា​ថ្មី​ពី​ព្រះ​ជាម្ចាស់ (រ៉ូម ៨:២០-២១)។

២. ព្រះ​យេស៊ូវ​នឹង​ជួប​យើង​នៅ​ពេល​ដែល​យើង​បរាជ័យ

នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ដែល​យើង​មិន​ទទួល​បាន​ផល​ផ្លែ​សោះ នោះ​យើង​នឹង​ងាយ​មាន​គំនិត​ថា ព្រះ​ជាម្ចាស់​មិន​បាន​នៅ​ជិត​យើង​ទេ។ យើង​ងាយ​នឹង​ធ្លាក់​ក្នុង​ការ​ល្បង​ថា ព្រះ​យេស៊ូវ​មិន​ខ្វល់​ពី​កាលៈទេសៈ​របស់​យើង ឬ​​ពី​ផល​ផ្លែ​ដែល​យើង​គិត​ថា វា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​យើង។ ឧទាហរណ៍៖ ការ​បរាជ័យ​ក្នុង​គម្រោង​ការ ឬ​ក៏​មុខ​របរ​ណា​មួយ។

ក្នុង​កាលៈទេសៈ​បែប​នោះ យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្លាំង ដោយ​មិន​ត្រូវ​គិត​ថា ព្រះ​យេស៊ូវ​បាន​ចាក​ចេញ ឬ​ក៏​លែង​មាន​ចិត្ត​រវីរវល់​ចំពោះ​យើង ឬ​​តម្រូវ​ការ​របស់​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​ដែល​កណ្ឌ​គម្ពីរ ហេព្រើរ ៤:១៥ បាន​លើក​ឡើង​ហើយ​ថា «សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត​អា​សូរ ដល់​សេចក្ដី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ»។ ចូរ​ចាំ​ថា ព្រះ​យេស៊ូវ​ក៏​ស្គាល់ ហើយ​ធ្លាប់​មាន​បទពិសោធន៍​អំពី​ដែន​កំណត់​នៃ​ការ​ធ្វើ​ការ​នៅ​ក្នុង​ផែនដី​ដែល​​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប​ដែរ ហេតុ​ដូច្នេះ​ទ្រង់​ក៏​យល់​ពី​អារម្មណ៍​នៃ​ការ​ជួប​ប្រទះ​ពេលវេលា​ដែល​មិន​ទទួល​បាន​ផលផ្លែ​ដែរ។ តែ​ចំណុច​ដ៏​ធំ​បំផុត​ដែល​យើង​ត្រូវ​ចាំ​នោះ​គឺ ទ្រង់​នៅ​តែ​គិត ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​យើងជា​ដរាប។

នៅ​ក្នុង​រឿង​នេះ យើង​អាច​មើល​ឃើញ​ពី​ភស្តុតាង​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​សិស្ស​របស់​ទ្រង់ ​តាម​រយៈ​សម្ដី​របស់​ទ្រង់​ទៅ​កាន់​ពួក​គេ​ថា៖ «កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ» (យ៉ូហាន ២១:៥)។ បន្ទាប់​ពី​​ពួក​សិស្ស​ខំប្រឹង​រក​ត្រី​អស់​មួយ​យប់ ព្រះ​យេស៊ូវ​បាន​ជួប​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​មាន​តម្រូវការ​យ៉ាង​ខ្លាំង ហើយ​ក៏​ខ្សោយ​យ៉ាង​ខ្លាំង​ដែរ។

នេះ​ហើយ​ជា​ព្រះ​​សង្គ្រោះ ដែល​មក​កៀក​បង្កើយ​នឹង​យើង​នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ខ្លាំង។ ទ្រង់​បាន​ចំណាយ​ពេលវេលា​គិត​ពី​ចំណុច​ដ៏​សាមញ្ញ (ការ​រក​ត្រី និង​ការ​ទំលាក់​អួន) ដើម្បី​ធ្វើ​ការ​អស្ចារ្យ​សម្រាប់​ជា​ប្រយោជន៍​ដល់​កូនៗ​របស់​ព្រះ​អង្គ។ នៅ​ពេល​ដែល​យើង​បាក់​ទឹក​ចិត្ត​ដោយសារ​ការ​បរាជ័យ​របស់​យើង នោះ​ចូរ​ឲ្យ​យើង​បែរ​ទៅ​រក​ព្រះ​គ្រីស្ទ​ដោយ​មាន​ទំនុកចិត្ត​ថា ទ្រង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​តយុទ្ធ​របស់​យើង។

៣. ព្រះ​ជាម្ចាស់​ទ្រង់​ជួយ​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ទ្រង់

ជា​រឿយៗ ខ្ញុំ​មិន​ទៅ​ស្វែងរក​ព្រះ​ជាម្ចាស់​ទេ​នៅ​ពេល​ដែល​ខ្ញុំ​ជួប​ទុក្ខ​លំបាក ឬ​ក៏​ការ​មិន​ទទួល​បាន​ផល​ផ្លែ។ តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា «ពឹង» លើ​សមត្ថភាព​របស់​ខ្ញុំ ហើយ​ភ្លេច​មើល​ទៅ​ព្រះ​ជាម្ចាស់។ តាម​ពិត​ទៅ ខ្ញុំ​ឃើញ​ថា ការ​ដែល​ខ្ញុំ​អស់​សង្ឃឹម​នៅ​ពេល​ដែល​ខ្ញុំ​មិន​ទទួល​បាន​ផល​ផ្លែ គឺ​កើត​ឡើយ​ពី​ការ​ដែល​ខ្ញុំ​មិន​ទទួល​បាន​ជោគជ័យ​ដោយ​ខ្លួន​ឯង។

ការ​ដែល​ពួក​សាវ័ក​មិន​ចាប់​បាន​អ្វី​សោះ គឺ​ជា​ការ​រំឭក​ដល់​យើង​អំពី​កិច្ចការ​ដែល​ព្រះ​ជាម្ចាស់​ទ្រង់​ធ្វើ ជា​ការដែល​លើស​ពី​សមត្ថភាព និង​ធនធាន​របស់​យើង។ បទពិសោធន៍​ផ្ទាល់​របស់​ពួក​សាវ័ក និង​សមត្ថភាព​ដែល​គាត់​ធ្វើ​បាន គឺ​មិន​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ​ទេ។ ការ​អស្ចារ្យ​ដែល​ព្រះ​ផ្គត់ផ្គង់​មនុស្ស​ប្រមាណ​៥.០០០​នាក់ គឺ​ដើម្បី​បង្ហាញ​ពី​ដែន​កំណត់​របស់​មនុស្ស ហើយ​ក៏​សម្រាប់​បង្ហាញ​ពី​អំណាច​ដ៏​គ្មាន​ព្រំដែន​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​មនុស្ស​ដែរ។

នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ដែល​កម្លាំង និង​សមត្ថភាព​របស់​យើង​មិន​អាច​ដោះស្រាយ​បាន នោះ​ចូរ​យើង​កុំ​ភ្លេច​ពី​សមត្ថភាព​របស់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​អាច​ជួយ​យើង​បាន​តាម​រយៈ​ការ​គ្រោង​ទុក​របស់​ទ្រង់ ក៏​ដូច​ជា​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​បង្ហាញ​សិរីល្អ​របស់​ទ្រង់​ឲ្យ​យើង​ឃើញ និង​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​យើង។ ចូរ​យើង​ពឹង​លើ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​យើង។

៤. ព្រះ​យេស៊ូវ​ជា​រង្វាន់​ដ៏​ល្អ​បំផុត​សម្រាប់​ការងារ​របស់​យើង

«នោះ​សិស្ស​១​ដែល​ព្រះ​យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ​អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា ជា​ព្រះ​អម្ចាស់​នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោ​ត​ចុះ​ទៅ​ក្នុង​ទឹក។» (យ៉ូហាន ២១:៧)

តើ​លោក​អ្នក​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​របស់​សាវ័ក ពេត្រុស ដែរ​ឬ​ទេ? នៅ​ពេល​ដែល​គាត់​ឃើញ​អ្នក​ដែល​កំពុង​ឈរ​លើ​ឆ្នេរ​សមុទ្រ គាត់​ក៏​លោត​ចុះ​ពី​ទូក ហើយ​ហែល​ទៅ​រក​ទ្រង់។ ចំពោះ​សាវ័ក ពេត្រុស ការ​អស់​កម្លាំង​ គឺ​មក​ពី​ការ​ខំប្រឹង​ធ្វើការ​ពេញ​មួយ​យប់​តែ​មិន​បាន​ទទួល​ផល​ផ្លែ ប៉ុន្តែ​វា​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​ដែល​ចាប់​ត្រី​បាន​ច្រើន​នៅ​ពេល​ក្រោយ​ក៏​ដូច្នោះ​ដែរ។ ការ​ចំណាយ​ពេលវេលា​ជាមួយ​ព្រះ​​សង្គ្រោះ​របស់​គាត់ មាន​ប្រយោជន៍​ជាង​ការ​ដែល​ចាប់​បាន​ត្រី​ច្រើន​រហូត​ដល់​​រហែក​អួន​ទៅ​ទៀត។

បើ​យើង​មាន​ទស្សនៈ​ដូច​សាវ័ក ពេត្រុស នៅ​ពេល​ដែល​ការងារ​របស់​យើង​បរាជ័យ នោះ​ពិត​ជា​អស្ចារ្យ​ណាស់! ចូរ​កុំ​ឲ្យ​ការ​ខំ​ប្រឹង​ធ្វើ​ការ​របស់​យើង ដើម្បី​ឲ្យបាន​ផល​ល្អ មក​បាំង​យើង​មិន​ឲ្យ​មើល​ឃើញ​រង្វាន់​ដ៏​ពិត​នៃ​ការងារ​របស់​យើង​ឡើយ៖ ដើម្បី​បាន​ស្គាល់ គឺ​យើង​យក​ព្រះ​គ្រីស្ទ​ទុក​ជា​រង្វាន់។ តាម​ពិត​ទៅ ជា​រឿយៗ នៅ​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក​ នោះ​ហើយ​ជា​ពេល​ដែល​យើង​មាន​ពិសោធន៍​ពី​វត្តមាន​របស់​ព្រះ​សង្គ្រោះ​នៃ​យើង គឺ​មិន​មែន​នៅ​ពេល​ដែល​យើង​មាន​ជ័យ​ជម្នះ​ទេ។

នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា ជ័យ​ជម្នះ​ខាង​លោកីយ៍​នេះ​ជា​ការ​ឥត​ប្រយោជន៍ នោះ​ហើយ​ជា​ពេល​ដែល​យើង​មាន​សេចក្ដី​សង្ឃឹម​នៅ​ក្នុង «មរតក [របស់​យើង] ដែល​មិន​ចេះ​ពុក​រលួយ ក៏​ឥត​សៅហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក​ដែល​បម្រុង​ទុក​ឲ្យ​យើង​រាល់​គ្នា នៅ​ស្ថាន​សួគ៌» (១ពេត្រុស ១:៤)។

នៅ​ពេល​ដែល​យើង​មក​ដល់​ចំណុច​ដែល​បង្ហាញ​ថា កម្លាំង​របស់​យើង​មិន​អាច​ធ្វើ​អ្វី​បាន នោះ​ហើយ​ជា​ពេល​ដែល​យើង​នឹង​រក​ឃើញ​ថា «គុណ​របស់ [ទ្រង់] ល្មម​ដល់​ឯង​ហើយ» ហើយ «កម្លាំង [ទ្រង់] បាន​ពេញ​ខ្នាត​ដោយ​សេចក្ដី​កម្សោយ» (២កូរិនថូស ១២:៩)។

មាន​តែ​ក្រោយ​ពេល​ដែល​យើង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​យើង​មិន​ទទួល​បាន​ផល​ផ្លែ​អ្វី​សោះ​ប៉ុណ្ណោះ ដែល​យើង​អាច​ទទួល​យក​អំណរ​ដ៏​លើស​លប់​របស់​ព្រះ​ជាម្ចាស់​ដាក់​ក្នុង​ព្រលឹង​របស់​យើង​បាន៖ «ទ្រង់​បាន​ប្រោស​ឲ្យ​ចិត្ត​ទូល​បង្គំ​មាន​សេចក្ដី​អំណរ​លើស​ជាង​ពួក​ទាំង​នោះ ក្នុង​កាល​ដែល​ស្រូវ និង​ទឹក​ទំពាំង​បាយ​ជូរ របស់​គេ​បាន​សម្បូរ​ផង» (ទំនុកដំកើង ៤:៧)។

ជា​ទូទៅ ការ​ប្រឈម​មុខ​ជា​មួយ​ទុក្ខ​លំបាក នឹង​ជួយ​បំភ្លឺ​និមិត្ត​របស់​យើង ក៏​ដូច​ជា​ផ្ដល់​កម្លាំង​ជា​ថ្មី​ដល់​យើង​ក្នុង​ការ​ឲ្យ​តម្លៃ​លើ​អ្វី​ៗដែល​នៅ​ស្ថិតស្ថេរ ជា​ជាង​អ្វី​ដែល​មិន​នៅ​ស្ថិតស្ថេរ។ ជា​រឿយៗ ទុក្ខ​លំបាក​នាំ​ឲ្យ​យើង​មាន​ជ័យ​ជម្នះ ព្រោះ​វា​ជួយ​យើង​ឲ្យ​ដាក់​សេចក្ដី​សង្ឃឹម​របស់​យើង​លើ​ព្រះ​គ្រីស្ទ ក៏​ដូច​ជា​ទទួល​យក​អត្តសញ្ញាណ​របស់​ទ្រង់ ជា​ជាង​លើ​អ្វីៗ​ដែល​យើង​បាន​សម្រេច។

រង្វាន់​ដ៏​ធំ​បំផុត​នៃ​ការងារ​របស់​យើង គឺ​មិន​មែន​ការ​ដែល​យើង​ទទួល​បាន​ជ័យ​ជម្នះ​ខាង​ការងារ​ផ្ទាល់​របស់​យើង​ទេ ប៉ុន្តែ​ជា​ការ​ដែល​យើង​មើល​ឃើញ ហើយ​ទទួល​យក​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ការ​ខំប្រឹង​ធ្វើ​ការ​របស់​យើង។ ចំណុច​នេះ​នៅ​តែ​ជា​ការ​ពិត​ទាំង​ក្នុង​ពេល​យើង​ទទួល​បាន​ជ័យ​ជម្នះ និង​ពេល​ដែល​យើង​បរាជ័យ ក៏​ដូច​ជា​ពេល​ដែល​យើង​ទទួល​បាន​ផល​ផ្លែ និង​ពេល​ដែល​យើង​មិន​ទទួល​បាន​ផល​ផ្លែ​ដែរ។

មិន​ថា​អួន​របស់​លោក​អ្នក​ចាប់​ត្រី​មិន​បាន ឬ​ក៏​ចាប់​បាន​រហូត​ដល់​អួន​ចាប់​ផ្ដើម​រហែក​នោះ​ទេ ប្រសិនបើ​លោក​អ្នក​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា ការងារ​របស់​លោក​អ្នក​មិន​មែន​ឥត​ប្រយោជន៍​ឡើយ (១កូរិនថូស ១៥:៥៨)។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Andre Yee
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ហ៊ានលះបង់…ដើម្បី​ដំណឹង​ល្អ

សាតាំង ឬ​ក៏​ព្រះ​យេស៊ូវ?