in

របៀប​​អធិស្ឋាន​៧​យ៉ាងដ៏​សាមញ្ញ​​ប្រចាំ​ថ្ងៃ​​

Seven Simple Daily Prayers

ការ​ដែល​យើង​មិន​ចំណាយ​ពេល​អធិស្ឋាន គឺ​ជា​ការ​ដែល​នាំ​មិន​ឲ្យ​យើង​មាន​ភាព​អរសប្បាយ​ដ៏​ពិត។ បើ​សិន​ជា​យើង​បោះបង់​ចោល​ការ​អធិស្ឋាន ឬ​បដិសេធ​មិន​ចង់​អធិស្ឋាន នោះ​មាន​ន័យ​ថា យើង​ព្រម​បោះបង់​ចោល​នូវ​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សេចក្តី​អំណរ​របស់​យើង​ហើយ។ កណ្ឌគម្ពីរ យ៉ាកុប ៤:២ បាន​ចែង​ថា «…មិន​បាន​អ្វី​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទូល​សូម»។

ប៉ុន្តែ ទោះ​បើ​យើង​ចំណាយ​ពេល​អធិស្ឋាន មាន​ពេល​ខ្លះ​យើង​ក៏​ចង់​ឈប់​អធិស្ឋាន​ដែរ ពីព្រោះ​យើង​តែងតែ​លើក​នូវ​ពាក្យ​ពេចន៍​ដដែលៗ ក៏​ដូច​ជា​សំណូម​ពរ​ដដែលៗ។ រៀងរាល់​ថ្ងៃ​ដែល​យើង​ក្រោក​ពី​ដំណេក យើង​តែងតែ​ប្រើ​ពាក្យ​អធិស្ឋាន​ដដែលៗ ហើយ​ឆ្ងល់ថា ហេតុអ្វី​បាន​ជា​ជីវិត​មិន​មាន​ការ​ផ្លាស់​ប្រែ​អ្វី​បន្តិច​សោះ?

នៅ​ពេល​ដែល​យើង​ដើរ​ឆ្លង​គន្លង​នៃ​ស្រមោល​ដែល​មិន​ចេះ​ផ្លាស់ប្រែ ហើយ​យើង​ភាគ​ច្រើន​បាន​ទម្លាក់​ទឹក​មុខ ហើយ​រំពឹង​ចង់​ឲ្យ​មាន​ថ្ងៃ​ដែល​ប្រសើរ​ជាង​នេះ។ ប៉ុន្តែ ព្រះគម្ពីរ​តែងតែ​លើក​ឡើង​ពី​ការ​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះ​តាមរយៈ​ការ​អធិស្ឋាន​នឹង​ធ្វើ​ឲ្យ​យើង​បាន​ទឹក​មុខ​ផូផង់​ឡើង​វិញ។ ពិត​ប្រាកដ​ណាស់ យើង​ប្រហែល​ស្គាល់​សេចក្តី​អធិស្ឋាន​របស់​ព្រះជាម្ចាស់​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌគម្ពីរ ម៉ាថាយ ៦:៩-១៣ ប៉ុន្តែ ខ​ទាំង​ប្រាំ​នេះ​មិន​មែន​ជា​ជំនួយ​តែ​មួយ​គត់​ដែល​ជួយ​ការ​អធិស្ឋាន​របស់​យើង​នោះ​ទេ។ ព្រះជាម្ចាស់​បាន​ប្រទាន​នូវ​គំរូ​ជា​ច្រើន​ដល់​យើង ចេញពី​ការ​អធិស្ឋាន​ដដែលៗ។ សូម​មើល​កណ្ឌគម្ពីរ ទំនុកដំកើង ៨៦ ជា​គំរូ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​សាមញ្ញៗ​ប្រាំពីរ​យ៉ាង​ដែល​ដក​ស្រង់​ពី​សេចក្តី​អធិស្ឋាន​របស់​ស្ដេច ដាវីឌ។

១. សូម​ផ្ទៀង​ព្រះកាណ៌​មក​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ

«ឱ​ព្រះយេហូវ៉ា​អើយ សូមផ្ទៀងព្រះកាណ៌មក ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ ហើយស្ដាប់សំឡេងដែលទូលបង្គំអង្វរផង» (ទំនុកដំកើង ៨៦:៦)។
លោកអ្នក​ប្រហែលជា​គិត​ថា ព្រះជាម្ចាស់​បាន​ព្រះ​សណ្ដាប់​ឮ​នូវ​រាល់​សេចក្ដី​អធិស្ឋាន​របស់​ស្ដេច ដាវីឌ ព្រោះ​ទ្រង់​បាន​និពន្ធ​ទំនុក​ជា​ច្រើន​នៅ​ក្នុង​កណ្ឌគម្ពីរ ទំនុកដំកើង ហើយ​បាន​ទទួល​ជំនួយ​ក្នុង​ការ​និពន្ធ​នោះ​ពី​ព្រះ​ទៀត។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ទ្រង់​នៅ​តែ​ទូល​សូម ឲ្យ​ព្រះ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទ្រង់​ម្ដង​ហើយ​ម្ដង​ទៀត (ទំនុកដំកើង ៤:១; ១៧:៦; ២៧:៧; ២៨:២; ៣០:១០។ល។)។ តើ​លោក​អ្នក​ធ្លាប់​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ដែល​ឬ​ទេ ឬ​លោក​អ្នក​គ្រាន់​តែ​សន្មត​ថា ទ្រង់​ព្រះ​សណ្ដាប់​លោក​អ្នក?

ពេល​ខ្លះ យើង​គិត​ថា ទោះ​បើ​យើង​មិន​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ជួយ​យើង ក៏​ទ្រង់​នឹង​នៅ​តែ​ជួយ​យើង​ដែរ។
យើង​ធ្លាប់​ឮ​គេ​ថា «ចូរ​សូម​នូវ​អ្វី​ដែល​ឯង​ប្រាថ្នា​ចុះ នោះ​យើង​នឹង​ឲ្យ​ដល់​ឯង» ហើយ​យើង​ក៏​សន្មត​ថា ព្រះ​ជាម្ចាស់​មាន​ព្រះ​ជន្ម​គង់​នៅ គឺ​ដើម្បី​នឹង​បំពេញ​តម្រូវការ​របស់​យើង។ ការ​ចង់​បាន​បែប​នោះ​គឺ​ប្រៀប​ដូចជា​យើង​លួច​អំណាច​នៃ​ក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់ ហើយ​ក៏​កំពុង​រារាំង​យើង​មិន​ឲ្យ​អធិស្ឋាន ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ឆ្ងល់​ថែម​ទៀត។

ព្រះ​ដ៏​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ពេញ​ដោយ​អធិបតេយ្យ និង​ជា​ព្រះ​អាទិករ​នៃ​ផ្ទៃមេឃ និង​ផែនដី ទ្រង់​ព្រះ​សណ្ដាប់​ឮ​នូវ​សេចក្ដី​អធិស្ឋាន​របស់​លោក​អ្នក។ ប៉ុន្តែ សុំកុំយកការដែលព្រះជាម្ចាស់ព្រះសណ្ដាប់ការអធិស្ឋានរបស់យើងដោយមិនដឹងគុណឲ្យសោះ។ ចូរ​ឲ្យ​ស្គាល់​ពី​ភាព​បរិសុទ្ធ​របស់​ទ្រង់ និង​បាប​របស់​លោកអ្នក​ឲ្យ​បាន​ច្បាស់ ដោយ​មិន​ត្រូវ​សន្មត​ថា ទ្រង់​នឹង​ព្រះ​សណ្ដាប់​លោកអ្នក​ឡើយ ប៉ុន្តែ​ព្រះជាម្ចាស់​ព្រះ​សណ្តាប់​ការអធិស្ឋាន​របស់​លោកអ្នក គឺ​ដោយ​យល់​ដល់​ព្រះយេស៊ូវ​ទៅ​វិញ​នោះ​ទេ។ ចូរ​ទូល​សូម​ព្រះ​អង្គ​ឲ្យ​ព្រះ​សណ្ដាប់​ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​មួយ​ទៀត​ចុះ។

២. សូម​ការពារ និង​រក្សា​ទូលបង្គំ

«សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជា​អ្នក​ជ្រះ​ថ្លា ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ សូម​ជួយ​សង្គ្រោះ​អ្នក​បម្រើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឱ​ព្រះ​អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​អំពាវ​នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ» (ទំនុកដំកើង ៨៦:២-៣)។

ពេល​ដែល​ស្ដេច ដាវីឌ ប្រឈម​មុខ​នឹង​ខ្មាំង​សត្រូវ ទ្រង់​បាន​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ការពារ​ទ្រង់ ហើយ​រំដោះ​ទ្រង់​ចេញពី​កណ្ដាប់​ដៃ​ពួក​គេ។ ខ្មាំង​សត្រូវ​របស់​ទ្រង់​តែងតែ​លោមព័ទ្ធ​ទ្រង់ ហើយ​គំរាមកំហែង​ទ្រង់​គ្រប់​ពេល​វេលា និង​គ្រប់​ទាំង​ចំណុច។ ប៉ុន្តែ ទ្រង់​បាន​រក​ឃើញ​នូវ​ក្ដី​សង្ឃឹម និង​ទំនុក​ចិត្ត​នៅ​ក្នុង​អធិបតេយ្យ​របស់​ព្រះ ហើយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​មិន​ដែល​ប្រែប្រួល​ឡើយ (ទំនុកដំកើង ១៨:២)។

យើង​មាន​ខ្មាំង​សត្រូវ​ដែល​ខ្លាំង​ពូកែ ហើយ​គួរ​ឲ្យ​ខ្លាច​ជាង​ខ្មាំង​សត្រូវ​របស់​ស្ដេច ដាវីឌ ឆ្ងាយ​ណាស់ (១ពេត្រុស ៥:៨)។ វា​បាន​រៀប​ចំ​ឲ្យ​មាន​អ្នក​សម្លាប់​យើង​គ្រប់​ទី​កន្លែង (អេភេសូរ ៦:១២) ហើយ​យើង​ក៏​មិន​អាច​វាយ​ឈ្នះ​វា ដោយ​គ្មាន​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ម្នាក់​មក​វាយ​ជំនួស​យើង​នោះ (អេភេសូរ ៦:១១)។

អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្តី​សង្គ្រោះ ហើយ​ក៏​កំពុង​តែ​បាន​សង្គ្រោះ​រាល់​ថ្ងៃ (១កូរិនថូស ១៥:២)។ ព្រះជាម្ចាស់​ក៏​កំពុងតែ​ថែរក្សា​លោកអ្នក​ដែរ (១ពេត្រុស ១:៥)។ ប៉ុន្តែ បើ​លោកអ្នក​មិន​អធិស្ឋាន នោះ​ទ្រង់​ក៏​នឹង​មិន​ធ្វើ​ការ​ដែរ (អេភេសូរ ៦:១៨)។ ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ យើង​មាន​ឱកាស​ថ្មី​ក្នុង​ការ​ទូល​សូម​ដោយ​មាន​ទំនុក​ចិត្ត ឲ្យ​ព្រះ​ការពារ និង​រក្សា​យើង៖

«សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នក​រាល់គ្នា​មិន​ឲ្យ​ជំពប់​ដួល និង​បាន​ដាក់​អ្នក​រាល់គ្នា​ឲ្យ​នៅ​ពីមុខ​សិរី​រុងរឿង​របស់​ព្រះអង្គ​ដោយ​ឥត​បន្ទោស​បាន និង​ដោយ​មាន​អំណរ គឺ​ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​របស់​យើង បាន​ប្រកប​ដោយ​សិរី​រុងរឿង ភាព​ឧត្ដុង្គឧត្ដម ព្រះ​ចេស្ដា និង​សិទ្ធិ​អំណាច តាំង​ពីមុន​អស់កល្ប​ជានិច្ច ទាំង​នៅ​ពេល​ឥឡូវ​នេះ​ដរាប​អស់កល្ប​ជានិច្ច។ អាម៉ែន។» (យូដាស ១:២៤-២៥ គគខ)។

៣. សូម​បណ្ដាល​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីករាយ​ក្នុង​ទ្រង់

«សូម​បណ្ដាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បម្រើ​ទ្រង់ បាន​រីក​រាយ​ឡើង ពី​ព្រោះ ឱ​ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់» (ទំនុកដំកើង ៨៦:៤)។

ព្រះជាម្ចាស់​មិន​មែន​បង្កើត​មនុស្ស​មក ដើម្បី​សង្គ្រោះ​ពួកគេ​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ ដើម្បី​ឲ្យ​មាន​អំណរ​ក្នុង​ព្រះ​សង្គ្រោះ។ អំពើ​បាប​បាន​រារាំង​ផែនការ​ដ៏​ចម្បង​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​លោកអ្នក វា​បាន​ធ្វើ​ឲ្យ​ផែនការ​នោះ​រាំង​ស្ទះ។ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​ជា​ច្រក​ដែល​នាំ​យើង​ចេញ​ពី​ស្ថាន​នរក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ច្រក​ដែល​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្តមាន​របស់​ព្រះ​សង្គ្រោះ​ដែល​មាន​ពេញ​ដោយ​អំណរ និង​កំណប់​ដ៏​នៅ​ស្ថិតស្ថេរ។ ព្រះជាម្ចាស់​បាន​បង្កើត​លោក​អ្នក​មក ដើម្បី​ឲ្យ​បង្ហាញ​ភាព​ស័ក្ដិសម​របស់​ទ្រង់​ដល់​លោកីយ៍ ដោយ​ធ្វើ​ឲ្យ​យើង​មាន​ភាព​អរសប្បាយ​ក្នុង​ទ្រង់ ហើយ​ព្រះ​អង្គ​មិនមែន​គ្រាន់​តែ​ដាក់​លោក​អ្នក​ក្នុង​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ប្រទាន​នូវ​រូប​អង្គ​ទ្រង់​ផ្ទាល់​ដល់​លោក​អ្នក​ទៀត​ផង។

ព្រះជាម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​មាន​អំណរ​បែប​នោះ​នៅ​ក្នុង​ទ្រង់ (ទំនុកដំកើង ៣២:១១; លូកា ១០:២០; ភីលីព ៤:៤)។ ប៉ុន្តែ យើង​ដែល​បាន​ព្យាយាម​ធ្វើ​កិច្ចការ​នេះ ដឹង​ហើយ​ថា យើង​មិន​អាច​បំពាក់​អំណរ​លើ​ខ្លួន​យើង ​ដូច​យើង​ស្លៀកពាក់​ខោអាវ​នោះ​ឡើយ។ នៅ​ក្នុង​ចិត្ត​របស់​យើង ដាច់ខាត​ត្រូវ​តែ​មាន​អធម្មជាតិ​កើត​មាន​ឡើង ហើយ​មាន​តែ​ផ្លូវ​មួយ​ប៉ុណ្ណោះ​ដែល​អធិធម្មជាតិ​នោះ​កើត​មាន​ឡើង​គឺ មិន​ថា​លោក​អ្នក​កំពុង​ឆ្លង​កាត់​រឿង​រ៉ាវ​បែប​ណា​ក៏​ដោយ ឬ​ក៏​លោក​អ្នក​ឃ្លាត​ឆ្ងាយពី​ការ​មាន​អំណរ​ប៉ុណ្ណា​ក៏​ដោយ ក៏​លោក​អ្នក​មិន​គួរ គ្រាន់​តែ​ទទួល​យក​អំណរ​បន្តិច​បន្តួច​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​ដែរ ហើយ​ក៏​កុំ​សន្មត​ថា លោក​អ្នក​នឹង​អាច​រក​អំណរ​នោះ​បាន​តាម រយៈ​ការ​មិន​ទូល​សូម​ព្រះ​ជាម្ចាស់​នោះ​ឡើយ។

៤. សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ទ្រង់

«ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ សូម​បំព្រួម​ចិត្ត​ទូល​បង្គំ ​មក​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់» (ទំនុកដំកើង ៨៦:១១)។

ព្រះជាម្ចាស់​មិន​គ្រាន់​តែ​មាន​ផែនការ​ ឲ្យ​ស្គាល់​សេចក្ដី​ពិត​អំពី​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ចង់​ឲ្យ​លោក​អ្នក​រស់នៅ​តាម​សេចក្ដី​ពិត​ទាំង​នោះ។ លោក​អ្នក​អាច​បង្ហាញ​តាម​រយៈ៖

អ្វី​ដែល​លោក​អ្នក​ផ្ដល់​ជា​អត្តិភាព​ចម្បង ទំនាក់ទំនង និង​ចិត្ត​របស់​លោក​អ្នក។ ព្រះជាម្ចាស់​បាន​សង្គ្រោះ​គ្រីស្ទ​បរិស័ទ​ចេញ​ពី​កិច្ចការ (អាក្រក់) ដែល​យើង​ធ្វើ (អេភេសូរ ២:៨) ហើយ​ទ្រង់​ក៏​បាន​ឲ្យ​យើង​ធ្វើ​កិច្ចការ​ល្អ​ផង​ដែរ ជា​ពិសេស​កិច្ចការ​ដែល​ទ្រង់​បាន​រៀប​ចំ​សម្រាប់​យើង​ តាំង​ពី​មុន​យើង​កើត​មក​ម៉្លេះ (កាឡាទី ២:១៦; អេភេសូរ ២:១០)។

ប៉ុន្តែពេល​ខ្លះ ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​យើង​ដឹង ​ទៅ​នឹង​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ។ យើង​មាន​ការ​ពិបាក​ក្នុង​ការ​រស់នៅ​ ដូច​បែប​ដែល​អង្គ​ទ្រង់​ស្រឡាញ់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​រស់​នៅ​ណាស់។

ព្រះជាម្ចាស់​មិន​រំឭក​ឲ្យ​យើង​ស្គាល់​អំពី​របៀប​នៃ​ការ​រស់នៅ​ដោយ​ខ្លួន​ឯង​នោះ​ឡើយ តែ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទូល​សូម​ប្រាជ្ញា និង​ការ​ណែនាំ​ពី​ទ្រង់​វិញ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់» ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ធ្វើ​ការ​នោះ​ដោយ​រូប​អង្គ​ទ្រង់​ផ្ទាល់​ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ ចេញ​ពី​អ្វីៗ​ដែល​យើង​ធ្វើ។ លោក​​​​​​​​​​សាវ័ក ប៉ុល បាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ២:១២-១៣ ថា «ដូច្នេះ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ! ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច និង​ញាប់ញ័រ​ចុះ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយមិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ នៅ​ពេល​ខ្ញុំ​មិន​នៅ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ ដ្បិត​ជា​ព្រះជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា ទាំង​ឲ្យ​អ្នក​រាល់គ្នា​មាន​ឆន្ទៈ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។» (គគខ)។

៥. សូម​ប្រទាន​កម្លាំង​របស់​ទ្រង់​ដល់​ទូលបង្គំ

«ឱ​សូម​វិល​មក​ឯ​ទូល​បង្គំ​វិញ ហើយ​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង សូម​ប្រទាន​កម្លាំង​របស់​ទ្រង់ មក​ទូល​បង្គំ​ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ជួយ​សង្គ្រោះ​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​ទ្រង់​ដែរ» (ទំនុកដំកើង ៨៦:១៦)។

មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​យើង ​មិន​ចាំ​បាច់​មាន​អ្នក​ដទៃ​មក​ប្រាប់​យើង​ឲ្យ​ខំ​ធ្វើ​ការ​នោះ​ទេ ក្រោយ​ពេល​យើង​ងើប​ពី​គេង យើង​មាន​ចិត្ត​ចង់​ធ្វើ​ការ​រួច​ទៅ​ហើយ ប៉ុន្តែ​យើង​តែង​តែ​ភ្លេច​សូម​អ្នក​ដទៃ​ឲ្យ​ជួយ​យើង ឬ​ក៏​បម្រើ​ដោយ​ពឹង​លើ​កម្លាំង​អ្នក​ដទៃ​ជា​ជាង​កម្លាំង​ខ្លួន​ឯង។ ការ​រស់នៅ​បែប​នេះ​ អាច​មាន​ប្រសិទ្ធភាព​សម្រាប់​មួយ​រយៈ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​យើង​នឹង​អស់​កម្លាំង។ នៅក្នុងកណ្ឌ​គម្ពីរ ទំនុកដំកើង ១២៧:២ បាន​ចែង​ថា «ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ ហើយ​ក្រ​ចូល​ដេក​ពេល​យប់ ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ​ហត់​ផង នោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀត ដ្បិត​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន​ភ្ងា​របស់​ទ្រង់ បាន​ដេក​លក់​សប្បាយ»។

ចូរ​ខំ​ធ្វើ​ការ ប៉ុន្តែ​ចូរ​កុំ​ពឹង​លើ​កម្លាំង​ខ្លួន​ឡើយ តែ​ពឹង​លើ​កម្លាំង​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​វិញ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ទទួល​យក​សិរីល្អ​ដែល​ទ្រង់​សក្ដិសម​នឹង​ទទួល​វិញ (១ពេត្រុស ៤:១១)។ ព្រះជាម្ចាស់​នឹង​មិន​ផ្ដល់​កម្លាំង​ទ្រង់​ដល់​អស់​អ្នក​អាត្មានិយម​ដែល​នឹង​យក​កម្លាំង​នោះ ​ទៅ​បំពេញ​ចិត្ត​ក្នុង​ការ​ទិញ​សម្ភារៈ​និយម​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ប្រទាន​កម្លាំង​បែប​អធម្មជាតិ ដើម្បី​បម្រើ។ ព្រះ​អង្គ​នឹង​ប្រទាន​ភាព​ក្លាហាន​ដល់​លោក​អ្នក ហើយ​នឹង​ជួយ​លោក​អ្នក​ឲ្យ​ចេះ​លះបង់​ជីវិត​ខ្លួន​ឯង ដើម្បី​ប្រយោជន៍​អ្នក​ដទៃ​ក្នុង​ព្រះ​នាម​ទ្រង់។

៦. សូម​បំព្រួម​ចិត្ត​ទូល​បង្គំ​មក​ឲ្យ​កោត​ខ្លាច​ទ្រង់

«…សូម​បំព្រួម​ចិត្ត​ទូល​បង្គំ​មក​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់» (ទំនុកដំកើង ៨៦:១១)។

ចិត្ត​របស់​យើង​ដែល​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប ​តែងតែ​ចង់​មាន​ការ​បែកបាក់​ជា​ជាង​ការ​រួបរួម។ ទោះ​បើ​យើង​កាន់​តែ​ចង់​មាន​ចិត្ត​ឲ្យ​ដូច​ព្រះ​ជាម្ចាស់ ក៏​យើង​នៅ​តែ​មាន​ចិត្ត​ប្រាថ្នា​ចង់​បះបោរ​ទាស់​នឹង​ទ្រង់​ដដែល ​ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត។ ការ​រស់នៅ​បែប​ជា​គ្រីស្ទ​បរិស័ទ​មាន​ន័យ​ថា យើង​ត្រូវ​តែ​បន្ត​ព្យាយាម​សម្លាប់​អំពើ​បាប (រ៉ូម ៨:១៣) ដែល​ការ​នេះ​មាន​ន័យ​ថា សព្វ​ថ្ងៃ​នេះ​នៅ​មាន​អំពើ​បាប​ដែល​យើង​ត្រូវ​សម្លាប់ (១យ៉ូហាន ១:៨)។

ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ជីវិត​រស់នៅ​របស់​យើង នោះ​ជីវិត​យើង​នឹង​មិន​ឆ្ពោះ​ទៅ​រក​ព្រះ​គ្រីស្ទ​ឡើយ យើង​នឹង​រត់​ចេញ​ពី​ព្រះ​ជាម្ចាស់​ទាំង​ស្រុង​តែ​ម្ដង។ អំពើ​បាប​ដែល​មាន​នៅ​ជាប់​ក្នុង​ខ្លួន​យើង ​តែង​តែ​បំបែក​ចំណោម​អារម្មណ៍ និង​ក្ដី​ស្រឡាញ់​យើង​ចេញ​ពី​ព្រះ​ជាម្ចាស់។ ដូច្នេះ យើង​គួរ​តែ​ចំណាយ​ពេល​អធិស្ឋាន​ឲ្យ​បាន​ញឹកញាប់ ​ក្នុង​ការ​ទូល​សូម​ទ្រង់​ឲ្យ​ដក​ការ​បែក​អារម្មណ៍​បែប​នោះ​ចេញ​ពី​ចិត្ត​យើង ហើយ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រួម​នឹង​ទ្រង់។

៧. សូម​ប្រើ​ទូលបង្គំ​ក្នុង​ការ​សម្ដែង​ឲ្យ​អ្នក​ដទៃ​ឃើញ​ទ្រង់

«សូម​សម្ដែង​ទី​សំគាល់​១​ពី​សេចក្ដី​ល្អ ដែល​នឹង​ប្រោស​ដល់​ទូល​បង្គំ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូល​បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស​វិញ ដោយ​ព្រោះ​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​ជួយ ហើយ​កំសាន្ត​ចិត្ត​នៃ​ទូល​បង្គំ​ហើយ» (ទំនុកដំកើង ៨៦:១៧)។

ការ​ដែល​ព្រះ​ជាម្ចាស់​បង្ហាញ​ថា ​ទ្រង់​គាប់​ព្រះ​ហរទ័យ​ចំពោះ​យើង​តាម​រយៈ​ការ​ដែល​ទ្រង់​ឆ្លើយ​តប​សំណូម​ពរ​អធិស្ឋាន​យើង គឺ​មិន​មែន​គ្រាន់​តែ​​ សម្រាប់​ឲ្យ​យើង​មាន​ក្ដី​សង្ឃឹម ក្ដី​អំណរ និង​កម្លាំង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​ចង់​បង្ហាញ​ការ​នោះ​ដល់​លោកីយ៍​ទាំង​មូល​ផងដែរ។ ទោះ​បើ​ភោគ​ច្រើន​យើង​ផ្ដោត​សំណូម​ពរ​អធិស្ឋាន​របស់​យើង ​លើ​កាលៈទេសៈ​របស់​ខ្លួន​ក៏​ដោយ ក៏​យើង​គួរ​ព្យាយាម​ចំណាយ​ពេល​ខ្លះ ដើម្បី​ទូល​សូម​ព្រះ​ឲ្យ​លោកីយ៍​នេះ​ឃើញ​ពី​អ្វី​ដែល​យើង​ឃើញ និង​អំណរ​ដែល​យើង​មាន​ក្នុង​ទ្រង់​ផង​ដែរ។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌» (ម៉ាថាយ ៥:១៦ គគខ)។ ហើយ​សាវ័ក ពេត្រុស ក៏​បាន​លើក​ឡើង​ស្រដៀង​នឹង​ព្រះ​យេស៊ូវ​ដែរ «ទាំង​មាន​កិរិយា​ល្អ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ចុះ ដើម្បី​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ថ្ងៃ​ប្រោសលោះ ដោយ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់គ្នា ទោះបី​គេ​ធ្លាប់​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ក៏​ដោយ» (១ពេត្រុស ២:១២ គគខ)។

យើង​គួរ​តែ​ចង់​ឲ្យ​លោកីយ៍​ដែល​កំពុង​មើល​យើង​ ឃើញពី​ជំនឿ​របស់​យើង ​តាម​រយៈ​ជីវិត​រស់នៅ​របស់​យើង។ យើង​ឲ្យ​អ្នក​មិន​ជឿ​ព្រះ​គ្រីស្ទ​ឃើញ ហើយ​ជឿ​ថា ព្រះ​យើង​គឺ​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ប៉ុណ្ណោះ។ ហើយ​លើស​ពី​នោះ យើង​ក៏​ចង់​ឲ្យ​ពួក​គេ​ស្គាល់​ទ្រង់​ផ្ទាល់ ក៏​ដូច​ជា​ទទួល​បាន​ការ​សង្គ្រោះ​តែ​ម្ដង។

ចេញ​ពី​ក្ដី​អធិស្ឋាន​របស់​យើង យើង​គួរ​សូម​ព្រះ​ជាម្ចាស់​ឲ្យ​យក​នូវ​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ​សម្រាប់​យើង និង​នៅ​ក្នុង​យើង​ទៅ​ប៉ះពាល់​ចិត្ត​គំនិត​អ្នក​ដទៃ ​ឲ្យ​បាន​ខ្លាំង​តាម​រយៈ​យើង។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Marshall Segal
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

31 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ផែនដី​ទាំង​មូល

ប្រភព​ចំណេះ