in ,

​វិញ្ញាណ​ទារក​ដែល​ស្លាប់​

នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​ពិបាក ហើយ​ក៏​ងាយ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដែរ។ ដាច់​ខាត! មិន​ថា​ចម្លើយ​មួយ​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​រាប់​បញ្ចូល​ចំណុច​ដែល​ថា យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​កើត​មក​ក្នុង​អំពើ​បាប ហើយ​ក៏​ស័ក្តិសម​ក្នុង​ការ​ទទួល​ការ​ជំនុំ​ជម្រះ។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ផ្ដោត​លើ​តម្រូវ​ការ​នៃ​ការ​កើត​ជា​ថ្មី​ដែល​បង្ហាញ​អំពី​ស្ថានភាព​របស់​យើង​ថា​ពេញ​ទៅ​ដោយ​អំពើ​បាប ពោល​គឺ​មិន​មែន​គ្មាន​ទោស​ទេ (យ៉ូហាន ៣:១២; អេភេសូរ ២:; សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៥១:)«យើង​ជាប់​នៅ​ក្នុង​សេចក្ដី​ក្រោធ​តាំង​ពី​កំណើត» (អេភេសូរ ២:)

បន្ថែម​លើ​ការ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ជាប់​មាន​អំពើ​បាប យើង​ក៏​បាន​កើត​មក​ក្នុង​លោកីយ៍​នេះ​ដោយ​មាន​រួម​ទាំង​អំពើ​បាប​របស់​លោក អ័ដាម ជាប់​លើ​យើង​ផង។ ដោយ​សារ​ការ​រួបរួម​របស់​យើង​ជា​មួយ​នឹង​លោក អ័ដាម ដូច្នេះ​យើង​ក៏​បាន​កើត​មក​ក្នុង​ពិរុទ្ធភាព​នៃ​អំពើ​បាប​ដំបូង​ដែល​គាត់​បាន​ប្រព្រឹត្ត​ដែរ (រ៉ូម ៥:១២២១)។ យោង​តាម​សាវ័ក ប៉ុល ចំណុច​ដែល​ថា ទាំង​អស់​គ្នា​ស្លាប់​ខាង​ឯ​សាច់​ឈាម (មាន​រួម​ទាំង​ទារក​ដែល​មិន​មាន​ឱកាស​ក្នុង​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់​ដោយ​ចេតនារ៉ូម ៥:១៣១៤) គឺ​ជា​ការ​បង្ហាញ​ថា យើង​មាន​ជាប់​នឹង​ពិរុទ្ធ​ភាព​នៃ​អំពើ​បាប​របស់​លោក អ័ដាម។

ប្រសិន​បើ​យើង​កើត​មក​ក្រោម​អំពើ​បាប ហើយ​សេចក្តី​សង្គ្រោះ​គឺ​តាម​រយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ (ដែល​ទារក​មិន​មាន​សមត្ថភាព​ខាង​ខួរ​ក្បាល​ក្នុង​ការ​ប្រតិបត្តិ​ឡើយ) ដូច្នេះ ពី​ដំបូង មើល​ទៅ​ហាក់​បី​ដូច​ជា​ថា​មិន​មាន​ទារក​ណា​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​មិន​ស្គាល់​ថា​បុគ្គល​ណា​បាន​ប្រកាន់​ខ្ជាប់​យក​ចំណុច​នេះ​ទេ។ យើង​ជឿ​ជាក់​ថា ជំហរ​បែប​នេះ​គឺ​ជា​សេចក្ដី​សន្និដ្ឋាន​ដែល​មិន​ពឹង​អាង​លើ​ព្រះ​គម្ពីរ ហើយ​ក៏​ជា​ការ​សន្និដ្ឋាន​លឿន​ពេក​ផង​ដែរ។

មូល​ហេតុ​ទី​មួយ​គឺ​ថា​មាន​គំរូ​យ៉ាង​ច្បាស់​លាស់​ក្នុង​ព្រះ​បន្ទូល​ស្តីអំពី​ការ​ដែល​ទារក​មួយ​ចំនួន​បាន​ទទួល​សេចក្ដី​សង្គ្រោះ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា​លោក យ៉ូហានបាទីស្ទ មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​នៅ​ក្នុង​ផ្ទៃ​ពោះ​អ្នក​ម្ដាយ​គាត់ (លូកា ១:១៥)។ ក្នុង​ទេវវិទ្យា​របស់​លោក លូកា៖ ការ​មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​គឺ​ជា​ការ​កត់​សម្គាល់​យ៉ាង​ជាប់​លាប់​ថា ព្រះ​វិញ្ញាណ​កំពុង​តែ​ធ្វើ​ព័ន្ធកិច្ច​នៅ​ក្នុង​ចំណោម​របស់​អ្នក​ដែល​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ (លូកា ១:៤១, ៦៧; កិច្ចការ ២:; :, ៣១; :, ; :១៧; ១១:២៤)

ស្ដេច ដាវីឌ បាន​សរសេរ​ថា៖ «ប៉ុន្តែ គឺ​ព្រះ​អង្គ​ដែល​បាន​យក​ទូល​បង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ទូល​បង្គំ​ទុក​ចិត្ត​ព្រះ​អង្គ តាំង​ពី​ទូល​បង្គំ​នៅ​បៅ​ដោះ​ម្តាយ​នៅ​ឡើយ» (ទំនុកតម្កើង ២២:១០)។ ទ្រង់​បាន​សរសេរ​រាប់​រយ​ឆ្នាំ​មុន​លោក យ៉ូហានបាទីស្ទ។ ដោយ​សារ​មើល​ទៅ​ស្ដេច ដាវីឌ ហាក់​បី​ដូច​ជា​បាន​លើក​ឡើង​អំពី​ការ​មាន​ជំនឿ​ក្នុង​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​នៅ​ជា​ទារក​នៅ​ឡើយ នោះ​មនុស្ស​មួយ​ចំនួន​ក៏​បាន​សន្និដ្ឋាន​ថា ព្រះ​ជាម្ចាស់​សង្គ្រោះ​ពួក​ទារក​តាម​រយៈ​ការ​ឲ្យ​ពួក​គាត់​មាន​ជំនឿ​ក្នុង​ដំណាក់​កាល​ដំបូង​កាល​គាត់​នៅ​តូច​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ការ​សន្និដ្ឋាន​មិន​គ្រប់​គ្រាន់​ទេ ទាក់​ទង​នឹង​ចំណុច​របស់​យើង​មួយ​នេះ ចំណុច​ស្នូល​ដែល​យើង​គួរ​មើល​ឃើញ​ក្នុង​ប្រធាន​បទ​នេះ​គឺ​ថា​ស្ដេច ដាវីឌ មាន​ភស្តុតាង​ក្នុង​ការ​មាន​ទំនាក់​ទំនង​នៃ​សេចក្ដី​សង្គ្រោះ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ពោះ​ម្ដាយ​ទ្រង់​មក​ម្ល៉េះ។

ខ​គម្ពីរ​ទាំង​នេះ​លើក​ឡើង​យ៉ាង​ច្បាស់​មក​ថា គ្រប់​ទារក​ទាំង​អស់​ដែល​ស្លាប់​មិន​បាន​បាត់​បង់​ទេ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​សង្គ្រោះ​លោក យ៉ូហានបាទីស្ទ និង​ស្ដេច ដាវីឌ កាល​នៅ​ជា​ទារក​នៅ​ឡើយ ដូច្នេះ​យើង​ក៏​អាច​មាន​ហេតុ​ផល​ក្នុង​ការ​សន្និដ្ឋាន​ថា ព្រះ​អង្គ​បាន​សង្គ្រោះ​ទារក​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មិន​បាន​ទទួល​ឱកាស ដើម្បី​ធំ​ធាត់​ឡើង​បាន​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​មិន​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ក្នុង​ការ​សន្និដ្ឋាន​ចេញ​ពី​ខ​គម្ពីរ​ទាំង​នោះ​ថា រាល់​គ្រប់​ទារក​ដែល​ស្លាប់​ក៏​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ។ ការ​កែ​ប្រែ​ចិត្ត​របស់​ទារក មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​មែន​ជា​របៀប​ដ៏​សាមញ្ញ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​ទេ។ ដាច់​ខាត! យើង​ត្រូវ​តែ​ចង​ចាំ​ថា «មនុស្ស​អាក្រក់​វង្វេង​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ គេ​វង្វេង​តាំង​ពី​កំណើត ហើយ​ពោល​ពាក្យ​ភូតភរ» (ទំនុកតម្កើង ៥៨:)

យោង​តាម​ចំណុច​ទាំង​អស់​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រកាន់​ខ្ជាប់​ថា ព្រះ​ជាម្ចាស់​សង្គ្រោះ​ទារក​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត​មិន​សង្គ្រោះ​ទេ។ ពួក​គេ​បាន​លើក​ឡើង៖ មើល​ទៅ​ហាក់​បី​ដូច​ជា​ថា ការ​សន្និដ្ឋាន​បែប​នេះ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​គោល​ជំនឿ​នៃ​ការ​ជ្រើស​រើស​តាំង និង​អំពើ​បាប​ជាម​រត​ក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​គ្រូ ចន ផាបភ័រ (John Piper) និង​គ្រូៗ​ជា​ច្រើន​នាក់​ទៀត​ជឿ​ជាក់​ថា នៅ​មាន​ជំហរ​មួយ​ទៀត​លើ​ព្រះ​គម្ពីរ​ដែល​ជា​ភស្តុតាង​ដែល​យើង​ត្រូវ​តែ​យក​មក​ពិចារណា។ ភស្តុតាង​នេះ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា ព្រះ​ជាម្ចាស់​សង្គ្រោះ​នូវ​រាល់​គ្រប់​ទារក​ទាំង​អស់​ដែល​ស្លាប់។

ក្នុង​សេចក្ដី​អធិប្បាយ​របស់​លោក​គ្រូ ចន ផាបភ័រ នៅ​ឯ​ពិធីបុណ្យ​សព​ទារក​ម្នាក់​ប្រមាណ​ឆ្នាំ​មុន គាត់​បាន​សង្ខេប​មូល​ដ្ឋាន​នៃ​សេចក្ដី​សន្និដ្ឋាន​របស់​គាត់​ដូច​តទៅ៖

ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៩:៤១ ទៅ​កាន់​អស់​អ្នក​ដែល​អន់​ចិត្ត​លើ​សេចក្ដី​បង្រៀន​របស់​ទ្រង់ ហើយ​បាន​សួរ​ថា​ប្រសិន​បើ​ព្រះ​អង្គ​បាន​គិត​ថា​ពួក​គេ​ខ្វះ​ភ្នែក «បើ​សិន​ជា​អ្នក​រាល់​គ្នា​ខ្វាក់​មែន នោះ​អ្នក​រាល់​គ្នា​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​អាង​ថា​ភ្លឺ បាន​ជា​ជាប់​មាន​បាប​នៅ​ឡើយ»

និយាយ​ម្យ៉ាង​ទៀត​ទៅ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ខ្វះ​ខាត​សមត្ថភាព​ខាង​ឯ​ធម្មជាតិ​ក្នុង​ការ​ទទួល​ការ​បើក​សម្តែង​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ នោះ​អំពើ​បាប​របស់​បុគ្គល​នោះ​នឹង​មិន​នៅ​មាន​បន្ត​ទៀត​ទេ—ព្រះ​ជាម្ចាស់​នឹង​បាន​នាំ​បុគ្គល​នោះ​យក​មក​កាត់​ទោស​នៅ​គ្រា​ចុង​ក្រោយ​ទាក់​ទង​នឹង​ការ​មិន​ជឿ​នូវ​អ្វី​ដែល​គាត់​មិន​មាន​សមត្ថភាព​ខាង​ឯ​ធម្មជាតិ​ក្នុង​ការ​ឃើញ​ផង​ដែរ។

កណ្ឌ​គម្ពីរ​មួយ​ទៀត​គឺ រ៉ូម ១:២០ នៅ​ក្នុង​ខ​នេះ​សាវ័ក ប៉ុល កំពុង​តែ​និយាយ​សំដៅ​ទៅ​កាន់​បុគ្គល​ដែល​មិន​ទាន់​បាន​ឮ​ដំណឹង​ល្អ ហើយ​ក៏​មិន​មាន​ផ្លូវ​ចូល​ទៅ​រក​ដំណឹង​ល្អ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មានផ្លូវ​ចូល​ទៅ​រក​ការ​បើក​សម្ដែង​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ធម្មជាតិ៖

កណ្ឌ​គម្ពីរ រ៉ូម ១:២០ មាន​ចែង​ដូច​ត​ទៅ «តាំង​ពី​កំណើត​ពិភព​លោក​មក ព្រះ​ចេស្ដា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ​អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ​អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះសា​បាន​ឡើយ»

មួយ​វិញ​សោត ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​មិន​មាន​ផ្លូវ​ចូល​ទៅ​រក​ការ​បើក​សម្ដែង​សិរីល្អ​របស់​ព្រះ​ជាម្ចាស់—មិន​មាន​សមត្ថភាព​ខាង​ឯ​ធម្មជាតិ​ក្នុង​ការ​មើល​ឃើញ ឬ​ក៏​យល់​អំពី​វា​បាន នោះ​សាវ័ក ប៉ុល កំពុង​តែ​ថ្លែង​បញ្ឆិតបញ្ឆៀង​ថា ពួក​គាត់​មិន​មាន​លេស​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ទេ។

ចំណុច​សម្រាប់​យើង​គឺ​ថា សូម្បី​តែ​យើង​ដែល​បាន​ស្ថិត​ក្រោម​ការ​ដាក់​ទារុណកម្ម​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​ជា​ការ​ថ្កោល​ទោស និង​សេចក្ដី​ស្លាប់​ដោយ​សារ​មនុស្ស​ជាតិ​យើង​បាន​ធ្លាក់​ក្នុង​អំពើ​បាប ហើយ​ជាប់​នៅ​ក្នុង​ស្ថានភាព​អំពើ​បាប​ដែល​យើង​ទាំង​អស់​គ្នា​មាន ក៏​ព្រះ​ជាម្ចាស់​គ្រាន់​តែ​អនុម័ត​ការ​វិនិច្ឆ័យ​នៃ​ការ​ថ្កោល​ទោស​មួយ​នេះ​លើស​អស់​អ្នក​ដែល​សមត្ថភាព​ខាង​ឯ​ធម្មជាតិ​ក្នុង​ការ​ឃើញ​សិរីល្អ​របស់​ទ្រង់ ហើយ​បាន​យល់​អំពី​ព្រះ​ហឫទ័យ​របស់​ទ្រង់ ប៉ុន្តែ​មិន​បាន​ឱប​ក្រសោប​ជា​សម្បត្តិ​របស់​ខ្លួន។

យើង​ខ្ញុំ​ជឿ​ថា ទារក​មិន​មាន​សមត្ថភាព​ដូច​នោះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុង​របៀប​ដ៏​ពិបាក​របស់​ព្រះ​ជាម្ចាស់ ទ្រង់​នាំ​យក​ពួក​គាត់​ចូល​អត់​ទោស​បាប​ក្រោម​ព្រះ​លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់។

ក្នុង​សេចក្ដី​អធិប្បាយ​មួយ​ទៀត​របស់​គាត់ លោកគ្រូ​បាន​លើក​ឡើង​បន្ថែម​ថា៖

ក្នុង​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់ នោះ​ទ្រង់​នឹង​រក​របៀប​ក្នុង​ការ​លើក​លែង​ទោស​ទារក​ដែល​បាន​ស្លាប់​ក្នុង​ភាព​ពុក​រលួយ​របស់​ខ្លួន។ ប្រាកដ​ណាស់ គឺ​តាម​រយៈ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ លើស​ពី​នោះ គឺ​មាន​ន័យ​ថា​យើង​កំពុង​តែ​ស្មាន។ មើល​ទៅ ចំពោះ​យើង​ខ្ញុំ របៀប​ដែល​ធម្ម​ជាតិ​បំផុត​ក្នុង​ការ​ទាយ​គឺ​ថា ទារក​នឹង​ធំ​ឡើង​នៅ​ក្នុង​នគរ (ទំនង​ភ្លាមៗ ឬ​ក៏​បន្តិច​ម្ដងៗ​ក្នុង​ពេល​វេលា) ហើយ​ថាតាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​នោះ​ពួក​គាត់​ក៏​នឹង​ឈាន​ដល់​ការ​មាន​ជំនឿ​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​រាប់​ជា​សុចរិត​តាម​រយៈ​ជំនឿ​តែ​មួយ​គត់​ដូច​យើង​ទាំង​អស់​គ្នា​ដែរ។

ក្នុង​ទស្សនៈ​របស់​យើង ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ផ្ដោត​ថា ព្រះ​ជាម្ចាស់​មិន​មែន​កំពុង​តែ​សង្គ្រោះ​ទារក​ដោយ​សារ​ពួក​គាត់​គ្មាន​ទោស​នោះ​ទេ។ មិន​មែន​ថា ពួក​គេ​មិន​មាន​ទោស​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ពេញ​ទៅ​ដោយ​ពិរុទ្ធភាព​ទៀត​ផង។ ចុះ​បើ​ពួក​គេ​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប ក៏​ព្រះ​អង្គ​កំពុង​តែ​សង្គ្រោះ​ពួក​គេ​ដោយ​សារ​ក្នុង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​អង្គ នោះ​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​លើ​អស់​អ្នក​ដែល​ជា​មនុស្ស​មាន​បាប ប៉ុន្តែ​មិន​មាន​សមត្ថភាព​ក្នុង​ការ​គិត​ដល់​សេចក្ដី​ពិត​ដែល​បាន​បង្ហាញ​អំពី​ព្រះ​អង្គ​តាម​រយៈ​ធម្មជាតិ និង​ចំពោះ​ចិត្ត​មនុស្ស។

យើង​ក៏​គួរ​តែ​ផ្ដោត​ទៅ​លើ​ចំណុច​ដែល​ថា សេចក្ដី​សង្គ្រោះ​សម្រាប់​អស់​អ្នក​ដែល​ស្លាប់​កាល​នៅ​ជា​ទារក​ក៏​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ការ​ជ្រើស​តាំង​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ (ទស្សនៈ​ដែល​ថា​ព្រះ​ជាម្ចាស់​ជ្រើស​រើស​ក្នុង​ការ​សង្គ្រោះ​បុគ្គល​ណា​ម្នាក់​ដោយ​យោង​លើ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ផ្ទាល់​ដោយ​ឡែក​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​បុគ្គល​ម្នាក់​នោះ)។ ដូច​ដែល​លោក​គ្រូ ស៊ី. អេឆ. ស្ពើចិន (C. H. Spurgeon) បាន​ចង្អុល​បង្ហាញ វា​មិន​ពាក់ព័ន្ធ​ត្រង់​ថា ព្រះ​ជាម្ចាស់​ជ្រើស​រើស​បុគ្គល​ណា​ម្នាក់​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ពីព្រោះ​ពួក​គេ​នឹង​ស្លាប់​ក្នុង​ភាព​ជា​ទារក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​គ្រាន់​តែ​បាន​គ្រោងទុក​ថា មាន​តែ​អ្នក​ជ្រើស​តាំង​ទេ ដែល​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​ស្លាប់​ក្នុង​វ័យ​ជា​ទារក។ យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​លាស់​អំពី​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ថ្កោល​ទោស​ដោយ​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​មិន​បាន​ទទួល​សេចក្ដី​សង្គ្រោះ​បង្ហាញ​អំពើ​បាប​ដែល​ខ្លួន​មាន​តាំង​ពី​កំណើត​មក​តាម​រយៈ​ការ​ជ្រើស​រើស​ប្រព្រឹត្ត​អំពើ​បាប​នោះ​ដោយ​ចេតនា​ដោយ​ដឹង​ថា​ខ្លួន​កំពុង​តែ​ប្រព្រឹត្ត​ល្មើស។

ជា​ចុង​ក្រោយ ចំពោះ​អ្នក​ដែល​បាន​ទទួល​យក​បញ្ហា​មួយ​នេះ តាម​រយៈ​ការ​បាត់​បង់​កូន​ដោយ​ផ្ទាល់​ខ្លួន យើង​ចង់​លើក​ឡើង​ថា ការ​ដែល​ដឹង​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ទារក​ដែល​ស្លាប់​គឺ​ជា​កន្លែង​ដែល​លោក​អ្នក​អាច​ឲ្យ​ព្រលឹង​របស់​ខ្លួន​សម្រាក​លើ​បាន។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​កន្លែង​ទី២ដ៏​ល្អ​បំផុត​ប៉ុណ្ណោះ​ក្នុង​ការ​សម្រាក​ព្រលឹង​របស់​លោក​អ្នក។ ដូច​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដីអធិប្បាយ​មួយ​ទៀត​របស់​គាត់​នៅ​ឯ​ពិធីបុណ្យ​សព​សម្រាប់​ទារក​ដ៏​វ័យ​ក្មេង​ម្នាក់៖

កន្លែង​ដ៏​ល្អ​បំផុត​ទី១គឺ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១៩:៦៨—«ព្រះ​អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ»

នេះ​គឺ​ជា​ខ​គម្ពីរ​ដែល​លោក ជច ម្យូល័រ (George Müller) បាន​ប្រើ​ប្រាស់​នៅ​ពេល​ដែល​លោក​ស្រី ម៉ារា ដែល​ជា​ប្រពន្ធ​របស់​គាត់ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ក្ដៅ​សន្លាក់​ឆ្អឹង​នៅ​ក្នុង​ឆ្នាំ ១៨៦០។ ចំណុច​៣​យ៉ាង​របស់​គាត់​មាន​ដូច​ត​ទៅ៖

  • ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ប្រទាន​នាង​មក​ខ្ញុំ។
  • ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ទុក​នាង​នៅ​ជា​មួយ​ខ្ញុំ​យ៉ាង​យូរ។
  • ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ដក​នាង​ចេញ​ពី​ខ្ញុំ។

គាត់​មិន​បាន​យក​លោក​ស្រី ម៉ារា ជា​ចំណុច​ចាប់​ផ្ដើម ហើយ​បង្វែរ​ប្រធាន​បទ​មក​លើ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ គាត់​បាន​ចាប់​ផ្ដើម​ក្នុង​ចំណុច​នៃ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​ដោយ​មាន​ទំនុក​ចិត្ត​ដែល​មិន​អាច​រង្គើ​បាន ដែល​មាន​ឫស​គល់​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​គាត់​ក៏​បាន​កាត់​ស្រាយ​ជីវិត​របស់​គាត់ និង​ការ​បាត់​បង់​របស់​គាត់​ក្នុង​ទស្សនៈ​សេចក្ដី​ល្អ​មួយ​នោះ។

នោះ​ឯង​គឺ​ជា​ចំណុច​ស្នូល​នៃ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់—ហើយ​ក៏​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​យើង​ទាំង​អស់​គ្នា ពោល​គឺ​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​យើង។

ចំណុច​អង្វរ​ករ​ចុង​ក្រោយ​របស់​យើង​គឺ​ថា៖ ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ផ្ដាច់​យើង​ចេញ​ពី​គ្រប់​អ្វីៗ​នៅ​លើ​ផែនដី​នេះ​ដែល​អាច​និង​ល្បួង​យើង​មិន​ឲ្យ​ជឿ​លើ​ចំណុច​នេះ។

និពន្ធដោយ៖ លោកគ្រូ Matt Perman
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទ្រង់​ជា​ព្រះវិញ្ញាណ

ស្ថាន​​​​​​ភាពដ៏អាក្រក់របស់យើង