in

ហេតុអ្វី​ចាំបាច់​អធិស្ឋាន?

Why Pray if God Has Already Decided Everything?

តើ​ហេតុអ្វី​បាន​ជា​យើង​គួរ​តែ​អធិស្ឋាន ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​ការ​ទាំង​អស់​រួច​ស្រេច​ទៅ​ហើយ? ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​​មុន​នូវ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​នៅ​អនាគត​រួច​ស្រេច​ទៅ​ហើយ តើ​ឲ្យ​យើង​យល់​ពី​ភាព​ស៊ីគ្នា​រវាង​អំណាច​នៃ​ការ​អធិស្ឋាន​ដែល​ទេ​ ហើយ​ការ​នោះ​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បាន​យ៉ាង​ដូចម្ដេច (យ៉ាកុប ៥:១៦)?

យើង​អាច​រក​ចម្លើយ​ឃើញ​នៅ​ត្រង់​ចំណុច​ថា យើង​ត្រូវតែ​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ព្រះ​តម្រិះ​របស់​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​បាន​កំណត់​ទុក។

ការ​កំណត់​ទុក ≠ ព្រេងវាសនា

វា​ជា​ចំណុច​ដ៏​សំខាន់​ណាស់ ក្នុង​ការ​ដែល​យើង​ត្រូវ​តែ​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់ រវាង​ការ​កំណត់​ទុក និង​ព្រេងវាសនា។ មាន​អ្នក​ជឿ​លើ​សេចក្ដី​បង្រៀន​របស់​លោកគ្រូ ចន ខែលវិន (John Calvin) ជា​ច្រើន​នាក់​ជឿ​លើ​ចំណុច​មួយ​នៃ​ចំនួន​អំពី​ការ​កំណត់​ទុក—ដែល​នោះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​នូវ​រាល់​គ្រប់​ព្រឹត្តិការណ៍​នីមួយៗ​រួច​ស្រេច​ទៅ​ហើយ។ នៅក្នុង​រាល់​ពេលវេលា​នីមួយៗ​គឺ​មាន​អនាគត​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​នឹង​កើត​មាន​ឡើង​បាន៖ អនាគត​ដែល​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក។ ដាច់ខាត! យើង​មិន​ត្រូវ​មាន​ការ​ភ័ន្តច្រឡំ​លើ​ចំណុច​នេះ​ថា​វា​ដូច​គ្នា​នឹង​ព្រេងវាសនា​នោះ​ឡើយ។ ព្រេងវាសនា​គឺ​ជា​ទស្សនៈ​ដែល​គិតថា ការ​សម្រេច​ចិត្ត​របស់​យើង​មិន​ជះ​ឥទ្ធិពល​ទៅ​លើ​អនាគតកាល​ទេ។ មាន​គ្រីស្ទបរិស័ទ​មួយ​ចំនួន (ដែល​មាន​ទាំង​អ្នក​កាន់​តាម​សេចក្ដី​បង្រៀន​និង​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​លោកគ្រូ ចន ខែលវិន) គិត​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ​ទាក់​ទង់​នឹង​ព្រះ​តម្រិះ​របស់​ព្រះ​ជាម្ចាស់៖ «ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​នូវ​រាល់​ព្រឹត្តិការណ៍​ទាំង​អស់​នៅ​ពេល​អនាគត​រួច​ទៅ​ហើយ នោះ​មាន​ន័យ​ថា ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​មិន​ជះ​ឥទ្ធិពល​នៅ​លើ​អនាគត​ឡើយ»។

ព្រេងវាសនា​និង​សាសនា​គឺ​ជា​ទស្សនៈ​វិទ្យា ដែល​មិន​មាន​ភាព​ស៊ី​គ្នា និង​ភាព​ពេញ​ខ្នាត​ទេ។ ព្រេងវាសនា​បង្រៀន​ថា ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​នូវ​ព្រឹត្តិការណ៍​មួយ​ចំនួន​ឲ្យ​កើត​មាន​ឡើង​នៅ​អនាគត ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​គ្រោង​នូវ​រាល់​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​ទេ។

ឧបមា​ថា ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​ថា ទ្រង់​នឹង​ព្យាបាល​កញ្ញា រដ្ឋា ឲ្យ​ជា​ពី​ជំងឺ​មហារីក​ប្រមាណ​២-៣​ខែ​នៅ​ពេល​ខាង​មុខ​នេះ ហើយ​ការ​នោះ​នឹង​ត្រូវ​តែ​កើត​មាន​ឡើង ពោល​គឺ​ការ​នោះ​ត្រូវ​តែ​កើត​មាន​ឡើង​ដោយ​មិន​អាក់ខាន​បាន​ឡើយ។ ដាច់​ខាត់! ត្រូវតែ​កើត​ឡើង ដោយសារ​ព្រះ​ជាម្ចាស់​បាន​គ្រោង​ព្រឹត្តិការណ៍​នោះ​ទុក​រួច​ជា​ការ​ស្រេច​ទៅ​ហើយ។ ប៉ុន្តែ ព្រឹត្តិការណ៍​នានា​ដែល​បាន​នាំ​ទៅ​កាន់​ពេល​វេលា​មួយ​នោះ​ក៏​ព្រះ​ជាម្ចាស់​បាន​គ្រោងទុក​ផង​ដែរ៖ មាន​រួម​ទាំង​ពេល​ដែល​អ្នក​ដទៃ​អធិស្ឋាន​ទទូច​អង្វរ​ជំនួស​កញ្ញា រដ្ឋា ផង​ដែរ។

ព្រះ​ជាម្ចាស់​មិន​ត្រឹម​តែ​បាន​ព្រះ​តម្រិះ​ទុក​នូវ​ទី​បញ្ចប់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​តម្រិះ​ទុក​ពី​ដំណើរ​នៃ​ដំណាក់​កាល​ដែល​នាំ​ឲ្យ​ដល់​ទី​បញ្ចប់​នោះ​ផង​ដែរ។ ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​នូវ​ផែនការ​នៃ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​ក៏​បាន​កំណត់​ទុក​នូវ​ដំណើរ​ការ​នៃ​ការ​ឈាន​ទៅ​ដល់​ការ​សុគត នូវ​ដំណើរ​ការ​នៃ​ការ​ដែល​គេ​នាំ​ព្រះ​គ្រីស្ទ​ទៅ​ជួប​អ្នក​ដឹកនាំ និង​នូវ​ដំណើរ​ការ​នៃ​ការ​ដែល​គេ​ក្បត់​ទ្រង់​ផង​ដែរ។ ព្រះ​ជាម្ចាស់​គ្រប់គ្រង​លើ​រាល់​ព្រឹត្តិការណ៍​ទាំង​អស់​នៅក្នុង​ចក្រវាល​របស់​ទ្រង់—ដែល​មាន​រួម​ទាំង​ព្រឹត្តិការណ៍ «តូចៗ» និង​ព្រឹត្តិការណ៍​ «ធំៗ» កើតឡើង​បាន​ផង​ដែរ។

សរុប​សេចក្ដី​មក អ្វីៗ​ដែល​នឹង​កើតឡើង​នៅ​ពេល​អនាគត គឺ​ស្រ័យ​ទៅ​លើ​អ្វី​ដែល​យើង​ធ្វើ បូក​រួម​ទាំង​ការ​អធិស្ឋាន​របស់​យើង​នា​ពេល​បច្ចុប្បន្នកាល​ផង​ដែរ​។

ការ​អធិស្ឋាន​អាច​ផ្លាស់ប្ដូរ​អនាគត​បាន​

មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើតឡើង​គឺ ដោយសារ​មាន​គេ​បាន​អធិស្ឋាន​ឲ្យ​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង ហើយ​វា​មិន​អាច​កើតឡើង​បាន​ឡើយ ប្រសិនបើ​មិន​មាន​គេ​អធិស្ឋាន​ឲ្យ​វា​កើត​ឡើង។

ដូច​ដែល​មាន​ចែង​នៅក្នុង​ព្រះ​បន្ទូល និង​តាមរយៈ​បទ​ពិសោធន៍​ផ្ទាល់​របស់​យើង យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​ឆ្លើយតប​នឹង​ការ​អធិស្ឋាន។ លោក ម៉ូសេ បាន​អធិស្ឋាន​ទូល​សុំ​ចំណី​អាហារ ក៏​ដូច​សុំ​ទឹក​សម្រាប់​សាសន៍​អ៊‌ីស្រាអែល (និក្ខមនំ ១៥ និង​ជនគណនា ១១) នាង ហាណា បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​កូន (១ស៊ាំយូអែល ១) ហើយ​ហោរា អេលីយ៉ា បាន​អធិស្ឋាន​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​កើត​មាន​ឡើង ហើយ​បន្ទាប់​មក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ (១ពង្សាវតាក្សត្រ ១៨-១៩) ។ ចំពោះ​ព្រឹត្តិការណ៍​ដែល​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​នោះ​​វា​​ក៏​បាន​កើតឡើង។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ក៏​បាន​កំណត់​ទុក​ឲ្យ​លោក ម៉ូសេ នាង ហាណា ហើយនិង​ហោរា អេលីយ៉ា ត្រូវ​អធិស្ឋាន​សម្រាប់​ព្រឹត្តិការណ៍​ទាំង​នោះ​ផង​ដែរ។ ត្រង់​នេះ ព្រឹត្តិការណ៍​ទាំង​នោះ​នឹង​មិន​អាច​កើត​ឡើង​ដោយ​ឯងៗ​បាន​ឡើយ ប្រសិនបើ​ពួកគាត់​មិន​បាន​អធិស្ឋាន​ឲ្យ​ការ​ទាំង​នោះ​កើត​ឡើង។ លោកគ្រូ សែម​ ស្ទំមស៍​ (Sam Storms) បាន​លើកឡើង​យ៉ាង​ត្រឹមត្រូវ​ថា «ដាច់ខាត! យើង​មិន​ត្រូវ​ផ្សងសំណាង​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​អ្វី​មួយ​ដល់​យើង លុះត្រា​តែ​តាមរយៈ​ការ​អធិស្ឋាន​សម្រាប់​អ្វី​ដែល​ព្រះ​អង្គ​បាន​តម្រិះ​ទុក​ជា​មុន​ថា​នឹង​ប្រទាន​ដល់​យើង​តាម​តែ​រយៈ​ការ​អធិស្ឋាន។»

ប្រសិនបើ​យើង​លើកឡើង​ថា យើង​មិន​ចាំ​បាច់​អធិស្ឋាន ដោយសារ​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​នូវ​រាល់​លទ្ធផល​រួច​អស់​ទៅ​ហើយ នោះ​ពិត​ជា​គួរ​ឲ្យ​ចង់​អស់​សំណើច​មែន ព្រោះ​វា​ប្រៀប​ដូច​នឹង​ការ​ដែល​យើង​ថា យើង​មិន​ចាំ​បាច់​លេប​ថ្នាំ ធ្វើ​ការ​រក​ស៊ី ឬ​ក៏​ស្វែងរក​ដៃគូ​អនាគត​នោះ​ទេ ដោយ​គិតថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​កំណត់​ទុក​នូវ​រាល់​លទ្ធផល​រួច​ស្រេច​បាត់​ទៅ​ហើយ។ ជា​ការ​ពិត​ណាស់! ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​នូវ​រាល់​លទ្ធផល​សព្វ​គ្រប់​ទាំង​អស់​រួចស្រេច​ទៅ​ហើយ ប៉ុន្តែ​ព្រះ​ជាម្ចាស់​ក៏​បាន​កំណត់​នូវ​ដំណើរ​ការ​ដែល​នឹង​នាំ​ឲ្យ​លទ្ធផល​ទាំង​នោះ​ត្រូវ​កើតមាន​ឡើង​ផង​ដែរ។

ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​ស្ត្រី​ណា​ម្នាក់​មាន​ការ​ជា​សះស្បើយ​ពី​ជំងឺ​មហារីក នោះ​ព្រះ​អង្គ​ក៏​បាន​កំណត់​ទុក​ឲ្យ​មាន​អ្នក​ដទៃ​អធិស្ឋាន​ទទូច​អង្វរ​ជំនួស​ស្ត្រី​ម្នាក់​នោះ​ផង​ដែរ។ នេះ​យើង​មិន​ទាន់​ទាំង​បាន​លើក​ឡើង​ពី​ចំណុច​ដែល​ទាក់ទង​នឹង​ការ​ដែល​ព្រះ​អង្គ​ត្រូវ​កំណត់​អ្នក​ឯក​ទេស​ខាង​ជំងឺ​មហារីក​ឲ្យ​គាត់​កើត​មក ដែល​នឹង​ត្រូវ​ធ្វើ​ការ​វះកាត់​លើ​ស្ត្រី​ម្នាក់​នោះ និង​ការ​បើក​សាលា​ពេទ្យ​នៅ​តំបន់​នោះ​នៅ​ឡើយ​ផង​ដែរ។ ការ​អធិស្ឋាន​គឺ​ជា​របៀប​មួយ​នៃ​របៀប​ជា​ច្រើន ដែល​ព្រះ​ជាម្ចាស់​ប្រើប្រាស់​ក្នុង​ការ​កំណត់​ទុក។

ព្រះ​ជាម្ចាស់​ព្រះ​តម្រិះ​ទុក​ការ​អធិស្ឋាន​របស់​យើង

ស្រដៀង​គ្នា​នេះ​ផង​ដែរ ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​មាន​ការ​កំណត់​ទុក​ឲ្យ​កញ្ញា រដ្ឋា សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ក្នុង​ឆ្នាំ ២០១៧ នោះ​ទ្រង់​ក៏​បាន​កំណត់​ទុក​ឲ្យ​មនុស្ស​ដែល​នឹង​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​នាង​កើត​មក​ផង​ដែរ ក៏​ដូច​ជា​ឲ្យ​មាន​អ្នក​ដទៃ​អធិស្ឋាន​ទទូច​អង្វរ​ជំនួស​នាង​ដែរ។ ដូច​ដែល​លោកគ្រូ ស៊ី. អេស. លូវ៉ីស (C. S. Lewis) បាន​ពន្យល់​ផង​ដែរ​ថា

«ព្រឹត្តិការណ៍ [ទាក់ទង​ទៅ​សំណួរ​ដែល​យើង​កំពុង​សួរ] គឺ​ត្រូវ​បាន​សម្រេច​ទុក​រួច​ស្រេច​ទៅ​ហើយ នៅ​ក្នុង​អត្ថន័យ​មួយ​ត្រង់​ថា ការ​សម្រេច​ទុក​នោះ​នឹង​កើត​ឡើង «តាំង​ពី​មុន​នឹង​មាន​ផែនដី​កើត​មាន​ទៅ​ទៀត»។ ប៉ុន្តែ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បែប​នោះ​ដែល​យើង​ត្រូវ​ពិចារណា​គឺ​ត្រង់​ថា បុព្វហេតុ​ដែល​នាំ​ឲ្យ​ការ​នោះ​កើតឡើង​គឺ​ទំនង​ទាក់ទង​ទៅ​នឹង​ការ​អធិស្ឋាន​ដែល​យើង​កំពុង​តែ​លើកឡើង​ទូល​ថ្វាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ឥឡូវ​នេះ​ផង​ដែរ…សេរីភាព​នៃ​ជម្រើស​របស់​ខ្ញុំ [ដែល​ទាក់ទង​នឹង​ការ​អធិស្ឋាន] ផ្ដល់​ជា​វិភាគទាន​ក្នុង​ចំណែក​នៃ​ដំណើរ​ការ​លើ​ពិភពលោក​នេះ។ ការ​ផ្ដល់​ជា​វិភាគទាន​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​តាំង​ពី​នៅ​អស់កល្ប​ជានិច្ច​ម៉្លេះ ឬ​ក៏​យើង​ក៏​អាច​និយាយ​ម្យ៉ាង​វិញ​ទៀត​ថា «តាំង​ពី​មុន​មាន​ផែនដី​កើត​មាន​ឡើង​ទៅ​ទៀត» ប៉ុន្តែ​ស្មារតី​របស់​ខ្ញុំ​ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ជា​វិភាគទាន​នោះ​បាន​មក​ដល់​ខ្ញុំ​ក្នុង​ពេល​ដ៏​ជាក់លាក់​មួយ​បែប​ជា​លំដាប់​លំដោយ​នៃ​ពេលវេលា។»

ជា​ថ្មី​ម្ដង​ទៀត ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​កំណត់​ទុក​នូវ​ចំណុច​នៃ​ទី​បញ្ចប់ ហើយ​ព្រះ​អង្គ​ក៏​បាន​កំណត់​ទុក​នូវ​ដំណើរ​ការ​នៃ​ទី​បញ្ចប់​នោះ​ផង​ដែរ ដែល​មាន​រួម​បញ្ចូល​ទាំង​ការ​អធិស្ឋាន​ដែល​យើង​លើកឡើង។ ហើយ​ផង​ដែរ ព្រះ​អង្គ​ក៏​បាន​ព្រះ​តម្រិះ​ទុក​ការ​ដែល​ទ្រង់​នឹង​ថ្លែង​ការ​អន្តរាគមន៍​ទុក​សម្រាប់​ជា​ការ​ឆ្លើយតប​នឹង​ការ​ទូល​អង្វរ​ដោយ​មាន​ពេញ​ទៅ​ដោយ​ជំនឿ។

បើ​និយាយ​ឲ្យ​កាន់តែ​សាមញ្ញៗ​ទៅ៖ ព្រះ​ជាម្ចាស់​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​យើង​ក្នុង​ការ​ដែល​យើង​មាន​ចំណែក​ក្នុង​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ។

ប្រសិនបើ​ការ​យល់​ដឹង​របស់​លោកអ្នក​ទាក់ទង​នឹង​ការ​គ្រោងទុក​មុន​របស់​ព្រះ​ជាម្ចាស់​នោះ​គឺ​ជា​ការ​យល់​ដឹង​ដែល​នាំ​ឲ្យ​លោកអ្នក​អធិស្ឋាន​កាន់​តែ​តិចៗ​ទៅ តែ​ពេល​នេះ​ដាច់ខាត លោកអ្នក​ត្រូវ​តែ​គិត​សារ​ជា​ថ្មី​ឡើង​វិញ ទាក់ទង​នឹង​ការ​គ្រោងទុក​របស់​ព្រះ​ជាម្ចាស់។ មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នឹង​មិន​អាច​កើតឡើង​បាន ព្រម​ទាំង​ព្រលឹង​វិញ្ញាណ​មួយ​ចំនួន​ដែល​នឹង​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ ក៏​ដូច​ជា​ទំនាក់ទំនង​មួយ​ចំនួន​ដែល​​មិន​អាច​ទទួល​បាន​ការ​ស្ដារ​ឡើង​វិញ​បាន លុះត្រា​តែ​យើង​អធិស្ឋាន​សម្រាប់​ការ​ទាំង​នោះ។ ការ​អធិស្ឋាន​របស់​យើង​ធ្វើ​​មាន​អ្វី​ទាំង​អស់​កើតឡើង​បាន​ដោយ​ព្រះអង្គ​។

តាមរយៈ​ការ​យល់​ដឹង​តែ​មួយ​គត់​នោះ វា​គួរ​តែ​នាំ​ឲ្យ​យើង​លុត​ជង្គង់​ចុះ។

និពន្ធ​ដោយ៖ លោកគ្រូ Paul Rezkalla
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ពេលខ្លះខ្ញុំអធិស្ឋានតែពេលដែលខ្ញុំពិបាកចិត្ត ដោះស្រាយមិនចេញប៉ុណ្ណោះ
    ហើយពេលខ្លះខ្ញុំក៏ដឹងថាអធិស្ឋានហើយនិងមានអ្វីកើតឡើងដែរ
    ខ្ញុំប្រៀបដូចជាមនុស្សវង្វេង រាល់ថ្ងៃមិនដែលអានគម្ពី ពេលមានបញ្ហាមិនចេះដោះស្រាយ

    • សួរ​ស្ដី​បងស្រី ឬ​បងប្រុស (ខ្ញុំ​អត់ដឹង​ថា បងជា​ស្រី ឬ​ប្រុសទេ) ខ្ញុំគិត​ថា ក្នុង​នាម​យើ​ងគ្រីស្ទរិស័ទ​ ដែល​មាន​ជំនឿ​ជឿ​លើ​ព្រះ​ដ៏ពិត យើង​គួរ​តែចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អធិស្ឋាន​ទៅ​ព្រះ​នៃ​យើង។ វា​ជា​ការល្អមែន​ទែន​ដែល​ព្រះ​នៃ​ពីភពលោកទាំងមូល​ឲ្យ​អភ័យ​ឯកសិទ្ធ​ដល់​យើង​ក្នុង​ការអធិស្ឋាន ឬ​ទូល​ប្រាប់ និយាយ​ស្ដាប់​គឺ​និយាយ​ទៅកាន់​​ព្រះ​អង្គផ្ទាល់ ហើយ​មិនត្រឹមតែ​ប៉ុណ្ណោះ ទ្រង់ផ្ទៀងព្រះ​ការណ៌ស្ដាប់​យើង​យ៉ាង​យកចិត្តទុក្ខដាក់ណាស់។ យើង​អាចទូល​ប្រាប់​គ្រប់​រឿង​នៃ​ជីវិត​ទាំងអស់​ទៅ​កាន់​ព្រះ​អង្គ​បាន ទាំង​លន់តួរ និង​សរសើរ ការ​អរព្រះ​គុណ ល ។ សូម​បងកុំគិត​ថា ការ​អធិស្ឋាន​គឺ​ជា​ការ​និយាយ​តែ​ម្នាក់ដោយ​ពុំមាន​អ្នកណា​ស្ដាប់​ឡើយ។ ធាតុនោះ​គឺ​ជាអារម្មណ៏របស់​យើងខ្សឹប​យ៉ាង​ដូច្នោះ។ សូម​បងចូល​ទៅកាន់​ព្រះ​អង្គ​ដោយ​បន្ទាប​ខ្លួន​ជារៀងរាល់​ថ្ងៃ​ ដោយ​អធិស្ឋាន ចំនាយពេលអាន​ព្រះ​គម្ពីរ​ សិក្សា​ព្រះ​គម្ពីរ ស្ដាប់​ចម្រៀង​ព្រះ​ ហើយ​ចំណាយ​ពេល​ជាមួយ​គ្រីស្ទបរិស័ទ​ដទៃ​ទៀតឲ្យ​បាន​ច្រើន។ ១ ថែស្សាឡូនីច​ ៥:១៧ បាន​ចែង​ថា «ចូរអធិស្ឋាន​ឥត​ឈប់ឈរ» ។ សូមព្រះប្រទានពរ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នោះ​មិនមែន​ជា​ដំណឹង​ល្អ

​ឈរ​នៅ​ចន្លោះ