ដៃគូរបស់យើង
យើងបានបង្កើតគេហទំព័រនេះ ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទខ្មែរ។ យើងជឿយ៉ាងមុតមាំលើព្រះគម្ពីររបស់ព្រះជាម្ចាស់ ហើយចង់ឈរមាំមួននៅលើព្រះបន្ទូលរបស់ព្រះអង្គ។ ដូច្នេះដើម្បីជាការការពារពីសេចក្តីបង្រៀនខុសឆ្គង យើងបានយកគោលជំនឿរបស់ The Gospel Coalition ដែលបានបកប្រែដោយគេហទំព័រ ដៃគូក្នុងដំណឹងល្អ ធ្វើជាគោលរបស់យើង។
បើសិនជាបងប្អូនមានចំណាប់អារម្មណ៍ស្ម័គ្រចិត្តចង់រួមចំណែកជួយរចនាអត្ថបទ ឬបកប្រែសូមទំនាក់ទំនងជាមួយយើងខ្ញុំ។
គោលជំនឿ
១. ព្រះត្រៃឯក
យើងជឿថា មានព្រះមួយអង្គដែលគង់នៅអស់កល្បជានិច្ចក្នុងតួបុគ្គលបីអង្គដែលជាព្រះស្មើគ្នាគឺព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់ស្គាល់ស្រឡាញ់ ហើយថ្វាយសិរីល្អដល់គ្នាទៅវិញទៅមក។ ព្រះអង្គជាព្រះដ៏ពិតហើយមានព្រះជន្មគង់នៅ។ ទ្រង់គ្រប់លក្ខណ៍ឥតខ្ចោះទាំងក្នុងសេចក្តីស្រឡាញ់ និងសេចក្តីបរិសុទ្ធរបស់ទ្រង់ផង។ ទ្រង់ជាព្រះអាទិករលើរបស់សព្វសារពើគឺទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ដូច្នេះហើយទ្រង់សមនឹងទទួលសិរីរុងរឿង និងការលើកតម្កើងទាំងស្រុង។ ដោយព្រោះទ្រង់ជាព្រះដែលមិនចេះសុគត ហើយគង់នៅអស់កល្បជានិច្ចទ្រង់ជ្រាបយ៉ាងពេញលេញ និងល្អិតល្អន់អំពីទីបញ្ចប់តាំងពីដើមដំបូងមកក៏ទ្រទ្រង់ ហើយគ្រប់គ្រងលើគ្រប់ទាំងអស់ប្រកបដោយអធិបតេយ្យភាព។ ព្រះអង្គក៏បង្កើតនូវផែនការដ៏ល្អតាំងពីអស់កល្បដោយទ្រង់ផ្ទាល់បានចូលរួមធ្វើអន្តរាគមន៍ ដើម្បីប្រោសលោះប្រជារាស្ត្រមួយសម្រាប់ទ្រង់ និងស្ដារឡើងវិញនូវរាល់ស្នាព្រះហត្ថទ្រង់ដែលបានធ្លាក់ចុះសម្រាប់ជាការសរសើរដល់ព្រះគុណដ៏មានសិរីល្អរបស់ទ្រង់។
២. ការបើកសម្ដែង
យើងជឿថា ដោយសារព្រះគុណទ្រង់ព្រះបានបង្ហាញឲ្យឃើញអត្ថិភាពនិងព្រះចេស្ដារបស់ទ្រង់នៅក្នុងលំដាប់លំដោយនៃសព្វសារពើដែលព្រះបានបង្កើត ហើយទ្រង់ក៏បានបើកសម្ដែងយ៉ាងច្បាស់អំពីអង្គទ្រង់ដល់មនុស្សជាតិដែលបានធ្លាក់ចុះក្នុងអង្គបុគ្គលនៃព្រះរាជបុត្រាទ្រង់គឺជាព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម។ លើសជាងនេះទៀតព្រះអង្គគឺជាព្រះដែលមានបន្ទូល ហើយដោយសារព្រះវិញ្ញាណរបស់ទ្រង់នោះទ្រង់បានបង្ហាញអង្គទ្រង់ដោយព្រះគុណតាមរយៈភាសាមនុស្សជាតិ៖ យើងជឿថាព្រះបានបណ្តាលឲ្យតែងព្រះបន្ទូលដែលបានរក្សាទុកក្នុងព្រះគម្ពីរគឺសៀវភៅទាំងហុកសិបប្រាំមួយកណ្ឌនៃគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីដែលសញ្ញាទាំងពីរនេះគឺជាកំណត់ត្រា និងជាមធ្យោបាយនៃព្រះរាជកិច្ចសង្គ្រោះរបស់ទ្រង់ក្នុងលោកីយ៍នេះ។ មានតែសំណេរទាំងនេះប៉ុណ្ណោះដែលជាព្រះបន្ទូលដែលព្រះបានបណ្តាលឲ្យតែងតាមរយះពាក្យសម្ដីជាព្រះបន្ទូលដែលមានសិទ្ធអំណាចពេញទីក៏គ្មានកំហុសនៅក្នុងសំណេរដើម ហើយដែលមានភាពពេញលេញនៅក្នុងការបើកសម្ដែងអំពីព្រះហរទ័យទ្រង់សម្រាប់សេចក្តីសង្គ្រោះ។ សំណេរទាំងនេះក៏គ្រប់គ្រាន់សម្រាប់អស់ទាំងអ្វីៗដែលព្រះទ្រង់តម្រូវឲ្យយើងជឿ និងប្រព្រឹត្តតាម ហើយក៏ជាសិទ្ធអំណាចចុងក្រោយលើរាល់វិស័យនៃតម្រិះទាំងឡាយដែលព្រះបន្ទូលនិយាយទៅកាន់ផង។ យើងព្រមទទួលសារភាពថាភាពមានដែនកំណត់ និងអំពើបាបរបស់យើងរាល់គ្នាបានរារាំងមិនអាចឲ្យយើងស្គាល់សេចក្តីពិតនៃព្រះបានពេញលេញឡើយ ប៉ុន្តែយើងអះអាងថាដោយមានការជួយបំភ្លឺពីព្រះវិញ្ញាណនៃព្រះនោះយើងអាចស្គាល់សេចក្តីពិតដែលព្រះបានបើកសម្ដែងបានយ៉ាងពិតប្រាកដ។ យើងត្រូវជឿព្រះគម្ពីរ ជាសេចក្ដីប្រៀនប្រដៅរបស់ព្រះនូវគ្រប់ទាំងសេចក្ដីដែលព្រះគម្ពីរបង្រៀន ត្រូវគរពតាមព្រះគម្ពីរទុកជាសេចក្ដីបង្គាប់របស់ព្រះនូវគ្រប់ទាំងសេចក្ដីតម្រូវ ហើយត្រូវទុកចិត្តព្រះគម្ពីរ ជាពាក្យសន្យានៃព្រះ នូវគ្រប់ទាំងសេចក្ដីដែលព្រះគម្ពីរសន្យាផង។ នៅពេលដែលប្រជារាស្ត្ររបស់ព្រះឮ ជឿ ហើយធ្វើតាមព្រះបន្ទូលនោះពួកគេត្រូវបានបំពាក់បំប៉ន ដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទនឹងធ្វើជាទីបន្ទាល់អំពីដំណឹងល្អ។
៣. ការបង្កើតមនុស្សជាតិ
យើងជឿថា ព្រះជាម្ចាស់បានបង្កើតមនុស្សមកជាប្រុសជាស្រីដូចរូបអង្គទ្រង់។ លោក អ័ដាម និងនាង អេវ៉ា ស្ថិតនៅក្នុងលំដាប់នៃការបង្កើតដែលព្រះអម្ចាស់ផ្ទាល់បានប្រកាសថា ជាការល្អប្រពៃ។ ពួកគេគឺជាភ្នាក់ងាររបស់ព្រះ ដើម្បីថែរក្សាចាត់ចែងហើយត្រួតត្រាលើស្នាព្រះហត្ថទាំងឡាយ ហើយរស់នៅដោយមានសេចក្តីប្រកបដ៏បរិសុទ្ធ និងភក្ដីភាពជាមួយនឹងព្រះអាទិកររបស់គេ។ មនុស្សប្រុស និងមនុស្សស្រីត្រូវបានបង្កើតមកយ៉ាងស្មើគ្នាតាមរូបអង្គទ្រង់រីករាយចំពោះសិទ្ធស្មើគ្នាក្នុងការចូលមកឯព្រះដោយជំនឿក្នុងព្រះគ្រីស្ទ ហើយជនទាំងពីរភេទនេះក៏ត្រូវបានព្រះត្រាស់ហៅឲ្យចេញពីជីវិតអកម្មដែលបំពេញតែបំណងប្រាថ្នាខ្លួនឯងមកឯជីវិតឯកជន និងសាធារណៈដ៏សំខាន់ដែលរួមចំណែកយ៉ាងសកម្មនៅក្នុងក្រុមគ្រួសារពួកជំនុំ និងជីវិតជាពលរដ្ឋ។ លោក អ័ដាម និងនាង អេវ៉ា ត្រូវបានបង្កើតមក ដើម្បីជួយបំពេញដល់គ្នាទៅវិញទៅមកក្នុងការរួមសម្ព័ន្ធមេត្រីជាសាច់តែមួយដែលបង្កើតបានជាខ្នាតសីលធម៌នៃការរួមបវេណីតែមួយគត់សម្រាប់បុរស និងស្ត្រីដូច្នេះអាពាហ៍ពិពាហ៍បែបនេះឯងគឺជាគំរូបង្ហាញអំពីសម្ព័ន្ធមេត្រីរវាងព្រះគ្រីស្ទនឹងពួកជំនុំទ្រង់។
នៅក្នុងគម្រោងផែនការដ៏ឈ្លាសវៃរបស់ព្រះបុរស និងស្ត្រីមិនមែនអាចផ្លាស់ប្តូរគ្នានោះឡើយ (គឺបុរស និងស្ត្រីមានលក្ខណៈខុសពីផ្សេងពីគ្នា) គឺពួកគេត្រូវបំពេញដល់គ្នាទៅវិញទៅមកក្នុងផ្លូវដែលចម្រើនដល់គ្នាទៅវិញទៅមក។ ព្រះទ្រង់បានកំណត់ថាពួកគេត្រូវមានតួនាទីផ្សេងៗគ្នាដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនៃសេចក្តីស្រឡាញ់រវាងព្រះគ្រីស្ទ និងពួកជំនុំប្តីត្រូវទទួលខុសត្រូវជាមេគ្រួសារក្នុងរបៀបមួយដែលបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏យកចិត្តទុកដាក់ និងលះបង់របស់ព្រះគ្រីស្ទរីឯប្រពន្ធវិញគឺត្រូវចុះចូលចំពោះប្តីនាងក្នុងរបៀបមួយដែលធ្វើជាគំរូនៃសេចក្តីស្រឡាញ់របស់ពួកជំនុំដល់ព្រះអម្ចាស់របស់នាង (គឺព្រះគ្រីស្ទ)។ នៅក្នុងព័ន្ធកិច្ចនៃពួកជំនុំបុរស និងស្ត្រីត្រូវបានលើកទឹកចិត្តឲ្យបម្រើព្រះគ្រីស្ទទាំងអស់គ្នា ហើយនឹងបង្កើនឲ្យមានសមត្ថភាពពេញលេញក្នុងព័ន្ធកិច្ចនានានៃរាស្ត្ររបស់ព្រះ។ តួនាទីដឹកនាំពិសេសនៅក្នុងពួកជំនុំដែលបានប្រទានឲ្យដល់បុរសដែលមានលក្ខណសម្បត្តិល្អគឺមានមូលដ្ឋាននៅក្នុងការបង្កើតការធ្លាក់ចុះ និងការប្រោសលោះហើយមិនត្រូវដកតួនាទីនេះចេញដោយសម្អាងទៅលើការបត់បែនវប្បធម៌នោះឡើយ។
៤. ការធ្លាក់ចុះ
យើងជឿថា លោក អ័ដាម ដែលបានបង្កើតមកដូចរូបអង្គព្រះបានធ្វើឲ្យខូចភាពដូចរូបអង្គទ្រង់នោះ ហើយក៏បានធ្វើឲ្យបាត់បង់ព្រះពរដើមដល់ខ្លួនគាត់ព្រមទាំងដល់កូនចៅគាត់ទាំងអស់ផងគឺដោយសារការធ្លាក់ចុះទៅក្នុងអំពើបាបតាមរយៈសេចក្តីល្បួងរបស់អារក្សសាតាំង។ ជាលទ្ធផលគឺគ្រប់មនុស្សជាតិទាំងអស់បានដាច់ចេញពីព្រះក៏បានត្រឡប់ជាពុករលួយក្នុងគ្រប់ទ្រង់ទ្រាយនៃភាវៈរបស់គេ (ឧទាហរណ៍៖ ដូចជាផ្នែកខាងរូបកាយខាងគំនិតខាងឆន្ទៈខាងមនោសញ្ចេតនាខាងឯវិញ្ញាណជាដើម) ហើយទីបញ្ចប់ក៏ត្រូវទទួលទោស និងសេចក្តីស្លាប់ជាក់ជាមិនខាន បើសិនជាគ្មានកិច្ចអន្តរាគមន៍ដែលប្រកបដោយព្រះគុណរបស់ព្រះអង្គនោះ។ សេចក្តីត្រូវការដ៏ធំបំផុតរបស់មនុស្សជាតិគឺការផ្សះជាមួយនឹងព្រះដែលយើងត្រូវឈរនៅចំពោះសេចក្តីក្រោធដ៏សេចក្តីយុត្តិធម៌ និងបរិសុទ្ធរបស់ទ្រង់ ហើយសេចក្តីសង្ឃឹមតែមួយគត់របស់មនុស្សគ្រប់រូបនោះគឺស្ថិតនៅលើសេចក្តីស្រឡាញ់ដែលយើងមិនសមនឹងទទួលរបស់ព្រះអង្គដដែលនេះឯង។ មានតែទ្រង់មួយអង្គប៉ុណ្ណោះ ដែលអាចជួយរំដោះយើង និងធ្វើឲ្យយើងអាចមកឯទ្រង់វិញបាន។
៥. គម្រោងផែនការណ៍របស់ព្រះ
យើងជឿថា តាំងពីដើមអស់កល្បរៀងមកព្រះទ្រង់បានប្ដេជ្ញាដោយព្រះគុណរួចហើយថានឹងសង្គ្រោះដល់មនុស្សមានបាបមួយហ្វូងយ៉ាងធំដែលមកពីគ្រប់ទាំងសាសន៍គ្រប់ទាំងពូជមនុស្សគ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសាហើយទ្រង់សម្រេចផែនការនេះ ដោយបានស្គាល់គេជាមុនហើយក៏បានជ្រើសគេផងដែរ។ យើងជឿថា ព្រះទ្រង់រាប់ជាសុចរិតហើយញែកជាបរិសុទ្ធដល់អស់អ្នកណាដែលមានជំនឿលើព្រះយេស៊ូវ ដោយសារព្រះគុណទ្រង់ ហើយក៏ជឿថានៅថ្ងៃមួយទ្រង់នឹងប្រទានសិរីល្អដល់គេគឺគ្រប់ទាំងអស់សម្រាប់ជាការសរសើរដល់ព្រះគុណដ៏មានសិរីល្អនៃទ្រង់។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះទ្រង់បង្គាប់ ហើយក៏អង្វរមនុស្សទាំងអស់ឲ្យប្រែចិត្ត ហើយជឿដោយបានដាក់សេចក្តីស្រឡាញ់របស់ទ្រង់ដែលនាំទៅឯសេចក្តីសង្គ្រោះដល់ពួកអ្នកដែលទ្រង់បានជ្រើសរើស និងដោយបានតាំងព្រះគ្រីស្ទឡើងជាព្រះអង្គប្រោសលោះរបស់ពួកគេផង។
៦. ដំណឹងល្អ
យើងជឿថា ដំណឹងល្អគឺជាដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទដ៏ជាតួប្រាជ្ញានៃព្រះ។ លោកីយ៍ចាត់ទុកដំណឹងល្អថាជាសេចក្ដីចំកួតទោះបីវាជាព្រះចេស្ដានៃព្រះដល់អស់អ្នកដែលកំពុងបានសង្គ្រោះក៏ដោយដំណឹងល្អនេះគឺថ្លែងអំពីព្រះគ្រីស្ទដែលផ្ដោតទៅលើឈើឆ្កាង និងការរស់ឡើងវិញគឺបានសេចក្តីថាបើមិនបានប្រកាសអំពីព្រះគ្រីស្ទទេនោះក៏មិនមានការប្រកាសដំណឹងល្អដែរហើយក៏គ្មានការប្រកាសអំពីព្រះគ្រីស្ទដ៏ពិតប្រាកដដែរបើសេចក្តីប្រកាសនោះមិនផ្ដោតទៅលើការសុគត និងការរស់ឡើងវិញរបស់ទ្រង់ (ខ្លឹមសារសំខាន់នោះគឺ៖ «ព្រះគ្រីស្ទបានសុគតដោយព្រោះបាបរបស់យើងរាល់គ្នា… [ហើយ] ទ្រង់មានព្រះជន្មរស់ឡើងវិញ»)។ ដំណឹងល្អនេះគឺតាមព្រះគម្ពីរ (ការសុគត និងការរស់ឡើងវិញរបស់ទ្រង់តាមបទព្រះគម្ពីរ) តាមទេវសាស្ត្រ និងសេចក្តីសង្គ្រោះ (ព្រះគ្រីស្ទបានសុគតជំនួសអំពើបាបរបស់យើងរាល់គ្នា ដើម្បីផ្សះផ្សាយើងរាល់គ្នាជាមួយនឹងព្រះវិញ) តាមប្រវត្តិសាស្ត្រ (បើសិនជាព្រឹត្តិការណ៍នៃការសង្គ្រោះនោះមិនបានកើតឡើងទេនោះជំនឿរបស់យើងរាល់គ្នាឥតប្រយោជន៍យើងនៅក្នុងអំពើបាបរបស់យើងរាល់គ្នានៅឡើយ ហើយយើងក៏គួរឲ្យអាណិតអាសូរជាងមនុស្សទាំងអស់ផង) តាមពួកសាវ័ក (ព្រះបានផ្ទុកផ្ដាក់ព្រះបន្ទូលទៅពួកសាវ័ក ដើម្បីផ្សព្វផ្សាយបន្តដោយពួកគេគឺជាស្មរបន្ទាល់អំពីព្រឹត្តិការណ៍សង្គ្រោះនេះ) ហើយក៏តាមបុគ្គលម្នាក់ៗផ្ទាល់ដែរ (បើបុគ្គលណាម្នាក់ទទួលជឿហើយកាន់ខ្ជាប់ខ្ជួនតាមដំណឹងល្អបុគ្គលនោះបានសង្គ្រោះ)។
៧. ការប្រោសលោះនៃព្រះគ្រីស្ទ
យើងជឿថា ដោយសារសេចក្តីស្រឡាញ់ និងការស្តាប់បង្គាប់ចំពោះព្រះវរបិតាព្រះរាជបុត្រាដែលគង់នៅអស់កល្បជានិច្ចបានយកកំណើតជាមនុស្ស៖ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមជាព្រះពេញលេញជាមនុស្សជាតិពេញលេញគឺបុគ្គលម្នាក់ដែលមាននិស្ស័យពីរ។ មនុស្សឈ្មោះ «យេស៊ូវ» ដែលជាព្រះមែស្ស៊ីនៃសាសន៍អ៊ីស្រាអែលដែលព្រះបានសន្យាថានឹងយាងមកទ្រង់បានចាប់កំណើតតាមរយៈការចាប់ទុំផ្ទៃដ៏អស្ចារ្យគឺព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ប្រសូតមកពីក្រមុំព្រហ្មចារីឈ្មោះនាង ម៉ារា។ ទ្រង់បានស្តាប់បង្គាប់យ៉ាងគ្រប់លក្ខណ៍ដល់ព្រះវរបិតាទ្រង់ដែលគង់នៅស្ថានសួគ៌បានរស់នៅជីវិតដែលគ្មានបាបសោះបានធ្វើទីសម្គាល់អស្ចារ្យជាច្រើនបានជាប់ឆ្កាងនៅក្រោមអំណាចលោក ប៉ុនទាស-ពីឡាត់ លុះដល់ថ្ងៃទីបីសពទ្រង់ក៏បានរស់ពីសុគតឡើងវិញហើយក៏បានយាងទៅឯស្ថានសួគ៌វិញ។ ក្នុងនាមទ្រង់ជាស្តេចដ៏ជាអ្នកសង្រួបសង្រួមទ្រង់គង់នៅខាងស្តាំនៃព្រះដ៏ជាព្រះវរបិតាគ្រប់គ្រងទាំងនៅស្ថានសួគ៌ និងផែនដីដោយនូវអស់ទាំងអធិបតេយ្យភាពរបស់ព្រះ ហើយទ្រង់ជាសម្តេចសង្ឃ និងជាអ្នកការពារក្តីដ៏សុចរិតរបស់យើងរាល់គ្នា។
យើងជឿថា ដោយសារការយកកំណើតជាមនុស្សព្រះជន្មរស់នៅការសុគតការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់នោះព្រះយេស៊ូវគ្រីស្ទទ្រង់បានធ្វើជាអ្នកតំណាង និងជំនួសឲ្យយើងរាល់គ្នា។ ទ្រង់ធ្វើដូច្នោះគឺ ដើម្បីឲ្យយើងដែលនៅក្នុងទ្រង់អាចក្លាយជាសេចក្តីសុចរិតរបស់ព្រះ៖ នៅលើឈើឆ្កាងទ្រង់បានលប់អំពើបាបចោលចេញបានថ្វាយតង្វាយប្រយោជន៍ឲ្យយើងអាចរួចពីសេចក្ដីក្រោធរបស់ព្រះ ព្រមទាំងបានធ្វើការផ្សះផ្សាជាមួយនឹងព្រះនឹងអ្នកជឿទាំងអស់ដោយទ្រង់ផ្ទាល់បានផ្ទុកលើអង្គទ្រង់នូវទោសទាំងស្រុងនៃបាបរបស់យើងរាល់គ្នា។ តាមរយៈការរស់ឡើងវិញ ព្រះយេស៊ូវត្រូវបានព្រះវរបិតាបញ្ជាក់ថាគ្មានទោសទ្រង់បំបាក់អំណាចនៃសេចក្តីស្លាប់ ហើយបានឈ្នះលើសាតាំងដែលពីដើមមានអំណាចលើសេចក្តីនេះរួចក៏បាននាំមកនូវជីវិតអស់កល្បជានិច្ចដល់ពួករាស្ត្រទ្រង់គ្រប់ៗគ្នា។ ហើយតាមរយៈការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់នោះទ្រង់ត្រូវបានលើកតម្កើងឡើងជាព្រះអម្ចាស់អស់កល្បជានិច្ចព្រមទាំងរៀបចំកន្លែងឲ្យយើងរាល់គ្នាបានទៅនៅជាមួយនឹងទ្រង់ផង។
យើងជឿថា គ្មានសេចក្តីសង្គ្រោះដោយសារអ្នកណាទៀតសោះដ្បិតនៅក្រោមមេឃគ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោកឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ ពីព្រោះទ្រង់បានរើសអ្នកទាបថោកនៅលោកីយ៍នេះ និងពួកអ្នកដែលគេមើលងាយព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួននៅចំពោះព្រះឡើយគឺព្រះគ្រីស្ទទ្រង់បានត្រឡប់ជាប្រាជ្ញាដែលមកពីព្រះហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង។
៨. ការរាប់ជាសុចរិតដល់មនុស្សមានបាប
យើងជឿថា ដោយសារការស្តាប់បង្គាប់ និងការសុគតរបស់ទ្រង់ព្រះគ្រីស្ទបានបង់សងបំណុលទាំងស្រុងដល់អស់ពួកអ្នកដែលបានរាប់ជាសុចរិត។ ដោយសារយញ្ញបូជាដែលទ្រង់ថ្វាយនោះទ្រង់បានទទួលទោសជំនួសយើងជាទោសដែលយើងត្រូវទទួល ដោយសារអំពើបាបយើងដោយទ្រង់បានផ្គាប់យ៉ាងត្រឹមត្រូវពិតប្រាកដហើយពេញលេញដល់សេចក្តីយុត្តិធម៌របស់ព្រះជំនួសយើងរាល់គ្នា។ ដោយសារការស្តាប់បង្គាប់ដ៏គ្រប់លក្ខណ៍របស់ទ្រង់ព្រះយេស៊ូវបានបំពេញតាមការទាមទារដ៏សុចរិតរបស់ព្រះជំនួសយើងរាល់គ្នា ដ្បិតដោយសារជំនឿតែម្យ៉ាងគត់ដែលព្រះរាប់អ្នកដែលបានទុកចិត្តលើព្រះគ្រីស្ទតែមួយអង្គគត់ ដើម្បីឲ្យបានទទួលមកនៅជាមួយព្រះវិញថាជាការស្តាប់បង្គាប់ដ៏គ្រប់លក្ខណ៍។
យើងជឿថា ដោយព្រោះព្រះវរបិតាបានប្រទានព្រះគ្រីស្ទមកសម្រាប់យើង ហើយក៏ទទួលយកនូវការស្តាប់បង្គាប់ និងការរងទោសរបស់ទ្រង់ (ជាទណ្ឌកម្មដែលយើងរាល់គ្នាត្រូវទទួល) ដោយទទេហើយមិនមែនដោយសារអ្វីមួយចេញពីយើងរាល់គ្នាសោះនោះការរាប់ជាបរិសុទ្ធនេះគឺជាព្រះគុណដ៏សទ្ធាតែមួយប៉ុណ្ណោះប្រយោជន៍ឲ្យបានថ្វាយសិរីល្អដល់សេចក្តីយុត្តិធម៌ និងព្រះគុណដ៏បរិបូណ៌របស់ព្រះក្នុងការដែលទ្រង់រាប់មនុស្សមានបាបជាសុចរិត។ យើងជឿថាការខិតខំក្នុងការស្តាប់បង្គាប់ទាំងលក្ខណៈជាសាធារណៈ និងលក្ខណៈជាបុគ្គលគឺហូរចេញមកពីការរាប់ជាសុចរិតដែលឥតបង់ថ្លៃនេះ។
៩. អំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ
យើងជឿថា សេចក្តីសង្គ្រោះនេះដែលបានបញ្ជាក់ក្នុងគ្រប់បទគម្ពីរហើយដែលត្រូវបានធ្វើឲ្យមានសុវត្ថិភាពដោយព្រះយេស៊ូវគ្រីស្ទត្រូវបានប្រទានមកពួករាស្ត្រទ្រង់ដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់ត្រូវបានចាត់បញ្ជូនមកដោយព្រះវរបិតា និងព្រះរាជបុត្រា។ ព្រះវិញ្ញាណបរិសុទ្ធទ្រង់ថ្វាយសិរីល្អដល់ព្រះយេស៊ូវគ្រីស្ទ ហើយក្នុងនាមជាអង្គជំនួយទ្រង់មានព្រះវត្តមានជាមួយព្រមទាំងនៅក្នុងពួកអ្នកជឿ។ ទ្រង់សម្ដែងឲ្យមនុស្សលោកដឹងច្បាស់អំពីអំពើបាបអំពីសេចក្តីសុចរិត និងអំពីសេចក្តីជំនុំជម្រះ ហើយតាមរយៈកិច្ចការដ៏អាថ៌កំបាំង និងដ៏មានព្រះចេស្ដារបស់ទ្រង់ព្រះអង្គបានធ្វើឲ្យមនុស្សមានបាបដែលស្លាប់ខាងឯវិញ្ញាណកើតជាថ្មីឡើងវិញ។ព្រះអង្គក៏នាំគេឲ្យប្រែចិត្ត និងជឿហើយក្នុងទ្រង់នោះគេក៏បានជ្រមុជទៅក្នុងការរួបរួមជាមួយនឹងព្រះអម្ចាស់យេស៊ូវដែលដោយសេចក្តីនោះគេបានរាប់ជាសុចរិតនៅចំពោះព្រះដោយព្រះគុណតែមួយគត់តាមរយៈជំនឿតែមួយគត់ក្នុងព្រះគ្រីស្ទតែមួយគត់។
យើងជឿថា ដោយសារព្រះវិញ្ញាណដែលជាភ្នាក់ងារនោះពួកអ្នកជឿបានកើតជាថ្មីញែកជាបរិសុទ្ធ ហើយទទួលរាប់ជាកូនចិញ្ចឹមក្នុងគ្រួសារនៃព្រះគេក៏រួមចំណែកក្នុងនិស្ស័យព្រះ ហើយទទួលអំណោយទានផ្សេងៗតាមដែលទ្រង់ចែកឲ្យដោយព្រះចេស្ដាទ្រង់។ អង្គព្រះវិញ្ញាណបរិសុទ្ធទ្រង់ផ្ទាល់គឺជាទីបញ្ចាំចិត្តនៃមត៌កដែលព្រះបានសន្យា ហើយនៅក្នុងគ្រានេះទ្រង់ក៏គង់ជាមួយនាំផ្លូវបង្រៀនបំពាក់បំប៉នជំរុញកម្លាំង និងផ្តល់អំណាចដល់អ្នកជឿ ដើម្បីឲ្យបានដូចជាព្រះគ្រីស្ទទាំងនៅក្នុងការរស់នៅ និងការបម្រើ។
១០. នគរព្រះ
យើងជឿថា អស់អ្នកដែលបានសង្គ្រោះដោយសារព្រះគុណនៃព្រះតាមរយៈការរួបរួមជាមួយនឹងព្រះគ្រីស្ទដោយជំនឿ ហើយតាមរយៈការបង្កើតជាថ្មី ដោយសារព្រះវិញ្ញាណបរិសុទ្ធចូលក្នុងនគរព្រះបាន ហើយក៏ត្រេកអរជាមួយនឹងព្រះពរនៃសម្ព័ន្ធមេត្រីថ្មីគឺការអត់ទោសបាបការផ្លាស់ប្តូរពីខាងក្នុងដែលជំរុញឲ្យមានចិត្តចង់ថ្វាយសិរីល្អទុកចិត្ត និងស្តាប់បង្គាប់ដល់ព្រះ ព្រមទាំងសិរីល្អនាពេលអនាគតដែលនឹងត្រូវបើកសម្ដែងមកផង។
ការប្រព្រឹត្តល្អគឺជាភស្តុតាងដ៏ចាំបាច់នៃព្រះគុណដែលកំពុងតែសង្គ្រោះ។ ការរស់នៅជាអំបិលនៃផែនដីដែលកំពុងស្អុយរលួយទៅ ហើយជាពន្លឺនៃលោកីយ៍ដ៏ខ្មៅងងឹតពួកអ្នកជឿមិនគួរដកខ្លួនចេញពីលោកីយ៍ទាំងស្រុងក៏មិនគួរត្រឡប់ដូចជាលោកីយ៍បេះបិទនោះដែរ។ ប៉ុន្តែ យើងត្រូវធ្វើការល្អដល់ទីក្រុងដែលយើងរស់នៅនោះព្រោះគ្រប់ទាំងកិត្តិយស និងសិរីល្អនៃប្រជាជាតិនោះត្រូវថ្វាយដល់ព្រះដ៏មានព្រះជន្មរស់នៅវិញ។ ដោយព្រោះយើងទទួលស្គាល់ថា ព្រះជាម្ចាស់លើលំដាប់លំដោយ (សណ្ដាប់ធ្នាប់) នៃការបង្កបង្កើតនេះ ហើយដោយព្រោះយើងគឺរាស្ត្រនៃនគរព្រះនោះយើងត្រូវស្រឡាញ់អ្នកជិតខាងយើងដូចជាស្រឡាញ់ខ្លួនឯងធ្វើការល្អដល់មនុស្សគ្រប់រូបជាពិសេសគឺចំពោះអស់អ្នកដែលជាសមាជិកនៃគ្រួសារព្រះ។ នគរព្រះដែលបានមកដល់ ហើយតែមិនទាន់សម្រេចពេញលេញនៅឡើយគឺជាការបញ្ជាក់អំពីអធិបតេយ្យភាពរបស់ព្រះនៅលើលោកីយ៍នេះ ដរាបដល់ការប្រោសលោះគ្រប់ទាំងស្នាព្រះហត្ថទ្រង់នៅគ្រាចុងក្រោយបង្អស់។ នគរព្រះគឺជាអំណាចចេស្ដាដែលវាយលុកទៅលើនគរដ៏ខ្មៅងងឹតរបស់សាតាំង ហើយក៏បង្កើតព្រមទាំងកែឲ្យបានថ្មីឡើងវិញនូវជីវិតរបស់បុគ្គលម្នាក់ៗដែលបានរំដោះចេញពីនគរនោះតាមរយៈការប្រែចិត្ត និងជំនឿ។ ហេតុដូច្នេះ នគរព្រះចាំបាច់ត្រូវតែបង្កើតសហគមន៍មនុស្សថ្មីមួយដែលរស់នៅជាមួយគ្នាក្រោមការគ្រប់គ្រងរបស់ព្រះ។
១១. រាស្ត្រថ្មីនៃព្រះ
យើងជឿថា រាស្ត្រនៃការតាំងសញ្ញា (សម្ព័ន្ធមេត្រី) ថ្មីរបស់ព្រះបានចូលមកឯក្រុងយេរូសាឡឹមនៃស្ថានសួគ៌រួចហើយ។ ពួកគេក៏បានអង្គុយនៅជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌រួចហើយដែរ។ ពួកជំនុំសកលនេះបង្ហាញឲ្យឃើញនៅក្នុងពួកជំនុំតាមកន្លែងផ្សេងៗដែលមានព្រះគ្រីស្ទទ្រង់តែមួយអង្គគត់ជាសិរសា ដូច្នេះការពិត «ពួកជំនុំតាមតំបន់» នីមួយៗគឺជាពួកជំនុំជាដំណាក់នៃព្រះជាក្រុមជំនុំនៃព្រះដ៏មានព្រះជន្មរស់ជាសសរ និងជាគ្រឹះនៃសេចក្តីពិត។ ពួកជំនុំគឺជារូបកាយនៃព្រះគ្រីស្ទជាកែវព្រះនេត្ររបស់ទ្រង់ជាស្នាមចារឹកនៅលើព្រះហត្ថទ្រង់ ហើយទ្រង់បានដណ្តឹងនាងទុកសម្រាប់អង្គទ្រង់ជាដរាបតទៅ។ ពួកជំនុំមានលក្ខណៈខុសប្លែកពីគេដោយសារដំណឹងល្អដែលពួកគេប្រកាសពិធីដ៏បរិសុទ្ធវិន័យមហាបេសកកម្ម ហើយលើសជាងនេះទៀតគឺសេចក្តីស្រឡាញ់ដែលពួកជំនុំមានចំពោះព្រះ ព្រមទាំងសេចក្តីស្រឡាញ់ដែលសមាជិកម្នាក់មានចំពោះគ្នាទៅវិញទៅមក និងចំពោះមនុស្សទូទៅទាំងអស់ផង។
ការដែលសំខាន់នោះគឺថាដំណឹងល្អដែលយើងស្រឡាញ់ការពារនេះគឺមានឥទ្ធិពលទាំងទៅលើបុគ្គលម្នាក់ៗ និងទាំងសហភាពនៃមនុស្សដែរ ហើយការទាំងពីរនេះយើងមិនអាចមើលរំលងមួយណាបានឡើយ។ ព្រះគ្រីស្ទយេស៊ូវទ្រង់ជាសេចក្តីសុខសាន្ត។ ទ្រង់មិនត្រឹមតែនាំមកនូវសេចក្តីមេត្រីរវាងមនុស្សនឹងព្រះប៉ុណ្ណោះទេតែសេចក្តីមេត្រីរវាងមនុស្ស និងមនុស្សដែលបានដាច់ចេញពីព្រះផងដែរ។ បំណងព្រះហឫទ័យទ្រង់នោះគឺ ដើម្បីបង្កើតមនុស្សជាតិថ្មីមួយក្នុងព្រះអង្គទ្រង់ដោយតាំងឲ្យមានស្ពានមេត្រីហើយឲ្យទ្រង់បានផ្សះផ្សាទាំងពីរជាមួយនឹងព្រះគឺទាំងសាសន៍យូដា និងសាសន៍ដទៃមកក្នុងរូបកាយតែមួយដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្តីសម្អប់គ្នាដោយឈើឆ្កាងនោះឯង។ ពួកជំនុំមានតួនាទីធ្វើជាទីសម្គាល់អំពីផែនដីថ្មីរបស់ព្រះដែលនឹងមកដល់តាមរយៈការដែលសមាជិករបស់ពួកជំនុំរស់នៅដោយបម្រើដល់គ្នាទៅវិញទៅមក ហើយដល់អ្នកជិតខាងខ្លួនជាជាងអាត្មានិយម។ ពួកជំនុំគឺជាដំណាក់រួមមួយរបស់ព្រះវិញ្ញាណនៃព្រះ ហើយជាបន្ទាល់និរន្តរ៍អំពីព្រះនៅក្នុងលោកីយ៍នេះ។
១២. ពិធីជ្រមុជទឹក និងពិធីជប់លៀងព្រះអម្ចាស់
យើងជឿថា ពិធីបុណ្យជ្រមុជទឹក និងពិធីជប់លៀងព្រះអម្ចាស់បានតាំងឡើងដោយព្រះអម្ចាស់យេស៊ូវផ្ទាល់។ ពិធីជ្រមុជទឹកគឺជាប់ទាំងទងនឹងការចូលមកក្នុងសហគមន៍នៃការតាំងសញ្ញា (សម្ព័ន្ធមេត្រី) ថ្មីហើយពិធីជប់លៀងព្រះអម្ចាស់ទាក់ទងនឹងការរម្លឹកឡើងវិញនូវសញ្ញា (សម្ព័ន្ធមេត្រី) ថ្មីនោះ។ ពិធីទាំងពីរនេះគឺជាសេចក្តីសន្យារបស់ព្រះដល់យើងរាល់គ្នាជាពិធីដែលព្រះតាំងឡើងសម្រាប់សម្ដែងអំពីព្រះគុណជាពិធីសម្បថសាធារណៈរបស់យើងក្នុងការចុះចូលចំពោះព្រះគ្រីស្ទដែលទ្រង់បានជាប់ឆ្កាង ហើយឥឡូវនេះបានរស់ឡើងវិញហើយក៏ជាការរំពឹងរងចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ព្រមទាំងការបំពេញសម្រេចនៃគ្រប់ទាំងអស់។
១៣. ការស្ដារគ្រប់ទាំងអស់ឡើងវិញ
យើងជឿថា អង្គព្រះយេស៊ូវផ្ទាល់នឹងយាងត្រឡប់មកវិញមានព្រះកាយប្រកបដោយសិរីរុងរឿងរួមជាមួយនឹងពួកទេវតាបរិសុទ្ធរបស់ទ្រង់គឺជាពេលដែលទ្រង់នឹងធ្វើជាចៅក្រមចុងក្រោយបំផុត ហើយនគរទ្រង់នឹងបានសម្រេចពេញលេញ។ យើងជឿថា ទាំងពួកសុចរិត និងពួកទុច្ចរិតនឹងរស់ឡើងវិញខាងរូបកាយ គឺពួកអ្នកទុច្ចរិតនឹងជាប់ជំនុំជម្រះ ហើយជាប់ទោសដោយដឹងខ្លួនក្នុងស្ថាននរកអស់កល្បជានិច្ចដូចដែលព្រះអម្ចាស់នៃយើងទ្រង់បានបង្រៀនហើយ។ រីឯពួកសុចរិតវិញគេនឹងទទួលបានព្រះពរអស់កល្បជានិច្ចនៅក្នុងវត្តមាននៃព្រះដែលគង់លើបល្ល័ង្ក និងនៃកូនចៀមនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីដែលជាលំនៅនៃសេចក្តីសុចរិត។
យើងជឿថា នៅថ្ងៃនោះពួកជំនុំនឹងត្រូវបង្ហាញថាជាអ្នកគ្មានកំហុសនៅចំពោះព្រះដោយសារការស្តាប់បង្គាប់ការរងទុក្ខ និងជ័យជម្នះរបស់ព្រះគ្រីស្ទគឺគ្រប់ទាំងអំពើបាបត្រូវបានសម្អាត ហើយលទ្ធផលដ៏អាក្រក់ទាំងអស់របស់បាបក៏នឹងត្រូវបានបំបាត់ចោលអស់កល្បជានិច្ច។ ព្រះទ្រង់នឹងធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់ ហើយពួករាស្ត្រទ្រង់នឹងរីករាយនៅក្នុងវត្តមាននៃសេចក្តីបរិសុទ្ធដ៏រកថ្លែងមិនបានរបស់ទ្រង់ ហើយគ្រប់ការទាំងអស់នឹងបានជាការសរសើរតម្កើងពីព្រះគុណដ៏មានសិរីល្អរបស់ទ្រង់។