• ,

    ស្រឡាញ់

    របៀប​អធិស្ឋាន​ពេល​មាន​បញ្ហា

    ព្រះ​ជាម្ចាស់​ព្រះ​សណ្ដាប់ ហើយ​យល់

    សេចក្ដី​សន្យា​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​បំផុត​ក្នុង​ចំណោម​ក្ដី​សន្យា​ជា​ច្រើន​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​នោះ​គឺ៖ ពេល​ដែល​យើង​មិន​ដឹង​ជា​លើក​ពាក្យ​ពេចន៍​សំណូម​ពរ​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់​យ៉ាង​ដូចម្ដេច ហើយ​ពេល​នោះ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ គ្រាន់តែ​ថ្ងូរ​ពី​កាលៈទេសៈ​របស់​យើង​ដល់​ទ្រង់ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​យល់​ពី​ដំងូរ​របស់​យើង ហើយ​ទ្រង់​បក​ប្រែ​ដំងូរ​នោះ​ឲ្យ​ទៅ​ជា​សេចក្ដី​អធិស្ឋាន​ដែល​អាច​យល់​បាន​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា​របស់​យើង ហើយ​ទ្រង់​នឹង​ឆ្លើយ​តប​សេចក្ដី​អធិស្ឋាន​នោះ​ក្នុង​ព្រះ​នាម​ព្រះ​រាជបុត្រា។

    ចំណុច​មួយ​ដែល​យើង​គួរ​ធ្វើ​ពេល​ដែល​យើង​ជួប​នឹង​បញ្ហា​នោះ​គឺ ព្យាយាម​អធិស្ឋាន​តាម​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ទោះ​បើ​យើង​មិន​អាច​អធិស្ឋាន​បាន​យ៉ាង​ល្អ ក៏​ព្រះ​ជាម្ចាស់​នៅ​យល់ ហើយ​ទ្រង់​ក៏​នឹង​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​នោះ​បាន​យ៉ាង​ល្អ​ជាង​យើង​អាច​អធិស្ឋាន​ទៅ​ទៀត។

    ចំណុច​មួយ​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ សុំ​បងប្អូន​រួម​ជំនឿ​ឲ្យ​អធិស្ឋាន​សម្រាប់​យើង​ពេល​យើង​ជួប​បញ្ហា។ ការ​ដែល​យើង​អាច​ចែកចាយ​បញ្ហា និង​បន្ទុក​របស់​យើង​ជាមួយ​នឹង​មិត្ត​ដែល​ចេះ​គិត​គូរ មាន​ពេញ​ដោយ​ប្រាជ្ញា ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ និង​ជា​អ្នក​ដែល​ចេះ​មើល​ថែ​អ្នក​ដទៃ ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​អធិស្ឋាន​ក្នុង​របៀប​ដែល​គាត់​អាច​ធ្វើ​បាន​សម្រាប់​យើង នោះ​ជា​ព្រះពរ​ពិតៗ។ ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ដែល​ថា «ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់» ហើយ​ខ្ញុំ​ក៏​ធ្លាប់​ដក​ពិសោធន៍​នឹង​ការ​នោះ​ក្នុង​ជីវិត​របស់​ខ្ញុំ​ផង​ដែរ (យ៉ាកុប ៥:១៦)។

    ដូច្នេះ ចូរ​អធិស្ឋាន​ក្នុង​របៀប​ដែល​លោក​អ្នក​អាច​ធ្វើ​បាន ហើយ​ចូរ​សុំ​បងប្អូន​រួម​ជំនឿ​ឲ្យ​ជួយ​អធិស្ឋាន​សម្រាប់​លោក​អ្នក ក្នុង​របៀប​ដែល​ពួក​គាត់​អាច​ធ្វើ​បាន ព្រោះ​នោះ​ជា​ចំណុច​ដ៏​ល្អ​បំផុត​ដែល​យើង​គួរ​ធ្វើ។

    ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
    និពន្ធ​ដោយ៖ លោក​គ្រូ Philip Graham Ryken
    បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
    ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។
  • ,

    Trending Hot ស្រឡាញ់ អស្ចារ្យ

    ព្រះ​ឮ​ការអធិស្ឋាន

    ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរ​បិតា ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះ​រាជ​បុត្រា បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ យ៉ូហាន ១៤:១២-១៤ ។

    ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។
    បកប្រែដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
    រចនាអត្ថបទភាសាខ្មែរ៖ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ

     

  • ,

    Trending

    បាន​ស្គាល់​

    «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន​ ១៧:៣)

    And this is eternal life, that they know you, the only true God, and Jesus Christ whom you have sent (John 17:3 ESV)

  • ,

    ឥត​ប្រយោជន៍

    ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​
    Do nothing from selfish ambition or conceit, but in humility count others more significant than yourselves.
    – Philippians 2:3 ESV

  • ,

    យើង​គួរ​តែ​ចាំ

    ទោះបីជាអារម្មណ៏របស់យើង​អញ្ចេះ​ ម្ដង​អញ្ចុះក៏ដោយ តែអ្វីដែលល្អដែលយើង គួរចាំនោះគឺ៖ ក្តីស្រឡាញ់របស់ព្រះជាម្ចាស់ មិនចេះប្រែប្រួលឡើយ
    The great thing to remember is that, though our feelings come and go, His love for us does not.

    – C.S. Lewis

  • ,

    ការ​ប្រឈម

    ការ​ប្រឈម​មុខ​នឹង​ការ​ល្បួង គឺ​ជា​ឱកាស​មួយ​ក្នុង​ការ​អះអាង​ពី​ការ​ដែល​លោក​អ្នក​បាន​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ។ ចូរ​ឈប់ ចូរ​គិត ចូរ​មាន​សង្ឃឹម​លើ​ទ្រង់ ហើយ​ចូរ​អធិស្ឋាន។
    Temptation is nothing more than another opportunity for you to reaffirm your trust in Jesus. Stop. Think. Set your hope on God. Pray.
    – John Ouwuchekawa

  • ,

    Trending Hot ស្រឡាញ់ សើច ខឹង អស្ចារ្យ

    ទង្វើ៧​យ៉ាង​ដែល​យើង​គួរ​ធ្វើ​បន្ទាប់​ពី​មើល​រូបភាព​មិន​គប្បី

    ការ​ប្រឹក្សា​ភាគ​ច្រើន​របស់​គ្រីស្ទ​បរិស័ទ​ទាក់ទង​នឹង​ការ​ញៀន​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស មិន​សូវ​ជា​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ។ ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​មាន​ន័យ​ថា៖ ការ​ប្រឹក្សា​ទាំង​នោះ​មិន​បាន​ជួយ​បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ការ​ស្ដារ​ឡើង​វិញ និង​ការ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​ទាំង​ស្រុង​នោះ​ទេ។ លើស​ពី​នោះ​ទៅ​ទៀត ការ​ប្រឹក្សា​ទាំង​នេះ​មិន​បាន​លើក​ឡើង​អំពី​អ្វី​ដែល​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​បាន​កុហក​យើង​នោះ​ទេ។ សរុប​ទៅ ការ​ប្រឹក្សា​ទាំង​នោះ​មាន​ចំណុច​រួម​ពីរ​៖ ១) គិត​អំពី​ទេវវិទ្យា និង​ខគម្ពីរ​ច្រើន​ពេក ឬ​ក៏ ២) ច្បាប់​ដែល​គ្រាន់​តែ​ឲ្យ​ទៅ​ធ្វើ​នេះ ធ្វើ​នោះ​នៅ​ខាង​ក្រៅ ហើយ​ច្បាប់​ទាំង​នោះ​កាន់​តែ​ផ្ដាច់​ធាតុ​ពិត​ពី​ជីវិត​របស់​យើង ពី​ភាព​បរាជ័យ និង​ពី​ការ​តស៊ូ ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្ឃឹម។ តើ​ដំណឹងល្អ​មាន​ប្រយោជន៍​អ្វី​ទាក់ទង​នឹង​ភាព​បរាជ័យ​របស់​យើង និង​ការ​ព្យាយាម​ជា​ថ្មី​ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត?

    ជា​រឿយៗ យើង​តែងតែ​អនុញ្ញាត​ឲ្យ​គំនិត​ដែល​យើង​មិន​ទាន់​បាន​យល់​ច្បាស់ មក​ប្រាប់​យើង​អំពី​អ្វី​ដែល​ខ្លួន​ឯង​គួរ​និយាយ ឧទាហរណ៍៖ អ្វី​ដែល​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​និយាយ​ទៅ​កាន់​ក្រុម​ជំនុំ អ្នក​កំពុង​តយុទ្ធ ឬ​ក៏​និយាយ​ដាក់​ខ្លួន​ឯង​នៅ​ពេល​កំពុង​ឆ្លុះ​កញ្ចក់។ តើ​យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​អំពី​អ្វី​ដែល​ព្រះ​គ្រីស្ទ​អាច​ធ្វើ (និង​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ) បន្ទាប់ពី​យើង​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ដែរ​ឬ​ទេ? ឬ​ក៏​យើង​គ្រាន់​តែ​អង្គុយ​ចាំ​ត្រដរ​ខ្យល់ ដោយ​សង្ឃឹម​ថា​នឹង​មាន​រឿង​អ្វី​មួយ​ល្អ​កើត​ឡើង​ឬ? «ហេតុ​អ្វី​បាន​ជា​យើង​គិត​ថា ព្រះ​ជាម្ចាស់​នឹង​មក​ជួប​យើង​ខណៈពេល​ដែល​យើង​កំពុង​បរាជ័យ? តាម​ពិត យើង​មិន​គួរ​ទាំង​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​ផង ព្រោះ​ប្រសិន​បើ​យើង​មើល នោះ​វា​នឹង​នាំ​ឲ្យ​យើង​ជាប់​ក្នុង​កាលៈទេសៈ​នៃ «ការ​បាន​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស»។ ប៉ុន្តែ តាម​ពិត​ទៅ មនុស្ស​ជា​ច្រើន​តែង​តែ​ជាប់​នៅ​ក្នុង​កាលៈទេសៈ​បែប​នោះ ហើយ​ព្រះ​ជាម្ចាស់​អាច​នឹង​ប្រើ​កាលៈទេសៈ​នៃ​ភាព​សោក​ស្ដាយ​ទាំង​នោះ​ឲ្យ​ទៅ​ជា​ប្រយោជន៍​ដល់​យើង។

    ជា​រឿយៗ អារក្ស​សាតាំង​តែង​តែ​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​សម្រេច ក្រោយ​ពេល​ដែល​យើង​បាន​បិទ​ទ្វារ បិទ​ភ្លើង​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង ដើម្បី​មើល​រូប ឬ​ក៏​រឿង​មិន​គួរ​គប្បី​គឺ​៖ វា​គម្រាម​កំហែង​ដល់​របៀប​គិត​របស់​យើង វា​តវ៉ា​នឹង​គំនិត​ដែល​គិត​ថា​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ទង្វើ​ដែល​យើង​ទើប​តែ​ធ្វើ ក៏​ដូច​ជា​បាន​ដក​ព្រះ​វត្តមាន​របស់​ទ្រង់​ចេញ​ពី​យើង ហើយ​អារក្ស​សាតាំង​ក៏​មួល​បង្កាច់ ដើម្បី​ឲ្យ​យើង​ស្អប់​ខ្លួន​ឯង​ផង​ដែរ។ អារក្ស​សាតាំង​តែង​តែ​ធ្វើ​ការ​បាន​យ៉ាង «ល្អ» ក្រោយ​ពេល​ដែល​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាស​អាភាស តែ​គឺ​នៅ​ក្នុង​ពេល​នោះ​ហើយ ដែល​យើង​ត្រូវការ​ព្រះ​ជាម្ចាស់​សង្គ្រោះ​យើង​យ៉ាង​ខ្លាំង​បំផុត។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដ៏​ជាក់លាក់​មួយ​ចំនួន​ដែល​យើង​អាច​ប្រើ​ប្រាស់​បាន​ក្នុង​ការ​ស្វែងរក​ព្រះ​គុណ បន្ទាប់ពី​យើង​បាន​ភ្លាត់​ស្នៀត​នៅ​ក្នុង​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​មិន​គួរគប្បី៖

    ១. ស្គាល់​ខ្មាំង​សត្រូវ​របស់​ខ្លួន

    បន្ទាប់ពី​លោក​អ្នក​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​រឿង​អាសអាភាស​ហើយ នោះ​មាន​ការ​ពីរ​យ៉ាង​ដែល​លោក​អ្នក​ទំនង​នឹង​ធ្វើ៖ ១) ស្អប់​ខ្លួន​ឯង ឬ​ក៏ ២) គេច​ចេញ​ពី​ខ្លួន​ឯង។ ទោះ​បី​ជា​លោក​អ្នក​ជ្រើស​រើស​ដើរ​ផ្លូវ​មួយ​ណា​ក៏​ដោយ ក៏​អារក្ស​សាតាំង​នៅ​តែ​សប្បាយ​ចិត្ត​ដែរ។ ជម្រើស​នៃ​គន្លង​ទាំង​ពីរ​នោះ គឺ​ជា​ការ​ជឿ​លើ​ការ​ចោទ​ប្រកាន់​របស់​អារក្ស​សាតាំង (ម៉ាថាយ ១៦:២៣; ២កូរិនថូស ៧:១០)។ ចូរ​ទទួល​ស្គាល់​ថា លោក​អ្នក​មាន​ខ្មាំង​សត្រូវ​ផ្ទាល់​ខ្លួន​ដ៏​ពូកែ ហើយ​ការងារ​ជា​ចម្បង​របស់​វា គឺ​បំផ្លាញ​លោក​អ្នក​ចោល (យ៉ូប ១:៧; អេភេសូរ ២:២; យូដាស ១:១៩)។ ចូរ​ទទួល​ស្គាល់ ហើយ​ដឹង​ថា អារក្ស​សាតាំង​កំពុង​តែ​ធ្វើ​ការ​ទាក់ទង​នឹង​រាល់​បទ​ពិសោធន៍​ដែល​លោក​អ្នក​មាន ឧទាហរណ៍៖ គំនិត​គិត ភាព​សម្អប់ ការ​ប្រឡូកប្រឡាក់ អារម្មណ៍ ផែនការ។ល។ ប្រសិន​បើ​លោក​អ្នក​ងាយ​ឆាប់​នឹង​ភ្លេច​ពី​ការ​នេះ នោះ​លោក​អ្នក​នឹង​ងាយ​ក្នុង​ការ​ទទួល​ជឿ​លើ​សេចក្ដី​កុហក​ដ៏​ពោរពេញ​ដោយ​ការ​បំផ្លាញ ការ​លាក់​បាំង ការ​ផ្ដួល​រំលំ និង​ល្បិច​កិច្ចកល។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​ផារិស៊ី​ថា អារក្ស​សាតាំង​ដែល​ជា​មេ​កុហក​គឺ​ជា​ឪពុក​របស់​ពួក​គេ វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​ពួក​គេ​មិន​ដឹង​អំពី​ការ​នោះ។ អារក្ស​សាតាំង​មិន​ចង់​ឲ្យ​ពួក​គេ​ដឹង​ថា វា​ជា​ឪពុក​របស់​ពួក​គេ​ទេ ព្រោះ​អំពើ​អាក្រក់​នឹង​កាន់​តែ​កើន​ឡើង នៅ​ពេល​ដែល​យើង​ភ្លេច​វា (យ៉ូហាន ៨:៤៤)។ ចូរ​កុំ​ភ្លេច៖ ក្រោយ​ពេល​ដែល​លោក​អ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ការ​តយុទ្ធ​ទើប​តែ​ដល់​ពាក់​កណ្ដាល​ទី​ប៉ុណ្ណោះ ហើយ​បុគ្គល​ដែល​លោក​អ្នក​កំពុង​តយុទ្ធ​ជាមួយ​នោះ គឺ​ជា​បុគ្គល​ដ៏​អាក្រក់ ដែល​មិន​ងាយ​បោះ​បង់​ការ​ព្យាយាម​បំផ្លាញ​ជីវិត​របស់​លោក​អ្នក​ចោល​នោះ​ឡើយ ប៉ុន្តែ​វា​មិន​ទាន់​យក​ជីវិត​របស់​លោក​អ្នក​បាន​នៅ​ឡើយ​ទេ។

    ២. ព្យាយាម​កុំ​ស្អប់​ខ្លួន​ឯង

    យើង​មិន​ចាំ​បាច់​សួរ​ដើម្បី​ឲ្យ​ដឹង​ថា៖ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​ការ​បញ្ចុះបញ្ចូល​ដ៏​អាក្រក់​ដើម្បី​ឲ្យ​យើង​ជឿ​ថា ការ​ត្រេកត្រអាល​ចង់​បាន​អ្វី​មួយ​ដែល​ប្លែក គឺ​ជា​រឿង​គ្មាន​ទោស​នោះ​ទេ។ ការ​មាន​សតិបញ្ញា​ដែល​ឈឺ​ចាប់ គឺ​ជា​ចំណុច​ដ៏​ល្អ​មួយ។ ប៉ុន្តែ នៅ​ពេល​ដែល​លោក​យូដាស​ដឹង​ខ្លួន​ថា «ខ្ញុំ​បាន​ធ្វើ​បាប ព្រោះ​ខ្ញុំ​បាន​បាន​ក្បត់​នឹង​ឈាម​ដែល​ឥត​ទោស» គឺ​វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​គាត់ «ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន» (ម៉ាថាយ ២៧:៤-៥ គកស)។ នេះ​គឺ​ជា​អារម្មណ៍​ធម្មតា​ទេ ដែល​យើង​ចង់​ដាក់​ទោស​ខ្លួន​ឯង​នៅ​ពេល​ដែល​យើង​ក្បត់​នឹង​មនុស្ស​ដែល​ឥត​ទោស។ តាម​រយៈ​ការ​ដែល​យើង​មួល​បង្កាច់​មនុស្ស​ដែល​គ្មាន​ទោស នោះ​យើង​ក៏​ដាក់​ទោស​ខ្លួន​ឯង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​សម្លាប់​ខ្លួន​ដោយ​សារ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​មិន​ត្រឹម​ត្រូវ។ មនុស្ស​មួយ​ចំនួន​ទំនង​ជា​គិត​ថា «ខ្ញុំ​មិន​ល្អ​ដូច​ជា​អ្វី​ដែល​គ្រូ​គង្វាល ឬ​ក៏​អ្នក​និពន្ធ​មួយ​ចំនួន​ចង់​ឲ្យ​ខ្ញុំ​ល្អ​នោះ​ទេ»។ នៅ​ទី​បំផុត ការ​បង្ខូច​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​នឹង​កាន់​តែ​កើន​ឡើង​ចំពោះ​អស់​អ្នក​ដែល​មើល៖ តាម​ការ​សិក្សា​ខាង​ចិត្ដ​វិជ្ជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បង្ខូច​បែប​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​ស្អប់​ខ្លួន​ឯង ក៏​ដូច​ជា​ការ​បង្ខូច​ខ្លួន​ឯង​ដោយ​សារ​ការ​ស្អប់​ខ្ពើម​ចំពោះ​ខ្លួន​ឯង​ដែរ។ យើង​ស្អប់ យើង​រិះគន់ យើង​ឆ្អើម ហើយ​យើង​ខ្ពើម​ខ្លួន​ឯង​យ៉ាង​ខ្លាំង! ភាព​សោក​សង្រែក​ចំពោះ​ការ​ទាស់​នឹង​ខ្លួន​ឯង ហើយ​មាន​អារម្មណ៍​ថា យើង​ត្រូវ​តបស្នង​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​វិញ ចំពោះ​អំពើ​បាប​ដែល​យើង​បាន​ប្រព្រឹត្តិ គឺ​ជា​រឿង​ខូច​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​ការ​ធ្វើ​ទារុណ​កម្ម​ខ្លួន​ឯង​ដ៏​ព្រៃ​ផ្សៃ​បំផុត​ដែរ។

    ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ស្ដេច ដាវីឌ ប្រើ​ការ​ប្រៀប​ធៀប​ដ៏​ស៊ី​ជម្រៅ​អំពី​សាច់​ឈាម នៅ​ពេល​ដែល​ទ្រង់​ទូល​អង្វរ​សូម​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​លុប​អំពើ​បាប​ខាង​ផ្លូវ​ភេទ​របស់​គាត់៖ «សូម​លុប​អំពើ​រំលង​របស់​ទូលបង្គំ​ចេញ» «សូម​លាង​ទូលបង្គំ» «សូម​សម្អាត​ទូលបង្គំ» «ទូលបង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ» «សូម​ជម្រះ​ទូលបង្គំ» «សូម​លាង​សម្អាត​ទូលបង្គំ (ម្ដង​ទៀត)» «សូម…លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ» «សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ» (ទំនុកដំកើង ៥១:១, ២, ៥, ៧, ៩, ១០)។ នេះ​ជា​ការ​ស្រែក​អង្វរ​ដ៏​សាមញ្ញ៖ «បាប​នោះ​នៅ​ក្នុង​ទូលបង្គំ! សូម​ដក​វា​ចេញ​ទៅ!» «សូម​បញ្ឈប់​ទូលបង្គំ!» «ទូលបង្គំ​ស្អប់​វា​ណាស់!» «ទូលបង្គំ​ស្អប់​ខ្លួន​ឯង​ណាស់!» «សូម​លាង​ទូលបង្គំ​នឹង​ទឹក​អូសាវែល។» ព្រះ​ជាម្ចាស់​បាន​ប្រទាន​ព្រះ​បន្ទូល​ទ្រង់​ដល់​យើង ដែល​មាន​ទាំង​ការ​ឈឺចាប់ និង​សេចក្ដី​សង្ឃឹម​ក្នុង​ជំពូក​តែ​មួយ។ ចូរ​តយុទ្ធ​ដូច​ដែល​ស្ដេច ដាវីឌ បាន​ធ្វើ។ ចូរ​ស្រែកយំ​ដូច​ដែល​ស្ដេច ដាវីឌ បាន​យំ។ ចូរ​ប្ដូរ​ពី​សម្រែក​ថ្ងួចថ្ងូរ​នៃ​ការ​ស្អប់​ខ្លួន​ឯង​មក​ជា​សម្រែក​នៃ​សង្គ្រាម ដែល​មាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់ ជា​សង្គ្រាម​នៃ​ការ​មិន​ចុះ​ចាញ់។

    ប្រសិន​បើ​លោក​អ្នក​ត្រូវ​ល្បួង​ឲ្យ​លិច​លង់​នៅ​ក្នុង​ការ​ឈឺចាប់​តែ​ម្នាក់​ឯង ចូរ​កុំ​អនុញ្ញាត​ឲ្យ​ការ​ស្អប់​ខ្ពើម​អំពើ​បាប​នោះ នាំ​ឲ្យ​លោក​អ្នក​ស្អប់​ខ្លួន​ឯង​ឡើយ។ ចូរ​មាន​ការ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង ដ្បិត​ព្រះ​ជាម្ចាស់​ទ្រង់​អត់​ធ្មត់។ ព្រះ​អង្គ​កំពុង​តយុទ្ធ ដើម្បី​ជីវិត​របស់​លោក​អ្នក (លោកុប្បត្តិ ៣២:២៤; យ៉ូហាន ១០:១០)។ ព្រះ​អង្គ​មិន​ភ្លេច​លោក​អ្នក​ទេ ហើយ​ព្រះ​អង្គ​ក៏​មិន​បាន​ចាក​ចេញ​ពី​លោក​អ្នក​ដែរ។ ចូរ​បន្ត​ជា​មួយ​ទ្រង់​នៅ​ក្នុង​ការ​តយុទ្ធ។ ចូរ​បន្ត​ដេញ​ចាប់​ខ្យល់​ដង្ហើម​នៃ​ជីវិត​របស់​ព្រះ​ជាម្ចាស់ ព្រោះ​ទ្រង់​ជា​វិញ្ញាណ​ដែល​ប្រទាន​ជីវិត (១កូរិនថូស ១៥:៤៥)។

    ៣. តយុទ្ធ​នឹង​ការ​យល់​ឃើញ​មិន​ច្បាស់​លាស់

    ក្រោយ​ពេល​ដែល​យើង​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ហើយ នោះ​យើង​នឹង​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​យល់​ឃើញ​របស់​យើង។ ព្រះ​យេស៊ូវ​បាន​ជ្រាប​ពី​ការ​នេះ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ» (ម៉ាថាយ ៥:៨)។ ភាព​បរិសុទ្ធ គឺ​ជា​ការ​ពេញ​ចិត្ត​ចំពោះ​គុណធម៌​ដ៏​ត្រចះ​ត្រចង់។ ចុះ​ភាព​មិន​បរិសុទ្ធ​វិញ? គឺ​ជា​ការ​ចូល​ចិត្ត​នៅ​តែ​ម្នាក់​ឯង ការ​គេច​ចេញ​ពី​ព្រះ​ជាម្ចាស់ ពី​អ្នក​ដទៃ និង​ពី​ខ្លួន​ឯង។ វា​ជា​ភាព​ស្ពឹក​ស្រពន់ ជា​ការ​វង្វេង​ស្មារតី ការ​ស្លាប់ និង​ការ​លែង​ដឹង​ខុស​ត្រូវ។ អំពើ​បាប​ខាង​ផ្លូវ​ភេទ​តែងតែ​កាត់​បន្ថយ​ការ​យល់​ឃើញ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ជា​ថ្មី​ម្ដង​ទៀត នេះ​គឺ​ជា​អារម្មណ៍​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​មាន៖ ការ​លុបចោល​នូវ​អ្វីៗ​ដែល​លោក​អ្នក​បាន​មើល​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ខំប្រឹង​ធ្វើ​នេះ​ធ្វើ​នោះ​ដោយ​មិន​អស់​ចិត្ត ហើយ​ម្ដង​ទៅ​ធ្វើ​ការ​នេះ ម្ដង​ទៅ​ធ្វើ​ការនោះ ម្ដង​ទៅ​និយាយ​ជាមួយ​អ្នក​នេះ ម្ដង​ទៅ​និយាយ​ជា​មួយ​អ្នក​នោះ គឺ​យើង​ស្ទើរ​តែ​មាន​អារម្មណ៍​ថា ជីវិត​យើង​គ្មាន​ន័យ​អ្វី​ទាំង​អស់ ហើយ​ស្ទើរ​តែ​ថា​ខ្លួន​ឯង​លែង​ជា​មនុស្ស​ទៀត​ផង ពោល​គឺ​គ្មាន​ការ​ឆេះឆួល​សល់​ទៀត​ទេ។ យើង​មាន​អារម្មណ៍​បែប​នោះ ព្រោះ​ធាតុ​ពិត​នៃ​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​បាន​បង្កប់​ដោយ​ការ​មាន​អារម្មណ៍​បែប​នោះ។

    និយាយ​ឲ្យ​ចំ​ទៅ នៅ​ក្នុង​កាលៈទេសៈ​បែប​នោះ គឺ​គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​ទេ លើក​លែង​តែ​បន្ត​រស់នៅ​ក្នុង​ភាព​ស្មុកស្មាញ និង​ការ​វង្វេង​ស្មារតី​រហូត​ដល់​វា​រសាយ​បាត់​ទៅ។ ចូរ​បន្ត​អធិស្ឋាន (អេភេសូរ ៦:១៨)។ ចូរ​បន្ត​ព្យាយាម​ដក​ដង្ហើម។ ចូរ​ប្រុង​ស្មារតី​ជា​និច្ច។ ខណៈពេល​ដែល​យើង​កំពុង​ជាប់​នៅ​ក្នុង​អារម្មណ៍​នៃ​ការ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​រឿង​មិន​គួរ​គប្បី គឺ​យើង​ត្រូវ​តែ​ពឹង​លើ​ព្រះ​គុណ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​យើង​ជា​រៀង​រាល់​ថ្ងៃ (បរិទេវៈ ៣:២២-២៤)។ នៅ​ត្រង់​ចំណុច​នេះ យើង​ឃើញ​ថា អ្នក​យំសោក​កំពុង​តែ​ព្យាយាម ហើយ​គាត់​អធិស្ឋាន​អំពី​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន។ «ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ​អង្គ» (បរិទេវៈ ៣:២៤ គកស)។ តើ​ពិត​មែន​ឬ? តើ​លោក​អ្នក​នឹង​សង្ឃឹម​លើ​ទ្រង់​ឬ​ទេ? ការ​អធិស្ឋាន​គឺ​ជា​ការ​បង្ហាញ​ពី​សេចក្ដី​សង្ឃឹម។ សេចក្ដី​អធិស្ឋាន​មួយ​នេះ គឺ​ជា​ចំណែក​របស់​អ្នក​យំសោក ចំពោះ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់។ ចូរ​បន្ត​ឈាន​ទៅ​មុខ។ ចូរ​បន្ត​ដក​ដង្ហើម។ ប្រសិន​បើ​លោក​អ្នក​ឈប់​បន្ត​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស មិន​យូរ​មិន​ឆាប់ លោក​អ្នក​នឹង​លែង​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​យល់​ឃើញ​ត​ទៅ​ទៀត​ជា​មិន​ខាន។

    ៤. ការពារ​អ្នក​ដទៃ

    ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ជា​ការ​បង្ហាត់​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​ប្រើ​អ្នក​ដទៃ ដើម្បី​បំពេញ​ការ​ត្រេក​ត្រអាល​របស់​ខ្លួន។ ចូរ​ដឹង​ថា ចាប់​ពី​ពេល​ដែល​លោក​អ្នក​បាន​មើល​រូបភាព ឬ​ក៏​រឿង​មិន​គួរ​គប្បី​មក នោះ លោក​អ្នក​នឹង​ងាយ​ធ្លាក់​ទៅ​ក្នុង​ការ​ប្រើ​ប្រាស់​មនុស្ស ដែល​នៅ​ជិត​លោក​អ្នក​តាម​របៀប​មួយ​ដូច​ដែល​លោក​អ្នក​ប្រើ​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ដើម្បី​បំពេញ​សេចក្ដី​អរសប្បាយ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ពោល​គឺ​ដោយ​ភាព​អាត្មានិយម ដោយ​ឥរិយាបថ​ដែល​ព្រងើយ​កន្តើយ និង​ការ​មិន​កែប្រែ​ចិត្ត។ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ធ្វើ​ឲ្យ​យើង​ខ្វាក់​ភ្នែក​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជា​មួយ​មិត្តភក្ដិ ហើយ​វា​រារាំង​យើង​មិន​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​ឡើយ។ ដូច្នេះ វិធី​ដ៏​ល្អ​បំផុត​គឺ​យើង​ត្រូវ​ដើរ​ដោយ​ចេះ​ការពារ​ខ្លួន៖ ដើរ​មួយៗ​ដោយ​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​ឈឺ ហើយ​ងាយ​នឹង​ធ្វើ​បាប​អ្នក​ដទៃ​ដោយ​យក​គេ​មក​ប្រើ​ប្រាស់​ទុក​ដូច​ជា​របស់​ប្រើ​ប្រាស់ ពោល​គឺ​ចាត់​ទុក​គេ​អន់​ជាង​សត្វ​ទៅ​ទៀត។ ក្រោយ​ពេល​ដែល​លោក​អ្នក​ធ្លាក់ចុះ វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​លោក​អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​លោក​អ្នក (មិន​មែន​នៅ​លើ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​របស់​លោក​អ្នក) សក្ដិសម​នឹង​ទទួល​បាន​ការ​គោរព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ដែល​លោក​អ្នក​មិន​បាន​ផ្ដល់​ឲ្យ​ដល់​អស់​អ្នក​ដែល​នៅ​លើ​អេក្រង់​ដែល​លោក​អ្នក​ទើប​នឹង​មើល។

    ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ប្រៀប​ដូច​ជា​មើល​ខ្សែ​ភាពយន្ត​មួយ​រឿង ដែល​មាន​តួឯក មាន​ពាក្យ​សម្ដី​ដែល​គេ​រៀបចំ​ឲ្យ​និយាយ ហើយ​ក៏​មាន​ការ​សម្ដែង​ផង​ដែរ៖ មាន​បុគ្គល​ដែល​ទទួល​បាន​សេចក្ដី​អរសប្បាយ មាន​បុគ្គល​ដែល​ជា​អ្នក​ផ្ដល់​សេចក្ដី​អរសប្បាយ​ឲ្យ​គេ មាន​បុគ្គល​ដែល​ជា​អ្នក​លះបង់ និង​មាន​បុគ្គល​ដែល​ជា​អ្នក​ទទួល​បាន​ការ​លះបង់​ពី​អ្នក​ដទៃ មាន​បុគ្គល​ដែល​ធ្វើ​ខ្លួន​អន់​ជាង​សត្វ និង​បុគ្គល​ដែល​តាំង​ខ្លួន​ជា​ព្រះ ជា​អ្នក​ដែល​រក​តែ​ប្រយោជន៍​ខ្លួន​ឯង។ យើង​ត្រូវ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង ដើម្បី​ឲ្យ​ចាំ​ថា ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​ពោរពេញ​ទៅ​ដោយ​ការ​កុហក ហើយ​ប្រសិន​បើ​យើង​ចង់​តយុទ្ធ​ជា​មួយ​ការ​កុហក​នេះ គឺ​យើង​មិន​ត្រូវ​គិត​អំពី​ខ្លួន​ឯង​ច្រើន​ពេក​នោះ​ទេ តែ​ត្រូវ​គិត​ពី​អ្នក​ដទៃ​វិញ៖ យើង​ត្រូវ​ចាំ​ពី​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​យើង ពោល​គឺ​មិន​ត្រូវ​តាំង​ខ្លួន​ជា​ព្រះ ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​នោះ​ឡើយ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​កុំ​ឲ្យ​សាច់​ឈាម​យើង​ត្រួតត្រា​លើ​យើង (កាឡាទី ៥:១៧)។ ព្រះ​ជាម្ចាស់​ដ៏​ជា​អង្គ​ដែល​ថែរក្សា​យើង ទ្រង់​ការពារ​អ្នក​ដទៃ​កុំ​ឲ្យ​ទទួល​ផល​អាក្រក់​ពី​យើង ព្រោះ​យើង​គិត​ថា ខ្លួន​ជា​ព្រះ។

    ៥. សារភាព​ទៅ​កាន់​មិត្តភក្ដិ

    ចូរ​សារភាព​បាប​របស់​លោក​អ្នក​ទៅ​កាន់​មិត្តភត្ត​ណា​ម្នាក់​របស់​លោក​អ្នក ដែល​នឹង​មិន​រក​លេស​ដោះ​សារ​ឲ្យ​លោក​អ្នក ហើយ​ក៏​នឹង​មិន​ស្ដី​បន្ទោស​លោក​អ្នក​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ចំណុច​ទាំង​ពីរ​នេះ​សំខាន់​ដូច​គ្នា។ ពេល​ខ្លះ នៅ​ពេល​ដែល​យើង​រក​មនុស្ស​មក​ជួយ​យើង (ក្រោយ​ពេល​ដែល​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស) ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អ្នក​ដែល​យើង​ចង់​ឲ្យ​ជួយ បែរ​ជា​មក​ជាន់​ពន្លិច​យើង​ថែម​ទៀត​ទៅ​វិញ (សុភាសិត ២៤:១៦)។ ចូរ​រក​មិត្តភក្ត​ដែល​នឹង​ជួយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ជួយ​ព្យាបាល​យើង​នៅ​ពេល​ដែល​គាត់​ឮ​ការ​សារភាព​បាប​របស់​យើង។ ចំណុច​ស្នូល​នៃ​ការ​សារភាព​គឺ «ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ» «ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង» (យ៉ាកុប ១:១៦ គកស)។ ពិត​ណាស់ តម្លៃ​នៃ «ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធភាព​ណាស់» (យ៉ាកុប ៥:១៦ គកស)។ ជា​ការ​ល្អ​ណាស់​ប្រសិន​បើ​លោក​អ្នក​សារភាព​បាប​នេះ​ទៅ​កាន់​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ ការ​សារភាព​បែប​នេះ​មិន​មែន​ជា​រនាំង​ខណ្ឌ​ផ្ដាច់​មនុស្ស​ដែល​ប្រព្រឹត្តិ​បាប​ពី​ព្រះ​គ្រីស្ទ​នោះ​ទេ ប៉ុន្តែ​វា​ជា​វិធី​មួយ​ក្នុង​ការ​ព្យាបាល​ការ​ឈឺ​ចាប់។ មនុស្ស​មាន​បាប​ដែល​មាន​ប្រាជ្ញា​ប្រាកដ​ជា​សារភាព​បាប​របស់​ខ្លួន​ទៅ​កាន់​មិត្តភក្ដិ​ដែល​នឹង​មិន «សង្កត់​សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង» ហើយ​ក៏​នឹង​មិន «រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ» (សុភាសិត ២២:២២; អេសាយ ៥:២០)។ ប្រសិន​បើ​នៅ​កន្លែង​ដែល​លោក​អ្នក​រស់នៅ​មាន​ការ​ប្រជុំ​គ្នា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​បែប​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ទៅ​ចូល​រួម​ជា​មួយ​គេ​ដែរ ឧទាហរណ៍ ក្រុម​តួច​ដែល​ក្រុម​ជំនុំ​លោក​អ្នក​មាន។

    ៦. ប្រើ​ការ​យល់​ឃើញ​ដ៏​ច្បាស់​លាស់​របស់​លោក​អ្នក ដើម្បី​ជា​ប្រយោជន៍

    ប្រាកដ​ណាស់ លោក​អ្នក​នឹង​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​យល់​ឃើញ ក្រោយ​ពេល​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។ ប៉ុន្តែ លោក​អ្នក​ក៏​អាច​នឹង​មាន​ការ​យល់​ឃើញ​យ៉ាង​ច្បាស់​លាស់​ដែរ ព្រោះ​នោះ​ជា​លក្ខណៈ​មួយ​នៃ​ការ​ក្រឡេក​មើល​ក្រោយ​ដោយ​មាន​ការ​សោក​ស្ដាយ។ «កាល​យូដាស…ឃើញ​ថា​ព្រះ​អង្គ​ជាប់​ទោស គាត់​សោក​ស្ដាយ​ជា​ខ្លាំង» (ម៉ាថាយ ២៧:៣ គកស)។ ការ​យល់​ឃើញ​ដ៏​ច្បាស់​របស់​សាវ័ក យូដាស បាន​នាំ​គាត់​ទៅ​កាន់​ផ្លូវ​ខុស។ ប៉ុន្តែ លោក​អ្នក​អាច​ប្រើ​ការ​យល់​ឃើញ​ដ៏​ច្បាស់​របស់​លោក​អ្នក ដើម្បី​ចូល​ទៅ​កាន់​ផ្លូវ​ត្រឹមត្រូវ​វិញ។ ដូច​គ្នា​ដែរ​សាវ័ក ប៉ុល ក៏​បាន​សរសេរ​អំពី​ការ​បះបោរ​របស់​សាសន៍​អ៊ីស្រាអែល​ថា «ហេតុការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់​ដូច​ជា​ពួក​លោក (ឡើយ)។» (១កូរិនថូស ១០:៦ គកស)។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ពេល​ខ្លះ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់។ ហើយ​នៅ​ក្នុង​ករណី​នោះ គឺ​យើង​ជា​គំរូ​ដល់​អ្នក​ដទៃ​ហើយ។

    លោក​គ្រូ ចន ផាបភ័រ (John Piper) បាន​លើក​ឡើង​យ៉ាង​ត្រឹម​ត្រូវ​ថា «ចូរ​កុំ​ខ្ជះខ្ជាយ​ការ​សោក​ស្ដាយ​របស់​លោក​អ្នក​ឡើយ។» ចូរ​ប្រើ​វា​សម្រាប់​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ និង​សម្រាប់​អំណរ​របស់​លោក​អ្នក។ ចូរ​រៀន​ដាក់​រនាំង​ទប់​ស្កាត់​ខ្លួន​ឯង។ ចូរ​ប្រើ​ការ​យល់​ឃើញ​ដ៏​ច្បាស់​លាស់​នោះ (មុន​វា​រសាយ​បាត់​ទៅ) មុន​ពេល​ដែល​លោក​អ្នក​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បង​នោះ​ម្ដង​ទៀត ដើម្បី​នឹង​រៀបចំ​រនាំង​ទប់​ស្កាត់​ខ្លួន​ឯង។ ប្រសិន​បើ​លោក​អ្នក​គ្រាន់​តែ​អង្គុយ​គិត​ថា រនាំង​នេះ ឬ​ក៏​រនាំង​នោះ​ល្អ ឬ​មិន​ល្អ ឬ​ក៏​ថា​វា​មាន ឬ​មិន​មាន​ប្រសិទ្ធភាព ប៉ុន​នេះ ឬ​ប៉ុន​នោះ នោះ​ចូរ​ចាំ​ថា មូល​ដ្ឋាន​នៃ​សេចក្ដី​ពិត​គឺ៖ ប្រសិន​បើ​លោក​អ្នក​មិន​មាន​រនាំង​ទប់​ស្កាត់​ខ្លួនឯង​ពី​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​នៅ​ពេល​អនាគត​ទេ នោះ​លោ​ក​អ្នក​ប្រាកដ​ជា​នឹង​មើល​វា​ម្ដង​ទៀត​ជា​មិន​ខាន។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​មាន​រនាំង​ការពារ​នៅ​ឡើយ​ទេ នោះ​ចូរ​កុំ​បន្ត​នៅ​អែអង់​ដោយ​គិត​ថា យក​វិធី​មួយ​ណា​នោះ​ឡើយ តែ​ត្រូវ​ជ្រើស​រើស​វិធី​មួយ​ភ្លាម។ ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ជ្រើស​រើស​យក​ទៅ​ប្រើ ដើម្បី​ការពារ​ខ្លួន​បាន៖

    • ចូរ​បញ្ចូល​កម្ម​វិធី Covenant Eyes ឬ​ក៏ X3Watch នៅ​ក្នុង​គ្រប់​គ្រឿង​អេឡិចត្រូនិក​របស់​ខ្លួន
    • ចូរ​កុំ​រក្សា​ទុក​កម្ម​វិធី​ទាំង​ឡាយ​ណា ដែល​លោក​អ្នក​អាច​ប្រើ ដើម្បី​លេង​អ៊ីនធឺណិត​ដែល​អ្នក​ផ្សេង​មិន​អាច​ដឹង​ថា​លោក​អ្នក​បាន​មើល​អ្វី​ខ្លះ
    • ចូរ​លុប​ចោល​កម្ម​វិធី​ទាំង​ឡាយ​ណា ដែល​លោក​អ្នក​អាច​ចូល​លេង​អ៊ីនធឺណិត​ដោយ​អាថ៌កំបាំង​បាន ហើយ​អ្នក​ផ្សេង​មិន​ដឹង​ថា​លោក​អ្នក​បាន​ចូល​មើល​អ្វី
    • ចូរ​ឲ្យ​មិត្តភក្ត​ណា​ម្នាក់​របស់​លោក​អ្នក​បិទ app store ឬ​ក៏ play store ចោល ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ចូល​ទៅ​ទាញ​យក​កម្ម​វិធី ដោយ​ខ្លួន​ឯង​បាន​ដូច​ជា Google Chrome ជាដើម តែ​ចូរ​ប្រើ​កម្ម​វិធី Covenant Eyes ឬ​ក៏ X3Watch ជា​ការ​លេង​អ៊ីនធឺណិត​វិញ។ សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រព័ន្ធ iOs ប្រសិន​បើ​ចង់​បិទ ចូរ​ចូល​ទៅ​កាន់ Link នេះ៖ support.apple.com ហើយ​សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រព័ន្ធ Andriod ចូរចូល​ទៅ​កាន់ Link នេះ៖ www.pcadvisor.co.uk
    • ចូរ​លុប​រូបភាព​អាសអាភាស ដែល​លោក​អ្នក​ធ្លាប់​ទាញ​ទុក​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក​របស់​លោក​អ្នក​ចោល
    • ចូរ​សារភាព​ប្រាប់​មិត្តភក្ត​លោកអ្នក​ពី​វិធី និង​របៀប​ដែល​លោកអ្នក​តែងតែ​លួច​ប្រើ​ក្នុង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។ ប្រសិន​បើ​លោកអ្នក​មិន​រៀបចំ​ផែនការ​ទេ នោះ​មាន​ន័យ​ថា លោកអ្នក​បាន​រៀប​ផែនការ​ ដើម្បី​បរាជ័យ​ហើយ។ ចំណុច​នេះ​គឺ​ជា​ការ​ពិត​ណាស់ ជា​ពិសេស​ទាក់ទង​នឹង​ការ​តយុទ្ធ​ជាមួយ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។

    ៧. ស្គាល់​ព្រះ​ជាម្ចាស់

    ចូរ​ចង​ចាំ​ចំណុច​នេះ៖ ព្រះ​ជាម្ចាស់​ស្រឡាញ់​លោក​អ្នក​ខ្លាំង​ណាស់! ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អំពើ​បាប​ដែល​យើង​ធ្វើ​ទេ (លោកុប្បត្ដិ ៦:៦) ហើយ​ទ្រង់​ក៏​ឈឺ​ចិត្ត​នឹង​យើង​ដែរ ប៉ុន្តែ​អំណាច​របស់​ព្រះ​អង្គ​គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង (ទំនុកដំកើង ៣៤:១៧-១៩)។ ជា​ការ​ពិត​ណាស់ ការ​ដែល​យើង​មិន​យល់ ច្បាស់​លាស់​អាច​នឹង​ខណ្ឌ​ផ្ដាច់​យើង​ពី​ព្រះ​ជាម្ចាស់​បាន៖ «មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ» (ទំនុកដំកើង ៩២:៦ គកស)។ ប៉ុន្តែ ទោះ​បើ​ជា​ពេល​ដែល​យើង​មិន​អាច​មើល​ទ្រង់​ឃើញ ហើយ​ទោះ​បី​ជា​ពេល​ដែល​យើង​បរាជ័យ​នៅ​ក្នុង​ការ​ស្ដាប់​បង្គាប់​ទ្រង់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​អធិស្ឋាន​បែប​នេះ​បាន​ដែរ​ថា​៖ ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​រំលាយ​ផែនការ​របស់​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​យើង​មិន​ស្ដាប់​បង្គាប់​ទ្រង់ (នេហេមា ៤:១៥) ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​ឃាត់​ព្រះ​តម្រិះ​របស់​ព្រះ​អង្គ​បាន​ឡើយ (យ៉ូប ៤២:២)។ លើស​ពី​នោះ​ទៅ​ទៀត ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​ជួយ​យើង​ខ្ញុំ​ក្នុង​ការ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​យើង​ខ្ញុំ​ទៅ​លើ​ទ្រង់ ព្រោះ​ទ្រង់​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​នឹង​យើងខ្ញុំ (១ពេត្រុស ៥:៦-៧)។

    ព្រះ​ជាម្ចាស់​មិន​បោះបង់​មនុស្ស​មាន​បាប​ចោល​ឡើយ។ ព្រះ​អង្គ​ក៏​មិន​ដើរ​ចេញ​ពី​អស់​អ្នក​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ដែរ។ ចូរ​រង់ចាំ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ «ចូរ​ស្អាង​ខ្លួន​នៅ​ក្នុង…ព្រះ​វិញ្ញាណ​បរិសុទ្ធ៖ ចូរ​រក្សា​ជំនឿ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ទាំង​ទន្ទឹង​រង់ចាំ​ព្រះ​ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ដែល​នាំ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច​ផង» (យូដាស ១:២០-២១)។ ចូរ​ស្គាល់​ចំណុច​ខុស​គ្នា​រវាង​ព្រះ​ជាម្ចាស់ និង​ការ​ដែល​អារក្ស​សាតាំង​បន្លំ​ខ្លួន​ធ្វើ​ដូច​ជា​ព្រះ​ជាម្ចាស់ ដើម្បី​នឹង​បោក​បញ្ឆោត​លោក​អ្នក៖ ភាព​ស្អប់​ខ្ពើម ការ​ដើរ​ចេញ ការ​គ្មាន​ពេលវេលា និង​ការ​មិន​ចាប់​អារម្មណ៍។ ចូរ​ស្គាល់​ព្រះ​ភក្ត្រ​ដ៏​ពិត​របស់​ព្រះ​ជាម្ចាស់៖ មាន​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ការ​អត់​ធ្មត់ ព្រម​ទាំង​ធ្វើ​ការ​នៅ​ក្នុង​លោក​អ្នក គ្មាន​អ្វី​មួយ​ធ្វើ​ឲ្យ​ទ្រង់​ភ្ញាក់​ផ្អើល គ្មាន​ការ​បន្ទន់​ចិត្ត ក៏​គ្មាន​ការ​រាថយ​នៅ​ក្នុង​ការ​ឈោង​ចាប់​លោក​អ្នក​ផង​ដែរ។ ព្រះ​អង្គ​នឹង​មិន​បោះបង់​លោក​អ្នក​ចោល​ឡើយ។

    ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
    និពន្ធ​ដោយ៖ លោក​គ្រូ Paul Maxwell
    បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់ និង​​លោក ទេព រ៉ូ
    ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
  • ,

    ទាស់​ប្រឆាំង​

    អំពើ​បាប​ទាំង​អស់​គឺ​ធ្ងន់​ធ្ងរ​ណាស់ ដោយ​ព្រោះ​វា​ទាស់​នឹង​ព្រះ​ជាម្ចាស់។
    All sin is serious, because it is against God.
    – John Piper

  • ,

    ស្រឡាញ់ យំ ខឹង អស្ចារ្យ

    តម្លៃ​ដ៏ខ្ពស់

    ​ប៉ុន្តែ ចូរ​ស្វែងរក​ព្រះ​រាជ្យ​របស់​ព្រះ និង​សេចក្ដី​សុចរិត​របស់​ព្រះ​អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង (ម៉ាថាយ ៦:៣៣) ។

    ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។
    បកប្រែដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
    រចនាអត្ថបទភាសាខ្មែរ៖ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ