in ,

ដំណឹង​ល្អ​

What is the Gospel?

ដំណឹង​ល្អ​គឺ​ជា​ដំណឹង​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ដើម្បី​ផ្សះផ្សា​មនុស្ស​ដែល​មាន​បាប​អោយ​មក​ជា​នា​ជា​មួយ​ព្រះ​ជាម្ចាស់​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​ដំណើរ​រឿង​ទាំង​មូល៖

១. ព្រះ​ជាម្ចាស់​ផ្ទាល់​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ គឺ​ជា​ព្រះ​ដែល​បាន​បង្កើត​យើង​មក​ក្នុង​រូប​អង្គ​ទ្រង់ ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ (លោកុប្បត្ដិ ១:២៦-២៨)។

២. ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាន​កាត់​ខ្លួន​ចេញ​ពី​ព្រះ​អង្គ (លោកុប្បត្ដិ ៣; រ៉ូម ៣:២៣)។

៣. ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ទ្រង់​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ទ្រង់ ដែល​មាន​ព្រះ​នាម​ថា​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​យាង​មក​ក្នុង​នាម​ជា​ស្ដេច និង​ជា​អ្នក​រំដោះ​រាស្ត្រ​ទ្រង់​ចេញ​ពី​ខ្មាំង​សត្រូវ​របស់​ពួក​គេ—ដែល​សំខាន់​ជាង​គេ​បំផុត​នោះ​គឺ​អំពើ​បាប​របស់​ពួក​គេ​ផ្ទាល់ (ទំនុក​តម្កើង ២; លូកា ១:៦៧-៧៩)។

៤. ព្រះ​យេស៊ូវ​បាន​បង្កើត​នគរ​របស់​ទ្រង់​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​ធ្វើ​ជា​សង្ឃ​ដែល​ជា​អ្នក​កណ្ដាល និង​ជា​សង្ឃ​នៃ​ការ​បូជា—ព្រះអង្គ​បាន​មាន​ព្រះជន្ម​រស់​នៅ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​តាម​រយៈ​ការ​ទាំង​អស់​នោះ​ព្រះអង្គ​បាន​បំពេញ​ក្រឹត្យ​វិន័យ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ហើយ​ក៏​បាន​ផ្ទុក​លើ​រូប​អង្គ​ទ្រង់​ផ្ទាល់​នូវ​ទារុណកម្ម​ជំនួស​បាប​របស់​មនុស្ស​ជា​ច្រើន​ទៀត​ផង (ម៉ាកុស ១០:៤៥; យ៉ូហាន ១:១៤; ហេព្រើរ ៧:២៦; រ៉ូម ៣:២១-២៦; ៥:១២-២១)។ បន្ទាប់​មក ព្រះអង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដែល​ការ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​ទទួល​យក​នូវ​យញ្ញ​បូជា​របស់​ទ្រង់ ហើយ​ថា​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទាស់​នឹង​យើង​ត្រូវ​បាន​ដក​ចេញ (កិច្ចការ ២:២៤; រ៉ូម ៤:២៥)។

៥. ហើយ​ឥឡូវ​នេះ​ព្រះអង្គ​ត្រាស់​ហៅ​ឲ្យ​យើង​បាន​កែ​ប្រែ​ចិត្ត​ចេញពី​អំពើ​បាប ហើយ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​តែ​មួយ​អង្គ​គត់ ដើម្បី​ទទួល​បាន​នូវ​ការ​អត់​ទោស​បាប​របស់​យើង (កិច្ចការ ១៧:៣០; យ៉ូហាន ១:១២)។ ប្រសិន​បើ​យើង​កែ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​របស់​យើង ហើយ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា យើង​បាន​កើត​ម្ដង​ទៀត​នៅ​ក្នុង​ជីវិត​ថ្មី ពោល​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ (យ៉ូហាន ៣:១៦)។

នោះ​ឯង​គឺជា​ដំណឹង​ល្អ!

របៀប​ដ៏​ល្អ​មួយ​ទៀត​ក្នុង​ការ​សង្ខេប​ដំណឹង​ល្អ​មួយ​នេះ​គឺ​ការ​បក​ស្រាយ​តាម​បែប​ព្រះ​គម្ពីរ​លើ​ពាក្យ ព្រះ​ជាម្ចាស់ មនុស្ស ព្រះគ្រីស្ទ និងការ​ឆ្លើយ​តប

១. ព្រះ​ជាម្ចាស់​ជា​ព្រះ​អាទិករ​លើ​រាល់​អ្វីៗ​ទាំង​អស់ (លោកុប្បត្ដិ ១:១)។ ព្រះអង្គ​បរិសុទ្ធ​ល្អ​ឥត​ខ្ចោះ ទ្រង់​ស័ក្តិ​សម​ក្នុង​ការ​ទទួល​រាល់​ការ​ថ្វាយ​បង្គំ ហើយ​នឹង​ដាក់​ទោស​លើ​អំពើ​បាប (១យ៉ូហាន ១:៥; វិវរណៈ ៤:១១; រ៉ូម ២:៥-៨)។

២. ទោះ​បើ​ពេល​ដែល​ព្រះអង្គ​បាន​បង្កើត​មនុស្ស​ទាំង​អស់​យ៉ាង​ល្អ​ក៏​ដោយ ក៏​ពួក​គេ​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប​ដោយ​ខ្លួន​ឯង (លោកុប្បត្ដិ ១:២៦-២៨; ទំនុក​តម្កើង ៥១:៥; រ៉ូម ៣:២៣)។ ចាប់​តាំង​ពី​ដើម​កំណើត​មក មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​បាន​បែក​ចេញ​ពី​ព្រះ​ជាម្ចាស់ ក្លាយ​ទៅ​ជា​ខ្មាំង​សត្រូវ​ទាស់​នឹង​ព្រះ​អង្គ ហើយ​ក៏​ស្ថិត​នៅ​ក្រោម​សេចក្ដី​ក្រោធ​របស់​ទ្រង់​ដែរ (អេភេសូរ ២:១-៣)។

៣. ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ ១០០% និង​ជា​មនុស្ស ១០០%។ ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​នៅ​ដោយ​គ្មាន​អំពើ​បាប​ហើយ​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ទ្រាំទ្រ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ជំនួស​អស់អ្នក​ដែល​ទទួល​ជឿ​លើ​ទ្រង់ ហើយ​ព្រះអង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ផ្នូរ​ឡើង​វិញ ដើម្បី​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​រាស្ត្រ​របស់​ទ្រង់​ដែរ (យ៉ូហាន ១:១; ១ធីម៉ូថេ ២:៥; ហេព្រើរ ៧:២៦; រ៉ូម ៣:២១-២៦; ២កូរិនថូស ៥:២១; ១កូរិនថូស ១៥:២០-២២)។

៤. ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​មនុស្ស​ម្នា​ទាំង​អស់​នៅ​រាល់​គ្រប់​ទី​កន្លែង​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយ​កែ​ប្រែ​ចិត្ត​គំនិត​របស់​ពួក​គេ​ចេញ​ពី​អំពើ​បាប ហើយ​ទទួល​ជឿ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ (ម៉ាកុស ១:១៥; កិច្ចការ ២០:២១; រ៉ូម ១០:៩-១០)។

និពន្ធដោយ៖ ក្រុម 9Marks
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោកស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.9marks.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

មក​ក្នុង​សេចក្តី​ទុច្ចរិត

កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត​