in ,

ការ​រស់​ឡើង​វិញ៖ ចំណុច​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​ដឹង

10 Things You Should Know about the Resurrection

១.ការ​រស់​ឡើង​វិញ​គឺ​ជា​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ ដូច្នេះ​យើង​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ចំណុច​នោះ​ឡើយ

នៅ​សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា មនុស្ស​ដែល​ប្រកាស​ដំណឹង​ល្អ គេ​ផ្ដោត​ខ្លាំង​តែ​ទៅ​លើ​ឈើ​ឆ្កាង​ប៉ុណ្ណោះ។ គេ​មិន​សូវ​អើពើ​ចំពោះ​ការ​រស់​ឡើង​វិញ​ទេ ឬ​ក៏​គេ​គ្រាន់​តែ​និយាយ​បន្តិច​បន្តួច​អំពី​ចំណុច​នេះ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ យើង​ឃើញ​ថា ការ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ តែង​តែ​ផ្ដោត​ទៅ​លើ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ហើយ​មិន​សូវ​និយាយ​អំពី​ការ​សុគត​របស់​ទ្រង់​ទេ។ ពួក​សាវ័ក​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​រស់​ឡើង​វិញ ជា​ជាង​ទៅ​លើ​ឈើ​ឆ្គង។

នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ព្រោះ​ក្រុមជំនុំ​ហាក់​បី​ដូច​ជា​រីករាយ ហើយ​អរសប្បាយ​តែ​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ នៅ​ពេល​បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ តាម​ពិត​ទៅ រាល់​ថ្ងៃ​អាទិត្យ​គួរ​តែ​ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​រស់​ឡើង​វិញ។ មូល​ហេតុ​ដែល​ក្រុម​ជំនុំ​ជំនាន់​មុន​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍ គឺ​ដោយ​ព្រោះ​តែ​ពួក​គាត់​ចង់​អបអរសាទរ​ចំពោះ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់។ ចូរ​នឹក​ស្រមៃ​ទៅ​មើល​ថា តើ​ការ​ក្រុម​ជំនុំ​ប្រជុំ​រាល់​ថ្ងៃ​អាទិត្យ​នឹង​មាន​លក្ខណៈ​បែប​ណា ប្រសិនបើ​ការ​ជួប​ជុំ​គ្នា​នោះ​គឺ ដើម្បី​អបអរសាទរ​ចំពោះ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។

២.ការ​ជឿ​ថា ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម គឺ​ជា​មូល​ដ្ឋាន​នៃ​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ

មិន​ថា​និកាយ​ណា​មួយ​នៅ​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ​ទេ គឺ​សុទ្ធ​តែ​ជឿ​លើ​សេចក្ដី​ពិត​ដ៏​សាមញ្ញ​មួយ​ដែល​ថា​៖ ផ្នូរ​នៅ​ទទេ។ គ្រប់​និកាយ​ទាំង​អស់​សុទ្ធ​តែ​ជឿ​លើ​សេចក្ដី​ពិត​នេះ។ មាន​តែ​និកាយ​សេរីនិយម​មួយ​ចំនួន​ប៉ុណ្ណោះ ​ដែល​មិន​ជឿ​ថា ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម ហើយ​ដោយសារ​គេ​មិន​ជឿ ដូច្នេះ​គេ​មិន​មាន​សិទ្ធិ​រាប់​ខ្លួន​ថា​ជា​គ្រីស្ទបរិស័ទ​ទេ។

នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ​ដែល​មាន​ចំណងជើង​ថា Raised With Christ ខ្ញុំ​បាន​ផ្ដល់​អត្ថ​ន័យ​អំពី​ភាព​ជា​គ្រីស្ទ​បរិស័ទ​ថា៖ គ្រីស្ទបរិស័ទ គឺ​ជា​បុគ្គល​ដែល​ជឿ​ថា​ព្រះ​យេស៊ូវ​ពិត​ជា​បាន​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​មែន ហើយ​ក៏​ជា​បុគ្គល​ដែល​រស់​នៅ​ដោយ​ពឹង​លើ​ការ​រស់​ឡើង​វិញ​​ដែរ។

ខ្ញុំ​បង្កើត​អត្ថ​ន័យ​ខាង​លើ​នេះ​ដោយ​ពឹង​លើ​សេចក្ដី​សន្យា​ដ៏​ច្បាស់​លាស់​របស់​សាវ័ក ប៉ុល «ព្រោះ​បើ​មាត់​របស់​អ្នក​ប្រកាស​ថា​ព្រះ​យេស៊ូវ​ជា​ព្រះអម្ចាស់ ហើយ​ជឿ​នៅ​ក្នុង​ចិត្ត​ថា​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ» (រ៉ូម ១០:៩ គគខ)។

៣.ការ​រស់​ឡើង​វិញ បង្ហាញ​ឲ្យ​ចក្រវាល​ទាំង​មូល​ឃើញ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ និង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ទ្រង់

ព្រះ​យេស៊ូវ «ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះវិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ…» (រ៉ូម ១:៤ គគខ)។
តាម​រយៈ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ នោះ​យើង​នឹង​មើល​ឃើញ​ពី​ធាតុ​ពិត​របស់​ទ្រង់ «…ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ធ្វើ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែ​ចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប…» (កិច្ចការ ៥:៣០-៣១ គគខ)។

៤.ប្រសិន​បើ​ព្រះ​យេស៊ូវ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ក៏​គ្មាន​ក្រុម​ជំនុំ​ដែរ

ក្រោយ​ពី​គេ​បាន​មក​ចាប់​ព្រះ​យេស៊ូវ ហើយ​សម្លាប់​ទ្រង់​ទៅ ពួក​សិស្ស​មាន​ការ​វង្វេង គ្មាន​ជំនួយ ហើយ​ក៏​ភ័យ​ខ្លាច​ផង​ដែរ។ សាវ័ក ពេត្រុស បាន​បដិសេធ​ថា​មិន​ស្គាល់​ព្រះ​យេស៊ូវ ហើយ​សាវ័ក​ផ្សេងៗ​ទៀត​ក៏​បាន​រត់​ចេញ​ពី​ទ្រង់​ផង​ដែរ។ ទង្វើ​របស់​ពួក​គេ​បែប​នេះ ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ពួក​គាត់​ដដែល​នោះ​ ​ជា​អ្នក​ដែល​ប្រកាស​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​នាំ​មនុស្ស​ជា​ច្រើន​នៅ​លើ​ផែន​ដី​នេះ​ឲ្យ​ជឿ​លើ​ព្រះ​យេស៊ូវ​ដែរ។

ប្រសិនបើ​ពួក​សាវ័ក​គ្មាន​ទំនុក​ចិត្ត​ដែល​មិន​ចេះ​រាថយ​ចំពោះ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​ទេ នោះ​ប្រហែល​ជា​ពួក​គេ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​រហូត​ដល់​ឲ្យ​អ្នក​ដទៃ​សម្លាប់​ពួក​គេ​ដូច្នេះ​ទេ។ មាន​មនុស្ស​ជា​ច្រើន​ហ៊ាន​ស្លាប់ ដើម្បី​ជំនឿ​ខុស​ឆ្គង ដែល​ខ្លួន​ជឿ​ថា​ជា​សេចក្ដី​ពិត។ ប៉ុន្តែ ដែល​ឲ្យ​ពួក​សាវ័ក​ទាំង​អស់​ព្រម​ស្លាប់​ដោយ​សារ​ជំនឿ​របស់​ខ្លួន ខណៈ​ដែល​ខ្លួន​ដឹង​ថា​មិន​មែន​ជា​សេចក្ដី​ពិត​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ។
ក្រុម​ជំនុំ​មិន​បាន​បង្កើត​សាច់​រឿង​អំពី​ការ​រស់​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​ការ​រស់​ឡើង​វិញ​បាន​បង្កើត​ឲ្យ​មាន​ក្រុម​ជំនុំ។

៥.មូល​ហេតុ​មួយ​ដែល​ការ​ប្រកាស​ដំណឹង​ល្អ​មិន​សូវ​មាន​ប្រសិទ្ធភាព គឺ​ប្រហែល​ជា​មក​ពី​យើង​ព្រងើយ​កន្តើយ​ចំពោះ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ

លោក​គ្រូ ឆាល ស្ពើរជិន (Charles Spurgeon) បាន​សម្គាល់​ឃើញ​ថា មូល​ហេតុ​ដែល​ការ​អធិប្បាយ​មិន​មាន​ប្រសិទ្ធភាព​នៅ​ជំនាន់​គាត់ ព្រោះ​ពួក​គាត់​មិន​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ ដូច្នេះ​លោក​គ្រូ ស្ពើរជិន ក៏​ប្ដេជ្ញា​ចិត្ត​ដោយ​អធិប្បាយ​ផ្ដោត​ទៅ​លើ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ហើយ​ការ​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ។ ប្រសិនបើ​យើង​ជ្រើស​រើស​មិន​អធិប្បាយ​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ នោះ​យើង​ក៏​មិន​គួរ​ភ្ញាក់​ផ្អើល​ដែរ ដែល​មិន​ឃើញ​មាន​អ្នក​ជឿ​នោះ។

នៅ​ពេល​ដែល​សាវ័ក ប៉ុល និយាយ​អំពី​ដំណឹង​ល្អ គឺ​គាត់​តែងតែ​រៀប​រាប់​អំពី​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ ដំណឹង​ល្អ​នេះ​ហើយ​ដែល «ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ» (រ៉ូម ១:១៦)។

៦.ការ​រស់​ឡើង​វិញ​បាន​ទិញ​ការ​រាប់​ជា​សុចរិត​របស់​យើង

នៅ​ពេល​ដែល​លោក​អ្នក​សួរ​គ្រីស្ទបរិស័ទ​អំពី​ការ​រាប់​ជា​សុចរិត ពួក​គាត់​តែង​តែ​លើក​ឡើង​អំពី​ការ​សុគត​របស់​ព្រះ​យេស៊ូវ ដែល​បាន​បង់​ថ្លៃ​ជំនួស​អំពើ​បាប​របស់​យើង។ ប៉ុន្តែ ប្រសិនបើ​ការ​រាប់​ជា​បរិសុទ្ធ គ្រាន់​តែ​ជា​ការ​ដក​ចេញ​នូវ​ពិរុទ្ធភាព នោះ​មាន​ន័យ​ថា យើង​មាន​ភាព​ស្អាតស្អំ ហើយ​យើង​ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដោយ​បារម្ភ​ថា តើ​យើង​នឹង​ធ្វើ​ខុស​ម្ដង​ទៀត​ដែរ​ឬ​ទេ។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ឲ្យ​បដិសេធ​គំនិត​បែប​នោះ «ដែល​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត» (រ៉ូម ៤:២៥)។

ខ​ព្រះ​គម្ពីរ​នេះ​ចង់​មាន​ន័យ​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ ព្រះ​ជាម្ចាស់​បាន​រាប់​ទ្រង់​ជា​សុចរិត ហើយ​នោះ​មិន​គ្រាន់​តែ​មាន​ន័យ​ថា ទ្រង់​គ្មាន​បាប​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ន័យ​ថា​ទ្រង់​ជា​អត្ថ​ន័យ​នៃ​សេចក្ដី​បរិសុទ្ធ​ដែរ។ ភាព​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូវ ខ្លាំង​ជាង​អំពើ​បាប​របស់​យើង។ ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​រាប់​គ្រីស្ទ​បរិស័ទ​ជា​មនុស្ស​សុចរិត មិន​មែន​គ្រាន់​តែ​ថា «ខ្ញុំ​មិន​ដែល​ប្រព្រឹត្តិ​បាប​ប៉ុណ្ណោះ​នោះ​ឡើយ» ប៉ុន្តែ​ថា «ខ្ញុំ​បាន​រស់​នៅ​ដោយ​មាន​ភាព​បរិសុទ្ធ»។

ប្រសិនបើ​យើង​មិន​ដឹង​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​នេះ​ទេ នោះ​មាន​ន័យ​ថា យើង​មិន​ទាន់​ស្គាល់​អំណរ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ឡើយ​ទេ។ ព្រះ​យេស៊ូវ​គឺ​ជា​សេចក្ដី​ស្ដាប់​បង្គាប់​របស់​យើង ដោយ​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួស​យើង​តាម​រយៈ​ជីវិត​របស់​យើង។ ទ្រង់​បាន​រងទុក្ខ​ជំនួស​យើង​តាម​រយៈ​ការ​សុគត​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​ជា​ការ​កើត​ជា​ថ្មី​ជំនួស​យើង​តាម​រយៈ​ការ​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ។

៧.ការ​រស់​ឡើង​វិញ​ផ្ដល់​អំណរ​ដល់​យើង ព្រោះ​យើង​ដឹង​ថា ព្រះ​គ្រីស្ទ​គង់​នៅ​ជា​មួយ​យើង

ព្រះ​យេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​រហូត​ដល់​អស់​កល្ប​ជានិច្ច។ ការ​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​គ្រប់​ចំណុច​ទាំង​អស់។ វីរបុរស​ដែល​ស្លាប់ ហើយ​កប់​ក្នុង​ផ្នូរ មិន​អាច​ជួយ​យើង​បាន​ឡើយ។ ប៉ុន្តែ ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​រស់​ឡើង​វិញ ហើយ​គង់​នៅ​ស្ថាន​សួគ៌ នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង!

ដោយ​ព្រោះ​ផ្នូរ​គ្មាន​សព ហើយ​ដោយ​ព្រោះ​ព្រះ​យេស៊ូវ​គង់​នៅ​លើ​បល្ល័ង្ក នោះ​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ប្រាកដ​ថា យើង​នឹង​មាន​ជ័យ​ជម្នះ មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​លើ​លោក​នេះ​ក៏​ដោយ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ» (ម៉ាថាយ ១៦:១៨)។

៨.ការ​រស់​ឡើង​វិញ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ក្រោយ​ការ​ស្លាប់

យើង​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ការ​បាក់​បែក ហើយ​មិន​យូរ​មិន​ឆាប់ ​គ្រីស្ទ​បរិស័ទ​ទាំង​អស់​នឹង​ប្រឈម​មុខ​ជា​មួយ​ការ​ខូច​ចិត្ត ដោយ​សារ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បាន​ស្លាប់។ នៅ​ពេល​ដែល​សាវ័ក ប៉ុល ប្រាប់​យើង​មិន​ឲ្យ «កើត​ទុក្ខ​ព្រួយ​ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម» (១ថែសាឡូនិច្ច ៤:១៣) គាត់​មិន​មែន​មាន​ន័យ​ថា យើង​នឹង​មិន​ប្រឈម​មុខ​នឹង​ការ​ខូច​ចិត្ត​នោះ​ឡើយ។

ប៉ុន្តែ ដោយ​ព្រោះ​ព្រះ​យេស៊ូវ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ នោះ​យើង​ក៏​មាន​ទំនុក​ចិត្ត​ថា នៅ​ថ្ងៃ​មួយ​យើង​នឹង​រស់​ឡើង​វិញ​ដែរ ហើយ​យើង​នឹង​ជួប​ព្រះ​យេស៊ូវ ព្រម​ទាំង​មនុស្ស​ដែល​យើង​ស្រឡាញ់​ជា​ថ្មី​ម្ដង​ទៀត។ ការ​ដែល​យើង​យល់​ដឹង​អំពី​ចំណុច​នេះ នោះ​នឹង​ធ្វើឲ្យ​យើង​កែ​ប្រែ​គំនិត​ទាំង​ស្រុង​នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​ជា​មួយ​សេចក្ដី​ស្លាប់។

៩.ការ​រស់​ឡើង​វិញ​នាំ​ឲ្យ​គ្រីស្ទ​បរិស័ទ​ទាំង​អស់​រួបរួម​ជា​មួយ​ប្រភព​នៃ​ការ​ផ្ដល់​ជីវិត ដែល​នាំ​ឲ្យ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ

តាម​រយៈ​ការ​រស់​ឡើង​វិញ​នេះ​ហើយ​ដែល «លោក​អ័ដាម​ក្រោយ​បង្អស់[បាន​ត្រឡប់]ជា​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ» (១កូរិនថូស ១៥:៤៥)។ ហើយ​សាវ័ក ប៉ុល បាន​ប្រាប់​យើង​ថា «ព្រះ​វិញ្ញាណ​នៃ​ព្រះ​អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា» (រ៉ូម ៨:១១)។

យើង​អាច​ទទួល​បាន​អំណាច​ដ៏​អស្ចារ្យ​នេះ ដែល​នឹង​បំផ្លាស់​បំប្រែ ហើយ​បង្រៀន ព្រម​ទាំង​ផ្ដល់​កម្លាំង​ដល់​យើង​។ «ហើយ​ថា ព្រះ​ចេស្ដា​ដ៏​ខ្លាំង​លើស​លន់​របស់​ទ្រង់​ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កម្លាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ ជា​ព្រះ​ចេស្ដា​ដែល​ទ្រង់​បាន​សម្ដែង​ចេញ ដោយ​ប្រោស​ព្រះ​គ្រីស្ទ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្ដាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់» (អេភេសូរ ១:១៩-២០)។

១០.ដោយសារ​ការ​រស់​ឡើង​វិញ យើង​ដឹង​ថា​ព្រះ​យេស៊ូវ​នឹង​យាង​មក​ថ្កោល​ទោស ហើយ​សោយរាជ​នៅ​លើ​លោក​នេះ​ដោយ​ផ្ទាល់

ការ​ដែល​គ្រីស្ទ​បរិស័ទ​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ពិត​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​អំណរ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ការ​នោះ​ក៏​ជា​រឿង​គួរ​ឲ្យ​កោតខ្លាច​សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ។ ដោយ​សារ​ការ​រស់​ឡើង​វិញ នោះ​យើង​ដឹង​យ៉ាង​ប្រាកដ​ថា ព្រះ​យេស៊ូវ​ដែល​បាន​យាង​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ​នោះ​ ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ។

«ពី​ដើម ព្រះ​ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ​ជម្រះ​លោកីយ៍​ដោយ​យុត្តិ​ធម៌ ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​តម្រូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុតាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង​ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ» (កិច្ចការ ១៧:៣០-៣១)។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Adrian Warnock
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. អរគុណច្រើនសម្រាប់មេរៀននេះជួយអោយខ្ញុំយល់កាន់តែបានច្រើនជាងមុនអំពីអត្ថប្រយោជន៍នៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ បើព្រះគ្រីស្ទមិនរស់ឡើងវិញទេ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់យើងនឹងទៅជាឥតប្រយោជន៍ យើងនឹងក្លាយទៅជាអ្នកកុហកអ្នកដទៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ត្រូវ​​ស្ដាប់​បង្គាប់​?

ការ​ត្រាស់​ហៅ