ព្រះជាម្ចាស់បានប្រទានរចនាសម្ព័ន្ធនៃក្រឹត្យវិន័យជាច្រើនទៅកាន់សាសន៍អ៊ីស្រាអែល ប៉ុន្តែចំណុចស្នូលនៃរចនាសម្ព័ន្ធច្បាប់គឺមានជាទូទៅ ក្នុងអ្វីដែលគេហៅថាក្រឹត្យវិន័យ១០ប្រការ។
យើងនឹងកត់សម្គាល់លើមូលដ្ឋានគ្រឹះទាំង១០លើក្រឹត្យវិន័យនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ២០:១-១៧។
ទី១ (ខ៣) = កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។
«កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ»
ដោយសារព្រះជាម្ចាស់គឺជាព្រះអាទិករនៃយើង នោះយើងជាកម្មសិទ្ធិរបស់ទ្រង់ ហើយមានតែព្រះអង្គទេដែលស័ក្តិសមក្នុងការទទួលការកោតខ្លាច និងភក្ដីភាពរបស់យើង។ យើងមិនគួរផ្ដល់អាទិភាពលើអ្វីក្នុងជីវិតយើងខ្ពស់ជាងព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ នោះគឺជាការពិតចំៗនៃ «ព្រះ» ក្លែងក្លាយ ពីព្រោះពួកវាមិនមែនជាព្រះពិតទេ។
ប្រសិនបើយើងដាក់អ្វីណាមួយខ្ពស់ជាងព្រះយេហូវ៉ាដ៏ជាព្រះក្នុងជីវិត នោះមានន័យថាយើងបានប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី១រួចហើយ។
ទី២ (ខ៤) = កុំឲ្យក្រាបសំពះព្រះក្លែងក្លាយ។
«កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង»។
បញ្ញត្តិទី២មានលក្ខណៈស្រដៀងគ្នាទៅនឹងបញ្ញត្តិទី១ តែវាមិនដូចគ្នាទេ។ ដោយមានមូលដ្ឋានលើបញ្ញាត្តិទី១ នោះយើងដឹងថាវាគឺជារឿងខុសឆ្គងក្នុងការឆ្លាក់ធ្វើរូបណា (ព្រះក្លែងក្លាយ) ហើយក្រាបសំពះនៅចំពោះព្រះក្លែងក្លាយណាមួយតាមរយៈវា។ ប៉ុន្តែ បញ្ញត្តិមួយនេះមានអត្ថន័យទូលំទូលាយជាងនេះ។ វាគឺជារឿងខុសឆ្គងក្នុងការឆ្លាក់ធ្វើរូបព្រះក្លែងក្លាយ (ធ្វើរូបណាមួយ) ទោះបើយើងចង់ប្រើប្រាស់វា ដើម្បីជាការព្យាយាមថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះដ៏ពិតក៏ដោយ។ ព្រះយេហូវ៉ាដ៏ជាព្រះដែលជាព្រះអាទិករគឺជាវិញ្ញាណដែលមិនអាចបន្ទាបចុះជារូបឆ្លាក់ណាមួយបានទេ។
ប្រសិនបើយើងឆ្លាក់រូបព្រះណាមួយ ហើយយើងព្យាយាមថ្វាយបង្គំព្រះក្លែងក្លាយតាមរយៈវា ឬក៏ថាសូម្បីតែព្រះយេហូវ៉ាដ៏ជាព្រះដ៏ពិតក៏ដោយ ក៏នោះមានន័យថា យើងបានប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី២រួចហើយ។
ទី៣ (ខ៧) = កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ។
«កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ»។
ការ «ចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការ» គឺជាការប្រើប្រាស់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ក្នុងលក្ខណៈដោយពុំសូវចាប់អារម្មណ៍ ឬក៏ជាការលេងសើចក្នុងរបៀបដែលមិនបង្ហាញពីការកោតខ្លាចដ៏ពិតចំពោះទ្រង់ ឬក៏ព្រះនាមរបស់ទ្រង់។
ប្រសិនបើយើងធ្វើបែបនេះ នោះមានន័យថា យើងបានប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី៣រួចហើយ។
ទី៤ (ខ៨-១១) = ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។
«ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ។ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្ដី ទោះបាវប្រុស ឬបាវស្រីឯងក្ដី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្ដី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សម្រាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។»។
នៅចុងបញ្ចប់នៃអាទិត្យនៃការបង្កើត (សូមមើលព្រឹត្តិការណ៍ទី២នៅទំព័រទី១៣) ព្រះគម្ពីរបានប្រាប់យើងថាព្រះជាម្ចាស់បានសម្រាកនៅថ្ងៃទី៧ (លោកុប្បត្ដិ ២:១-៣)។ ព្រះជាម្ចាស់មិនបានសម្រាកដោយសារព្រះអង្គនឿយហត់នោះទេ ពីព្រោះព្រះដ៏មានពេញទៅដោយអំណាចព្រះចេស្ដារបស់យើងមិនចេះនឿយហត់ឡើយ។ ព្រះជាម្ចាស់បាន «សម្រាក» នៅថ្ងៃនោះ ដើម្បីប្រកាសជាផ្លូវការសម្រាប់មនុស្សប្រុស និងមនុស្សស្រី។ ព្រះជាម្ចាស់បានបង្កើតយើងមកក្នុងរបៀបដែលថា មនុស្សយើងមានតម្រូវការក្នុងការសម្រាកឲ្យបានទៀងទាត់។ ក្នុងផ្នែកចម្បងនៃព្រះគម្ពីរ (ព្រះគម្ពីរសញ្ញាចាស់) ព្រះជាម្ចាស់បានបង្កើតផែនការសម្រាប់សាសន៍អ៊ីស្រាអែលដែលតម្រូវឲ្យពួកគាត់សម្រាក ហើយផ្ដោតក្នុងលក្ខណៈដ៏ពិសេសលើទ្រង់នៅថ្ងៃទី៧—ដែលយើងហៅថាជាថ្ងៃសប្ប័ទ។
ទោះបើថាផែនការរបស់ព្រះជាម្ចាស់សម្រាប់យើងបានផ្លាស់ប្ដូរក្នុងលក្ខណៈមួយចំនួនក្នុងផ្នែកចម្បងចុងក្រោយនៃព្រះគម្ពីរ (ព្រះគម្ពីរសញ្ញាថ្មី) ក៏ដោយក៏ព្រះជាម្ចាស់នៅសព្វព្រះហឫទ័យមិនឲ្យយើងធ្វើបាបខ្លួនឯងដោយបរាជ័យក្នុងការមិនសម្រាកឲ្យបានទៀងទាត់ដែរ។
ប្រសិនបើយើងមិនអើពើលើគោលការណ៍នៃ «ការសម្រាក» របស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើង នោះមានន័យថា យើងបានប្រព្រឹត្តល្មើសនឹងសភាពធម្មតាដ៏សំខាន់នេះដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យមានក្នុងជីវិតរបស់យើងហើយ។
ទី៥ (ខ១២) = ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយ។
«ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ»។
ការដែលព្រះជាម្ចាស់បានផ្ដល់ឲ្យឪពុកម្ដាយមានអំណាចលើកូនចៅរបស់ខ្លួនគឺជាគោលការណ៍មូលដ្ឋាននៃជីវិតគ្រួសារដែលមានចាប់តាំងពីពេលរបស់លោកអ័ដាម និងនាង អេវ៉ា មកម៉្លេះ។ ដោយសារកូនៗទាំងអស់ទទួលបានជាមរតកនៃលក្ខណៈដែលមានអំពើបាបពីឪពុកម្ដាយរបស់ខ្លួន ហើយជាចុងក្រោយនោះគឺថាពីលោក អ័ដាម និងនាង អេវ៉ា ដូច្នេះពេលខ្លះកូនៗទាំងអស់ (ដល់កម្រិតមួយ ឬក៏កម្រិតណាផ្សេងទៀត) ក៏ប្រឆាំងនឹងអំណាចនេះ ហើយក៏មិនបានគោរពប្រតិបត្តិដល់ឪពុកម្ដាយរបស់ខ្លួនក្នុងការធ្វើបែបនោះដែរ។
ពេល (កាលនៅក្មេង) យើងមិនគោរពប្រតិបត្តិឪពុកម្ដាយរបស់យើង នោះមានន័យថា យើងបានប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី៥រួចហើយ។
ទី៦ (ខ១៣) = កុំឲ្យសម្លាប់មនុស្សឲ្យសោះ។
«កុំឲ្យសម្លាប់មនុស្សឲ្យសោះ»។
ពាក្យភាសាហេប្រឺក្នុងខគម្ពីរមួយនេះដែលចេញពីនោះយើងបកប្រែជាភាសាខ្មែរថា «សម្លាប់» ឬក៏ «ធ្វើអត្តឃាត» គឺមានន័យថាជា «ការសម្លាប់ដែលបានគិតទុកជាមុន» ហើយមិនមែនជាការហាមប្រាមក្នុងការសម្លាប់បែបជាការការពារខ្លួនឯងនោះទេ។
ភាពធ្ងន់ធ្ងរនៃការសម្លាប់គឺងាយស្រួលណាស់ក្នុងការយល់នៅពេលដែលយើងសញ្ជឹងគិតអំពីការដែលព្រះជាម្ចាស់បានបង្កើតមនុស្សប្រុស និងមនុស្សស្រី «ឲ្យដូចរូបអង្គទ្រង់»។ ដូច្នេះ ទង្វើនៃការសម្លាប់ ក្នុងអត្ថន័យមួយ គឺជាការវាយប្រហារលើព្រះជាម្ចាស់ផ្ទាល់។
សូមកត់សម្គាល់៖ មកដល់ចំណុចនេះ វាទំនងជាការល្អក្នុងការជៀសចេញពីការពិភាក្សាអំពីសង្គ្រាម ការប្រហារជីវិត។ល។ ទាំងនោះជាសំណួរដ៏ល្អដែលលោកអ្នកគួរកត់សម្គាល់ចុះ ហើយពិភាក្សានៅពេលក្រោយ។ ប៉ុន្តែ នៅពេលនេះ ការពិភាក្សាទាំងនេះអាចនាំឲ្យបែកពីការផ្ដោតដ៏ចម្បងនៃការសិក្សា។
នៅក្នុងវគ្គសិក្សាព្រះគម្ពីរក្រោយៗ យើងនឹងរៀនថាការស្អប់បុគ្គលណាម្នាក់យ៉ាងខ្លាំងគឺដូចជាការសម្លាប់ដែរ។
នៅពេលដែលមនុស្សយើងប្រព្រឹត្ត ដោយពឹងលើការព្រៀងទុករបស់ខ្លួនផ្ទាល់ ដោយសម្លាប់មនុស្សណាម្នាក់ផ្សេងទៀត នោះមានន័យថា យើងក៏បានប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី៦រួចហើយ។
ទី៧ (ខ១៤) = កុំឲ្យផិតគ្នាឲ្យសោះ។
«កុំឲ្យផិតគ្នាឲ្យសោះ»។
មានអំពើបាបខាងឯផ្លូវភេទមួយចំនួនដែលព្រះគម្ពីរបានលើកឡើង ដែលទាំងអស់គឺជាការប្រព្រឹត្តល្មើសយ៉ាងច្បាស់លាស់នឹងក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់។ ក្នុងបញ្ញត្តិមួយនេះ ព្រះជាម្ចាស់ផ្ដោតលើអំពើបាបនៃការផិតក្បត់—ទំនាក់ទំនងខាងឯផ្លូវភេទរវាងបុគ្គលដែលបានរៀបការរួចហើយជាមួយនឹងបុគ្គលម្នាក់ផ្សេងទៀតដែលមិនមែនជាប្ដី ឬក៏ប្រពន្ធរបស់ខ្លួន។
នៅក្នុងវគ្គសិក្សាព្រះគម្ពីរក្រោយៗ យើងនឹងរៀនថាវាគឺជាការប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ក្នុងការមានសេចក្ដីប្រាថ្នាយ៉ាងខ្លាំងក្នុងការចង់រួមភេទជាមួយនឹងបុគ្គលណាម្នាក់ផ្សេងទៀតដែលមិនមែនជាប្ដី ឬក៏ប្រពន្ធរបស់ខ្លួន ទោះបើទង្វើខាងឯសាច់ឈាមនោះមិនបានប្រព្រឹត្តឡើងក៏ដោយ។
នៅពេលដែលបុគ្គលណាម្នាក់ឈានចូលក្នុងទំនាក់ទំនងខាងឯផ្លូវភេទជាមួយនឹងបុគ្គលណាម្នាក់ទៀតដែលមិនមែនជាប្ដី ឬក៏ប្រពន្ធរបស់ខ្លួន នោះមានន័យថា ពួកគាត់កំពុងតែប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យទី៧រួចហើយ។
ទី៨ (ខ១៥) = កុំឲ្យលួចប្លន់ឲ្យសោះ។
«កុំឲ្យលួចប្លន់ឲ្យសោះ»។
ព្រះជាម្ចាស់បានលើកឡើងយ៉ាងច្បាស់លាស់ក្នុងព្រះគម្ពីរថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនគួរមានការគោរពពីអ្នកដទៃដែរ។ នៅពេលដែលយើងយកអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់យើង នោះមានន័យថា យើងកំពុងតែប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី៨រួចហើយ។
ទី៩ (ខ១៦) = កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។
«កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ»។
គោលការណ៍ក្នុងបញ្ញត្តិមួយនេះគឺសាមញ្ញណាស់—កុំប្រព្រឹត្តអំពើមិនស្មោះត្រង់ កុំកុហកឡើយ។
ពេលដែលយើងនិយាយមិនស្មោះត្រង់ក្នុង «ទ្រង់ទ្រាយធំ» ឬក៏ជា «ការកុហកតិចតួច» នោះមានន័យថា យើងកំពុងតែប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី៩រួចហើយ។
ទី១០ (ខ១៧) = កុំឲ្យលោភចង់បានរបស់អ្នកជិតខាងឲ្យសោះ។
«កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្ដី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។
បញ្ញត្តិទី១០ពន្យល់បន្ថែមលើបញ្ញត្តិទី៨។ ការលួចប្លន់មិនមែនគ្រាន់តែជាអំពើខុសឆ្គងនោះទេ ប៉ុន្តែការប្រាថ្នាចង់បានយ៉ាងខ្លាំងនូវអ្វីមួយសម្រាប់ខ្លួនឯងដែលជាកម្មសិទ្ធិរបស់អ្នកដទៃក៏ជាការខុសឆ្គងដែរ។
ពេលដែលយើងលោភចង់បានរបស់អ្វីមួយដែលជាកម្មសិទ្ធិរបស់អ្នកដទៃ នោះមានន័យថា យើងកំពុងតែប្រព្រឹត្តល្មើសនឹងបញ្ញត្តិទី១០រួចហើយ។
មតិយោបល់
Loading…