in

សញ្ជឹង​គិត​លើ​​ព្រះ​បន្ទូល​

Meditate on the Word of the Lord Day and Night

ទំនុកតម្កើង ១:១-៦៖

១ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់
ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​​មាន​បាប ឬ​អង្គុយ​នៅ​ជា​មួយ​ពួក​អ្នក​មើល​ងាយ

២ គឺ​អ្នក​នោះ​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា
ហើយ​សញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់​ព្រះ​អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។

៣ អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល
ហើយ​ស្លឹក​មិន​ចេះ​ស្រពោន​ឡើយ កិច្ចការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ​សុទ្ធតែ​ចម្រុងចម្រើន​ទាំងអស់។

៤ ចំណែក​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ
គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់ខ្ចាយ​ទៅ។

៥ ដូច្នេះ មនុស្ស​អាក្រក់​មិន​អាច​ឈរ​នៅក្នុង​គ្រា​ជំនុំជម្រះ​បាន​ឡើយ
ឯ​មនុស្ស​បាប ក៏​មិន​អាច​ឈរ​ក្នុង​ក្រុមជំនុំ​នៃ​មនុស្ស​សុចរិត​បាន​ដែរ

៦ ដ្បិត​ព្រះយេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត
តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាសអន្តរាយ។

នេះ​ជា​ថ្ងៃទី១ ខែ​កក្កដា ដែល​យើង​ហៅ​ថា «ទិវា​អធិស្ឋាន​ជាតិ» នៅ​ប្រទេស​ខ្មែរ តើ​ហេតុអ្វី​បានជា​យើង​លើក​យក​កណ្ឌគម្ពីរ ទំនុក​តម្កើង ជំពូក១ ដែល​ជំពូក​នេះ​មិន​បាន​រៀបរាប់​ពី​ការ​អធិស្ឋាន​សោះ តែ​បែរ​ជា​ផ្ដោត​ទៅ​លើ​ព្រះ​បន្ទូល ជាជាង​ការ​អធិស្ឋាន​ទៅ​វិញ? ខ២​គឺ​ជា​ចំណុច​ស្នូល​នៃ​កណ្ឌ​គម្ពីរ​ទំនុកតម្កើង​ទាំង​មូល​ «គឺ​អ្នក​នោះ​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​សញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់​ព្រះ​អង្គ​ទាំង​យប់​ទាំង​ថ្ងៃ» (គកស)។ បុគ្គល​ដែល​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ ជា​បុគ្គល​ដែល​សញ្ជឹង​គិត​ពី​ក្រឹត្យវិន័យ​ទាំង​យប់​ទាំង​ថ្ងៃ បុគ្គល​នោះ​ឯង​ដែល​នឹង​ទទួល​បាន​ការ​រំដោះ​ខ្លួន​ចេញពី​ផ្លូវ​របស់​មនុស្ស​អាក្រក់ មនុស្ស​មាន​បាប និង​ពួក​អ្នក​មើលងាយ ហើយ​គាត់​ក៏​នឹង​បង្កើត​ផល​តាម​រដូវ​កាល និង​នៅ​ស្ថិតស្ថេរ ក៏​ដូច​ជា​ចម្រុងចម្រើន​ឡើងៗ។ នេះ​ហើយ​ជា​ចំណុច​ស្នូល នៃ​ការ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់។ ដូច្នេះ មូល​ហេតុ​អ្វី​បាន​ជា​យើងខ្ញុំ​លើក​យក​កណ្ឌគម្ពីរ​ទំនុក​តម្កើង​នេះ ហើយ​ផ្ដោត​ទៅ​លើ​ការ​ត្រេកអរ​នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នា​ពេល​ទិវា​អធិស្ឋាន​ទៅ​វិញ?

បើ​សួរ​ដោយ​ឆោត​ទៅ តើ​កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១​ស្ថិត​នៅ​ត្រង់​ណា​ក្នុង​គម្ពីរ​ទំនុកតម្កើង? កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១ គឺ​ស្ថិត​នៅ​ដើម​បំផុត​នៃ​កណ្ឌគម្ពីរ​ទំនុកតម្កើង។ តើ​កណ្ឌគម្ពីរ​នេះ​បាន​រៀបរាប់​ពី​អ្វី​ខ្លះ? មាន​ជំពូក​ជា​ច្រើន​នៃ​កណ្ឌគម្ពីរ​នេះ គឺ​ជា​សេចក្ដី​អធិស្ឋាន។ តាម​ពិត​ទៅ កណ្ឌគម្ពីរ​ទំនុកតម្កើង​ គឺ​ជា​កណ្ឌគម្ពីរ​នៃ​សេចក្ដី​អធិស្ឋាន​ក្នុង​ព្រះ​គម្ពីរ។ មាន​គ្រីស្ទបរិស័ទ​ជា​ច្រើន​អាន​កណ្ឌគម្ពីរ​ទំនុកតម្កើង ដើម្បី​ជា​ជំនួយ​ក្នុង​ការ​រក​ពាក្យ​ពេចន៍​ដែល​ទាក់ទង​នឹង​សម្រែក​បេះដូង​របស់​ខ្លួន​ក្នុង​គ្រា​លំបាក ក៏​ដូច​ជា​ក្នុង​ពេល​អរសប្បាយ​ផង​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​លើក​យក​កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១​នេះ ដែល​ទាក់ទង​នឹង​ថ្ងៃ​ទិវា​អធិស្ឋាន​ជាតិ ព្រោះ​ព្រះ​គម្ពីរ​ក៏​បាន​លើក​យក​ទំនុកតម្កើង​ជំពូក១​ដែល​ចាប់ផ្ដើម​ដោយ​ការ​អធិស្ឋាន​ផង​ដែរ។

ប៉ុន្តែ ហេតុអ្វីបានជា​កណ្ឌគម្ពីរ​ទំនុកតម្កើង​ចាប់ផ្ដើម​ដោយ​របៀប​នេះ? ហេតុអ្វីបានជា​យើង​ត្រូវ​ធ្វើ​បែប​នេះ​ដែរ? មូលហេតុ​គឺ៖ ជីវិត​ជា​គ្រីស្ទបរិស័ទ​ដែល​ជា​រាស្ត្រ​របស់​ព្រះជាម្ចាស់ ត្រូវ​តែ​យក​ការ​អធិស្ឋាន និង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មក​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​ស្អិតល្មួត​រហូត​ដល់​ចំណុច​មួយ​ថា បើ​ទាំង​ពីរ​នេះ​ដាច់​ចេញ​ពី​គ្នា នោះ​ការ​ទាំង​ពីរ​ហ្នឹង​នឹង​រលាយ​បាត់​សូន្យ​ជា​មិន​ខាន។ សូម​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​បាន​សង្ខេប​នូវ​របៀប​ស្អិតល្មួត​នៃ​ការ​អធិស្ឋាន និង​ព្រះ​បន្ទូល​ក្នុង​របៀប​បី​យ៉ាង។ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ញ៉ាំង​ឲ្យ​យើង​កាន់តែ​ចង់​អធិស្ឋាន ឯ​ព្រះ​បន្ទូល​ក៏​ផ្ដល់​ព័ត៌មាន​ពី​ការ​អធិស្ឋាន ហើយ​ព្រះ​បន្ទូល​ក៏​បង្កើត​ចេញ​ជា​ការ​អធិស្ឋាន​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពន្យល់​ត្រួសៗ​លើ​ចំណុច​ទាំង​បី​នេះ៖

ភាព​ស្អិតល្មួត​រវាង​ការ​អធិស្ឋាន និង​ព្រះ​បន្ទូល

ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ញ៉ាំង​ឲ្យ​យើង​កាន់តែ​ចង់​អធិស្ឋាន។ នេះ​មាន​ន័យ​ថា ព្រះ​បន្ទូល​បង្គាប់​យើង​ឲ្យ​អធិស្ឋាន ហើយ​ក៏​បាន​រៀបរាប់​នូវ​សេចក្ដី​សន្យា​ដល់​យើង​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​នឹង​ធ្វើ បើ​យើង​អធិស្ឋាន ហើយ​ព្រះ​បន្ទូល​ក៏​បាន​រៀបរាប់​ពី​ដំណើរ​រឿង​របស់​បុរស​នឹង​ស្ត្រី​ដែល​អធិស្ឋាន​ផង​ដែរ។ កណ្ឌគម្ពីរ យ៉ាកុប ៥:១៦-១៨ បាន​លើក​ឡើង​ពី​ចំណុច​ទាំង​បី​នេះ។ ទី១ «អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញទៅមក​ផង ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ជា​សះស្បើយ»។ នេះ​ជា​សេចក្តី​បង្គាប់​មក​ពី​ព្រះ​បន្ទូល​ព្រះ។ ទី២ «ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធភាព​ណាស់»។ នេះ​ជា​សេចក្ដី​សន្យា​ដែល​លើក​ទឹក​ចិត្ត​យើង។ ទី៣ «លោក​អេលីយ៉ា​ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ»។ នេះ​ជា​ចំណុច​អស្ចារ្យ​ដែល​ញ៉ាំង​ឲ្យ​យើង​ចង់​អធិស្ឋាន។ សរុប​សេចក្ដី​ទៅ ព្រះ​បន្ទូល​ញ៉ាំង​យើង​ឲ្យ​អធិស្ឋាន​ដោយ​ការ​ស្តាប់​បង្គាប់ (ដូច​ជា​គ្រូពេទ្យ​ដែល​ប្រាប់​ពី​អ្វី​ដែល​ល្អ​សម្រាប់​យើង) ហើយ​ព្រះ​បន្ទូល​ក៏​សន្យា​ដែរ​ថា យើង​នឹង​ទទួល​បាន​របស់​ល្អៗ។ បើ​យើង​អធិស្ឋាន ហើយ​ព្រះ​បន្ទូល​ក៏​បាន​រៀបរាប់​ពី​ដំណើររឿង​ជា​ច្រើន ដើម្បី​ទុកជា​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​នៅ​ពេល​យើង​ចុះ​ខ្សោយ។

ទី២ ព្រះ​បន្ទូល​ក៏​ផ្ដល់​នូវ​ព័ត៌មាន​ស្ដី​ពី​ការ​អធិស្ឋាន​ដល់​យើង​ផង​ដែរ។ នេះ​មាន​ន័យ​ថា ព្រះ​បន្ទូល​ប្រាប់​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​អធិស្ឋាន ហើយ​ព្រះ​បន្ទូល​ក៏​បាន​ក្លាយ​ជា​ពាក្យ​ពេចន៍​ដែល​យើង​គួរ​អធិស្ឋាន​តាម​ផង​ដែរ។ ពេល​ដែល​លោក​អ្នក​ស្គាល់​ព្រះ​ឥត្ថិលិង្គ (ខួរក្បាល ឬ​ចិត្ត) របស់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​លោកអ្នក​ក៏​នឹង​អធិស្ឋាន​នូវ​អ្វីៗ​ដែល​មាន​ក្នុង​ព្រះ​ឥត្ថិលិង្គ​របស់​ទ្រង់​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​លោកអ្នក​ជា​មិន​ខាន។ ឧទាហរណ៍៖ ក្នុង​កណ្ឌគម្ពីរ កិច្ចការ ៤:២៤-២៦ យើង​ឃើញ​ថា ក្រុមជំនុំ​ដើមដំបូង​បាន​អធិស្ឋាន​ដូច​នេះ «គេ​ក៏​បន្លឺ​សំឡេង​ឡើង​ព្រម​គ្នា ទូល​ព្រះ​ថា «ឱ ព្រះ​ជាម្ចាស់​ដ៏​ធំ​បំផុត​អើយ ព្រះ​អង្គ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំងអស់​នៅ​ទី​ទាំង​នោះ [និក្ខមនំ ២០:១១] ព្រះ​អង្គ​មាន​ព្រះ​បន្ទូល ដោយ​សារ​មាត់​របស់​ព្រះ​បាទ​ដាវីឌ [ទំនុកតម្កើង ២] បុព្វបុរស​របស់​យើង ដែល​ជា​អ្នកបម្រើ​របស់​ព្រះ​អង្គ​ថា «ហេតុអ្វី​បាន​ជា​អស់ទាំង​សាសន៍​ជ្រួលជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រុងប្រៀប​ខ្លួន ឯ​ពួក​មេ​គ្រប់គ្រង​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ​អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ។»»» (គកស)។ នោះ​ជា​របៀប​ដែល​ពួក​បរិសុទ្ធ​ដ៏​មាន​អំណាច​បាន​អធិស្ឋាន​តាំងពី​យូរ​មក​ម្ល៉េះ។ សូម​ព្រះ​អម្ចាស់​ជួយ​ឲ្យ​ការ​អធិស្ឋាន​របស់​យើង​បាន​សម្រេច​តាម​គោលដៅ និង​ក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​យើង​បាន​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ ព្រះ​បន្ទូល​ដែល​ផ្ដល់​ព័ត៌មាន​ពី​ការ​អធិស្ឋាន។

ទី៣ ព្រះ​បន្ទូល​ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​អធិស្ឋាន​ផង​ដែរ។ នេះ​មាន​ន័យ​ថា ជា​រឿយៗ​យើង​មិន​អាច​មើល​ឃើញ​សេចក្តី​អធិស្ឋាន​បាន​ទេ តែ​សេចក្តី​អធិស្ឋាន​មាន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ព្រលឹង ក្នុង​បន្ទប់ និង​ក្នុង​ព្រះ​វិហារ​របស់​យើង។ ប៉ុន្តែ ការ​បើក​សម្ដែង​​បែប​នេះ​គួរ​តែ​មាន​ការ​បើក​ចំហ​ក្នុង​ជីវិត​របស់​យើង និង​ក្នុង​សហគមន៍​របស់​យើង។ តើ​ការ​នេះ​កើត​ឡើង​ដោយ​របៀប​ណា? ព្រះជាម្ចាស់​តែងតែ​សម្រេច​ផែនការ​ផ្សេងៗ​របស់​ទ្រង់​ឲ្យ​មាន​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​ដូចជា ការ​ផ្សាយដំណឹងល្អ​ដល់​ចុង​បំផុត​នៃ​ផែនដី និង​ការ​បំផ្លាស់បំប្រែ​ជីវិត​របស់​បុគ្គល​ណា​ម្នាក់ ក៏​ដូចជា​ការ​ផ្លាស់​ប្តូរ​នូវ​វប្បធម៌​ណា​ដែល​ទាស់​នឹង​សេចក្ដីពិត​នៃ​ព្រះបន្ទូល។ ព្រះ​បន្ទូល​ក៏​ជួយ​ជំរុញ​ឲ្យ​យើង​មាន​សេចក្តី​អធិស្ឋាន។ ការ​អធិស្ឋាន​នឹង​កាន់​តែ​ពូកែ​ឡើងៗ និង​មាន​ប្រសិទ្ធភាព នៅពេល​ដែល​គេ​ឮ​សេចក្ដី​ពិត​ពេញ​ត្រចៀក ហើយ​ទទួល​យក​សេចក្ដី​ពិត​នោះ​ដាក់​ក្នុង​ចិត្ត និង​បេះដូង​របស់​គេ។

មនុស្សលោក​នឹង​មិន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ដោយ​​គ្រាន់តែ​យើង​អធិស្ឋាន​ឲ្យ​ពួកគាត់​នោះ​ទេ។ ពួកគាត់​ក៏​ត្រូវ​ឮ​ដំណឹងល្អ​ពី​ព្រះ​យេស៊ូវ​ដែរ។ «ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវនាវ​រក​ព្រះ​អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស?» (រ៉ូម ១០:១៤ គកស)។ «សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​តម្កើង​ឡើង ដូច​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា​ដែរ» (២ថេស្សាឡូនិច ៣:១)។ ការ​អធិស្ឋាន​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​មាន​អំណាច ហើយ​ព្រះ​បន្ទូល​បង្កើត​ឲ្យ​មាន​ការ​អធិស្ឋាន។ ហើយ​ពួក​បរិសុទ្ធ​នឹង​មិន​​កាន់តែ​បរិសុទ្ធ ដោយសារ​មាន​នរណា​ម្នាក់​អធិស្ឋាន​ឲ្យ​ពួកគាត់​ថា សូម​ឲ្យ​ពួកគាត់​បាន​កាន់តែ​បរិសុទ្ធ​នោះ​ទេ។ ពួកគាត់​ក៏​ត្រូវការ​យល់​សេចក្ដីពិត៖ «សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្ដីពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ» (យ៉ូហាន ១៧:១៧ គកស)។ ទាសករ​នៃ​លោកីយ៍​​ដ៏​អយុត្តិធម៌​គឺ ការ​លោភលន់ ការ​មិន​ស្មោះត្រង់ និង​ការ​សហាយស្មន់ ការ​ទាំង​នេះ​មិន​មែន​សុខៗ​វា​មិន​អាច​ផ្លាស់​ប្តូរ​បាន​នោះ​ទេ បើ​យើង​គ្រាន់តែ​អធិស្ឋាន​សម្រាប់​ការ​ទាំង​អស់​នោះ។ សេចក្ដីពិត មាន​តួនាទី​ជា​អ្នក​បំផ្លាស់បំប្រែ៖ «អ្នករាល់គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នករាល់គ្នា​ឲ្យ​បាន​រួច» (យ៉ូហាន ៨:៣២ គកស)។ ការ​អធិស្ឋាន​ត្រូវតែ​កើត​ឡើង​តាមរយៈ​ការ​ប្រកាស និង​ការ​បង្ហាញ​សេចក្ដីពិត។

នេះ​ទំនង​ជា​ល្មម​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​មូលហេតុ​ដែល​យើង​លើក​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មក​និយាយ​ទាក់ទង​នឹង​ថ្ងៃ​ទិវា​អធិស្ឋាន​ជាតិ។ ព្រះ​បន្ទូល​ញ៉ាំង​យើង​ឲ្យ​អធិស្ឋាន ផ្ដល់​ព័ត៌មាន​ពី​ការ​អធិស្ឋាន ហើយ​ព្រះ​បន្ទូល​ក៏​បង្កើត​ឲ្យ​មាន​ការ​អធិស្ឋាន​កើត​ឡើង​ផង​ដែរ។ ទាំង​អស់​នេះ​ត្រូវ​ទៅ​ជាមួយ​គ្នា ព្រោះ​ព្រះ​បន្ទូល និង​ព្រះ​វិញ្ញាណ​នៅ​ជាមួយ​គ្នា។ បើ​មាន​តែ​ព្រះ​បន្ទូល តែ​គ្មាន​ព្រះ​វិញ្ញាណ ការ​នេះ​គឺ​គ្រាន់តែ​ជា​បញ្ញវន្ត​ប៉ុណ្ណោះ។ បើ​មាន​តែ​ព្រះ​វិញ្ញាណ តែ​គ្មាន​ព្រះ​បន្ទូល ការ​នេះ​គឺ​ទំនង​គ្រាន់តែ​ជា​ការ​ស៊ី​អារម្មណ៍ និង​ការ​លាយឡំ​សាសនា​ប៉ុណ្ណោះ។ ប៉ុន្តែ ពេល​យើង​ផ្សារភ្ជាប់​ព្រះ​បន្ទូល និង​ព្រះ​វិញ្ញាណ​ជាមួយ​គ្នា ខណៈពេល​ដែល​យើង​ពឹង​លើ​ព្រះ​វិញ្ញាណ​ឲ្យ​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​ព្រះ​បន្ទូល នោះ​ហើយ​បង្ហាញ​ពី​សេចក្ដី​ពឹង​ផ្អែក​តាមរយៈ​ការ​អធិស្ឋាន។

ព្រះ​ពរ​នៃ​ការ​ត្រេកអរ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់

ឥឡូវនេះ សូម​ពិចារណា​លើ​កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១ ហើយ​ផ្ដោត​លើ​ការ​ត្រេកអរ និង​ការ​សញ្ជឹងគិត​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ជាដំបូង ចូរ​គិត​ពី​ព្រះ​ពរ​ដែល​កើត​ចេញ​ពី​ការ​ត្រេកអរ និង​ការ​សញ្ជឹងគិត​លើ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ។ កណ្ឌគម្ពីរ ទំនុកតម្កើង ១:១ បាន​ចាប់ផ្ដើម​ដោយ​លើក​ឡើង​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល…»។ ការ​ចាប់ផ្ដើម​ជា​មួយ​អត្ថបទ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ទាក់ទាញ​ភ្លាមៗ៖ តើ​លោកអ្នក​ចង់​ទទួល​បាន​ព្រះ​ពរ​ក្នុង​ជីវិត​របស់​លោកអ្នក​ដែរ​ឬ​ទេ? ពាក្យ​ថា «ពរ» ត្រង់​នេះ គឺ​ផ្ដោត​ទៅ​លើ​អត្ថន័យ​នៃ «ការ​អរសប្បាយ» ដែល​មាន​ភាព​ពេញលេញ ឈរ​លើ​មូលដ្ឋាន​នៃ​សុខភាព​ដ៏​ល្អ​ដែល​ទាក់ទង​ទៅ​នឹង គំនិត​ប្រាជ្ញា និង​រូបរាងកាយ។

ប៉ុន្តែ តើ​បុគ្គល​ដែល​អាច​អរសប្បាយ​បាន​ជា​បុគ្គល​ប្រភេទ​ណា​ទៅ? គឺ​បុគ្គល​ដែល​មិន​ធ្វើ​អ្វី​ម្យ៉ាង ឬក៏​បុគ្គល​ដែល​ធ្វើ​អ្វី​ម្យ៉ាង។ បុគ្គល​ដែល​អរសប្បាយ គឺ​ជា​បុគ្គល​ដែល​មិន «ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅក្នុង​ផ្លូវ​របស់​មនុស្ស​បាប ឬ​អង្គុយ​ជាមួយ​ពួក​អ្នក​មើលងាយ!» (ខ១ គកស)។ ហើយ​តើ​បុគ្គល​ដែល​អរសប្បាយ​ គាត់​ត្រូវ​ធ្វើ​អ្វី​ទៅ? ខ២​លើក​ឡើង​ថា «គឺ​អ្នក​នោះ​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​យេហូវ៉ា ហើយ​សញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់​ព្រះ​អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។»។ ជាជាង​មាន​ការ​អរសប្បាយ​ចេញ​ពី​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម ឬ​ក៏​ការ​ប្រកប​គ្នា​ជាមួយ​នឹង​មនុស្ស​អាក្រក់ បុគ្គល​ដែល​អរសប្បាយ​ពិត​នឹង​ស្វែង​រក​ភាព​អរសប្បាយ​របស់​គាត់​ដោយ​ចេញ​ពី​ការ​សញ្ជឹងគិត​លើ​ព្រះ​បន្ទូល និង​របៀបរបប​របស់​ព្រះ​ជាម្ចាស់។ ក្រឹត្យវិន័យ [ធម៌រ៉ា (torah)] គឺ​ស្មើ​នឹង​ការ​ណែនាំ ដែល​នោះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អំពី​របៀបរបប​របស់​ទ្រង់។

ចំណុច​ស្នូល​នៃ​កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១​ត្រង់​នេះ​គឺ​ថា ពេល​ដែល​លោកអ្នក​ដក​ពិសោធន៍​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បែប​នោះ (ឧ. ការ​ត្រេកអរ និង​ការ​ស្កប់ស្កល់) នោះ​រាល់​គំនិត និង​គ្រប់​ទាំង​បេះដូង​របស់​លោកអ្នក​នឹង​ចុះចូល ហើយ​ស្ដាប់បង្គាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះ​បន្ទូល​របស់​ទ្រង់​ក៏​នឹង​ដក​យក​លោកអ្នក​ចេញ​ពី​ដំបូន្មាន​អាក្រក់ និង​ផ្លូវ​ខុស​ដែល​ជា​ការ​នៅ​ជាមួយ​ខាង​លោកីយ៍​ជា​មិន​ខាន។ នៅពេល​ដែល​លោកអ្នក​មាន​បទពិសោធន៍​បែប​នេះ នោះ​មាន​ន័យ​ថា លោកអ្នក​ទទួល​បាន​ព្រះ​ពរ​ហើយ។ លោកអ្នក​មាន​ការ​អរសប្បាយ។

បុគ្គល​ដែល​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់

បន្ទាប់មក ខ៣​បាន​លើក​យក​នូវ​បទ​បង្ហាញ​បី​យ៉ាង​ស្ដីពី​ការ​អរសប្បាយ។ ទី១ បុគ្គល​ដែល​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​លើ​ព្រះ​បន្ទូល​នោះ​ទាំង​យប់​ទាំង​ថ្ងៃ បុគ្គល​នោះ​នឹង​បាន «ដូច​ជា​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល»។ ទី២ បុគ្គល​ដែល​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​ព្រះ​បន្ទូល​នោះ​ទាំង​យប់​ទាំង​ថ្ងៃ បុគ្គល​នោះ​នឹង​បាន​ដូចជា «ស្លឹក​មិន​ចេះ​ស្រពោន»។ ទី៣ គ្រប់​កិច្ចការ​អ្វី​ដែល​បុគ្គល​នោះ​ធ្វើ «សុទ្ធតែ​ចម្រុងចម្រើន​ទាំង​អស់»។

ចូរ​ពិចារណា​លើ​ចំណុច​ទាំង​នេះ​ដោយ​ត្រួសៗ​ជាមួយ​គ្នា៖

១. បង្កើត​ផល​តាម​រដូវ​កាល

ប្រសិនបើ​លោកអ្នក​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​ព្រះ​បន្ទូល​នោះ​ទាំង​យប់​ទាំង​ថ្ងៃ នោះ​លោកអ្នក​នឹង​បង្កើត​ផលផ្លែ​តាម​រដូវ​កាល។ លោកអ្នក​នឹង​ក្លាយ​ជា​បុគ្គល​ដែល​បង្កើត​ផលផ្លែ។ សូម​ឲ្យ​មាន​មនុស្ស​កាន់តែ​ច្រើន​បង្កើត​ផលផ្លែ។ លោកអ្នក​ទំនងជា​ស្គាល់​ពួកគាត់ ព្រោះ​ពួកគាត់​ជួយ​សម្រាល​ទុក្ខ ហើយ​ជួយ​ថែ​ទាំ គ្រប់ពេល​ដែល​យើង​នៅ​ក្បែរ​ពួកគាត់។ បន្ទាប់ពី​បាន​ចំណាយ​ពេល​ជាមួយ​ពួកគាត់ លោកអ្នក​នឹង​មាន​អារម្មណ៍​ថា បាន​ទទួល​ទាន​ចំណីអាហារ​យ៉ាង​ឆ្អែត ហើយ​មាន​កម្លាំង ព្រមទាំង​មាន​អារម្មណ៍​ថា ពួកគាត់​បាន​ដាស់តឿន​លោកអ្នក​ឲ្យ​កាន់តែ​ចង់​លូតលាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ទៀត​ផង។ បបូរ​មាត់​របស់​ពួកគាត់​គឺ​ប្រៀប​ដូច​ជា​រន្ធ​ទឹក​នៃ​ជីវិត។ ពាក្យ​សម្ដី​របស់​ពួកគាត់​ពាំនាំ​នូវ​ការ​ព្យាបាល ដែល​មាន​ការ​ចាក់​ដោត​ក្នុង​ចិត្ត លើក​ទឹកចិត្ត ដោយ​មាន​ភាព​ស៊ីជម្រៅ និង​ការ​បើក​សម្ដែង​ឲ្យ​យល់។ ការ​នៅ​ក្បែរ​ពួកគាត់ គឺ​ប្រៀប​ដូច​ជា​ការ​បរិភោគ​ម្ហូប​អញ្ចឹង។ នេះ​ហើយ​ជា​ឥទ្ធិពល​នៃ​ការ​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ និង​ការ​សញ្ជឹងគិត​ទាំង​យប់​ទាំង​ថ្ងៃ។ នោះ​លោកអ្នក​នឹង​បង្កើត​ផលផ្លែ​តាម​រដូវ​កាល​ជា​មិន​ខាន។

២. ស្ថិតស្ថេរចីរកាល

បទ​បង្ហាញ​ទី២​ស្ដីពី​ព្រះ​ពរ​ដែល​មាន​ដល់​លោកអ្នក ប្រសិនបើ​លោកអ្នក​ត្រេកអរ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​ទាំង​យប់​ទាំង​ថ្ងៃ នោះ​ស្លឹក​របស់​លោកអ្នក​នឹង​មិន​ចេះ​ស្រពោន​ឡើយ។ ចំណុច​ស្នូល​នៅ​ត្រង់​នេះ​គឺ ទោះ​បើ​ត្រូវ​ក្តៅ​និង​ខ្យល់​បក់​ផាត់​ខ្ចាត់​ខ្ចាយ​យ៉ាង​ណា ឬ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ ឬ​បើ​ទោះ​មាន​ដើមឈើ​ផ្សេងៗ​ដែល​មិន​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក​កំពុង​តែ​ស្រពោន ហើយ​និង​ត្រូវ​ងាប់​ក៏​ដោយ ​តែ​ចំពោះ​លោកអ្នក​វិញ មិន​ថា​នៅ​ចំ​កណ្ដាល​ថ្ងៃ ឬ​ក៏​ខែ​ប្រាំង​បែក​ក្រហែង​ប៉ុណ្ណា​ក៏​ដោយ ក៏​ស្លឹក​របស់​លោកអ្នក​នឹង​នៅ​តែ​មាន​ពណ៌​បៃតង​ដដែល ព្រោះ​ការ​ត្រេកអរ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ និង​ការ​សញ្ជឹងគិត​ទាំង​ថ្ងៃ​ទាំង​ យប់ គឺ​ប្រៀប​ដូច​ជា​ដើមឈើ​មួយ​ដែល​បាន​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក​អញ្ចឹង។ ដោយ​សារ​ភាព​អរសប្បាយ​របស់​លោក​អ្នក​ គឺ​ជា​ភាព​អរសប្បាយ​ដែល​នៅ​ស្ថិតស្ថេរ ហើយ​ភាព​អរសប្បាយ​បែប​នេះ​ក៏​មាន​ការ​ស៊ីជម្រៅ​ដែរ។ ភាព​អរសប្បាយ​បែប​នេះ​មិន​ខ្វល់​ថា តើ​ខ្យល់​បក់​ទៅ​ទិស​ណា​ ហើយ​ក៏​មិន​ខ្វល់​ថា តើ​មាន​ភ្លៀង ឬ​ក៏​មិន​មាន​ភ្លៀង​ដែរ។ បុគ្គល​នោះ​ទទួល​មាន​​ជីវិត​ដែល​មាន​តែ​ភាព​អរសប្បាយ​មក​ពី​ប្រភព​ដែល​មិន​ចេះ​ប្រែប្រួល​គឺ៖ ព្រះ​ជាម្ចាស់ ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។

បុគ្គល​ដែល​ត្រេកអរ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​ព្រះ​បន្ទូល​នោះ​ទាំង​យប់​ទាំង​ថ្ងៃ​នឹង​និយាយ​ដូច​ជា​ហោរា ហាបាគុក​ថា «ទោះបើ​ដើម​ល្វា​មិន​មាន​ផ្កា ទំពាំងបាយជូរ​ឥត​មាន​ផ្លែ ដើម​អូលីវ​មិន​បញ្ចេញ​ប្រេង ស្រែ​ចម្ការ​ឥត​បង្កើត​ផល ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល និង​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីករាយ​ដោយសារ​ព្រះ​យេហូវ៉ា​ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ» (ហាបាគុក ៣:១៧-១៨ គកស)។

៣. ចម្រុងចម្រើន​ឡើង (ពិត​មែន​ឬ?)

ប៉ុន្តែ ឥឡូវនេះ យើង​ប្រឈមមុខ​នឹង​សំណួរ​ដែល​បទ​បង្ហាញ​ទី៣​បាន​លើក​ឡើង​ស្ដីពី​ព្រះពរ និង​ភាព​អរសប្បាយ​ក្នុង​ខ៣ «កិច្ចការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ​សុទ្ធតែ​ចម្រុងចម្រើន​ទាំងអស់»។ តើ​នេះ​ជា​ការ​ពិត​មែន​ឬ? តើ​ខគម្ពីរ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​ខគម្ពីរ​នេះ​មាន​ន័យ​បែប​នេះ​ឬ៖ បើ​លោកអ្នក​ត្រេកអរ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​យ៉ាង​ម៉ត់ចត់ នោះ​វា​នឹង​ធ្វើ​ឲ្យ​ការ​រកស៊ី​របស់​លោកអ្នក​ចម្រុងចម្រើន ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ មិន​ដែល​ខ្វះ​ស្បៀងអាហារ ឬ​ជួប​គ្រោះថ្នាក់ ក៏​ដូចជា​អន្តរាយ​នៅ​ក្នុង​ផ្ទះ​របស់​លោកអ្នក​មែន​ទេ?

តាមពិត មាន​មូលហេតុ​ខ្លះៗ​ដែល​យើង​គួរ​លើក​ឡើង​នោះ​គឺ បុគ្គល​ដូច​នេះ​នឹង​ទទួល​បាន​ពរ​បែប​ដូច្នោះ​មួយ​ចំនួន​ដែរ។ ឧទាហរណ៍​ថា៖ ពេល​ដែល​លោកអ្នក​ត្រេកអរ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ជាជាង​ការ​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​បាប ឬ​ក៏​អង្គុយ​ជាមួយ​ពួក​អ្នក​មើល​ងាយ​អ្នក​ដ៏​ទៃ នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ ហើយ​ព្រះ​អង្គ​នឹង​ប្រទាន​ពរ​លើ​អ្វី​ដែល​លោកអ្នក​បាន​ធ្វើ។ ពេល​ដែល​លោកអ្នក​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ នោះ​មាន​ន័យ​ថា លោកអ្នក​ក៏​ទុកចិត្ត​លើ​ព្រះ​បន្ទូល​ទ្រង់​ដែរ ហើយ​យើង​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​ធ្វើ​ការ​សម្រាប់​អស់​អ្នក​ណា​ដែល​ទុកចិត្ត​លើ​ទ្រង់ ក៏​ដូចជា​រង់ចាំ​ទ្រង់ (អេសាយ ៦៤:៤; ២របាក្សត្រ ១៦:៩)។

ប៉ុន្តែ ក៏​មាន​មូលហេតុ​ខ្លះៗ​ដែល​យើង​គួរ​ជឿ​ថា ពេល​ខ្លះ​ព្រះ​ជាម្ចាស់​ក៏​មិន​ប្រណី​រាស្ត្រ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​ដែរ។ មាន​ខគម្ពីរ​ជា​ច្រើន​បាន​ប្រាប់​យើង​ថា «មនុស្ស​សុចរិត​រងទុក្ខ​លំបាក​ជា​ច្រើន» (ទំនុកតម្កើង ៣៤:១៩ អាន​ថែម​នៅក្នុង​កិច្ចការ ១៤:២២ គកស)។ កណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក៧៣ បាន​លើក​ឡើង​ពី​ចំណុច​ដ៏​ពិត​ដែល​ថា មនុស្ស​សុចរិត​តែងតែ​រងទុក្ខ​លំបាក​ជា​រឿយៗ ហើយ​មនុស្ស​អាក្រក់​តែងតែ​ចម្រុងចម្រើន​ឡើង។ ចម្លើយ​ត្រង់​សំណួរ​នៅ​កណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក៣៤ និង​៧៣​គឺ៖ មើល៍ មាន​អ្វី​កើត​ឡើង​ចំពោះ​ពួកគេ​នៅ​ចុង​បញ្ចប់ (ទំនុកតម្កើង ៧៣:១៧)។

កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១​បាន​លើក​ឡើង​ថា «ចំណែក​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម​ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់ខ្ចាយ​ទៅ។ ដូច្នេះ មនុស្ស​អាក្រក់​មិន​អាច​ឈរ​នៅក្នុង​គ្រា​ជំនុំជម្រះ​បាន​ឡើយ ឯ​មនុស្ស​បាប ក៏​មិន​អាច​ឈរ​ក្នុង​ក្រុមជំនុំ​នៃ​មនុស្ស​សុចរិត​បាន​ដែរ» (ខ៤-៥ គកស)។ ពេល​អ្នក​និពន្ធ​បាន​​និពន្ធ​បទ​គម្ពីរ​ទំនុកតម្កើង​ត្រង់​ចំណុច​នេះ​គាត់​សញ្ជឹងគិត​ពី​តម្លៃ​នៃ​ការ​ធ្វើ​ជា​មនុស្ស​អាក្រក់ ឬ​ពី​តម្លៃ​នៃ​ការ​ត្រេកអរ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ គឺ​គាត់​បាន​ថ្លឹងថ្លែង​ពី​តម្លៃ​ចុងបញ្ចប់​ទាក់ទង​នឹង​ការ​ថ្កោល​ទោស។ មនុស្ស​អាក្រក់​ទំនង​ជា​នឹង​ចម្រុងចម្រើន​ក្នុង​ជីវិត​នេះ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​ខ្យល់​នឹង​បក់​ផាត់​ពួកគេ​ឲ្យ​ខ្ចាត់ខ្ចាយ​បាត់​ទៅ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ នោះ​នឹង​ចម្រុងចម្រើន​ឡើង​នៅ​ចុង​បញ្ចប់ ព្រោះ​ព្រះ​ជាម្ចាស់​បាន​ងើប​ព្រះ​នេត្រ​ទត​មើល​ពួកគេ ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួកគេ​ផង​ដែរ។ ព្រះ​អង្គ​ស្គាល់​ផ្លូវ​របស់​ពួកគេ។

សរុប​សេចក្ដី​ទៅ ព្រះ​ពរ និង​ភាព​អរសប្បាយ ដែល​ខ១​លើក​ឡើង​គឺ​ផ្ដោត​លើ​ជីវិត​ដែល​មាន​ការ​បំប៉ន ហើយ​បង្កើត​ផលផ្លែ​សម្រាប់​អ្នកដទៃ ជីវិត​ដែល​នៅ​ស្ថិតស្ថេរ ទោះ​បើ​ប្រឈមមុខ​នឹង​រដូវ​ប្រាំង និង​ជា​ជីវិត​ដែល​មាន​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​នោះ គឺ​មិនមែន​ឥត​ប្រយោជន៍​ទេ (១របាក្សត្រ ១៥:៥៨) ប៉ុន្តែ ជា​ជីវិត​ដែល​មាន​ជោគជ័យ​ក្នុង​ផែនការ​ដ៏​ល្អ និង​នៅ​រស់​អស់កល្ប​ជានិច្ច​នៅជា​មួយ​ព្រះ​ជាម្ចាស់។ នោះ​ឯង​ជា​ព្រះ​ពរ​នៃ​ការ​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ និង​ការ​សញ្ជឹងគិត​ទាំង​យប់​ទាំង​ថ្ងៃ​អំពី​ព្រះបន្ទូល។

តើ​ការ​សញ្ជឹងគិត​មាន​ន័យ​ដូចម្ដេច?

តើ​ការ​សញ្ជឹងគិត​ត្រូវ​ធ្វើ​របៀប​ណា​ទៅ? មូលដ្ឋាន​ឫស​នៃ​ពាក្យ «សញ្ជឹងគិត» ក្នុង​ភាសា​ហេប្រឺ គឺ​ជា​ទាក់ទង​នឹង​ការ​និយាយ ឬ​ក៏​ការ​រអ៊ូរទាំ។ ពេល​ដែល​យើង​ធ្វើ​បែប​នេះ​ក្នុង​ចិត្ត នោះ​ឯង​គឺ​ជា​ការ​គិត​ដក់​ក្នុង​ចិត្ត ឬ​ក៏​ការ​សញ្ជឹងគិត។ ដូច្នេះ ការ​សញ្ជឹងគិត​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ជា​ការ​និយាយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ក៏​ដូច​ជា​ការ​និយាយ​អំពី​ព្រះ​បន្ទូល​មក​កាន់​ខ្លួន​ឯង​ផង​ដែរ។

ត្រង់​ចំណុច​នេះ យើងខ្ញុំ​ចង់​សំណូមពរ​លោក​អ្នក​ឲ្យ​ចេះ​មាន​ទម្លាប់​ក្នុង​ការ​ទន្ទេញ​ព្រះ​បន្ទូល​ឲ្យ​ចាំ​មាត់។ បើ​លោកអ្នក​មិន​ទន្ទេញ​ព្រះ​បន្ទូល​ឲ្យ​ចាំ​មាត់​ទេ នោះ​លោកអ្នក​ក៏​​នឹង​មិន​សញ្ជឹងគិត​បន្ទូល​ពី​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ដែរ។ តាមរយៈ​ការ​សញ្ជឹង​គិត​ពី​ព្រះ​បន្ទូល នោះ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍ និង​ភាព​ត្រេកអរ​យ៉ាង​ខ្លាំង នៅពេល​ដែល​យើង​បាន​ដក​ពិសោធន៍​ធ្វើ​វា ហើយនិង​ការ​ប្រកប​គ្នា​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង។ ប្រសិនបើ​លោកអ្នក​ធ្លាប់​មាន​ចម្ងល់​ថា ដូចម្ដេច​ទៅ​ដែល​ហៅ​ថា​ការ​ប្រកប​គ្នា​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះ​ជន្ម​រស់​អស់​ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង។ ចម្លើយ​គឺ៖ ការ​ប្រកប​គ្នា​ជាមួយ​ព្រះ​ជាម្ចាស់​ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង គឺ​ការ​ដែល​ព្រះ​អង្គ​មាន​បន្ទូល​មក​កាន់​លោកអ្នក​តាមរយៈ​ព្រះ​គម្ពីរ​ពេល​ដែល​លោកអ្នក​ទន្ទេញ និង​សញ្ជឹងគិត ការ​បំភ្លឺ ការ​អនុវត្ត ការ​អរព្រះគុណ ការ​សរសើរ​តម្កើង ការ​កោតខ្លាច ការ​ប្រាថ្នា ការ​ស្វែងរក​ជំនួយ ការ​ដឹកនាំ និង​ការ​ស្វែង​យល់​ពី​ទ្រង់។ ព្រះ​បន្ទូល គឺ​ជា​មូលដ្ឋាន​សម្រាប់​លោកអ្នក​ក្នុង​ការ​ឮ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ក៏​ដូច​ជា​ការ​ដែល​ព្រះ​អង្គ​ឮ​ពី​លោកអ្នក​ផង​ដែរ។ ភាព​ស្និទ្ធស្នាល និង​ភាព​រឹងមាំ ហើយ​និង​ភាព​ស្ថិតស្ថេរ​នៃ​ដំណើរ​របស់​លោកអ្នក​ជាមួយ​ព្រះ​ជាម្ចាស់ និង​ការ​ប្រកប​គ្នា​របស់​លោកអ្នក​ជាមួយ​ព្រះ​ជាម្ចាស់​នឹង​មាន​ការ​រីកចម្រើន ឬ​ក៏​ថយ​ចុះ​ត្រង់​ចំណុច​ថា តើ​ការ​ប្រកប​របស់​លោកអ្នក​មាន​ការ​ត​ភ្ជាប់​ទៅ​នឹង​ព្រះ​គម្ពីរ ដែរ​ឬ​ទេ។

សូម​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​លើក​យក​ឧទាហរណ៍​មួយ​ដែល​ស្ដីពី​របៀប​នៃ​ការ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​រស់នៅ​របស់​យើង​ខ្ញុំ។ ខណៈពេល​ដែល​យើងខ្ញុំ​កំពុង​ឈាន​មក​ដល់​ចុងបញ្ចប់​នៃ​ឆ្នាំ​ចាស់ ហើយ​ក៏​កំពុង​តែ​បញ្ចប់​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​សញ្ញាចាស់​នៅ​ក្នុង​កណ្ឌគម្ពីរ​ពួក​ហោរា​តូចៗ ហើយ​កណ្ឌគម្ពីរ មីកា ៧:១៨ នេះឯង​បាន​ប៉ះពាល់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង។ ដូច្នេះ យើងខ្ញុំ​ក៏​បាន​ទន្ទេញ​ខគម្ពីរ​នោះ​ឲ្យ​ចាំ​មាត់ ហើយ​បាន​សូត្រ​វា​អស់​ពីរ​បី​ថ្ងៃ។ «តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ​អង្គ​ដែល​ព្រះ​អង្គ​អត់ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរតក​ព្រះ​អង្គ ព្រះ​អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពីព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ» (មីកា ៧:១៨ គកស)។

ចំណុច​មួយ​ដែល​យើងខ្ញុំ​បាន​យល់​ឃើញ ហើយ​បាន​ភ្លក់​រសជាតិ​ដ៏​ឆ្ងាញ់​នោះ គឺ​ព្រះ​អង្គ​មាន​ជម្រើស​ក្នុង​ការ​ខ្ញាល់ ឬ​ក៏​មិន​ខ្ញាល់ ប៉ុន្តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ក៏​មាន​ដែន​កំណត់​ដែរ។ ហេតុ​អ្វី? «ពីព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​សប្បុរស។» នេះ​មាន​ន័យ​ថា សេចក្ដី​ខ្ញាល់ គឺ​មិនមែន​ជា​ចំណង់ចំណូលចិត្ត​របស់​ព្រះ​អង្គ​ទេ។ ព្រះ​អង្គ «សព្វ​ព្រះ​ហឫទ័យ» តែ​នឹង​សេចក្ដី​សប្បុរស។ ការ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​រស់​នៅ​របស់​យើងខ្ញុំ​ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត ការ​ខឹង និង​ក្ដី​សប្បុរស​របស់​យើងខ្ញុំ ខណៈពេល​ដែល​យើងខ្ញុំ​នៅ​ជា​មួយ​ព្រះ​អង្គ។ ហើយ​ពេល​ដែល​ខ្ញុំ​សញ្ជឹងគិត​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ដែល​ទាក់ទង​នឹង​ទេវវិទ្យា៖ ឲ្យ​ខ្ញុំ​ដឹង​ច្បាស់​ថា​ក្នុង​ភាព​បរិសុទ្ធ​របស់​ព្រះ​អង្គ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ខ្ញាល់​នឹង​អំពើ​បាប ប៉ុន្តែ​ការ​សព្វ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ ហើយ​និង​សេចក្ដី​ខ្ញាល់​គឺ​មិន​ដូច​គ្នា​ទេ​ ដូចនេះ​ការ​សព្វ​ព្រះ​ហឫទ័យ​របស់​ទ្រង់​មាន​តែ​សេចក្ដី​សប្បុរស​ដ៏​ស្ថិតស្ថេរ​នៅ​ជា​ដរាប​ទេ។ ខគម្ពីរ​នេះ​បាន​ផ្ដល់​ជា​ចំណីអាហារ​ខាង​ឯ​វិញ្ញាណ​ដល់​យើងខ្ញុំ​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​មុន ហើយ​បន្ទាប់មក​យើងខ្ញុំ​ក៏​ចាប់ផ្ដើម​ទន្ទេញ​ខគម្ពីរ​មួយ​ផ្សេង​ទៀត។

ដូច្នេះ យើងខ្ញុំ​សូម​លើក​ទឹកចិត្ត​លោកអ្នក​ឲ្យ​ទន្ទេញ​ចាំ​មាត់​នូវ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ ហើយ​សញ្ជឹងគិត​ទាំង​យប់​ទាំង​ថ្ងៃ​ផង។ ការ​ធ្វើ​បែប​នេះ​នឹង​បំផ្លាស់បំប្រែ​ចំណុច​ជា​ច្រើន​នៃ​ជីវិត​របស់​លោកអ្នក។

ចុះ​បើ​យើង​មាន​ការ​ធុញ​នឹង​ការ​សញ្ជឹងគិត ហើយ​និង​ការ​អធិស្ឋាន​នោះ​វិញ?

ជា​ចុង​ក្រោយ ត្រង់​ចំណុច​នេះ ដាច់ខាត​យើង​ត្រូវតែ​សួរ​ខ្លួន​ឯង​ទាក់ទង​ទៅ​នឹង​ការ​ត្រេកអរ​មួយ​នេះ។ ចំណុច​សម្គាល់​ដ៏​ធំ​បំផុត​របស់​បុគ្គល​ដែល​គាត់​អរសប្បាយ​នោះ គឺ​ក្នុង​កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក១ ត្រង់​ថា គាត់​មាន​ការ​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ (ខ២)។ ហើយ​ការ​អាន​ព្រះ​គម្ពីរ ការ​ទន្ទេញ​ព្រះ​គម្ពីរ និង​ការ​សញ្ជឹងគិត​ព្រះ​គម្ពីរ​មិនមែន​ជា​ការ​ធុញទ្រាន់​ចំពោះ​គាត់​នោះ​ទេ ប៉ុន្តែ​គាត់​ពេញ​ចិត្ត​នឹង​ធ្វើ​វា​ទៅ​វិញ​ទេ។ នេះ​ឯង​គឺ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវការ និង​ចង់​បាន។ វា​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​ណាស់ នៅ​ពេល​យើង​មាន​ភាព​ធុញទ្រាន់​ក្នុង​ការ​អាន​ព្រះ​គម្ពីរ ដែល​នោះ​បង្ហាញ​ថា មាន​អ្វី​មួយ​មិន​ត្រឹមត្រូវ​ហើយ។

តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច​ទៅ? ភាគ​ច្រើន មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ធុញទ្រាន់​ក្នុង​ការ​អាន​ព្រះ​គម្ពីរ ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់ និង​ការ​សញ្ជឹងគិត​ព្រះ​គម្ពីរ គឺ​ព្រោះ​យើង​គ្មាន​ភាព​ត្រេកអរ និង​អំណរ​ក្នុង​ការ​ទាំង​នោះ។ ដោយ​សារ​យើង​មាន​អ្វី​ផ្សេងៗ​ទៀត​ដែល​យើង​ចង់​ធ្វើ ឧ. ការ​មើល​ទូរទស្សន៍ ការ​ហូបចុក ការងារ ការ​អាន​កាសែត ឬ​ក៏​ការ​លេង​គ្រឿង​អេឡិចត្រូនិក។ល។ នេះ​ព្រោះ​ចិត្ត​យើង​មាន​ការ​ជ្រួលជ្រើម​នឹង​រឿង​ផ្សេងៗ​ជាជាង​​ព្រះ​បន្ទូល​របស់​ព្រះអង្គ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​គ្មាន​ភាព​ត្រេកអរ​នឹង​ការ​ទាំង​នោះ។

តើ​អ្នកនិពន្ធ​កណ្ឌគម្ពីរ​ទំនុកតម្កើង​ធ្លាប់​ធុញទ្រាន់​នឹង​ការ​នេះ​ដែរ​ឬ​ទេ? ប្រាកដ​ណាស់ ពួកគាត់​ក៏​ធ្លាប់​ដែរ។ ចូរ​មាន​ទឹកចិត្ត​ឡើង។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​ការ​ធុញទ្រាន់។ តើ​យើង​អាច​ប្ដូរ​ការ​ធុញទ្រាន់​ទាំង​នេះ​បាន​ដោយ​របៀប​ណា? ចម្លើយ​គឺ៖ យើង​អាច​ប្ដូរ​ការ​ធុញទ្រាន់​ទាំង​នេះ​បាន​តាមរយៈ​ការ​អធិស្ឋាន។ ដាច់ខាត យើង​ត្រូវតែ​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ជួយ​យើង​ឲ្យ​ចេះ​មាន​ភាព​ត្រេកអរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ យើង​អាច​ឃើញ​ការ​នេះ​បាន​តាម​រយះ​អ្នក​និពន្ធ​កណ្ឌគម្ពីរ​ទំនុកតម្កើង​ដែល​ទាក់ទង​នឹង​ការ​អធិស្ឋាន។ អ្នក​និពន្ធ​កណ្ឌគម្ពីរ​ទំនុកតម្កើង​មិនមែន​គ្រាន់តែ​បង្រៀន​យើង​ឲ្យ​ចេះ​អធិស្ឋាន​ឥត​ឈប់ឈរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ​ចេះ​មាន​ភាព​ត្រេកអរ​ក្នុង​ការ​អធិស្ឋាន​ផង​ដែរ។

និពន្ធ​ដោយ៖ លោកគ្រូ John Piper
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ខឹម ផល្លី
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ពឹង​ដល់ព្រះ​គុណ

ព្រះ​គ្រីស្ទ​គ្មាន​ទោស​