in

ខ្ញុំ​មិន​ដែល​អាន​ព្រះ​គម្ពីរ​ទេ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ណា?

«ជម្រាប​សួរ​លោក​គ្រូ ប្រសិន​បើ​ខ្ញុំ​មិន​ធ្លាប់​ដែល​អាន​ព្រះ​គម្ពីរ​តែ​ម្នាក់​ឯង​សោះ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​អាន​នៅ​ក្នុង​កណ្ឌ​មួយ​ណា?»

ខ្ញុំ​ចង់​និយាយ​លេង​ជា​មួយ​នឹង​អ្នក​សួរ​សំណួរ​នេះ​ខ្លាំង​ណាស់។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា គាត់​កំពុង​តែ​អាន ឬ​ក៏​ស្ដាប់​ការ​ឆ្លើយ​តប​នេះ។ តោះ! ចូរ​យើង​ចាប់​ផ្ដើម​ពី​ចំណុច​សូន្យ ដោយ​ពិនិត្យ​មើល​រូប​ភាព​ធំ​សិន ដែល​ការ​ធ្វើ​ដូច​នោះ​នឹង​ជួយ​ឲ្យ​ងាយ​យល់​ចម្លើយ​ដ៏​សាមញ្ញ​របស់​ខ្ញុំ។

ព្រះ​គម្ពីរ​គឺ​ជា. . .

ព្រះ​គម្ពីរ​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​៦៦​កណ្ឌ​ខុសៗ​គ្នា​ចូល​ជា​សៀវភៅ​មួយ។ កណ្ឌ​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មនុស្ស​ខុសៗ​គ្នា អស់​រយៈ​ពេល​១៥០០​ឆ្នាំ ដែល​ការ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​កាន់​តែ​អស្ចារ្យ ដោយ​សារ​កណ្ឌ​នីមួយៗ​មាន​ភាព​ស៊ី​គ្នា និង​រួម​គ្នា​ក្នុង​ដំណើរ​ការ​សាច់​រឿង។ ប៉ុន្តែ វា​គឺ​ជា​រឿង​ដ៏​សំខាន់​ណាស់​ក្នុង​ការ​ដែល​យើង​ទទួល​ស្គាល់​ថា មាន​អ្នក​និពន្ធ​ជា​ច្រើន​នាក់—អ្នក​និពន្ធ​ដែល​ជា​មនុស្ស—មិន​មែន​តែ​ម្នាក់​នោះ​ទេ។

ដូច្នេះ ៦៦កណ្ឌ​នេះ នៅ​ក្នុង​សៀវភៅ​តែ​មួយ​ក្បាល ដែល​យើង​ហៅ​ថា​ព្រះ​គម្ពីរ មាន​ប្រភេទ​អក្សរ​សាស្ត្រ​ខុសៗ​គ្នា។ ខ្លះ​ជា​ប្រវត្តិសាស្ត្រ ខ្លះ​ជា​កំណាព្យ ខ្លះ​ជា​ទំនាយ ខ្លះ​ជា​សំបុត្រ។ល។—ដែល​ទាំង​អស់​មាន​របៀប​សរសេរ​ខុសៗ​គ្នា។ ហើយ​យើង​ក៏​បាន​ចែក​កណ្ឌ​ទាំង​នេះ​ទៅ​ជា​ពីរ​ផ្នែក៖ ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ពាក្យ «សញ្ញា» ក្នុង​ភាសា​ដើម​មាន​ន័យ​ថា «ការ​ឯក​ភាព» ឬ​ក៏ «សេចក្ដី​តាំង​សញ្ញា» ទាក់ទង​នឹង​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​កណ្ឌ​ដែល​បាន​សរសេរ​ឡើង​មុន​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​មក​ផែនដី​នេះ ហើយ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ( ឬ​ក៏ «សេចក្ដី​តាំង​សញ្ញា​ថ្មី») មាន​កណ្ឌ​ដែល​បាន​សរសេរ​ឡើង​ក្រោយ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក។

ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​កណ្ឌ​ដែល​រៀប​រាប់​អំពី​ការ​ត្រៀម​ទុក​នៃ​ការ​យាង​មក​ផែនដី​នេះ​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ—ព្រះ​យេស៊ូវ​គ្រីស្ទ។ ហើយ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គឺ​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ថា ទ្រង់​ជា​អ្នក​ណា និង​អំពី​របៀប​ដែល​ព្រះ​អង្គ​បង្កើត​ចលនា​គ្រីស្ទ​បរិស័ទ ព្រម​ទាំង​អំពី​របៀប​ដែល​យើង​គួរ​រស់​នៅ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ទាក់​ទង​នឹង​រាល់​ចំណុច​ទាំង​នោះ។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន៣៩កណ្ឌ ហើយ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មាន២៧កណ្ឌ។

សូម​ចាប់​ផ្ដើម​នៅ​ចំណុច​កណ្ដាល

ក្នុង​បណ្ណាល័យ​ដ៏​ធំ​មួយ​នេះ ដែល​ព្រះ​ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​តែង​កណ្ឌ​ដ៏​ពិត​ទាំង​នេះ តើ​លោក​អ្នក​គួរ​ចាប់​ផ្ដើម​អាន​នៅ​ត្រង់​ណា? ចម្លើយ​របស់​ខ្ញុំ​គឺ​ថា ដោយ​សារ​ព្រះ​យេស៊ូវ​គឺ​ជា​តួ​អង្គ​ចម្បង​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​ព្រះ​អង្គ​ក៏​ជា​អង្គ​ដែល​ពន្យល់​នូវ​រាល់​គ្រប់​ចំណុច​ទាំង​អស់​ផ្សេងៗ​ទៀត—ប្រសិន​បើ​លោក​អ្នក​យល់​អំពី​ព្រះ​យេស៊ូវ នោះ​លោក​អ្នក​ក៏​នឹង​អាច​យល់​ផ្នែក​ផ្សេងៗ​ទៀត​បាន​យ៉ាង​ល្អ​ផង​ដែរ—ដូច្នេះ លោក​អ្នក​ត្រូវ​តែ​ស្គាល់​ព្រះ​អង្គ​សិន។ មាន​៤​កណ្ឌ​នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​រៀប​រាប់​អំពី​ព័ន្ធ​កិច្ច​របស់​ទ្រង់ និង​រៀប​រាប់​អំពី​ព្រះ​ជន្ម​របស់​ទ្រង់ ទោះ​បី​គ្មាន​កណ្ឌ​ណា​បាន​រៀប​រាប់​រាល់​ឆ្នាំ​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​ក៏​ដោយ ដោយ​សារ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅ​ក្នុង​អំឡុង​បី​ឆ្នាំ​ចុង​ក្រោយ​របស់​ទ្រង់​គឺ​សុទ្ធ​តែ​សំខាន់។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​អ្នក​និពន្ធ​បាន​ផ្ដោត​លើ​បី​ឆ្នាំ​នោះ។

យើង​ហៅ​កណ្ឌ​ទាំង៤នេះ​ថា កណ្ឌ​ដំណឹង​ល្អ—ដំណឹង​ល្អ​តាម​រយៈ​លោក ម៉ាថាយ ដំណឹង​ល្អ​តាម​រយៈ​លោក ម៉ាកុស ដំណឹង​ល្អ​តាម​រយៈ​លោក លូកា និង​ដំណឹង​ល្អ​តាម​រយៈ​លោក យ៉ូហាន។ ដំណឹង​ល្អ​គឺ​ជា​មូល​ដ្ឋាន​នៃ​ជំនឿ​របស់​យើង។

ចាប់​ផ្ដើម​ជា​មួយ​នឹង​សញ្ញា​ថ្មី

នេះ​គឺ​ជា​កន្លែង​ដែល​ខ្ញុំ​នឹង​ចាប់​ផ្ដើម៖ ចាប់​ផ្ដើម​ដោយ​អាន​កណ្ឌ​គម្ពីរ​ម៉ាកុស ពីព្រោះ​កណ្ឌ​នេះ​ខ្លី​ជាង​គេ​បំផុត—មាន​តែ១៦ ជំពូក​ដ៏​ខ្លី​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ចាប់​ផ្ដើម​នៅ​កន្លែង​នោះ ហើយ​នេះ​ជា​របៀប​ដែល​ខ្ញុំ​នឹង​ធ្វើ។ ខ្ញុំ​នឹង​ញែក​ពេល​ពីរ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ណា​មួយ ឬ​ក៏​ល្ងាច​ថ្ងៃ​សៅរ៍​ណា​មួយ ឬ​ក៏​ពេល​ណា​ផ្សេង​ទៀត​ដែល​ខ្ញុំ​ទំនេរ ហើយ​អង្គុយ​អាន​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល​តែ​ម្ដង—១៦ជំពូក។ ហើយ​ខ្ញុំ​ញែក​ពេល​ពីរ​ម៉ោង​គឺ​ដោយ​សារ​ខ្ញុំ​ជា​អ្នក​អាន​យឺតៗ ហើយ​នោះ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដែរ។ ខ្ញុំ​បាន​អាន​កណ្ឌ​គម្ពីរ ម៉ាកុស ទាំង​មូល​ក្នុង​ពេល​តែ​មួយ។ លោក​អ្នក​ទំនង​ជា​អាច​ធ្វើ​ការ​នេះ​បាន​ក្នុង​ពេល​តែ​មួយ​ម៉ោង។ ការ​អាន​បែប​នោះ​នឹង​នាំ​ឲ្យ​លោក​អ្នក​យល់​ត្រួសៗ​អំពី​ព័ន្ធ​កិច្ច​របស់​ព្រះ​យេស៊ូវ ក្នុង​របៀប​ដ៏​លឿន។ ពាក្យ «ភ្លាម» គឺ​ជា​ពាក្យ​ដ៏​សាមញ្ញ​មួយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស។

ហើយ​បន្ទាប់​មក ចំណុច​ទី​ពីរ​ដែល​ខ្ញុំ​នឹង​ធ្វើ​គឺ អាន​ដូច​នោះ​ជា​មួយ​នឹង​កណ្ឌ​គម្ពីរ​យ៉ូហាន​ដែរ។ កណ្ឌ​គម្ពីរ​នេះ​វែង​ជាង—មាន​២១​ជំពូក ហើយ​ជំពូក​នេះ​មួយៗ​ក៏​វែង​ដែរ។ កណ្ឌ​គម្ពីរ​ម៉ាកុស គឺ​ជា​កណ្ឌ​ដែល​រៀប​រាប់​ដំណើរ​រឿង​ក្នុង​របៀប​ប្រញិបប្រញាប់ ពេញ​ទៅ​ដោយ​សកម្មភាព អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ។ ចំណែក​ឯ​កណ្ឌ​គម្ពីរ​យ៉ូហាន គឺ​ជា​កណ្ឌ​ដែល​សញ្ជឹង​គិត និង​មិន​សូវ​មាន​សកម្មភាព​ច្រើន។ កណ្ឌ​នេះ​មាន​ការ​បង្រៀន​ជា​ច្រើន​របស់​ព្រះ​យេស៊ូវ។ កណ្ឌ​គម្ពីរ​យ៉ូហាន​នាំ​ឲ្យ​យើង​អាច​ចូល​ទៅ​ក្នុង​ព្រះ​តម្រិះ និង​ព្រះ​ចិន្តា​របស់​ព្រះ​យេស៊ូវ ក្នុង​របៀប​ដែល​មាន​ការ​សហការ និង​ផ្ដោត​ជា​មួយ​គ្នា។

ហើយ​បន្ទាប់​ពី​ពេល​ដែល​លោក​អ្នក​បាន​អាន​កណ្ឌ​គម្ពីរ​ម៉ាកុស និង​កណ្ឌ​គម្ពីរ​យ៉ូហាន ដើម្បី​ឲ្យ​បាន​ស្គាល់​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ បង្រៀន ដឹង​ថា​ព្រះ​អង្គ​ជា​នរណា នោះ​ខ្ញុំ​ចង់​តម្រង់​ផ្លូវ​ពីរ​ទៀត​ឲ្យ​លោក​អ្នក​ជ្រើស​រើស អាស្រ័យ​ត្រង់​ថា​លោក​អ្នក​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ម្ដេច។ ប្រសិន​បើ​លោក​អ្នក​ជា​បុគ្គល​ដែល​ចូល​ចិត្ត​ឃើញ​ការ​រៀប​ចំ​យ៉ាង​មាន​សណ្ដាប់​ធ្នាប់ ក្នុង​របៀប​ដែល​ស្អាត​ទាំង​មូល នោះ​ជា​បន្ទាប់​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ទៅ​អាន​កណ្ឌ​គម្ពីរ​រ៉ូម—ជា​កណ្ឌ​ដែល​មាន​១៦​ជំពូក​ដែរ។

ឬ​ក៏​ថា ប្រសិន​បើ​លោក​អ្នក​គឺ​ជា​បុគ្គល​ដែល​ចូល​ចិត្ត​ដំណើរ​រឿង​ដែល​មាន​សកម្ម​ភាព​លឿនៗ ហើយ​លោក​អ្នក​ចង់​ឃើញ​ថា​មាន​អ្វី​បាន​កើត​ឡើង—តើ​ចលនា​នេះ​បាន​រាលដាល​ពាសពេញ​ពិភព​លោក​យ៉ាង​ដូច​ម្ដេច—នោះ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ទៅ​អាន​កណ្ឌ​គម្ពីរ​កិច្ចការ ដ្បិត​កណ្ឌ​នោះ​មាន​ពេញ​ទៅ​ដោយ​សកម្មភាព។ កណ្ឌ​គម្ពីរ​កិច្ចការ​គឺ​ជា​កណ្ឌ​រៀបរាប់​អំពី​របៀប​ដែល​ដំណឹង​ល្អ​បាន​ចាក​ចេញ​ពី​ទីក្រុង​យេរូសាឡឹម បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ រហូត​ទៅ​ដល់​ទីក្រុង​រ៉ូម ប្រមាណ​ជា៣០ឆ្នាំ​ក្រោយ​មក ហើយ​កណ្ឌ​គម្ពីរ​កិច្ចការ​ក៏​រៀប​រាប់​អំពី​ព័ន្ធ​កិច្ច​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ទ្រង់​បង្កើត​ក្រុម​ជំនុំ​របស់​ទ្រង់​ដែរ។

ចំ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​តែ​ម្ដង

ហើយ​ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​លើក​ឡើង​គឺ​ថា មាន​កណ្ឌ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ចំ​ត្រង់​កណ្ដាល​នៃ​ព្រះ​គម្ពីរ។ ប្រសិន​បើ​លោក​អ្នក​បើក​ព្រះ​គម្ពីរ​ចំ​កណ្ដាល​តែ​ម្ដង នោះ​លោក​អ្នក​នឹង​បើក​ចំ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង—ដែល​មាន​១៥០​ជំពូក។ កណ្ឌ​នេះ​គឺ​ជា​កំណត់​ត្រា​នៃ​ការ​អធិស្ឋាន និង​បទ​ចម្រៀង​របស់​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់—ជំពូក​ជា​ច្រើន​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​ស្ដេច ដាវីឌ—កណ្ឌ​នេះ​មាន​សរសេរ​ចុះ​អំពី​រាល់​អារម្មណ៍ ទាំង​អារម្មណ៍​សប្បាយ និង​អារម្មណ៍​ខូច​ចិត្ត ក៏​ដូច​ជា​ការ​តយុទ្ធ​របស់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ដែរ។

មាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់​កណ្ឌ​នេះ​ខ្លាំង​ជាង​កណ្ឌ​នានា​នៅ​ក្នុង​ព្រះ​គម្ពីរ។ ប្រពន្ធ​របស់​ខ្ញុំ​ធ្លាប់​លើក​ឡើង​ថា គាត់​ស្រឡាញ់​កណ្ឌ​គម្ពីរ​ទំនុកតម្កើង​ខ្លាំង​ជាង​គេ។ នេះ​គឺ​ជា​របៀប​ដែល​ខ្ញុំ​នឹង​ធ្វើ។ តាម​រយៈ​ការ​អាន​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង នោះ​លោក​អ្នក​នឹង​មាន​របៀប​គ្រប់​គ្រង​លើ​អារម្មណ៍​ជា​ច្រើន ដែល​លោក​អ្នក​នឹង​មាន​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​ថ្មី​ម្នាក់។

ទាំង​អស់​ល្អ​ណាស់

សូម​បង្អង់​ខ្លួន​បន្តិច ហើយ​មើល​នូវ​អ្វី​ដែល​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក។ សូម​កុំ​គិត​ថា​យោបល់​របស់​ខ្ញុំ ឬ​ក៏​យោបល់​របស់​អ្នក​ណា​ផ្សេង​ទៀត​គឺ​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​តែ​ធ្វើ ក្នុង​ការ​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​ឡើយ។ ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​បាន​បណ្ដាល​ឲ្យ​តែង​គ្រប់​ខ​ទាំង​អស់ ហើយ​យើង​អាច​ទុក​ចិត្ត​លើ​បាន​គ្រប់​ផ្នែក​ទាំង​អស់—គ្រប់​ផ្នែក​ទាំង​អស់​ដែល​ជា​ប្រយោជន៍​ក្នុង​ការ​ជួយ​ឲ្យ​លោក​អ្នក​ស្គាល់​ព្រះ​គ្រីស្ទ នឹង​ដឹង​អំពី​របៀប​ដែល​អាច​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​អំពើ​បាប ចេញ​ពី​ការ​ជំនុំ​ជម្រះ និង​ដឹង​អំពី​របៀប​ដែល​អាច​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ក៏​ដូច​ជា​ដឹង​អំពី​របៀប​រស់​នៅ​ដែល​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​នៅ​លើ​លោក​នេះ​បាន​ដែរ។

លោក​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ជំហាន​នៃ​ការ​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​នៃ​ជីវិត​របស់​ខ្លួន។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពិសេស​ម៉្លេះ?

ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់? ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី២