in

ស្រឡាញ់ សើច យំ ខឹង អស្ចារ្យ

លក្ខណសម្បត្តិ​៦​យ៉ាង​នៃ​ដៃ​គូ​អនាគត

Six Traits to Look for in a Spouse

រិយា​របស់​ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ពី​កន្លែង​កាត់​សក់ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​ស្ត្រី​នៅ​លីវ​ម្នាក់​ដែល​ជា​អ្នក​កាត់​សក់​ឲ្យ​គាត់។ ស្ត្រី​វ័យ​ក្មេង​ម្នាក់​នេះ​បាន​ចែកចាយ​អំពី​ការ​អាក់​អន់​ចិត្ត​របស់​គាត់​ចំពោះ​គេហទំព័រ​ស្វែង​រក​ដៃគូ (dating website) ព្រោះ​គេហទំព័រ​នោះ​គ្រាន់​តែ​ផ្ដោត​លើ​រូប​សម្រស់​ខាង​ក្រៅ។ អូស​ទៅ​ខាង​នេះ​បើ​អ្នក​គិត​ថា គាត់​ស្អាត ឬ​ក៏​អូស​ទៅ​ខាង​នោះ​បើ​អ្នក​គិត​ថា គាត់​មិន​ស្អាត។

គាត់​បាន​លើក​ឡើង​អំពី​ការ​សោក​ស្ដាយ​របស់​គាត់​ថា ក្រោយ​ពី​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​រួច​ហើយ គឺ​គេ​គ្រាន់​តែ​ចង់​រួម​ដំណេក​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ មិន​មែន​ជា​ទំនាក់ទំនង​ដែល​នៅ​គង់វង្ស ឬ​ក៏​ជា​ទំនាក់ទំនង​ដែល​មាន​ការ​ប្ដូរ​ផ្ដាច់​នឹង​គ្នា​នោះ​ទេ។

ខ្ញុំ​សោក​ស្ដាយ​ជំនួស​អស់​អ្នក​ដែល​ស្វែងរក​ទំនាក់ទំនង​ដ៏​ស្និទ្ធ​ស្នាល​ដោយ​របៀប​នោះ។ ប្រសិន​បើ​អ្នក​នៅលីវ ហើយ​ប្រាថ្នា​ចង់​រៀបការ នោះ​លោកអ្នក​នឹង​ឃើញ​ថា ការ​ទទួល​យក​ដោយ​អស់​ពី​ចិត្ត​នូវ​អ្វីៗ​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​របៀប​ចែចង់ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត។ ពោល​គឺ​ល្អ​ជាង​វិធី​​​ដែល​លោកីយ៍​នេះ​ណែនាំ​ឲ្យ​យើង​ធ្វើ​តាម ហើយ​ក៏​ជា​វិធី​ដែល​គ្មាន​ខ្លឹមសារ​ដែរ។

ជា​ពិសេស​កណ្ឌ​គម្ពីរ សុភាសិត ជំពូក​៣១ បាន​បង្រៀន​យើង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​យើង​គួរ​ចង់​បាន​ជា​ដៃគូ​អនាគត​របស់​យើង។ ការ​ពណ៌នា​នេះ​បាន​រៀបរាប់​ពី​ពេលវេលា​ដ៏​ស្មោះ​ត្រង់​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី ដែល​មាន​លក្ខណសម្បត្តិ​ល្អ​ប្រពៃ ប៉ុន្តែ​យើង​ក៏​គួរ​ស្វែងយល់​ពី​លក្ខណសម្បត្តិ​ទាំង​អស់​នេះ​នៅ​ក្នុង​គន្លង​ជីវិត​របស់​បុរស ដែល​ស្ត្រី​គួរ​ស្វែងរក​​ដែរ។

១. តើ​បុគ្គល​នេះ​រក្សា​ពាក្យ​សម្ដី​របស់​គាត់​ដែរ​ឬ​ទេ?

«ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ» (សុភាសិត ៣១:១១)។ ប្ដី​របស់​នាង​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​ភាព​ស្មោះ​ត្រង់​របស់​នាង​ចំពោះ​គាត់​ឡើយ។ គាត់​មិន​ដែល​ព្រួយ​បារម្ភ​ថា ប្រពន្ធ​របស់​គាត់​ប្រើ​លុយកាក់​ខ្ជះខ្ជាយ ឬ​កិបកេង​លួចលាក់​នោះ​ឡើយ។

នៅពេលដែល​លោកអ្នក​ចាប់ផ្ដើម​ស្គាល់​បុគ្គល​ណា​ម្នាក់ ដែល​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ជា​ប្ដី ឬ​ប្រពន្ធ នោះ​ចូរ​ពិចារណា​ថា តើ​អ្នក​អាច​ទុក​ចិត្ត​គាត់​បាន​ដែរ​ឬ​ទេ? ឬ​ក៏​ថា តើ​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់​អត់? តើ​គាត់​មាន​ប្រវត្តិ​ជា​មនុស្ស​រក្សា​ពាក្យ​សម្ដី​ដែរ​ឬ​ទេ? ឬ​គាត់​ជា​មនុស្ស​បាត​ដៃ​ខ្នង​ដៃ និយាយ​ក្រឡេច​ក្រឡុច​ដែរ​ឬ​ទេ?

២. តើ​បុគ្គល​នេះ​ជួយ​លោកអ្នក​ឲ្យ​រឹងមាំ​ជាង​មុន​ដែរ​ឬ​ទេ?

«នាង​នឹង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង» (សុភាសិត ៣១:១២)។ «កាល​ណា​ប្ដី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ» (សុភាសិត ៣១:២៣)។ វា​គួរ​ឲ្យ​ចម្លែក​ណាស់​ដែល​ខ​នេះ​នៅ​ចំ​កណ្តាល​សាច់រឿង​នៃ​អត្ថបទ​ខ​ដែល​រៀបរាប់​អំពី​លក្ខណសម្បត្តិ​របស់​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ​នេះ​​បង្ហាញ​ពី​ការ​ប្ដូរផ្ដាច់​របស់​ប្រពន្ធ​ចំពោះ​ប្ដី​របស់​ខ្លួន​ដែរ។ កិច្ចការ​ដែល​នាង​ធ្វើ​នៅ​ផ្ទះ គឺ​ជា​ប្រយោជន៍​ដល់​កេរ្តិ៍​ឈ្មោះ និង​ជ័យជម្នះ​របស់​ប្ដី​នាង។ ប្ដី​នាង​ពិត​ជា​មាន​ពរ​មែន ព្រោះ​គាត់​បាន​រៀបការ​ជាមួយ​នាង។

ចូរ​ស្វែងរក ហើយ​រៀបការ​ជាមួយ​បុគ្គល​ដែល​នឹង​លើក​ទឹក​ចិត្ត​លោកអ្នក ហើយ​ជួយ​បំពេញ​បន្ថែម​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ ប្ដី​ប្រពន្ធ​មួយ​គូ​គួរតែ​មាន​លក្ខណសម្បត្តិ​ខ្លាំង​ជាង​ការ​ដែល​គាត់​នៅ​តែ​ម្នាក់​ឯង ព្រោះ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​គ្នា។

៣. តើ​បុគ្គល​នេះ​ខំ​ប្រឹង​ធ្វើការ​ដែរ​ឬ​ទេ?

«នាង​ខិតខំ​រក​អំបោះ និង​សូត្រ​មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។ នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។ នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។ នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចំការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំងបាយជូរ​មក​ដាំ» (សុភាសិត ៣១:១៣-១៦ គខប)។

ចូរ​រក​បុគ្គល​ដែល​ចេះ​ដាក់​វិន័យ​លើ​ខ្លួន​ឯង ហើយ​ឧស្សាហ៍ ជា​បុគ្គល​ដែល​មាន​គោលបំណង ហើយ​ព្យាយាម​បំពេញ​គោល​បំណង​នោះ ជា​បុគ្គល​ដែល​ផ្ដើម​កិច្ចការ​ណា​មួយ ហើយ​ក៏​បាន​ធ្វើ​វា​រហូត​ដល់​ចប់។

៤. តើ​បុគ្គល​នេះ​ចិត្ត​ល្អ ហើយ​ចេះ​ចៅរ៉ៅ​ដែរ​ឬ​ទេ?

«នាង​ឈោង​ដៃ​ដល់​មនុស្ស​កំសត់​ទុគ៌ត អើ នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រលំបាក​ផង» (សុភាសិត ៣១:២០)។
ស្ត្រី​បែប​នេះ​មិន​គ្រាន់​តែ​បំពេញ​តម្រូវការ​របស់​គ្រួសារ​នាង​ឡើយ តែ​នាង​ថែមទាំង​បំពេញ​តម្រូវការ​របស់​អ្នក​នៅ​ជុំវិញ​នាង​ទៀត​ផង។ នាង​ជា​ស្ត្រី​ដែល​មាន​ចិត្ត​ល្អ ហើយ​ចេះ​ចៅរ៉ៅ និង​ចេះ​ជួយ​អ្នក​ដទៃ។ តើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​បុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​បែប​នេះ​ដែរ​ឬ​ទេ?

៥. តើ​បុគ្គល​នេះ​មាន​ប្រាជ្ញា ហើយ​មាន​ចិត្ត​ចង់​ជួយ​អ្នក​ដទៃ​ដែរ​ឬ​ទេ?

«នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស» (សុភាសិត ៣១:២៦)។ នាង​រក​វិធី​ជួយ​អ្នកដទៃ៖ ដោយ​បំពេញ​តម្រូវការ​របស់​ពួកគេ​តាម​ដែល​នាង​អាច​ធ្វើ​ទៅ​បាន ទាំង​ខាង​អារម្មណ៍ និង​ខាង​វិញ្ញាណ។ នាង​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ប្រាជ្ញា ហើយ​អ្នក​ដទៃ​នឹង​ស្វែងរក​ប្រាជ្ញា​របស់​នាង ពេល​នោះ ប្រសិន​បើ​ពួកគេ​ស្តាប់​តាម​នាង នោះ​ពួកគេ​នឹង​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន។
លោកអ្នក​គួរតែ​ចង់​រៀបការ​ជាមួយ​បុគ្គល​បែប​នោះ ជា​បុគ្គល​ដែល​មិន​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង មិន​ថា​អ្វី​ដែល​គាត់​ធ្វើ និង​អ្វី​ដែល​គាត់​យក​មក​កំសាន្ត​ចិត្ត​ខ្លួន​ឯង ប៉ុន្តែ​ជា​បុគ្គល​ដែល​ចូល​ចិត្ត​ជួយ ហើយ​ក៏​ជា​បុគ្គល​មាន​ប្រាជ្ញា​អាច​ជួយ​អ្នកដទៃ​បាន​ពិតប្រាកដ។

៦. តើ​បុគ្គល​នេះ​ពិត​ជា​បាន​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​មែន​ឬ?

នាង​មិន​ចុះចូល​ជា​មួយ​ភាព​ថប់​បារម្ភ​ទេ ព្រោះ​នាង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់​របស់​នាង។ «…ក៏​នឹក​សើច​ពី​ហេតុ​ណា​ដែល​កើត​បាន​នៅ​ខាង​មុខ» (សុភាសិត ៣១:២៥)។ ស្ត្រី​ម្នាក់​នេះ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ហើយ​តាមរយៈ​ការ​កោតខ្លាច​ដ៏​ត្រឹម​ត្រូវ​នេះ នាំ​ឲ្យ​នាង​មាន​ប្រាជ្ញា សេចក្ដី​សប្បុរស និង​ការ​ខិតខំ​ធ្វើការ។ ស្ត្រីគ្រប់លក្ខណ៍​ គឺជា​ស្ត្រី​ដែល​កោតខ្លាច​ព្រះ​ជាម្ចាស់​នឹង​ទុក​ចិត្ត​លើ​ទ្រង់ ព្រមទាំង​ផែនការ​ដែល​ទ្រង់​បាន​គ្រោង​ទុក​សម្រាប់​នាង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​មិន​បារម្ភ ឬ​ក៏​ខ្លាច​ពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​យ៉ាង​លម្អិត​នៅ​ពេល​អនាគត។

សំណួរ​ដ៏​សំខាន់​បំផុត ទាក់ទង​នឹង​ចំណុច​ស្នូល​នៃ​លក្ខណសម្បត្តិ​របស់​ដៃគូ​បណ្តូលចិត្ត​ដែល​យើង​គួរតែ​សួរ​គឺ៖ តើ​បុគ្គល​នេះ​ពិត​ជា​បាន​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​មែន​ឬ​ទេ? តើ​បុគ្គល​នោះ​ជា​អ្នកជឿ​លើ​ព្រះ​យេស៊ូវ​ដែរ​ឬ​ទេ? ចូរ​កុំ​មើល​រំលង​ចំណុច​នេះ​ឲ្យ​សោះ! ចូរ «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក» ជាមួយ​បុគ្គល​ដែល​មិន​រួម​ចំណែក​ជាមួយ​អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោកអ្នក​ឡើយ (២កូរិនថូស ៦:១៤)។ ដាច់ខាត! លោកអ្នក​ត្រូវ​តែ​យក​ព្រះ​គ្រីស្ទជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​របស់​លោកអ្នក ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​សម្លឹង​មើល​ទៅ​ឯ​ទ្រង់ ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ក៏​ត្រូវ​រីករាយ​ជាមួយ​គ្នា​ចំពោះ​អ្វីៗ​ដែល​នឹង​កើត​ឡើង​នៅពេល​អនាគត​ផង​ដែរ។

កុំ​ទទួល​យក​នូវ​អ្វី​ដែល​ទាប​ជាង​ក្ដី​រំពឹង

ចូរ​នឹក​ស្រមៃ ហើយ​អធិស្ឋាន ព្រមទាំង​ស្វែងរក​ការ​ប្រឹក្សា​ពី​អ្នក​ដទៃ​ពី​លក្ខណសម្បត្តិ​ដែល​លោកអ្នក​គួរ​ស្វែង​រក​ពី​បុគ្គល​ដែល​លោកអ្នក​ចង់​រៀបការ​ជាមួយ ហើយ​ចូរ​ព្យាយាម​កុំ​ទទួល​យក​នូវ​អ្វី​ដែល​ទាប​ជាង​ក្ដី​រំពឹង​នោះ​ឡើយ។ ចូរ​កុំ​ស្វែងរក​ស្វាមី ឬ​ក៏​ភរិយា​ដោយ​ពឹងផ្នែក​លើ​រូប​សម្រស់​ខាង​ក្រៅ! «ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក» (សុភាសិត ១១:២២)។

វិធីសាស្ត្រ​ចែចង់​របស់​លោកីយ៍​នេះ គឺ​ជា​គន្លង​ដ៏​ល្ងីល្ងើ ហើយ​ពោរ​ពេញ​ដោយ​ការ​ឈឺ​ចាប់។ ចូរ​ស្វែង​រក​បុគ្គល​ដែល​មាន​ការ​ពិចារណា​ដោយ​ពឹង​លើ​ព្រះ​បន្ទូល ព្រោះ​នោះ​ជា​លក្ខណសម្បត្តិ​ដែល​ពិបាក​រក​ណាស់ តែ​ជា​លក្ខណសម្បត្តិ​ដែល​ប្រកប​​ដោយ​អត្ថ​ប្រយោជន៍។ នៅពេលដែល​លោកអ្នក​សម្រាក​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ជាម្ចាស់ និង​នៅ​ក្នុង​ពេល​វេលា​របស់​ទ្រង់ នោះ​ចូរ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ស្វាមី ឬ​ក៏​ភរិយា​ម្នាក់​ដែល​លោកអ្នក​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ដែល​ចេះ​ជួយ ហើយ​ខំ​ប្រឹង​ធ្វើ​ការ ក៏​មាន​ចិត្ត​សប្បុរស មាន​ប្រាជ្ញា និង​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ។

មួយ​ចំណុច​ទៀត៖ ចូរ​កុំ​ស្វែងរក​តែ​ម្នាក់​ឯង​ឡើយ! សូម​កុំ​សន្មត​ថា គំនិត​របស់​លោកអ្នក​តែ​ម្នាក់​ឯង ចំពោះ​ការ​ស្វែង​រក​ស្វាមី ឬ​ភរិយា​មាន​ភាព​គ្រប់​គ្រាន់​នោះ​ឡើយ។ ឥឡូវ​នេះ ប្រសិន​បើ​លោកអ្នក​កំពុង​ចែចង់​នរណា​ម្នាក់ ចូរ​ណែនាំ​ឲ្យមិត្តភក្ដិ​របស់​លោកអ្នក​ទាំង​អស់​បាន​ស្គាល់ ជា​ពិសេស​គ្រួសារ​នៃ​ក្រុម​ជំនុំ​របស់​លោកអ្នក។ ចូរ​ស្វែង​រក​ការ​ប្រឹក្សា​ដ៏​ស្មោះ​ត្រង់​ពី​ពួក​គាត់ ហើយ​ចាំ​មើល​ថា តើ​ពួកគាត់​ប៉ុន្មាន​នាក់​នឹង​ប្រាប់​លោក​អ្នក​ថា​​ទំនាក់ទំនង​នេះ​មិន​សម​គ្នា។ នោះ​ហើយ​ជា​ការ​បង្ហាញ​ពី​ការ​បន្ទាបខ្លួន​នៅ​ក្នុង​ទំនាក់ទំនង​នៃ​ការ​ចែចង់​គ្នា គឺ​ការ​សុំ​ប្រឹក្សា​យោបល់​ពី​អ្នកដទៃ​ដោយ​មិន​ត្រូវ​រាប់​ខ្លួន​ឯង​ថា​ពូកែ ឬ​ចេះ​ច្រើន​ជាង​គេ។

ចូរ​ឲ្យ​ប្រាជ្ញា​នៃ​ព្រះ​បន្ទូល​ណែនាំ​ការ​សម្រេច​ចិត្ត​របស់​លោកអ្នក​ពី​ការ​ទាក់ទង​គ្នា មិន​មែន​គ្រាន់​តែ​ការ​សម្ដែង​ខាង​ក្រៅ​ឡើយ។

«រូប​ឆោម​ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ។» (សុភាសិត ៣១:៣០)

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Ben Reaoch
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

បំណង​ចម្បង

ឆ្លុះ​បញ្ចាំង