Day 2 The Goosefather
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ សម្ដេចប៉ាបបានធ្វើការសុំអភ័យទោសជាផ្លូវការមួយថា៖ «យើងពិតជាបានធ្វើខុសមែនហើយ»។
សម្ដេចប៉ាប ចន ប៉ុល ទី២ (John Paul II) បានមានប្រសាសន៍ទៅកាន់ហ្វូងមនុស្សនៅក្នុងប្រទេសឆេក (Czech Republic)។ លោកបានសម្ដែងនូវ «ការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពដ៏សាហាវៗឃោរឃៅ» ដែលពួកលោកបានបង្កឡើងលើវីរបុរសរបស់ពួកគាត់។ «ការសោកស្តាយយ៉ាងជ្រាលជ្រៅ» គឺជាអ្វីដែលតិចតួចបំផុតដែលក្រុមជំនុំកាតូលិកអាចផ្តល់ឲ្យបាន។
គេបានអញ្ជើញលោកគ្រូ យូន ហើស៍ (Jan Hus) ឲ្យចូលរួមក្នុងក្រុមប្រឹក្សានៃក្រុងកុងស្តង់ (Council Constance) ដោយសន្យាថាលោកនឹងមានសុវត្ថិភាព។ ប៉ុន្តែ នៅពេលលោកបានទៅដល់ក្រុងនោះ គេក៏បានដាក់លោកក្នុងពន្ធនាគារភ្លាមៗ អស់រយៈពេលប្រាំមួយខែ។ លោកបានប្រឈមមុខនឹងការកាត់ក្តីដ៏ក្លែងបន្លំមួយ ហើយគេបានបង្ខំឲ្យលោកលេបសម្ដីចំពោះជំនឿរបស់លោកចេញវិញ ប៉ុន្តែលោកមិនបានធ្វើតាមឡើយ។ នៅខែកក្កដា ឆ្នាំ១៤១៥ នៃគ.ស. គេបានដោះសម្លៀកបំពាក់លោកចេញ រួចពាក់មួកមួយនៅលើក្បាលរបស់លោកដែលមានគូររូបអារក្ស ហើយបានហៅលោកថាជា «អាមេអញ្ញទិដ្ឋិកជន» (Arch-Heretic ដែលមានន័យថា អ្នកមានជំនឿឃ្លាតចាកសេចក្តីពិត)។ ខណៈពេលដែលហេតុការណ៍ទាំងអស់នេះកំពុងកើតឡើង លោកក៏បានអធិស្ឋានសម្រាប់ខ្មាំងសត្រូវរបស់លោកដែរ។
បន្ទាប់មក គេបាននាំលោកដើរកាត់គំនរសៀវភៅរបស់លោកដែលគេកំពុងដុតចោល រួចក៏យកច្រវាក់ទៅចងលោកនឹងបង្គោលសម្រាប់ដុតសម្លាប់មនុស្ស។ នៅពេលដែលគេបានចងច្រវាក់លោកដូចជាសត្វឆ្កែ លោកបានមានប្រសាសន៍ថា «ព្រះអម្ចាស់ដែលជាព្រះយេស៊ូវគ្រីស្ទនៃខ្ញុំត្រូវបានគេចងដោយច្រវាក់ដែលរឹងមាំ ជាងច្រវាក់ដែលគេកំពុងចងខ្ញុំនេះទៅទៀត ដូច្នេះខ្ញុំមិនមានការអៀនខ្មាសចំពោះច្រវាក់ដែលមានច្រេះចាប់នេះឡើយ»។ គេបានបង្ខំឲ្យលោកលេបសម្ដីនៃការអះអាងពីជំនឿលោកវិញម្តងទៀត ប៉ុន្តែលោកបានបដិសេធ ហើយមានប្រសាសន៍ថា «អ្វីដែលខ្ញុំបានបង្រៀនដោយពាក្យសម្ដីរបស់ខ្ញុំ ឥឡូវនេះខ្ញុំនឹងផ្តល់ការអះអាងដោយឈាមរបស់ខ្ញុំវិញ»។ ហើយលោកក៏បានធ្វើដូចលោកបានមានប្រសាសន៍មែន។
នៅពេលដែលអណ្ដាតភ្លើងបានឆាបឆេះកាន់តែខ្ពស់ឡើងៗ លោកក៏បានច្រៀងទំនុកសរសើរតម្កើង។ លេខាធិការនៃក្រុមប្រឹក្សាបានមានប្រសាសន៍ថា «ឱអាយូដាសដែលត្រូវបណ្ដាសាអើយ! ដោយសារឯងបានបោះបង់ចោលផ្លូវនៃសន្តិភាព ហើយបានរៀបចំគម្រោងការជាមួយពួកសាសន៍យូដា ដូច្នេះយើងនឹងដកយកពែងនៃការប្រោសលោះចេញពីឯង»។ អរព្រះគុណព្រះអង្គដែលក្រុមជំនុំកាតូលិកមិនមានអំណាចដកយកពែងនៃការប្រោសលោះនៅថ្ងៃនោះបានឡើយ។
បន្ទាប់ពីមរណភាពរបស់លោក មានការខឹងសម្បារយ៉ាងខ្លាំងបានរីករាលដាលពេញតំបន់បូហ៊ីមី (Bohemia)។ ក្រុមអ្នកដើរតាមលោកបានបះបោរ ក្នុងនាមជាអ្នកគាំទ្រពាក្យសម្ដីរបស់លោក ដើម្បីប្រឆាំងនឹងទីក្រុងរ៉ូម ដោយមានការតវ៉ាដែលពេញដោយអំពើហិង្សា។ ការតវ៉ាបែបនេះបានបន្តកើតឡើងអស់រយៈពេលជាងដប់ឆ្នាំ។ លោកគ្រូ យូន ហើស៍ គឺជាអ្នកអធិប្បាយ អ្នកនយោបាយ ជា «ហោរា» ជាអ្នកកំណែទម្រង់ជំនាន់ដំបូង និងជាមរណសាក្សីដ៏ខ្ពង់ខ្ពស់បំផុតម្នាក់។
នៅប្រហែលឆ្នាំ១៣៦៩ នៃគ.ស.លោក យូន ហើស៍(ដែលឈ្មោះនេះមានន័យថា«សត្វទា»ក្នុងភាសាឆេក)បានកើតនៅក្នុងទីក្រុងមួយឈ្មោះថា ហ៊ីស៊ីណេក(Hussinec) (ដែលមានន័យថា«ទីក្រុងនៃសត្វទា»ក្នុងភាសាឆេក)នៅក្នុងអាណាចក្របូហ៊ីមី។ លោកបានកើតក្នុងគ្រួសារក្រីក្រមួយ។ លោកបានចាកចេញពីសហគមន៍របស់លោក ដើម្បីទៅធ្វើជាសង្ឃម្នាក់។ លោកចង់ទទួលបានជីវិតដែលប្រសើរជាងមុន និងទទួលបានការគោរពកាន់តែច្រើន។ លោកបានក្លាយជាអ្នកអធិប្បាយព្រះបន្ទូលដ៏ល្បីល្បាញម្នាក់នៅឯព្រះវិហារ បេថ្លេហិម(Bethlehem Chapel)។ ទោះជាយ៉ាងណាក៏ដោយលោកក៏បានខំធ្វើការយ៉ាងខ្លាំងនៅក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សាផងដែរ។ លោកគឺជាអ្នកដឹកនាំនៅមហាវិទ្យាល័យទស្សនវិជ្ជាក្នុងទីក្រុងប្រាក(philosophical faculty in Prague)។ ក្នុងអំឡុងពេលនៃជីវិតរបស់លោក គឺមានភាពមិនសុខសាន្តក្នុងសង្គមរវាងអ្នកនិយាយភាសាអាល្លឺម៉ង់ និងពលរដ្ឋឆេក។ លោក យូន ហើស៍ បានក្លាយជាអ្នកគាំទ្រដ៏សំខាន់ម្នាក់សម្រាប់ប្រជាជាតិឆេក។
លោក ហើស៍ បានរស់នៅក្នុងសម័យកាលមួយដែលអំពើប្រាសចាកសីលធម៌បានជះឥទ្ធិពលដល់ពួកសង្ឃនៃក្រុមជំនុំកាតូលិក។ មិនយូរប៉ុន្មាន លោកក៏បានចាប់ផ្ដើម«អធិប្បាយដោយនិយាយចំៗ»ប្រឆាំងនឹងអំពើអាក្រក់ដែលបានរីករាលដាលក្នុងចំណោមក្រុមពួកបព្វជិត។ ក្រុមពួកបព្វជិតបានរាយការណ៍អំពីលោកទៅកាន់អគ្គអភិបាលកាតូលិក ហើយពួកគេបានបញ្ឈប់លោកពីការអធិប្បាយ។ នៅពេលលោក ហើស៍ បានអានព្រះគម្ពីរ ហើយបានឃើញអំពីរបៀបដែលពួកសម្ដេចប៉ាបបានរំលោភបំពានអំណាចរបស់ពួកគេ លោកក៏បានទទួលស្គាល់ថាអំណាចក្នុងនាមជាសម្ដេចប៉ាបមិនមែនខ្ពស់បំផុតនោះទេ។ មានតម្រូវការសម្រាប់គ្រឹះដ៏រឹងមាំជាងមតិយោបល់ដ៏ទន់ខ្សោយរបស់មនុស្សទៅទៀត—មិនថាគេគោរពអ្នកកាន់អំណាចទាំងនោះ ឬក៏ថាពួកគាត់សំខាន់ដល់កម្រិតណាក៏ដោយ។ លោកបានផ្អែកជីវិត និងព័ន្ធកិច្ចរបស់លោកនៅលើព្រះបន្ទូលនៃព្រះ។
គាត់កាន់តែមានជំនឿដ៏មុតមាំលើសិទ្ធិអំណាចដ៏ខ្ពស់បំផុតនៃព្រះបន្ទូលខ្លាំងឡើងៗ នៅពេលដែលលោកចាប់ផ្ដើមអានការនិពន្ធ ដែលគេបានហាមឃាត់មិនឲ្យអានរបស់លោក ចន វែកក្លេវ។ លោកបានក្លាយជាអ្នកដើរតាមដ៏ស្មោះត្រង់ម្នាក់របស់លោក វែកក្លេវ។ លោក ហើស៍ បានការពារការនិពន្ធរបស់លោក វែកក្លេវ យ៉ាងខ្លាំងក្លាបំផុត រហូតដល់មានប្រវត្តិវិទូម្នាក់បានហៅលោក ហើស៍ ថាជា«អ្នកការពារដ៏ស្មោះស្ម័គ្របំផុតរបស់លោក វិកលីហ្វ(Wycliffe's bulldog)» (ដកស្រង់ចេញពីThe Unquenchable Flame, ទំព័រ៣០)។ លោកបានតវ៉ាយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការបង់លុយលោះបាបកម្ម[ការបង់ប្រាក់ទៅឲ្យក្រុមជំនុំកាតូលិក ដើម្បីទទួលបានការអត់ទោសបាប]គាត់បានគាំទ្រការចែកនំប៉័ង និងទឹកទំពាំងបាយជូរនៅក្នុងពិធីលៀងព្រះអម្ចាស់ និងបានអធិប្បាយជាភាសាប្រចាំថ្ងៃរបស់ប្រជាជន(ជំនួសឲ្យការប្រើភាសាឡាតាំងដែលគេមិនបានបកប្រែឲ្យអ្នកស្តាប់ពេលនោះ)។
ទោះបីជាលោកនៅតែយល់ស្របជាមួយក្រុមជំនុំកាតូលិកលើរឿងសំខាន់ៗមួយចំនួន ដូចជាពិធីអភិបូជា(Mass)ក៏ដោយក៏ភក្ដីភាពរបស់លោកចំពោះការបង្រៀនរបស់លោក វែកក្លេវ បានធ្វើឲ្យគេបណ្ដេញលោកចេញពីក្រុមជំនុំកាតូលិក ហើយកាត់ក្តីលោកពីបទអញ្ញមត្តិ(លទ្ធិខុសឆ្គង ឬក៏ជំនឿឃ្លាតចាកសេចក្តីពិត)និងដុតសម្លាប់លោកទាំងរស់ទៀតផង។
បន្ទាប់ពីគេបានកាត់ទោសប្រហារជីវិតលោក ហើស៍ គាត់ក៏បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ពួកឯងនឹងចម្អិនសាច់ទា ប៉ុន្តែ១០០ឆ្នាំបន្ទាប់ពីនេះឯងនឹងទទួលបានសត្វក្ងានមួយ ដែលឯងមិនអាចបំបិទមាត់ការច្រៀងរបស់វាបានឡើយ»។ ជិត១០២ឆ្នាំក្រោយមក មានសង្ឃមួយឈ្មោះលោក ម៉ធិន លូសើរ (Martin Luther) បានយកនិក្ខេបបទ៩៥របស់លោកទៅបោះភ្ជាប់នឹងទ្វារនៃក្រុងវិឌតិនបើហ្គ (Wittenberg)។
លោក ហើស៍ ក៏បានឃើញអំពីភាពខុសគ្នារវាងការបង្រៀនរបស់ក្រុមជំនុំកាតូលិក និងអ្វីដែលបានសរសេរទុកនៅក្នុងព្រះបន្ទូល។ ដោយសារតែហេតុផលនេះឯងបានជាលោកព្យាយាមកែទម្រង់ក្រុមជំនុំកាតូលិក។ លោកបានសម្រេចចិត្តប្រឆាំងនឹងសម្ដេចប៉ាប ហើយក្រុមជំនុំកាតូលិកបានប្រកាសថា លោកគឺជាគ្រូបង្រៀនខុសឆ្គងម្នាក់វិញ។
ក្នុងអំឡុងពេលនៃការជជែកដេញដោលនៅទីក្រុងឡ៉ីបស៊ិក (Leipzig Debate) គេបានប្រមាថដោយហៅលោក ម៉ធិន លូសើរ ថាជា «អ្នកកាន់តាមសេចក្តីបង្រៀនរបស់លោកហើស៍ (Hussite)»។ ដំបូងឡើយ លោក លូសើរ បានបដិសេធចំពោះការប្រមាថនេះ ប៉ុន្តែក្នុងអំឡុងពេលសម្រាក លោកបានអានការនិពន្ធមួយចំនួនរបស់លោក ហើស៍។ នៅពេលលោកត្រឡប់មកវិញ លោកក៏បានសរសើរដល់សេចក្តីបង្រៀនរបស់លោក ហើស៍។ មនុស្សម្នាបាននិយាយថាលោក លូសើរ គឺជាសត្វក្ងានរបស់លោក ហើស៍ ដែលមានន័យថា លោកគឺជាអ្នកបន្តតំណែងរបស់លោក ហើស៍។ លោក លូសើរ បានទទួលយកនូវការផ្សារភ្ជាប់នេះទៅនឹងលោក ហើស៍ ចាប់តាំងពីពេលនោះមក គេតែងតែគូររូបលោក លូសើរ នៅក្នុងគំនូរផ្សេងៗជាមួយនឹងសត្វក្ងាន។
លោក យូន ហើស៍ គឺជាមេដឹកនាំដ៏សំខាន់ម្នាក់នៅមុនសម័យកាលនៃការកំណែទម្រង់។ លោកបានប្រកាន់ខ្ជាប់យ៉ាងរឹងមាំក្នុងជំនឿរបស់លោក ហើយគេបានសម្លាប់លោកដោយសារតែជំនឿទាំងនោះ។ សត្វក្ងានបានមកដល់បន្ទាប់ពីសត្វទា ហើយសាសនាកាតូលិកនៅតែមិនអាចធ្វើឲ្យលោកនៅស្ងៀមបានឡើយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។