Day 3 The Florentine Forerunner
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅជុំវិញខឿននៃវិមានអនុស្សាវរីយរបស់លោក លូសើរ ក្នុងទីក្រុងវ៉ាមស៍ (Worms) ប្រទេសអាល្លឺម៉ង់ មានរូបចម្លាក់នៃអ្នកដឹកនាំបួននាក់ដែលបានរស់នៅមុនសម័យកំណែទម្រង់ក្រុមជំនុំប្រូតេស្តង់។ អ្នកដឹកនាំទាំងនោះរួមមានលោក យូន ហើស៍ (Jan Hus) លោក ចន វែកក្លេវ (John Wycliffe) លោក ភីធើរ វ៉ាល់ដូ (Peter Waldo) និង លោក ជីរ៉ូឡាម៉ូ សាវ៉ូណារ៉ូឡា (Girolamo Savonarola)។ ពួកលោកមានបុគ្គលិកលក្ខណៈខុសៗគ្នាយ៉ាងច្រើន ប៉ុន្តែពួកគាត់ម្នាក់ៗបានផ្តល់ការបំផុសគំនិតដល់ការកែទម្រង់ដល់លោក លូសើរ តាមរបៀបរៀងៗខ្លួន។ លោក លូសើរ ទទួលបានការបំផុសគំនិតចំពោះជីវិតផ្ទាល់ខ្លួនគាត់ពីលោក សាវ៉ូណារ៉ូឡា។ លោក លូសើរ បានកាន់រូបរបស់លោក សាវ៉ូណារ៉ូឡា ជាប់តាមខ្លួន នៅពេលលោកបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាមស៍ ដើម្បីទទួលការវិនិច្ឆ័យទោសពីបទចោទអញ្ញទិដ្ឋិ (នៅឆ្នាំ១៥២១ នៃគ.ស. គេបានចោទប្រកាន់គាត់ថាគាត់ឃ្លាតចាកសេចក្តីជំនឿពិត)។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីលោក លូសើរ បានដុតសំបុត្រដែលសម្តេចប៉ាបបានផ្ញើទៅគាត់ ដើម្បីកាត់គាត់ចេញពីក្រុមជំនុំ។
នៅពេលលោក លូសើរ ប្រឈមមុខនឹងលទ្ធភាពនៃការដែលអាចនឹងបាត់បង់ជីវិតនៅក្នុងទីក្រុងវ៉ាមស៍ លោកប្រហែលជាបានប្រៀបធៀបជីវិតផ្ទាល់ខ្លួនរបស់លោកទៅនឹងជីវិតរបស់លោក សាវ៉ូណារ៉ូឡា។ លោក សាវ៉ូណារ៉ូឡា បានរិះគន់អំពីភាពពុករលួយរបស់ក្រុមជំនុំកាតូលិក។ ជម្លោះរបស់លោក សាវ៉ូណារ៉ូឡា ជាមួយសម្តេចប៉ាបបានបញ្ចប់ដោយក្រុមជំនុំកាតូលិកបានកាត់សមាជិកភាពរបស់លោកជាផ្លូវការ ហើយសម្ដេចប៉ាបក៏បានប្រហារជីវិតលោកដោយដុតនឹងភ្លើងដែរ។ ក្រុមជំនុំកាតូលិកក៏បានបណ្តេញលោក លូសើរ ចេញផងដែរ ដោយសារលោកបានតវ៉ាចំពោះទង្វើខុសឆ្គងរបស់សម្តេចប៉ាប។ គេមិនបានកាត់ទោសលោក លូសើរ ដោយប្រហារជីវិតឡើយ។ ប៉ុន្តែ លោកមានអារម្មណ៍ថា មានទំនាក់ទំនងស្និតស្នាលយ៉ាងខ្លាំងជាមួយលោក សាវ៉ូណារ៉ូឡា។ ពីរឆ្នាំបន្ទាប់ពីលោក លូសើរ បានលាក់ខ្លួននៅក្នុងបន្ទាយវ៉ាតប៊ឺក (Wartburg Castle) លោកបានបោះពុម្ពផ្សាយការឆ្លុះបញ្ចាំងរបស់លោក សាវ៉ូណារ៉ូឡា លើកណ្ឌគម្ពីរទំនុកតម្កើង ជំពូក៥១ និងជំពូក៣១ ហើយបានហៅលោក សាវ៉ូណារ៉ូឡា ថាជា «បុរសដែលកោតខ្លាចព្រះនៃទីក្រុងផ្លរិន (Florence)»។
លោក សាវ៉ូណារ៉ូឡា បានកើតនៅក្នុងគ្រួសារអ្នកមានមួយនៃទីក្រុង ហ្វឺរ៉ារ៉ា (Ferrara) ប្រទេសអ៊ីតាលីនៅឆ្នាំ១៤៥២ នៃគ.ស.។ លោក សាវ៉ូណារ៉ូឡា គឺជាយុវជនដែលមានទេពកោសល្យម្នាក់ ដែលស្រឡាញ់ការរៀនសូត្រ។ ឪពុកម្តាយរបស់លោកមានបំណងចិត្តចង់ឲ្យលោកធ្វើជាវេជ្ជបណ្ឌិត។ នៅពេលលោកមានអាយុ២៣ឆ្នាំ លោកបានសម្រេចចិត្តភ្លាមៗចូលរួមជាមួយគណៈបព្វជិតដូមីនីកែន (Dominican order) ដោយសារលោកមិនសប្បាយចិត្តនឹងវប្បធម៌អ៊ីតាលី។ លោកបានគិតថា វប្បធម៌អ៊ីតាលីបានឲ្យតម្លៃលើការជួយខ្លួនឯងច្រើនជាងការជួយអ្នកដទៃ។ ក្នុងនាមជាសង្ឃកាតូលិកដែលមានវ័យក្មេងម្នាក់ លោកបានសិក្សាយ៉ាងស៊ីជម្រៅពីការនិពន្ធរបស់ លោក ថូម៉ាស អាគីណាស (Thomas Aquinas) និងព្រះគម្ពីរ។ លោក សាវ៉ូណារ៉ូឡា គឺជាមនុស្សឆ្លាតវៃណាស់ ដូច្នេះលោកបានទន្ទេញព្រះគម្ពីរចាំមាត់ស្ទើរតែទាំងអស់។
លោក សាវ៉ូណារ៉ូឡា បានមកដល់ទីក្រុងផ្លរិននៅឆ្នាំ១៤៩០ នៃគ.ស.។ លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅហើយ ដោយសារចំណេះដឹងរបស់លោក។ ហើយការអធិប្បាយរបស់លោកបានធ្វើឲ្យលោកក្លាយជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងនយោបាយរបស់ទីក្រុងផ្លរិន។ ភាគច្រើនលោក សាវ៉ូណារ៉ូឡា អធិប្បាយនៅព្រះវិហារដ៏ធំក្នុងទីក្រុងផ្លរិន។ លោកបាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ដោយប្រើប្រាស់ភាសាប្រចាំថ្ងៃរបស់ពួកគេ។ លោកបានប្រើប្រាស់រូបភាពប្រៀបធៀបយ៉ាងរស់រវើក និងពាក្យពេចន៍សាមញ្ញៗចេញពីព្រះគម្ពីរ។ លោកបាននិយាយអំពីការសង្គ្រោះដោយព្រះគុណរបស់ព្រះគ្រីស្ទ ហើយក្នុងពេលជាមួយគ្នានោះលោកក៏បានរិះគន់អំពីអំពើប្រាសចាកសីលធម៌របស់អ្នកដឹកនាំក្នុងនយោបាយ និងអ្នកដឹកនាំក្នុងក្រុមជំនុំផងដែរ។
តាមរយៈការអធិប្បាយដ៏មានឥទ្ធិពលរបស់លោក រួមជាមួយនឹងព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់មួយចំនួនដែលហួសពីការគ្រប់គ្រងរបស់លោក សាវ៉ូណារ៉ូឡា—ដូចជាការវាយលុកចូលក្នុងប្រទេសអ៊ីតាលី ដោយនឹកស្មានមិនដល់ពីសំណាក់ស្តេចបារាំង ព្រមទាំងជំងឺដ៏កាចសាហាវមួយ—គឺវាបានធ្វើឲ្យឥទ្ធិពលរបស់លោកក្នុងទីក្រុងផ្លរិនកាន់តែកើនឡើងយ៉ាងឆាប់រហ័ស។ កត្តាដែលមានសារៈសំខាន់ស្មើគ្នានៃការមានសម្លេងបែបជា «ហោរា» របស់លោកប្រចាំទីក្រុងនេះ គឺការមានជំនឿយ៉ាងទូលំទូលាយ ក្នុងចំណោមប្រជាជនសាមញ្ញថា មានការផ្លាស់ប្តូរដ៏ធំ និងសំខាន់មួយពាក់ព័ន្ធនឹងទីបញ្ចប់នៃពិភពលោក ថាជិតមកដល់ក្នុងពេលឆាប់ៗនេះ—ជាពិសេសនៅពេលដែលឆ្នាំ១៥០០ នៃគ.ស. កាន់តែកៀកជិតមកដល់។
ចាប់ពីឆ្នាំ១៤៩៤ដល់ឆ្នាំ១៤៩៨ នៃគ.ស. លោក សាវ៉ូណារ៉ូឡា បានបង្កឲ្យមានការផ្លាស់ប្តូរផ្នែកនយោបាយ និងសង្គមយ៉ាងខ្លាំងក្លា។ ការអធិប្បាយរបស់លោកបានកាន់តែក្លាយទៅជាបែប «ហោរា» ខ្លាំងឡើងៗ។ លោកបានសង្កត់ធ្ងន់លើការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ហើយបានប្រាប់អ្នកនៅទីក្រុងផ្លរិនឲ្យរស់នៅក្នុងលក្ខណៈបែបជាទីក្រុងយេរូសាឡឹមថ្មី។ ការកែទម្រង់ខាងឯផ្នែកសីលធម៌របស់លោកបានបណ្តាលឲ្យមានការកែទម្រង់ផ្នែកនយោបាយ នៅពេលដែលលោកបានព្យាយាមបង្កើត «សាធារណរដ្ឋគ្រីស្ទបរិស័ទ» ដែលស្រដៀងគ្នាទៅនឹងអ្វីដែលលោក ខិលវិន (Calvin) បានធ្វើនៅពេលក្រោយមកទៀតក្នុងទីក្រុងហ្សឺណែវ (Geneva)។
នៅក្នុងកណ្តាលនៃការផ្លាស់ប្តូរទាំងនេះ លោកក៏បានរៀបចំយុវជននៃទីក្រុងផ្លរិន គឺជំរុញឲ្យមានការកែទម្រង់។ ពួកគេបានចាប់ផ្តើម «ពិធីដុតកម្ទេចរបស់របរឥតប្រយោជន៍» (Bonfires of Vanities) ជាច្រើនលើក ដើម្បីតវ៉ានឹងពិធីបុណ្យម៉ាឌីក្រា (Mardi Gras Carnival) ប្រចាំឆ្នាំ។ យុវជនទាំងនេះបានដុតវត្ថុដែលជាការល្បួង និងលើកទឹកចិត្តអ្នកដទៃឲ្យដុតរបស់របរទាំងនោះចោលផងដែរ។ របស់របរទាំងនេះរួមមានស្រោមមុខក្នុងពិធីបុណ្យ សន្លឹកបៀរ ខោអាវស្អាតៗ គ្រឿងសម្អាងការ កញ្ចក់ និងឧបករណ៍តន្ត្រីទៀតផង។ ពិធីដុតកម្ទេចរបស់របរឥតប្រយោជន៍ចុងក្រោយបានកើតឡើងនៅកណ្តាលទីក្រុងផ្លរិននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៤៩៧ នៃគ.ស.។ ព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមតែប៉ុន្មានខែមុនពេលសម្តេចប៉ាប អាឡិចសាន់ឌឺ ទី៦ (Alexander VI) កាត់ការគាត់ចេញពីក្រុមជំនុំ។
បន្ទាប់ពីគេបានកាត់ការលោក សាវ៉ូណារ៉ូឡា ចេញពីក្រុមជំនុំមក ជម្លោះរវាងលោកជាមួយនឹងសម្តេចប៉ាប អាឡិចសាន់ឌឺ ទី៦ ក៏កាន់តែអាក្រក់ទៅៗ។ សម្តេចប៉ាបបានរកឃើញសំបុត្រដែលលោក សាវ៉ូណារ៉ូឡា បានផ្ញើទៅកាន់ស្តេចនានានៃប្រទេសបារាំង ប្រទេសអង់គ្លេស ប្រទេសអេស្ប៉ាញ ប្រទេសហុងគ្រី និងអធិរាជនៃ ប្រទេសអាល្លឺម៉ង់។ នៅក្នុងសំបុត្រទាំងនេះលោក សាវ៉ូណារ៉ូឡា បានស្នើឲ្យស្តេចទាំងនោះកោះហៅក្រុមប្រឹក្សានៃក្រុមជំនុំកាតូលិក ដើម្បីដកតំណែងសម្តេចប៉ាបចេញ ដោយសារសម្តេចប៉ាបធ្វើការអាក្រក់ៗច្រើនពេក។ លោក សាវ៉ូណារ៉ូឡា មិនមានបញ្ហាជាមួយនឹងការមានតំណែងជាសម្តេចប៉ាបនោះទេ លោកគ្រាន់តែមានបញ្ហាជាមួយនឹងសម្តេចប៉ាប អាឡិចសាន់ឌឺ ទី៦ ក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ។ នេះគឺជាចំណុចខុសគ្នាពីអ្នកកំណែទម្រង់នៅពេលក្រោយៗទៀត ដែលបានរិះគន់អំពីអំណាចដ៏ខ្លាំងក្លារបស់សម្តេចប៉ាប និងបានរិះគន់លើជំនឿកាតូលិកលើច្រើនចំណុច។
ក្នុងន័យខ្លះៗលោក សាវ៉ូណារ៉ូឡា បានយល់ស្របតាមក្រុមជំនុំរ៉ូម៉ាំងកាតូលិក៖ លោកបានគាំទ្រដល់ការមានតំណែងជាសម្តេចប៉ាប ហើយជឿជាក់ថាសាវ័ក ពេត្រុស គឺជាសម្តេចប៉ាបដំបូងគេបង្អស់។ លោក សាវ៉ូណារ៉ូឡា ក៏បានលើកទឹកចិត្តឲ្យមានភក្តីភាពចំពោះនាង ម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវផងដែរ។ ហើយលោកបានជឿថា មនុស្សយើងត្រូវតែជ្រើសរើសដើរតាមព្រះជាម្ចាស់ ជាមុនសិន នោះទើបព្រះអង្គនឹងប្រទានសេចក្តីសង្គ្រោះដល់យើងបាន។
ប៉ុន្តែ នៅក្នុងន័យមួយចំនួនរបស់លោក សាវ៉ូណារ៉ូឡា បានទាយទុកជាមុនអំពីសម័យកាលកំណែទម្រង់ក្រុមជំនុំប្រូតេស្តង់ ពីព្រោះលោកមិនបានយល់ស្របតាមក្រុមជំនុំរ៉ូម៉ាំងកាតូលិកទេ៖ លោកចង់ឲ្យមានការកែទម្រង់ខាងឯផ្នែកសីលធម៌ ហើយលោកក៏បានរិះគន់ចំពោះការដែលសម្តេចប៉ាបបានធ្វើការអាក្រក់ៗ និងបានអះអាងថាព្រះបន្ទូលមានអំណាចខ្លាំងជាងអំណាចរបស់សម្តេចប៉ាប។
ចលនាកំណែទម្រង់របស់លោក សាវ៉ូណារ៉ូឡា នៅក្នុងទីក្រុងផ្លរែនមិនបាននៅស្ថិតស្ថេរយូរអង្វែងទេក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីលោកបានទទួលមរណភាព។ ទោះជាយ៉ាងណាក៏ដោយក៏ការអធិប្បាយដោយមានចិត្តឆេះឆួល និងការកែទម្រង់របស់លោកបានបង្ហាញឲ្យឃើញអំពីរបៀបដែលក្រុមជំនុំរ៉ូម៉ាំងកាតូលិកមានភាពពុករលួយ។ វាប្រៀបដូចជាការអុជឈើគូសមួយដើមយ៉ាងភ្លឺក្នុងរូងភ្នំដ៏ងងឹតមួយរំពេច។ ការប្រព្រឹត្តរបស់លោក សាវ៉ូណារ៉ូឡា បានបំផុសគំនិតលោក លូសើរ ឲ្យចាប់ផ្តើមចលនាកំណែទម្រង់ផ្ទាល់ខ្លួនរបស់គាត់២០ឆ្នាំក្រោយមក។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…

/

ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…

/

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។