Day 4 The Gentle Lutheran
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
លោកមិនមែនជាមនុស្សដែលចង់បង្កើតបដិវត្តន៍នោះទេ។ លោកគឺជាមនុស្សបែបជាអ្នកដែលនាំឲ្យមានសណ្ដាប់ធ្នាប់ដល់ភាពវឹកវរដែលបានកើតឡើងជាបន្តបន្ទាប់។ អ្នកណែនាំរបស់លោកគឺលោក ម៉ធិន លូសើរ ជាមនុស្សក្លាហាន ឆេវឆាវ និងមានឥទ្ធិពល។ ប៉ុន្តែលោក ភីលីព មេឡង់តុន (Philip Melanchthon) គឺជាមនុស្សអៀនខ្មាស និងមានការយល់ដឹងជាក់ស្ដែង ដែលអាចនាំមនុស្សឲ្យមកជួបជុំគ្នា។ លោក លូសើរ បាននិយាយអំពីខ្លួនលោកថា លោកមាន «សារធាតុដោយគ្មានពាក្យពេចន៍» ខណៈដែលសិស្សវ័យក្មេងដ៏ពូកែរបស់លោកគឺមានទាំង «សារធាតុ និងពាក្យពេចន៍»។
លោក លូសើរ មិនសូវខ្វល់ខ្វាយច្រើនអំពីភាពហ្មត់ចត់ ឬការការពារកុំឲ្យមានការយល់ច្រឡំនោះទេ ខណៈដែលលោក មេឡង់តុន ផ្ដោតលើព័ត៌មានលម្អិតតូចៗទាំងនោះវិញ។ លោក លូសើរ បានមានប្រសាសន៍ថា «ខ្ញុំប្រើលំពែង» រីឯលោក មេឡង់តុន វិញគាត់ប្រើ «ម្ជុលខ្ទាស់»។ លោក លូសើរ គឺជាអ្នកត្រួសត្រាយផ្លូវ ដែលបានកម្ចាត់ចោលនូវអបិយជំនឿជាច្រើនសតវត្សរ៍ តាមរយៈវិធីសាស្ត្រដ៏រឹងមាំ និងចំៗនៅក្នុងការកែទម្រង់សាសនា។ លោក មេឡង់តុន ក៏ដូចជាលោក ប៊ុលលីងហ្គឺរ (Bullinger) នៅទីក្រុងហ្សូរីច (Zurich) និងលោក ខិលវិន នៅទីក្រុងហ្សឺណែវដែរ គឺលោកមានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយ។ លោកបានរៀបចំផ្លូវសម្រាប់គ្រីស្ទបរិស័ទប្រូតេស្តង់សម្រាប់អ្នកជំនាន់ក្រោយៗ។
គេបានស្គាល់លោកថាជា «អ្នកកែទម្រង់ដ៏ស្ងប់ស្ងាត់» ដែលនេះស័ក្តិសមបំផុតនៅពេលចាប់គូជាមួយលោក លូសើរ ដែលជាមនុស្សមានសម្លេង និងកម្លាំងខ្លាំងៗ។ គេបានស្គាល់លោក មេឡង់តុន ថាជាមនុស្សស្ងប់ស្ងាត់ និងស្រឡាញ់សន្តិភាពដែរ ប៉ុន្តែជួនកាលលោកក៏បានបង្ហាញនូវអារម្មណ៍ឆាប់ខឹងផងដែរ។ លោកតែងតែមានការចង់ដឹងចង់ឃើញ និងមានចំណេះដឹងច្រើនលើវិស័យជាច្រើន ប៉ុន្តែលោកក៏មានអបិយជំនឿប្លែកៗច្រើនផងដែរ។ ដូចជាមនុស្សគ្រប់ៗរូបដែរ លោកក៏មានការរួមបញ្ចូលគ្នារវាងលក្ខណៈសម្បត្តិល្អ និងលក្ខណៈសម្បត្តិមិនល្អ ហើយព្រះជាម្ចាស់ក៏នៅសព្វព្រះហឫទ័យប្រើប្រាស់ចំណុចទាំងនោះ។
លោក មេឡង់តុន បានកើតក្នុងឆ្នាំ១៤៩៧ នៃគ.ស. នៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់ លោកគឺជាក្មួយប្រុសរបស់អ្នកមនុស្សជាតិនិយម (humanist) ដ៏ល្បីល្បាញម្នាក់គឺលោក យ៉ូហាន រ៉យខ្លីន (Johann Reuchlin ឆ្នាំ១៤៥៥-១៥២២)។ ដោយអនុលោមតាមទំនៀមទម្លាប់របស់អ្នកមនុស្សជាតិនិយម លោក រ៉យខ្លីន បានស្នើឲ្យយុវជន ភីលីព ប្តូរត្រកូលរបស់គាត់ពីស្វាតហ្សឺដ (Schwartzerdt) (ដែលមានន័យថា «ដីខ្មៅ») មកជាឈ្មោះក្រិកវិញគឺ មេឡង់តុន។
លោក មេឡង់តុន គឺជាបុគ្គលដែលមានទេពកោសល្យពីកំណើតតាំងពីក្មេង។ លោកបានសិក្សាផ្នែកអក្សរសាស្ត្របុរាណនៅក្នុងទីក្រុង ហាយសិលបើរហ្គ (Heidelberg) និងទីក្រុង ធូប៊ីងហ្គិន (Tubingen)។ នៅឆ្នាំ១៥១៩ ក្នុងវ័យ២២ឆ្នាំ លោកបានមកដល់ទីក្រុង វិឌតិនបើហ្គ ចំពេលដែលសម័យកំណែទម្រង់ទើបតែចាប់ផ្តើមមានសន្ទុះខ្លាំងឡើង។ ក្នុងឆ្នាំដដែលនោះ លោកបានរួមដំណើរជាមួយលោក លូសើរ (Luther) ក្នុងនាមជាអ្នកជួយទៅកាន់កិច្ចពិភាក្សាដេញដោលនៅទីក្រុង ឡៃប៍ស៊ិក (Leipzig Disputation)។ នៅត្រឹមឆ្នាំ១៥២១ លោកបានបោះពុម្ពផ្សាយសៀវភៅរបស់លោកកំណែលើកដំបូងដែលមានចំណងជើងថា «Loci Communes» (ដែលមានន័យថា «គោលគំនិតមូលដ្ឋាន»)។ គាត់បានសរសេរសៀវភៅនេះក្នុងនាមជាសេចក្តីអត្ថាធិប្បាយលើកណ្ឌគម្ពីររ៉ូម ដោយផ្អែកលើគំនិតរបស់លោក លូសើរ និងមានគោលបំណងចង់ផ្សារភ្ជាប់ទេវវិទ្យាគ្រីស្ទបរិស័ទទៅនឹងព្រះគម្ពីរ ជំនួសឲ្យគំនិតទស្សនវិជ្ជារបស់អ្នកប្រាជ្ញនាពីសម័យមជ្ឈិម (medieval scholars)។
នៅពេលដែលភ្លើងនៃកំណែទម្រង់បានឆេះយ៉ាងសន្ធោសន្ធៅ នោះលោក មេឡង់តុន បាននៅជាមួយលោក លូសើរ ក្នុងឆ្នាំ១៥២៩ នៅឯទីក្រុង ម៉ារប៊ឺក (Marburg)។ លោកក៏បានទៅជំនួសកន្លែងលោក លូសើរ នៅឆ្នាំ១៥៣០ នៅទីក្រុង អ៊ូសប៊ឺក (Augsburg) ផងដែរ។ នៅទីក្រុង អ៊ូសប៊ឺកនោះ លោកបានតំណាងឲ្យគោលលទ្ធិក្រុមលូសើរ (Lutheran Theology) ហើយក៏ថែមទាំងបានសរសេរ «សេចក្តីថ្លែងការណ៍អ៊ូសប៊ឺក» (“Augsburg Confession”) ទៀតផង។ លោក លូសើរ មិនអាចទៅចូលរួមបាន មកពីគេបានហាមមិនឲ្យគាត់ទៅចូលរួម។
លោក មេឡង់តុន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក លូសើរ ប៉ុន្តែមិនមែនថាគ្រប់សមាជិកក្នុងក្រុមលូសើរទាំងអស់សុទ្ធតែទទួលស្គាល់លោកនោះទេ។ សូម្បីតែក្នុងអំឡុងពេលដែលលោក លូសើរ នៅរស់ក៏ដោយក៏មានមនុស្សមួយចំនួនបានចោទប្រកាន់លោក មេឡង់តុន ថាជាអ្នកធ្វើឲ្យខូចជំនឿផងដែរ។ ពួកគេបាននិយាយថា លោកកំពុងផ្លាស់ប្ដូរចលនាដ៏ក្លាហានរបស់លោក លូសើរ ឲ្យទៅជាអ្វីមួយដែលមានភាពស្ងប់ស្ងាត់ជាងមុន។ ទន្ទឹមនឹងនោះដែរ មានមនុស្សជាច្រើនទៀតបានឲ្យតម្លៃខ្ពស់ចំពោះភាពហ្មត់ចត់ ភាពស្ងប់ស្ងាត់ និងជំនាញក្នុងផ្នែកទេវវិទ្យារបស់លោក មេឡង់តុន។ ពួកគេជឿថា លោកកំពុងធ្វើកិច្ចការដ៏សំខាន់ៗសម្រាប់មិត្តភក្ដិដែលឈានមុខគេរបស់លោក។
លោក មេឡង់តុន គឺជាអ្នកគិតដ៏ហ្មត់ចត់បំផុតម្នាក់ ដូច្នេះលោកមិនបានយល់ស្របជាមួយនឹងលោក លូសើរ លើគ្រប់ចំណុចទាំងអស់នោះទេ។ ប៉ុន្តែ ទោះបីជាមានភាពខុសគ្នាបានលេចឡើងក៏ដោយ ក៏លោកតែងតែចាត់ទុកខ្លួនឯងថាជាសិស្សរបស់លោក លូសើរ ជានិច្ច។ តាមរយៈការអភិវឌ្ឍគំនិតផ្នែកទេវវិទ្យារបស់ខ្លួន លោកកំពុងជួយដល់អ្នកណែនាំ ហើយមិនមែនកំពុងប្រឆាំងនឹងគាត់នោះទេ។
ចំណុចខ្វែងគំនិតគ្នាសំខាន់ៗចំនួនពីររបស់លោកជាមួយលោក លូសើរ ដែលអ្នករិះគន់មួយចំនួនតែងតែចាប់កំហុសនោះ គឺអំពីការខ្វះខាតនូវឆន្ទៈសេរី ("free will") និងពិធីលាងព្រះអម្ចាស់។ នៅដើមឆ្នាំ១៥៤០ ពោលគឺដប់ឆ្នាំបន្ទាប់ពីបានសរសេរ «សេចក្តីថ្លែងការណ៍អ៊ុកប៊ឺក» និងប្រាំមួយឆ្នាំមុនពេលលោក លូសើរ បានទទួលមរណភាព គឺលោក មេឡង់តុន បានចែករំលែកក្នុងលក្ខណៈបើកចំហនៃទស្សនៈរបស់លោកស្តីពីពិធីលាងព្រះអម្ចាស់ នៅក្នុងកំណែថ្មីនៃសេចក្តីថ្លែងការណ៍នោះ។ ក្រុមអ្នកប្រឆាំងបានចោទប្រកាន់លោកថា លោកបានលួចគាំទ្រគំនិតរបស់ពួកអ្នកខិលវិននិយមអំពីពិធីលាងព្រះអម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ ចំពោះចំណុចខ្វែងគំនិតគ្នាសំខាន់មួយទៀត គឺលោក មេឡង់តុន បានបង្ហាញការមិនយល់ស្របយ៉ាងច្បាស់ចំពោះទស្សនៈរបស់ពួកអ្នកខិលវិននិយម។ លោក មេឡង់តុន បានបដិសេធគំនិតនៃការតម្រូវទុកជាមុនពីរដង។ ទស្សនៈនេះជាជំនឿថាព្រះជាម្ចាស់បានកំណត់ទុកជាមុនថា «តើនរណានឹងទទួលបានការសង្គ្រោះ? ហើយនរណាដែលនឹងត្រូវកាត់ទោសដាក់នរក?»។ លោកបានគិតថា ជំនឿនេះគឺជាចំណុចចាំបាច់ដែលកើតចេញពីទស្សនៈរបស់លោក លូសើរ អំពីឆន្ទៈសេរី ហើយលោកបានសង្ស័យថា អ្នកគាំទ្រមួយចំនួនលើសេចក្តីបង្រៀនរបស់លោក លូសើរ កំពុងដើរហួសឆ្ងាយពេកក្នុងជំនឿរបស់ពួកគេលើបញ្ហានោះ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ សូម្បីតែបន្ទាប់ពីលោក មេឡង់តុន បានទទួលមរណភាពនៅទីក្រុងវិឌតិនបើហ្គ នៅឆ្នាំ១៥៦០ នៃគ.ស. ក៏ដោយក៏នៅទីបំផុត «អ្នកកែទម្រង់ដ៏ស្ងប់ស្ងាត់» ម្នាក់នេះបានឈ្នះនូវចំណុចខ្វែងគំនិតដ៏សំខាន់មួយ ប៉ុន្តែបានចាញ់មួយវិញដែរ។ ជាមួយនឹងចំណុចនៃការព្រមព្រៀងគ្នា (Formula of Concord) និពន្ធឡើងនៅឆ្នាំ១៥៧៧ នៃគ.ស. និងសៀវភៅនៃការព្រមព្រៀងគ្នា (Book of Concord) និពន្ធឡើងនៅឆ្នាំ១៥៨០ នៃគ.ស. «គោលលទ្ធិរបស់ពួកលូទែរនិយមបានលេចឡើងដោយបង្ហាញអំពីការមិនសូវឲ្យតម្លៃលើគោលលទ្ធិនៃការតម្រូវទុកជាមុន (ដែលស្របទៅនឹងទស្សនៈរបស់លោក មេឡង់តុន) ទោះបីជាមានការបញ្ជាក់អះអាងអំពីការមានវត្តមានពិតៗនៅក្នុងពិធីលាងព្រះអម្ចាស់ក៏ដោយ (ដែលផ្ទុយពីទស្សនៈរបស់លោក មេឡង់តុន ដកស្រង់ចេញពី (The Reformation, ទំព័រ៣៥៣) ពីទស្សនៈរបស់អ្នកកែទម្រង់ ជម្រើសទាំងពីរនេះគឺខុស ហើយជម្រើសទាំងនោះពន្យល់ពីភាពខុសគ្នា ដែលជាគន្លឹះនៃការយល់អំពីពួកលូទែរនិយមនាពេលបច្ចុប្បន្ននេះ។ យើងគិតថា សៀវភៅនៃកិច្ចព្រមព្រៀងទាំងពីរក្បាលនេះនឹងកាន់តែប្រសើរឡើង ប្រសិនបើក្រុមប្រឹក្សាបានទទួលយកទស្សនៈរបស់លោក មេឡង់តុន លើពិធីលាងព្រះអម្ចាស់ ហើយទទួលយកគំនិតរបស់លោក លូសើរ អំពីឆន្ទៈ។
នៅទីបញ្ចប់ លោក មេឡង់តុន បានក្លាយជាអ្នកដឹកនាំផ្នែកបញ្ញាញាណនៃពួកលូទែរនិយម។ លោកគឺជាទេវវិទូដែលរៀបចំសេចក្តីបង្រៀនព្រះគម្ពីរក្នុងលក្ខណៈជាទេវិទ្យាតាមលំដាប់លំដោយ (“Systematic Theology”) មុនគេបង្អស់នៃសម័យកំណែទម្រង់។ លោកក៏ជាបុគ្គលដ៏សំខាន់បំផុតម្នាក់ក្នុងចំណោមបុគ្គលសំខាន់ៗដទៃទៀតផងដែរ។ លោកបានបង្កើតប្រព័ន្ធអប់រំដែលបានជួយឲ្យក្រុមលូសើរនិយមអាចនៅស្ថិតស្ថេរបាន មិនត្រឹមតែក្នុងអំឡុងពេលដែលមិនមានស្ថិរភាពក្នុងសម័យកាលរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងសម័យកាលដែលមានភាពវឹកវររឹតតែខ្លាំងដែលអាចនឹងកើតឡើងជាបន្តបន្ទាប់ទៀតផង។ ព្រះជាម្ចាស់បានប្រើ ប្រាស់នូវជំនាញ លក្ខណៈពិសេសៗផ្ទាល់ខ្លួន និងសូម្បីតែភាពមិនស៊ីសង្វាក់គ្នារបស់លោក មេឡង់តុន យ៉ាងល្អប្រសើរ ដើម្បីពង្រឹងទេវវិទ្យានៃសម័យកំណែទម្រង់ឲ្យក្លាយជាកម្លាំងដែលផ្លាស់ប្តូរពិភពលោក។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។