Day 5 The Bride of the Reformation
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅឆ្នាំ១៥០៤ នៃគ.ស. អ្នកស្រី វីប្រានឌីស រ៉ូសិនប្លាត (Wibrandis Rosenblatt) បានកើតនៅទីក្រុងហ្សេឃីងហ្គេន (Säckingen) ប្រទេសអាល្លឺម៉ង់។ ក្នុងរយៈពេល៦០ឆ្នាំបន្ទាប់មក អ្នកស្រីបានរៀបការចំនួនបួនដង ហើយស្វាមីរបស់អ្នកស្រីគ្រប់ៗរូបសុទ្ធតែបានទទួលមរណភាពទាំងអស់។ រឿងនេះបានធ្វើឲ្យអ្នកនិពន្ធម្នាក់ហៅអ្នកស្រីថា «ស្ត្រីនៃកំណែទម្រង់» (រេហ្វ័រម៉ាស្យូនហ្វ្រូ "Reformationfrau") ដែលមានន័យថា «កូនក្រមុំនៃអ្នកកំណែទម្រង់»។
ការរៀបអាពាហ៍ពិពាហ៍របស់អ្នកស្រីជាមួយលោក ឡាក់វីក ខេល័រ នៅឆ្នាំ១៥២៤ នៃគ.ស. មានរយៈពេលខ្លីណាស់។ នៅខែកក្កដា ឆ្នាំ១៥២៦ នៃគ.ស. អ្នកស្រី វីប្រានឌីស ដែលមានអាយុ២២ឆ្នាំបានក្លាយជាស្ត្រីមេម៉ាយ។ អ្នកស្រីមានកូនស្រីម្នាក់ដែលមានឈ្មោះថា វីប្រានឌីស ដូចអ្នកស្រីដែរ។
ក្នុងចំណោមអ្នកដឹកនាំនៅសម័យកំណែទម្រង់ ការរៀបអាពាហ៍ពិពាហ៍ក្នុងចំណោមបព្វជិតបានក្លាយជា «របៀបថ្មីមួយក្នុងការបម្រើសហគមន៍របស់ព្រះយេស៊ូវគ្រីស្ទ»។ លោក យ៉ូហាន អូកូឡាំប៉ាឌីស (Johannes Oecolampadius) បានតវ៉ាជាសាធារណៈចំពោះសិទ្ធិរបស់គ្រូគង្វាលក្នុងការរៀបការ ទោះបីជាលោកផ្ទាល់នៅលីវនៅឡើយក៏ដោយ (ដកស្រង់ចេញពី Frau Wibrandis, ទំព័រ១៥)។ លោក វ៉ូហ្វហ្គាំង កាពីតូ (Wolfgang Capito) មិត្តភក្ដិរបស់លោក អូកូឡាំប៉ាឌីស គាត់បានសរសេរសំបុត្រទៅកាន់លោកថា «ប្រសិនបើមានគេណែនាំនរណាម្នាក់ដែលសមរម្យដល់លោក ខ្ញុំគិតថាលោកមិនគួរបដិសេធឡើយ។ ការមានដៃគូដែលមានចិត្តឆេះឆួលដូចគ្នានឹងក្លាយជាការថ្វាយកិត្តិយសដល់ព្រះអម្ចាស់»។
ច្បាស់ជាមាននរណាម្នាក់បានណែនាំអ្នកស្រី វីប្រានឌីស ទៅលោក អូកូឡាំប៉ាឌីស។ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៥២៨ នៃគ.ស. អ្នកស្រី និងលោក អូកូឡាំប៉ាឌីស បានរៀបការជាមួយគ្នា។ មនុស្សមួយចំនួនបានកត់សម្គាល់ពីភាពខុសគ្នានៃអាយុរបស់ពួកគេគឺ—៤៥ឆ្នាំ និង២៤ឆ្នាំ—ប៉ុន្តែមិត្តភក្ដិភាគច្រើនមានសេចក្តីត្រេកអរសម្រាប់ពួកគេ។ លោកបានសរសេរនៅក្នុងសំបុត្រមួយថា «ព្រះជាម្ចាស់បានប្រទានប្អូនស្រី និងភរិយាម្នាក់មកដល់ខ្ញុំ...គឺជាស្ត្រីមេម៉ាយម្នាក់ដែលបានផ្ទុកបន្ទុកសម្រាប់ព្រះគ្រីស្ទជាច្រើនឆ្នាំមកហើយ។ ខ្ញុំប្រាថ្នាចង់ឲ្យគាត់មានអាយុច្រើនជាងនេះបន្តិច ប៉ុន្តែខ្ញុំក៏មិនឃើញមានសញ្ញានៃភាពល្ងង់ខ្លៅបែបយុវវ័យណាមួយមាននៅក្នុងខ្លួនគាត់ឡើយ។ ខ្ញុំសូមអធិស្ឋានឲ្យព្រះជាម្ចាស់ប្រទានឲ្យយើងមានអាពាហ៍ពិពាហ៍ដ៏យូរអង្វែង និងប្រកបដោយសុភមង្គល» (ដកស្រង់ចេញពី Women of the Reformation, ទំព័រ៨២)។
នៅសម័យកាលនោះ គ្រូគង្វាលមិនអាចរៀបការអស់រយៈពេលរាប់រយឆ្នាំមកហើយ។ អ្នកស្រី វីប្រានឌីស និងភរិយារបស់អ្នកកំណែទម្រង់ផ្សេងទៀតក្នុងសតវត្សរ៍ទី១៦បានក្លាយជាមិត្តភក្ដិនឹងគ្នាតាមរយៈការផ្ញើសំបុត្រ។ ពួកគាត់បានស្វែងយល់ និងបង្កើតតួនាទីថ្មីសម្រាប់ខ្លួន នៅក្នុងអំឡុងពេលដែលពួកគាត់កំពុងរស់នៅក្នុងជីវិតនោះ។
មិនយូរប៉ុន្មាន ពួកគាត់មានកូន៣នាក់បន្ថែមទៀតនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់។ កូនៗទាំងនោះមានឈ្មោះថា អឺសេប៊ីយូស (Eusebius) អាឡេធា (Aletheia) និង អ៊ីរ៉ែន (Irene)។ បន្ទាប់មក លោក អូកូឡាំប៉ាឌីស បានទទួលមរណភាពក្នុងខែវិច្ឆិកា ឆ្នាំ១៥៣១ នៃគ.ស. ដោយសារមានមេរោគចូលក្នុងឈាម ដែលបណ្តាលមកពីការឆ្លង។ នៅក្នុងខែដដែលនោះ ភរិយារបស់លោក កាពីតូ ឈ្មោះអ្នកស្រី អានីស (Agnes) ក៏បានទទួលមរណភាពដែរ។
លោក ម៉ធិន ប៊ូសឺ (Martin Bucer) ជាអ្នកចូលចិត្តរៀបចំការទុកដាក់គេឲ្យមានគូស្រករ។ «ខ្ញុំបានជ្រើសរើសស្ត្រីមេម៉ាយដែលធ្លាប់ជាភរិយារបស់លោក អូកូឡាំប៉ាឌីស ជូនលោក កាពីតូ។ លោក កាពីតូ បានប្រាប់ខ្ញុំថា គាត់មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង នៅពេលគាត់ឃើញអ្នកស្រី វីប្រានឌីស (ដែលឥឡូវជាស្ត្រីមេម៉ាយ) និងកូនៗរបស់គាត់ដែលបានបាត់បង់ឪពុក» (ដកស្រង់ចេញពី Women of the Reformation, ទំព័រ៨៥)។1 អ្នកស្រី វីប្រានឌីស និងលោក កាពីតូ បានរៀបការជាមួយគ្នានៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៥៣២ នៃគ.ស.។
លោក កាពីតូ គឺជាគ្រូគង្វាលនៃក្រុមជំនុំ សេន ភីធ័រ ថ្មី (New St. Peter’s Church) ក្នុងទីក្រុងស្ត្រាសប៊ឺក (Strasbourg)។ ក្រុមគ្រួសាររបស់ពួកគាត់រួមមានម្តាយរបស់អ្នកស្រី វីប្រានឌីស និងកូនបួននាក់ទៀតពីអាពាហ៍ពិពាហ៍មុនៗរបស់អ្នកស្រី។ ពួកគាត់មានកូនប្រាំនាក់បន្ថែមទៀត គឺឈ្មោះ៖ អានីស (Agnes) ដូរ៉ូធា (Dorothea) អ៊ីរ៉ែន (Irene) (ដាក់ឈ្មោះតាម អ៊ីរ៉ែន អូកូឡាំប៉ាឌីស [Irene Oecolampadius] ដែលបានទទួលមរណភាព) ចន ស៊ីម៉ូន (John Simon) និង វ៉ូហ្វហ្គាំង (Wolfgang)។
«ដោយសារគាត់បានជួយកាត់បន្ថយចំណុចខ្សោយៗរបស់ស្វាមី គ្រប់គ្រងថវិកា និងថែរក្សាផ្ទះសម្បែងឲ្យមានសេចក្តីសុខ ដូច្នេះសមិទ្ធផលរបស់គាត់គឺជាផ្នែកមួយនៃរឿងរ៉ាវនៃវីរភាពដែលគេមិនដឹងផងដែរ» (ដកស្រង់ចេញពី Women of the Reformation, ទំព័រ៨៧)។ ប៉ុន្តែ នៅក្នុងឆ្នាំ១៥៤០ នៃគ.ស. គ្រោះកាចដ៏ចង្រៃមួយបានសម្លាប់កូនៗបីនាក់របស់ពួកគាត់គឺ អឺសេប៊ីយូស (Eusebius) ដូរ៉ូធា (Dorothea) និងវ៉ូហ្វហ្គាំង (Wolfgang) ព្រមទាំងលោក កាពីតូ (Capito) ផ្ទាល់ផងដែរ។
ដំណឹងនៃការទទួលមរណភាពរបស់លោក កាពីតូ បានទៅដល់គ្រួសារលោក ប៊ូសឺ នៅពេលដែលអ្នកស្រី អេលីសាប៊ែត ប៊ូសឺ (Elisabeth Bucer) កំពុងមានជំងឺជាទម្ងន់ និងជិតស្លាប់។ អ្នកស្រី អេលីសាប៊ែត បានស្នើសុំឲ្យស្វាមីរបស់គាត់ និងអ្នកស្រី វីប្រានឌីស រៀបការជាមួយគ្នា បន្ទាប់ពីគាត់បានស្លាប់ទៅ ហើយពួកគាត់ក៏បានរៀបការមែននៅក្នុងខែមេសា ឆ្នាំ១៥៤២ នៃគ.ស.។
លោក ប៊ូសឺ បានសរសេរថា៖ «គ្មានអ្វីដែលខ្ញុំចង់បានពីភរិយាថ្មីរបស់ខ្ញុំឡើយ ក្រៅតែពីការដែលគាត់យកចិត្តទុកដាក់ និងមើលថែទាំខ្ញុំច្រើនពេក។ គាត់មិនសូវចូលចិត្តរិះគន់ដូចភរិយាទីមួយរបស់ខ្ញុំនោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំអាចមានចិត្តសប្បុរសចំពោះភរិយាថ្មីរបស់ខ្ញុំ ដូចដែលគាត់មានចំពោះខ្ញុំដែរ។ ប៉ុន្តែ ឱ! ពិតជាឈឺចាប់ណាស់ សម្រាប់អ្នកដែលខ្ញុំបានបាត់បង់» (ដកស្រង់ចេញពី Women of the Reformation, ទំព័រ៨៧-៨៨)។
គេអាចស្រមៃបាននូវទុក្ខសោកស្រដៀងគ្នារបស់អ្នកស្រី វីប្រានឌីស សម្រាប់ស្វាមីទាំងបីនាក់របស់គាត់។ នេះគឺជាលើកទីបួនដែលអ្នកស្រីបានសម្របខ្លួនជាមួយស្វាមីថ្មី។ គាត់បានរៀនអំពីរបៀបដែលពួកគាត់នឹងស្រឡាញ់ និងគាំទ្រគ្នាទៅវិញទៅមក ទៅតាមតម្រូវការជាក់លាក់ ការងារ និងចំណង់ចំណូលចិត្តរៀងៗខ្លួន។
ដល់ឆ្នាំ១៥៤៨ នៃគ.ស. ច្បាប់ថ្មីៗបានតម្រូវឲ្យក្រុមជំនុំប្រូតេស្តង់គោរពតាមលក្ខខណ្ឌនានាដែលធ្វើឲ្យលោក ប៊ូសឺ មិនអាចគាំទ្របាន។ លោកបានភៀសខ្លួនទៅកាន់ប្រទេសអង់គ្លេស ហើយបានបង្រៀននៅសាកលវិទ្យាល័យ ខេមប្រីជ (Cambridge)។ នៅទីនោះ លោកក៏បានជួយបកប្រែព្រះគម្ពីរ និងបានធ្វើការលើរចនាសម្ព័ន្ធនៃកម្មវិធីថ្វាយបង្គំផងដែរ។ បន្ទាប់ពីរយៈពេលត្រឹមតែមួយឆ្នាំ លោកបានរងទុក្ខវេទនាដោយសារបញ្ហាសុខភាពជាច្រើន ក្នុងអំឡុងរដូវរងាដែលត្រជាក់ និងសើមខ្លាំង។ លោកបានជំរុញឲ្យអ្នកស្រី វីប្រានឌីស មកទីនោះដែរ។ គាត់បានទៅ ហើយក៏បាននាំក្រុមគ្រួសារមកជាមួយផងដែរ។
ក្នុងអំឡុងពេលចុងក្រោយនៃជីវិតរបស់លោក ប៊ូសឺ អ្នកស្រី វីប្រានឌីស បានមើលថែទាំលោកស្ទើរតែគ្រប់ពេលវេលា។ គាត់ក៏បានធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ធ្វើ ដើម្បីមើលថែទាំសមាជិកគ្រួសារដែលនៅរស់ ដែលរួមមានកូនៗ និងម្តាយរបស់គាត់ផងដែរ។ បន្ទាប់ពីស្វាមីគាត់ទទួលមរណភាពនៅក្នុងខែកុម្ភៈ ឆ្នាំ១៥៥១ នៃគ.ស. អ្នកស្រី វីប្រានឌីស បានសរសេរសំបុត្រជាច្រើន ដើម្បីចាត់ចែងកិច្ចការហិរញ្ញវត្ថុ និងនាំក្រុមគ្រួសារត្រឡប់ទៅទីក្រុងស្ត្រាសប៊ឺកវិញ។ សំបុត្រខ្លះគាត់បានសរសេរជាភាសាអាល្លឺម៉ង់ ហើយសំបុត្រខ្លះទៀតជាភាសាឡាតាំង ដែលបង្ហាញពីជំនាញរបស់គាត់លើការប្រើប្រាស់ពាក្យពេចន៍ និងភាសា។
ដើម្បីកុំឲ្យយើងគិតថា អ្នកស្រីគឺជាស្ត្រីដែលនៅស្ងៀមតាមតែគេឯង ដែលទទួលរងឥទ្ធិពលពីកាលៈទេសៈ និងការសម្រេចចិត្តរបស់បុរសខ្លាំងៗនោះ ខាងក្រោមនេះគឺជាពាក្យពេចន៍ដ៏ម៉ឺងម៉ាត់របស់អ្នកស្រីទៅកាន់កូនប្រុសរបស់គាត់គឺលោក ស៊ីម៉ូន ចន កាពីតូ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យឆ្ងាយពីផ្ទះ៖
«ម៉ែមិនបានទទួលដំណឹងពីកូនមួយរយៈហើយ ប៉ុន្តែម៉ែដឹងថា ប្រសិនបើម៉ែបានទទួលដំណឹងនោះ វាក៏មិនមែនជាដំណឹងដែលគួរឲ្យកក់ក្តៅចិត្តដែរ។ ប្រសិនបើម៉ែអាចរស់នៅរហូតដល់ថ្ងៃដែលម៉ែបានទទួលដំណឹងល្អពីកូន នោះម៉ែនឹងសប្បាយចិត្តពេលស្លាប់ទៅ។ ប្រសិនបើកូនដើរតាមគន្លងរបស់ឪពុកកូន នោះលោកយាយ បងប្អូនស្រីៗ និងបងប្អូនសាច់ថ្លៃនឹងលះបង់ជីវិតរបស់ខ្លួនសម្រាប់កូនជាមិនខាន។ ប្រសិនបើកូនប្រព្រឹត្តឲ្យបានសមរម្យ ចូរត្រឡប់មកផ្ទះវិញចុះ។ តែប្រសិនបើកូនមិនធ្វើតាមទេ នោះចូរធ្វើតាមអ្វីដែលកូនប្រាថ្នាចុះ។ ម៉ែរំពឹងថាឆ្នាំនេះជាឆ្នាំដ៏ល្អសម្រាប់កូន។ ពីម្តាយដ៏ស្មោះត្រង់របស់កូន» (ដកស្រង់ចេញពី Women of the Reformation, ទំព័រ៩៣-៩៤)។
នៅឆ្នាំ១៥៦៤ នៃគ.ស. ទីក្រុងបាហ្សល (Basel) មានមនុស្ស ៧.០០០ នាក់បានបាត់បង់ជីវិតដោយសារគ្រោះកាចដ៏ចង្រៃ ដែលក្នុងនោះរួមមានទាំងអ្នកស្រី វីប្រានឌីស រ៉ូសិនប្លាត ផងដែរ។ គេបានបញ្ចុះសពរបស់អ្នកស្រីនៅក្បែរលោក អូកូឡាំប៉ាឌីស។
សព្វថ្ងៃនេះ នៅទីក្រុង បាដ សេកឃីងជិន (Bad Säckingen) ដែលជាស្រុកកំណើតរបស់គាត់ មានផ្លូវមួយឈ្មោះថា វីប្រានឌីស-រ៉ូសេនប្លាត-វ៉េក (Wibrandis-Rosenblatt-Weg)។ វាគឺជាផ្លូវខ្លីមួយដែលនាំទៅកាន់ច្រាំងទន្លេ រ៉ាំង (Rhine)។ នៅក្បែរផ្លូវនោះ មានប៉មស្រួចដ៏ខ្ពស់មួយនៃព្រះវិហារ អ៊ីវ៉ាន់ជេលីស្ឆឺ ឃៀរឆេនហ្គេម៉ាញឌឺ (Evangelische Kirchengemeinde) ដែលជាព្រះវិហាររបស់គ្រីស្ទបរិស័ទប្រូតេស្តង់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

/

ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។