in

ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់? ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី២

ព្រះ​គម្ពីរ​បាន​ធ្វើ​បន្ទាល់​ថា លោក​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន។ និយាយ​ម្យ៉ាង​ទៀត ព្រះ​បន្ទូល​មាន​ភាព​ច្បាស់​លាស់ ភាព​ប្រចក្ស​ច្បាស់ ភាព​ងាយ​យល់ និង​ការ​អាច​យល់​បាន។ ការ​មាន​ជំនឿ​ជាក់​លើ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​នេះ គឺ​ចាំ​បាច់​ណាស់​សម្រាប់​ជីវិត​គ្រីស្ទ​បរិស័ទ ហើយ​ការ​មាន​ជំនឿ​ជាក់​នេះ​គឺ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​ក្រុម​ជំនុំ​មាន​ជាប់​តាំង​ពី​រហូត​មក​ក្នុង​ប្រវត្តិសាស្ត្រ។

ប៉ុន្តែ គោល​លទ្ធិ​ណា​ក៏​ដោយ​អំពី​ព្រះ​គម្ពីរ​គឺ​ត្រូវ​តែ​តាម​ស្វែង​យល់​ឲ្យ​ដល់​ប្រភព នៅ​ក្នុង​គោល​លទ្ធិ​អំពី​ព្រះ​ជាម្ចាស់។ ព្រះ​បន្ទូល​របស់​ព្រះ គឺ​ជា​ផ្នែក​មួយ​ដែល​ដូច​ជា​ព្រះ​ដែរ។ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​តាម​របៀប​ដែល​លោក​អ្នក​ធ្វើ? ដោយ​ព្រោះ​តែ​នោះ​គឺ​ជា​លក្ខណៈ​របស់​លោក​អ្នក។ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​តាម​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត? ដោយ​ព្រោះ​តែ​នោះ​គឺ​ជា​លក្ខណៈ​របស់​ព្រះ​អង្គ។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​យើង​ទទួល​ស្គាល់ ឬ​បដិសេធ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ នោះ​យើង​ត្រូវ​តែ​និយាយ​អ្វី​មួយ​អំពី​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់​ដែរ។

ដូច្នេះ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ? តើ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​ជាម្ចាស់? សម្រាប់​ចម្លើយ​នោះ យើង​ត្រូវ​ត្រឡប់​ទៅ​ចំណុច​ចាប់​ផ្ដើម​វិញ។

បង្កើត​មក ដើម្បី​មាន​ទំនាក់ទំនង
នៅ​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​បង្កើត​មនុស្ស​ជាតិ យើង​អាច​មើល​ឃើញ​នូវ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​បាន។ ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នៃ​ការ​បង្កើត​ថា៖ «ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង» (លោកុប្បត្ដិ ១:២៦)។ តើ​ព្រះ​ជាម្ចាស់​កំពុង​មាន​បន្ទូល​ទៅ​កាន់​អ្នក​ណា? មិន​មែន​ទៅ​កាន់​សត្វ​លើ​ដី​គោក ឬ​សត្វ​ក្នុង​ទឹក​នោះ​ទេ។ ព្រះ​អង្គ​មាន​បន្ទូល​ថា «យើង»។ បើ​យោង​តាម​អត្ថបទ​នោះ អង្គ​បុគ្គល​នៃ​ព្រះ​ត្រៃ​ឯក—ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ—បាន​ចូល​រួម​ក្នុង​ការ​ពិភាក្សា​ដោយ​មាន​ការ​ពិចារណា​យ៉ាង​យក​ព្រះ​ទ័យ​ទុក​ដាក់ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​បង្កើត​មនុស្ស​ដំបូង។ ហើយ​ការ​សម្រេច​ព្រះ​ទ័យ​របស់​ព្រះ​ត្រៃ​ឯក គឺ​បង្កើត​មនុស្ស «ឲ្យ​មាន​ភាព​ដូច​យើង»។ មិន​មែន​ដូច​សត្វ​លើ​ដី​គោក និង​សត្វ​ក្នុង​ទឹក​នោះ​ទេ មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​មក​តាម​រូប​អង្គ​របស់​ព្រះ​ជាម្ចាស់។

ខណៈ​ដែល​មាន​ការ​ជជែក​វែកញែក​ជា​ច្រើន​អំពី​សំណួរ​ថា តើ​ព្រះ​ជាម្ចាស់​បាន​រួម​បញ្ចូល​អ្វី​ខ្លះ​ឲ្យ​ប្រាកដ​ទៅ​នៅ​ក្នុង​ភាព «ដូច​ជា​រូប​យើង» របស់​មនុស្ស​ជាតិ? មាន​ភាព​ស្រប​គ្នា​មួយ​យ៉ាង​ច្បាស់​ណាស់​ថា៖ ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​ព្រះ​អង្គ ដើម្បី​ឲ្យ​អាច​មាន​ទំនាក់​ទំនង​បាន។ ក្នុង​នាម​ជា​ព្រះ​ត្រៃ​ឯក ព្រះ​ជាម្ចាស់​ជា​ព្រះ​ដែល​ប្រាស្រ័យ​ទាក់ទង។ ព្រះ​វរបិតា​បង្ហាញ​រូប​អង្គ​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​ក្នុង​ព្រះ​រាជ​បុត្រា (ហេព្រើរ ១:៣)។ ព្រះ​រាជ​បុត្រា​ថ្វាយ​សិរីល្អ​ប្រកប​ដោយ​អំណរ​ក្នុង​ព្រះ​វរបិតា​អស់​កល្ប​ជានិច្ច (យ៉ូហាន ១៧:៥) ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ពី​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​មក​អស់​កល្ប​ជានិច្ច (យ៉ូហាន ១៥:២៦)។ ព្រះ​ជាម្ចាស់​ជា​ព្រះ​ដែល​មាន​ប្រាស្រ័យ​ទាក់​ទង ហើយ​មនុស្ស​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក​ក្នុង​រូប​អង្គ​របស់​ព្រះ​អង្គ​ក៏​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដែរ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២:១៦-១៧ យើង​ឃើញ​មាន​ទំនាក់​ទំនង​ដែល​បាន​កត់​ត្រា​ជា​លើក​ដំបូង​រវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស។ តែ​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ បន្ទាប់​ពី​ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក អ័ដាម ចេញ​ពី​ធូលី​ដី (ប៉ុន្តែ មុន​ពេល​ដែល​ព្រះ​អង្គ​បាន​បង្កើត​នាង អេវ៉ា ពី​ឆ្អឹង​ជំនីរ​របស់​លោក អ័ដាម) នោះ​ព្រះ​ជាម្ចាស់​មាន​បន្ទូល​ទៅ​កាន់​លោក អ័ដាម ដោយ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា៖ «ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ ព្រះ​ជាម្ចាស់​មិន​ត្រឹម​តែ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​ចំណោម​ព្រះ​អង្គ​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៅ​កាន់​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្កើត​ផង​ដែរ។ ហើយ​នៅ​ក្នុង​ប្រយោគ​ដំបូង​នេះ​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស សូម​កត់​សម្គាល់​ថា ព្រះ​ជាម្ចាស់​រំពឹង​ឲ្យ​លោក អ័ដាម អាច​យល់​បាន។ ជីវិត​របស់​លោក អ័ដាម អាស្រ័យ​លើ​ការ​យល់​នោះ! នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​ទាំង​ការ​ស្តាប់ ការ​យល់​ដឹង និង​សូម្បី​តែ​ការ​អាច​និយាយ​ដោយ​ប្រើ​ភាសា​បាន​ផង​ដែរ (លោកុប្បត្ដិ ២:២៣)។

ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រទាន​ភាសា​ដល់​ពួក​គេ​ដែរ។ ភាសា​របស់​មនុស្ស​គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ​ជាម្ចាស់។ ពាក្យ និង​ប្រយោគ​មិន​មែន​ជា​ឧបករណ៍​ដែល​ពូជ​សត្វ​ស្វា​ម្យ៉ាង (homo sapiens) វិវត្តន៍ ឬ​អភិវឌ្ឍ​វា​បន្តិច​ម្ដងៗ​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​នោះ​ទេ។ នៅ​ថ្ងៃ​កំណើត​របស់​មនុស្ស​ជាតិ យើង​អាច​ស្តាប់​បាន យើង​អាច​និយាយ​បាន ហើយ​យើង​ក៏​អាច​យល់​បាន​ផង​ដែរ។ ភាសា​គឺ​ជា​ឧបករណ៍​ទំនាក់​ទំនង​មួយ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​កាន់​យើង ដើម្បី​ឲ្យ​យើង​អាច​ទូល​ទៅ​កាន់​ព្រះ​អង្គ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​យើង​ត្រូវ​បាន​បង្កើត​ឡើង​មក​តាម​រូប​អង្គ​របស់​ព្រះ​អង្គ។

ល្អ និង​ច្បាស់លាស់
ដូច​ជា​អ្វី​ផ្សេង​ទៀត​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ភាសា​គឺ​ជា​អំណោយ​ដ៏​ល្អ​មួយ ពីព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​មក​ដោយ​ព្រះ​អាទិករ​ដ៏​ល្អ។ បន្ទាប់​ពី​ទ្រង់​បាន​បង្កើត​ផែនដី និង​សមុទ្រ​រួច​ហើយ «នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ» (១:១០)។ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​បង្កើត​រុក្ខ​ជាតិ​រួច​ហើយ «ទ្រង់​ឃើញ​ថា​ល្អ» (១:១២)។ ព្រះ​ជាម្ចាស់​បាន​បង្កើត​ព្រះ​អាទិត្យ ព្រះ​ចន្ទ និង​ផ្កាយ (១:១៨) សត្វ​ស្លាប និង​ត្រី (១:២១) និង​សត្វ​នៅ​លើ​ដី (១:២៥) ហើយ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ» (១:៣១) ។ ភាសា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​នោះ​ក៏​ល្អ​ផង​ដែរ។ សម្រាប់​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត ពាក្យ​ថា «ល្អ» មាន​ន័យ​ថា វា​ដំណើរ​ការ​តាម​របៀប​របស់​វា និង​តាម​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​រចនា​វា​ឡើង ដើម្បី​ឲ្យ​ដំណើរ​ការ។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នៃ​ការ​បង្កើត អ្វី​គ្រប់​យ៉ាង​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត (រួម​ទាំង​ភាសា​ផង) គឺ​ល្អ—វា​មាន​ដំណើរ​ការ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​បាន​លើក​តម្កើង​ព្រះ​អង្គ តាម​របៀប​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ។ ការ​បង្កើត​របស់​ព្រះ​ជាម្ចាស់​ល្អ ដោយ​ព្រោះ​ព្រះ​អង្គ​ល្អ (ទំនុកតម្កើង ២៥:៨, ៣៤:៨, ១១៩:៦៨) ហើយ​ការ​បង្កើត​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ភាសា​ផង​ដែរ។

ដូច្នេះ តើ​វា​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​ភាសា ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​ល្អ ឬ​ដើម្បី​អាច​ថា «ល្អ» បាន? តើ​ព្រះ​ជាម្ចាស់​បាន​បង្កើត​វា​សម្រាប់​អ្វី? ពិត​ប្រាកដ​ណាស់​គឺ ដើម្បី​ប្រាស្រ័យ​ទាក់​ទង​គ្នា! ដើម្បី​ទទួល​យក​គំនិត​មួយ​ចេញ​ពី​គំនិត​មួយ​ទៀត​របស់​មនុស្ស​ម្នាក់ ហើយ​បញ្ចូល​វា​ទៅ​ក្នុង​គំនិត​របស់​មនុស្ស​ម្នាក់​ទៀត ឲ្យ​បាន​សម​ស្រប។ ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​ពាក្យ​ទាំង​ឡាយ​មក ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​សព្វ​គ្រប់​បែប​យ៉ាង​ពី​ស្ថាន​សួគ៌​មក​ផែនដី​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​បាន​ប្រទាន​វា​មក ដើម្បី​ឲ្យ​លោក អ័ដាម ដឹង​ថា គាត់​អាច​បរិភោគ​ពី​គ្រប់​ដើម​ឈើ​បាន លើក​លែង​តែ​មួយ​ដើម​នោះ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​វា​មក ដើម្បី​ព្រមាន ត្រួស​ត្រាយ កម្សាន្ត​ចិត្ត ណែនាំ បំភ្លឺ លូត​លាស់ និង​បើក​សម្ដែង។ កិរិយាសព្ទ នាម ឃ្លា និង​កម្មបទ​ផ្ទាល់​គឺ​ជា​អំណោយ​ខាង​វេយ្យាករណ៍​ដ៏​ល្អ​ពី​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​ពាក្យ​ទាំង​នេះ​ផ្ទេរ​គំនិត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

សូម​គិត​តាម​របៀប​នេះ៖ ប្រសិន​បើ​ទូរស័ព្ទ​មួយ​គ្រឿង​បាន​ដំណើរ​ការ​ល្អ នោះ​លោក​អ្នក​អាច​និយាយ​គ្នា និង​ស្តាប់​គ្នា​ជា​មួយ​នឹង​វា​បាន។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​មិន​ល្អ នោះ​នឹង​មាន​សម្លេង​រំខាន ហើយ​នៅ​ទី​បំផុត លោក​អ្នក​នឹង​ទុក​ទូរស័ព្ទ​នោះ​ចោល ហើយ​ទិញ​ទូរស័ព្ទ​ថ្មី​មួយ​ទៀត​ជា​មិន​ខាន។ ដូច​គ្នា​ផង​ដែរ ដើម្បី​ឲ្យ​ភាសា​ទទួល​បាន​ការ​ប្រើ​ប្រាស់​យ៉ាង​ល្អ ភាសា​នោះ​ត្រូវ​តែ​បញ្ជូន​សារ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព។

ដូច្នេះ ដើម្បី​ឲ្យ​ភាសា​មាន​ភាព​ល្អ​បាន នោះ​វា​ត្រូវ​តែ​ច្បាស់​លាស់។ ប្រសិន​បើ​ខ្ញុំ​និយាយ​មិន​ច្បាស់ ក្នុង​លក្ខណៈ​ដែល​ថា​គំនិត​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​មិន​អាច​ចូល​ទៅ​ក្នុង​គំនិត​របស់​លោក​អ្នក​បាន នោះ​អាច​ថា ខ្ញុំ​និយាយ​មិន​ច្បាស់ ឬ​ក៏​បោក​ប្រាស់​លោក​អ្នក​ហើយ។ ទោះ​ជា​មួយ​ណា​ក៏​ដោយ ក៏​វា​មិន​ល្អ​ដែរ ពីព្រោះ​វា​ជា​ដំណើរ​ការ​ប្រឆាំង​នឹង​ការ​រចនា​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ភាសា—ពោល​គឺ​ការ​ប្រាស្រ័យ​ទាក់​ទង​ដែល​ច្បាស់​លាស់។ ភាសា​ត្រូវ​តែ​ច្បាស់ នោះ​ទើប​ល្អ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​នឹង​ប្រើ​ប្រាស់​ភាសា​ឲ្យ​បាន​ល្អ (យោង​ទៅ​តាម​ការ​រចនា​របស់​ព្រះ​អង្គ) នោះ​ព្រះ​អង្គ​ត្រូវ​តែ​ប្រើ​វា​ឲ្យ​បាន​ច្បាស់​ដូច​គ្នា​ដែរ។

ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់ ដោយ​សារ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ
ដូច្នេះ សូម​ត្រឡប់​ទៅ​សំណួរ​ដំបូង​របស់​យើង​វិញ៖ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់​លាស់? ដោយ​យល់​យ៉ាង​ច្បាស់​អំពី​ភាព​គួរ​ឲ្យ​អស់​សំណើច​នោះ ឥឡូវ​នេះ​យើង​អាច​សួរ​សំណួរ​ម្យ៉ាង​ទៀត​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​បន្ទូល​ល្អ​ដូច​នេះ?» តើ​លោក​អ្នក​ឃើញ​ចម្លើយ​នៅ​ក្នុង​សំណួរ​នេះ​ទេ? ជា​ផ្នែក​មួយ ព្រះ​ជាម្ចាស់​មាន​បន្ទូល​ដូច​ជា​លក្ខណៈ​របស់​ទ្រង់។ ហេតុ​អ្វី​បាន​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ល្អ? ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ។

ខ្ញុំ​យល់​ឃើញ​ថា មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ដោយ​សារ​តែ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ។ ភាព​ល្អ​របស់​ព្រះ​អង្គ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នៅ​ក្នុង​ការ​បង្កើត​របស់​ទ្រង់—ពោល​គឺ​នៅ​ក្នុង​ពិភព​រូបីយ៍ នៅ​ក្នុង​មនុស្ស​ជាតិ និង​នៅ​ក្នុង​ភាសា។ ហើយ​ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​អំណោយ​ដ៏​ល្អ​នៃ​ភាសា​ដែល​ព្រះ​អង្គ​បាន​បង្កើត ដើម្បី​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​មួយ​នឹង​មនុស្ស ដែល​ព្រះ​អង្គ​បាន​បង្កើត​មក​ក្នុង​រូប​អង្គ​របស់​ទ្រង់។ ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់​ទៅ​កាន់​រាស្ដ្រ​របស់​ទ្រង់ នៅ​ក្នុង​គ្រប់​ទំព័រ​នៃ​ព្រះ​គម្ពីរ (២ធីម៉ូថេ ៣:១៦-១៧)។

និយាយ​ម្យ៉ាង​ទៀត​គឺ​ថា ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់​ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ។

ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​អាច​មាន​បន្ទូល​មិន​ច្បាស់​លាស់​បាន នោះ​លុះត្រា​តែ​ព្រះ​អង្គ​អសមត្ថភាព ឬ​មិន​ស្ម័គ្រ​ព្រះ​ទ័យ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ប៉ុន្តែ​អត្ថបទ​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ព្រះ​អង្គ​មិន​មាន​លក្ខណៈ​ទាំង​ពីរ​នោះ​ទេ។ ព្រះ​ជាម្ចាស់​មិន​មែន​ជា​អ្នក​និយាយ​វោហារ​សាស្ត្រ​ដែល​មិន​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល ឬ​ជា​អ្នក​បោក​ប្រាស់​ដោយ​ទុច្ចរិត​ឡើយ។ ព្រះ​គម្ពីរ​មាន​ចែង​ផ្ទុយ​ពី​នេះ៖ ព្រះ​ជាម្ចាស់​មាន​សមត្ថភាព ហើយ​មាន​ព្រះ​ហឫទ័យ​នឹង​ប្រាស្រ័យ​ទាក់​ទង តាម​របៀប​ដែល​ព្រះ​អង្គ​មាន​បំណង​ព្រះ​ហឫទ័យ ក្នុង​ការ​ប្រើប្រាស់​អំណោយ​ដ៏​ល្អ​នៃ​ភាសា។ លោក​អ្នក​អាច​ជឿ​ជាក់​តាម​ព្រះ​បន្ទូល​របស់​ទ្រង់​បាន! ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់​ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ។

ដូច្នេះ រាល់​ពេល​ដែល​លោក​អ្នក​បើក​ព្រះ​គម្ពីរ​អាន ហើយ​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​មាន​ចែង នោះ​លោក​អ្នក​កំពុង​តែ​រីក​រាយ​នៅ​ក្នុង​សេចក្ដី​ល្អ​របស់​ព្រះ​នៃ​យើង ដែល​មាន​បន្ទូល​យ៉ាង​ច្បាស់​លាស់។ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ គឺ​ជា​ទី​បន្ទាល់​មួយ​អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ចង់​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​លោក​អ្នក​ស្គាល់! ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​លោក​អ្នក​យល់​ព្រះ​បន្ទូល​របស់​ទ្រង់! ព្រះ​ជាម្ចាស់​ទ្រង់​ប្រាស្រ័យ​ទាក់​ទង​នឹង​យើង​យ៉ាង​ច្បាស់​លាស់ ដោយ​សារ «ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ» (ទំនុកតម្កើង ១១៩:៦៨)។ សូម​សរសើរ​តម្កើង​ព្រះ​អម្ចាស់ ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ច្បាស់​លាស់ ពីព្រោះ​ព្រះ​អង្គ​ល្អ​ខ្លាំង​ណាស់!

ហើយ​នៅ​ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​សួរ​ថា តើ​អ្នក​ពិត​ជា​អាច​យល់​ព្រះ​គម្ពីរ​បាន​ឬ​ក៏​អត់ នោះ​សូម​សួរ​ពួក​គេ​នូវ​សំណួរ​ដ៏​សាមញ្ញ​នេះ​វិញ​ថា៖ តើ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ​ដែរ​ឬ​ទេ? ប្រសិន​បើ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ​មែន នោះ​មាន​ន័យ​ថា ព្រះ​បន្ទូល​ទ្រង់​មុខ​ជា​ច្បាស់​លាស់​ហើយ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​មាន​បន្ទូល​មិន​ច្បាស់​លាស់​នៅ​ក្នុង​ព្រះ​គម្ពីរ នោះ​មាន​ន័យ​ថា ព្រះ​អង្គ​អាច​ជា​ព្រះ​ល្ងីល្ងើ ឬ​ក៏​ព្រះ​បោក​បញ្ឆោត—បើ​ទ្រង់​អាច​មាន​ផ្នែក​ណា​មួយ​នៃ​ចំណុច​ទាំង​ពីរ​នោះ នោះ​មាន​ន័យ​ថា ព្រះ​អង្គ​មិន​អាច​ល្អ​បាន​ទេ។ ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់ ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ ហើយ​ទំនុក​ចិត្ត​ទាំង​អស់​របស់​យើង​ស្ថិត​នៅ​លើ​សេចក្ដី​ពិត​នេះ។

ដូច្នេះ ចូរ​យើង​ពិចារណា​ពាក្យ​ដ៏​ល្អៗ​របស់​សាវ័ក ពេត្រុស ទាំង​អស់​គ្នា៖

«នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ គឺ​បើ​អ្នក​រាល់​គ្នា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​ល្អ​មែន» (១ពេត្រុស ២:២-៣)។

និពន្ធ​ដោយ៖ Dan Crabtree
បក​ប្រែ​ដោយ៖ ជឿន ជីវិចន្ធា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំ​មិន​ដែល​អាន​ព្រះ​គម្ពីរ​ទេ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ណា?

សៀវភៅ​កម្រិត​ដំបូង​ពី​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ