in

លោក​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី១

«លោក​អ្នក​ប្រហែល​ជា​មិន​អាច​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចង់​មាន​ន័យ​បាន​នោះ​ទេ ដ្បិត​មាន​និកាយ​ច្រើន​ណាស់ ហើយ​ពួក​គេ​ទាំង​អស់​កាត់​ស្រាយ​ព្រះ​បន្ទូល​ខុសៗ​គ្នា»។

«ចុះ​ចំណែក​ឯ​ការ​បក​ប្រែ​ទាំង​អស់​នោះ​វិញ? តើ​អ្នក​ណា​អាច​ដឹង​បាន​ថា មួយ​ណា​ត្រឹម​ត្រូវ​បាន?»

«តើ​អ្នក​ជា​នរណា​ដែល​ហ៊ាន​សម្រេច​ថា តើ​អត្ថបទ​មួយ​ក្នុង​ព្រះ​គម្ពីរ​មាន​ន័យ​យ៉ាង​ណា​នោះ​បាន? ខ្ញុំ​សុខ​ចិត្ត​រក្សា​ចិត្ត​ឲ្យ​ទូលាយ​ប្រសើរ​ជាង»។

«នោះ​គឺ​គ្រាន់​តែ​ជា​ការ​កាត់​ស្រាយ​របស់​អ្នក​តែ​ប៉ុណ្ណោះ»។

នៅ​ពេល​ដែល​មួយ​ភាគ​បី​នៃ​ក្រុម​ដំណឹង​ល្អ​និយាយ​ថា «មិន​មាន​សេចក្ដី​ពិត​ខាង​សាសនា​នោះ​ទេ» ហើយ​នៅ​ពេល​ដែល​ការ​សន្ទនា​អំពី​ការ​ពិត​ដ៏​អស់​កល្ប​ជានិច្ច ត្រូវ​ជួប​ជា​មួយ​នឹង​លេស​ដែល​ប្រកប​ដោយ​គតិ​បណ្ឌិត​ជា​ច្រើន និង​ការ​បន្ទាប​ខ្លួន​ក្លែង​ក្លាយ​ជា​ច្រើន នោះ​ក្រុម​ជំនុំ​ត្រូវ​តែ​អះអាង​នូវ​ការ​ជឿ​ជាក់ តាំង​ពី​បុរាណ​របស់​ខ្លួន​ថា៖ «ព្រះ​គម្ពីរ​គឺ​មាន​ភាព​ច្បាស់​លាស់​ណាស់»។

ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​បាន​មាន​វត្ត​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ ដូច​ជា​គោល​លទ្ធិ​នៃ​ក្រុម​ជំនុំ​ដែរ ដែល​កម្រ​នឹង​មាន​ការ​ទាម​ទារ ឲ្យ​មាន​ការ​បក​ស្រាយ​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​នោះ​ឡើយ។ នៅ​ក្នុង​រយៈ​ពេល​ហាសិប​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​កើន​ឡើង​នៃ​គំនិត​ដែល​ថា «សេចក្ដី​ពិត​របស់​អ្នក» បាន​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​ជា​ថ្មី​លើ​សម្បត្តិ​ដ៏​សំខាន់​នៃ​ព្រះ​បន្ទូល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នេះ។ និកាយ​មួយ​ចំនួន​បាន​បែក​ចេញ​ពី​គ្នា ដោយ​សារ​តែ​ការ​បដិសេធ​ទៅ​លើ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ។ គ្រួសារ​មួយ​ចំនួន​ក៏​បាន​រង្គោះរង្គើ ដោយ​សារ​ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ។ សីលធម៌​ត្រូវ​បាន​បំផ្លាញ និង​អូស​បន្លាយ​ដល់​ចំណុច​រហែក​ដោយ​សារ​ថា​ព្រះ​គម្ពីរ​មិន​មាន​ភាព​ច្បាស់​លាស់ ហើយ​ជំនាន់​មួយ​ក៏​បាន​រសាត់​អណ្ដែត​ដោយ​សារ​តែ​ការ​គិត​បែប​នេះ។

ដំណោះ​ស្រាយ​ចំពោះ​ភាព​ច្របូក​ច្របល់​នៃ​ការ​កាត់​ស្រាយ​ដ៏​ធំ​នេះ​គឺ ភាព​ច្បាស់​លាស់​នៃ​ព្រះគម្ពីរ។

ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​គោល​លទ្ធិ​ដ៏​សំខាន់​នៃ​ព្រះ​គម្ពីរ​នេះ នោះ​យើង​នឹង​ពិនិត្យ​មើល​អត្ថបទ​គម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​អត្ថបទ​ជា​បន្ត​បន្ទាប់​ទៅ​នេះ ដើម្បី​មើល​អំពី​របៀប​ដែល​ព្រះ​គម្ពីរ​បាន​ផ្ដល់​ហេតុ​ផល​សម្រាប់​ភាព​ច្បាស់​លាស់​របស់​ខ្លួន​ផ្ទាល់។ ដោយ​ព្រោះ​តែ​យើង​ក៏​ជឿ​លើ​សិទ្ធិ​អំណាច​កំពូល​នៃ​ព្រះ​គម្ពីរ នោះ​យើង​ទទួល​បាន​ចំណេះ​ដឹង​ដ៏​ត្រឹម​ត្រូវ​នៃ​ព្រះ​គម្ពីរ​ចេញ​មក​ពី​ព្រះ​គម្ពីរ​ផ្ទាល់​ផង​ដែរ។ ដូច​ពី​មុន​មក ព្រះ​គម្ពីរ​ជា​អ្នក​ការពារ​ដ៏​ល្អ​បំផុត​របស់​ព្រះ​គម្ពីរ​ផ្ទាល់។ ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ល្អ​បំផុត​តាម​រយៈ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​ផ្ទាល់។

ជា​ដំបូង យើង​គួរ​ផ្តល់​និយម​ន័យ​សង្ខេប​អំពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​សិន។ លោក​គ្រូ ម៉ាក ថមសុន (Mark Thompson) បាន​ឲ្យ​និយម​ន័យ​យ៉ាង​ច្បាស់ អំពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​ថា​ជា «គុណ​ភាព​នៃ​អត្ថ​បទ​ព្រះ​គម្ពីរ ដែល​ធានា​នូវ​អត្ថ​ន័យ​ដែល​មនុស្ស​យើង​អាច​ចូល​ប្រើ​បាន សម្រាប់​អស់​អ្នក​ដែល​ចូល​មក​ដោយ​ជំនឿ ដូច​ជា​សកម្មភាព​មួយ​នៃ​ការ​មាន​ទំនាក់ទំនង​របស់​ព្រះ​ជាម្ចាស់»។¹ សូម​កត់​សម្គាល់​ធាតុ​ពិត​សំខាន់ៗ​ចំនួន​បី​យ៉ាង​នៅ​ក្នុង​និយម​ន័យ​នេះ៖ វា​ជា​គុណ​សម្បត្តិ​នៃ​អត្ថ​បទ (មិន​មែន​ជា​ការ​ធានា​នូវ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​កាត់​ស្រាយ​របស់​យើង​ទេ) កម្លាំង​សំខាន់​គឺ​ភាព​ងាយ​ស្រួល​យល់​លើ​ព្រះ​គម្ពីរ​ចំពោះ​អ្នក​អាន ឬ​អ្នក​ស្តាប់ (ភាព​វៃឆ្លាត ភាព​អាច​យល់​បាន ភាព​ច្បាស់​លាស់) ហើយ​ព្រះ​គម្ពីរ​គឺ​សម្រាប់​តែ​អ្នក​ដែល​ចូល​ទៅ​ដោយ​ជំនឿ​ប៉ុណ្ណោះ (ចុះ​ចូល​នឹង​ខ្លឹម​សារ​នៃ​ព្រះ​គម្ពីរ និង​អ្នក​និពន្ធ​តាម​លក្ខ​ខណ្ឌ)។

បើ​និយាយ​ឲ្យ​ចំៗ​ទៅ ការ​និយាយ​ថា​ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់ គឺ​និយាយ​ថា លោក​អ្នក​អាច​យល់​ព្រះ​គម្ពីរ​បាន។ ព្រះ​គម្ពីរ​មិន​មាន​លក្ខណៈ​ពិសេស អាថ៌កំបាំង ជាប់​លេខ​កូដ ឬ​មិន​ច្បាស់​លាស់​នៅ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ ឬ​ការ​អះអាង​របស់​ខ្លួន​នោះ​ទេ។ ព្រះ​ជាម្ចាស់​ចង់​មាន​ន័យ​នូវ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ធម្មតា​ដែល​លោក​អ្នក​អាច​អាន​បាន​យ៉ាង​ត្រឹម​ត្រូវ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ និយម​ន័យ​នៃ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​នេះ ក៏​ទាម​ទារ​នូវ​លក្ខណ​សម្បត្តិ​មួយ​ចំនួន ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ​ផង​ដែរ។ គោល​លទ្ធិ​នៃ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ៖

  • នេះ​មិន​មែន​មាន​ន័យ​ថា មិន​មាន​អត្ថ​បទ​នៅ​ក្នុង​ព្រះ​គម្ពីរ​ខ្លះ ដែល​ពិបាក​សម្រាប់​យើង​ក្នុង​ការ​កាត់​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ (២ពេត្រុស ៣:១៦)។
  • នេះ​មិន​បាន​ដក​ចេញ​នូវ​តម្រូវ​ការ​សម្រាប់​ការ​ខិត​ខំ​ក្នុង​ការ​ជីក​ពន្យល់​ព្រះ​គម្ពីរ​ដ៏​ត្រឹម​ត្រូវ​នោះ​ទេ (២ធីម៉ូថេ ២:១៥)។
  • នេះ​មិន​បំផ្លាញ​តួនាទី​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ក្រុម​ជំនុំ​តាម​តំបន់​ក្នុង​ការ​ជួយ​ដល់​ការ​កាត់​ស្រាយ​នោះ​ទេ (១ធីម៉ូថេ ៤:១១-១៦)។
  • នេះ​មិន​មែន​មាន​ន័យ​ថា ព្រះ​គម្ពីរ​នឹង​ឆ្លើយ​រាល់​សំណួរ​ដែល​យើង​អាច​មាន​អំពី​សេចក្តី​ថ្លែង​ដ៏​ពិត​នោះ​ទេ (ម៉ាថាយ ២៤:៣៦)។

យើង​នឹង​ដោះ​ស្រាយ​ការ​ជំទាស់​ទាំង​នេះ និង​ការ​ជំទាស់​បន្ថែម​ទៀត​ចំពោះ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​នៅ​ក្នុង​មេរៀន​មួយ​ចំនួន​ទៀត​នា​ពេល​អនាគត។ សម្រាប់​ពេល​នេះ វា​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​កត់​សម្គាល់​ថា ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​គឺ​ជា​គោលលទ្ធិ​ដ៏​ស្មុគស្មាញ ដែល​រាប់​បញ្ចូល​នូវ​បាតុភូត​ផ្សេងៗ​ដែល​យើង​ឃើញ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ និង​ការ​ឆ្លើយ​តប​ខុសៗ​គ្នា​របស់​មនុស្ស​ផ្សេង​គ្នា​ចំពោះ​ព្រះ​គម្ពីរ​ដែរ។ ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ទោះ​បើ​យើង​ពិបាក​ស្តាប់​ឲ្យ​បាន​យល់​ច្បាស់​ក៏​ដោយ។

យោង​ទៅ​លើ​និយម​ន័យ​នេះ តើ​ព្រះ​គម្ពីរ​បាន​អះអាង​ថា ព្រះ​គម្ពីរ​ច្បាស់​លាស់​ឬ​ទេ? ពិត​មែន​ហើយ ព្រះ​ជាម្ចាស់​បាន​អះអាង​លើ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ ដោយ​ប្រចក្ស​ច្បាស់ និង​ដោយ​ប្រយោល​នៅ​ក្នុង​ទំព័រ​ជា​ច្រើន​នៃ​ព្រះ​គម្ពីរ។

លោក ម៉ូសេ បាន​អះអាង​ថា អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​តាម​រយៈ​គាត់ គឺ​ប្រជាជន​អ៊‌ីស្រាអែល អាច​ចូល​ទៅ​ដល់​បាន​ទាំង​ស្រុង៖

«ដ្បិត​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កំឡាំង​ឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ គឺ​មិន​មែន​នៅ​លើ​ស្ថានសួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ នាំ​យក​ព្រះ​បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ​បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ គឺ​ព្រះ​បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង នឹង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន» (ចោទិយកថា ៣០:១១-១៤)។

ស្ដេច ដាវីឌ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​អំពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ ដោយ​ការ​ពន្យល់​អំពី​របៀប​ដែល​ព្រះ​បន្ទូល​ធ្វើ​ការ​ក្នុង​ជីវិត​របស់​អ្នក​ដែល​បាន​ឮ និង​យល់​អំពី​វា៖

«ឯ​ក្រឹត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ។
សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា។
សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ។
ក្រឹត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក។
សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប។
អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក»។
(ទំនុកតម្កើង ១៩:៧-៩)

សូម​កត់​ចំណាំ​ពី​ឥទ្ធិពល​នៃ​ភាព​បរិសុទ្ធ​នៃ​ព្រះ​គម្ពីរ ត្រង់​ថា​ព្រះ​គម្ពីរ «បំភ្លឺ​ភ្នែក» ។ ជា​ញឹក​ញាប់ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​តែង​តែ​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​ពន្លឺ ឬ​ក៏​ប្រភព​ពន្លឺ (ទំនុកតម្កើង ៣៦:៩, ១១៩:១០៥, ១១៩:១៣០; សុភាសិត ៦:២៣; ២ពេត្រុស ១:១៩) ដោយ​បំភ្លឺ​គំនិត​ដ៏​ខ្មៅ​ងងឹត​របស់​មនុស្ស​ឲ្យ​ផ្តល់​នូវ​សេចក្តី​ពិត និង​ការ​យល់​ដឹង (ទំនុកតម្កើង ១១៩:៦៩)។

ហោរា អេសាយ បាន​អះអាង​អំពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​តាម​រយៈ​ប្រសិទ្ធភាព​របស់​ព្រះ​គម្ពីរ៖

«ពី​ព្រោះ​ដែល​ភ្លៀង​នឹង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ នឹង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី​ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ» (អេសាយ ៥៥:១០-១១)។

ដើម្បី​ឲ្យ​ព្រះ​បន្ទូល​សម្រេច​គោល​បំណង​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជឿ​បាន អ្នក​នោះ​ត្រូវ​តែ​យល់​ព្រះ​បន្ទូល​ឲ្យ​បាន​ច្បាស់។ ការ​ឮ​ព្រះ​បន្ទូល​បង្កើត​ឲ្យ​មាន​ជំនឿ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ត្រូវ​ចាត់​បញ្ជូន​ឲ្យ​គ្រូ​អធិប្បាយ​ទៅ ហើយ​វា​អាច​កើត​ឡើង​បាន​លុះ​ត្រា​តែ​ព្រះ​បន្ទូល​ដែល​បាន​ស្តាប់​ឮ​នោះ​មាន​ភាព​ច្បាស់​លាស់ (រ៉ូម ១០:១៤-១៧)។

នៅ​គ្រប់​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​ព្រះ​គម្ពីរ ភាព​ច្បាស់​លាស់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ព្រះ​ជាម្ចាស់​ចំពោះ​មនុស្ស​ជាតិ គឺ​មិន​ត្រឹម​តែ​បាន​បញ្ជាក់​អះអាង​យ៉ាង​ច្បាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​គេ​សន្មត់​ថា​ច្បាស់​ផង​ដែរ។ ចាប់​ពី​ប្រយោគ​ដំបូង​ដែល​ជា​ការ​សន្ទនា​រវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស (លោកុប្បត្ដិ ២:១៦-១៧) រហូត​ដល់​ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ ទៅ​កាន់​ក្រុម​ជំនុំ​របស់​ទ្រង់ (វិវរណៈ ២២:២០) ព្រះ​បាន​រំពឹង​ថា មនុស្ស​ជាតិ​នឹង​ឮ​សម្លេង​ទ្រង់ ដើម្បី​ឲ្យ​យល់​អំពី​ចេតនា​របស់​ទ្រង់ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់។ នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​ភាសា​ខ្មែរ ឃ្លា​ដែល​ថា «មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ» លេច​ឡើង​៣១​ដង ហើយ​ឃ្លា «ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ» លេច​ឡើង​២៧​ដង និង​ឃ្លា «បាន​កត់​ទុក​ក្នុង​គម្ពីរ» លេច​ឡើង​៩៩​ដង ទូទាំង​ព្រះ​គម្ពីរ​ជា​ការ​យោង​ទៅ​លើ​ការ​បើក​សម្ដែង​ពី​មុនៗ ដោយ​សន្មត​រាល់​ពេល​ថា អត្ថន័យ​នៃ​អត្ថបទ​អាច​យល់​បាន​ដោយ​ការ​ស្តាប់​វា។ យោង​តាម​លោក រ៉ចជើរ នីកូល (Roger Nicole) ១០% នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គឺ​ជា​ការ​យោង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​គេ​សន្មត់​ថា​អាច​យល់​បាន។ ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​សន្មត់​ថា ការ​អាន​ព្រះ​គម្ពីរ​គឺ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​យល់​ព្រះ​បន្ទូល​ទ្រង់​បាន ដោយ​ទ្រង់​មាន​បន្ទូល​ប្រាំ​មួយ​ដង​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង» ឬ​ជួន​កាល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រឹត្យ​វិន័យ​ទេ​ឬ​អី» (ម៉ាថាយ ១២:៣, ១២:៥, ១៩:៤, ២១:១៦, ២១:៤២, ២២:៣១—ករណី​ផ្សេងៗ​ទៀត​នៅ​ក្នុង​កណ្ឌ​ដំណឹង​ល្អ​គឺ​ជា​ការ​និយាយ​ឡើង​វិញ​នៃ​អ្វី​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ)។

សូម​ពិចារណា​ផង​ដែរ​អំពី​ការ​សន្មត់​នៃ​ភាព​ច្បាស់​លាស់ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ជា​សាធារណៈ។ នៅ​ពេល​ដែល​សាសន៍​អ៊‌ីស្រាអែល​បាន​ទទួល​ក្រឹត្យ​វិន័យ​ដំបូង លោក ម៉ូសេ បាន​អាន​វា ហើយ​ប្រជាជន​ឆ្លើយ​តប​ដោយ​សន្យា​ថា​នឹង​គោរព​ប្រតិបត្តិ​តាម (និក្ខមនំ ២៤:៧)។ បន្ទាប់​មក​លោក ម៉ូសេ ក៏​បាន​បង្គាប់​ពួក​បណ្ដា​ជន​ឲ្យ​អាន​ក្រឹត្យ​វិន័យ​ឲ្យ​ឮៗ​រាល់​ប្រាំ​ពីរ​ឆ្នាំ​ម្ដង (ចោទិយកថា ៣១:៩-១៣)។ លោក យ៉ូស្វេ បាន​បន្ត​សេចក្ដី​តាំង​សញ្ញា​ដោយ​អាន​ក្រឹត្យ​វិន័យ​ដល់​មនុស្ស​ទាំង​អស់ (យ៉ូស្វេ ៨:៣៤-៣៥)។ ស្ដេច យ៉ូសៀស បាន​ឮ​គេ​អាន​ក្រឹត្យ​វិន័យ រួច​ទ្រង់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ការ​ធ្វើ​ដូច្នោះ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​បំផ្លាស់​បំប្រែ​ចិត្ត​ទូទាំង​ប្រទេស (២ពង្សាវតារក្សត្រ ២២:៨-១៣)។ លោក អែសរ៉ា បាន​អាន​ព្រះ​គម្ពីរ​ឮៗ​ដល់​មនុស្ស​ទាំង​អស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ម៉ោង ហើយ​ពួក​គេ​បាន​ចាក​ចេញ​ពី​ថ្ងៃ​នោះ​ដោយ «ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន» (នេហេមា ៨:១-១២)។ ហើយ​នៅ​ក្នុង​ក្រុម​ជំនុំ​សាវ័ក ប៉ុល បាន​ដាស់​តឿន​លោក ធីម៉ូថេ ដ៏​វ័យ​ក្មេង​ម្នាក់​ឲ្យ «ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន និង​បង្រៀន​គេ» (១ធីម៉ូថេ ៤:១៣)។ តើ​អ្វី​ជា​គោល​បំណង​នៃ​ការ​អាន​ព្រះ​គម្ពីរ​ឮៗ រួម​ជា​មួយ​អ្នក​ឯ​ទៀត ដោយ​បើក​ចំហ ប្រសិន​បើ​ព្រះ​គម្ពីរ​មាន​ភាព​ស្រពិចស្រពិល មិន​អាច​ឲ្យ​យល់​បាន​នោះ? សេចក្ដី​បង្គាប់​នៃ​ព្រះ​គម្ពីរ​ឲ្យ​អាន​ព្រះ​គម្ពីរ​ជា​សាធារណៈ​គឺ​ជា​ការ​សន្មត់​អំពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ។

ដូច​គ្នា​នេះ​ដែរ​សាវ័ក ប៉ុល ក៏​សរសេរ​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​រ៉ូម​ថា៖

«ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សម្រាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ និង​សេចក្ដី​កម្សាន្ត​ចិត្ត ដោយ​សារ​គម្ពីរ» (រ៉ូម ១៥:៤)។

ការ​អះអាង​របស់​សាវ័ក ប៉ុល នៅ​ក្នុង​ខ​នេះ​គឺ​ទូលំ​ទូលាយ។ វា​អនុវត្ត​ចំពោះ «អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន» ដែល​លោក​មាន​ន័យ​ថា «ព្រះ​គម្ពីរ»។ ហើយ​តើ​សេចក្ដី​ដែល​បាន​ចែង​ទាំង​អស់​នេះ​អាច «បង្រៀន» ឬ «កម្សាន្ត​ចិត្ត» ឬ​ផ្តល់ «សេចក្តី​សង្ឃឹម» បាន​ដោយ​របៀប​ណា ប្រសិន​បើ​ពួក​គេ​មិន​អាច​យល់​បាន​នោះ? ព្រះ​គម្ពីរ​អាច​បំពេញ​កិច្ចការ​របស់​ខ្លួន​នៅ​ក្នុង​រាស្ដ្រ​របស់​ព្រះ​ជាម្ចាស់​បាន ដោយ​ព្រោះ​ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់ (១ថែស្សា ២:១៣)។

ព្រះ​បន្ទូល​ដ៏​ច្បាស់​លាស់​នេះ​បាន​បញ្ចប់​ដោយ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ចំពោះ​ក្រុម​ជំនុំ​របស់​ទ្រង់៖

«មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ» (វិវរណៈ ២២:៧)។

ព្រះ​អម្ចាស់​នៃ​យើង​បាន​ផ្ដល់​កាតព្វកិច្ច​ដល់​ប្រជា​រាស្ត្រ​របស់​ទ្រង់​ឲ្យ​រក្សា​ព្រះ​បន្ទូល​របស់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​មាន​ភាព​ច្បាស់​លាស់ គ្រប់​គ្រាន់ ដើម្បី​យល់ និង​ប្រតិបត្តិ​តាម​បាន។ ចាប់​តាំង​ពី​ដើម​ដល់​ចប់ ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដូច្នេះ​យើង​គួរ «យក​ចិត្ត​ទុក​ដាក់​តាម» (២ពេត្រុស ១:១៩) ហើយ​ឆ្លើយ​តប​ដោយ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ទុក​ចិត្ត​លើ​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ពេញ​ដោយ​ព្រះ​គុណ​របស់​យើង។

លោក ចេមស៍ កាឡាហាន (James Callahan) បាន​លើក​ឡើង​អំពី​ព្រះ​គម្ពីរ​យ៉ាង​ដូច្នេះ​ថា «យើង​អាច​អាន​ព្រះ​គម្ពីរ​ដោយ​ទទួល​បាន​អត្ថ​ប្រយោជន៍ ដោយ​ការ​កោត​សរសើរ និង​ដោយ​ការ​ទទួល​បាន​នូវ​លទ្ធផល​នៃ​ការ​ផ្លាស់​ប្រែ។ ព្រះ​គម្ពីរ​មាន​ការ​បើក​ចំហ និង​មាន​តម្លាភាព​ចំពោះ​អស់​អ្នក​អាន​ដ៏​ស្មោះ​ត្រង់។ ព្រះ​គម្ពីរ​មាន​ភាព​ងាយ​យល់ និង​អាច​យល់​បាន​សម្រាប់​អ្នក​អាន​ដែល​យក​ចិត្ត​ទុក​ដាក់។ ព្រះ​គម្ពីរ​ផ្ទាល់​មាន​ភាព​ស៊ី​សង្វាក់​គ្នា និង​ប្រចក្ស​ច្បាស់។ ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​និយាយ​ត្រង់ៗ និង​មិន​មាន​ភាព​ស្រពិចស្រពិល ហើយ​អ្វី​ដែល​បាន​ត្រូវ​បាន​សរសេរ​ឡើង​គឺ​គ្រប់​គ្រាន់ ព្រះ​គម្ពីរ​មាន​ភាព​ច្បាស់​លាស់​អំពី​អ្វី​ដែល​មាន​ចែង»។²

ដូច្នេះ បង​ប្អូន​អ្នក​ជឿ​រាល់​គ្នា​អើយ បង​ប្អូន​អាច​អាន​ព្រះ​គម្ពីរ​របស់​ខ្លួន​បាន ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ។ ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​ព្រះ​បន្ទូល​ដ៏​ច្បាស់​លាស់​នេះ​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​គ្រូ អហ្គស្ទីន (Augustine) ដែល​បាន​ឮ ពេល​គាត់​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ការ​អាន​ព្រះ​គម្ពីរ៖ «យកវា​ឡើង ​ហើយអានវា​ចុះ!»។³

[១] Mark Thompson, A Clear and Present Word, ទំព័រ១៦៩-១៧០។

[២] James Callahan, The Clarity of Scripture, ទំព័រ៩។

[៣] លោក​គ្រូ អហ្គស្ទីន «ការ​លួនតួ» ទំព័រ២១៧។

និពន្ធ​ដោយ៖ Dan Crabtree
បក​ប្រែ​ដោយ៖ ជឿន ជីវិចន្ធា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ជា​រឿង​សំខាន់​ទេ​ដែល​យើង​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​សម្រាប់​អាពាហ៍ពិពាហ៍?

“កុំ​ធ្វើ​វា​អី!!” ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​​ក្រុម​ជំនុំ