in

តើ​ជា​រឿង​សំខាន់​ទេ​ដែល​យើង​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​សម្រាប់​អាពាហ៍ពិពាហ៍?

«តើ​លោក​គ្រូ​គិត​ថា វា​ជា​រឿង​សំខាន់​ដែរ​ឬ​ទេ​ដែល​កូនៗ​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​ខ្លួន​សម្រាប់​ជម្រើស​ដៃ​គូរ​ជីវិត​អាពាហ៍ពិពាហ៍?»

បាទ! សំខាន់ ប៉ុន្តែ​មិន​ចាំ​បាច់​ទាំង​ស្រុង​នោះ​ទេ។

ខ្ញុំ​តែង​តែ​ផ្ដល់​ប្រឹក្សា​ដល់​អ្នក​មាន​ស្នេហា​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្នុង​ចំណុច​នេះ។ សូម​កុំ​គិត​លើ​ចំណុច​នេះ​ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ប្រសិន​បើ​ឪពុក​ម្ដាយ​ខាង​ស្រី ឬ​ក៏​ខាង​ប្រុស​កំពុង​តែ​មាន​ប្រសាសន៍​ថា «យើង​គិត​ថា នេះ​មិន​មែន​ជា​បុគ្គល​សម​នឹង​កូន​ទេ»។ សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ពាក្យ​សម្ដី​នេះ។ សូម​ផ្ដល់​ឱកាស​ឲ្យ​មាន​ពេល​វេលា។ សូម​អធិស្ឋាន​ឲ្យ​មាន​ការ​អស្ចារ្យ​នៃ​ការ​ផ្លាស់​ប្រែ។ សូម​នាំ​អ្នក​ដទៃ​ឲ្យ​មាន​ចំណែក​ដែរ។

និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ ខ្ញុំ​មិន​មែន​កំពុង​តែ​លើក​ឡើង​ថា នេះ​ជា​ការ​ចាំ​បាច់​ទាំង​ស្រុង​នោះ​ទេ។ ពី​មុន​នោះ​គឺ​ជា​ការងារ​របស់​ឪពុក​ម្ដាយ​មែន។ ប៉ុន្តែ ឥឡូវ​នេះ ក្នុង​នាម​លោក​អ្នក​ជា​មនុស្ស​ធំ​ម្នាក់​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ជាម្ចាស់ ដោយ​សារ​លោក​អ្នក​ជា​មនុស្ស​ពេញ​វ័យ នោះ​លោក​អ្នក​ក៏​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ដែរ ហើយ​លោក​អ្នក​ក៏​កំពុង​តែ​ហៀប​នឹង​បង្កើត​គ្រួសារ​ថ្មី ដែល​ជា​ពេល​ដែល​លោក​អ្នក​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ហើយ​ចំណុច​នេះ​គឺ​ជា​ចំណុច​ចាំ​បាច់។ ខ្ញុំ​គ្រាន់​តែ​កំពុង​លើក​ឡើង​ថា វា​ពិត​ជា​ផ្អែម​ល្ហែម​មែន។ ហើយ​វា​ក៏​ពិត​ជា​សំខាន់​ណាស់​ដែរ។

សូម​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ ដោយ​ស្ដាប់​នូវ​អ្វី​ដែល​គាត់​កំពុង​តែ​មាន​ប្រសាសន៍​ដោយ​យក​ចិត្ត​ទុក​ដាក់។ សូម​ផ្ដល់​ឱកាស​ឲ្យ​មាន​ពេល​វេលា​យ៉ាង​យូរ។ ប៉ុន្តែ ខ្ញុំ​ក៏​មិន​ដឹង​ថា លោក​អ្នក​ត្រូវ​តែ​ផ្ដល់​ឱកាស​យូរ​ប៉ុណ្ណា​នោះ​ដែរ។ សូម​ចំណាយ​ពេល​អធិស្ឋាន​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ ខ្ញុំ​ក៏​មិន​ដឹង​ថា លោក​អ្នក​ត្រូវ​តែ​អធិស្ឋាន​ច្រើន​ប៉ុណ្ណា​ដែរ។ សូម​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ចំណែក​ក្នុង​ការ​ព្យាយាម​នាំ​ឲ្យ​ឪពុក​ម្ដាយ​របស់​លោក​អ្នក​យល់ ទាក់​ទង​នឹង​ចំណុច​នេះ។

សូម​ស្ដាប់​ឪពុក​ម្ដាយ ហើយ​ព្យាយាម​យល់​ថា «ទាក់​ទង​នឹង​ចំណុច​នេះ តើ​ព្រះ​ជាម្ចាស់​កំពុង​តែ​មាន​ព្រះ​បន្ទូល​អំពី​ពេល​វេលា ឬ​ក៏​អំពី​បុគ្គល?» ហើយ​ប្រសិន​បើ​លោក​អ្នក​បាន​ព្យាយាម​យល់​អស់​រយៈ​ពេល​ជា​ច្រើន ដោយ​មាន​ការ​អធិស្ឋាន​ជា​ច្រើន ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ពន្យល់​ថា ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​បាន​រៀបចំ​បុគ្គល​នេះ​សម្រាប់​លោក​អ្នក ហើយ​ឪពុក​ម្ដាយ​មិន​បាន​យល់ ឬ​ក៏​បាន​មើល​រំលង​ចំណុច​នេះ—ពួក​គាត់​កំពុង​តែ​យល់​ស្ថាន​ភាព​ខុស ពួក​គាត់​មិន​ដឹង​ថា បុគ្គល​នេះ​ពិត​ជា​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច ឬ​ក៏​ថា​ពួក​គាត់​កំពុង​តែ​យល់​ដោយ​មាន​ទស្សនៈ​ដែល​មិន​ស្រប​តាម​ព្រះ​គម្ពីរ—ដូច្នេះ សូម​បន្ត​ព្យាយាម​គោរព​ពួក​គាត់​តាម​ការ​នោះ​ចុះ។ ប៉ុន្តែ ខ្ញុំ​គិត​ថា លោក​អ្នក​មិន​ចាំ​បាច់​ចុះ​ចូល​ក្រោម​អំណាច​របស់​ពួក​គាត់ ក្នុង​ទំនាក់​ទំនង​ជា​បុគ្គល​បែប​មនុស្ស​ធំ​ម្នាក់​នោះ​ទេ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ក្រុម​ជំនុំ​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​នៅ​ពេល​ណា?

លោក​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី១