in

មូល​ហេតុ៣យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ

យើង​ទទួល​បាន​សំណួរ​ជា​ច្រើន​ទាក់​ទង​នឹង​ការ​អាន​ព្រះ​គម្ពីរ។ សម្រាប់​ថ្ងៃ​នេះ សំណួរ​មាន​ដូច​ត​ទៅ៖ «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ទទួល​បាន​មេរៀន​ជា​ច្រើន​ណាស់​តាម​រយៈ​ខាង​លោក​គ្រូ។ ហើយ​សំណួរ​របស់​ខ្ញុំ​ថ្ងៃ​នេះ​គឺ​៖ នៅ​ពេល​ដែល​ខ្ញុំ​អាន​ព្រះ​គម្ពីរ ខ្ញុំ​ឃើញ​ថា វា​ពិបាក​ណាស់​ចំពោះ​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​អ្វី​ដែល​អ្នក​និពន្ធ​ចង់​ឲ្យ​ខ្ញុំ​យល់ ចេញ​ពី​អ្វី​ដែល​គាត់​បាន​សរសេរ។ ឥឡូវ​នេះ សម្រាប់​ពេល​វេលា​ស្ងៀម​ស្ងាត់​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ខ្ញុំ​កំពុង​តែ​អាន​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ប៉ុន្តែ​ជា​ញឹក​ញាប់​ខ្ញុំ​ឃើញ​ថា ខ្ញុំ​មិន​មាន​ចំណាប់​អារម្មណ៍​លើ​អ្វី​ដែល​ខ្ញុំ​ទើប​តែ​បាន​អាន​ប៉ុន្មាន​ទេ។ តើ​អ្វី​ទៅ​ជា​ជំនាញ​មូល​ដ្ឋាន​ដំបូង ក្នុង​ការ​អាន​ព្រះ​គម្ពីរ ដើម្បី​ស្វែង​រក​អត្ថន័យ​សម្រាប់​ជីវិត​ខ្ញុំ?

ជំនាញ​មូល​ដ្ឋាន

ខ្ញុំ​ដឹង​ថា អ្នក​សួរ​កំពុង​តែ​សួរ​អំពី​ជំនាញ​មូល​ដ្ឋាន​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ ប៉ុន្តែ យោង​លើ​ការ​ពណ៌នា​របស់​គាត់​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​គាត់​អាន ខ្ញុំ​ចង់​ឆ្លើយ​សំណួរ​នេះ​ក្នុង​របៀប​ខុស​គ្នា​បន្តិច​អំពី​អ្វី​ដែល​គាត់​កំពុង​តែ​សួរ ជា​ជាង​គ្រាន់​តែ​ឆ្លើយ​ដោយ​លើក​ឡើង​អំពី​ជំនាញ​មូល​ដ្ឋាន ពីព្រោះ​ខ្ញុំ​គិត​ថា នោះ​មិន​មែន​ជា​ចំណុច​គន្លឹះ​នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​ស្ងៀម​ស្ងាត់​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ប៉ុន្តែ​មិន​សូវ​មាន​ចំណាប់​អារម្មណ៍។

សូម​កុំ​គិត​ថា មាន​តែ​អ្នក​សួរ​ទេ​ដែល​ពេល​ខ្លះ​មិន​សូវ​មាន​ចំណាប់​អារម្មណ៍។ ការ​នេះ​មិន​កើត​ឡើង​សម្រាប់​តែ​អ្នក​ជឿ​ថ្មីៗ​នោះ​ទេ សូម្បី​តែ​ខ្ញុំ​ដែល​ជា​អ្នក​ជឿ​យូរ​ឆ្នាំ​មក​ហើយ​ក៏​ពេល​ខ្លះ​បាត់​បង់​ចំណាប់​អារម្មណ៍​ខ្លះៗ​ដែរ។ ខ្ញុំ​នឹង​លើក​ឡើង​ចំណុច​សំខាន់ៗ​បី​យ៉ាង ដើម្បី​បង្កើត​ជា​ផល​ផ្លែ​ក្នុង​ការ​ដែល​យើង​ជួប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ និង​សេចក្ដី​ពិត​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទទួល​បាន​តាម​រយៈ​ព្រះ​គម្ពីរ។

ខ្ញុំ​អាច​ពន្យល់​ចំណុច៣យ៉ាង​នេះ​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ជំនួយ​ដល់​អ្នក​សួរ​ក្នុង​របៀប​បី​យ៉ាង។ ពេល​ខ្លះ​ខ្ញុំ​ហៅ​វា​ថា ការ​ជំរុញ​ចិត្ត ជំនាញ និង​ការ​បើក​សម្ដែង។ ឬ​ក៏​ពេល​ខ្លះ​ទៀត​ខ្ញុំ​ហៅ​ថា ការ​ចង់​ក្លាយ​ជា ការ​មាន​សមត្ថភាព​ធ្វើ និង​ការ​យល់​ឃើញ។ ឬ​ក៏​ពេល​ខ្លះ​ទៀត​ខ្ញុំ​ហៅ​វា​ថា សេចក្ដី​ប្រាថ្នា​ចង់​បាន ទង្វើ​ប្រព្រឹត្ត និង​រង្វាន់​នៃ​ការ​អាន​ព្រះ​គម្ពីរ។ ខ្ញុំ​នឹង​បក​ស្រាយ​បន្ថែម​ខ្លះៗ​ដោយ​សង្ឃឹម​ថា ព្រះ​ជាម្ចាស់​នឹង​បង្កើត​ឲ្យ​មាន​ការ​នោះ​នៅ​ក្នុង​ជីវិត​របស់​យើង។

ការ​ជំរុញ​ចិត្ត

ជា​ដំបូង ខ្ញុំ​ចង់​ពន្យល់​លើ​ចំណុច​នៃ​ការ​ជំរុញ​ចិត្ត។ ប្រសិន​បើ​យើង​បាត់​បង់​ការ​ជំរុញ​ចិត្ត នោះ​យើង​នឹង​លែង​អាន​ព្រះ​គម្ពីរ​ជា​មិន​ខាន។ ហើយ​ប្រសិន​បើ​យើង​បាន​អាន​ព្រះ​គម្ពីរ នោះ​យើង​នឹង​មិន​ទទួល​បាន​គ្រប់​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​មាន​សម្រាប់​យើង​តាម​រយៈ​ព្រះ​បន្ទូល​ទេ។ ម្សិល​មិញ ខ្ញុំ​បាន​អាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន​ជំពូក១៧ ដែល​បាន​សរសេរ​ចុះ​អំពី​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​សម្រាប់​ពួក​សិស្ស។ ខ្ញុំ​ឃើញ​ចង្កោម​ចំណុច​ដ៏​មាន​តម្លៃ​មួយ​ចំនួន ដែល​ទាក់​ទង​ផ្ទាល់​ទៅ​នឹង​ការ​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ជំរុញ​ចិត្ត​ឲ្យ​ខ្ញុំ​កាន់​តែ​ចង់​អាន​ព្រះ​គម្ពីរ​ថែម​ទៀត។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «តែ​ទូល​បង្គំ​ថ្លែង​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​គេ​បាន​សេចក្ដី​អំណរ​របស់​ទូល​បង្គំ ឲ្យ​នៅ​ពោរ​ពេញ​ក្នុង​ខ្លួន​គេ» (យ៉ូហាន ១៧:១៣)។ យើង​នឹង​មិន​ទទួល​បាន​អំណរ​ដ៏​បរិបូរណ៍ ប្រសិន​បើ​យើង​មិន​បន្ត​ស្ដាប់​នូវ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល—ដែល​នេះ​សំដៅ​ទៅ​លើ​ការ​ស្ដាប់ ឬ​ក៏​អាន​ព្រះ​គម្ពីរ។ ហើយ​ខ្ញុំ​គិត​ថា គោល​ការណ៍​មួយ​នេះ​គឺ​សម្រាប់​ព្រះ​គម្ពីរ​ទាំង​មូល មិន​មែន​គ្រាន់​តែ​សំដៅ​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​កណ្ឌ​ដំណឹង​ល្អ​ប៉ុណ្ណោះ​នោះ​ទេ។

ជា​បន្ទាប់ ព្រះ​យេស៊ូវ​ក៏​បាន​អធិស្ឋាន​ដូច​ត​ទៅ «សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់» (យ៉ូហាន ១៧:១៧)។ ចំណុច​ទី​ពីរ​ដែល​យើង​នឹង​មិន​ទទួល​បាន ប្រសិន​បើ​យើង​មិន​បន្ត​ទទួល​ទាន​លើ​សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​គឺ ការ​ញែក​ជា​បរិសុទ្ធ។ ព្រះ​ជាម្ចាស់​បាន​រចនា​យើង​ឡើង​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​កាន់​តែ​បរិសុទ្ធ​តាម​រយៈ​សេចក្ដី​ពិត។ ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បន្ត​លើក​ឡើង​ថា «ព្រះ​អម្ចាស់​អើយ! សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់»។

ការ​ជំរុញ​ចិត្ត​ទី៣​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១៧:២០ ដែល​ព្រះ​អង្គ​បាន​លើក​ឡើង​ថា «ទូល​បង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ ដោយ​សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ»។ ដូច្នេះ តើ​យើង​អាច​ទទួល​ជឿ​បាន​ដោយ​របៀប​ណា? តើ​យើង​អាច​នៅ​បន្ត​ទទួល​ជឿ​ទៅ​មុខ​ទៀត​បាន​ដោយ​របៀប​ណា? យើង​ទទួល​ជឿ​តាម​រយៈ​ព្រះ​បន្ទូល តាម​រយៈ​ការ​និពន្ធ​របស់​ពួក​សាវ័ក។ តែ​យើង​អាច​រក​ឃើញ​ការ​សរសេរ​នោះ​នៅ​ឯ​ណា? គឺ​នៅ​ក្នុង​ព្រះ​គម្ពីរ។

ដូច្នេះ ទាំង​នេះ​គឺ​ជា​ការ​ជំរុញ​ចិត្ត​ដ៏​ល្អៗ​បី​យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ ប្រសិន​បើ​លោក​អ្នក​ចង់​មាន​ជំនឿ ប្រសិន​បើ​លោក​អ្នក​ចង់​មាន​ភាព​បរិសុទ្ធ ប្រសិន​បើ​លោក​អ្នក​ចង់​មាន​អំណរ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា យើង​អាច​ទទួល​បាន​ចំណុច​ទាំង​អស់​នោះ​តាម​រយៈ​ការ​ជួប​ជា​មួយ​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ នេះ​គឺ​ជា​របៀប​ដែល​យើង​អាច​ទទួល​បាន​ការ​ជំរុញ​ចិត្ត។

យើង​ចង់​បាន​ចំណុច​ទាំង​អស់​នោះ ហើយ​ជា​លទ្ធ​ផល​គឺ​យើង​ចង់​បាន​ព្រះ​បន្ទូល។ ដូច្នេះ នេះ​គឺ​ជា​ចំណុច​ដំបូង​នៃ​ចំណុច​សំខាន់ៗ​បី​យ៉ាង​របស់​ខ្ញុំ ដែល​ខ្ញុំ​ដឹង​ថា​អ្នក​សួរ​បាន​សួរ​អំពី​ចំណុច​នេះ​ផង។ ប៉ុន្តែ ខ្ញុំ​គិត​ថា នេះ​ពិត​ជា​សំខាន់​ណាស់ ត្រង់​ថា​យើង​ត្រូវ​តែ​ដឹង​អំពី​របៀប​ដែល​ជំរុញ​ចិត្ត​យើង ពីព្រោះ​ប្រសិន​បើ​យើង​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​នៅ​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ នោះ​មិន​យូរ​មិន​ឆាប់​​យើង​នឹង​បាត់​បង់​ការ​ជំរុញ​ចិត្ត​ជា​មិន​ខាន។

ជំនាញ

ខ្ញុំ​នឹង​ពន្យល់​បន្ថែម​តែ​បន្តិច​បន្តួច​ទេ​លើ​ចំណុច​បន្ត​បន្ទាប់​ពីរ​ទៀត។ ទី​មួយ គឺ​ការ​ជំរុញ​ចិត្ត។ ចំណុច​ទី​ពីរ​គឺ​ជា​ជំនាញ ឬ​ក៏​សមត្ថភាព​នៃ​ការ​អាន។ នេះ​គឺ​ជា​យោបល់​តែ​មួយ​គត់​របស់​ខ្ញុំ។ នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Reading the Bible Supernaturally” (ប្រែ​ថា «ការ​អាន​ព្រះ​គម្ពីរ​បែប​អធិធម្មជាតិ»)។ សៀវភៅ​នោះ​មាន​លើក​ឡើង​នូវ​ចំណុច​អនុវត្ត​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​លោក​អ្នក​កាន់​តែ​មាន​ជំនាញ​ក្នុង​ការ​ទទួល​បាន​អត្ថ​ន័យ​ចេញ​ពី​ព្រះ​គម្ពីរ។

នេះ​គឺ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​លើក​ឡើង​នៅ​ត្រង់​នេះ។ មាន​រឿង​អាថ៌កំបាំង​កើត​ឡើង​នៅ​ពេល​ដែល​យើង​យក​ប៊ិច ឬ​ក៏​ខ្មៅ​ដៃ—មិន​មែន​ក្តារ​ចុច ប៉ុន្តែ​គឺ​ប៊ិច ឬ​ក៏​ខ្មៅ​ដៃ—ហើយ​ថា​យើង​សរសេរ​ផ្ទាល់​នៅ​លើ​ព្រះ​គម្ពីរ ឬ​ក៏​ថា ប្រសិន​បើ​ខ​នៃ​ព្រះ​គម្ពីរ​ដែល​យើង​កំពុង​តែ​អាន​វែង​ពេក នោះ​យើង​អាច​ចម្លង​លើ​សៀវភៅ​កំណត់​ហេតុ​របស់​យើង​មួយ​ផ្សេង​ទៀត គឺ​យើង​សរសេរ​សំណួរ​ដែល​យើង​មាន ឬ​ក៏​ការ​សង្កេត​មើល​ដែល​យើង​ឃើញ អំពី​អ្វី​ដែល​យើង​កំពុង​តែ​អាន​នៅ​ក្នុង​ព្រះ​គម្ពីរ។

លោក​អ្នក​ទំនង​ជា​កំពុង​គិត​ថា «លោក​គ្រូ! បើ​ខ្ញុំ​ធ្វើ​ដូច្នោះ នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​សរសេរ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ចេះ​ហើយ។ ខ្ញុំ​កំពុង​តែ​សូម​ឲ្យ​លោក​គ្រូ​ជួយ​ខ្ញុំ​ឲ្យ​បាន​យល់»។ ការ​ឆ្លើយ​តប​របស់​ខ្ញុំ​គឺ​ថា «ទេ ទេ ទេ នោះ​មិន​មែន​ជា​ការ​ពិត​ទេ។ ទេ! ការ​សរសេរ​ចុះ​បែប​នោះ​នឹង​មិន​គ្រាន់​តែ​កត់​ចំណាំ​នូវ​អ្វី​ដែល​លោក​អ្នក​ចេះ​នោះ​ទេ»។ ការ​ចម្លង​ខ​គម្ពីរ​ចុះ​នឹង​បណ្ដាល​ឲ្យ​លោក​អ្នក​មាន​គំនិត ដែល​លោក​អ្នក​មិន​ធ្លាប់​មាន​ពី​មុន។ ការ​សរសេរ​ចុះ​នូវ​សំណួរ​ដែល​លោក​អ្នក​មាន​នឹង​បណ្ដាល​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​មាន​គំនិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ ដូច្នេះ នេះ​គឺ​ជា​យោបល់​មួយ​របស់​ខ្ញុំ​សម្រាប់​អ្នក​សួរ ដើម្បី​ជួយ​ឲ្យ​គាត់​បង្កើត​ជំនាញ​ឲ្យ​បាន​ដំណើរ​ការ។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ចុង​ក្រោយ។

ការ​បើក​សម្ដែង

ចំណុច​ទី៣នៃ​ចំណុច​ដែល​សំខាន់​គឺ​ការ​បើក​សម្ដែង។ នេះ​គឺ​ជា​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​អង្គ​បាន​បណ្ដាល​ឲ្យ​ព្រះ​ជាម្ចាស់​ផ្ទាល់—លក្ខណសម្បត្តិ​របស់​ទ្រង់ ព្រះ​ហឫទ័យ​របស់​ទ្រង់ និង​របៀប​របស់​ទ្រង់—បញ្ចាំង​ពន្លឺ​តាម​រយៈ​ព្រះ​បន្ទូល។ ការ​អធិស្ឋាន​គឺ​ជា​ចំណុច​គន្លឹះ​នៃ​ការ​ទទួល​បាន​ការ​បើក​សម្ដែង​នេះ។ ខ្ញុំ​និយាយ​ដូច្នេះ​ដោយ​សារ​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ១:១៨ សាវ័ក ប៉ុល បាន​អធិស្ឋាន​ដូច​នោះ។ គាត់​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បើក​ភ្នែក​នៃ​ដួង​ចិត្ត​របស់​គាត់ ឲ្យ​អាច​មើល​ឃើញ​បាន។ ដូច្នេះ សូម​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បើក​សម្ដែង​មក​កាន់​លោក​អ្នក​តាម​រយៈ​ព្រះ​បន្ទូល​ចុះ។

មិន​ថា​សម្រាប់​អ្នក​ដែល​កំពុង​តែ​សួរ​សំណួរ​នេះ ឬ​ក៏​អ្នក​ណា​ម្នាក់​ទៀត​ក៏​ដោយ​នៅ​ជុំ​វិញ​ពិភព​លោក សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​គឺ​ដូច​ត​ទៅ៖ «សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ការ​ជំរុញ​ចិត្ត​ខ្លាំង កាន់​តែ​មាន​ជំនាញ និង​ការ​បំភ្លឺ ដោយ​មាន​ការ​បំផ្លាស់​បំប្រែ​តាម​រយៈ​ការ​បើក​សម្ដែង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​របស់​យើង»។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​របៀប​ណា​ខ្លះ​ដែល​ខ្ញុំ​ជា​លោក​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​អាច​ជួយ​បណ្ដុះ​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស?

តើ​ពួក​អ្នក​មិន​ជឿ​នឹង​ត្រូវ​វិនាស ឬ​រង​ទុក្ខ​អស់​កល្ប​ជានិច្ច​ឬ? (វិវរណៈ ១៤)