in

តើ​ពួក​អ្នក​មិន​ជឿ​នឹង​ត្រូវ​វិនាស ឬ​រង​ទុក្ខ​អស់​កល្ប​ជានិច្ច​ឬ? (វិវរណៈ ១៤)

[៦]ខ្ញុំ​ក៏​ឃើញ​ទេវ​តា​១​ទៀត កំពុង​ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សម្រាប់​និង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួ​សារ​ដែរ។ [៧]ទេវ​តា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជម្រះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​ចុះ។
[៨]មាន​ទេវ​តា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរឃៅ​របស់​ការ​កំផិត​ខ្លួន។ [៩]រួច​មាន​ទេវ​តា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ហើយ​ទទួល​ទី​សម្គាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ [១០]អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ភ្លើង និង​ស្ពាន់​ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវ​តា​បរិសុទ្ធ និង​កូន​ចៀម​ផង។ [១១]ឯ​ផ្សែង​នៃ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ និង​ហុយ​ឡើង​អស់​កល្ប​ជា​និច្ច​រៀង​រាប​ត​ទៅ គេ​នឹង​ឥត​មាន​សេចក្ដី​ស្រាក​ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ឬ​អ្នក​ណា​ដែល​ទទួល​ទី​សម្គាល់​នៃ​ឈ្មោះ​វា​ផង។ [១២]នេះ​ហើយ​ជា​សេចក្ដី​អត់​ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​យេស៊ូវ។
[១៣]ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ​អម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះ​វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ ក៏​តាម​គេ​ជាប់។(វិវរណៈ ១៤:៦-១៣)

ចូរ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ និង​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់​ចុះ
ទិដ្ឋភាព​ប្រែ​ពី​ស្ថានសួគ៌​ទៅ​ផ្ទៃ​មេឃ។ ត្រង់​កន្លែង​នេះ​សាវ័ក យ៉ូហាន ប្រើ​វាក្យ​សព្ទ «កណ្ដាល​មេឃ» (ភាសា​ក្រិក «មេស៊ូរានីម៉ា» mesouranēma) ប្រែ​ថា «នៅ​ពីលើ​ក្បាល» ដើម្បី​បង្ហាញ​អំពី​ផ្ទៃ​មេឃ​នៅ​សំកាំង​ពី​លើ​ផែនដី (វិវរណៈ ៨:១៣; ១៩:១៧)។ ទេវតា​ទី​មួយ​ក្នុង​ចំណោម​ទេវតា​ទាំង​បី​ក៏​បាន​ចូល​មក​កាន់ ដោយ​នាំ​សារ​មួយ ជា​សារ​នៃ​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ប្រកាស​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី (ភាសា​ក្រិក «អេភិ ធួអឺស ខាធីមេននីអឺស» epi tous kathēmenous epi tēs gēs)។ កាន់​តែ​ច្បាស់ លើក​នេះ​សាវ័ក យ៉ូហាន មិន​បាន​ប្រើ​ឃ្លា «ពួក​អ្នក​ដែល​នៅ​លើ​ផែន​ដី» (ភាសា​ក្រិក «ហ៊យ កាថយគូនថេស អេភិ ធីស ហ្គីស» hoi katoikountes epi tēs gēs; វិវរណៈ ៣:១០; ៦:១០; ៨:១៣; ១១:១០; ១៣:៨, ១២, ១៤; ១៧:២, ៨) ដែល​ជា​ពាក្យ​គន្លឹះ សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​មិន​ជឿ (វិវរណៈ ៣:១០)។ ត្រង់​ចំណុច​នេះ គាត់​និយាយ​អំពី​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ដែល​មក​ពី​គ្រប់​ក្រុម គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍(ម៉ាថាយ ២៤:១៤)។ ពាក្យ «ដំណឹង​ល្អ» សំដៅ​អំពី​សេចក្តី​សង្គ្រោះ​ដែល​បាន​បម្រុង​ទុក​ជា​ស្រេច ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​ដែរ អស់​អ្នក​ណា​ដែល​មិន​ទទួល​យក​ដំណឹង​ល្អ​នេះ នោះ​ពួក​គាត់​នឹង​ត្រូវ​ជាប់​ជំនុំ​ជម្រះ។

ទេវតា​បាន​ហៅ​មនុស្ស​ទាំង​អស់ ដោយ​មិន​មាន​ការ​លើក​លែង ឲ្យ​កោត​ខ្លាច​ដល់​ព្រះ ហើយ​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់(វិវរណៈ ១៥:៤; ក៏​ដូច​ជា​នៅ​ក្នុង​កណ្ឌ​គម្ពីរ យេរេមា ១៣:១៦)។ ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់ ដែល​ជា​ព្រះ​អាទិករ​ដែល​បាន​បង្កើត​ស្ថានសួគ៌និង​ផែនដី គឺ​ជា​ការ​តម្រូវ​ជា​មូលដ្ឋាន​សម្រាប់​មនុស្ស​ជាតិ(កិច្ចការ ៤:២៤; រ៉ូម ១:២១)។ អ្នក​កាត់​ស្រាយ​ព្រះ​បន្ទូល​ខ្លះ​ជំទាស់​ថា ការ​ថ្វាយ​សិរី​ល្អ​នៅ​ត្រង់​ខ​នេះ គឺ​សំដៅ​ទៅ​លើ​ពួក​អ្នក​មិន​ទាន់​ទទួល​ជឿ​ដែល​បាន​មក​គោរព​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ នៅ​ថ្ងៃ​ចុង​ក្រោយ(ភីលីព ២:៩-១១)។ អ្នក​កាត់​ស្រាយ​ទាំង​នោះ​ចោទ​សួរ​ថា តើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​ល្អ ពិត​ជា​មាន​នៅ​ក្នុង​ទិដ្ឋភាព​នៅ​ត្រង់​ហ្នឹង​មែន​ឬ ព្រោះ​មិន​ឃើញ​មាន​និយាយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ទាល់​តែ​សោះ។ ទោះ​បើ​អញ្ចឹង​ក៏​ដោយ នៅ​ត្រង់​ចំណុច​នេះ វា​នៅ​តែ​មាន​ទំនោរ​ទៅ​រក​ការ​ធានា​អំពី​សេចក្ដី​សង្គ្រោះ​ដដែល។ សាវ័ក យ៉ូហាន មិន​ចាំ​បាច់​ត្រូវ​រៀប​រាប់​អ្វី​គ្រប់​យ៉ាង ក្នុង​រាល់​អត្ថបទ​នោះ​ទេ ព្រោះ​អ្វី​ដែល​នៅ​សល់​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​អាច​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ឬ​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់​បាន​ទេ ប្រសិន​បើ​ពួក​គេ​មិន​ថ្វាយ​បង្គំ​កូន​ចៀម និង​គោរព​កោត​ខ្លាច​ដល់​ទ្រង់។ ជា​ច្រើន​លើក​ច្រើន​សារ នៅ​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ យើង​ឃើញ​ថា ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់ គឺ​ជា​សកម្មភាព​របស់​ពួក​បរិសុទ្ធ (វិវរណៈ ១៥:៤; ១៦:៩; ១៩:៥) ។ មនុស្ស​ទាំង​អស់​ត្រូវ​បាន​ហៅ​មក​ឲ្យ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ហើយ​និង​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់ ដ្បិត​ពេល​វេលា​នៃ​ការ​ជំនុំ​ជម្រះ​បាន​ខិត​ជិត​មក​ដល់​ហើយ ហើយ​អស់​អ្នក​ណា​ដែល​មិន​គោរព​កោត​ខ្លាច និង​ថ្វាយ​បង្គំ​ដល់​ទ្រង់ នោះ​នឹង​ត្រូវ​ជាប់​ទោស។

ទេវតា​មួយ​ទៀត​ក៏​បាន​លេច​មក ដោយ​បន្លឺ​សំឡេង​ថា «ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ»។ ហោរា អេសាយ និង​ហោរា យេរេមា បាន​ទាយ​អំពី​ការ​ដួល​រលំ​នៃ​ទីក្រុង​បាប៊ីឡូន​នេះ ហើយ​ទំនាយ​នេះ​ក៏​បាន​សម្រេច​នៅ​ក្នុង​ឆ្នាំ ៥៣៦ មុន​គ.ស រួច​ហើយ​ដែរ (អេសាយ ២១:៩; យេរេមា ៥១:៨)។ សាវ័ក យ៉ូហាន បាន​ប្រដូច​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ទីក្រុង​បាប៊ីឡូន​ទៅ​នឹង​ទីក្រុង​រ៉ូម ដោយ​បង្ហាញ​ថា ទីក្រុង​បាប៊ីឡូន​គឺ​ជា​អ្នក​នាំ​មុខ និង​ជា​ប្រភេទ​ដែល​បដិសេធ​ព្រះ​ដែល​នឹង​ត្រូវ​មក​ដល់ (វិវរណៈ ១៧:១-១៩:៥; ១ពេត្រុស ៥:១៣)។ សាវ័ក យ៉ូហាន នឹង​រៀប​រាប់​បន្ថែម​ទៀត​លើ​ពាក្យ​របស់​ទេវតា​យ៉ាង​ច្បាស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៧:១-១៩:៥ ប៉ុន្តែ​នៅ​ទី​នេះ គាត់​ប្រកាស​ប្រាប់​អំពី​ការ​ដួល​រលំ​នៃ​ទីក្រុង​បាប៊ីឡូន (វិវរណៈ ១៨:២, ១០, ២១)។ ទីក្រុង​បាប៊ីឡូន​ទទួល​ការ​ជំនុំ​ជម្រះ ដោយ​ព្រោះ​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​នានា​ផឹក​ស្រា​ទំពាំងបាយជូរ​នៃ​អំពើ​សហាយស្មន់​របស់​វា (វិវរណៈ ១៦:១៩; ១៧:២, ៥; ១៨:៣)។ អំពើ​សហាយស្មន់​ត្រង់​នេះ​មាន​ន័យ​ខាង​ឯ​វិញ្ញាណ​ទេ មិន​មែន​ន័យ​ចំ​នោះ​ឡើយ ទោះ​បើ​វា​ក៏​រួម​បញ្ចូល​ទាំង​គំនិត​នៃ​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ក៏​ដោយ។ ការ​ផ្ដោត​សំខាន់​គឺ​នៅ​តែ​សំដៅ​ទៅ​លើ​ការ​កំផិត និង​អំពើ​ពេស្យាចារ​ខាង​ឯ​វិញ្ញាណ​ដដែល (យេរេមា ៣:៨-៩; អេសេគាល ១៦; ២៣; ហូសេ ១:១-៣:៥)។ ទីក្រុង​បាប៊ីឡូន​នឹង​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ចំពោះ​ការ​លើក​ទឹក​ចិត្ដ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ដោយ​ប្រកាស​ពាស​ពេញ​ផែនដី​នូវ​សារ​ដែល​ថា វា​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ពិត​តែ​មួយ​អង្គ។

ការ​ព្រមាន​ដ៏​ខ្លាំង​ក្លា
រួច​ទេវតា​ទី​បី​ក៏​បាន​មក​ដល់​តាម​ក្រោយ ហើយ​ប្រកាស​ជា​ទូទៅ​ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ។ រៀង​រាល់​លើក ទេវតា​បន្លឺ​សម្លេង​ថា គ្រប់​គ្នា​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត ជំនួស​ឲ្យ​ព្រះ​ក្លែង​ក្លាយ។ ក្នុង​គ្រប់​ចំណុច ទេវតា​បាន​លើក​ឡើង​អំពី​ការ​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិតតែ​មួយ ជាជាង​ព្រះ​ក្លែងក្លាយ។ នៅ​ត្រង់​ចំណុច​នេះ ទេវតា​បាន​លើក​ឡើង​អំពី​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​សត្វ (ចក្រភព​រ៉ូម) និង​រូប​របស់​សត្វ​នោះ ព្រម​ទាំង​បាន​ទទួល​សញ្ញា​របស់​សត្វ​នោះ​នៅ​លើ​ថ្ងាស និង​នៅ​លើ​ដៃ​របស់​ពួក​គេ​ទៀត​ផង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៣:១៦-១៧ យើង​ដឹង​ថា ពួក​អ្នក​ដែល​បាន​ទទួល​សញ្ញា​សម្គាល់​នេះ គឺ​សម្រាប់​តែ​ហេតុ​ផល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​រីក​ចម្រើន​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ។ តែ​យ៉ាង​ណា​មិញ ការ​ទទួល​យក​សញ្ញា​សម្គាល់​នេះ គឺ​មិន​គ្រាន់​តែ​ជា​ការ​សម្រេច​ចិត្ត​ខាង​ឯ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​អំពី​ភក្តី​ភាព​ដ៏​ខ្លាំង​បំផុត​របស់​ពួក​គេ ដោយ​បង្ហាញ​ថា​ទីក្រុង​រ៉ូម និង​ទ្រព្យ​សម្បត្តិ​ដ៏​មហា​សាល និង​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​វា​មាន​សារៈ​សំខាន់​ចំពោះ​ពួក​គេ ជា​ជាង​ព្រះ​ទៅ​ទៀត។

ការ​ព្រមាន​នេះ​គឺ​ខ្លាំង​ក្លា​ណាស់។ អស់​អ្នក​ដែល​ថ្វាយ​បង្គំ​សត្វ ឬ​ទទួល​សញ្ញា​សម្គាល់​របស់​សត្វ​នោះ​នឹង​ត្រូវ​ផឹក​ពី​ពែង​នៃ​ស្រា​ទំពាំងបាយជូរ​នៃ​សេចក្តី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ (វិវរណៈ ១៦:១៩) ដែល​នោះ​ជា​ពាក្យ​ដែល​ប្រើ​ប្រាស់​ញឹកញាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​បង្ហាញ​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជាម្ចាស់​ដល់​អស់​អ្នក​ដែល​បះបោរ​ប្រឆាំង​នឹង​ទ្រង់ (ទំនុកតម្កើង ៧៥:៨; អេសាយ ៥១:១៧, ២២; យេរេមា ២៥:១៥)។ ពិត​ណាស់ ពួក​អ្នក​ដែល​បះបោរ​នឹង​ភ្លក់​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ ក្នុង​របៀប​ដែល​មិន​ចេះ​រលត់។ ព្រះ​អង្គ​នឹង​មិន​រំលង​ពួក​គេ ឬ​ក៏​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ឡើយ។ ព្រះ​នឹង​បង្ហូរ​សេចក្តី​ក្រោធ​របស់​ទ្រង់​មក​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​រង​ទុក្ខ​វេទនា​ពី​ភ្លើង និង​ស្ពាន់ធ័រ (វិវរណៈ ១៩:២០; ២០:១០; ២១:៨; លោកុប្បត្ដិ ១៩:២៤; ទំនុកតម្កើង ១១:៦; អេសេគាល ៣៨:២២)។ ការ​ប្រើ​ភាសា​ថា «ភ្លើង និង​ស្ពាន់ធ័រ» មិន​ចាំ​បាច់​មាន​ន័យ​ត្រង់​នោះ​ទេ ប៉ុន្តែ​យ៉ាង​ណា​មិញ ការ​រងទុក្ខ​នឹង​នាំ​មក​នូវ​សេចក្តី​វេទនា និង​ការ​ព្រួយ​ចិត្ត​នៅ​ពេល​ដែល​ពួក​គេ​រង​ទុក្ខ នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ និង​កូន​ចៀម។

សាវ័ក យ៉ូហាន បាន​បន្ត​បរិយាយ​យ៉ាង​លម្អិត​អំពី​ការ​ដាក់​ទោស​របស់​ពួក​គេ។ ផ្សែង​នៃ​សេចក្តី​វេទនា​របស់​ពួក​គេ​នឹង​ហុយ​ឡើង​ជា​ដរាប​ទៅ (វិវរណៈ ១៩:៣; និង​អេសាយ ៣៤:១០)។ អ្នក​ខ្លះ​យល់​ថា ផ្សែង​នេះ​មាន​ន័យ​ថា ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង (annihilated) ដោយ​លែង​មាន​ទៀត ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ផ្ទុយ​ទាំង​ស្រុង​ពី​អ្វី​ដែល​បាន​លើក​ឡើង​អំពី​ការ​ដាក់​ទោស​នៅ​ក្នុង​ខ១០ និង​ឃ្លា​ក្នុង​ខ១១ ដែល​សាវ័ក យ៉ូហាន បាន​សរសេរ​ថា ពួក​គេ​នឹង​មិន​មាន​ពេល​សម្រាក​ទាំង​ថ្ងៃ​ទាំង​យប់​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បទ​ពិសោធន៍​នៃ​ការ​ដាក់​ទោស​របស់​ពួក​គេ​គឺ​នៅ​តែ​បន្ត​ជា​រៀង​រហូត។ ទិដ្ឋភាព​នៃ​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ​នេះ​មាន​ភាព​ដូច​គ្នា​ទៅ​នឹង​ការ​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២៥:៤៦ ដែល​បាន​រៀប​រាប់​ថា​មនុស្ស​សុចរិត​រីករាយ​នឹង​មាន «ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច» ឯ​មនុស្ស​ទុច្ចរិត​វិញ នោះ​នឹង​ប្រឈម​មុខ​នឹង​ការ «មាន​ទោស​អស់​កល្ប​ជានិច្ច» (ផង​ដែរ ម៉ាថាយ ២៥:៤១)។ អ្នក​អាន​បាន​ទទួល​សារ​នៃ​ការ​ព្រមាន​ថា ការ​រង​ទុក្ខ​ដ៏​គួរ​ឲ្យ​ខ្លាច​នឹង​បន្ត​មាន​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រសិន​បើ​ពួក​គេ​ថ្វាយ​បង្គំ​សត្វ និង​រូប​របស់​វា​នោះ ឬ​ក៏​ទទួល​យក​សញ្ញា​របស់​វា​ជា​ដើម។

ការ​ហៅ​មក​ឲ្យ​ស៊ូ​ទ្រាំ
ការ​ព្រមាន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៤:៩-១១ គឺ​មិន​មែន​សរសេរ​ឡើង​សម្រាប់​ពួក​អ្នក​មិន​ជឿ​នោះ​ទេ ពីព្រោះ​សាវ័ក យ៉ូហាន មិន​បាន​សរសេរ​កណ្ឌ​គម្ពីរ​វិវរណៈ​នេះ​សម្រាប់​ពួក​គេ​ទេ។ ការ​ព្រមាន​នេះ គឺ​ជា​ការ​និយាយ​សំដៅ​ទៅ​កាន់​ពួក​អ្នក​ជឿ («ពួក​បរិសុទ្ធ») ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ពួក​បរិសុទ្ធ​តយុទ្ធ​ដល់​ទី​បញ្ចប់។ ប្រសិន​បើ​ពួក​គេ​ផ្ដល់​ភក្ដីភាព​ដល់​សត្វ​នោះ នោះ​ពួក​គេ​នឹង​រង​ទុក្ខ​វេទនា​ជា​រៀង​រហូត។ ដូច្នេះ ការ​ព្រមាន​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៤:៩-១១ និង​សារ​របស់​ទេវតា​ទាំង​ពីរ​ដំបូង (វិវរណៈ ១៤:៦-៨) គឺ​ជា​ការ​ប្រាប់​ឲ្យ​អ្នក​អាន​របស់​សាវ័ក យ៉ូហាន នៅ​តែ​ស៊ូ​ទ្រាំ និង​កាន់​ខ្ជាប់​ជានិច្ច (វិវរណៈ ១២:១០)។ ការ​ស៊ូ​ទ្រាំ ក៏​ទទួល​បាន​ពន្យល់​បន្ថែម​ទៀត​ក្នុង​លក្ខខណ្ឌ​នៃ​ការ​រក្សា​បញ្ញត្តិ​របស់​ព្រះ​ជាម្ចាស់ និង​ការ​បន្ត​ដាក់​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ (វិវរណៈ ១២:១៧)។ ការ​ពិត​ជាក់​ស្ដែង​នៃ​សេចក្តី​ជំនឿ​របស់​ពួក​គេ​នឹង​បង្ហាញ​ដោយ​ខ្លួន​ឯង​តាម​របៀប​ដែល​អាច​សង្កេត​ឃើញ និង​ភាព​ជាក់​ស្ដែង—ពួក​អ្នក​ដែល​ស៊ូ​ទ្រាំ​ដើរ​តាម​ព្រះ​ជាម្ចាស់​ដោយ​ស្តាប់​បង្គាប់។

ជា​បន្ទាប់​ក៏​មាន​សំឡេង​ពី​ស្ថានសួគ៌​បន្លឺ​ឡើង ដោយ​និយាយ​សង្ខេប​ក្នុង​របៀប​ជា​ច្រើន​នូវ​សារ​ដែល​សរសេរ​ក្នុង​ជំពូក​នេះ​មក​ដល់​ពេល​នេះ ហើយ​តាម​ពិត​ទៅ​គឺ​កណ្ឌ​វិវរណៈ​ទាំង​មូល​ដែរ។ សាវ័ក យ៉ូហាន ត្រូវ​តែ​កត់ត្រា​នូវ​សារ​ដែល​ធានា​អះអាង​នេះ ដោយ​ព្រោះ​តែ​សារៈ​សំខាន់​របស់​សារ​នោះ។ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​ជឿ​ឲ្យ​មក​ស៊ូ​ទ្រាំ​ក្នុង​លោកីយ៍ ដែល​ប្រឆាំង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង។ ផែនដី​បច្ចុប្បន្ន​នេះ មិន​មែន​ជា​ផ្ទះ​របស់​ពួក​គេ​ទេ ដូច្នេះ​ហើយ​បាន​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រះ​អម្ចាស់​មាន​ពរ។ ពួក​គេ​ទុក​ការ​តយុទ្ធ​នៃ​លោកីយ៍​នេះ​នៅ​ពី​ក្រោយ (វិវរណៈ ៦:១១; ហេព្រើរ ៤:៩-១០) ដោយ​ប្ដូរ​មក​វិញ​នូវ​រង្វាន់​ចុង​ក្រោយ។ ព្រះ​វិញ្ញាណ​នឹង​អះអាង​បញ្ជាក់​ឡើង​វិញ​នូវ​ព្រះ​ពរ​របស់​ពួក​អ្នក​ស្លាប់៖ ពួក​អ្នក​ជឿ​នឹង​សម្រាក​ពី​ការ​នឿយ​លំបាក​នា​សម័យ​ដ៏​អាក្រក់​នេះ។ បន្ទាប់​មក ពួក​គេ​នឹង​ទទួល​បាន​ការ​ធូរ​ស្រាល​ពី​សម្ពាធ ដែល​បាន​ដាក់​ក្នុង​ជីវិត​របស់​ពួក​គេ។ សាវ័ក យ៉ូហាន បាន​លើក​ឡើង​ថា ពួក​អ្នក​ជឿ​នឹង​សម្រាក ពីព្រោះ​ការងារ​របស់​ពួក​គេ​មក​តាម​ពួក​គេ។ បើ​និយាយ​មួយ​បែប​ទៀត ការងារ​របស់​ពួក​គេ​នឹង​ធ្វើ​ទី​បន្ទាល់​ថា ពួក​គេ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់ ដូច្នេះ​ការ​សម្រាក​នឹង​ផ្តល់​ឲ្យ​ពួក​គេ​ជា​ការ​ធានា។

និពន្ធ​ដោយ៖ Thomas R. Schreiner
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មូល​ហេតុ៣យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ