in

តើ​អ្វី​ទៅ​ជា​អត្ថន័យ​នៃ​បុណ្យ​ណូអែល?

What Is the Christmas Spirit?

តើ​អត្ថន័យ​បុណ្យ​ណូអែល​ផ្ដោត​រំពឹង​ទៅ​លើ​កាដូ ដើម​ណូអែល ឬ​ក៏​ភ្លើង​ពណ៌​ផ្សេងៗ​មែន​ឬ? មិន​ដូច្នេះ​ទេ! យើង​អាច​រក​អត្ថន័យ​ឃើញ​នៅ​ក្នុង​អំណរ​នៃ​ការ​ដឹង​ថា ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទាក់ទង​នឹង​រឿង​ដែល​ព្រះគ្រីស្ទ​ប្រសូត​មក​ជា​មនុស្ស គឺជា​រឿង​ពិត!

មាន​បុណ្យ​ណូអែល​មួយ ដែល​ពេល​នោះ​ខ្ញុំ​បាន​អាន​កាសែត​និពន្ធ​ដោយ​អ្នកសារព័ត៌មាន​ដែល​គាត់​កំពុងតែ​ព្យាយាម​ស្វែងរក​អត្ថន័យ​នៃ​បុណ្យ​ណូអែល។ សេចក្តី​សន្និដ្ឋាន​ពី​ការ​ស្វែងរក​របស់​គាត់ គឺ​គាត់​បាន​ឲ្យ​ពិន្ទុ​យ៉ាង​ល្អ​បំផុត​ទៅ​លើ​ចម្លើយ​របស់​ខ្លួន​ឯង ដោយ​បាន​លើក​ឡើង​ថា៖ «អត្ថន័យ​នៃ​បុណ្យ​ណូអែល​គឺ​មាន​នៅ​ក្នុង​ចិត្ត​របស់​លោកអ្នក។ វា​គឺ​ជា​អារម្មណ៍​ដ៏​កក់ក្ដៅ ជា​អារម្មណ៍​ដែល​ជះ​ពន្លឺ ហើយ​លោកអ្នក​ក៏​មិន​អាច​ប្រើ​លុយ​ទិញ​អត្ថន័យ​នេះ​បាន​ទេ ហើយ​ក៏​មិន​អាច​យក​អត្ថន័យ​នេះ​ចេញពី​បុគ្គល​ណា​ម្នាក់​បាន​ដែរ»។

នេះ​ឯង​ជា​គំនិត​ដ៏​មាន​ប្រជាប្រិយភាព​ទាក់ទង​ទៅ​នឹង​បុណ្យ​ណូអែល​គឺ​ថា អត្ថន័យ​គឺ​នៅ​ក្នុង​យើង​ផ្ទាល់។ យើង​គ្រាន់តែ​ត្រូវ​ទទួល​យក​វា​តែ​ប៉ុណ្ណោះ។ តើ​អ្នក​នោះ​មាន​ន័យ​ថា យើង​គ្រាន់តែ​ទាញ​យក​របស់​មក​តុបតែង ហើយ​ចាក់​បទចម្រៀង​ដែល​ទាក់ទង​នឹង​បុណ្យ​ណូអែល​ប៉ុណ្ណោះ ហើយ​រាប់​ថា​នេះ​ជា​បុណ្យណូអែល​ឬ? តើ​យើង​ត្រូវ​តែ​មាន​ដើម​ណូអែល​ឬ? ហើយ​តើ​យើង​គួរ​តែ​មាន​ខ្សែ​អំពូល​ភ្លើង​ភ្លឺ​ភ្លឹបភ្លែតៗ​មួយ​ខ្សែ​ឬ​ពីរ​ខ្សែ​ឬ? ឬ​ក៏​វា​ទាក់ទង​ទៅ​នឹង​ការ​ដែល​ត្រូវ​មាន​កាដូ​ឲ្យ​ច្រើន​ជាង​មុន? ឬ​ក៏​ទាល់តែ​យើង​ត្រូវ​តុបតែង​គេហដ្ឋាន​ឲ្យ​បាន​ស្អាត​ជាង​អ្នក​ដែល​នៅ​ជិត​ខាង​យើង​មែន​ឬ?

ការ​វិល​ត្រឡប់​ទៅ​ចំណុច​ដើម

ដូច្នេះ​ខ្ញុំ​ក៏​បាន​សម្រេចចិត្ត​អាន​រឿង​ទាក់ទង​នឹង​បុណ្យណូអែល​នៅ​ក្នុង​ព្រះគម្ពីរ​ជា​ថ្មី​ម្ដង​ទៀត។ ខ្ញុំ​ចង់​សិក្សា​ពី​ការ​ឆ្លើយតប​របស់​អ្នកគង្វាល​ដែល​គាត់​កំពុងតែ​ធ្វើ​ការ​នៅ​វេលា​យប់​នោះ ហើយ​ពួកគាត់​ជា​មនុស្ស​ដំបូង​ដែល​ទទួល​បាន​ដំណឹង​ទាក់ទង​នឹង​ការ​ប្រសូត​របស់​ព្រះ​ឱរស​យេស៊ូវ។ ព្រះគម្ពីរ​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ថា បន្ទាប់ពី​ពួកគេ​បាន​ឃើញ​ទ្រង់ នោះ​ពួកគេ​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​ហ្វូង​ចៀម​របស់​ពួកគេ​វិញ «ទាំង​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ​ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ» (លូកា ២:៨-២០)។

សូម​ចងចាំ​ថា អ្នកគង្វាល​ចៀម​នៅ​សម័យកាល​នោះ មិន​សូវ​ជា​មាន​ភាព​ស្លូតបូត ឬ​មាន​សម្ដី​ទន់ភ្លន់​ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​រូប​កាត​ណូអែល​មួយ​ចំនួន​នោះ​ទេ។ តែ​ពួកគាត់​ក៏​ទំនង​ជា​មាន​ភាព​មាំមួន រឹង​ពឹង ដែល​និយាយ​ឲ្យ​ខ្លី​ទៅ លោក​អ្នក​មិន​គួរ​បបួល​ពួកគាត់​មក​វាយ​គ្នា​ឡើយ ព្រោះ​ពួកគាត់​ខ្លាំងៗ។ ពេល​ដែល​ព្រះគម្ពីរ​លើកឡើង​ថា ពួកគាត់​បាន​ថ្វាយ​សិរីល្អ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ការ​នោះ​គឺ​ជា​ការ​ពណ៌នា​ដែល​ស្រដៀង​ទៅ​នឹង​ការ​ប្រកួត​កីឡា​វគ្គ​ជម្រុះ​ចោល​មួយ ហើយ​នៅ​ពេល​ដែល​ក្រុម​ដែល​យើង​គាំទ្រ​ទទួល​បាន​ជ័យជម្នះ នោះ​យើង​នឹង​លោត​រាំ​កញ្ឆេ​អបអរ​សាទរ​យ៉ាង​កក្អាកកក្អាយ​ទាំង​ស្រែក​យ៉ាង​ខ្លាំងៗ​ផង។ ហើយ​នោះ​ឯង​ជា​ប្រភេទ​នៃ​ការ​អបអរ​សាទរ​តែ​មួយ​គត់​ដែល​ពួក​អ្នក​គង្វាល​ដឹង​ទាក់ទង​នឹង​ការ​សរសើរ​តម្កើង។ និយាយ​រួម​ទៅ ពួកគេ​មាន​ការ​រន្ធត់​ញាប់ញ័រ​ជា​ខ្លាំង!

ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​បាន​ផ្លាស់ប្ដូរ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់។ នោះ​ឯង​ជា​អ្វី​ដែល​ពួក​អ្នក​គង្វាល​ជា​អ្នក​ដែល​ធ្វើ​ការ​យ៉ាង​នឿយហត់​បាន​អបអរ​សាទរ​យ៉ាង​រំភើប​ញាប់ញ័រ​ក្រៃលែង! ព្រះ​ឱរស​អង្គ​មួយ​នោះ គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ដល់​ម្ល៉េះ «បានជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។

អត្ថន័យ​ដ៏​ពិត​នៃ​បុណ្យ​ណូអែល

ព្រះ​ឱរស​នោះ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​ចម្ងល់​ជា​ថ្មី​ម្ដង​ទៀត​ថា «តើ​អ្វី​ទៅ​ជា​អត្ថន័យ​នៃ​បុណ្យ​ណូអែល?»។ ខ្ញុំ​ជឿ​ថា អត្ថន័យ​នៃ​បុណ្យ​ណូអែល​គឺ ការ​មាន​អំណរ​ដ៏​ជ្រាលជ្រៅ​ដោយសារ​យើង​ដឹង​យ៉ាង​ច្បាស់​លាស់​ថា រឿង​នៃ​ព្រះ​ឱរស​ដែល​ជា​ព្រះគ្រីស្ទ គឺ​ជា​រឿង​ដ៏​ពិត ហើយ​មាន​ពេញ​ដោយ​សិរីល្អ​មែន។ នៅ​ឆ្នាំ​នេះ​នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល ហើយ​ពេល​នោះ​ពួកគាត់​នឹង​ដូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នឹង​រីករាយ​ជា​ខ្លាំង។ ប៉ុន្តែ ពួកគេ​នឹង​មិន​ដែល​យល់​ពី​ភាព​ស៊ី​គ្នា​រវាង​ការ​ប្រារព្ធ និង​មូលហេតុ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ។ ពួកគាត់​ប្រៀប​ដូចជា​មនុស្ស​ដែល​ទៅ​ចូល​រួម​ពិធី​មង្គលការ​មួយ​ដែល​កំពុង​តែ​អរសប្បាយ​យ៉ាង​ក្អាកក្អាយ ប៉ុន្តែ​ពួកគាត់​ទាំង​នោះ​មិន​ដែល​ទាំង​ស្គាល់​កូន​ក្រមុំ ឬ​ក៏​កូន​កំលោះ​សោះ​ឡើយ។

នេះ​ហើយ​គឺ​ជា​ភាព​ខុស​គ្នា​រវាង​អស់​អ្នក​ដែល​ស្គាល់​អត្ថន័យ​នៃ​បុណ្យ​ណូអែល​ដ៏​ពិត និង​អ្នក​ដែល​មិន​បាន​ស្គាល់​អត្ថន័យ​នៃ​បុណ្យ​ណូអែល​នេះ។ ចំពោះ​អស់​អ្នក​ណា​ដែល​ពិត​ជា​ស្គាល់​ពី​អត្ថន័យ​នៃ​បុណ្យ​ណូអែល​នេះ ទោះបើ​គេ​ដក​ដើម​ណូអែល ដក​ភ្លើង​ពណ៌ ដក​កាដូ ដក​ម្ហូបអាហារ និង​ដក​បទ​ចម្រៀង​ដែល​ទាក់ទង​នឹង​បុណ្យ​ណូអែល​ចេញ​ក៏​ដោយ ក៏​ពួកគាត់​នឹង​នៅ​តែ​មាន​អំណរ​នោះ​ដដែល។ ពីព្រោះ​រឿង​នៃ​ការ​ដែល​ព្រះ​បាន​យាង​មក​លើ​ផែនដី​ក្នុង​នាម​ជា​ព្រះ​ឱរស​ជា​រឿង​ពិត​ប្រាកដ ហើយ​ពួកគាត់​ក៏​បាន​ស្គាល់​ពី​ព្រះគ្រីស្ទ​ផ្ទាល់​ដែល​ទ្រង់​បាន​ប្រសូត ហើយ​ផ្ទំ​នៅ​ក្នុង​ស្នូក​ផង​ដែរ។

តើ​ព្រះ​ឱរស​ដែល​ផ្ទំ​នៅ​ក្នុង​ស្នូក​នោះ​មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា?

តើ​លោកអ្នក​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ដែល​ព្រះ​ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​ដែរ​ឬ​ទេ? ពួក​ទេវតា​បាន​ប្រាប់​ទៅ​កាន់​ពួក​អ្នកគង្វាល​ថា «…ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្ដា​ជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ​អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់» (លូកា ២:១០-១១)។ ព្រះ​ឱរស​នោះ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ផ្ទំ​ក្នុង​ស្នូក ទ្រង់​ផ្ទាល់​គឺ​ជា​ព្រះ។ ការ​ដែល​ព្រះ​រាជបុត្រា​របស់​ព្រះ​យាង​មក​យក​កំណើត​ជា​មនុស្ស នោះ​ឯង​គឺ​ជា​ការ​ដ៏​អស្ចារ្យ។ ហើយ​៣៣ឆ្នាំ​ក្រោយ​មក ព្រះ​អង្គ​បាន​សុគត​ជំនួស​យើង។ «ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួបសង្រួម​តែ​១ នៅ​កណ្ដាល​ព្រះ​នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់» (១ធីម៉ូថេ ២:៥-៦)។ ព្រះយេស៊ូវ​បាន​យាង​មក​បង់​ថ្លៃ​លោះ​នៃ​អំពើ​បាប​របស់​យើង​ដែល​យើង​មិន​អាច​បង់​បាន។

យញ្ញបូជា​នៅ​លើ​ឈើឆ្កាង​ដោយ​ការ​សុគត​របស់​ទ្រង់​បាន​បង់​ថ្លៃ​លោះ​នូវ​រាល់​អំពើ​បាប​ដែល​លោកអ្នក ហើយ​និង​ខ្ញុំ​បាន​ប្រព្រឹត្ត ទាំង​នៅ​អតីតកាល និង​នា​ពេល​អនាគត​ផង​ដែរ។ «ដ្បិត​ឯ​ព្រះ​អង្គ​ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ» (២កូរិនថូស ៥:២១)។ ការ​ដែល​ព្រះគ្រីស្ទ​រស់​ឡើង​វិញ​បី​ថ្ងៃ​ក្រោយ​ទ្រង់​បាន​សុគត​នោះ (លូកា ២៤) គឺ​ជា​អំណះអំណាង​ថា ព្រះវរបិតា​បាន​ទទួល​ថ្លៃលោះ។ ឥឡូវ​នេះ «…អ្នកណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ» (យ៉ូហាន ៣:១៨) ។

តើ​លោកអ្នក​ចង់​ទទួល​បាន​អត្ថន័យ​នៃ​បុណ្យ​ណូអែល​តាមរយៈ​ការ​ស្គាល់​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ? តើ​លោកអ្នក​ចង់​ទទួល​បាន​នូវ​ការ​អត់ទោស និង​ជីវិត​អស់កល្ប​ជានិច្ច​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​លើ​ពិភពលោក​នេះ ដើម្បី​ផ្ដល់​ជូន​ដល់​លោកអ្នក​ដែរ​ឬ​ទេ? លោកអ្នក​អាច​លើក​ឡើង​ពី​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់​លោកអ្នក​ដោយ​ការ​ជឿ​ទុកចិត្ត​លើ​ទ្រង់​នៅ​ឥឡូវ​នេះ។ បើ​លោកអ្នក​មាន​បំណង​ចង់​ស្គាល់​ព្រះគ្រីស្ទ នោះ​សូម​ប្រើ​លំនាំ​នៃ​សេចក្តី​អធិស្ឋាន​ដូច​ខាង​ក្រោម​នេះ​ជា​គំរូ៖

ឱ! ព្រះអម្ចាស់​យេស៊ូវ​អើយ! ខ្ញុំ​ចង់​ស្គាល់​ព្រះអង្គ​ដោយ​ផ្ទាល់។ ខ្ញុំ​សូម​អរ​ព្រះគុណ​ដែល​ទ្រង់​បាន​សុគត​នៅ​លើ​ឈើឆ្កាង​ជំនួស​បាប​របស់​ខ្ញុំ។ ខ្ញុំ​សូម​បើក​ទ្វារ​ដួងចិត្ត​របស់​ខ្ញុំ​ទៅ​ចំពោះ​ព្រះអង្គ ហើយ​សូម​អញ្ជើញ​ព្រះអង្គ​យាង​មក​គង់​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ដើម្បី​ធ្វើ​ជា​ព្រះ​សង្គ្រោះ​របស់​ខ្ញុំ។ ខ្ញុំ​សូម​អរ​ព្រះគុណ​ដែល​ទ្រង់​បាន​អត់ទោស​គ្រប់​ទាំង​អំពើ​បាប​របស់​ខ្ញុំ ហើយ​ថែម​ទាំង​ប្រទាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ឲ្យ​ខ្ញុំ​ទៀត​ផង។ សូម​ទ្រង់​កែច្នៃ​ខ្ញុំ​ឲ្យ​បាន​ទៅ​ជា​បុគ្គល​ដែល​ទ្រង់​សព្វព្រះហឫទ័យ​ចុះ។ អាម៉ែន!

និពន្ធ​ដោយ៖ លោក​គ្រូ Dan Schaeffer

ដក​ស្រង់ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ណាថាន វែល និង​​លោក ទេព រ៉ូ

ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

យក​កំណើត​ជាមនុស្ស

​គ្មាន​ការ​លះបង់​