in

តើ​យើង​អាច​រក​បាន​អត្ថន័យ​នៅ​ក្នុង​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​បាន​យ៉ាង​ដូច​ម្ដេច?

«ជម្រាប​សួរ​លោក​គ្រូ! វា​គឺ​ជា​ព្រះ​ពរ​ដល់​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​ចម្លើយ​ដ៏​ខ្លីៗ តាម​រយៈ​ការ​ស្ដាប់ ឬ​ក៏​អាន​អត្ថបទ​របស់​លោក​គ្រូ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​សំណួរ​សំខាន់ៗ​សម្រាប់​ជីវិត​របស់​យើង។ ខ្ញុំ​មាន​សំណួរ​មួយ​ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ លោក​គ្រូ​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ដែល​លោក​គ្រូ​បាន​ចាប់​ផ្ដើម​យល់​អំពី​របៀប​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​រៀប​រៀង​ការ​វែក​ញែក និង​ការ​យល់​អំពី​របៀប​នៃ​ការ​វែក​ញែក​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ពេល​អាន​ព្រះ​គម្ពីរ នោះ​គឺ​ជា​អ្វី​ដែល​បាន​បំផ្លាស់​បំប្រែ​របៀប​នៃ​ការ​ដែល​លោក​គ្រូ​អាន​ព្រះ​គម្ពីរ​យ៉ាង​ខ្លាំង ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​អ្នក​និពន្ធ ដែល​នេះ​មាន​ន័យ​ថា យើង​ក៏​យល់​អំពី​គោល​បំណង​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ដែរ។ ខ្ញុំ​យល់​អំពី​របៀប​នៃ​ការ​ធ្វើ​ដូច​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​នៅ​ក្នុង​កណ្ឌ​ប្រាជ្ញា ដូច​ជា​កណ្ឌ​សុភាសិត​ជា​ដើម។ ប៉ុន្តែ សំណួរ​របស់​ខ្ញុំ​គឺ​ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ។ ក្រុម​ជំនុំ​ខ្ញុំ​កំពុង​តែ​សិក្សា​កណ្ឌ​គម្ពីរ លូកា។ យើង​ដឹង និង​យល់​អំពី​របៀប​ដែល​កណ្ឌ​មួយ​នេះ​បាន​រៀប​រៀង​ឡើង ចុះ​ចំណែក​ឯ​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​វិញ? តើ​មាន​ចំណុច​គន្លឹះ​ខុសៗ​គ្នា​ដែល​លោក​គ្រូ​ព្យាយាម​រក​ដែរ​ឬ​ទេ? តើ​មាន​ឈ្នាប់​ផ្លាស់​ប្ដូរ​ជាក់​លាក់ ចំណុច​សម្គាល់ ឬ​ក៏​គន្លឹះ​ណា​មួយ​ដែល​លោក​គ្រូ​រក​នៅ​ក្នុង​ខ​គម្ពីរ​ដែល​រៀប​រាប់​អំពី​ដំណើរ​រឿង​ទាំង​នោះ​ដែរ​ទេ? 
ការ​ឃើញ​អ្វី​ដែល​អ្នក​និពន្ធ​កំពុង​តែ​មាន​ប្រសាសន៍
ខ្ញុំ​ធ្លាប់​បាន​ផ្ដោត​មើល​អំពី​របៀប​នៃ​ការ​យល់​នូវ​ផ្នត់​គំនិត​របស់​អ្នក​និពន្ធ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក​គោល​បំណង​ដ៏​ពិត​របស់​គាត់។ ហើយ​ខ្ញុំ​ជឿ​ថា គោល​បំណង​មូល​ដ្ឋាន​នៃ​ការ​អាន​គឺ ដើម្បី​ស្វែង​រក​គោល​បំណង​របស់​អ្នក​និពន្ធ គឺ​រក​នូវ​អ្វី​ដែល​គាត់​ព្យាយាម​​ចង់​ប្រាប់​ដល់​យើង។ សូម​យល់​ថា មាន​របៀប​ខុសៗ​គ្នា​ជា​ច្រើន​នៃ​ការ​ធ្វើ​បែប​នេះ ក្នុង​ការ​ស្វែងរក​គោល​បំណង​នោះ​នៅ​ពេល​ដែល​យើង​អាន ដូច​ជា​ទទួល​បាន​ការ​កម្សាន្ត​នៅ​ពេល​អាន​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រសិន​បើ​គ្មាន​ការ​ស្វែង​រក​ឥទ្ធិពល​មូល​ដ្ឋាន​នៃ​គោល​បំណង​របស់​អ្នក​និពន្ធ នោះ​មាន​ន័យ​ថា យើង​កំពុង​បង្ហាញ​ភាព​ឈ្លើយ​របស់​ខ្លួន ហើយ​យើង​ក៏​កំពុង​តែ​ប្រព្រឹត្ត​ចំពោះ​អ្នក​និពន្ធ​ក្នុង​របៀប​ដែល​យើង​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ប្រព្រឹត្ត​ចំពោះ​យើង នៅ​ពេល​ដែល​យើង​ព្យាយាម​ប្រាប់​អ្វី​មួយ ហើយ​មាន​គេ​ឆ្លើយ​តប​ថា «ខ្ញុំ​មិន​ខ្វល់​ថា​លោក​អ្នក​កំពុង​តែ​ព្យាយាម​និយាយ​អ្វី​នោះ​ទេ។ ខ្ញុំ​នឹង​កាត់​ស្រាយ​ពាក្យ​សម្ដី​របស់​លោក​អ្នក​ទៅ​ជា​របៀប​នេះ ឬ​ក៏​ជា​របៀប​នោះ តាម​តែ​ចិត្ត​របស់​ខ្ញុំ»។
ហើយ​ក្នុង​ដំណើរ​ការ​បែប​នោះ គឺ​យើង​នឹង​បាត់​បង់​ឱកាស​ដ៏​ធំ​ក្នុង​ការ​លូត​លាស់​ជា​មិន​ខាន។ ប្រសិន​បើ​យើង​មិន​ខ្វល់​អំពី​ការ​រក​ឃើញ​នូវ​អ្វី​ដែល​បុគ្គល​ម្នាក់​ទៀត​បាន​រក​ឃើញ​ថា ជា​ការ​ពិត ហើយ​យើង​គ្រាន់​តែ​បញ្ចូល​គំនិត​របស់​យើង​លើ​អ្វី​ដែល​គាត់​បាន​និពន្ធ នោះ​យើង​នឹង​មិន​លូត​លាស់​ឡើយ។ ហើយ​កណ្ឌ​គម្ពីរ ២ពេត្រុស ៣:១៨ មាន​ចែង​ថា «ចម្រើន​ឡើង​ក្នុង​ព្រះ​គុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា»។ ដូច្នេះ ខ្ញុំ​នឹង​វែក​ញែក​ថា ចំណុច​ដ៏​សំខាន់​មួយ​នៃ​របៀប​នៃ​ការ​រក​គោល​បំណង​របស់​អ្នក​និពន្ធ និង​ការ​លូត​លាស់​ខាង​ឯ​ចំណេះ​ដឹង និង​ព្រះ​គុណ គឺ​ដាច់​ខាត យើង​ត្រូវ​តែ​យល់​អំពី​របៀប​វែក​ញែក​របស់​អ្នក​និពន្ធ។
ហើយ​តាម​រយៈ​ពាក្យ «វែក​ញែក» ខ្ញុំ​មិន​មែន​មាន​ន័យ​ថា យើង «ឈ្លោះ​គ្នា» នោះ​ទេ។ ខ្ញុំ​យល់​ថា​ពេល​ខ្លះ​គេ​ប្រើ​ប្រាស់​ពាក្យ «វែក​ញែក» ខុស​ពី​របៀប​ដែល​ខ្ញុំ​ប្រើ​ប្រាស់​នៅ​ត្រង់​នេះ។ អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​តាម​រយៈ​ពាក្យ «វែក​ញែក» គឺ​ថា​យើង​យល់​អំពី​លំដាប់​លំដោយ​នៃ​គំនិត​ពី​ការ​សាង​សង់​មូល​ដ្ឋាន​រហូត​ដល់​ចប់។ ឧទាហរណ៍៖ កណ្ឌ​គម្ពីរ រ៉ូម ១:១៥-១៧ មាន​ចែង​ដូច​ត​ទៅ (មាន​ពាក្យ «ដ្បិត» ពីរ​ដង និង​ពាក្យ «ពីព្រោះ» មួយ​ដង)
«ដូច្នេះ ឯ​ខ្ញុំៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ទេ ពីព្រោះ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ…ដ្បិត​សេចក្ដី​សុចរិត​នៃ​ព្រះ បាន​សម្ដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ​សារ​សេចក្ដី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្ដី​ជំនឿ​ចម្រើន​ច្រើន​ឡើង​ផង»។
ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​អស់​រយៈ​ពេល​២០​ឆ្នាំ​មុន​ខ្ញុំ​រក​ឃើញ​អំពី​របៀប​ដែល​សាវ័ក ប៉ុល សរសេរ។ នៅ​ក្នុង​ខ​គម្ពីរ​ប៉ុន្មាន​នេះ យើង​ឃើញ​ថា​មាន​ប្រយោគ​ដ៏​សំខាន់ៗ និង​ធំៗ​៤​យ៉ាង។ ហើយ​ចំណុច​របស់​ខ្ញុំ​គឺ​ថា លោក​អ្នក​មិន​អាច​យល់​អំពី​គោល​បំណង​របស់​សាវ័ក ប៉ុល បាន​ទេ អំពី​អ្វី​ដែល​គាត់​កំពុង​តែ​ព្យាយាម​លើក​ឡើង លុះ​ត្រាតែ​លោក​អ្នក​យល់​អំពី​ទំនាក់​ទំនង​តក្ក​នៃ​ការ​គិត​របស់​គាត់​រវាង​ប្រយោគ​ទាំង​បួន​នេះ​សិន។ ហើយ​របៀប​នៃ​ការ​បង្ហាញ​របស់​សាវ័ក ប៉ុល ដែល​យើង​ឃើញ​យ៉ាង​ច្បាស់​លាស់ ក្នុង​ទំនាក់​ទំនង​នេះ គឺ​តាម​រយៈ​ការ​ដែល​គាត់​ប្រើ​ប្រាស់​ពាក្យ «ដ្បិត» ពីរ​ដង និង «ពីព្រោះ» មួយ​ដង។ គាត់​កំពុង​តែ​រចនា​ការ​វែក​ញែក​ពី​មូល​ដ្ឋាន​រហូត​ដល់​ទី​បញ្ចប់។
តម្រុយ​នៅ​ក្នុង​ដំណើរ​រឿង
សំណួរ​ដែល​បាន​លើក​ឡើង​គឺ​ទាក់​ទង​ទៅ​នឹង​របៀប​លម្អិត ការ​ផ្ដោត​លើ​យ៉ាង​ខ្លាំង​ទៅ​លើ​តក្ក​នៃ​ទំនាក់​ទំនង​នៃ​ការ​គិត​រវាង​ប្រយោគ​ណា​មួយ ដែល​ទាក់​ទង​ទៅ​នឹង​របៀប​នៃ​ការ​កាត់​ស្រាយ​លើ​ដំណើរ​នៃ​សាច់​រឿង​ធំ​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​ក៏​ដំណើរ​រឿង​ទាំង​មូល​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហើយ​អ្នក​សួរ​ក៏​អាច​ទំនង​ជា​សួរ​បន្ថែម​ទៀត​ថា៖ «តើ​របៀប​នៃ​ការ​ធ្វើ​ដូច​នេះ​ទាក់​ទង​ទៅ​នឹង​កណ្ឌ​គម្ពីរ​កំណាព្យ រឿង​ប្រៀប​ប្រដូច។ល។ បាន​ដោយ​របៀប​ណា?» ព្រឹត្តិការណ៍​ដែល​បាន​ចង​ចូល​គ្នា​ក្នុង​របៀប​ជាក់​លាក់​ណា​មួយ—ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​ន័យ​លើ​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ។ តើ​យើង​គួរ​ព្យាយាម​ស្វែង​រក​គោល​បំណង​របស់​អ្នក​និពន្ធ​ក្នុង​របៀប​ដូច​គ្នា​មែន​ឬ?
ហើយ​ចម្លើយ​របស់​ខ្ញុំ​គឺ​ថា៖ មែន​ហើយ បើ​យោង​តាម​គោល​ការណ៍។ ប៉ុន្តែ ទាក់​ទង​ទៅ​នឹង​ចំណុច​លម្អិត​នៃ​របៀប​ដែល​អ្នក​និពន្ធ​បាន​បង្ហាញ​គោល​បំណង​របស់​គាត់ គឺ​យើង​ត្រូវ​ប្រយ័ត្ន​ដោយ​ព្យាយាម​ស្វែង​រក​ចំណុច​ផ្សេង​ទៀត ក្រៅ​ពី​ការ​គ្រាន់​តែ​ផ្ដោត​លើ​ធ្នាក់​មួយ​ទៅ​ធ្នាក់​មួយ​ទៀត ដោយ​មាន​តក្ក​ភ្ជាប់​មួយ​ក្នុង​ចន្លោះ ទោះ​បី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​មិន​កើត​ឡើង​ដូច្នោះ​ក៏​ដោយ។ ប៉ុន្តែ អ្នក​និពន្ធ​ព្រះ​គម្ពីរ​បាន​សរសេរ​ចុះ​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​ដោយ​មាន​ហេតុផល។ ពួក​គាត់​កំពុង​តែ​ព្យាយាម​ប្រាប់​នូវ​ចំណុច​ណា​មួយ​មក​កាន់​យើង។ ហើយ​ពួក​គាត់​ក៏​ចង់​ឲ្យ​យើង​រក​ឃើញ​ចំណុច​នោះ​ដែរ។
កាល​ខ្ញុំ​សរសេរ​សៀវភៅ​មួយ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Reading the Bible Supernaturally” (ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា «ការ​អាន​ព្រះ​គម្ពីរ​បែប​អធិធម្មជាតិ») ខ្ញុំ​បាន​ឃើញ​ចំណុច​ដ៏​អស្ចារ្យ​ជា​ច្រើន។ កាល​នោះ​គឺ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ។ របៀប​រិះគន់​ដ៏​ចម្បង​មួយ​របស់​ព្រះ​យេស៊ូវ​អំពី​ពួក​ផារិស៊ី​គឺ​ថា ពួក​គាត់​មិន​ចេះ​របៀប​អាន​ឡើយ។ ខ្ញុំ​គិត​ថា ការ​រិះគន់​នេះ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​ចាប់​ខ្លាំង ព្រោះ​ដូច​ដែល​យើង​ដឹង​ហើយ​ថា ពួក​គេ​គឺ​ជា​អ្នក​អាន។ ព្រះ​អង្គ​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា «តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង…ទេ​ឬ​អី?» (ម៉ាថាយ ១២:៣; ២២:៣១)។ ហើយ​ទំនង​ពួក​គេ​កំពុង​តែ​អេះ​ក្បាល ហើយ​តប​វិញ​ថា «ការងារ​របស់​យើង​គឺ​ជា​ការ​អាន!»។ ពិត​ណាស់ ពួក​គាត់​បាន​អាន​មែន។ ដូច្នេះ តើ​ព្រះ​យេស៊ូវ​កំពុង​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ព្រះ​អង្គ​កំពុង​តែ​មាន​ន័យ​ថា ពួក​គាត់​បាន​អាន​មែន ប៉ុន្តែ​មិន​បាន​យល់​ទេ ហើយ​បាន​មើល​មែន ប៉ុន្តែ​មិន​បាន​ឃើញ​ទេ។
និយាយ​ម្យ៉ាង​វិញ​ទៀត មាន​គោល​បំណង​ពិតៗ​របស់​អ្នក​និពន្ធ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ឲ្យ​តែង កំពុង​តែ​ចង់​លើក​ឡើង​ថា—ក្នុង​ករណី​នេះ គឺ​សំដៅ​ទៅ​លើ​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​ពួក​ផារិស៊ី​អាន​ជា​ប្រចាំ​ថ្ងៃ—មិន​ថា​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​បក​ស្រាយ​អត្ថន័យ​ពី​មួយ​ឃ្លា​ទៅ​មួយ​ឃ្លា ឬ​ក៏​ថា​កំពុង​អាន​កណ្ឌ​គម្ពីរ​កំណាព្យ អាន​ដំណើរ​រឿង​ណា​មួយ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នោះ​គឺ​ថា ពួក​ផារិស៊ី​ទាំង​នោះ​មិន​យល់​អ្វី​ទាល់​តែ​សោះ។ នោះ​គឺ​ជា​អ្វី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ​ខក​ព្រះ​ទ័យ។
ដូច្នេះ ចម្លើយ​គឺ​ថា មែន​ហើយ ក្នុង​គ្រប់​កណ្ឌ គឺ​យើង​ត្រូវ​តែ​ព្យាយាម​ស្វែង​រក​គោល​បំណង​ចម្បងៗ​របស់​អ្នក​និពន្ធ—ការ​និពន្ធ​ឡើង​ទាំង​អស់​សុទ្ធ​តែ​មាន​តម្លៃ។ មែន​ហើយ យើង​គួរ​តែ​ព្យាយាម​ស្វែង​រក​តម្រុយ​ទាំង​អស់​ដែល​អ្នក​និពន្ធ​បាន​ផ្ដល់​ដល់​យើង ហើយ​អ្នក​និពន្ធ​ល្អៗ​តែង​តែ​ផ្ដល់​តម្រុយ ដើម្បី​ជួយ​យើង​ឲ្យ​រក​ឃើញ​អ្វី​ដែល​គាត់​កំពុង​តែ​ព្យាយាម​ប្រាប់​យើង។ តម្រុយ​ទាំង​នោះ​ទាក់​ទង​ទៅ​នឹង​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​ទំនង​ជា​អាច​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​នូវ​ចំណុច​ដដែលៗ​ម្ដង​ហើយ​ម្ដង ឬ​ក៏​ទាក់​ទង​ទៅ​នឹង​ដំណាក់​កាល​នៃ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង ឬ​ក៏​ថា​តើ​ការ​សន្ទនា​កំពុង​តែ​លើក​ឡើង​នូវ​ចំណុច​ពិត​អ្វី ឬ​ក៏​គាត់​អាច​លើក​ឡើង​អំពី​លទ្ធ​ផល​នៃ​ព្រឹត្តិការណ៍​ជាក់​លាក់​ណា​មួយ ឬ​ក៏​ថា​គាត់​សរសេរ​បញ្ចូល​ការ​កាត់​ស្រាយ​ផ្ទាល់​តែ​ម្ដង។ល។
លោក យ៉ូសែប និង​សាច់​រឿង​ដែល​មាន​ជា​ច្រើន​ផ្នត់
សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​ចំនួន​អំពី​ដំណើរ​រឿង​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ខ្ញុំ​កំពុង​គិត​អំពី​លោក យ៉ូសែប ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​៣៧-៥០។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ដំណើរ​រឿង​មួយ​នេះ​គឺ​ជា​ដំណើរ​រឿង​ដ៏​ខ្លី​ល្អ​បំផុត​មួយ​ដែល​ធ្លាប់​បាន​សរសេរ​ចុះ ប្រសិន​បើ​យើង​ចង់​ដាក់​វា​ចូល​ក្រោម​ចំណាត់​ថ្នាក់​ណា​មួយ។ នេះ​គឺ​ជា​ដំណើរ​រឿង​ដែល​ពិត​ជា​រន្ធត់​ណាស់ ហើយ​លោក​អ្នក​ទំនង​ជា​ឆ្ងល់​ថា៖ តើ​កំពុង​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​វគ្គ​នេះ? តើ​អ្វី​ទៅ​ជា​ចំណុច​គោល​នៅ​ក្រោយ​ដំណើរ​រឿង​នេះ?
មាន​១៤​ជំពូក​សរុប​ដែល​រៀប​រាប់​អំពី សុបិន្ដ​របស់​លោក យ៉ូសែប ការ​ស្អប់​របស់​បងៗ ការ​ដែល​បងៗ​បាន​លក់​គាត់​ធ្វើ​ជា​ទាសករ ការ​ដែល​គាត់​កាន់​តែ​ធ្លាក់​ចូល​ការ​រង​ទុក្ខ​ដោយ​សារ​ប្រពន្ធ​របស់​លោក ប៉ូទីផារ បាន​និយាយ​មួល​បង្កាច់​អំពី​គាត់—ហើយ​បន្ទាប់​មក​គេ​បាន​ដាក់​គុក​គាត់ ហើយ​គេ​ក៏​បាន​ភ្លេច​គាត់​នៅ​ក្នុង​គុក​ដែរ។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ ដែល​មាន​ឋានៈ​បន្ទាប់​ពី​ស្ដេច ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ ហើយ​តាម​រយៈ​ការ​នោះ​ព្រះ​ជាម្ចាស់​ក៏​បាន​រក្សា​រាស្ត្រ​របស់​ទ្រង់​ពី​គ្រោះ​ទុរភិក្ស និង​ការពារ​ខ្សែ​តំណ​នៃ​រាជ​វង្ស​ព្រះ​មេស្ស៊ី។ នោះ​គឺ​ជា​អ្វី​ដែល​កំពុង​តែ​កើត​ឡើង!
ហើយ​ក៏​នៅ​មាន​ផ្នត់​គំនិត​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត​នៃ​គោល​បំណង​របស់​អ្នក​និពន្ធ​ក្នុង​ដំណើរ​រឿង​នេះ​ដែរ។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ឈប់​គិត​ថា នៅ​ពេល​ដែល​លោក​អ្នក​អាន​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ នោះ​លោក​អ្នក​នឹង​ទទួល​បាន​​នូវ​ផ្ទាំង​ទស្សនីយភាព​ធំ ឬ​ក៏​ចំណុច​ចម្បង​ធំ​ណា​មួយ​នោះ​ឡើយ។។ ពិត​ណាស់ យើង​ក៏​ត្រូវ​ទទួល​បាន​ចំណុច​ចម្បង​ណា​មួយ​មែន​ដែរ។ វា​ទំនង​ជា​អាច​នឹង​គ្រប់​គ្រង​លើ​ចំណុច​តូចៗ​ផ្សេង​ទៀត​បាន​មែន ប៉ុន្តែ​សូម​ចង​ចាំ​ថា ក៏​នៅ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អ្នក​និពន្ធ​បាន​លើក​ឡើង​ក្នុង​ដំណាក់​កាល​ផ្សេងៗ​នៃ​ដំណើរ​រឿង​នោះ​ដែរ។
រឿង​ប្រៀប​ប្រដូច​ក្នុង​ព្រះ​គម្ពីរ
តោះ! ចូរ​ចាប់​ផ្ដើម​ជា​មួយ​នឹង​រូប​ភាព​ធំ​នៃ​ដំណើរ​រឿង​មួយ​នេះ។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​លោក ម៉ូសេ សរសេរ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ គឺ​គាត់​មិន​បាន​លាក់​ទុក​ឲ្យ​យើង​ឆ្ងល់​អំពី​គោល​បំណង​ចម្បង​ធំ​នៃ​ដំណើរ​រឿង​នោះ​ទេ។ គាត់​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពី​ចំណុច​យ៉ាង​ច្បាស់​លាស់​ពីរ​ទៅ​បី​ដង តាម​រយៈ​ប្រយោគ​សង្ខេបៗ​អំពី​អ្វី​ដែល​គាត់​កំពុង​តែ​រៀប​រាប់។ ឧទាហរណ៍៖ លោក យ៉ូសែប បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៤៥:៧-៨ ដូច​ត​ទៅ៖
«ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែន​ដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រោស​ប្រាណ​យ៉ាង​ធំ ដូច្នេះ មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅហ្វាយ​ត្រួត​ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង»។
បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ព្រឹត្តិការណ៍​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ថា មនុស្ស​យើង​ជា​តួអង្គ​ដែល​កំពុង​តែ​ធ្វើ ដែល​យើង​កំពុង​តែ​អាន​អំពី​ជំពូក​ទាំង​១៤​ដំបូង ទោះ​បី​មាន​រួម​ទាំង​ព្រឹត្តិការណ៍​ដែល​ពេញ​ទៅ​ដោយ​អំពើ​បាប​ក៏​ដោយ ក៏​ជា​ព្រះ​ដែល​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព ដែល​កំពុង​តែ​គ្រប់​គ្រង​លើ​ព្រឹត្តិការណ៍​ទាំង​នោះ ដោយ​ព្រះ​អង្គ​បាន​ចាត់​អ្នក​តំណាង​ទ្រង់ តាម​រយៈ​ទង្វើ​ដែល​មាន​ពេញ​ដោយ​អំពើ​បាប​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់។ នេះ​គឺ​ពិត​ជា​ឆ្កួត​មែន។ ហើយ​នេះ​ពិត​ជា​រឿង​អស្ចារ្យ​មែន។ នេះ​ស្ទើរ​តែ​ស្មើ​នឹង​អត្ថន័យ​នៃ​រឿង​ប្រៀប​ប្រដូច​នៅ​ក្នុង​ព្រះ​គម្ពីរ។
ហើយ​បន្ទាប់​មក​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៥០:២០ លោក យ៉ូសែប បាន​និយាយ​ទៅ​កាន់​បងៗ​របស់​គាត់​ដូច​ត​ទៅ​ថា៖ «អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ»។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​លោក​អ្នក​អាន​ខ​គម្ពីរ​មួយ​នេះ នោះ​លោក​អ្នក​ចាំបាច់​ត្រឡប់​ទៅ​អាន​ដំណើរ​រឿង​នោះ​ម្ដង​ទៀត ដើម្បី​អាន​ដំណើរ​រឿង​នោះ​ម្ដង​ទៀត ពីព្រោះ​ឥឡូវ​នេះ​លោក​អ្នក​ឃើញ​អំពី​គោល​បំណង​របស់​អ្នក​និពន្ធ​ហើយ។ ហើយ​លោក​អ្នក​ទំនងជា​លើក​ឡើង​ថា «អូ នេះ​គឺ​ជា​ទិស​ដៅ​ដែល​ដំណើរ​រឿង​នោះ​កំពុង​តែ​តម្រង់​ទៅ»។ ហើយ​លោក​អ្នក​អាច​អាន​ដំណើរ​រឿង​ម្ដង​ទៀត ដោយ​នឹក​ចាំ​អំពី​តម្រុយ​រឿង​នេះ «ដំណាក់​កាល​នៃ​ដំណើរ​រឿង ក្នុង​ចំណុច​នេះ មាន​ន័យ​យ៉ាង​ដូច្នេះ ហើយ​វា​ក៏​កំពុង​តែ​តម្រង់​ទៅ​ចំណុច​នោះ​ផង​ដែរ»។ ភ្លាមៗ​នោះ លោក​អ្នក​នឹង​អាច​ឃើញ​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់​លាស់​បាន។
សរុប​សេចក្ដី​ទៅ រូប​ភាព​ធំ​គឺ​ថា អំពើ​បាប​របស់​មនុស្ស​អំពី​រាស្ត្រ​របស់​ទ្រង់ ឬ​ក៏​អំពើ​បាប​របស់​មនុស្ស​ទាស់ប្រឆាំង​នឹង​រាស្ត្រ​របស់​ទ្រង់​មិន​គ្រាន់​តែ​មិន​បង្អាក់​ផែនការ​នៃ​ការ​សង្គ្រោះ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែម​ទាំង​នាំ​ឲ្យ​ដំណើរ​ការ​នៃ​ផែន​ការ​នៃ​ការ​សង្គ្រោះ​នោះ​ដំណើរ​ការ​ទៅ​មុខ​ទៀត។ វា​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​នៅ​ចុង​បញ្ចប់​ក៏​នឹង​ចាត់​ឲ្យ​ព្រះ​មេស្ស៊ី​យាង​មក​ផែន​ដី​នេះ តាម​រយៈ​ខ្សែស្រឡាយ​នោះ​ដែរ។ ហើយ​លោក ម៉ូសេ បាន​ផ្ដល់​នូវ​តម្រុយ​ក្នុង​ដំណាក់​កាល​នីមួយៗ​នៃ​ដំណើរ​រឿង​ដល់​យើង ហើយ​គាត់​ក៏​បាន​លើក​ប្រយោគ​ពន្យល់​ដ៏​ធំ​មួយ នៅ​ចុង​បញ្ចប់​ទៀត​ផង។
«ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គាត់»
ប៉ុន្តែ នៅ​មាន​តម្រុយ​ផ្សេង​ទៀត ទាក់​ទង​ទៅ​នឹង​អត្ថន័យ និង​អត្ថន័យ​បន្ទាប់​បន្សំ​ក្រៅ​ពី​ប្រយោគ​កាត់​ស្រាយ​ដ៏​ច្បាស់​លាស់​នៅ​ចុង​ក្រោយ។ នៅ​ក្នុង​ដំណាក់​កាល​នៃ​ដំណើរ​រឿង លោក ម៉ូសេ បាន​ត្បាញ​កាលៈទេសៈ​ដែល​កាន់​តែ​អាក្រក់ៗ​ចូល​គ្នា​ជា​មួយ​នឹង​ពាក្យ​ពេចន៍​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ គេ​បាន​បោះ​លោក យ៉ូសែប ចូល​គុក។ បងៗ​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ។ គាត់​នៅ​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត។ ប្រពន្ធ​របស់​លោក បូទីផារ បាន​និយាយ​បង្ខូច​អំពី​គាត់។ គេ​ក៏​បាន​ភ្លេច​អំពី​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​ជាប់​គុក។ មើល​ទៅ​ហាក់​បី​ដូចជា គាត់​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ—បើ​យើង​ចង់​គូស​ក្រាហ្វិក​លើ​ដំណើរ​រឿង​នេះ ហើយ​សភាព​នៃ​ដំណើរ​រឿង​នេះ​ក៏​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ជីវិត​យើង​ជា​ច្រើន​នាក់​ដែរ។ ខ្ញុំ​បាន​គូស​ក្រាហ្វិក​អំពី​ដំណើរ​រឿង​នេះ ក្នុង​ការ​បង្ហាញ​ក្រុម​ជំនុំ​យើង។ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​គូស ខ្ញុំ​ក៏​បាន​សួរ​ដែរ​ថា «តើ​បង​ប្អូន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ណា ទាក់​ទង​ទៅ​នឹង​ចំណុច​អាក្រក់ៗ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ជីវិត ដែល​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅ​ក្នុង​កាលៈទេសៈ​ដែល​ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ក្នុង​ជីវិត​នេះ?»។ ហើយ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ មើល​ទៅ​ហាក់​បី​ដូច​ជា​ថា ព្រះ​ជាម្ចាស់​ក៏​បាន​ភ្លេច​គាត់​ដែរ។ តើ​កំពុង​មាន​អ្វី​កើត​ឡើង? ចម្លើយ​គឺ​ថា នៅ​ពេល​ដែល​យើង​កំពុង​តែ​អាន គឺ​យើង​ត្រូវ​តែ​យល់​អំពី​ហេតុការណ៍​នោះ​ក្នុង​របៀប​នេះ​ដូច្នោះ​សិន។
ប៉ុន្តែ ក្នុង​ដំណាក់​កាល​នីមួយៗ​នៃ​ដំណើរ​រឿង លោក ម៉ូសេ បាន​លើក​ឡើង​នូវ​ប្រយោគ​ខ្លះៗ​ដូច​នេះ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គាត់…ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​កើត​ឡើង​ដោយ​សារ​ដៃ​គាត់» (លោកុប្បត្ដិ ៣៩:៣)។ ឬ​ក៏​ក្នុង​កន្លែង​មួយ​ទៀត គាត់​បាន​សរសេរ​ថា «តែ​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្ដី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង» (លោកុប្បត្ដិ ៣៩:២១)។ យើង​ទទួល​បាន​តម្រុយ​ដូច​នេះ ក្នុង​ដំណាក់​កាល​នីមួយៗ​នៃ​ដំណើរ​រឿង ទោះ​បី​ពេល​មើល​ទៅ​ហាក់​បី​ដូច​ជា​ថា គ្រប់​អ្វីៗ​ទាំង​អស់​កំពុង​កាន់​តែ​អាក្រក់​ទៅៗ​សម្រាប់​លោក យ៉ូសែប ក៏​ដោយ ហើយ​នេះ​ក៏​មិន​មែន​ដោយ​សារ​អំពើ​បាប​របស់​គាត់​ដែរ។ គាត់​មិន​បាន​ធ្វើ​អ្វី​មួយ ដើម្បី​នាំ​ឲ្យ​រឿង​នោះ​កើត​ឡើង​ចំពោះ​ខ្លួន​ឯង​ឡើយ។ ហើយ​ក៏​មិន​មែន​ដោយ​សារ​ព្រះ​ជាម្ចាស់​បាន​បោះ​បង់​គាត់​ចោល​ដែរ—ប៉ុន្តែ គឺ​ដោយ​សារ​គោល​បំណង​អាថ៌កំបាំង​របស់​ព្រះ​ជាម្ចាស់​វិញ។ ហើយ​ខណៈ​ពេល​ដែល​យើង​កំពុង​តែ​អាន យើង​ក៏​ចង់​ដឹង​ផង​ដែរ​ថា តើ​អ្វី​ទៅ​ជា​គោល​បំណង​នោះ? ឱ​ព្រះ​អង្គ​អើយ ព្រះ​អង្គ​បាន​លើក​ឡើង​ថា ទ្រង់​នៅ​ខាង​គាត់ ប៉ុន្តែ​នៅ​ពេល​ដែល​ទូល​បង្គំ​អាន មើល​ទៅ​ហាក់​បី​ដូច​ជា​ថា ព្រះ​អង្គ​កំពុង​តែ​ជំទាស់​នឹង​គាត់​វិញ។
សាច់​រឿង​នៅ​ក្នុង​សាច់​រឿង
ខ្ញុំ​ចង់​លើក​ឡើង​ឧទាហរណ៍​មួយ​ទៀត អំពី​របៀប​ដែល​អ្នក​និពន្ធ​បាន​ផ្ដល់​ជូន​គោល​បំណង​របស់​គាត់​ដល់​យើង ហើយ​នេះ​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​យល់​ជាង​គេ​បំផុត​ចំពោះ​ខ្ញុំ ក្នុង​ដំណើរ​រឿង​ទាំង​មូល។ មើល​ទៅ​ហាក់​បី​ដូច​ជា​ថា រឿង​នៅ​ក្នុង​ជំពូក​៣៨​កំពុង​តែ​និយាយ​កាត់​ដំណើរ​រឿង​ទាំង​មូល។ ដំណើរ​រឿង​របស់​លោក យ៉ូសែប បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ជំពូក៣៧ អំពី​សុបិន្ដ និង​ការ​ដែល​ពួក​បងៗ​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ—ហើយ​ភ្លាម​នោះ—លោក ម៉ូសេ ក៏​បាន​សរសេរ​បញ្ចូល​ជំពូក៣៨ (ស្ទើរ​តែ​ក្រោយ​រំពេច​ដែល​ដំណើរ​រឿង​ធំ​ទើប​តែ​បាន​ចាប់​ផ្ដើម) ឲ្យ​មើល​ទៅ​ពុំ​មាន​ការ​ទាក់​ទង​គ្នា​សោះ។ ជំពូក​នេះ​បាន​លើក​ឡើង​អំពី​រឿង​ដែល​គួរ​ឲ្យ​ចម្លែក​អំពី​លោក យូដា ដែល​ត្រូវ​ជា​បង​ច្បង​របស់​លោក យ៉ូសែប។ លោក យូដា បាន​ដេក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​គាត់ ហើយ​នាំ​ឲ្យ​នាង​មាន​ផ្ទៃពោះ ដោយ​បាន​គិត​ថា​នាង​គាត់​ជា​ស្រី​សំផឹង។ សំណួរ​របស់​ខ្ញុំ​សម្រាប់​លោក ម៉ូសេ គឺ​ថា៖ តើ​កំពុង​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ជំពូក​នេះ ហើយ​ហេតុ​អ្វី​បាន​ចាំ​បាច់​ត្រូវ​សរសេរ​អំពី​រឿង​នេះ? បើ​ដាក់​ជំពូក​នោះ​មុន​ជំពូក៣៧ នោះ​វា​នឹង​មិន​រំខាន​ដល់ ដំណើរ​រឿង​ឡើយ។ ហេតុ​អ្វី​បាន​ត្រូវ​ជា​ចាំ​បាច់​រំខាន​ដំណើរ​រឿង​ដោយ​ដាក់​ជំពូក​៣៨​ដូច្នេះ?
នេះ​គឺ​ជា​យោបល់​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ​ថា តើ​យោបល់​នេះ​ត្រឹម​ត្រូវ ឬ​ក៏​អត់។ បន្ទាប់​ពី​យើង​បាន​អាន​អំពី​ការ​ធ្លាក់​ក្នុង​អំពើ​អសីលធម៌​ដ៏​អាក្រក់​របស់​លោក យូដា នៅ​ក្នុង​ជំពូក​៣៨—បន្ទាប់​គឺ​ដំណើរ​រឿង​របស់​លោក យ៉ូសែប—គឺ​ដំណើរ​រឿង​អំពី​ការ​ដែល​លោក យ៉ូសែប ជ្រើស​រើស​ផ្លូវ​ដ៏​ត្រឹម​ត្រូវ ហើយ​អស្ចារ្យ​ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​ជា​មួយ​នឹង​ប្រពន្ធ​លោក ប៉ូទីផារ ដែល​បាន​ព្យាយាម​បង្ខំ​លោក យ៉ូសែប ឲ្យ​ដេក​ជា​មួយ​គាត់។ ហើយ​លោក ម៉ូសេ ក៏​បាន​សរសេរ​នូវ​ពាក្យ​ពេចន៍​នេះ​ផង​ដែរ​៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង» (លោកុប្បត្ដិ ៣៩:៩)។ ដូច្នេះ ខ្ញុំ​គិត​ថា លំដាប់​លំដោយ​នៃ​ដំណើរ​រឿង ដោយ​មាន​ការ​សរសេរ​បញ្ចូល​អំពី​ការ​ធ្លាក់​ក្នុង​អំពើ​អសីលធម៌​របស់​លោក​យូដា មុន​ភាព​ស្អាត​ស្អំ​របស់​លោក យ៉ូសែប ដែល​គាត់​បាន​ឆ្លើយ​តប​ក្នុង​របៀប​ដ៏​ស្រស់​ស្អាត និង​ពេញ​ទៅ​ដោយ​ប្រសិទ្ធភាព​ដែល​នាំ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ទាក់​ទង​ទៅ​នឹង​ក្រម​សីលធម៌​ដ៏​ស្អាត​ស្អំ​របស់​គាត់ គឺ​ដើម្បី​លើក​ឡើង​ឲ្យ​ច្បាស់​លាស់​អំពី​ចំណុច​ខុស​គ្នា​រវាង​ភាព​មិន​ស្មោះ​ត្រង់​របស់​លោក យូដា និង​ភាព​ស្អាត​ស្អំ​របស់​លោក យ៉ូសែប ផ្នែក​ផ្លូវ​ភេទ។ ដែល​នេះ​បង្ហាញ​ក្នុង​របៀប​ដ៏​សាមញ្ញ​ថា អាច​មាន​ចំណុច​គោលៗ​បាន​នៅ​ក្នុង​ដំណើរ​នៃ​សាច់​រឿង​ធំ ហើយ​ក៏​នៅ​អាច​មាន​ចំណុច​គោលៗ​បន្ទាប់​បន្សំ​នៅ​ក្នុង​ដំណើរ​នៃ​សាច់​រឿង​តូច ដែល​យើង​គួរ​តែ​កត់​សម្គាល់​ឃើញ​ដែរ។
សូម​បន្ត​មើល​ទៀត
ដូច្នេះ ក្នុង​ការ​ឆ្លើយ​តប​នូវ​សំណួរ​ខាង​លើ៖ មិន​ថា​យើង​កំពុង​តែ​អាន​សំបុត្រ​របស់​សាវ័ក ប៉ុល ដែល​មាន​ការ​វែក​ញែក​យ៉ាង​ច្បាស់​លាស់ ឬ​ក៏​ថា​យើង​កំពុង​តែ​អាន​ដំណើរ​នៃ​សាច់​រឿង​ដែល​មាន​១៤​ជំពូក​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ព្យាយាម​ស្វែង​រក​នូវ​គោល​បំណង​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់​មក​កាន់​យើង​ដែរ។ ហើយ​យើង​ស្វែង​រក​តម្រុយ​ដូច​នោះ​ដែល​គាត់​បាន​លើក​ឡើង​សម្រាប់​យើង មិន​ថា​នៅ​ក្នុង​សំបុត្រ​បែប​សេចក្ដី​អធិប្បាយ​តាម​ព្រះ​បន្ទូល ឬ​ក៏​ក្នុង​ដំណើរ​រឿង​នៃ​សាច់​រឿង​ណា​មួយ​ឡើយ គឺ​ដើម្បី​ឲ្យ​ចំណុច​ទាំង​នោះ​ជួយ​ឲ្យ​យើង​ឃើញ​គោល​បំណង​របស់​អ្នក​និពន្ធ។
ខ្ញុំ​ចង់​បញ្ចប់​ដោយ​លើក​ឡើង​ថា ខណៈ​ពេល​ដែល​ខ្ញុំ​កាន់​តែ​អាន ដោយ​មាន​គោល​បំណង​ក្នុង​ការ​ស្វែង​រក​តម្រុយ ឬ​ក៏​គោល​បំណង​ដែល​អ្នក​និពន្ធ​បាន​ផ្ដល់​ឲ្យ​យើង នោះ​យើង​នឹង​កាន់​តែ​ឃើញ​វា​ច្បាស់​លាស់​ថែម​ទៀត​ជា​មិន​ខាន។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហានិភ័យ​នៃ​ការ​បន្ថយ​ល្បឿន

មធ្យោបាយ ៣​យ៉ាង ដើម្បី​ថែ​ទាំ​សុខភាព​ព្រលឹង​វិញ្ញាណ