in

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ត្រូវ​​ស្ដាប់​បង្គាប់​?

ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​
ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ
គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង។
(ភីលីព ២:៨)

ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ។
(រ៉ូម ៥:១៩)

ដ្បិត​ឯ​ព្រះ​អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​
ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់
​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ​អង្គ​នោះ​ឯង។
(២កូរិនថូស ៥:២១)

…មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យវិន័យ​នោះ​ទេ
គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្ដី​ជំនឿ​វិញ។
(ភីលីព ៣:៩)

ការ​រាប់​ជា​សុចរិត​មិន​មែន​គ្រាន់​តែ​ជា​ការ​លុបចោល​នូវ​ភាព​មិន​សុចរិត​របស់​ខ្ញុំ​ប៉ុណ្ណោះ​នោះ​ទេ។ វា​ក៏​ជា​ការ​ដាក់​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​មិន​មាន​សេចក្ដី​សុចរិត​ណា​មួយ​ដែល​សម​ឲ្យ​ព្រះ​ជាម្ចាស់​រាប់​ខ្ញុំ​ថា​ជា​មនុស្ស​ល្អ​នោះ​ទេ។ សេចក្ដី​អះអាង​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​គឺ​ថា៖ «…មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យវិន័យ​នោះ​ទេ គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​ជំនឿ​វិញ» (ភីលីព ៣:៩)។

នេះ​ហើយ​គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ។ ទ្រង់​បាន​ដាក់​សេចក្ដី​សុចរិត​របស់​ទ្រង់​នៅ​ក្នុង​ខ្ញុំ។ នោះ​មាន​ន័យ​ថា ព្រះ​គ្រីស្ទ​បាន​បំពេញ​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​បន្ទាប់​មក​ព្រះ​ជាម្ចាស់​ក៏​រាប់​ខ្ញុំ​ថា​ជា​សុចរិត នៅ​ពេល​ដែល​ខ្ញុំ​ជឿ​ទុក​ចិត្ដ​ព្រះ​គ្រីស្ទ។ ពិត​ណាស់ ទ្រង់​បាន​រាប់​ខ្ញុំ​ជា​សុចរិត​រួច​ហើយ។ ព្រះ​ជាម្ចាស់​ទត​មើល​ទៅ​លើ​សេចក្ដី​សុចរិត​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​គ្រីស្ទ ហើយ​ទ្រង់​ក៏​បាន​ចេញ​ព្រះរាជ​ប្រកាស​ថា ខ្ញុំ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ។

មាន​ហេតុផល​ពីរ​យ៉ាង ដែល​មិន​មែន​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ ក្នុង​ការ​រាប់​មនុស្ស​ទមិលល្មើស​ជា​សុចរិត (រ៉ូម ៤:៥)។ ទីមួយ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​បាន​បង់​បំណុល​នៃ​ភាព​មិន​សុចរិត​របស់​យើង (សូម​មើល​ជំពូក​មុន)។ ទីពីរ ការ​ស្ដាប់​បង្គាប់​របស់​ព្រះ​គ្រីស្ទ​បាន​ប្រទាន​សេចក្ដី​សុចរិត​ដែល​យើង​ត្រូវការ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​មុខ​បល្ល័ង្ក​របស់​ព្រះ​ជាម្ចាស់។ ក្នុង​ការ​ចូល​ទៅ​កាន់​ជីវិត​អស់​កល្ប​ជា​និច្ច ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ទាមទារ​ឲ្យ​សេចក្ដី​ទុច្ចរិត​របស់​យើង​ត្រូវ​តែ​ធ្វើ​ការ​លុប​ចោល​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ឃើញ​សេចក្ដី​សុចរិត​មាន​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង​ថែម​ទៀត​ផង។

ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​មូលដ្ឋាន​នៃ​ហេតុផល​ទាំង​ពីរ​យ៉ាង​នេះ​ហើយ។ ការ​រងទុក្ខ​របស់​ទ្រង់ គឺ​ជា​ការ​រងទុក្ខ​ដែល​យើង​សម​នឹង​ទទួល ដោយ​សារ​អំពើ​ទុច្ចរិត​របស់​យើង។ «តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ…» (អេសាយ ៥៣:៥)។ ប៉ុន្តែ​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​យេស៊ូវ​បាន​បំពេញ​តាម​សេចក្ដី​ស្ដាប់​បង្គាប់​ដែល​ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​សុចរិត​របស់​យើង​វិញ។ ព្រះ​អង្គ​បាន «…ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង» (ភីលីព ២:៨)។ ការ​សុគត​របស់​ព្រះ​អង្គ គឺ​ជា​​ការ​ដ៏​សំខាន់​បំផុត​នៃ​ការ​ស្ដាប់​បង្គាប់។ នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ចង់​មាន​ន័យ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​សម្ដែង​ថា «…នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ម្នាក់​បាន​ស្ដាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ» (រ៉ូម ៥:១៩)។

ដូច្នេះ​ហើយ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​បាន​ត្រឡប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អត់​ទោស និង​ភាព​គ្រប់​លក្ខណ៍​របស់​យើង។ «ដ្បិត​ឯ​ព្រះ​អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ​អង្គ​នោះ​ឯង» (២កូរិនថូស ៥:២១)។ តើ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​គ្មាន​បាប​សោះ​ត្រឡប់​ជា​តួ​បាប នោះ​មាន​ន័យ​យ៉ាង​ដូចម្តេច​ទៅ? នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បាន​ដាក់​អំពើ​បាប​របស់​យើង​ទៅ​លើ​អង្គ​ព្រះ​គ្រីស្ទ ដូច្នេះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​ព្រះ​ដ៏​អត់​ទោស​របស់​យើង។ ចុះ​ពាក្យ​ថា យើង​ដែល​ជា​មនុស្ស​មាន​បាប​បាន​ត្រឡប់​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​ដោយ​សារ​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​យ៉ាង​ដូចម្តេច​ដែរ? នេះ​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​អត្ថន័យ​ខាង​លើ​ថា ព្រះ​ជាម្ចាស់​បាន​ដាក់​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​យើង ពេល​នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​សេចក្ដី​ដ៏​គ្រប់​លក្ខណ៍​របស់​យើង។

សូម​ឲ្យ​ព្រះ​គ្រីស្ទ​បាន​ទទួល​ការ​លើក​តម្កើង​ចំពោះ​ជ័យជម្នះ​ក្នុង​ការ​រងទុក្ខ និង​ការ​សុគត​របស់​ទ្រង់​ចុះ ព្រោះ​ការ​នោះ​បាន​នាំ​ឲ្យ​យើង​ទទួល​ការ​អត់​ទោស និង​បាន​នាំ​ឲ្យ​យើង​ទទួល​សេចក្ដី​សុចរិត។ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ទ្រង់ រក្សា​ទ្រង់​ទុក​ដូច​ជា​ទ្រព្យ​កប់​ក្នុង​ចិត្ត ហើយ​ជឿ​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំ​អស្ចារ្យ។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ដើម្បី​ប្រទាន​មូលដ្ឋាន​នៃ​ការ​រាប់​ជា​សុចរិត​ដល់​យើង

ការ​រស់​ឡើង​វិញ៖ ចំណុច​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​ដឹង