ការលូតលាស់ខាងសីលធម៌ដែលកើតឡើងដោយសារយើងជឿទុកចិត្តលើព្រះគ្រីស្ទ នោះមិនមែនហៅថា ការរាប់យើងជាសុចរិតនោះទេ។ តាមធម្មតា ព្រះគម្ពីរហៅការនោះថា ការញែកជាបរិសុទ្ធដែលជាដំណើរនៃការផ្លាស់ប្រែពីអាក្រក់ទៅល្អ។

ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់...។ (រ៉ូម ៥:៩)ការតែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
(រ៉ូម ៣:២៤)ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
(រ៉ូម ៣:២៨ គកស)
រាប់ជាសុចរិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងការទទួលការអត់ទោសពីព្រះជាម្ចាស់គឺមិនដូចគ្នាទេ។ ការរាប់ជាសុចរិតនៅក្នុងបន្ទប់សវនាការ មិនដូចគ្នាទៅនឹងការទទួលការអត់ទោសនោះទេ។ ការទទួលការអត់ទោសគឺមានន័យថា ខ្ញុំជាប់ពិរុទ្ធ តែគេមិនកាត់ទោសអំពើឧក្រិដ្ឋរបស់ខ្ញុំឡើយ។ ការរាប់ជាសុចរិតមានន័យថា គេបានព្យាយាមរកកំហុស ប៉ុន្តែគេបែរជាឃើញថាខ្ញុំគ្មានកំហុស។ ដូច្នេះខ្ញុំអាចពោលថា ខ្ញុំជាមនុស្សសុចរិត។ តាមរយៈព្រះយេស៊ូវ ខ្ញុំគ្មានទោសទៀតទេ។ ចៅក្រមក៏ប្រកាសថា បុគ្គលនោះ «គ្មានទោសទេ»។
ពាក្យថា សុចរិត គឺជាពាក្យដែលគេប្រើនៅក្នុងសវនាការ។ ពាក្យនេះជាការប្រកាសពីភាពសុចរិតរបស់បុគ្គលណាម្នាក់។ វាគឺជាការវិនិច្ឆ័យរបស់តុលាការ។ ការវិនិច្ឆ័យថា បុគ្គលណាម្នាក់ថាសុចរិតមិនបានធ្វើឲ្យបុគ្គលនោះក្លាយជាមនុស្សសុចរិតទេ តែវាជាការប្រកាសថាបុគ្គលម្នាក់នោះសុចរិត។ ការប្រកាសថា បុគ្គលណាម្នាក់សុចរិត ទាល់តែអ្នកប្រកាសនោះជាបុគ្គលសុចរិតជាមុនសិន។ យើងអាចឃើញការនេះយ៉ាងច្បាស់ នៅពេលដែលព្រះគម្ពីរប្រាប់យើងពីការឆ្លើយតបរបស់បណ្ដាជនទៅនឹងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវដោយពួកគេទទួលស្គាល់ថា ព្រះជាម្ចាស់ «សុចរិត» (លូកា ៧:២៩)។ នេះមិនមែនមានន័យថាពួកគេបានធ្វើឲ្យព្រះជាម្ចាស់សុចរិតទេ (ពីព្រោះទ្រង់សុចរិតរួចទៅហើយ)។ តែវាមានន័យថា ពួកគេបានប្រកាសថា ព្រះជាម្ចាស់សុចរិត។
ការលូតលាស់ខាងសីលធម៌ដែលកើតឡើងដោយសារយើងជឿទុកចិត្តលើព្រះគ្រីស្ទ នោះមិនមែនហៅថា ការរាប់យើងជាសុចរិតនោះទេ។ តាមធម្មតា ព្រះគម្ពីរហៅការនោះថា ការញែកជាបរិសុទ្ធដែលជាដំណើរនៃការផ្លាស់ប្រែពីអាក្រក់ទៅល្អ។ ការរាប់ជាសុចរិតមិនមែនមានលក្ខណៈដូចជាការញែកជាបរិសុទ្ធនោះទេ ហើយក៏មិនមែនជាការកើតឡើងតាមលំដាប់លំដោយនោះដែរ តែគឺជាសេចក្ដីប្រកាសមួយដែលកើតឡើងក្នុងមួយរំពេច។ វាដូចជាការដែលចៅក្រមបានចេញសេចក្តីប្រកាសមួយថា៖ សុចរិត! ត្រឹមត្រូវ!
ការគោរពតាមច្បាប់គឺជារបៀបដ៏សាមញ្ញមួយ ដើម្បីទទួលបានការរាប់ជាសុចរិតនៅក្នុងសាលក្រមរបស់មនុស្ស។ ក្នុងករណីនោះក្រុមប្រឹក្សាតុលាការ និងចៅក្រមប្រកាសពីសេចក្តីពិតថា អ្នកបានគោរពតាមច្បាប់។ ពួកគេបានរាប់អ្នកជាមនុស្សសុចរិត។ ប៉ុន្តែនៅចំពោះមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ យើងមិនបានកាន់តាមច្បាប់ទេ។ ដូច្នេះ បើការរាប់ជាសុចរិតយោងតាមការកាន់តាម ឬមិនកាន់តាមច្បាប់ នោះយើងគ្មានសង្ឃឹមថាព្រះជាម្ចាស់នឹងរាប់យើងជាសុចរិតនោះទេ ព្រោះគ្មានបុគ្គលណាមួយដែលអាចធ្វើតាមច្បាប់របស់ព្រះជាម្ចាស់បានទាំងស្រុងនោះទេ។ សូម្បីតែព្រះគម្ពីរចែងថា «អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស...អ្នក...នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា» (សុភាសិត ១៧:១៥)។ ប៉ុន្តែ គួរឲ្យអស្ចារ្យមែន ព្រោះតែព្រះគ្រីស្ទ នោះព្រះគម្ពីរក៏បានចែងផងដែរថាព្រះជាម្ចាស់ «...ប្រោសឲ្យមនុស្សទមិឡល្មើសបានសុចរិត...» ជាអ្នកដែលជឿទុកចិត្តលើព្រះគុណរបស់ទ្រង់ (រ៉ូម ៤:៥)។ មើលទៅព្រះជាម្ចាស់ហាក់បីដូចជា កំពុងតែប្រព្រឹត្តរឿងគួរឲ្យស្អប់ខ្ពើម។
ហេតុអ្វីបានជាវាមិនគួរឲ្យស្អប់ខ្ពើម? ឬដូចដែលព្រះគម្ពីរបានពណ៌នាថា តើ «ព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត ដើម្បីសម្ដែងថា ព្រះអង្គសុចរិត ហើយ...ប្រោសអ្នកដែលជឿលើព្រះយេស៊ូវឲ្យបានសុចរិតផងដែរ» ដោយរបៀបណា (រ៉ូម ៣:២៦)? មានហេតុផលពីរយ៉ាងដែលបង្ហាញថា វាមិនគួរឲ្យស្អប់ខ្ពើមនោះឡើយនៅចំពោះព្រះជាម្ចាស់ក្នុងការដែលទ្រង់រាប់មនុស្សទមិឡល្មើសដែលបានទុកចិត្ដទ្រង់ថា ជាមនុស្សសុចរិតនោះ។
ហេតុផលទីមួយ ព្រះគ្រីស្ទបានខ្ចាយព្រះលោហិតរបស់ទ្រង់ ដើម្បីលុបទោសកំហុសនៃអំពើឧក្រិដ្ឋរបស់យើងចោល។ ដូចដែលព្រះគម្ពីរចែងថា «...យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់...» (អេភេសូរ ១:៧)។ ប៉ុន្តែនោះគឺគ្រាន់តែជាការដកនូវទោសកំហុសរបស់យើងចោលតែប៉ុណ្ណោះ។ ការនោះមិនបានប្រកាសថា យើងសុចរិតនោះទេ។ ការលុបចោលនូវការដែលយើងមិនបានគោរពតាមច្បាប់ គឺមិនដូចគ្នាទៅនឹងការប្រកាសថា យើងជាអ្នកគោរពច្បាប់ម្នាក់នោះទេ។ នៅពេលដែលគ្រូម្នាក់លុបបញ្ជីនៃការប្រលងរបស់សិស្សមួយក្រុមដែលទទួលបាននិទ្ទេសខ្សោយចោល គឺមិនដូចគ្នាទៅនឹងការប្រកាសថា អ្នកទាំងនោះ មាននិទ្ទេសល្អនោះទេ។ ប្រសិនបើធនាគារបានលើកលែងឲ្យខ្ញុំរួចពីបំណុលដែលខ្ញុំជំពាក់គេ នោះមិនមែនមានន័យថា គេហៅខ្ញុំជាអ្នកមាននោះដែរ។ ដូចគ្នានេះដែរ ការលុបចោលនូវអំពើបាបរបស់យើង គឺមិនដូចទៅនឹងការប្រកាសថា យើងជាមនុស្សសុចរិតនោះឡើយ។ ការលុបចោលត្រូវតែមាន ព្រោះការនេះជាការសំខាន់ក្នុងការរាប់ជាសុចរិត។ ប៉ុន្តែ មិនត្រឹមតែប៉ុណ្ណោះទេ នៅមានហេតុផលមួយទៀតដែលថា ព្រះជាម្ចាស់មិនគួរឲ្យស្អប់ខ្ពើមឡើយក្នុងការដែលទ្រង់រាប់មនុស្សអាក្រក់ថា ជាមនុស្សសុចរិត ដោយសារជំនឿនោះ។ ដើម្បីឲ្យដឹងជាក់ច្បាស់បន្ថែមទៀតអំពីមូលហេតុនេះ សូមអានជំពូកបន្ទាប់។

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

នៅទីបំផុត ដោយសារកណ្ឌនៃព្រះគម្ពីរត្រូវបានកាត់ស្រាយ ហើយគោលលទ្ធិដ៏មានសិរីល្អដែលមាននៅក្នុងបទគម្ពីរត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈ នោះការសម្រេចចិត្តមួយនឹងកើតឡើងដោយជៀសមិនរួច

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។