in

ដើម្បី​អត់​ទោស​បាប​យើង

ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជបុត្រា​នោះ ដោយ​សារ​ព្រះ​លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស។
(អេភេសូរ ១:៧)

ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្តី​សញ្ញា​ថ្មី ដែល​បាន
​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។
(ម៉ាថាយ ២៦:២៨ គកស)

នៅ​ពេល​ដែល​យើង​អត់​ទោស​សេចក្ដី​កំហុស ឬ​ការ​បន្ទច់​បង្អាក់ ឬ​ក៏​ការ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង នោះ​យើង​មិន​ទាមទារ​ឲ្យ​អ្នក​នោះ​សង​ថ្លៃ​ជំងឺចិត្ត​អ្វី​ឡើយ។ តើ​អ្វី​ទៅ​ដែល​ផ្ទុយ​ពី​ការ​អត់​ទោស? ប្រសិនបើ​គេ​បាន​សង​ថ្លៃ​នូវ​អ្វី​ដែល​បាត់​បង់ នោះ​មិន​មែន​ជា​ការ​អត់​ទោស​នោះ​ទេ។ បើ​គេ​បាន​សង​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​ឲ្យ​យើង​ខូច​ខាត នោះ​មិន​មាន​ការ​អត់​ទោស​ណា​មួយ​ដែល​យើង​ត្រូវ​អត់ទោស​ឲ្យ​គេ​នោះ​ទេ ព្រោះ​គេ​​បាន​សង​យើង​រួច​ហើយ។ ហើយ​យើង​ក៏​ទទួល​នូវ​ការ​ខូច​ខាត​ពី​គេ​វិញ​ដែរ​។

ការ​អត់​ទោស​តម្រូវ​ឲ្យ​មាន​ព្រះ​គុណ។ ប្រសិនបើ​ខ្ញុំ​ត្រូវ​របួស​ដោយ​សារ​អ្នក នោះ​ដោយ​សារ​តែ​ព្រះ​គុណ​ទើប​ខ្ញុំ​អាច​អត់​ទោស​ឲ្យ​អ្នក​បាន។ ហើយ​ខ្ញុំ​ក៏​មិន​ប្ដឹងផ្ដល់​ពី​អ្នក​ដែរ តែ​ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក។ អត្ថន័យ​នៃ​ពាក្យ​ព្រះគុណ​ក្នុង​ព្រះគម្ពីរ គឺ​មាន​ន័យ​ថា ការ​ផ្ដល់​ឲ្យ​នូវ​អ្វី​ដល់​អ្នកណា​ម្នាក់​ដែល​គាត់​មិន​ស័ក្តិសម​នឹង​ទទួល។ ការ​អត់​ទោស ​គឺ​ជា​ការ​ដែល​យើង​បោះបង់​សិទ្ធិ​នៃ​ការ​សងសឹក​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ចោល។

អ្វី​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ចំពោះ​យើង​នៅ​ពេល​ដែល​យើង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​នោះ​ហើយ​គឺ៖ «…អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​អង្គ នឹង​ទទួល​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ​នាម​ព្រះ​អង្គ» (កិច្ចការ ១០:៤៣ គខប)។ ប្រសិនបើ​យើង​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ព្រះ​ជាម្ចាស់​នឹង​អត់​ទោស​បាប​ដែល​យើង​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់។ ខគម្ពីរ​ខាង​ក្រោម​នេះ​គឺ​ជា​ទីបន្ទាល់​ផ្ទាល់​របស់​ព្រះ​ជាម្ចាស់​ដែល​ចែង​ថា៖ «គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ…» (អេសាយ ៤៣:២៥)។ «ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ» (ទំនុកដំកើង ១០៣:១២)។

ប៉ុន្តែ​ការ​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ត្រង់​ថា យើង​ទាំង​អស់​គ្នា​សុទ្ធតែ​បាន​ដឹង​ហើយ​ថា ការ​អត់​ទោស គឺ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ពីព្រោះ​ថា យើង​អាច​មើល​ឃើញ​ច្បាស់​នៅ​ពេល​ណា​ដែល​មាន​ការ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ដ៏​ធ្ងន់ធ្ងរ ដូច​ជា​អំពើ​ឃាតកម្ម ឬ​ការ​ចាប់​រំលោភ​ជា​ដើម។ ទោះ​បើ​សង្គមជាតិ ឬ​សាកលលោក​ទាំងមូល​រួម​គ្នា​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ ប្រសិនបើ​ចៅក្រម (ឬ​ព្រះ​ជាម្ចាស់) និយាយ​យ៉ាង​សាមញ្ញ​ទៅ​កាន់​ឃាតករ និង​ជន​ចាប់​រំលោភ​គ្រប់រូប​ថា «តើ​ឯង​មាន​ការ​សោកស្ដាយ​ពី​ទង្វើ​ដែល​ឯង​ធ្វើ​ដែរ​ឬ​ទេ? អើ មិន​អី​ទេ! រដ្ឋាភិបាល​អត់​ទោស​ឯង​ហើយ។ ឯង​អាច​ទៅ​បាន»។ ក្នុង​ករណី​នេះ​យើង​ឃើញ​ថា ជនរងគ្រោះ​ប្រហែលជា​មាន​ចិត្ដ​សន្ដោស​ប្រណី​ដល់​ជន​ជាប់​ចោទ តែ​រដ្ឋាភិបាល​មិន​អាច​លើក​ភាព​យុត្តិធម៌​ចោល​បាន​ឡើយ។

ដូច្នេះ ការ​នេះ​ក៏​ដូចគ្នា​ទៅ​នឹង​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​ដែរ។ អំពើ​បាប​ទាំង​អស់​គឺ​ធ្ងន់ធ្ងរ​ណាស់ ដោយ​ព្រោះ​វា​ទាស់​នឹង​ព្រះ​ជាម្ចាស់ (សូម​មើល​ជំពូក១​ជា​ថ្មី​ម្ដង​ទៀត)។ យើង​បាន​ធ្វើ​ឲ្យ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ខូច នៅ​ពេល​ដែល​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​បង្គាប់ ឬ​ប្រមាថ​មើល​ងាយ​ទ្រង់។ សេចក្ដី​យុត្តិធម៌​របស់​ទ្រង់​នឹង​មិន​អនុញ្ញាត​ឲ្យ​ទ្រង់​ដោះ​លែង​យើង​ឲ្យ​មាន​សេរីភាព​យ៉ាង​សាមញ្ញ ដូច​ទៅ​នឹង​ចៅក្រម​អាច​លុបចោល​នូវ​គ្រប់​ទាំង​បំណុល​ដែល​ឧក្រិដ្ឋជន​ជំពាក់​ដល់​សង្គម​នោះ​ទេ។ សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​ខូច​ដោយ​សារ​អំពើ​បាប​របស់​យើង ដាច់​ខាត​ត្រូវ​តែ​មាន​ការ​ស្ដារ​ឡើង​វិញ ដើម្បី​ឲ្យ​សិរីល្អ​របស់​ទ្រង់​មាន​ពន្លឺ​ចែងចាំង​ខ្លាំង​ឡើង​វិញ តាម​រយៈ​សេចក្តី​យុត្តិធម៌។ បើ​សិន​ជា​យើង​ដែល​ជា​អ្នក​ធ្វើ​បាប​បាន​ទទួល​ការ​ប្រោស​លោះ និង​ការ​អត់ទោស នោះ​ព្រះអង្គ​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​បង្ហាញ​ថា ព្រះ​កិត្តិយស​របស់​ព្រះ​នៅ​តែ​រុងរឿង​ដដែល ទោះបើ​ទ្រង់​បាន​ប្រោស​លោះ​អ្នក​ដែល​បាន​ប្រមាថ​ព្រះនាម​ព្រះអង្គ។

នោះ​ហើយ​ជា​ហេតុផល​ដែល​ព្រះ​គ្រីស្ទ​រងទុក្ខ ហើយ​សុគត។ «ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជបុត្រា​នោះ ដោយ​សារ​ព្រះ​លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស…» (អេភេសូរ ១:៧)។ ការ​អត់​ទោស​មិន​ទាមទារ​ឲ្យ​យើង​បង់​ថ្លៃ​អ្វី​សោះ។ ការ​ដែល​យើង​លះបង់​នូវ​អ្វីៗ​ទាំង​អស់​ចោល និង​ការ​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់ គឺ​ជា​ផលផ្លែ​នៃ​ការ​ដែល​យើង​ទទួល​បាន​ការ​អត់​ទោស តែ​ការ​លះបង់ និង​ការ​ស្ដាប់​បង្គាប់​មិន​មែន​ជា​ហេតុ​ផល​ដែល​បញ្ជាក់​ប្រាប់​ថា យើង​ទទួល​បាន​ការ​អត់​ទោស​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហៅ​ការ​ទទួល​បាន​សេចក្តី​សង្គ្រោះ​ថា​ជា ព្រះ​គុណ។ ប៉ុន្តែ ការ​ទទួល​បាន​សេចក្តី​សង្គ្រោះ​ទាមទារ​ឲ្យ​ព្រះ​យេស៊ូវ​បង់​នូវ​ថ្លៃ​ព្រះ​ជន្ម​របស់​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហៅ​ការ​នេះ​ថា យុត្តិធម៌។ អូ៎! ដំណឹង​ដែល​ថា​ព្រះ​ជាម្ចាស់​មិន​បាន​យក​អំពើ​បាប​របស់​យើង មក​ទាស់​នឹង​យើង អី​ក៏​មាន​តម្លៃ​ម៉្លេះ! ឱ! ព្រះ​គ្រីស្ទ​ដ៏​អស្ចារ្យ​អើយ! ដោយ​សារ​ព្រះ​លោហិត​របស់​ទ្រង់​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​អត់​ទោស​ដល់​យើង!

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដើម្បី​លុប​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង​ចោល

ដើម្បី​ប្រទាន​មូលដ្ឋាន​នៃ​ការ​រាប់​ជា​សុចរិត​ដល់​យើង