in ,

ផ្សាយ​ដំណឹងល្អ​ជា​ថ្មី

5 Resurrection Realities that Reorient Our Evangelism

ការ​ផ្សាយ​ដំណឹងល្អ​នឹង​មាន​ជោគជ័យ ឬ​ក៏​បរាជ័យ​គឺ​អាស្រ័យ​ទៅ​លើ​សេចក្ដី​ពិត​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ប្រសិនបើ​ព្រះ​យេស៊ូវ​មិន​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ នោះ​មាន​ន័យ​ថា យើង​គ្មាន​ដំណឹងល្អ​ដើម្បី​នឹង​ចែកចាយ​នោះ​ឡើយ៖ ១) អំពើបាប និង​សេចក្ដី​ស្លាប់​នៅ​មាន​អំណាច ២) យើង​កំពុង​ថ្វាយបង្គំ​ព្រះ​ដែល​ស្លាប់ និង​កំពុង​តែ​ប្រឈមមុខ​នឹង​ភាព​ពុករលួយ ៣) ហើយ​គ្រីស្ទបរិស័ទ​វេទនា​លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត ពីព្រោះ​យើង​ត្រូវ​បាន​គេ​បោកប្រាស់ ហើយ​គួរ​ឲ្យ​អាណិត​ណាស់។ មួយ​វិញ​សោត ប្រសិនបើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត នោះ​គ្រីស្ទបរិស័ទ​គ្រប់ៗ​រូប​គួរ​តែ​ជំរុញ​ចិត្ត​ខ្លួន​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​នោះ​ដោយ​សេរី និង​អំណរ​ដ៏​ខ្លាំង​ក្លា។

ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ១៥:១២-២០ សាវ័ក ប៉ុល បាន​វែកញែក​ថា ចំពោះ​គ្រីស្ទបរិស័ទ រាល់​គ្រប់​អ្វីៗ​ទាំង​អស់​គឺ​រំពឹង​លើ​សេចក្ដី​ពិត​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថន័យ​យ៉ាង​ចំៗ​ទាក់ទង​ទៅ​នឹង​ការ​ផ្សាយ​ដំណឹងល្អ៖

១. ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត ការ​ប្រកាស​ដំណឹងល្អ​នឹង​បង្កើត​ផលផ្លែ និង​ជំនឿ​ដែល​នឹង​នាំ​ឲ្យ​មាន​ជីវិត។

ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​តាមរយៈ​ពាក្យពេចន៍។ នេះ​គឺ​ជា​ការ​អស្ចារ្យ​នៃ​ការ​ប្រកាស​ដំណឹងល្អ។ ការ​ប្រកាស​ដំណឹងល្អ​មិន​គ្រាន់តែ​បង្កើត​ឲ្យ​មាន​ផលផ្លែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ឲ្យ​មាន​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់កល្បជានិច្ច​ទៀត​ផង។ ការ​ផ្សាយ​ដំណឹងល្អ​គឺ​មិនមែន​ជា​ការ​ឥតប្រយោជន៍ ការ​គ្មាន​ផលផ្លែ ទទេ​ស្អាត ហើយនិង​គ្មាន​លទ្ធផល​ឡើយ។ ហេតុអ្វី? ពីព្រោះ​ព្រះយេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ កំពុង​គង់​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​ជាម្ចាស់ ហើយ​ក៏​កំពុង​ត្រាស់ហៅ​មនុស្ស​ឲ្យ​មក​ឯ​ទ្រង់​តាមរយៈ​ការ​ធ្វើ​ទីបន្ទាល់​ដោយ​ប្រើប្រាស់​ពាក្យពេចន៍​របស់​យើង។

ចូរ​ផ្សាយ​ដំណឹងល្អ​អំពី​ព្រះ​យេស៊ូវ ពីព្រោះ​ព្រះ​ជាម្ចាស់​នឹង​ប្រើប្រាស់​ដំណឹងល្អ​នេះ​ដើម្បី​នាំ​ឲ្យ​មាន​ជីវិត​ថ្មី។

២. ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត ដូច្នេះ​យើង​អាច​ធ្វើ​ជា​តំណាង​របស់​ព្រះ​ជាម្ចាស់​បាន​យ៉ាង​ត្រឹមត្រូវ។

ប្រសិនបើ​ព្រះ​យេស៊ូវ​មិន​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ទេ នោះ​មាន​ន័យ​ថា គ្រីស្ទបរិស័ទ​គឺ​ជា​អ្នក​ធ្វើ​ទីបន្ទាល់​ដ៏​ខុស​ឆ្គង៖ នោះ «ឈ្មោះ​ថា​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ​វិញ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​ថា ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ​គ្រីស្ទ​រស់​ឡើង​វិញ​ហើយ តែ​បើ​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ប្រាកដ​ជា​ទ្រង់​មិន​បាន​ប្រោស​ឲ្យ​ព្រះ​គ្រីស្ទ​រស់​ឡើង​វិញ​ពិត» (១កូរិនថូស ១៥:១៥)។ ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត ដូច្នេះ​យើង​អាច​ប្រកាស និង​ធ្វើ​ជា​តំណាង​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ពិភពលោក​នេះ​ដែល​កំពុង​វង្វេង ហើយ​ស្លាប់។

លោកអ្នក​មិន​មែន​ជា​អ្នក​លក់​ដែល​ពូកែ​វោហារ ឬ​ក៏​ជា​អ្នក​បោកប្រាស់​គេ​ទេ។ លោកអ្នក​មាន​ការ​អនុញ្ញាត និង​ការ​បញ្ជូន​ឲ្យ​ចេញ​ទៅ​ផ្សាយ​ពី​ព្រះ​អាទិករ​នៃ​ចក្រវាល។ លោកអ្នក​អាច ហើយ​ក៏​គួរ​និយាយ​ដោយ​មាន​ចិត្ត​ម៉ឺងម៉ាត់ ចិត្ត​ស្រឡាញ់ ភាព​ស្មោះត្រង់ និង​ការ​ទទូច​អង្វរ​ទៅ​កាន់​អស់​អ្នក​ដែល​មិន​ទាន់​ជឿ​ឲ្យ​ពួកគាត់​ទទួល​ជឿ។ លោកអ្នក​គួរ​មាន​ការ​ទាក់ទាញ​ចិត្ត និង​មាន​ចិត្ត​អាណិត​ពេល​ដែល​លោកអ្នក​ផ្សាយ​ដំណឹងល្អ ប៉ុន្តែ​ស្រាប់​តែ​ពេល​នោះ​ដែរ លោកអ្នក​ក៏​គួរ​មាន​ចិត្ត​ស្មោះត្រង់​ដ៏​ជ្រាលជ្រៅ​ផង​ដែរ ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​បញ្ជូន​លោកអ្នក​ឲ្យ​មក​ធ្វើ​ជា​ទីបន្ទាល់​របស់​ទ្រង់​ចំពោះ​កូនចៀម​ដែល​បាន​បាត់បង់។

៣. ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត នោះ​អំពើ​បាប​របស់​លោកអ្នក​ត្រូវ​បាន​អត់​ទោស​ហើយ។

ប្រសិនបើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មិន​បាន​កើត​ឡើង​ទេ នោះ​មាន​ន័យ​ថា លោកអ្នក​ត្រូវ​បាន​ទទួល​ការ​ថ្កោលទោស​ឲ្យ​ធ្លាក់​នរក​ជា​រៀង​រហូត៖ «ហើយ​បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ» (១កូរិនថូស ១៥:១៧)។ ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អំពើ​បាប​របស់​លោកអ្នក​ត្រូវ​បាន​អត់​ទោស​នៅ​ឯ​ឈើ​ឆ្កាង។ ត្រូវ​បាន​សម្រេច ទទួល​ការ​វាយ​ត្រា និង​ការ​អះអាង។ គ្មាន​អ្វី​មួយ​អាច​មក​បង្វែរ​នូវ​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​នៅ​ឯ​ឈើ​ឆ្កាង​ឡើយ។

តើ​ការ​សន្យា​មួយ​នេះ​អាច​ណែនាំ​យើង​ពី​ការ​ផ្សាយ​ដំណឹងល្អ​ជា​ថ្មី​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច​ទៅ? យើង​ផ្សាយ​ដំណឹងល្អ​តាម​សេរីភាព និង​ការ​ដឹង​គុណ។ លោកអ្នក​អាច​នឹង​ប្រកាស​អំពី​ព្រះ​យេស៊ូវ​ដោយ​មាន​អំណរ ពីព្រោះ​មេរោគ​ដែល​នឹង​សម្លាប់​លោកអ្នក—អំពើ​បាប—ត្រូវ​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​អស់​កល្ប​ជានិច្ច​ហើយ។ លោកអ្នក​មាន​អភ័យឯកសិទ្ធិ​ក្នុង​ការ​ចែកចាយ​ការ​ព្យាបាល​ដល់​អស់​អ្នក​ដែល​នឹង​ស្ដាប់​លោកអ្នក។ គ្មាន​ការ​ស្ដី​បន្ទោស និង​ភាព​អាម៉ាស់​ទៀត​ឡើយ។ លោកអ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ។ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​មាន​អំណាច​អាច​អត់​ទោស​បាប​ណា​មួយ​ក៏​បាន​ដែរ។ ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ​អំពើ​បាប​របស់​លោកអ្នក​ហើយ។

៤. ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត រាល់​អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់នៅ​យ៉ាង​អស់​កល្ប​ជានិច្ច។

សាវ័ក ប៉ុល បាន​កត់ត្រា​ចុះ​ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ១៥:១៨ «ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះ​គ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ»។ ប្រសិនបើ​ព្រះ​គ្រីស្ទ​មិន​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​មាន​សង្ឃឹម​បាន​ឡើយ។ គ្រប់​គ្នា​នឹង​ស្លាប់ វិនាស ហើយនិង​រងទុក្ខ​យ៉ាង​អស់​កល្ប​ជានិច្ច​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់។ ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដូច្នេះ​អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​មាន​ជីវិត​យ៉ាង​អស់​កល្ប​ជានិច្ច។ អស់​អ្នក​ណា​ដែល​ទទួល​ជឿ​លើ ហើយ​ដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ពួកគាត់​នឹង​នៅ​ជាមួយ​ទ្រង់​ជា​រៀង​រហូត។ គ្មាន​សេចក្ដី​ស្លាប់​ណា​ដែល​អាច​នឹង​នៅ​ជា​យូរ​អង្វែង​នោះ​ឡើយ។ «ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯ​ណា» (១កូរិនថូស ១៥:៥៥)។

ដូច្នេះ យើង​អាច​ប្រកាស​ក្ដី​សង្ឃឹម​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នេះ៖ ចូរ​ទុកចិត្ត​លើ​ព្រះ​គ្រីស្ទ ហើយ​នៅ​ជាមួយ​នឹង​ព្រះ​អង្គ​យ៉ាង​អស់​កល្ប​ជានិច្ច។ លោកអ្នក​អាច​និយាយ​យ៉ាង​ចំៗ​ជាមួយ​អស់​អ្នក​ដែល​កំពុង​ស្លាប់​លើ​គ្រែ​គាត់។ លោកអ្នក​អាច​មាន​ទំនុក​ចិត្ត​ត្រង់​ថា អស់​អ្នក​ដែល​លោកអ្នក​ស្រឡាញ់​ដែល​បាន​ស្លាប់​មិន​មាន​ការ​រងទុក្ខ​ទៀត​ឡើយ។ អស់​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ​នឹង​រស់នៅ​យ៉ាង​អស់​កល្ប​ជានិច្ច។

៥. ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ពិត យើង​អាច​រស់នៅ​ក្នុង​ជីវិត​ដែល​គួរ​ឲ្យ​ចង់​បាន។

ប្រសិនបើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មិន​បាន​កើត​ឡើង​ទេ នោះ​មាន​ន័យ​ថា ជីវិត​គ្រីស្ទបរិស័ទ​គឺ​ជា​ជីវិត​ដែល​គួរ​ឲ្យ​ពេញ​ទៅ​ដោយ​ទុក្ខព្រួយ និង​ក្ដី​អាណិត៖ «បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត» (១កូរិនថូស ១៥:១៩)។ ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គ្រីស្ទបរិស័ទ​អាច​រស់នៅ​ក្នុង​ជីវិត​ដែល​គួរ​ឲ្យ​ចង់​បាន។ ការ​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ—ក្នុង​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ—គឺ​ជា​ការ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចក្រវាល​នេះ។ ត្រូវ​ហើយ សូម្បី​តែ​ក្នុង​ការ​រងទុក្ខ។ ត្រូវ​ហើយ ទោះបើ​គេ​ប្រហារ​ជីវិត​យើង​ដោយ​កាត់​ក្បាល​ក៏​ដោយ ឬ​ក៏​ជិះជាន់​យើង ឬ​ក៏​ចាត់​ទុក​យើង​ជា​អ្នក​តូចតាច។ ត្រូវ​ហើយ ទោះបើ​គេ​រាប់​យើង​ថា​ជា​មនុស្ស​ដែល​មិន​ចេះ​គិត​ឲ្យ​ទូលាយ ចំឡែក ឬ​ក៏​ជា​អ្នក​កាន់​សាសនា​ដ៏​ខុស​គេ​ក៏​ដោយ។ យើង​អាច​លើក​ឡើង​ដូច​សាវ័ក ប៉ុល «ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ» (ភីលីព ៣:៨)។ យើង​អាច​ច្រៀង​ឲ្យ​អស់​ពី​ចិត្ត «ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ»។

លោកអ្នក​អាច​មាន​ទំនុកចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ត្រង់​ថា ពាក្យពេចន៍​ដែល​លោកអ្នក​និយាយ​នឹង​ផ្ដល់​ជីវិត​យ៉ាង​ពេញ​បរិបូរណ៍ ហើយ​នៅ​អស់​កល្ប​ជានិច្ច។ លោកអ្នក​មាន​ចម្លើយ​ដែល​សម​ហេតុ​សម​ផល​លើស​គេ​ទាំង​អស់​លើ​សំណួរ​អំពី​ជីវិត។ ឥឡូវនេះ លោកអ្នក​អាច​មាន​អំណរ​ក្នុង​ក្ដី​សង្ឃឹម​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​ទុក​សម្រាប់​លោកអ្នក។ លោកអ្នក​អាច​សន្យា​ថា ជីវិត​ដ៏​ខ្លី​នេះ​ទំនង​ជា​មិន​ស្រួល​ទេ—លោកអ្នក​ទំនង​ត្រូវ​លះបង់​ជា​ច្រើន ហើយ​ក៏​ទំនង​ជា​ត្រូវ​រងទុក្ខ—ប៉ុន្តែ ព្រះ​គ្រីស្ទ​ផ្ដល់​ក្ដី​សង្ឃឹម​ដ៏​រស់ កេរ្តិ៍​មរតក​នៅ​អនាគត ក្ដី​អំណរ​ដែល​ពាក្យពេចន៍​មិន​អាច​ពណ៌នា​បាន ហើយ​ជា​ចុង​ក្រោយ​គឺ​ក្ដី​សង្គ្រោះ​សម្រាប់​ព្រលឹង​លោកអ្នក (១ពេត្រូស ១:៣-៩)។ ទាំង​អស់​គឺ​ស័ក្ដិសម​ណាស់។

ហេតុ​ដូច្នេះ ខណៈពេល​ដែល​ថ្ងៃ​បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​មក​ដល់ ចូរ​ពិចារណា​លើ​កណ្ឌគម្ពីរ ១កូរិនថូស ១៥:៥៨ «បាន​ជា​បង​ប្អូន​ស្ងួន​ភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិនមែន​ឥត​ប្រយោជន៍​ទេ»។ សេចក្ដី​អធិស្ឋាន​របស់​លោកអ្នក​សម្រាប់​អស់​អ្នក​បាត់​បង ការ​សន្ទនា​ដែល​លោកអ្នក​មាន​ដោយ​ចេតនា​អំពី​ប្រធានបទ​ខាង​ឯ​ព្រលឹង​វិញ្ញាណ និង​ការ​ដែល​លោកអ្នក​ព្យាយាម​បង្កើត​ទំនាក់ទំនង​ដោយ​ក្ដី​ស្រឡាញ់​ជាមួយ​នឹង​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ​យេស៊ូវ ទាំង​អស់​នោះ​គឺ​មិនមែន​ឥត​ប្រយោជន៍​ឡើយ។ ចូរ​នៅ​ឲ្យ​ខ្ជាប់ខ្ជួន។ គ្មាន​អ្វី​ដែល​យើង​ធ្វើ​សម្រាប់​ព្រះ​អង្គ​គឺ​ជា​ការ​ឥត​ប្រយោជន៍​ឡើយ។ ដូច្នេះ ចូរ​បន្ត​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ។

ចូរ​អនុញ្ញាត​ឲ្យ​សេចក្ដី​ពិត​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ណែនាំ​ជា​ថ្មី ជំរុញ ហើយ​លើក​ទឹកចិត្ត​ភាព​ឆេះឆួល និង​ក្ដី​ស្រឡាញ់​របស់​លោកអ្នក​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ។ បើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ សូម​ឲ្យ​ព្រះ​អង្គ​ប្រទាន​អំណរ​ដល់​លោកអ្នក​ក្នុង​ការ​ណែនាំ​នរណា​ម្នាក់​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នេះ។

ចំណាំ៖ យើង​បាន​ទទួល​កា​រអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ
និពន្ធ​ដោយ៖ លោកគ្រូ Steven Lee
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​លោក​ស្រី ឡូញ ស្រីរ៉ុង
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​

អត់​ទោស​អ្នក​ដទៃ