ប្រវត្តិ
អាប៉ូឡូ គីបូឡុយ កើតនៅទីក្រុងដាវ៉ាវប្រទេសហ្វីលីពីន នៅថ្ងៃទី២៥ខែមេសាឆ្នាំ១៩៥០។ ឪពុករបស់គាត់ជាសមាជិកនៃក្រុមជំនុំដ៏ល្អមួយ ប៉ុន្តែក្រោយមកបានចាកចេញពីក្រុមជំនុំនោះ ដើម្បីចូលរួមជាមួយនិកាយមួយ ដែលបដិសេធព្រះត្រៃឯក គឺ United Pentecostal Church។ ក្រោយមកអាប៉ូឡូ គីបូឡុយ
បានក្លាយជាគ្រូគង្វាលនៃក្រុមជំនុំមួយនៃនិកាយនោះដែរ។ បន្ទាប់មកគាត់បានបង្កើតក្រុមជំនុំផ្ទាល់ខ្លួន ហើយអះអាងថា ខ្លួនជាព្រះរាជបុត្រានៃព្រះ។ ឥឡូវនេះក្រុមខុសឆ្គងរបស់គាត់មានសមាជិកជាងមួយលាននាក់ ដោយពួកគេចាត់ទុកគាត់ជាម្ចាស់នៃចក្រវាល។ ខាងលើជាឡូហ្គោរបស់គាត់ ដែលហៅគាត់ថា ជាព្រះយេស៊ូវគ្រីស្ទ ហើយ«នាមដែលខ្ពស់លើសអស់ទាំងនាម» ជានាមដែលគាត់បានលួចយកពី ពី ភីលីព ២ៈ៩ ដែលសំដៅទៅ ព្រះគ្រីស្ទពិត គឺព្រះយេស៊ូវពីស្រុកណាសារ៉ែត មិនមែន អាប៉ូឡូ គីបូឡុយទេ។
អាប៉ូឡូ គីបូឡុយ អះអាងថា ខ្លួនជាព្រះរាជបុត្រានៃព្រះ
ឧបាយកលមួយដែល មេដឹកនាំក្រុមខុសឆ្គងជាច្រើនបានប្រើ គឺបង្រៀនថា ព្រះយេស៊ូវបានបរាជ័យ មិនបានបំពេញគោលដៅទាំងអស់ ដែលព្រះវរបិតាបានបញ្ជូនទ្រង់ឲ្យធ្វើឡើយ ដូច្នេះត្រូវតែមានព្រះគ្រីស្ទមួយទៀត ដើម្បីបញ្ចប់ការងារនោះ។ នេះក៏ជាការអះអាងរបស់អាប៉ូឡូ គីបូឡុយពីប្រទេសហ្វីលីពីនដែរ។ សូមស្តាប់សំដីផ្ទាល់របស់គាត់៖
«នៅពេលដែលព្រះរាជបុត្រានៅក្នុងស្ថានភាពនៃសាសន៍យូដា គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង បានយាងមក ហើយបានបង់ថ្លៃលោះដោយទ្រង់សុគតនៅលើឈើឆ្កាង នោះសេចក្ដីសង្គ្រោះមិនបានបញ្ចប់ត្រឹមនោះទេ។ ទ្រង់កំពុងរង់ចាំកូនចៅអ័ដាមទី១[គីបូឡុយ]កើតនៅក្នុងព្រះវិញ្ញាណរបស់ទ្រង់»។
គីប៉ូឡុយកំពុងសំដៅលើខ្លួនគាត់ថា ជាអ្នកដែលនឹងបញ្ចប់នូវអ្វីដែលព្រះយេស៊ូវមិនបានបញ្ចប់។ នេះគឺជាការប្រមាថទាស់នឹងព្រះយេស៊ូវគ្រីស្ទពិត។ ប៉ុន្តែការប្រមាថរបស់គីបូឡុយនៅមានទៀត៖
«ខ្ញុំ [គីបូឡុយ] ជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាអាចទៅឯព្រះវរបិតាបានឡើយ លើកលែងតែដោយសារខ្ញុំ»។ គីប៉ូឡុយកំពុងយកព្រះបន្ទូលរបស់ព្រះយេស៊ូវនៅយ៉ូហាន ១៤ៈ៦ ដើម្បីនិយាយអំពីខ្លួនគាត់! នេះគឺជាការប្រមាថទាស់នឹងព្រះយេស៊ូវគ្រីស្ទពិត។
«ខ្ញុំអាចបញ្ចប់ការងាររបស់ទ្រង់[ព្រះគ្រីស្ទ]បាន។ ខ្ញុំបានបំពេញផ្នែកខាងវិញ្ញាណនៃសេចក្ដីសង្គ្រោះ ដែលមិនត្រូវបានបញ្ចប់ក្នុងសម័យយូដា និងសម័យនៃក្រុមជំនុំ។ ខ្ញុំជាការសម្រេចបំពេញរបស់ព្រះវរបិតា នៃកិច្ចការដែលទ្រង់បានធ្វើនៅលើឈើឆ្កាង»។ នេះគឺជាការប្រមាថទាស់នឹងព្រះយេស៊ូវគ្រីស្ទពិត។
«បើអ្នកចង់ឃើញព្រះវរបិតា សូមមើលមកខ្ញុំចុះ»។ នេះគឺជាការប្រមាថទាស់នឹងព្រះវរបិតា។
អាប៉ូឡូ គីបូឡុយអះអាងថា ខ្លួនគ្មានបាបទេ
គាត់អះអាងថា ស្ថានភាពរបស់គាត់សព្វថ្ងៃនេះ គឺដូចគ្នានឹងអ័ដាមមុនពេលគាត់ធ្លាក់ក្នុងបាប គឺគ្មានបាបទេ។ ក៏ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ «គ្មានអ្នកណាសុចរិតសោះសូម្បីតែម្នាក់ក៏គ្មានផង…ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» (រ៉ូម ៣ៈ១០,២៣)។
អាប៉ូឡូ គីប៉ូឡុយអះអាងថា ជាផ្លូវតែមួយគត់នៃការសង្គ្រោះ
គាត់ថា មនុស្សអាចទទួលការសង្គ្រោះបាន ទាល់តែគាត់ព្រមទទួលយក គីប៉ូឡុយ ជាព្រះរាជបុត្រានៃព្រះ។ គីប៉ូឡុយបានអះអាងថា ព្រះយេស៊ូវ គ្រាន់តែជាព្រះអង្គសង្គ្រោះ សំរាប់សាសន៍យូដាប៉ុណ្ណោះ តែគីប៉ូឡុយ គឺជាអ្នកសង្គ្រោះសំរាប់សាសន៍ដទៃ។ ប៉ុន្តែសាវកពេត្រុសមានប្រសាសន៍ថា៖
«ព្រះអង្គនោះ[ព្រះយេស៊ូវ]ជាថ្មដែលលោករាល់គ្នាជាជាងសង់ផ្ទះបានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃគ្មាននាមឈ្មោះណាទៀត បានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤ៈ១១-១២)។
ពីរពាន់ឆ្នាំមុន អាប៉ូឡូ គីបូឡុយបានកើតមក សាវកប៉ុលបានបង្រៀនថា ព្រះយេស៊ូវដែលត្រូវគេឆ្កាង ជាសេចក្ដីសង្គ្រោះនៃសាសន៍យូដា និងសាសន៍ដទៃផង៖ «តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក[សាសន៍ដទៃ]២៤ តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនិងសាសន៍ក្រេកផង» (១កូរិនថូស ២៣-២៤)។
ដូចអាន់ សាំងហុង ពីកូរ៉េ និង យ៉ាង ស៊ីងប៊ិន ពីចិន អាប៉ូឡូ គីបូឡុយ ក៏ចែកប្រវត្តិសាស្ត្រជាបីសម័យកាល៖
សម័យកាលសាសន៍យូដា អ័ដាមជាព្រះរាជបុត្រាដំបូងនៃព្រះ ប៉ុន្តែគាត់បានបរាជ័យ។
សម័យកាលក្រុមជំនុំ ព្រះយេស៊ូវជាព្រះរាជបុត្រាបង្កើតនៃព្រះ ប៉ុន្តែទ្រង់បានបរាជ័យ មិនបានបំពេញសេចក្ដីសង្គ្រោះរបស់យើងទាំងស្រុងទេ។
សម័យកាលបច្ចុប្បន្ន ឥឡូវព្រះជាម្ចាស់បានចូលមកក្នុងអាប៉ូឡូ គីបូឡុយ ដែលជាព្រះរាជបុត្រាតែងតាំងរបស់ព្រះ ដែលនឹងបំពេញសេចក្ដីសង្គ្រោះរបស់យើងឲ្យបានសម្រេច។
តែអាប៉ូឡូ គីបូឡុយ ភ្លេចថា ព្រះយេស៊ូវ មិនមែនជាព្រះអង្គសង្គ្រោះសម្រាប់តែសម័យកាលមួយប៉ុណ្ណោះទេ តែជាអ្នកបង្កើតសកលលោក (ចក្រវាល)ទាំងមូល ហើយជាម្ចាស់នៃសម័យកាលទាំងអស់។ «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ» (យ៉ូហាន ១ៈ៣)។ «ដ្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង» (កូល៉ុស ១ៈ១៦)។
អាប៉ូឡូ គីបូឡុយជឿថា សេចក្ដីសង្គ្រោះមកតាមរយៈតែការកែប្រែចិត្តតែប៉ុណ្ណោះ
គីបូឡុយ អះអាងថា មនុស្សលោកទាំងអស់មានឆន្ទៈសេរី ដែលអាចសម្រេចចិត្តឈប់ធ្វើការអាក្រក់ ហើយចាប់ផ្ដើមធ្វើការល្អ។ គាត់ថា «តាមរយៈការកែប្រែចិត្ត យើងអនុញ្ញាតឲ្យព្រះធ្វើការក្នុងយើង ក្នុងអំណាចរបស់ទ្រង់។ វិញ្ញាណនៃសាតាំងលូសេហ្វឺ ត្រូវបណ្ដេញចេញ ហើយវិញ្ញាណថ្មីនឹងមកជំនួស» គីបូឡុយបដិសេធសេចក្តីសង្គ្រោះដោយព្រះគុណតាមរយៈជំនឿលើការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ។ ជំនួសនោះគាត់បង្រៀន សេចក្ដីសង្គ្រោះតាមតែការកែប្រែចិត្តប៉ុណ្ណោះ នេះជាដំណឹងល្អក្លែងក្លាយ។
អាប៉ូឡូ គីបូឡុយបដិសេធព្រះត្រៃឯក
គាត់បដិសេធជាសាធារណៈ ចំពោះគោលលទ្ធិនៃព្រះត្រៃឯក និងគោលជំនឿណៃសៀ (Nicene Creed) ដោយហៅថា ជាការដែលសាតាំងបានបង្កើត។ ចំណុចតែមួយនេះធ្វើឲ្យគាត់ជាគ្រូក្លែងក្លាយ។
សាតាំងបានបញ្ចូលពូជរបស់វា ចូលក្នុងនាងអេវ៉ា ហើយកាអ៊ីនជាលទ្ធផល
គ្រូបង្រៀនដែលបដិសេធព្រះត្រៃឯក ច្រើនតែបង្រៀនថា សាតាំងបានធ្វើឲ្យអេវ៉ា បង្កើតកាអ៊ីន។ (ការបង្រៀនខុសឆ្គងនេះ បានបង្កើតដោយគ្រូក្លែងក្លាយឈ្មោះ វ៉ាលែន ទីនុស នៅសតវត្សទី២ ហើយបានលេចឡើងម្ដងទៀតនៅសតវត្សទី២០ តាមរយៈគ្រូខុសឆ្គងជនជាតិអាមេរិកម្នាក់ឈ្មោះ វីល្លៀម ប្រាណហាំ (១៩០៩-១៩៦៥) ដែលបានបដិសេធព្រះត្រៃឯកផងដែរ។
អាប៉ូឡូ គីបូឡុយបានក្លាយជាសេដ្ឋីដោយសារសាសនា
គីបូឡុយតែងតែទាមទារអ្នកស្ដាប់គាត់តាមទូរទស្សន៍រ ឲ្យផ្ញើប្រាក់ឲ្យគាត់ ហើយទាមទារឲ្យសមាជិកក្រុមរបស់គាត់ ឲ្យប្រាក់១០ភាគរយ នៃប្រាក់ចំណូលរបស់ពួកគេមកគាត់។ គីបូឡុយបានក្លាយជាមហាសេដ្ឋីតាមរយៈសាសនា ដោយមានគេហដ្ឋានដ៏ស្ដុកស្ដម្ភជាច្រើន ឡានថ្លៃៗ និងយន្តហោះ។ តែគាត់នៅតែទាមទារប្រាក់ពីគេ។ ហេតុអ្វីបានជាអ្នកក្រ ត្រូវឲ្យប្រាក់ដល់អ្នកមាន? (សូមមើលសុភាសិត ២២ៈ១៦ សម្រាប់ការព្រមានអំពីការផ្តល់ប្រាក់ដល់អ្នកមានដែលជិះជាន់អ្នកក្រ)។
អាប៉ូឡូ គីបូឡុយ អះអាងថា គាត់ជាព្រះគ្រីស្ទដែលយាងត្រឡប់មកវិញ ប៉ុន្តែព្រឹត្តិការណ៍ណាខ្លះត្រូវកើតឡើង នៅពេលព្រះគ្រីស្ទពិតយាងមកវិញ?
ព្រះគម្ពីរបាននិយាយច្បាស់ណាស់ អំពីព្រឹត្តិការណ៍ដែលត្រូវតែកើតឡើងនៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ។ យើងអាចប្រើប្រាស់បទទំនាយទាំងនេះ ដើម្បីល្បងមើលថា អាប៉ូឡូ គីបូឡុយ គឺជាព្រះគ្រីស្ទពិត ឬជាព្រះគ្រីស្ទក្លែងក្លាយ។
១. ពេលដែលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់នឹង «សងសេចក្តីទុក្ខលំបាក» ដល់ពួកអ្នកដែលធ្វើទុក្ខដល់គ្រីស្ទបរិស័ទ ហើយប្រទានការ «សំរាក» និងសេចក្តីសង្គ្រោះ ដល់ពួកអ្នកដែលត្រូវគេធ្វើទុក្ខ។ ទ្រង់នឹងមក «ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (២ថែស្សាឡូនីច ១ៈ៦-៨) តើការនេះបានកើតឡើងទេនៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
២. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងមិនយាងមកដោយស្ងាត់ៗទេ។ មនុស្សគ្រប់គ្នានៅលើពិភពលោកនឹងបានឃើញទ្រង់។ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» និង «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង» (ម៉ាថាយ ២៤ៈ២៧; វិវរណៈ ១ៈ៧; ១ថែស្សាឡូនីច ៤ៈ១៦) តើការនេះបានកើតឡើងទេនៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៣. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ នោះនៅលើមេឃនឹងត្រូវកក្រើករំពើក។ «ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក» (ម៉ាថាយ ២៤ៈ២៩)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៤. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងយាងមកដោយអំណាច និងសិរីល្អ ហើយមនុស្សមានបាបទាំងអស់នៅលើផែនដីនឹងសោកសៅ។ «នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង» (ម៉ាថាយ ២៤ៈ៣០) តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៥. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ «លោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ (ម៉ាថាយ ២៤ៈ៣១) តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៦. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងបំផ្លាញអាទទឹងនឹងព្រះគ្រីស្ទ (ជាមនុស្សដែលត្រូវហិនវិនាស) «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង…នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក» (២ថែស្សាឡូនីច ២ៈ៣-៤, ៨)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៧. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងចាក់សេចក្តីក្រោធរបស់ទ្រង់ទៅលើអស់អ្នកមានបាបទាំងអស់គ្នា។ «ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ» (១ថែស្សាឡូនីច ៥ៈ២-៣)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៨. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងកាត់ទោសគ្រប់គ្នាភ្លាមៗ។ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក។ រួចគ្រប់ទាំងសាសន៍ នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាលដែលញែកចៀមចេញពីពពែដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
៩. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងប្រោសរូបកាយអ្នកស្លាប់ទាំងអស់ដែលជាគ្រីស្ទបរិស័ទ។ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤ៈ១៦-១៧)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
១០. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងមិនកើតមកជាទារកតូចទេ ប៉ុន្តែទ្រង់នឹងយាងមកពីស្ថានសួគ៌ជាអ្នកចម្បាំងដ៏មានគ្រប់ព្រះចេស្ដា ដើម្បីវិនិច្ឆ័យជំនុំជម្រះផែនដី។ «ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ១២ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ១៣ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» ១៤ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង ១៥ មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ១៦ ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើការនេះបានកើតឡើងទេនៅពេលដែល អាប៉ូឡូ គីបូឡុយ មកនោះ?
គ្មានព្រឹត្តិការណ៍ណាមួយបានកើតឡើងសោះ ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ នៅពេលដែល អាប៉ូឡូ គីបូឡុយ បានកើតនៅប្រទេសហ្វីលីពីន។ អាប៉ូឡូ គីបូឡុយ ជាព្រះគ្រីស្ទក្លែងក្លាយ។
សេចក្តីសន្និដ្ឋាន
អាប៉ូឡូ គីបូឡុយមានអាយុ៧០ឆ្នាំហើយ។ គាត់មិនអាចរស់រហូតបានទេ តើគាត់នឹងរស់ឡើងវិញដូចជាព្រះយេស៊ូវបានរស់ពីសុគតឡើងវិញដែរឬទេ? ទេ ពីព្រោះគាត់មិនមែនជាព្រះរាជបុត្រាពិតទេ។ គាត់មិនមែនជាម្ចាស់ពិតនៃសកលលោកទេ គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ បើគាត់ជាម្ចាស់នៃសាកលលោក គាត់ក៏ជាម្ចាស់លើសេចក្ដីស្លាប់ផងដែរ។
ប៉ុន្តែព្រះយេស៊ូវគ្រីស្ទពិតបានសុគតសម្រាប់បាបយើង និងមានព្រះជន្មរស់ឡើងវិញ ហើយរស់នៅអស់កល្បជានិច្ច។ បន្តិចទៀតទ្រង់នឹងយាងត្រឡប់មកវិញ ដើម្បីវិនិច្ឆ័យគ្រូក្លែងក្លាយទាំងអស់ ដូចជាអាប៉ូឡូ គីបូឡុយ និងអស់អ្នកដែលដើរតាមគាត់។
ជាចុងក្រោយសូមកុំភ្លេច២យ៉ូហាន ១ៈ១០-១១ ៖ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នាក្នុងការអាក្រក់របស់អ្នកនោះដែរ»។
ព័ត៌មានថ្មី ៖ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ មេធាវីរដ្ឋាភិបាលអាមេរិក បានចោទប្រកាន់អាប៉ូឡូ គីបូឡុយនៅក្នុងតុលាការសហរដ្ឋអាមេរិក ពីបទជួញដូរមនុស្ស និងរួមភេទជាមួយអនីតិជន។ យើងចាំមើលដំណើរការកាត់ក្ដីនោះ។ (httpsៈ//www.cnnphilippines.com/news/2021/11/19/Apollo-Quiboloy-sex-trafficking-church-United-States.html)
ធនធានគួរទុកចិត្ត៖
httpsៈ//carm.org/kingdom-of-jesus-christ/a-biblical-response-to-the-teachings-of-pastor-apollo-quiboloy-and-the-kingdom-of-jesus-christ/?highlight=Apollo%20Quiboloy
មតិយោបល់
Loading…