in ,

ក្រុមខុសឆ្គង លី ម៉ាន់ហ៊ី

ប្រវត្តិ
លី ម៉ាន់ហ៊ី កើតនៅឆ្នាំ១៩៣១នៅឆេនឌូប្រទេសកូរ៉េ។ គាត់បានបង្កើតក្រុមខុសឆ្គង ស៊ីនឆន់ជី ក្នុងឆ្នាំ១៩៨៤ ហើយគាត់បានហៅខ្លួនឯងថា ជា«គ្រូគង្វាលដែលព្រះបានសន្យា» ហើយជា ព្រះគ្រីស្ទដែលត្រូវយាងមកលើកទីពីរ។ គាត់អះអាងថា មានតែគាត់ទេ ទើបអាចយល់ព្រះគម្ពីរបានយ៉ាងត្រឹមត្រូវ។ គាត់សន្យានឹងយកមនុស្ស១៤៤០០០នាក់ទៅស្ថានសួគ៌ជាមួយគាត់នៅថ្ងៃជំនុំជម្រះ។
ឈ្មោះស៊ីនឆន់ជី ជាភាសាកូរ៉េ ប្រែពីកណ្ឌគម្ពីរវិវរណៈ ២១ៈ១ ប្រែថា «ផ្ទៃមេឃថ្មី និងផែនដីថ្មី»។ ឈ្មោះជាផ្លូវការនៃក្រុមនេះគឺ ស៊ីនឆន់ជី ក្រុមជំនុំនៃព្រះយេស៊ូវ វិហាររោងឧបោសថនៃសេចក្តីបន្ទាល់។
ដូចជាក្រុមខុសឆ្គងឯទៀតដែរ ស៊ីនឆន់ជី ចូលចិត្តបង្កើតអង្គការជាច្រើន ដែលពួកគេប្រើជាមធ្យោបាយ ដើម្បីបានសមាជិកថ្មី ដូចជា៖ សមាគមអ្នកស្ម័គ្រចិត្ត Mannam/ សម្ព័ន្ធយុវជនអន្តរជាតិ Mannam (MIYC) ក្រុមយុវជនសន្តិភាពអន្តរជាតិ (IPYG) / វប្បធម៌សួគ៌ា សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ(HWPL) ប៉ារ៉ាគ្រីស្តូ វិហាររោងឧបោសថនៃសេចក្តីបន្ទាល់(SCJ) ការសិក្សាព្រះគម្ពីរអន្តរជាតិស៊ីយ៉ូន។ [ Mannam Volunteer Association/Mannam International Youth Coalition (MIYC), International Peace Youth Group (IPYG), Heavenly Culture, World Peace, Restoration of Light (HWPL), Parachristo, Temple of the Tabernacle of the Testimony (SCJ), and Zion International Bible Study ]

ជំនឿ
ក្រុមស៊ីនឆន់ជីជឿថា ក្រុមស៊ីនឆន់ជី គឺជាផ្លូវតែមួយគត់ទៅឯព្រះ។ អ្នកសម្ភាសន៍ម្នាក់មកពីទស្សនាវដី្តពិភពលោក (The World) បានសួរលី ម៉ាន់ហ៊ីថា៖ «ក្នុងអាយុកាល២០០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់គ្រីស្ទបរិស័ទ តើស៊ីនឆន់ជី គឺជាផ្លូវពិតតែមួយគត់ទៅឯព្រះឬ?» លី ម៉ាន់ហ៊ី បានឆ្លើយថា «បាទ ត្រូវហើយ»។ (httpsៈ//www.pri.org/stories/2017-07-11/apocalyptic-korean-christian-group-goes-different-names-critics-say-its-just-cult)
ក្រុមស៊ីនឆន់ជីថា ព្រះយេស៊ូវបានយាងត្រឡប់មកវិញជា លី ម៉ាន់ហ៊ី! លី ម៉ាន់ហ៊ី និយាយថា ការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ បានកើតឡើងនៅលើផែនដីរួចហើយ គឺវិញ្ញាណរបស់ព្រះគ្រីស្ទបានមកសណ្ឋិតលើរូបកាយរបស់ លី ម៉ាន់ហ៊ី (ហាន ២០១៣ៈ១២៩-១៣២)។
ក្រុមស៊ីនឆន់ជីលើសេចក្ដីសង្គ្រោះ តាមរយៈការប្រព្រឹត្ត។ «លី ម៉ាន់ហ៊ី អះអាងថា សេចក្ដីសង្គ្រោះត្រូវបានផ្តល់តាមរយៈបុណ្យចាំបាច់ពីរ គឺជំនឿ និងការប្រព្រឹត្ត។ ជំនួសឲ្យការជឿថា សេចក្តីសង្គ្រោះត្រូវបានតាមរយៈជំនឿតែប៉ុណ្ណោះ គាត់អះអាងថា សេចក្តីសង្គ្រោះបានតាមរយៈការធ្វើល្អ (ហាន ២០១៣ៈ៤២៨)»។ (httpsៈ//repository.up.ac.za/bitstream/handle/2263/53079/Kim_Shincheonji_2016.pdf?sequence=1&isAllowed=y)។
ក្រុមស៊ីនឆន់ជីជឿថា លី ម៉ាន់ហ៊ីមិនចេះស្លាប់ទេ ហើយគាត់នឹងនាំមនុស្ស ១៤៤០០០នាក់ទៅស្ថានសួគ៌ ជាមួយគាត់នៅថ្ងៃជំនុំជម្រះ។ ក្រុមស៊ីនឆន់ជីបង្រៀនថា មនុស្ស១៤៤០០០នាក់ដែលបានរៀបរាប់នៅក្នុងកណ្ឌគម្ពីរវិវរណៈ ៧ៈ៤ គឺជាសមាជិកនៃកុលសម្ព័ន្ធទាំង១២នៃស៊ីនឆន់ជី។
ក្រុមស៊ីនឆន់ជីបដិសេធគោលលទ្ធិព្រះត្រៃឯក។
ក្រុមស៊ីនឆន់ជីអះអាងថា មនុស្សទាំងអស់ជាទេវតាដែលបានចុះមកផែនដី។
ក្រុមស៊ីនឆន់ជីជឿជាក់ថា មានតែ លី ម៉ាន់ហ៊ីតែម្នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពបកស្រាយព្រះបន្ទូលនៃព្រះយ៉ាងត្រឹមត្រូវ។

លី ម៉ាន់ហ៊ី មានអាយុ៩០ឆ្នាំហើយ គាត់នឹងមិនរស់ពីស្លាប់ឡើងវិញ ដូចព្រះយេស៊ូវគ្រីស្ទពិតទេ។ គាត់នឹងមិននាំសមាជិក ១៤៤០០០ នាក់ទៅស្ថានសួគ៌ទេ។ មិនយូរមិនឆាប់មនុស្សទាំងអស់នឹងឃើញថា គាត់ជាមនុស្សធម្មតា ដែលគ្មានអំណាចលើអំពើបាប និងសេចក្ដីស្លាប់ទេ។ មានតែព្រះគ្រីស្ទពិត ដែលព្រះគម្ពីរបានចែងតែប៉ុណ្ណោះ ដែលមានអំណាចលើអំពើបាប និងសេចក្ដីស្លាប់។
ក្រុមប្រឹក្សា និងនិកាយប្រូតេស្ដង់ទាំងអស់នៅប្រទេសកូរ៉េ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ព្រមានថា ស៊ីនឆន់ជីគឺជាក្រុមខុសឆ្គង ហើយលី ម៉ាន់ហ៊ីគឺជាគ្រូក្លែងក្លាយ។

មធ្យោបាយក្រុមស៊ីនឆន់ជី គឺលួចក្រុមជំនុំ និងសមាជិកក្រុមជំនុំ
សូមចាំថា ក្រុមខុសឆ្គងតែងតែព្យាយាមលួចក្រុមជំនុំ និងសមាជិកក្រុមជំនុំ ពីព្រោះការនោះងាយស្រួលជាងការបង្កើតក្រុមជំនុំខ្លួនឯង។ «…នៅក្នុងវីដេអូ ពីសិក្ខាសាលាស៊ីនឆន់ជី ដែល កាសែតញូវយ៉កថែមស៍ (New York Times) បានឃើញ គ្រូបង្រៀនបាននិយាយថា របៀបចាស់នៃការបង្កើតក្រុមជំនុំ ហើយកសាងវា <ថ្លៃពេក ត្រូវការមនុស្សច្រើនពេក ហើយអស់រយៈពេលយូរពេក។ ការលេបក្រុមជំនុំដែលមានស្រាប់ហើយ ល្អជាង… តែកុំប្រាប់មធ្យោបាយនេះដល់អ្នកឯទៀត >»
(httpsៈ//www.culteducation.com/group/1331-shinchonji-church-founder-man-hee-lee-/35334-in-bad-faith.html)

លី ម៉ាន់ហ៊ី អះអាងថា គាត់ជាព្រះគ្រីស្ទដែលយាងត្រឡប់មកវិញ ប៉ុន្តែព្រឹត្តិការណ៍ណាខ្លះត្រូវកើតឡើង នៅពេលព្រះពិតយាងមកវិញ?
ព្រះគម្ពីរបាននិយាយច្បាស់ណាស់ អំពីព្រឹត្តិការណ៍ដែលត្រូវតែកើតឡើងនៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ។ យើងអាចប្រើប្រាស់បទទំនាយទាំងនេះ ដើម្បីល្បងមើល ថា លី ម៉ាន់ហ៊ី គឺជាព្រះគ្រីស្ទពិត ឬជាព្រះគ្រីស្ទក្លែងក្លាយ។
១. ពេលដែលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់នឹង «សងសេចក្តីទុក្ខលំបាក» ដល់ពួកអ្នកដែលធ្វើទុក្ខដល់គ្រីស្ទបរិស័ទ ហើយប្រទានការ «សំរាក» និងសេចក្តីសង្គ្រោះ ដល់ពួកអ្នកដែលត្រូវគេធ្វើទុក្ខ។ ទ្រង់នឹងមក «ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (២ថែស្សាឡូនីច ១ៈ៦-៨) តើការនេះបានកើតឡើងទេនៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
២. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងមិនយាងមកដោយស្ងាត់ៗទេ។ មនុស្សគ្រប់គ្នានៅលើពិភពលោកនឹងបានឃើញទ្រង់។ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» និង «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង» (ម៉ាថាយ ២៤ៈ២៧; វិវរណៈ ១ៈ៧; ១ថែស្សាឡូនីច ៤ៈ១៦) តើការនេះបានកើតឡើងទេនៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៣. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ នោះនៅលើមេឃនឹងត្រូវកក្រើករំពើក។ «ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក» (ម៉ាថាយ ២៤ៈ២៩)។ តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៤. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងយាងមកដោយអំណាច និងសិរីល្អ ហើយមនុស្សមានបាបទាំងអស់នៅលើផែនដីនឹងសោកសៅ។ «នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង» (ម៉ាថាយ ២៤ៈ៣០) តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៥. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ «លោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ (ម៉ាថាយ ២៤ៈ៣១) តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៦. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងបំផ្លាញអាទទឹងនឹងព្រះគ្រីស្ទ (ជាមនុស្សដែលត្រូវហិនវិនាស) «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង…នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក»  (២ថែស្សាឡូនីច ២ៈ៣-៤, ៨)។ តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៧. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងចាក់សេចក្តីក្រោធរបស់ទ្រង់ទៅលើអស់អ្នកមានបាបទាំងអស់គ្នា។ «ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។  ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ» (១ថែស្សាឡូនីច ៥ៈ២-៣)។ តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៨. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងកាត់ទោសគ្រប់គ្នាភ្លាមៗ។ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក។  រួចគ្រប់ទាំងសាសន៍ នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាលដែលញែកចៀមចេញពីពពែដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
៩. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងប្រោសរូបកាយអ្នកស្លាប់ទាំងអស់ដែលជាគ្រីស្ទបរិស័ទ។ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។  រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤ៈ១៦-១៧)។ តើការនេះបានកើតឡើងទេ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
១០. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងមិនកើតមកជាទារកតូចទេ ប៉ុន្តែទ្រង់នឹងយាងមកពីស្ថានសួគ៌ជាអ្នកចម្បាំងដ៏មានគ្រប់ព្រះចេស្ដា ដើម្បីវិនិច្ឆ័យជំនុំជម្រះផែនដី។ «ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ១២ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ១៣ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» ១៤ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង ១៥ មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ១៦ ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើការនេះបានកើតឡើងទេនៅពេលដែល លី ម៉ាន់ហ៊ី មកនោះ?
គ្មានព្រឹត្តិការណ៍ណាមួយបានកើតឡើងសោះ ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ នៅពេលដែល លី ម៉ាន់ហ៊ី មកនោះ។ លី ម៉ាន់ហ៊ី ជាព្រះគ្រីស្ទក្លែងក្លាយ។

មុខពូថៅ
តើអ្វីខ្លះជាមុខពូថៅ ដែលក្រុមស៊ីនឆន់ជីប្រើ ដើម្បីចូលក្នុងក្រុមជំនុំ ហើយបំបែកវា? ពួកគេប្រើពាក្យសំដីគ្រីស្ទសាសនា ដែលគ្រីស្ទបរិស័ទទាំងអស់ស្គាល់។ ដើម្បីរកមនុស្សថ្មី សមាជិកស៊ីនឆន់ជីនឹងទៅជួបមនុស្សនៅទីក្រុង ហើយអញ្ជើញឲ្យគេចូលរួមសាលារៀនភាសាអន្តរជាតិ ដោយឥតគិតថ្លៃ។ ឬសមាជិកស៊ីនឆន់ជីចូលរួមការថ្វាយបង្គំនៅព្រះវិហារគ្រីស្ទបរិស័ទ ហើយបន្ទាប់ពីកម្មវិធីថ្វាយបង្គំ គេក៏អញ្ជើញគ្រីស្ទបរិស័ទចូលរួម «ការសិក្សាព្រះគម្ពីរ»។ មុនដំបូង «ការសិក្សាព្រះគម្ពីរ»នេះ គឺរៀនពីគោលលទ្ធិគ្រឹះ នៃគ្រីស្ទសាសនា ប៉ុន្តែមិនយូរមិនឆាប់ គេផ្ដោតសំខាន់លើ មេដឹកនាំសាសនានៃក្រុមខុសឆ្គងនេះ គឺលី ម៉ាន់ហ៊ី។ ត្រង់ចំណុចនេះ ក្រុមខុសឆ្គងប្រាប់អ្នកដើរតាមថ្មីថា ក្រុមជំនុំទាំងអស់ សុទ្ធតែមកពីអារក្សសាតាំង ហើយពួកគេត្រូវតែកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយមនុស្សខាងក្រៅស៊ីនឆន់ជី។ ក្រុមស៊ីនឆន់ជីក៏បើកសកលវិទ្យាល័យធំមួយ ហើយប្រើសាលានោះ ដើម្បីបានសមាជិកថ្មី។
ជាចុងក្រោយកុំភ្លេច ២យ៉ូហាន ១:១០-១១ ៖ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នាក្នុងការអាក្រក់របស់អ្នកនោះដែរ»

នៅខែមករាឆ្នាំ ២០២១ លី ម៉ាន់ហ៊ីត្រូវបានប្រកាសថាមានពិរុទ្ធភាពនៅតុលាការស្រុកស៊ូវ៉ុន ប្រទេសកូរ៉េ ពីបទចោទប្រកាន់ថា បានកិបកេងលុយព្រះវិហារជាង ៥ លានដុល្លារ។ នៅក្នុងរូបភាពនេះគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ (httpsៈ//www.koreatimes.co.kr/www/nation/2021/12/251_319746.html)
ធនធានគួរទុកចិត្ត៖ https://www.apologeticsindex.org/14298-shincheonji-cult-of-christianity

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្ដីស្រឡាញ់

មានសង្ឃឹមតែក្នុងព្រះគ្រីស្ទ