មានគ្រោះថ្នាក់ពីរយ៉ាងដូចគ្នា ដែលយើងនឹងត្រូវប្រឈមមុខនឹងវាក្នុងនាមយើងជាអ្នកជឿ។ គ្រោះថ្នាក់ទីមួយគឺ ការមើលទៅលើអំពើបាបខ្លាំងពេក។ គ្រោះថ្នាក់ទីពីរគឺ ការមើលឃើញអំពើបាបទាបពេក។ ខ្ញុំបានឃើញកំហុសទាំងពីរនេះកើតមានឡើងនៅក្នុងក្រុមជំនុំរបស់ព្រះគ្រីស្ទ…ហើយខ្ញុំក៏បានឃើញវាកើតមាននៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ផងដែរ។ មានផ្លូវល្អមួយដែលយើងដើរនៅក្នុងជីវិតមួយនេះ ហើយវាងាយណាស់ក្នុងការដែលយើងនឹងដួលទៅម្ខាងនេះ ឬក៏ម្ខាងនោះ។
នៅពេលដែលនរណាម្នាក់មើលទៅលើអំពើបាបខ្លាំងពេក ហើយតែងតែមើលទៅលើវា…នោះអំពើបាបក៏ក្លាយទៅជាទីផ្ដោតអារម្មណ៍របស់គាត់ ជាជាងផ្ដោតលើព្រះគ្រីស្ទទៅវិញ។ លទ្ធផលនៃការធ្វើបែបនេះអាចនឹងអាក្រក់ណាស់។ នៅពេលដែលការសម្លឹងមើលរបស់បុគ្គលម្នាក់នោះមិនបានផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ដូចដែលបានចែងនៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១២:២ ហើយនៅពេលណាដែលការសម្លឹងមើលចម្បងរបស់យើងផ្ដោតតែទៅលើការគិតអំពីខ្លួនឯង នោះវានឹងនាំឲ្យយើងមានការបាក់ទឹកចិត្ត ការថប់បារម្ភ ការខ្វល់ខ្វាយ និងការសង្ស័យគ្រប់ប្រភេទ។ ហេតុអ្វី? ពីព្រោះ ព្រះជាម្ចាស់មិនបានបង្កើតយើងមក ដើម្បីឲ្យសង្ឃឹមទៅលើខ្លួនឯង ឬក៏សញ្ជឹងគិតអំពីតែខ្លួនឯងនោះឡើយ។ យើងត្រូវធ្វើដូចអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ កូឡូស ៣:២៖ «ចូរផ្ចង់ចិត្តទៅឯសេចក្ដីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្ដីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ»។
របៀបមួយទៀតដែលខ្ញុំចង់ផ្ដោតទៅលើនៅទីនេះ៖ គឺការមើលឃើញអំពើបាបទាបពេក។ អ្នកខ្លះបង្រៀនអំពីគោលលទ្ធិនៃភាពល្អឥតខ្ចោះដែលគ្មានបាប ប៉ុន្តែក៏នៅមានអ្វីដែលអាចកើតឡើងយ៉ាងងាយស្រួលជាងនេះទៅទៀត ទោះបីជាមិនទាក់ទងនឹងការបង្រៀននៃភាពល្អឥតខ្ចោះក៏ដោយ (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ១:៨-១០)។ មានការល្បួងដ៏អាក្រក់ដែលក្រវែលជុំវិញក្រុមជំនុំ ដែលធ្វើឲ្យយើងអាចចាប់ផ្ដើមជឿថា ខ្លួនយើងកាន់តែបរិសុទ្ធ ហើយសុចរិតជាងខ្លួនយើងពីមុន ហើយស្របពេលជាមួយគ្នាដែរ យើងក៏ចាប់ផ្ដើមចាត់ទុកខ្លួនឯងថា យើងមានបាបតិចដែរ។ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលយើងនិយាយចេញពីចិត្តថា «ឱព្រះអង្គអើយ! សូមអាណិតមេត្តាទូលបង្គំដែលជាមនុស្សមានបាបផង!» ដោយបែរទៅជានិយាយវិញថា «ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណទ្រង់ដែលទូលបង្គំមិនដូចអ្នកឯទៀតដូចជា៖ អ្នកបោកប្រាស់ អ្នកអយុត្តិធម៌ អ្នកផិតក្បត់ ឬសូម្បីតែដូចអ្នកយកពន្ធនេះដែរ»។
នៅពេលដែលយើងទទួលយកទស្សនៈណាមួយរបស់ខ្លួនយើង ជាជាងបំណងព្រះហឫទ័យរបស់ព្រះ នោះយើងកំពុងតែនិយាយដោយមានអំនួតថា យើងដឹងច្បាស់ជាងព្រះ។ វាគឺជាការកុហកពីដើមកំណើតនៃការបង្កើតដែលយើងអាចឃើញនៅឯសួនច្បារអេដែន។ ពេលដែលយើងគិតខ្ពស់អំពីខ្លួនឯងជាជាងការដែលយើងកំពុងតែស្ថិតនៅក្នុង នោះពាក្យរបស់សាវ័ក ប៉ុល គឺត្រូវបានរចនាឡើង ដើម្បីនិយាយចុះពីស្ថានសួគ៌មកដូចជានំម៉ាណាដល់ព្រលឹងដ៏ក្រអឺតក្រទមរបស់យើង…«អ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល» (១កូរិនថូស ១០:១២)។
ខណៈពេលដែលយើងមិនចង់រស់នៅក្នុងអំពើបាប ដែលព្រះអង្គសង្គ្រោះដ៏រុងរឿងរបស់យើងបានសុគតជំនួសយើង ហើយកុំច្រឡំឡើយ ធាតុពិតនោះគឺថា ទាំងលោកអ្នក និងខ្ញុំបានប្រព្រឹត្តបាបស្រាប់នៅពេលដែលយើងមិនដឹងថា វាគឺជាអំពើបាបរបស់យើងដែលយើងបានប្រព្រឹត្តផង។ នៅពេលដែលយើងរស់នៅដោយមិននិយាយសេចក្ដីពិត នោះយើងនៅតែបន្តរស់នៅក្នុងអំពើបាបដដែល (មិនទទួលស្គាល់ចំពោះវត្តមាននៃអំពើបាប) ហើយជាលទ្ធផលបែរជាទៅប្រឆាំងនឹងព្រះអម្ចាស់ទៅវិញ។ គ្មានអ្វីដែលត្រូវខ្មាសអៀនឡើយក្នុងការសារភាពថា ខ្លួនគឺជាមនុស្សមានបាប ពីព្រោះនេះគឺជាការសារភាពដ៏អស្ចារ្យណាស់។ លោកអ្នកគួរតែស្រែកយំសារភាពអំពីអំពើបាបជាទៀតទាត់ មិនត្រឹមតែស្រែកយំសារភាពនៅពេលដែលទទួលបានសេចក្ដីសង្គ្រោះប៉ុណ្ណោះនោះទេ៖
«ឱព្រះជាម្ចាស់អើយ! សូមមានព្រះហឫទ័យមេត្តាចំពោះទូលបង្គំផង—ដ្បិតទូលបង្គំជាមនុស្សមានបាប! ក្តីសង្ឃឹមនៃសេចក្ដីសុចរិតរបស់ទូលបង្គំតែមួយគត់ គឺនៅក្នុងទ្រង់ មិនមែននៅក្នុងទូលបង្គំឡើយ»
(ដកស្រង់ចេញពីបទចម្រៀង
“Not in Me by Sovereign Grace Music”)។
នេះគឺជាការសារភាពដ៏អស្ចារ្យ ដែលមកពីព្រះវិញ្ញាណ។ គ្មានការខ្មាសអៀននៅទីនេះឡើយ។ ប៉ុន្តែ មានភាពខ្មាសអៀនក្នុងការគ្របបាំងអំពើបាបដូចជាអ្វីដែលលោក អ័ដាម និងនាង អេវ៉ា បានធ្វើ។ យើងមិនបានសប្បាយចិត្ត ឬរីករាយជាមួយនឹងអំពើបាបរបស់យើងទេ ហើយសូមកុំឲ្យវាកើតឡើងអញ្ចឹងឡើយ។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើង ហើយឈរនៅខាងព្រះ ដើម្បីប្រឆាំងនឹងខ្លួនឯង។ បន្ទាប់មកទៀត យើងងាកទៅដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះវិញ។ សូមឲ្យយើងបានលាងជម្រះ និងធ្វើវាឡើងវិញដដែលៗ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។
ពួកបរិសុទ្ធដែលចាស់ទុំជាងគេ គឺជាពួកបរិសុទ្ធដែលបន្ទាបខ្លួនជាងគេបំផុត។ គាត់គឺជាមនុស្សដែលមិនត្រឹមតែចេះសម្រាក និងរីករាយនៅក្នុងភាពឧត្តុងឧត្តមរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដែលងាយនឹងទទួលស្គាល់នូវការបរាជ័យរបស់ខ្លួនផងដែរ ឧទាហរណ៍៖ អំនួតដែលនៅពីក្រោយបំណងប្រាថ្នាអាត្មានិយម ដែលយើងបានជ្រើសរើសធ្វើជារៀងរាល់ថ្ងៃ ការមិនដឹងគុណចំពោះព្រះជាម្ចាស់នៅក្នុងកាលៈទេសៈដែលទ្រង់បានបង្ហាញដល់យើង និងការបង្ហាញនូវភាពខ្វះការអត់ធ្មត់នៅកន្លែងធ្វើការ ឬនៅក្នុងផ្ទះ។ ហើយគំរូដែលខ្ញុំចង់ឲ្យលោកអ្នកឃើញនៅថ្ងៃនេះគឺ៖ រដូវកាលទាំងបីយ៉ាងនៃខ្សែជីវិតរបស់សាវ័ក ប៉ុល។ ខណៈពេលដែលសាវ័ក ប៉ុល បានដើរជាមួយនឹងព្រះអម្ចាស់កាន់តែយូរ គឺវាហាក់ដូចជាថាគាត់ក៏បានយល់អំពីស្ថានភាពរបស់គាត់កាន់តែខ្លាំងឡើងៗថែមទៀតផង។
អត្ថបទដំបូងគឺនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ជំពូក១៥។ សាវ័ក ប៉ុល បានសរសេរសំបុត្រនេះទៅកាន់ក្រុមជំនុំនៅទីក្រុងកូរិនថូស នៅចន្លោះឆ្នាំ៥៦នៃគ.ស។ មកដល់ពេលនោះ លោកបានក្លាយជាគ្រីស្ទបរិស័ទអស់រយៈពេលប្រមាណជា២២ឆ្នាំហើយ។ សាវ័ក ប៉ុល បានចាប់ផ្ដើមនៅខ៣-៥ ដោយនិយាយអំពីយុថ្កានៃសេចក្ដីជំនឿរបស់យើង។
«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ»។
នោះគឺជាប្រភពដែលសាវ័ក ប៉ុល បានស្រង់ចេញខណៈដែលគាត់បន្តនៅខ៧-៩៖
«ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវ័កទាំងអស់គ្នាឃើញដែរ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ ដ្បិតក្នុងបណ្ដាពួកសាវ័ក នោះខ្ញុំជាអ្នកតូចជាងគេ មិនគួរនឹងហៅខ្ញុំជាសាវ័កផងទេ ពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះ»។
សាវ័ក ប៉ុល បានលើកឡើងថា គាត់គឺជាសាវ័កដែលតូចតាចជាងគេបំផុត។
ពាក្យដែលសាវ័ក ប៉ុល បានប្រើគឺ «អេលេកគីស្ទូស៍» (“eláchistos” ἐλάχιστος) ដែលនេះជាគុណនាមកម្រិតដាច់គេ (superlative)។ ដែលប្រាប់ឲ្យយើងដឹងថា គាត់គឺជាសាវ័កដែលតូចតាចជាងគេបំផុត គឺនៅក្រោយគេបង្អស់។ នេះជាការលើកឡើងដ៏ខ្លាំងអំពីឋានៈរបស់គាត់។ ហេតុអ្វីបានជាគាត់និយាយយ៉ាងដូច្នេះ? គឺវាដោយសារតែអំពើបាបរបស់គាត់។ គាត់បានដឹងថាគាត់ «ជាអ្នកធ្វើទុក្ខបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ ឲ្យដល់ស្លាប់» (កិច្ចការ ២២:៤)។ ការទទួលស្គាល់របស់គាត់គឺមានភាពល្អប្រពៃណាស់។ គាត់មិនដូចកាលពីគាត់នៅជាគណៈផារិស៊ីដែលគាត់ធ្លាប់ធ្វើពីមុនទៀតទេ ឬដូចជាម្នាក់នៅក្នុងកណ្ឌគម្ពីរ លូកា ១៨ ផងដែរ។ គាត់មិនគិតថាខ្លួនឯងល្អ ឬខ្ពង់ខ្ពស់ជាងសាវ័កផ្សេងៗទៀតឡើយ។ នោះគឺជាគំនិតដែលគាត់ធ្លាប់មានកាលពីមុនពេលគាត់ទទួលបានសេចក្ដីសង្គ្រោះប៉ុណ្ណោះ (ភីលីព ៣:៣-៦)។ ឥឡូវនេះសាវ័ក ប៉ុល គឺគ្រាន់តែអរព្រះគុណដែលអាចស្ថិតនៅនៅក្នុងចំណោមក្រុម មិនថាគាត់មានបាបក៏ដោយ។ នេះជាផ្នត់គំនិតដែលស័ក្ដិសមគួរឲ្យយកជាគំរូមែន។
បើសិនជាអ្នកបើកទៅខាងមុខលឿនបន្តិចទៅដល់កណ្ឌគម្ពីរអេភេសូរ នោះលោកអ្នកនឹងឃើញថាសាវ័ក ប៉ុល បានបន្ថែមពីលើអ្វីដែលគាត់បានលើកឡើងនៅកណ្ឌគម្ពីរ ១កូរិនថូស ១៥:៩។ សាវ័ក ប៉ុល បានសរសេរសំបុត្រនេះ ៥-៦ ឆ្នាំក្រោយខណៈពេលលោកជាប់គុក ទៅកាន់ក្រុមជំនុំនៅទីក្រុងអេភេសូរ។ មកដល់ពេលនោះ សាវ័ក ប៉ុល បានក្លាយជាអ្នកជឿប្រមាណជា២៧ឆ្នាំ។ ហើយសាវ័ក ប៉ុល បានសរសេរទៅកាន់ក្រុមជំនុំដែលជារូបកាយរបស់ព្រះគ្រីស្ទ ដើម្បីឲ្យពួកគាតុដឹងថានៅក្នុងព្រះគ្រីស្ទ អ្នកជឿទាំងសាសន៍យូដា និងសាសន៍ដទៃបានរួមគ្នាមកតែមួយ។ ពួកគាត់ជាមនុស្សថ្មីតែមួយនៅក្នុងព្រះគ្រីស្ទ។ អត្តសញ្ញាណរបស់ពួកគាត់គឺថាពួកគាត់ជាគ្រីស្ទបរិស័ទ។ បន្ទាប់មក សាវ័ក ប៉ុល បានបន្តលើកឡើងនៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៣:៨-១០៖
«ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ»។
តើលោកអ្នកឃើញអំពីដំណើរការនេះដែរឬទេ? ពីមុនសាវ័ក ប៉ុល បានលើកឡើងថា គាត់គឺជាសាវ័កតូចតាចជាងគេបំផុតក្នុងបណ្ដាក្រុមពួកសាវ័ក។ ចុះឥឡូវនេះ តើគាត់លើកឡើងយ៉ាងមិចដែរ? គាត់បានលើកឡើងថា គាត់ «ជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់»។ មានពួកបរិសុទ្ធច្រើនណាស់។ សាវ័ក ប៉ុល ដឹងយ៉ាងប្រាកដអំពីអ្វីដែលគាត់កំពុងតែលើកឡើង។ គាត់បានសរសេរទៅកាន់ក្រុមជំនុំ ហើយលើកឡើងថា ខ្ញុំតូចតាចជាងអ្នករាល់គ្នាទាំងអស់។
សាវ័ក ប៉ុល បានប្រើពាក្យផ្នត់ដើមដដែលសម្រាប់ពាក្យតូចនៅត្រង់នេះ តែដោយបង្កប់នូវភាពខុសគ្នា។ នៅត្រង់នេះ គាត់ប្រើគុណនាមប្រៀបធៀប (comparative) «អេលេកគីស្ទូធ័រូ» (“elachistotéro” ἐλαχιστοτέρῳ)។ ជាជាងគ្រាន់តែថាគាត់ «តិចជាងបំផុត» យើងឃើញគាត់ថា «តូចជាងគេបំផុត» នៅក្នុងបានព្រះគម្ពីរកែសម្រួល (គកស)។ ដោយនេះជាគុណនាមប្រៀបធៀប យើងអាចគិតថា «តូចជាង» តែនៅត្រង់នេះ គុណនាមនេះនៅតែជាគុណនាមកម្រិតដាច់គេដដែល។ នេះមិនមែនថា «តិច» នោះទេ តែជាកម្រិតខ្ពស់ដាច់គេ។ ប៉ុន្តែ «តិចតូចបំផុត» មិនមែនជាគោលគំនិតនៅក្នុងវេយ្យាករណ៍របស់យើងទេ។ ឃ្លាដែលបកប្រែថា «តូចជាងគេបំផុត» ជាការបកប្រែដែលល្អជាងគេបំផុតដែលអ្នកបកប្រែអាចបកបាន ហើយវាផ្ដល់នូវអត្ថន័យបានកាន់តែជិត តាមដែលភាសាយើងអាចធ្វើទៅបាន។ សាវ័ក ប៉ុល កំពុងតែលើកឡើងថា គាត់ស្ថិតនៅបាតក្រោមគេបង្អស់នៅក្នុងបណ្ដាគ្រីស្ទបរិស័ទ បន្ទាប់មកទៀតគឺថា គាត់ថែមទាំងតូចទាបជាងនោះទៅទៀត—បើសិនជាអាចទៅបាន។ ហេតុអ្វី?
យើងឃើញចំណុចទី៣របស់យើងបាននៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ១:១៥។ នេះគឺប្រហែលជាពីរឆ្នាំបន្ទាប់។ ប្រមាណជាឆ្នាំ៦២នៃគ.ស។ មកដល់ពេលនោះសាវ័ក ប៉ុល បានក្លាយជាគ្រីស្ទបរិស័ទអស់រយៈពេលប្រហែល ជា២៩ឆ្នាំហើយ។ សាវ័ក ប៉ុល បានសរសេរទៅកាន់លោក ធីម៉ូថេ ថា «ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»។ ហេតុអ្វីបានជាក្នុងបណ្ដាពួកសាវ័ក សាវ័ក ប៉ុល ជាអ្នកតូចជាងគេ (១កូរិនថូស ១៥:៩)? ហេតុអ្វីបានជាគាត់តូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់? នោះដោយសារតែគាត់មើលមកកាន់ខ្លួនថា ជាមនុស្សមានបាប ដែលគាត់នេះជាលេខ១ក្នុងពួកគេ? គាត់មិនបានលើកឡើងថា «ខ្ញុំធ្លាប់ធ្វើជាលេខ១នៃមនុស្សមានបាបនោះទេ» ឬក៏ថា «ខ្ញុំឈប់ធ្វើជាលេខ១នៃមនុស្សមានបាប ហើយឥឡូវនេះ ឈប់ប្រព្រឹត្តបាបទៀតហើយនោះទេ»។ មិនដូច្នេះទេ! គាត់បានលើកឡើងថា «ជាមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»។ វាជាប្រយោគបែបបច្ចុប្បន្នកាល (present tense)។ គាត់ជាម្ចាស់នៃឋានៈនេះ។
ពាក្យថា «លេខ១» នៅក្នុងការបកប្រែគឺមកពី «ប្រូតូស៍» (“πρῶτος”) ដែលតាមព្យញ្ជនៈបកប្រែថា “protos”។ ប្រសិនបើលោកអ្នកធ្លាប់បានឮពាក្យ «គំរូដើមពីមុន» (prototype) ជាប្រភេទ ឬគំរូដំបូង នោះលោកអ្នកមុខជាយល់រួចជាស្រេចហើយដោយអាស្រ័យទៅលើបុព្វបទ។ ជាធម្មតា គេបកប្រែពាក្យនេះថា មុន ឬក៏ទីមួយ ហើយក្នុងករណីព្រះគម្ពីរយើងគឺ «លេខ១»។ យើងអាចប្រើប្រាស់ ដើម្បីនិយាយអំពីបុគ្គលណាម្នាក់ នៅខាងមុខបុគ្គលណាម្នាក់ផ្សេងទៀតដែលទាក់ទងទៅនឹងទីតាំង ឬក៏ទីកន្លែង។ យើងអាចប្រើប្រាស់ពាក្យនេះសម្រាប់ពេលវេលា និងកាលប្បវត្តិនៃភាពជាទីមួយជាលំដាប់លំដោយបានផងដែរ។ ប៉ុន្តែ យើងអាចប្រើប្រាស់ពាក្យនេះនៅក្នុងការបង្ហាញពីភាពសំខាន់ជាងគេផងដែរ។ សាវ័ក ប៉ុល កំពុងតែប្រើប្រាស់វាក្នុងរបៀបចុងក្រោយ។ សាវ័ក ប៉ុល ជាមនុស្សបាបលេខ១ ហើយនាំមុខគេបង្អស់ ជាមនុស្សបាបធ្ងន់ជាងគេបំផុត។ សាវ័ក ប៉ុល និយាយថា នោះហើយជាខ្ញុំ។ តើនោះជារបៀបដែលលោកអ្នកគិតអំពីសាវ័ក ប៉ុល មែនឬ? គាត់ប្រហែលជាមិនស្ថិតនៅក្នុងបញ្ជីចំណាត់ថ្នាក់របស់លោកអ្នក ដែលរាប់ថាមានបាបខ្លាំងជាងគេបង្អស់ទាំង១០ទេ។ ទោះបីជាដូច្នោះក៏ដោយ ក៏នោះជាអ្វីដែលគាត់បានគិតអំពីខ្លួនគាត់ផ្ទាល់ដែរ។
សាវ័ក ប៉ុល អាចទទួលស្គាល់ថាខ្លួនជាមនុស្សបាបលេខ១ ដោយសារតែគាត់ស្គាល់ខ្លួនឯងច្បាស់ជាងនរណាៗទាំងអស់ ក្រៅពីព្រះដ៏មានចេស្ដា។ គាត់ស្គាល់អំពីភាពពុករលួយដោយចេតនា និងបំណងចិត្តរបស់គាត់ ហើយគាត់ក៏ដឹង និងឃើញអំពើបាបរបស់ខ្លួនច្បាស់ជាងអ្នកផ្សេងៗទៀត។ នៅចំពោះព្រះដ៏សុចរិត គាត់ជឿ ហើយមើលឃើញខ្លួនឯងថា ជាមនុស្សបាបលេខ១ ជាមនុស្សបាបខ្លាំងជាងគេ—នៅគ្រានោះ។ វាពិតជាមានតម្លៃណាស់ក្នុងការរម្លឹកឡើងវិញថា សាវ័ក ប៉ុល មិនទើបតែបានទទួលសេចក្ដីសង្គ្រោះនោះទេ។ មកដល់ពេលនោះ គាត់បានទទួលជឿលើព្រះយេស៊ូវជិតបីទសវត្សរ៍ទៅហើយ។ មើលទៅ គាត់ហាក់បីដូចជាមានទស្សនៈអំពីខ្លួនឯងកាន់តែមានភាពសម្រិតសម្រាំងចំពោះខ្លួនជាងមុនទៅទៀត គាត់មើលឃើញខ្លួនឯងកាន់តែច្បាស់ឡើងៗ ក្រោមពន្លឺដ៏បរិសុទ្ធនៃព្រះ។
លោក រ៉ូប៉ើត រ៉ូប៉ើតសុន (Robert Robertson) ជាអ្នកយល់ពីពាក្យរបស់សាវ័ក ប៉ុល យ៉ាងច្បាស់លាស់នៅ ពេលដែលលោកសរសេរថា៖
«ភាពទន់ខ្សោយឃ្លាតឆ្ងាយពីព្រះអង្គ បែរចេញពីព្រះខ្ញុំស្រឡាញ់ ខ្ញុំសូមថ្វាយចិត្ត ថ្វាយទាំងជីវិត សូមព្រះអង្គរក្សាខ្ញុំពិត»។
សាវ័ក ប៉ុល ដឹងថា គាត់ជាមនុស្សមានបាប។ គាត់មិនល្អឥតខ្ចោះទេ។ គាត់បានលើកឡើងដូច្នេះដែរនៅក្នុងកណ្ឌគម្ពីរ ភីលីព ៣:១២។ ទោះបើគាត់មានអាយុ៦០ឆ្នាំហើយក្តី ក៏គាត់នៅតែត្រូវការព្រះគុណរបស់ព្រះជាម្ចាស់ជាច្រើនដូចកាលពីពេលដែលលោកទើបតែទទួលការសង្គ្រោះដំបូងដែរ។ តាមពិតទៅ ពីមួយពេលទៅមួយពេល គាត់កាន់តែដឹងថា គាត់កាន់តែត្រូវការព្រះគុណកាន់តែច្រើនជាងមុនពេលដែលគាត់ទើបតែទទួលជឿទៅទៀត។
លោកគ្រូ ចន កាល់វិន (John Calvin) បានលើកឡើងពីចំណុចនេះនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ១:១៥ ថា៖
«ចិត្តគំនិតរបស់យើងតែងតែជំរុញឲ្យយើងមើលភាពស័ក្ដិសមរបស់ខ្លួន ហើយខណៈដែលយើងឃើញភាពមិនស័ក្ដិសម នោះយើងបាត់ទំនុកចិត្តភ្លាម។ ហេតុដូច្នេះ ពេលណាដែលបុគ្គលណាកាន់តែទទួលការសង្កត់សង្កិនដោយបាបកាន់តែខ្លាំង ចូរឲ្យអ្នកនោះមានចិត្តក្លាហានរត់ទៅរកព្រះគ្រីស្ទ ដោយជឿជាក់ថា ព្រះអង្គបានយាងមក ដើម្បីប្រទានការសង្គ្រោះ មិនមែនដល់អស់អ្នកសុចរិតទេ តែដល់ «អស់មនុស្សមានបាប» វិញ។
លោក អេ ដាប់ប៊លយូរ ថូស៊ើ (A.W. Tozer) បានលើកឡើងថា៖
«យើងត្រូវតែលាក់ភាពមិនបរិសុទ្ធរបស់យើងនៅឯស្នាមរបួសរបស់ព្រះគ្រីស្ទ ដូចដែលលោក ម៉ូសេ បានលាក់ខ្លួននៅក្នុងក្រហែងថ្ម នៅពេលដែលសិរីល្អរបស់ព្រះជាម្ចាស់បានយាងកាត់»។
នៅក្នុងសេចក្ដីសង្គ្រោះ ជាញឹកញាប់ មានអំពើបាបជាច្រើនដែលបានកើតមានឡើងដែលយើងអាចឃើញភ្លាមៗបាន។ ដោយសារលោកអ្នកមានសេចក្ដីរំពឹង និងសេចក្ដីស្រឡាញ់ថ្មីៗ នោះលោកអ្នកចំណាយពេលវេលា កម្លាំង និងជីវិតរបស់លោកអ្នកដោយមានភាពខុសប្លែកពីមុន។ លោកអ្នកមិនធ្វើអ្វីដែលលោកអ្នកធ្លាប់ធ្វើពីមុន ពីព្រោះលោកអ្នកមានចៅហ្វាយថ្មី។ ប៉ុន្តែ ទន្ទឹមគ្នានោះដែរ តើមានរឿងអ្វីកើតឡើង? ដូចដែលយើងបានឃើញស្រាប់ សូម្បីតែជាមួយសាវ័ក ប៉ុល ខណៈពេលដែលលោកអ្នកកាន់តែរើកចម្រើនឡើង កាន់តែជិតស្និតជាមួយនឹងព្រះគ្រីស្ទ នោះលោកអ្នកឃើញថា ខ្លួនកាន់តែមានបាបរិទ្ធិតែច្រើនជាងដែលលោកអ្នកធ្លាប់ស្គាល់ខ្លួនឯងកាលពីមុនទៅទៀត។ អំពើបាបដែលមានដូចជា គ្រឿងស្រវឹង តណ្ហា ពាក្យសម្ដីមិនសមរម្យ ភាពលោភលន់ កំហឹង និងអ្វីៗដែលជាធម្មតាគួរតែកាត់បន្ថយ លោកអ្នកឃើញអំពីអំនួតនៃឫសគល់នោះថាមានការភ្ជាប់រហូតដល់ទីជម្រៅនៃដួងចិត្ត។ អ្វីដែលបានបោះបង់ចោលគឺគ្រាន់តែជាបំណែកនៃភ្នំទឹកកកមួយ ត្រឹមជាផ្នែកខាងលើ១០ភាគរយប៉ុណ្ណោះ។ ហើយខណៈពេលដែលលោកអ្នកកាន់តែស្គាល់ព្រះគ្រីស្ទច្បាស់ជាងមុន នោះលោកអ្នកឃើញផ្នែកខាងក្រោមដែលត្រូវការកម្ទេចចោលកាន់តែខ្លាំងកាន់តែខ្លាំងជាងមុន។
លោក ថូម៉ាស វ៉ាត់សុន (Thomas Watson) បានលើកឡើងបែបដូច្នេះវិញថា៖
«ពេលដែលព្រះវិញ្ញាណកាន់តែចែងចាំងនៅក្នុងដួងចិត្ត នោះព្រះវិញ្ញាណនឹងកាន់តែឃើញភាពខ្មៅងងឹតថែមទៀតដែរ។ គ្រីស្ទបរិស័ទគិតថា វាកាន់តែអាក្រក់ជាងកាលមុន ខណៈពេលដែលព្រះគុណទ្រង់មិនអន់ថយ តែចែងចាំងកាន់តែខ្លាំងឡើងៗ»។
វាជាការប្រសើរក្រៃលែងណាស់ដែលអ្នកដឹងខ្លួនថា ជាមនុស្សមានបាប។ វាជាការប្រពៃណាស់ដែលលោកអ្នកទទួលយកទស្សនៈដែលព្រះជាម្ចាស់មានចំពោះលោកអ្នក។ នៅពេលដែលលោកអ្នកមានអារម្មណ៍ថា ទទួលបានការចាក់ចុចដ៏ផ្អែមល្ហែមដល់ចិត្តពីព្រះវិញ្ញាណ ចូរកុំរត់ចេញ ឬព្យាយាមកប់វាចោលឡើយ។ ផ្ទុយទៅវិញ ចូរសរសើរតម្កើងដល់ព្រះជាម្ចាស់សម្រាប់សេចក្ដីសប្បុរសរបស់ព្រះអង្គចំពោះលោកអ្នក ក្នុងការចង្អុលបង្ហាញដល់លោកអ្នកឲ្យទៅកាន់ទិសដៅដែលត្រឹមត្រូវ ត្រឡប់ទៅឯទ្រង់វិញ។ ចូរសរសើរតម្កើងដល់ព្រះអង្គដែលទ្រង់នៅតែមិនបោះបង់លោកអ្នក ទោះបីជាលោកអ្នកនៅបន្តប្រព្រឹត្តអំពើបាបក៏ដោយ។ បន្ទាប់ពីនោះ ចូររត់តម្រង់ឲ្យត្រង់ទៅឯឈើឆ្កាងចុះ។ ចូរសម្លឹងមើលទៅឯព្រះគ្រីស្ទ ជាព្រះដែលអាចអត់ទោសបាបដល់មនុស្សលេខ១ដែលប្រព្រឹត្តអំពើបាប ដូចជាលោកអ្នក និងខ្ញុំ រួចដើរតាមព្រះអង្គចុះ។
មកដល់ត្រង់ចំណុចនេះ ខ្ញុំនឹងធ្វើសេចក្ដីសង្ខេប ជាពាក្យទូន្មាន។ លោកអ្នកមិនចង់ឃើញអំពើបាបនៅទីណាដែលវាមិនមែនជាអំពើបាប ឬក៏ដោះសាសម្រាប់បាបនៅពេលប្រព្រឹត្តវានោះទេ។ ជាថ្មីម្ដងទៀត ក្រសែភ្នែករបស់យើងគួរតែងតែសម្លឹងទៅឯព្រះអម្ចាស់ ដែលជួយយើងចំពោះការនោះ នៅពេលដែលយើងចូលទៅឯទ្រង់ដោយមានដួងចិត្តឆាប់នឹងរៀនសូត្រ ហើយចម្រើនឡើងដោយព្រះបន្ទូលទ្រង់ និងពីបងប្អូនរួមជំនឿនៅក្នុងព្រះគ្រីស្ទរបស់យើង។ ការងារ និងគោលដៅរបស់យើងគឺមិនមែនឲ្យវង្វេងនៅក្នុងជំងឺវិនិច្ឆ័យខ្លួនឯងនោះទេ ខ្ញុំបានឃើញមានមនុស្សជាច្រើននៅជាប់ត្រឹមនោះ។ ដូចដែលយើងបានពិភាក្សារួចមកហើយថា យើងក៏មិនចង់មើលរំលងអំពើបាបដែលធ្វើពុតជាមានសេចក្ដីសុចរិតក្លែងក្លាយ។ លោក រ៉ូប៉ើត មូរ៉េ មេកឆេនី (Robert Murray McCheyne) បានសង្ខេបគោលការណ៍នេះយ៉ាងល្អប្រពៃ។ គាត់បានលើកឡើងថា៖
«សម្រាប់ការមើលមកខ្លួនឯងម្ដង នោះត្រូវមើលទៅកាន់ព្រះគ្រីស្ទ១០ដង។ ក្នុងគ្រប់ទាំងអស់ ព្រះអង្គទ្រង់សែនល្អណាស់។ ព្រះចេស្ដាគ្មានទីបញ្ចប់ ហើយយ៉ាងណាមិញក៏ព្រះអង្គមានភាពទន់ភ្លន់ និងពេញដោយព្រះគុណ គឺសម្រាប់គ្រប់ទាំងមនុស្សមានបាប សូម្បីតែអ្នកដែលជាលេខ១ខាងប្រព្រឹត្តអំពើបាបក៏ដោយ! ចូររស់នៅក្នុងស្នាមញញឹមនៃព្រះឲ្យបានច្រើនចុះ»។
មតិយោបល់
Loading…