តើយើងទាំងអស់គ្នាគួរឈប់ប្រើប្រាស់បច្ចេកៈវិទ្យាឌីជីថល ហើយប្រសិនបើមិនអញ្ចឹងទេ តើមានរបៀបណាដែលយើងអាចដាក់ព្រំដែនកំណត់ ដើម្បីឲ្យប្រាកដថា យើងជាម្ចាស់លើសំភារៈរបស់យើង មិនមែននៅក្នុងរបៀបដែលផ្ទុយពីនេះនោះឡើយ?
សត្វពស់បានខ្សឹបដាក់ត្រចៀកនាង អេវ៉ា ថា «បរិភោគផ្លែឈើនោះទៅ នោះអ្នកនឹងបានដូចជាព្រះ»។ ប៉ុន្តែនាង អេវ៉ា បានដូចជាព្រះរួចហើយ—មនុស្សយើងបានឆ្លុះបញ្ចាំង និងតំណាងរូបអង្គព្រះយ៉ាងពិសេស។ ទោះបីជាលោក អ័ដាម និងនាង អេវ៉ា ត្រូវបានបង្កើតឡើងឲ្យដូចជារូបអង្គព្រះក៏ដោយ ក៏ប៉ុន្តែការនេះនៅមិនគ្រប់គ្រាន់សម្រាប់ពួកគេសោះ។ ពួកគេមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការពង្រីកព្រំដែននៃភាពដូចជាព្រះរបស់ពួកគេ ដែលការនោះបាននាំឲ្យពួកគេបរិភោគផ្លែឈើដែលសត្វពស់បានសន្យាថានឹងកាន់តែធ្វើឲ្យពួកគេដូចជាព្រះថែមទៀត។
ពេលនោះ សត្វពស់បានប្រាប់ទាំងសេចក្តីពិត និងការកុហក។ ផ្លែឈើនោះពិតជាបានបើកភ្នែកលោក អ័ដាម និងនាង អេវ៉ា មែនហើយអនុញ្ញាតឲ្យពួកគេមានប្រាជ្ញា ដែលកន្លងមកគឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះមាន—ហើយការដែលបរិភោគផ្លែឈើដោយខ្លួនឯងក៏បានផ្លាស់ប្ដូររូបភាពនៅក្នុងពួកគេ ដោយធ្វើឲ្យពួកគេកាន់តែមិនដូចព្រះថែមទៀត។
បដិវត្តន៍នៃយុគសម័យព័ត៌មានឌីជីថលគឺស្របតាមការសន្យាបោកបញ្ឆោតរបស់សត្វពស់នៅក្នុងសួនច្បារ។ Google (ហ្គូហ្គល) អនុញ្ញាតឲ្យនរណាក៏បានអាចចូលប្រើ ដោយគ្រាន់តែចុចប៊ូតុងពីរឬបីប៉ុណ្ណោះ គឺឲ្យមានស្ទើរតែគ្រប់ចំណេះដឹងទាំងអស់ដែលមនុស្សជាតិមាន។ Alexa (អាឡិក្សា) អាចជួយយើងឲ្យអាចបំភ្លឺផ្ទះរបស់យើងដោយប្រើពាក្យនិយាយ។ ប្រព័ន្ធផ្សព្វផ្សាយ (social media) បានផ្តល់ឲ្យយើងមានសមត្ថភាព ក្នុងការមានវត្តមានសម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ពេលវេលា។ ឥឡូវនេះ ជាមួយនឹងការរីកសាយភាយនៃ ChatGPT និងកម្មវិធី AI ផ្សេងៗទៀត នោះដែនកំណត់ខាងលើនៃផលិតភាពរបស់មនុស្សមិនដែលបានដល់កម្រិតខ្ពស់ជាងនោះទេ។ អ្នកប្រហែលជាអាចនិយាយថា បច្ចេកៈវិទ្យាបានធ្វើឲ្យយើងក្លាយជាព្រះ។
ខណៈពេលដែលយើងបានប្រើជាញឹកញយសម្រាប់ការលើកតម្កើងព្រះជាម្ចាស់ ប្រហែលជាការពង្រីកសមត្ថភាពទាំងនេះមានលក្ខណៈដូចជាការល្បួងរបស់សត្វពស់ នៅក្នុងសួនច្បារ? តើបច្ចេកៈវិទ្យាទាំងនេះ កាត់បន្ថយគម្លាតរវាងសមត្ថភាពរបស់ព្រះ និងរបស់យើង ដែលក្នុងពេលដំណាលគ្នានោះក៏អាចពង្រីកគម្លាតរវាងចរិតលក្ខណៈរបស់ព្រះ និងរបស់យើងបានដែរឬទេ? នៅពេលដែលសារបច្ចេកៈវិទ្យាធ្វើឲ្យយើងកាន់តែដូចព្រះ នោះរូបភាពនៃអង្គរបស់ទ្រង់អាចនឹងកាន់តែលែងច្បាស់លាស់ជាងមុននៅក្នុងយើងក៏ថាបាន។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងបានដូចជាទ្រង់ ប៉ុន្តែយើងប្រាថ្នាប្រជែងជាមួយព្រះវិញ។
បច្ចេកៈវិទ្យាបង្ខូចអំណាច
យើងមិនគ្រាន់តែមានសកម្មភាពនៅលើផែនដីនេះជាមួយនឹងបច្ចេកៈវិទ្យារបស់យើងប៉ុណ្ណោះទេ—តែនៅទីបំផុត បច្ចេកៈវិទ្យារបស់យើងនឹងមានសកម្មភាពមកលើយើងវិញ។ វាមិនដែលជាអព្យាក្រឹត្យនោះឡើយ។
នៅពេលដែលលោក អ័ដាម និងនាង អេវ៉ា បានយកផ្លែឈើដែលត្រូវបានហាមឃាត់មកបរិភោគ ដើម្បីឲ្យបានដូចជាព្រះ នោះពួកគេត្រូវបានបង្ខូចភាពដូចជាទ្រង់។ បច្ចេកៈវិទ្យាក៏មានអំណាចក្នុងការបង្ខូចរូបអង្គនៃព្រះនៅក្នុងចរិតលក្ខណៈរបស់យើងដែរ។ ដោយប្រើប្រាស់កញ្ចក់នៃកណ្ឌគម្ពីរ កាឡាទី ៥:២២-២៣ សូមយើងមើលលើរបៀប៦យ៉ាងដែលបច្ចេកៈវិទ្យាឌីជីថលអាចនឹងបង្ខូចយើង។
១. បង្ខូចសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស៖ ភាពផ្ទុយគ្នា កំហឹង និងភាពហិង្សា
សេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញមកតាមរយៈបុគ្គលិកលក្ខណៈ និងសកម្មភាពរបស់ទ្រង់មកកាន់មនុស្សមានបាប (ទីតុស ៣:៤-៥) ដែលបង្ហាញអំពីព្រះទ័យឈឺឆ្អាល និងព្រះទ័យក្ដួលអាណិតរបស់ទ្រង់សម្រាប់ «អ្នកផ្សេង»។ ប៉ុន្តែ ប្រព័ន្ធឌីជីថល និងក្បួនដំណោះស្រាយរបស់ប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមមិនពេញចិត្តចំពោះខ្លឹមសារល្អៗ ឬបង្កើតសេចក្តីស្រឡាញ់នៅក្នុងព្រលឹងយើងឡើយ។
ក្នុងអំឡុងសវនាការព្រឹទ្ធសភាក្នុងឆ្នាំ២០២១ អតីតអ្នករចនារបស់ក្រុមហ៊ុនហ្គូហ្គលម្នាក់បានថ្លែងថា «បំណងនៃអាជីវកម្មគឺ ដើម្បីបង្កើតសង្គមមួយដែលមានការញៀន ហិង្សា ភាពផ្ទុយគ្នា ការសម្ដែង និងការគ្មានព័ត៌មាន»។ គេបានហៅបណ្ដាញសង្គម Facebook ថាជា «សាជីវកម្មដែលមានឥទ្ធិពលនៃភាពផ្ទុយគ្នាបំផុតមួយលើពិភពលោកនេះ» ដែលវេទិការបស់ពួកគេគឺ «ធ្វើឲ្យបានប្រសើរឡើង ដើម្បីឲ្យមនុស្សនៅបន្តអូសមាតិកាថ្មីៗរបស់បណ្ដាញសង្គម Facebook ដោយពង្រីកព័ត៌មានបែកបាក់គ្នា និងដុតបញ្ឆេះ ក៏ដូចជាបំផ្លើសការបែកបាក់នយោបាយនៅក្នុងសង្គម»។
គេហទំព័រដែលយើងប្រើប្រាស់ និងប្រព័ន្ធផ្សព្វផ្សាយដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ វាមានសមត្ថភាពបង្ខូចភាពសប្បុរស និងសេចក្តីស្រឡាញ់របស់យើង ហើយវាក៏អាចបង្កើតឲ្យមានផលនៃភាពផ្ទុយគ្នា កំហឹង និងអំពើហិង្សា។
២. បង្ខូចសេចក្តីអំណរ និងសន្តិភាព៖ ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ
ការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកៈវិទ្យាឌីជីថលច្រើនបានបង្កើតជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។ អត្រានៃការមិនសប្បាយចិត្ត ការធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាតត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការប្រើប្រាស់បច្ចេកៈវិទ្យាឌីជីថលច្រើន រួមទាំងការគេងមិនលក់ ភាពតានតឹង និងការធ្លាក់ចុះនៃការគោរពខ្លួនឯង។
ការសិក្សាមួយបានរកឃើញថា ការប្រើប្រាស់អ៊ីនធឺណិតច្រើនពេក ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីឌ-១៩ និងការប៉ះពាល់នឹងព័ត៌មានមិនពិត ដែលភ្ជាប់មកជាមួយវា គឺជាមូលហេតុដែលបង្កើតជំងឺធ្លាក់ទឹកចិត្ត។ ភស្តុតាងយ៉ាងទូលំទូលាយមាននៅក្នុងអក្សរសិល្ប៍ថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានការជាប់ទាក់ទងនឹងការថប់បារម្ភ និងរួមចំណែកដល់ការភ័យខ្លាចនៃការខកខាន។
បច្ចេកៈវិទ្យាឌីជីថលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់បាន ប៉ុន្តែបើមិនពិនិត្យមើលទេ នោះវាអាចប្លន់យើងចេញពីសេចក្តីអំណរ ហើយបង្កើតឲ្យយើងទៅជាមនុស្សដែលខ្វល់ខ្វាយ និងមានភាពទទេ។
៣. បង្ខូចការអត់ធ្មត់៖ ការខ្វះភាពអត់ធ្មត់ និងការបង្ខិតបង្ខំ
យើងទាំងអស់គ្នាប្រហែលជាចងចាំអំពីភាពខ្វះការអត់ធ្មត់ ដែលបានកើនឡើងនៅក្នុងចិត្តយើង នៅពេលដែលយើងឮសំឡេងលោតរបស់ម៉ូឌឹម ខណៈពេលដែលប្រព័ន្ធ AOL ទាញយកសារនៅក្នុងល្បឿនយឺតៗ (ប្រៀបដូចជាសត្វខ្យង) នៅក្នុងទសវត្សឆ្នាំទី២០។ យើងប្រហែលជារំពឹងទុកថា ដោយមានល្បឿនកុំព្យូទ័រម៉ូដែលថ្មីៗ ហើយលឿន នោះការខ្វះភាពអត់ធ្មត់នឹងគ្មានឱកាសក្នុងការផុសចេញនៅក្នុងខ្លួនយើងឡើយ។ ប៉ុន្តែ យើងបានឃើញពីភាពផ្ទុយទៅវិញ។ ការកើនឡើងនូវភាពខ្វះការអត់ធ្មត់នេះបានបង្ហាញខ្លួនវានៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃដើម្បី «បំពេញតម្រូវការរបស់យើងឲ្យបានកាន់តែរហ័ស» ដែលវាអាចបណ្ដាលឲ្យមានភាពឆាប់ខឹងកើតឡើង និងការចំណាយលើសពីចំណូល។
ឫសគល់នៃភាពខ្វះការអត់ធ្មត់របស់យើងគឺប្រហែលជាភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរប្រព័ន្ធសរសៃប្រសាទ ដែលកើតឡើងពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បានរកឃើញថា នៅចន្លោះឆ្នាំ២០០០ និង២០១៣ ការផ្ចង់ផ្ដោត (ឧទាហរណ៍៖ ការយកចិត្តទុកដាក់) របស់មនុស្សមានការថយចុះពីចន្លោះ១២វិនាទីមកនៅត្រឹម៨វិនាទី (សម្រាប់ជាការប្រៀបធៀប៖ ការផ្ចង់ផ្ដោតរបស់ត្រីមាស គឺមានរយៈពេល ៩វិនាទី)។ លោក ម៉ាក អែលលីងសិន (Mark Ellingsen) បានសរសេរថា «ការបែងចែកការយកចិត្តទុកដាក់ដែលទាមទារដោយប្រព័ន្ធអ៊ីនធឺណិតធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពយល់ដឹងរបស់យើង ហើយធ្វើឲ្យការរៀនសូត្រ និងការយល់ដឹងរបស់យើងថយចុះ»។
ព្រះជាម្ចាស់មានព្រះទ័យអត់ធ្មត់ ស៊ូទ្រាំទុក្ខលំបាក ព្រមទាំងប្ដេជ្ញាសម្រាប់យូរអង្វែង។ ការបំពេញចិត្តភ្លាមៗ និងការរំខានដែលបង្កឡើងដោយប្រព័ន្ធផ្សព្វផ្សាយឌីជីថលបានបង្ខូចទ្រង់ទ្រាយនៃទិដ្ឋភាពរូបអង្គព្រះ នៅក្នុងខ្លួនយើង នៅក្នុងកម្រិតនៃប្រព័ន្ធសរសៃប្រសាទរបស់យើង។
៤. បង្ខូចភាពស្លូតបូត៖ អំពើហិង្សា
ប្រសិនបើសេចក្តីស្លូតបូតរបស់ព្រះជាម្ចាស់មកកាន់យើងដែលជាអ្នកដែលតំណាងរូបអង្គទ្រង់បានដៅសម្គាល់ដោយការដែលទ្រង់ប្រព្រឹត្តជាមួយយើងនៅក្នុងរបៀបអហិង្សា នោះចំណុចផ្ទុយគឺការមានចរិតលក្ខណៈរបស់មនុស្ស ដែលមានបំណងចិត្តក្នុងការបង្កហិង្សាដល់អ្នកដទៃណាម្នាក់ដោយចេតនា។ អំពើហិង្សាផ្លូវអារម្មណ៍ក្នុងទម្រង់នៃការគំរាមកំហែងតាមបណ្ដាញសង្គម គឺជាការបង្ហាញមួយនៅក្នុងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ដោយការកើនឡើងក្នុងការប្រើប្រាស់អ៊ីនធឺណិត នោះការផ្តាច់ខ្លួនខាងសីលធម៌ក៏បានកើនឡើងដែរ (សូមមើលនៅក្នុងចំណុចបន្ទាប់) ហើយនិងមានលទ្ធភាពកាន់តែច្រើនក្នុងការជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងតាមបណ្ដាញសង្គម។
ការឈ្លានពានតាមបណ្ដាញសង្គមនេះអាចរាលដាលដល់ការមានអំពើហិង្សាក្នុងពិភពលោកយ៉ាងពិតប្រាកដដែរ។ ការស្ទង់មតិរបស់វិទ្យាស្ថានស្រាវជ្រាវសាសនាសាធារណៈ (Public Religion Research Institute) បានបង្ហាញថា ១៥ភាគរយនៃជនជាតិអាមេរិក (ឬក៏មនុស្ស៥០លាននាក់) ជឿថា «ពីព្រោះអ្វីៗបានបោះជំហានទៅឆ្ងាយហួសព្រំដែន នោះអ្នកស្នេហាជាតិអាមេរិកពិតប្រាកដប្រហែលជាត្រូវងាកទៅរកអំពើហិង្សា ដើម្បីសង្គ្រោះប្រទេសរបស់ខ្លួសឡើងវិញ»។ វេទិកាអនឡាញបានចូលរួមចំណែកដល់ការបំផ្លិចបំផ្លាញក្នុងករណីរបស់លោក ឌីឡាន រូហ្វ (Dylann Roof) និងលោក ផេតុន ហ្កេនដ្រូន (Payton Gendron)។
ប៉ុន្តែ សូមចងចាំថា មិនមែនគ្រប់គ្នាដែលប្រើប្រាស់អ៊ីនធឺណិតនឹងប្រព្រឹត្តអំពើហិង្សានោះទេ តែភាពច្របូកច្របល់ដែលវាបានបង្កើតឡើងអាចទាញមនុស្សឲ្យទៅរកទិសដៅនោះ ហើយបង្កើតឲ្យមានជម្រកសុវត្ថិភាពសម្រាប់ការរវើរវាយដ៏ឃោរឃៅឲ្យបានកាន់តែពុះកញ្ជ្រោលឡើង។
៥. បង្ខូចសេចក្តីល្អ និងភាពស្មោះត្រង់៖ សីលធម៌មិនច្បាស់លាស់
យើងអាចចាត់ទុកភាពផ្ទុយគ្នាពីសីលធម៌ល្អ និងសេចក្តីស្មោះត្រង់ថា «ភាពមិនច្បាស់លាស់នៃសីលធម៌»។ ប្រសិនបើយើងរាប់សេចក្តីល្អថាជាការយកចិត្តទុកដាក់ជាមួយនឹងការស្គាល់ និងការស្រឡាញ់សេចក្តីពិតនឹងការល្អ នោះសេចក្តីស្មោះត្រង់គឺជាសកម្មភាពដែលស្របគ្នានឹងអ្វីដែលជាសេចក្តីពិត និងសេចក្តីល្អ។
ចំណុចមុនៗខាងលើជាន់គ្នាជាមួយចំណុចមួយនេះ។ កំហឹង ការប្រទូសរ៉ាយ និងអំពើហិង្សាដែលកើតឡើងទៅកាន់អ្នកដែលជាតំណាងរូបអង្គព្រះ គឺមិនមែនជាសេចក្តីល្អ និងភាពស្មោះត្រង់ទេ។ ការមិនចុះសម្រុងខាងសីលធម៌គឺត្រូវបានកំណត់ថា «ជាការយល់ឃើញនៃការយល់ដឹង ដែលបុគ្គលម្នាក់យកមកបកស្រាយឡើងវិញអំពីអាកប្បកិរិយាអសីលធម៌របស់ខ្លួន» ហើយវាបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតដែលអត់មិនបាន ហើយនិងការប្រើប្រាស់វីដេអូហ្គាមហិង្សា។ ភាពអនាមិកតាមអ៊ីនធឺណិត និងការខ្វះការយល់ដឹងអំពីការលត់ដំវាបានបង្កើតបរិយាកាស ដែលសម្របសម្រួលការហាមឃាត់ និងបង្កការគំរាមកំហែងតាមអ៊ីនធឺណិត។
ដូចគ្នានឹងការបង្កើតផលអាក្រក់ផ្សេងៗ នោះការប្រើប្រាស់បច្ចេកៈវិទ្យាឌីជីថល វាមិនបង្ខូចអារម្មណ៍នៃសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់នរណាម្នាក់ ដោយស្វ័យប្រវត្តិចំពោះស្តង់ដារសីលធម៌ទាំងនេះនោះទេ។ ប៉ុន្តែ វាអាចផ្តល់នូវបរិយាកាសដែលងាយឲ្យបំណងប្រាថ្នាខ្មៅងងឹតនៅក្នុងចិត្តរីកដុះដាលឡើងបាន។
៦. បង្ខូចការគ្រប់គ្រងខ្លួនឯង៖ ញៀន
ព្រះជាម្ចាស់មិនដែលធ្វើការសម្រេចព្រះទ័យដោយប្រញាប់ប្រញាល់ឡើយ ឬមានបន្ទូលអំពីអ្វីមួយដែលក្រោយមកទ្រង់មានព្រះទ័យស្តាយនោះឡើយ ឬក៏ធ្វើសកម្មភាពអ្វីដែលលើសពីការគ្រប់គ្រងរបស់ទ្រង់ដែរ។ មនុស្សយើងឆ្លុះបញ្ចាំងផ្នែកនេះ អំពីព្រះតាមរយៈការបង្ហាញនូវការចេះគ្រប់គ្រងលើខ្លួនឯង។ ផលផ្លែស្អុយរលួយមួយនៃប្រព័ន្ធបច្ចេកៈវិទ្យាឌីជីថលគឺការញៀន៖ ការគ្មានសមត្ថភាពក្នុងការគ្រប់គ្រងការប្រើប្រាស់ ឬការចំណាយពេលលើវា។ ការប្រើប្រាស់បច្ចេកវិទ្យាដែលហួសកម្រិតនៃការដែលអាចគ្រប់គ្រងវាបាននឹងនាំឲ្យវាចាប់ផ្ដើមគ្រប់គ្រងលើយើងវិញ។
ភាពងងឹតពិតប្រាកដគឺថាការញៀនជាលក្ខណៈមួយរបស់យើង មិនមែនជាមេរោគនោះទេ៖ ក្រុមហ៊ុនបច្ចេកៈវិទ្យា «លើកទឹកចិត្តឲ្យមានអាកប្បកិរិយាញៀនតាមរយៈការពង្រឹងជាវិជ្ជមានជាបន្តបន្ទាប់ និងជំរុញឲ្យមានការទទួលស្គាល់ពីសង្គម» ហើយក៏បានបន្តក្នុងការអភិវឌ្ឍលក្ខណៈញៀនពិសេសៗ ដើម្បីទាញមនុស្សឲ្យក្លាយជាទាសករទៅកាន់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេ ដើម្បីពង្រីកទីផ្សាររបស់ពួកគេ។ នៅពេលដែលការញៀនបានចាប់ផ្ដើមកើតមាន នោះការចាកចេញពីវាគឺមានការលំបាកណាស់។ ការឈប់ប្រើប្រាស់អ៊ីនធឺណិតអាចបង្កឲ្យមានផលប៉ះពាល់នៃការដកខ្លួនចេញដែល «ស្រដៀងទៅនឹងអ្វីដែលបានកត់សម្គាល់បន្ទាប់ពីការបញ្ឈប់នូវសារធាតុញៀនមួយចំនួនដូចជា គ្រឿងស្រវឹង កញ្ឆា និងថ្នាំផ្សេងៗ ដែលផលិតចេញពីអាភៀន»។
សំណួរមួយដែលយើងត្រូវសួរ
ការសិក្សាជាច្រើនបានធ្វើបទបង្ហាញអំពីអំណាចនៃការបង្ខូចដែលបច្ចេកៈវិទ្យាឌីជីថលបង្កើតឲ្យមាន។ បច្ចេកៈវិទ្យាអាចបង្ខូចយើង ប៉ុន្តែវាមិនមែនគ្រាន់តែជាអំណាចក្នុងការធ្វើការងារនេះនោះទេ។ ដោយភ្ជាប់ជាមួយនឹងឥទ្ធិពលផ្លូវចិត្តនៃការប្រើប្រាស់បច្ចេកៈវិទ្យាឌីជីថលយូរអង្វែង គឺបំណងប្រាថ្នារបស់យើងអាចនឹងត្រូវបត់ទាញនាំយើងចូលទៅ ដូចជាបំណងប្រាថ្នារបស់លោក អ័ដាម និងនាង អេវ៉ា ចំពោះផ្លែឈើដែរ។
សំណួរគឺថា៖ តើយើងទាំងអស់គ្នាគួរឈប់ប្រើប្រាស់បច្ចេកៈវិទ្យាឌីជីថល ហើយប្រសិនបើមិនអញ្ចឹងទេ តើមានរបៀបណាដែលយើងអាចដាក់ព្រំដែនកំណត់ ដើម្បីឲ្យប្រាកដថា យើងជាម្ចាស់លើសំភារៈរបស់យើង មិនមែននៅក្នុងរបៀបដែលផ្ទុយពីនេះនោះឡើយ?

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។