in

បុរស​គិតងាយ

បុរស​ទី៣

ផ្លូវ​គេចចេញ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ចេញ​ពី​រឿង​មនុស្ស​បី​នាក់​ដែល​ប៉ង​ធ្វើ​ជា​

សិស្ស​របស់​ព្រះ​យេស៊ូវ តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​សំឡេង​ដទៃ​មាន​អាទិភាព​ជាង​ការ​ត្រាស់ហៅ​របស់​ព្រះ​គ្រីស្ទ​វិញ។ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ មាន​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ (លូកា ៩:៥៧-៦២)។

មាន​បុរស​បី​នាក់​បាន​មក​ជួប​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​ផ្ទាល់ តែ​អ្នក​និពន្ធ​កណ្ឌគម្ពីរ​លូកា​មិន​បាន​ប្រាប់​ឈ្មោះ​ពួក​គេ​ទេ។ ពួក​គេ​មាន​គំនាប​សង្កត់​នៅក្នុង​ចិត្ត​ក្នុង​ការ​ដើរតាម​ទ្រង់។ ប៉ុន្តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​រឿង​ផ្សេង​ទៀត​ចូល​មក​ជ្រៀតជ្រែក​ព្រលឹង​របស់​ខ្លួន និង​ការ​ថ្វាយខ្លួន​ទាំង​ស្រុង​ចំពោះ​ទ្រង់។

បុរស​ទី​បី យើង​អាច​ឲ្យ​ឈ្មោះ​ថា​បុរស​គិតងាយ។ គាត់​ស្រដៀង​នឹង​បុរស​ទីមួយ​ដែរ ដោយសារ​គាត់​បាន​ស្ម័គ្រចិត្ត​ដើរ​តាម​ព្រះ​អម្ចាស់។ ​ប៉ុន្តែ​គាត់​ក៏​ដូច​ជា​បុរស​ទីពីរ​ដែរ ដោយសារ​គាត់​ប្រើ​ពាក្យ​មិន​គួរ​សម​ដូច​គ្នា៖ «ព្រះអម្ចាស់​អើយ…ទូលបង្គំ…សិន»។ គាត់​ទូល​ថា «ព្រះ​អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ​តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន»។

ជាថ្មីម្តងទៀត ​យើង​ត្រូវតែ​ទទួល​ស្គាល់​ថា បើ​គ្រាន់តែ​ស្តាប់​សំណើ​ដែល​គាត់​លើក​ឡើង វា​ដូច​ជា​គ្មាន​អ្វី​ខុស​នោះ​ទេ។ វា​ក៏​មិន​មែន​ប្រឆាំង​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់​នោះ​ដែរ ក្នុង​ការ​ដែល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​ជាមួយ​នឹង​សាច់ញាតិ ឬ​ក៏​តាម​ក្រមសីលធម៌​នៅពេល​ដែល​យើង​លា​ពួក​គេ។ តើ​ចំណុច​ណា​ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​នេះ​មិន​បាន​ជោគជ័យ​លើ​ការ​សាកល្បង​នេះ? វា​ស្ថិត​នៅ​ត្រង់​ចំណុច​ដែល​គាត់​បាន​បណ្ដោយ​ឲ្យ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​គ្រួសារ​ចូល​មក​ជំនួស​ព្រះ​គ្រីស្ទ។

ដូច្នេះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដោយ​យោគយល់​ត្រង់ៗថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល​ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ​អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ» ត្រង់​នេះ​ទ្រង់​ចង់​មានន័យ​ថា៖ «សិស្ស​របស់​ខ្ញុំ​មិន​គួរ​គិតតែ​ពី​ខ្លួនឯង ហើយ​មិន​ចេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង។ ខ្ញុំ​ចង់​បាន​សិស្ស​ដែល​មាន​ឆន្ទៈ​លះបង់​ចំណង់​ផ្ទាល់​ខ្លួន ហើយ​មិន​បែក​អារម្មណ៍​ដោយសារ​សាច់ញាតិ​ដែល​មាន​មនោសញ្ចេតនា​នឹង​គ្នា។ ហើយ​ខ្ញុំ​ចង់​បាន​សិស្ស​ដែល​ទុក​ខ្ញុំ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ជីវិត»។

យើង​សន្និដ្ឋាន​ថា បុរស​គិតងាយ​បាន​ចាកចោល​ព្រះ​យេស៊ូវ ហើយ​បាន​ដើរ​ចេញ​ទៅ​ដោយ​មុខ​ស្រងូតស្រងាត់។ សេចក្ដីប្រាថ្នា​ក្នុង​ការ​ក្លាយ​ជា​សិស្ស​ដ៏​លើសលប់​របស់​គាត់​បាន​បែក​ខ្ចាយ ដោយ​សារ​ចំណង​នៅ​ក្នុង​គ្រួសារ​គាត់ ប្រៀប​បាន​នឹង​កែវ​បោក​ផ្ទប់​នឹង​ផ្ទាំង​សិលា​យ៉ាង​ដូច្នោះ​ដែរ។ យើង​មិន​ដឹង​ច្បាស់​ថា​យ៉ាង​ណា​នោះ​ទេ ប្រហែល​ជា​គាត់​មាន​ម្ដាយ​ដែល​កំពុង​យំ​ខ្សឹកខ្សួល​ថា «កូន​អើយ! កូន​នឹង​ធ្វើ​ឲ្យ​ម្ដាយ​គ្រាំគ្រា​ចិត្ត​ស្លាប់​បើ​កូន​ចាកចោល​ម្ដាយ ហើយ​ទៅ​បម្រើ​បេសកកម្ម​របស់​ព្រះ​យេស៊ូវ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ»។ អ្វី​ដែល​យើង​ដឹង​គឺ​ត្រង់​ថា ព្រះជាម្ចាស់​មាន​សមានចិត្ត​ក្នុង​ការ​មិន​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​បុរស​ដ៏​ទន់​ខ្សោយ​ខាង​ឯ​ព្រលឹងវិញ្ញាណ​ម្នាក់​នេះ។ គាត់​បាន​បាត់​ឱកាស​ដ៏​ធំ​ក្រៃលែង​ក្នុង​ជីវិត​ដោយ​សារ​តែ​ការ​បែរចេញ​ពី​ព្រះ​យេស៊ូវ ហើយ​គាត់​សម​នឹង​ទទួល​ងារ​ចុងក្រោយ​ថា «មិន​គួរ​នឹង​នគរ​ព្រះ​ទេ»។

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចូរ​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស!

ចូរស្រឡាញ់​ការ​ចេះ​ដឹង!