in

គន្លឹះ​៦​យ៉ាង​សម្រាប់​ការ​អាន​ព្រះ​គម្ពីរ

6 Tips for Reading the Bible with Your Kids

អនុស្សាវរីយ​ដ៏​សប្បាយៗ​ជា​ច្រើន​កាលពី​យើង​នៅ​ក្មេងៗ

ប្រសិន​បើ​យើង​ក្រឡេក​មើល​កាល​ពី​យើង​នៅ​ក្មេងៗ គឺ​ការ​ត្រឡប់​មើល​ទៅ​អតីតកាល​វិញ នោះ​យើង​នឹង​នឹក​ឃើញ​នូវ​អនុស្សាវរីយ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​សប្បាយ​រីករាយ​តាមរយៈ​ការ​ដែល​ឪពុកម្ដាយ មីង ពូ អ៊ំ ធ្លាប់​បាន​និទាន​រឿង​ផ្សេងៗ​ឲ្យ​យើង​ស្តាប់ ក៏​ដូច​ជា​ច្រៀង​បំពេ​ពេល​ដែល​យើង​គេង​ផង​ដែរ។

ចុះ​សព្វ​ថ្ងៃ​នេះ​វិញ តើ​ហេតុអ្វី​បាន​ជា​យើង​មិន​ធ្វើ​ដូច​នោះ​ទាក់ទង​នឹង​ការ​អាន​ព្រះ​គម្ពីរ​ជាមួយ​នឹង​កូនៗ​របស់​យើង? ចុះ​តើ​ហេតុ​អ្វី​បាន​ជា​យើង​មិន​អាន​ព្រះ​គម្ពីរ​មួយ​ទល់​មួយ​ជាមួយ​នឹង​កូនៗ​របស់​យើង? ក្រែង​យើង​ដឹង​រួច​ហើយ​ថា ការ​ធ្វើ​បែប​នេះ​គឺ វា​ធ្វើ​ឲ្យ​មាន​អនុស្សាវរីយ​ល្អៗ​ជាមួយ​នឹង​ពួកគេ? ប្រសិន​បើ​លោកអ្នក​មិន​ទាន់​បាន​ចាប់ផ្ដើម​អនុវត្ត​ការ​ទាំង​នោះ​នៅ​ឡើយ​ទេ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្តល់​នូវ​យោបល់​ទាក់ទង​នឹង​ការ​ទាំង​នេះ​ខ្លះៗ ដើម្បី​ជា​ជំនួយ​ទៅ​ដល់​លោកអ្នក​ក្នុង​ការ​ចាប់ផ្តើម​អនុវត្ត​ជាមួយ​កូនៗ​របស់​លោកអ្នក៖

១. ចូរ​ប្រាប់​ពី​មូល​ហេតុ​ដែល​យើង​អាន​ព្រះ​គម្ពីរ​ដល់​ពួកគេ

សិស្សានុសិស្ស​នឹង​កាន់តែ​ខិត​ខំប្រឹង​រៀន​ឲ្យ​បាន​យ៉ាង​ពូកែ បើ​គាត់​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ដោយ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់។ នោះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវតែ​ឆ្លើយ​ប្រាប់​នូវ​សំណួរ​ថា «ហេតុអ្វី»? ព្រោះ​នោះ​គឺ​ជា​ការ​ចាំបាច់​ខ្លាំង​ណាស់ (ជាពិសេស​មុន​ពេល​ចាប់ផ្ដើម​ធ្វើ ហើយ​ខណៈ​ពេល​ដែល​យើង​នៅ​បន្ត​អាន​ត​ទៅ​មុខ​ទៀត) ក្នុង​ការ​ប្រាប់​នូវ​គោលបំណង​ចម្បង​នៃ​ការ​អាន​ព្រះ​គម្ពីរ នៅ​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ​ជាមួយ​នឹង​កូនៗ​របស់​យើង​ផង​ដែរ។

«តើ​ហេតុអ្វី​បាន​ជា​យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​នេះ» ?

ចម្លើយ​នោះ​គឺ «ការ​ដែល​យើង​អាន​ព្រះ​គម្ពីរ​រួម​គ្នា ព្រោះ​យើង​ចង់​ស្គាល់​ព្រះជាម្ចាស់​ថែម​ទៀត​ ក៏​ដូច​ជា​ចង់​ស្រឡាញ់​ទ្រង់​ឲ្យ​កាន់តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​ដែល ហើយ​ក៏​ចង់​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​ និង​ជា​គំរូ​សម្រាប់​អ្នក​ដទៃ​ទៀត​ផង​ដែរ។» នេះ​ហើយ​គឺ​ជា​គោលបំណង​ចម្បង​របស់​ខ្ញុំ។ប្រហែល​ជាគោល​បំណង​ចម្បង​របស់​លោកអ្នក​ក៏​នឹង​មិន​មាន​លក្ខណៈ​ភាព​ខុសប្លែក​ពី​ខ្ញុំ​ប៉ុន្មាន​ទេ។ ប្រសិនបើ​យើង​គ្មាន​គោលបំណង​ច្បាស់​លាស់​ទាក់ទង​នឹង​ការ​នេះ ឬ​ការ​នោះ​ទេ នោះ​យើង​ក៏​មិន​អាច​បន្ត​អាន​ព្រះ​គម្ពីរ​ជាមួយ​នឹង​កូនៗ​របស់​យើង​បាន​ត​ទៅ​មុខ​ទៀត​នោះ​ឡើយ។ ជានិច្ច​ជា​កាល យើង​ក៏​គួរ​តែ​រំឭក​ពួកគាត់​អំពី​គោលបំណង​ដ៏​អស្ចារ្យ​មួយ​នេះ ដើម្បី​ឲ្យ​ពួកគាត់​យល់ ហើយ​ចាប់ផ្ដើម​យក​គោលបំណង​នោះ​មក​អនុវត្ត​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​នៅ​អនាគត។

២. ចូរ​ណែនាំ​ពួកគេ​ឲ្យ​មាន​ទម្លាប់​អាន

វា​ក៏​មិន​ខុស​ពី​អ្វីៗ​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង​ប៉ុន្មាន​ដែរ ការ​អាន​ព្រះ​គម្ពីរ​ជាមួយ​នឹង​កូនៗ​របស់​យើង​វា​មិន​កើត​ឡើង​បាន​ដោយ​ឯងៗ​នោះ​ឡើយ ប្រសិនបើ​យើង​មិន​អនុវត្ត​វា​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​ជា​ប្រចាំ​ថ្ងៃ​ជា​មុន​សិន។ យ៉ាង​ហោច​ណាស់​យើង​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាង​តិច​៦-៨​សប្ដាហ៍ ដើម្បី​បង្កើត​នូវ​ទម្លាប់​ថ្មី​ណា​មួយ​ឲ្យ​កើត​មាន​ឡើង​បាន ដោយ​ធ្វើ​អ្វី​មួយ​ដដែលៗ ក្នុង​ពេលវេលា​ដដែលៗ នៅ​កន្លែង​ដដែលៗ និង​ជាមួយ​មនុស្ស​ដដែលៗ។ ប្រាកដ​ណាស់! យើង​ងាយ​នឹង​ប្រឈម​មុខ​ក្នុង​ការ​បរាជ័យ និង​តិចតួច​ណាស់​ដែល​នឹង​បាន​ជោគជ័យ​ផង​ដែរ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ដែល​យើង​មាន​ភាព​ភ្លេចភ្លាំង ហើយ​ត្រូវ​ត្រឡប់​ក្រោយ​ទៅ​អាន​ឡើង​វិញ ដើម្បី​ឲ្យ​ទាន់​កាលវិភាគ​អាន ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​ការ​ធ្វើ​បែប​នោះ​នឹង​ប្រាកដ​ជា​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​របស់​យើង​ជា​មិនខាន។

សូម​ព្យាយាម​រក​ពេលវេលា​ក្នុង​កាលវិភាគ​របស់​លោកអ្នក​ដែល​លោកអ្នក​ទំនេរ​ដៃ​ក្នុង​ជីវិត​រស់នៅ​រាល់ថ្ងៃ ដើម្បី​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ជាមួយ​នឹង​ពួកគាត់។ បន្ទាប់​មក ចូរ​មាន​ភាព​រហ័សរហួន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នោះ​ឲ្យ​បាន​យ៉ាង​តិច​៦-៨​សប្ដាហ៍ នោះ​លោកអ្នក និង​កូនៗ​របស់​លោកអ្នក​នឹង​ប្រាកដ​ជា​បង្កើត​បាន​ទម្លាប់​ដ៏​ល្អ​មួយ​ជា​មិនខាន។

៣. សូម​ធ្វើ​ជា​មនុស្ស​ប្រាកដ​និយម

ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​ធ្លាប់​បាន​ព្យាយាម​បង្រៀន​ភាសា​ហេប្រឺ​​ទៅ​កាន់​កូន​ប្រុសៗ​របស់​ខ្ញុំ ដែល​កូនៗ​របស់​ខ្ញុំ​ជា​ក្មេង​កំពូល​រពឹស ហើយ​កាល​នោះ​គាត់​ទើប​តែ​មាន​អាយុ​ត្រឹម​៥-៦​ឆ្នាំ​នៅ​ឡើយ។ ខ្ញុំ​ចង់​ប្រាប់​លោកអ្នក​ថា សូម​ជឿ​ខ្ញុំ​ចុះ ការ​រំពឹង​របស់​ខ្ញុំ​គឺ​វា​មិន​ប្រាកដ​និយម​នោះ​ឡើយ តែ​តាម​ពិត​ខ្ញុំ​គឺ​ជា​មនុស្ស​ដ៏​ឆោតល្ងង់​ម្នាក់​ណាស់ កាល​ដែល​ខ្ញុំ​ព្យាយាម​បង្រៀន​ភាសា​ហេប្រឺ​ទៅ​កាន់​ពួកគេ គឺ​ខ្ញុំ​បាន​ធ្វើ​វា​បាន​តែ​រយៈពេល​ខ្លី ត្រឹម​៣-៤​ថ្ងៃ​តែប៉ុណ្ណោះ។ នោះ​ហើយ​គឺ​ជា​អ្វី​ដែល​តែងតែ​កើត​មាន​ឡើង​ចំពោះ​បុគ្គល​ណា​ដែល​មាន​ផែនការ​ក្នុង​ការ​បង្កើត​ទម្លាប់​ថ្មី​មួយ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ ពួក​យើង​តែងតែ​ដាក់​គោលដៅ​ខ្ពស់ វា​ប្រៀប​ដូច​ជា​យើង​ចង់​ឡើង​ទៅ​ដល់​កំពូល​ភ្នំ អេវីរេស (Mount Everest) ដែល​ធាតុ​ពិត ផ្ទុយ​ពី​នោះ​យើង​មិនទាន់​ទាំង​បាន​ទៅ​ដល់​ជើង​ភ្នំ​នោះ​នៅ​ឡើយ​ផង។

ជា​ច្រើន​ឆ្នាំ​បាន​កន្លង​បាត់​ទៅ ទើប​ខ្ញុំ​ចាប់ផ្ដើម​យល់​ពី​ស្ថានភាព​នៃ​កម្រិត​នៃ​ដំណើរ​ការ​គិត​របស់​ខួរ​ក្បាល​របស់​កូនៗ​ខ្ញុំ គឺ​ទាក់ទង​ទៅ​នឹង​មហិច្ឆតា​របស់​ខ្ញុំ ដែល​ខ្ញុំ​មាន​សម្រាប់​ពួកគេ​ទាក់ទង​នឹង​ជីវិត​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ទោះ​ជា​យ៉ាង​ក្ដី ពេល​កូនៗ​ប្រុស​របស់​ខ្ញុំ​មាន​អាយុ​ប្រមាណ​ជា​១០-១១​ឆ្នាំ នោះ​ទើប​ខ្ញុំ​បាន​ធ្វើ​ការ​កាត់​បន្ថយ ឬ​ក៏​ទម្លាក់​នូវ​គោលដៅ​របស់​ខ្ញុំ​មួយ​ចំនួន​ធំ​ចោល ហើយ​ពេល​នោះ​ឯង​គឺ​ជា​ពេល​ដែល​យើង​បាន​បង្កើត​ទម្លាប់​ថ្មី​មួយ ដោយ​វា​ចាប់​ផ្ដើម​ដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ។ យើង​អាន​តិច​ជាង​មុន ប៉ុន្តែ​យើង​រៀន​បាន​ច្រើន​ជាង​មុន។

៤. ចូរ​ធ្វើ​តាម​គម្រោងការ

កាល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ កាល​នោះ​ប្រសិនបើ​ខ្ញុំ​បើក​ព្រះ​គម្ពីរ​អាន គឺ​ខ្ញុំ​អាន​តាម​របៀប​បែប​ចាក់​គម្ពីរ ដោយ​ម្ដង​បើក​អាន​ពី​ត្រង់​នេះ ហើយ​ម្ដង​ទៀត​អាន​តែ​ពី​ត្រង់​នោះ។ ជា​លទ្ធផល​គឺ​ខ្ញុំ​ទទួល​បាន​ត្រឹមតែ​ចំណេះ​ដឹង​ពី​ព្រះ​គម្ពីរ​បន្តិច​បន្តួច ដោយ​គ្មាន​ការ​យល់​ដឹង​នូវ​សាច់រឿង​សម្អិត​ទាំង​មូល​ក្នុង​ព្រះ​គម្ពីរ ហើយ​លើស​ពី​នោះ​ទៅ​ទៀត​ខ្ញុំ​ក៏​មិន​បាន​យល់​ពី​ភាព​ស៊ី​គ្នា​រវាង​បរិបទ​មួយ​ទៅ​បរិបទ​មួយ​ទៀត ជា​ពិសេស​មិន​បាន​យល់​ដឹង​ពី​ភាព​ស៊ីគ្នា​រវាង​កណ្ឌ​គម្ពីរ​នីមួយៗ ពី​ព្រះ​គម្ពីរ​សញ្ញាចាស់ និង​សញ្ញាថ្មី។ នេះ​ដោយ​សារ​តែ​ការ​អាន​របស់​ខ្ញុំ​មាន​ភាព​រញ៉េរញ៉ៃ ដោយ​គ្មាន​របៀប​អាន​តាម​គម្រោងការ។

ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ​ជាមួយ​នឹង​កូនៗ​របស់​យើង ចូរ​​យើង​ប្រតិបត្តិ​តាម​គម្រោង​ការណ៍​ជាក់លាក់​ណា​មួយ​ដោយ​ការ​អាន​កណ្ឌ​គម្ពីរ​នីមួយៗ ពោល​គឺ​អាន​កណ្ឌគម្ពីរ​ណា​មួយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ជាមួយ​គ្នា។ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​បង្រៀន​ដល់​ពួកគេ​អាច​យល់​នូវ​អត្ថបទ​ពិបាកៗ ឲ្យ​ពួកគាត់​ឃើញ​នូវ​តម្រិះ​សម្រេច​របស់​ព្រះជាម្ចាស់ ក៏​ដូច​ជា​ពន្យល់​ពួកគាត់​យល់​នូវ​លក្ខណៈ​នៃ​ការ​តភ្ជាប់​រវាង​កណ្ឌគម្ពីរ​នីមួយៗ​ទៅ​កាន់​កណ្ឌគម្ពីរ​ផ្សេង​ទៀត និង​រវាង​សញ្ញាចាស់ ព្រមទាំង​សញ្ញាថ្មី។

៥. ចូរ​សួរ​សំណួរ​ល្អៗ​ទៅ​កាន់​កូន​របស់​យើង

ការ​ដែល​យើង​សួរ​នាំ​នូវ​សំណួរ​ទៅ​កាន់​កូនៗ​របស់​យើង ខណៈ​ពេល​ដែល​យើង​កំពុង​អាន​ព្រះ​គម្ពីរ ការ​នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចេះ​មាន​ការ​ផ្ចង់​គំនិត​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ក៏​នឹង​ជួយ​ដល់​ពួកគាត់​ឲ្យ​យល់​នូវ​សាច់រឿង​ទាំង​មូល ក៏​ដូច​ជា​ការ​ជួយ​ឲ្យ​ពួកគាត់​យល់​នូវ​អ្វី​ដែល​ពួកគាត់​បាន​រៀន​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​ផង​ដែរ។ នៅពេល​ដែល​កូនៗ​របស់​យើង​នៅ​ក្មេង​នៅ​ឡើយ យើង​គួរតែ​ផ្ដោត​ទៅ​លើ​សាច់​រឿង​ទាំង​មូល ដោយ​ព្យាយាម​ឆ្លើយ​សំណួរ​ដែល​មាន​ដូចជា តើ​អ្វី​ទៅ? តើ​នៅ​ឯណា? តើ​កើតឡើង​នៅ​ពេល​ណា? តើ​នរណា?។ គោលបំណង​ចម្បង​របស់​យើង​គឺ យើង​ចង់​បង្កើន​នូវ​ចំណេះ​ដឹង​របស់​ពួកគាត់​ទាក់ទង​នឹង​ព្រះ​គម្ពីរ​ឲ្យ​បាន​កាន់​តែ​បាន​ច្រើន​ជាង​មុន។ ខណៈពេល​ដែល​កូនៗ​របស់​យើង​កាន់តែ​មាន​ភាព​ពេញ​វ័យ​ឡើងៗ​ជា​មុន យើង​អាច​ចាប់ផ្តើម​សួរ​នូវ​សំណួរ​ដែល​ផ្ដោត​ទៅ​លើ​អត្ថន័យ ឧទាហរណ៍៖ តើ​អ្វី​ទៅ​ជា​អត្ថន័យ​នៃ​សេចក្ដី​បង្រៀន​ចេញ​ពី​ខគម្ពីរ​មួយ​នេះ?

សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សំណួរ​ពីរ ដែល​ខ្ញុំ​តែងតែ​ឧស្សាហ​ព្យាយាម​សួរ​ពួកគាត់​ជានិច្ច​ជា​កាល៖ ទី១៖ «តើ​ចំណុច​នេះ​បាន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់?» ទី២៖ «តើ​ចំណុច​នេះ​បាន​បង្រៀន​យើង​អ្វីខ្លះ​អំពី​សេចក្ដី​សង្គ្រោះ?» ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​ការ​ដែល​យើង​សួរ​នូវ​សំណួរ​ដដែលៗ​ទាក់ទង​នឹង​ការ​ទាំង​នោះ នោះ​វា​នឹង​ក្លាយ​ទៅ​ជា​របៀប​មួយ​ដែល​បាន​ប៉ះពាល់​ទៅ​ដំណើរ​ការ​នៃ​របៀប​របស់​គាត់​ក្នុង​​ការ​គិតគូរ។ មាន​សំណួរ​យ៉ាង​ទូលំទូលាយ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​សួរ​ដល់​ពួកគាត់​ដែល​មាន​ដូចជា៖ «តើ​ចំណុច​នេះ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​អំពើ​បាប…អំពី​ផែនដី…អំពី​ជីវិត​រស់នៅ​បែប​ជា​គ្រីស្ទបរិស័ទ…អំពី​ការ​ធ្វើ​បេសកកម្ម និង​អំពី​ការ​ផ្សាយ​ដំណឹង​ល្អ?» ។ល។

យើង​ក៏​គួរ​តែ​លើក​ទឹកចិត្ត​ដល់​កូនៗ​យើង​ឲ្យ​ពួកគាត់​ចេះ​សួរ​សំណួរ​មក​យើង​ផង​ដែរ ទោះបី​ពេល​ខ្លះ​សំណួរ​របស់​ពួកគាត់​មើល​ទៅ​ហាក់​បី​ដូច​ជា​គួរ​ឲ្យ​ចង់​ផ្ទុះ​សំណើច​ពិត​មែន​ក៏​ដោយ ហើយ​ពេល​ខ្លះ​ទៀត​សំណួរ​ដែល​ពួកគាត់​សួរ​មក​កាន់​យើង ក៏​យើង​ប្រហែល​មិន​មាន​ចម្លើយ​តប​ទៅ​វិញ​បាន​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ត្រូវ​ធ្វើ​ការ​ហាម ឬ​ដាក់​បម្រាម​លើ​ពួកគាត់ ខណៈ​ពេល​ដែល​ពួកគាត់​កំពុង​សួរ​នូវ​សំណួរ​ដែល​យើង​មិន​អាច​ឆ្លើយ​បាន​នោះ​ដែរ។ ក្នុង​ករណី​ដូចនេះ យើង​ត្រូវ​តែ​ឆ្លើយតប​វិញ​ថា «ប៉ា ឬ​ម៉ាក់​ក៏​មិន​ដឹង​ទេ ប៉ុន្តែ​ប៉ា ឬ​ម៉ាក់​នឹង​ព្យាយាម​រក​ចម្លើយ​មក​ប្រាប់​កូន​វិញ»។ បន្ទាប់​មក លោកអ្នក​អាច​ប្រើប្រាស់​នូវ​សៀវភៅ​អត្ថាធិប្បាយ​ផ្សេងៗ ដើម្បី​ស្វែងរក​នូវ​ចម្លើយ​ទាក់ទង​នឹង​ចម្ងល់​របស់​ពួកគេ ហើយ​ប្រាប់​ដល់​ពួកគេ​វិញ​ផង។

៦. ចូរ​ទូល​សុំ​ជំនួយ​ពី​ព្រះ​ជាម្ចាស់

តាមរយៈ​ការ​ដែល​យើង​ចំណាយ​ពេល​អធិស្ឋាន​មុន​អាន​ព្រះ​គម្ពីរ ការ​នោះ​នឹង​បង្ហាញ​ឲ្យ​កូនៗ​យើង​ឃើញ​ថា យើង​ក៏​ត្រូវការ​ជំនួយ​ពី​ស្ថានសួគ៌​ផង​ដែរ ដើម្បី​ជួយ​ឲ្យ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ចេញ​ពី​ការ​អាន​ព្រះ​គម្ពីរ។ តាមរយៈ​ការ​ធ្វើ​បែប​នោះ នោះ​យើង​ក៏​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ឃើញ​ថា យើង​ត្រូវតែ​ពឹង​លើ​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​ព្រះ​អង្គ​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឲ្យ​កាន់តែ​យល់​ព្រះ​បន្ទូល​របស់​ទ្រង់។ បន្ទាប់ពី​យើង​បាន​អាន​ព្រះ​គម្ពីរ​ជាមួយ​គ្នា​រួច​ហើយ យើង​ក៏​គួរ​តែ​លើក​ទឹកចិត្ត​ដល់​កូនៗ​របស់​យើង ឲ្យ​ប្រមូល​នូវ​អ្វី​ដែល​យើង​បាន​អាន​យក​មក​ធ្វើ​ជា​លំនាំ​អធិស្ឋាន។ តើ​យើង​អាច​យក​ខគម្ពីរ​នេះ​មក​សរសើរ​តម្កើង​ព្រះ​អង្គ​ដោយ​របៀបណា​បាន? ឬ​ក៏​របៀប​អធិស្ឋាន​លន់តួ នឹង​ការ​អរ​ព្រះគុណ និង​ទទូច​អង្វរ​ទៅ​ចំពោះ​ព្រះ​អង្គ​យ៉ាង​ដូចម្ដេច​បាន​ដែរ​ទៅ?

គោលបំណង​របស់​យើង​ចេញ​ពី​ការ​ធ្វើ​បែប​នេះ​គឺ​ថា យើង​ចង់​បង្កើត​នូវ​លំនាំ ក៏​ដូច​ជា​បង្កើត​នូវ​ទម្លាប់​ថ្មី ដែល​មិន​យូរ​មិន​ឆាប់​នឹង​ក្លាយ​ទៅ​ជា​លទ្ធផល​មួយ​ត្រង់​ថា​ពួក​គាត់​នឹង​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង ហើយ​រក​ឃើញ​នូវ​អត្ថប្រយោជន៍​នៃ​ការ​អាន​ព្រះ​គម្ពីរ ក៏​ដូច​ជា​នឹង​នាំ​ឲ្យ​ពួកគេ​មាន​ការ​ពេញចិត្ត​ក្នុង​ការ​អាន​ផង​ដែរ។

និពន្ធ​ដោយ៖ លោក​គ្រូ David Murray
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.crossway.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

បង្ហាញ​សិរីល្អ

ជំនឿដ៏​ខុសឆ្គង​