in ,

ក្រុមខុសឆ្គង អាន់ សាំងហុង

ប្រវត្តិ
អាន់ សាំងហុង​ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​ក្រុមជំនុំ Seventh Day​ Adventist ​នៅ​ឆ្នាំ​១៩៥៤ ប៉ុន្តែ​ក្រោយ​មក​គាត់​ត្រូវ​គេ​បណ្ដេញ​ចេញ​នៅ​ឆ្នាំ​១៩៦២ ហើយ​គាត់​បាន​បង្កើត​សាសនា​របស់​គាត់​ផ្ទាល់​វិញ។ កាល​ដែល​គាត់​នៅ​មាន​ជីវិត អាន់ សាំងហុង (Ahn Sahng-Hong) មិន​ដែល​អះអាង​ថា​ ខ្លួន​ជា​ព្រះ​គ្រីស្ទ​នោះ​ទេ។ ហើយ​គាត់​ក៏​បាន​បដិសេធ​ជា​សាធារណៈ​នូវ​ការ​បង្រៀន​ថា​ មាន «ព្រះមាតា»​ដែរ។ ប៉ុន្តែ​ក្រោយ​គាត់​ស្លាប់​ដោយស្ទះ​សរសៃ​ឈាម និង​គាំង​បេះ​ដូង នៅ​ឆ្នាំ​១៩៨៥​ ក្រុម​ខុសឆ្គង​របស់​គាត់​បាន​បែក​ជា​ពីរ។ ផ្នែក​មួយ​ដែល​ហៅ​ថា «សមាគម​ផ្សព្វផ្សាយ​ពិភពលោក​ពួកជំនុំ​នៃ​ព្រះ» ​បាន​អះអាង​ថា ​អាន់ សាំងហុង​ គឺ​ជា«ព្រះ​វរបិតា» ​និង​ជា​ព្រះគ្រីស្ទ​សម្រាប់​សម័យកាល​របស់​យើង​ ហើយ​ភរិយា​ខាង​វិញ្ញាណ​របស់​គាត់​ គឺ​ ហ្សាង គីល ចា (Zahng Gil Jah) ជា «ព្រះ​មាតា»។ នេះ​គឺជា​ពាក្យ​ដែល​ដកស្រង់​​ពី​លក្ខន្តិកៈ​ជា​ផ្លូវការ​របស់​ពួកគេ៖​ «យើង​ជឿ​លើ​សេចក្ដីពិត​ថា​ ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ​ដោយ​ព្រះ​បិតា​ខាង​វិញ្ញាណ​នៃ​ស្ថានសួគ៌​ ​អាន់ សាំងហុង​ ​ដែល​បាន​យាង​មក​ពិភពលោក​ ​ដូចដែល​បាន​សរសេរ​នៅ​ក្នុង​ព្រះ​គម្ពីរ​ ​និង​ដោយ​ជឿ​លើ​កូនក្រមុំ​របស់​ព្រះ​វរបិតា​ស្ថានសួគ៌ ហ្សាង គីល ចា»។

ក្រុម​ខុសឆ្គង​របស់​ អាន់ សាំងហុង​ ប្រើ​ពាក្យ​ «ព្រះ ព្រះយេស៊ូវ ព្រះ​គ្រីស្ទ សេចក្ដី​សង្គ្រោះ» ។ល។ ប៉ុន្តែ​មាន​អត្ថន័យ​ខុសពី​អត្ថន័យ​ក្នុង​ព្រះគម្ពីរ។ ក្រុម​ប្រឹក្សា​គ្រីស្ទ​បរិស័ទ​ទាំង​នេះ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ថា ក្រុម​ អាន់ សាំងហុង ជា​ក្រុម​ខុសឆ្គង៖ Christian Council of Korea (ឆ្នាំ ២០០០) Daejeon Christian Council (ឆ្នាំ ២០០៧) Presbyterian Church of Korea (PCK Tonghap) (ឆ្នាំ ២០០២) PCK Hapshin (ឆ្នាំ ២០០៣) និង PCK Hapdon (ឆ្នាំ ២០០៨)។ មិន​​តែ​ប៉ុណ្ណោះ បេសកជន​ទាំង​អស់​ដែល​មក​ពី​ប្រទេស​កូរ៉េ​ក៏​បដិសេធ​ក្រុម​នេះ និង​ក្រុម​​ក្លែងក្លាយ​ផ្សេងៗ​ទៀត​ដែល​មក​ពី​កូរ៉េ​ដែរ។

ជំនឿ​នៃ​បេសកកម្ម​ពិភពលោក​នៃ​ព្រះ
ពួក​គេ​ជឿ​ថា អាន់ សាំងហុង គឺ​ជា​ព្រះ​គ្រីស្ទ។ គេហទំព័រ​ អាន់ សាំងហុង និយាយ​ថា «ព្រះគ្រីស្ទ​ អាន់ សាំងហុង​បាន​មកដល់​ផែនដី​ហើយ ​បាន​បង្កើត​ក្រុមជំនុំ​របស់​ព្រះ​ ហើយ​បាន​បង្រៀន​យើង​ថា ​មនុស្ស​ទាំងអស់ ​គឺ​ជា​ទេវតា​ ដែល​បាន​មក​ផែនដី​ បន្ទាប់​ពី​បាន​ធ្វើបាប​នៅ​ស្ថានសួគ៌»។ ពួកគេ​ជឿ​ថា ​ព្រះយេហូវ៉ា​ ជា​ព្រះអង្គសង្គ្រោះ​សំរាប់​សម័យកាល​សញ្ញាចាស់​ ​ព្រះយេស៊ូវ​ជា​ព្រះអង្គ​សង្គ្រោះ​សំរាប់​សម័យ​កាល​គម្ពីរ​សញ្ញា​ថ្មី ​ហើយ «ព្រះគ្រីស្ទ​អាន់ សាំងហុង» ជា​អ្នក​សង្គ្រោះ​សំរាប់​សម័យ​កាល​បច្ចុប្បន្ន។

ប៉ុន្តែ​ព្រះគម្ពីរ​មាន​បន្ទូល​អំពី​ព្រះ​គ្រីស្ទ​ថា «ព្រះ​អង្គ​នោះ​ជា​ថ្ម ដែល​លោក​រាល់គ្នា ជា​ជាង​សង់​ផ្ទះ​ បាន​មើលងាយ​ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ​ ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ​ដោយសារ​អ្នកណា​ទៀត​សោះ​ ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​នាម​ឈ្មោះ​ណា​ទៀត​ បាន​ប្រទាន​មក​មនុស្ស​លោក​ ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ» (កិច្ចការ​ ៤ៈ១១-១២)។

ពាក្យ «គ្រីស្ទ» ​គឺជា​ភាសា​ក្រេក​ ដែល​បកប្រែ​ពាក្យ​ហេព្រើរ​(ជ្វីហ្វ)ថា ​«មែស៊ី»។ ក្នុង​ព្រះ​គម្ពីរ​ងារ​ ព្រះ​មែស៊ី តែងតែ​សំដៅ​ទៅ​លើ​ស្តេច​ប្រទេស​អ៊ីស្រាអែល។ ព្រះ​មែស៊ី ពិត​(គ្រីស្ទ) ​ត្រូវតែ​ជា​ពូជពង្ស​របស់​ស្តេច​ដាវីឌ​ ​ហើយ​ទ្រង់​ត្រូវតែ​បង្ហាញ​ភ័ស្ដុតាង​ពី​ពង្សាវតារ​ ​ដូច​ព្រះ​គ្រីស្ទ​បាន​ធ្វើ​នៅ​ក្នុង​លូ​កា​ ​៣ៈ២៣-២៨។ ព្រះ​មែស៊ី (ព្រះគ្រីស្ទ)​ ត្រូវ​តែ​ជា​ជនជាតិ​យូដា។ វា​មិនអាច​ទៅ​រួច​ទេ ​ដែល​ព្រះ​មែស៊ី​ជា​ជនជាតិ​អាមេរិក ចិន ​ហ្វីលីពីន​ អាហ្វ្រិក ឬ​ក៏ កូរ៉េ! ដូច្នេះ «​គ្រីស្ទ​ អាន់ សាំងហុង» ​គឺ​ក្លែងក្លាយ​ហើយ។

ក្រុម អាន់ សាំងហុង ភ្លេច​ថា ព្រះ​យេស៊ូវ មិនមែន​ជា​អ្នក​សង្គ្រោះ​សម្រាប់​តែ​សម័យ​កាល​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ជា​អ្នក​បង្កើត​សកលលោក (ចក្រវាល)​ទាំង​មូល ហើយ​ជា​ម្ចាស់​នៃ​សម័យ​កាល​ទាំង​អស់៖ «គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ទ្រង់ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ» (យ៉ូហាន ១ៈ៣)។ «ដ្បិត​គឺ​ទ្រង់​ហើយ​ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ​អម្ចាស់ ឬ​អំណាច​គ្រប់គ្រង ឬ​អំណាច​ណាក៏ដោយ នោះ​សុទ្ធ​តែ​កើតមក​ដោយ​សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំងអស់​ផង» (កូល៉ុស ១ៈ១៦)។

ពួក​គេ​ជឿ​ថា ហ្សាង គីល ចា គឺ​ជា​ព្រះមាតា។ ក្រុម​ខុសឆ្គង ​អាន់ សាំងហុង ​និយាយ​ថា «សមាគម​ផ្សព្វផ្សាយ​ពិភពលោក​ពួកជំនុំ​នៃ​ព្រះ ​ជឿ​លើ​ព្រះ​មាតា»។ ពួកគេ​ក៏​និយាយ​ដែរ​ថា «ដូចជា​ជីវិត​ខាង​រូបកាយ​របស់​យើង​ គឺ​បាន​មក​តាមរយៈ​ម្ដាយ​ខាង​សាច់ឈាម​របស់​យើង​ ​ឯ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ក៏​ត្រូវ​បាន​មក​តាមរយៈ​ម្ដាយ​ខាង​វិញ្ញាណ​របស់​យើង​ដែរ។ ព្រះ​គម្ពីរ​ធ្វើ​បន្ទាល់​យ៉ាង​ច្បាស់​ថា​ ​មាន​មាតា​ស្ថាន​សួគ៌​របស់​យើង​ ​ហើយ​ថា​ មាន​តែ​មាតា​ស្ថានសួគ៌​របស់​យើង​ប៉ុណ្ណោះ​ ដែល​អាច​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​យើង​បាន»។ ឃ្លា​យោង​នេះ​កំពុង​សំដៅ​ទៅ​លើ​«ភរិយា» ​របស់​អាន់ សាំងហុង ដែល​មានឈ្មោះ​ថា ​សាង គីល ចា ដែល​រស់​នៅ​ប្រទេស​កូរ៉េ។ តែ​គាត់​គឺ​ជា​មនុស្ស​ធម្មតា មិន​មែន​ជា​ព្រះ​ទេ។ ​ព្រះ​គម្ពីរប៊ីប​និយាយ​អំពី​ព្រះ​ដែល​ជា​ព្រះវរបិតា និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប៉ុន្តែ​បើ​អ្នក​ស្វែងរក​ក្នុង​ព្រះ​គម្ពីរ​សម្រាប់​ពាក្យ​ ​«ព្រះ​មាតា»​ ​ឬ​ ​«មាតា​នៃ​ស្ថានសួគ៌»​ ​នោះ​អ្នក​នឹង​មិន​ឃើញ​សោះ!។ ការ​ជឿ​លើ​ព្រះមាតា​ គឺ​ជា​ការ​ប្រមាថ​ទាស់​នឹង​ព្រះ។ សូម្បី អាន់ សាំងហុង​ផ្ទាល់ មុន​ស្លាប់ គាប់​បាន​បដិសេធ​គំនិត​ដែល​ថា មាន​ព្រះ​មាតា ឬ​ថា ព្រះ​មាន​ប្រពន្ធ។

តើ​សាសនា​អាន់ សាំងហុង បាន​បង្វែរ​បទ​គម្ពីរ​យ៉ាងណា​ ដើម្បី​បង្ហាញ​ថា​ មាន​ «ព្រះ​មាតា»? ពួកគេ​ធ្វើ​វា​ជា​បី​ជំហាន។

១. សាសនា អាន់ សាំងហុង និយាយ​ថា​ ​ដោយសារ​ព្រះ​បាន​បង្កើត​ទាំង​បុរស​ ​និង​ស្ត្រី​នៅ​ក្នុង​រូបភាព​របស់​ព្រះ​ (លោកុប្បត្ដិ ១ៈ២៧) នោះ​ត្រូវតែ​មាន​ «ព្រះ​វរ​បិតា» ​សម្រាប់​រូប​របស់​អ័ដាម​ ​និង​ ​«ព្រះ​មាតា» សម្រាប់​រូប​របស់​អេវ៉ា។ បន្ទាប់មក​ ​ពួកគេ​និយាយ​ថា ព្រះ​មាតា​នោះ​ជា​ ហ្សាង គីល ចា ។

ប៉ុន្តែ​ក្នុង​ភាសា​ហេព្រើរ​លោកុប្បត្ដិ ១ៈ២៧ មាន​បន្ទូល​ថា​ «ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី»។ ពាក្យ​ទាំង​ប្រាំមួយ​ដែល​ខ្ញុំ​បានដាក់ពាក្យដិតនេះ នៅ​ក្នុង​ភាសា​ហេព្រើរ គឺ​សំដៅ​ទៅ​បុរស ​មិនមែន​ស្ត្រី​ទេ។ ពាក្យ​ទាំង​នេះ​សំដៅ​ទៅលើ​ព្រះ​តែមួយ​ ​មិនមែន​ព្រះ​ជា​បុរស​មួយ​ ​និង​ព្រះ​ជា​ស្ត្រី​មួយ​នោះ​ទេ។ មិន​មាន «ព្រះ​មាតា»​នៅ​ក្នុង​លោកុប្បត្ដិ​១ ហើយ​ក៏​គ្មាន​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែរ។

២. សាសនា អាន់ សាំងហុង ​និយាយ​ថា​ ​នៅ​ពេល​ដែល​សាវក​ប៉ុល ​បាន​ហៅ​ទីក្រុង​យេរូសាឡិម​ថា​ «ម្តាយ​យើង​ទាំងអស់គ្នា» នៅ​ក្នុង​កាឡាទី ៤ៈ២៦ គាត់​កំពុង​សំដៅ​ទៅលើ​ ហ្សាង គីល ចា គឺ «ព្រះមាតា»!

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មើល​កាឡា​ទី​ ៤ៈ២១-៣១ នោះ​អ្នក​ឃើញ​ថា សាវក ប៉ុល​កំពុង​ប្រើ​ម្តាយ​ពីរ​នាក់​ គឺ​ហាការ និង​សារ៉ា​ ​ដើម្បី​តំណាង​ឲ្យ​សម្ពន្ធមេត្រី​ពីរ​ ​គឺ​សម្ពន្ធមេត្រី​នៅ​ភ្នំ​ស៊ីណាយ​ ​និង​សម្ពន្ធមេត្រី​ថ្មី។ សាវក​ប៉ុល​បាន​និយាយ​ថា​ ​«នោះ​ជា​សេចក្តី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ ​ជា​គំរូ​ពី​សេចក្តី​សញ្ញា​២​ច្បាប់» (ខ.២៤)។ នេះ​ជា​ការ​ប្រៀបធៀប​របស់​សាវក​ប៉ុល៖
សម្ពន្ធមេត្រី​ចាស់                           សម្ពន្ធមេត្រី​ថ្មី
នាង​ហាការ​ជា​ម្ដាយ                       នាង​សារ៉ា​ជា​ម្ដាយ
យេរូសាឡិម​នៃ​ទាសភាព             យេរូសាឡិម​នៃ​សេរីភាព
បែប​ផែនដី                                   ​​   បែប​ស្ថានសួគ៌

ដូច្នេះ នាង​ហាការ​តំណាង​ឲ្យ​ក្រុង​យេរូសាឡិម​ដែល​នៅ​ក្រោម​ទាសភាព​ ​ហើយ​នាង​សារ៉ា​តំណាង​ឲ្យ​ក្រុង​យេរូសាឡិម​ដែល​មាន​សេរីភាព។ មិន​មាន​ការ​និយាយ​អំពី ហ្សាង គីល ចា សោះ!

៣. សាសនា អាន់ សាំងហុង​ចង្អុល​ទៅ​ក្រុង​យេរូសាឡិម​ថ្មី​ ក្នុង​វិវរណៈ ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ ជា ​«តាក់តែង​ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី​តែង​ខ្លួន​ទទួល​ប្ដី» (វិវរណៈ ២១ៈ២)។ ពួកគេ​ថា «ឃើញ​ទេ! ហ្សាង គីល ចា គឺជា​ប្រពន្ធ​របស់​ព្រះ! នាង​គឺ​ជា ​ព្រះ​មាតា»។

គ្រូ​ក្លែងក្លាយ​តែងតែ​យក​ខ​គម្ពីរ​ចេញពី​បរិបទ​របស់​ខ​នោះ។ សូម​មើល​ ​វិវរណៈ ២១ៈ២ ម្ដងទៀត ប៉ុន្តែ​ចាប់ផ្ដើម​ជាមួយ​ខ​ ១ ដើម្បី​ឃើញ​បរិបទ៖​ ​«រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ  ២ ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡិម​ថ្មី ចុះ​ពី​ស្ថានសួគ៌​មក​អំពី​ព្រះ តាក់តែង​ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី​តែង​ខ្លួន​ទទួល​ប្តី»។ ច្បាស់​ណាស់ ក្រុង​យេរូសាឡិម​ថ្មី​អា​ចចុះ​ពី​ស្ថានសួគ៌​បាន​លុះត្រាតែ ​«ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ»។ ឥឡូវ​យើង​ត្រូវ​សួរ​ថា​ ​តើ​ផ្ទៃមេឃ​មុន​ ​និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ​ឬនៅ? ច្បាស់​ជា​នៅ។ ហើយ​តើ​លែង​មាន​សមុទ្រ​ទៀត​ឬ? ទេ​នៅ​មាន! ដូច្នេះ ទីក្រុង​យេរូសាឡិម​ថ្មី​មិន​ទាន់​ចុះ​មកពី​ស្ថានសួគ៌​ទេ ហើយ ហ្សាង គីល ចា (Zahng Gil-Jah) ដែល​កើត​ក្នុង​ឆ្នាំ​ ១៩៤៣ ​មិនមែន​ជា​ក្រុង​យេរូសាឡិម​ថ្មី​ទេ។ ការ​បង្វែរ​បទ​គម្ពីរ​នេះ​ បង្ហាញ​យើង​ពី​របៀប​ដែល​ក្រុម​ក្លែងក្លាយ​ប្រើ​ព្រះ​គម្ពីរ​តាមរបៀប​បោកបញ្ឆោត។

ពួកគេ​ជឿ​ថា​ អាន់ សាំងហុង​ ​គឺជា​ព្រះ​វរ​បិតា​ ​ព្រះរាជ​បុត្រា​ ​និង​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​បុគ្គល​ម្នាក់។ នេះ​គឺជា​ការ​ប្រមាថ។ ក្រុម​ អាន់ សាំងហុង​បដិសេធ​គោលជំនឿ​នៃ​ព្រះ​ត្រៃ​ឯក។

ពួកគេ​ជឿ​ថា សេចក្ដី​សង្គ្រោះ​បាន​មក​ដោយ​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក និង​ការ​ធ្វើ​បុណ្យ​រំលង​របស់​ជនជាតិ​អ៊ីស្រាអែល។ ក្រុម​ខុសឆ្គង ​អាន់ សាំងហុង ​បង្រៀន​ថា ​មនុស្ស​មិនអាច​សង្គ្រោះ​ទាល់តែ​រក្សា​ថ្ងៃសៅរ៍​ ជា​ថ្ងៃ​ឈប់សម្រាក​ និង​រក្សា​បុណ្យ​រំលង​ប្រចាំ​ឆ្នាំ​ ដូច​សាសន៍​អ៊ីស្រាអែល។ តែ​នេះ​គឺជា​ការ​ពឹង​លើ​ការ​ធ្វើ​តាម​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ។ នៅក្នុង​គម្ពីរ​កាឡាទី​ ១ៈ៨-៩ ​លោក​ប៉ុល​ដាក់​បណ្តាសា​ ​លើ​អស់អ្នក​ណា​ដែល​បន្ថែម​ក្រឹត្យវិន័យ​សាសន៍​យូដា​ទៅ​នឹង​ជំនឿ​លើ​ព្រះគ្រីស្ទ​៖ «ប៉ុន្តែ​បើ​យើងខ្ញុំ​ ឬ​ទេវតា​ពី​ស្ថានសួគ៌ ​នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់គ្នា​ ខុសពី​ដំណឹងល្អ​ដែល​យើងខ្ញុំ​បាន​ប្រាប់​ហើយ​ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ​ ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើបនឹង​និយាយ​អម្បាញ់មិញ​នេះ​ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា ​បើ​អ្នកណា​ប្រាប់​ដំណឹង​ណា​ខុស​ពី​ដំណឹងល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ហើយ​ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ» ​(កាឡាទី​ ១ៈ៨-៩)។ លោក​ប៉ុល​កំពុង​សំដៅ​ទៅលើ​គ្រូ​ក្លែងក្លាយ​នៅ​ក្រុមជំនុំ​កាឡាទី​ ដែល​ចង់​បង្ខំ​គ្រីស្ទបរិស័ទ​នៅ​ទីនោះ​ឲ្យ​បន្ថែម​ការ​កាត់​ស្បែក​ទៅ​នឹង​ជំនឿ​លើ​ព្រះគ្រីស្ទ ដូច​ជា អាន់ សាំងហុង បង្ខំ​សមាជិក​គាត់​ឲ្យ​ធ្វើ​បុណ្យ​រំលង និង​រក្សា​ថ្ងៃ​សម្រាក​របស់​សាសន៍​យូដា ដើម្បី​បាន​សង្គ្រោះ។

តើ​ព្រះគម្ពីរ​មាន​បន្ទូល​យ៉ាង​ដូចម្ដេច​អំពី​ថ្ងៃ​ឈប់សម្រាក?
ទាក់ទង​នឹង​ថ្ងៃ​ឈប់​សំរាក​ និង​ថ្វាយបង្គំ​ គម្ពីរ​រ៉ូម​ ១៤ៈ៥​ មាន​បន្ទូល​ថា ​គ្រីស្ទបរិស័ទ​មាន​សេរីភាព​ជ្រើសរើស​ថ្ងៃណា​ដែល​ពិសេស​ ឬ​ក៏​គ្មាន​ថ្ងៃ​ពិសេស​សោះ៖ «ម្នាក់​រាប់​ថា ​ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ​ម្នាក់ទៀត​រាប់​ថា ​ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ ត្រូវ​ឲ្យ​គ្រប់គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន»។ គម្ពីរ​រ៉ូម​ ៦ៈ១៤​ ចែងថា ​គ្រីស្ទបរិស័ទ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ទេ។ ទោះបីជា​គ្រីស្ទបរិស័ទ​ ស្រឡាញ់​ក្រឹត្យវិន័យ ១០​ប្រការ​ ពីព្រោះ​ក្រឹត្យវិន័យ​បង្ហាញ​ពី​លក្ខណៈ​បរិសុទ្ធ​របស់​ព្រះ​អង្គ ក៏​ដោយ ក៏​កិច្ចព្រមព្រៀង​ថ្មី​(សញ្ញា​ថ្មី​)របស់​ព្រះ​ជាមួយ​គ្រីស្ទ​បរិស័ទ ផ្អែក​លើ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ មិនមែន​ច្បាប់​របស់​ជនជាតិ​យូដា ​នៅ​ភ្នំ​ស៊ីណាយ​នោះ​ទេ។ លោកុប្បត្ដិ តាមពិត​ក្នុង​រាប់​ពាន់​ឆ្នាំ​តាំង​ពី​អ័ដាម​លោកុប្បត្ដិ​ ១ៈ១ រហូត​ដល់​ភ្នំ​ស៊ីណាយ​នៅ និក្ខមនំ​ ១៦ៈ២៦​ មិន​មាន​បទ​បញ្ញត្តិ​ណា​ទាក់ទង​នឹង​ថ្ងៃទី​៧​ទាល់តែសោះ។ ការ​នេះ​បង្ហាញ​ថា ​ច្បាប់​ឈប់សម្រាក​ បាន​ចាប់ផ្តើម​នឹង​កិច្ចព្រមព្រៀង​របស់​ព្រះ​ជា​មួយ​អ៊ីស្រាអែល​នៅ​លើ​ភ្នំ​ស៊ីណាយ ហើយ​សម្រាប់​តែ​ជនជាតិ​យូដា​តែប៉ុណ្ណោះ។ ព្រះយេស៊ូវ​បាន​នាំ​យក​សេចក្ដី​សញ្ញា​ថ្មី​ជាង និង​ល្អ​ជាង​ ដោយ​ផ្អែក​លើ​ការ​សុគត​របស់​ទ្រង់​នៅ​លើ​ភ្នំ​កាល់វ៉ារី​ ដែល​ជំនួស​សេចក្ដី​សញ្ញា​មុន​ ដែល​មាន​មូលដ្ឋាន​លើ​ភ្នំ​ស៊ីណាយ​ ៖ ​«តែ​ឥឡូវ​នេះ​វិញ​ ដែល​ទ្រង់[ព្រះ​គ្រីស្ទ]​ជា​អ្នក​កណ្ដាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា​ ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង​លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង​ នោះ​ទ្រង់​ក៏​បាន​ទទួល​ការងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ» (ហេព្រើរ​ ៨ៈ៦)។

នៅ​កិច្ចព្រមព្រៀង​របស់​ព្រះ​ជា​មួយ​អ៊ីស្រាអែល​ ទ្រង់​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ទាំង​បង្កាត់ភ្លើង​នៅ​ថ្ងៃ​ទី៧ (និក្ខមនំ ៣៥ៈ៣) ហើយ​ហាម​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​លក់ដូរ ឬ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទេ (និក្ខមនំ ១៦ៈ២៩)។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ណា​ដែល​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​គេ​ប្រហារ​ជីវិត (និក្ខមនំ ៣១ៈ១៤)។ តើ​សមាជិក អាន់ សាំងហុង​បាន​រក្សា​ច្បាប់​ថ្ងៃ​ទី​៧​ដោយ​របៀប​នេះ​ដែរ​ឬ​ទេ?។

តើ​ព្រះ​គម្ពីរ​មាន​បន្ទូល​យ៉ាង​ដូចម្ដេច​អំពី​បុណ្យ​រំលង?
រីឯ​បុណ្យ​រំលង​ ព្រះ​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ក្នុង​និក្ខមនំ​១២ ​ថា «មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ» ​និង «មិន​ត្រូវ​ឲ្យ​មាន​អ្នក​មិន​កាត់​ស្បែក​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ» (និក្ខមនំ ១២ៈ៤៣-៤៨)​ បុណ្យ​រំលង​ គឺ​សំរាប់​ជនជាតិ​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ។ វា​មិនមែន​សម្រាប់​ជនជាតិ​ កូរ៉េ​ ឬ​ជនជាតិ​អាមេរិកាំង​ ឬ​ជនជាតិ​ខ្មែរ​ទេ។ តើ​សមាជិក​នៃ​ក្រុម​ ​អាន់ សាំងហុង សុខចិត្ត​ទទួល​ការ​កាត់​ស្បែក​ ដើម្បី​គេ​អាច​រក្សា​បុណ្យ​រំលង​ឬ​ទេ? បើ​ដូច្នេះ​មែន​ពួកគេ​ក៏​ត្រូវ​រក្សា​ច្បាប់​ទាំង​៦០០​នៃ​ច្បាប់​របស់​ព្រះ​ក្នុង​គម្ពីរ​សញ្ញាចាស់​ដែរ ពី​ព្រោះ​សាវក​ប៉ុល​មានប្រសាសន៍​ថា «ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​ជំពូក» (កាឡាទី ៥ៈ៣)។

ក្រុម​ខុសឆ្គង ​អាន់ សាំងហុង ​ធ្លាក់​ការ​សាកល្បង​ជាច្រើន៖
ពួកគេ​បរាជ័យ​ការ​សាកល្បង​នៃ​ព្រះយេស៊ូវគ្រីស្ទ៖ ក្រុម​ខុសឆ្គង​ អាន់ សាំងហុង ​អះអាង​ថា ​អាន់ សាំងហុង​ គឺ​ជា​ព្រះគ្រីស្ទ​ដែល​បាន​យាង​ត្រឡប់​ពី​ស្ថានសួគ៌។ ​ ប៉ុន្តែ​អាន់ សាំងហុង ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ។ យើង​ដឹង​ថា ​គាត់​គ្រាន់​តែ​ជា​មនុស្ស​ ព្រោះ​គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំងបេះដូង​ នៅ​ថ្ងៃទី​២៥​ ខែកុម្ភៈ ឆ្នាំ​១៩៨៥ ​ហើយ​គាត់​មិនបាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ ព្រះគ្រីស្ទ​ដ៏​ពិត​ គឺ​ព្រះយេស៊ូវ​ ជា​អ្នក​ភូមិ​ណាសារ៉ែត ​មិនបាន​សុគត​ដោយសារ​ជំងឺ​ណា​ទេ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើឆ្កាង​សំរាប់​អំពើ​បាប​របស់​យើង​ ហើយ​បី​ថ្ងៃ​ក្រោយ​មក​ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ទុក​មុន! ​ព្រះគ្រីស្ទ​ដែល​បាន​សុគត​ ហើយ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​ មិន​អាច​ជួយ​យើង​បាន​ទេ។ ព្រះគ្រីស្ទ​ដែល​ចាញ់​អំពើ​បាប និង​សេចក្ដី​ស្លាប់ មិនអាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់​បាន​ទេ។

ពួកគេ​បរាជ័យ​ការ​សាកល្បង​នៃ​ការ​សង្គ្រោះ​ ដោយ​ព្រះគុណ​តាមរយៈ​ជំនឿ​លើ​ព្រះគ្រីស្ទ​តែ​១​ប៉ុណ្ណោះ៖ គេហទំព័រ​របស់​ពួកគេ​និយាយ​ថា «សព្វថ្ងៃ​នេះ​សេចក្ដី​សង្គ្រោះ​ត្រូវ​បាន​ផ្តល់​ឲ្យ​តែ​តាមរយៈ​ឈ្មោះ​ព្រះគ្រីស្ទ​អាន់ សាំងហុង ​តែប៉ុណ្ណោះ​ ហើយ​មាន​តែ​អស់​អ្នក​ដែល​ជា​សាក្សី​របស់​ព្រះគ្រីស្ទ​ អាន់ សាំងហុង ហើយ​អធិស្ឋាន​ក្នុង​នាម​គាត់​ ទើប​អាច​ចូល​ក្នុង​នគរ​ស្ថានសួគ៌​បាន»។ ពួកគេ​ក៏​និយាយ​ថា ​មនុស្ស​ណា​ដែល​ធ្វើ​តាម​ថ្ងៃ​ឈប់សម្រាក​ និង​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ នោះ​នឹង​បាន​សង្គ្រោះ។ នេះ​គឺ​ជា​ការ​ប្រមាថ​ព្រះ។ គ្មាន​អ្នកណា​ដែល​ពឹង​លើ​ការ​ធ្វើ​តាម​ថ្ងៃ​ឈប់សម្រាក​ និង​បុណ្យ​រំលង​ ឬ​ក្រឹត្យវិន័យ​ឯ​ទៀត​ នឹង​បាន​សង្គ្រោះ​នោះ​ទេ។ សូម​ស្តាប់​សាវក​ប៉ុល៖ ​

`នែ​ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ​បើ​អ្នក​រាល់គ្នា​ទទួល​កាត់​ស្បែក​ នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​សោះ​ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្ដង​ទៀត​ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា ​អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ ​និង​ត្រូវ​ធ្វើតាម​គ្រប់ជំពូក​ ៤ អ្នក​រាល់គ្នា​ណា​ដែល​ពឹង​ក្រឹត្យវិន័យ​ឲ្យ​បាន​រាប់​ជា​សុចរិត​ នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះគ្រីស្ទ​ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះគុណ​ហើយ ​ ៥ដ្បិត​យើង​រាល់គ្នា​អាង​សេចក្ដី​ជំនឿ​ដើម្បី​នឹង​រង់ចាំ​ដោយ​នូវ​ព្រះវិញ្ញាណ​ឲ្យ​បាន​សេចក្ដី​សុចរិត​ ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ​ ៦ ពីព្រោះ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ​ដែល​កាត់​ស្បែក ​ឬ​មិន​កាត់ ​នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ​ មាន​ប្រយោជន៍​តែ​សេចក្ដី​ជំនឿ​ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ (កាឡាទី​ ៥ៈ២-៦)។

ក្តី​សង្ឃឹម​តែ​មួយ​គត់​នៃ​ការ​សង្គ្រោះ​របស់​យើង​ គឺ​ការ​សុគត​ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ​ពិត​ គឺ​ព្រះយេស៊ូវ​ពី​ភូមិ​ណាសារ៉ែត។

ពួកគេ​បរាជ័យ​ការ​សាក​ល្បង​នៃ​ព្រះត្រៃឯក៖ ក្រុម​នេះ​បង្រៀន​ថា អាន់ សាំងហុង ជា​ព្រះវរបិតា ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​បុគ្គល​តែ​មួយ។ ថែម​ពី​នោះ​ទៀត​ នៅ​លើ​គេហទំព័រ​​ពួកគេ​និយាយ​ថា «មាន​តែ​ព្រះវិញ្ញាណ ​និង​កូន​ក្រមុំ​ទេ​ គឺ​ព្រះគ្រីស្ទ​យាង​មក​ជា​លើក​ទីពីរ អាន់ សាំងហុង និង​ម្តាយ​នៃ​យេរូសាឡិម​​ថ្មី ដែល​មាន​ជីវិត​អមតៈ​ ហើយ​មាន​តែ​ពួកគេ​ប៉ុណ្ណោះ​ ដែល​មាន​ជីវិត»។ ​នេះ​គឺ​ជា​ការ​ប្រមាថ​ព្រះ​ជា​ម្ចាស់ មាន​តែ​ព្រះ​ជាម្ចាស់​ដែល​មាន​ជីវិត។ នៅក្នុង​គម្ពីរ​យ៉ូហាន​ ៥ៈ២៦​ ព្រះយេស៊ូវគ្រីស្ទ​មាន​បន្ទូល​ថា៖ ​«ពីព្រោះ​ដែល​ព្រះវរបិតា​ មានជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាងណា​ នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះរាជបុត្រា​ មាន​ជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាងនោះ​ដែរ»។ ​បើ​ អាន់ សាំងហុង មាន​ជីវិត​នៅក្នុង​ខ្លួន​គាត់ ​ហេតុអ្វី​បាន​ជា​គាត់​ស្លាប់​នៅ​ឆ្នាំ​១៩៨៥​ ហើយ​មិន​ដែល​រស់​ឡើង​វិញ? បើ​ ហ្សាង គីល ចា​ មាន​ជីវិត​នៅ​ក្នុង​គាត់​ផ្ទាល់ ហេតុអ្វី​គាត់​មិន​ប្រោស​ឲ្យ​ អាន់ សាំងហុង​ រស់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៨៥​នោះ? ហ្សាង​ គីល​ ចា​ មាន​អាយុ​ជិត​៨០​ឆ្នាំ​ហើយ។ តើ​គាត់​នឹង​មាន​ជ័យជំនះ​លើ​សេចក្ដី​ស្លាប់ ដូច​ព្រះ​យេស៊ូវ​ពិត​ទេ? ទេ។ មនុស្ស​២​នាក់​នេះ គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ។ ព្រោះ​ពួកគេ​ទាំង​ពីរ​នាក់​ជា​មនុស្ស​ធម្មតា​សុទ្ធសាធ។

ពួក​គេ​បរាជ័យ​ការ​សាកល្បង​នៃ​ការ​ធ្វើ​ទំនាយ​ខុស៖ ​នៅ​ឆ្នាំ​១៩៥៦ ​អាន់ សាំងហុង បាន​ធ្វើ​ទំនាយ​ថា ​ព្រះគ្រីស្ទ​នឹង​យាង​ត្រឡប់​មក​វិញ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ ប៉ុន្តែ​ការ​នេះ​មិន​បាន​កើតឡើង​ទេ។ ក្រោយ​មក​ទៀត​ក្រុម​របស់​គាត់​បាន​ទាយ​ថា ​ពិភពលោក​នឹង​ត្រូវ​ចប់​ក្នុង​ឆ្នាំ​១៩៨៨។ ពួកគេ​គឺ​ជា​ហោរា​ក្លែងក្លាយ។ (សូម​មើល ចោទិយកថា ១៨ៈ២០-២២)។

ក្រុម អាន់ សាំងហុង អះអាង​ថា គាត់​ជា​ព្រះគ្រីស្ទ​ដែល​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ​ព្រឹត្តិការណ៍​ណា​ខ្លះ​ត្រូវ​កើត​ឡើង នៅ​ពេល​ព្រះ​ពិត​យាង​មក​វិញ?
ព្រះគម្ពីរ​បាន​និយាយ​ច្បាស់​ណាស់​ អំពី​ព្រឹត្តិការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ។ យើង​អាច​ប្រើ​ប្រាស់​បទទំនាយ​ទាំងនេះ ដើម្បី​ល្បងមើល​ ថា អាន់ សាំងហុង ឬ​ ហ្សាង គីល ចា គឺ​ជា​ព្រះគ្រីស្ទ​ពិត ឬ​ជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។

១. ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​មក​វិញ ទ្រង់​នឹង «សង​សេចក្តី​ទុក្ខ​លំបាក» ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​គ្រីស្ទបរិស័ទ ហើយ​ប្រទាន​ការ ​«សំរាក»​ និង​សេចក្តី​សង្គ្រោះ ដល់​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ។ ទ្រង់​នឹង​មក «ជាមួយ​នឹង​ពួកទេវតា​នៃ​ព្រះចេស្តា​ទ្រង់ នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សងសឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​និង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង»។ (២ថែស្សាឡូនីច ១ៈ៦-៨) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

២. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​មិន​យាង​មក​ដោយ​ស្ងាត់ៗ​ទេ។ មនុស្ស​គ្រប់គ្នា​នៅ​លើ​ពិភពលោក​នឹង​បាន​ឃើញ​ទ្រង់។ «ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ» និង «គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់» «ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង» (ម៉ាថាយ ២៤ៈ២៧; វិវរណៈ ១ៈ៧; ១ថែស្សាឡូនីច ៤ៈ១៦) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

៣. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​ត្រឡប់​មក​វិញ នោះ​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។ «ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក» (ម៉ាថាយ ២៤ៈ២៩)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា​ មក​នោះ? 

៤. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​យាងមក​ដោយ​អំណាច និង​សិរីល្អ ហើយ​មនុស្ស​មាន​បាប​ទាំងអស់​នៅ​លើ​ផែនដី​នឹង​សោកសៅ។ «នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះចេស្តា និង​សិរីល្អ​ជា​ខ្លាំង» (ម៉ាថាយ ២៤ៈ៣០) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ? 

៥. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ «លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។ (ម៉ាថាយ ២៤ៈ៣១) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅ​ពេល​ដែល​អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ? 

៦. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​បំផ្លាញ​អា​ទទឹង​នឹង​ព្រះគ្រីស្ទ (ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស) «កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិបត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង…នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះអម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក»  (២ថែស្សាឡូនីច ២ៈ៣-៤,​ ៨)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

៧. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​អស់​អ្នក​មាន​បាប​ទាំង​អស់​គ្នា។ «ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះអម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។  ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្តី​សុខ​សាន្ត មាន​សេចក្តី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្តី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ» (១ថែស្សាឡូនីច ៥ៈ២-៣)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅ​ពេល​ដែល​អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

៨. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​កាត់ទោស​គ្រប់គ្នា​ភ្លាមៗ។ «តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរីល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក។  រួច​គ្រប់​ទាំង​សាសន៍​ នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល​ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅ​ពេល​ដែល​អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

៩. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក ទ្រង់​នឹង​ប្រោស​រូបកាយ​អ្នក​ស្លាប់​ទាំង​អស់​ដែល​ជា​គ្រីស្ទបរិស័ទ។ «ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ» (១ថែស្សាឡូនីច ៤ៈ១៦-១៧)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

១០. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក ទ្រង់​នឹង​មិន​កើត​មក​ជា​ទារក​តូច​ទេ ប៉ុន្តែ​ទ្រង់​នឹង​យាង​មក​ពី​ស្ថានសួគ៌​ជា​អ្នក​ចម្បាំង​ដ៏​មាន​គ្រប់​ព្រះចេស្ដា ​ដើម្បី​វិនិច្ឆ័យ​ជំនុំជម្រះ​ផែនដី។ «ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះអង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះនាម​ថា «ស្មោះត្រង់ ហើយ​ពិត​ប្រាកដ» ទ្រង់​ជំនុំជំរះ ហើយ​ច្បាំង​ដោយ​សុចរិត ១២ ព្រះនេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ​សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះនាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ ១៣ ទ្រង់​ក៏​ទ្រង់​ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះនាម​ទ្រង់​ហៅ​ថា «ព្រះបន្ទូល​នៃ​ព្រះ» ១៤ អស់​ទាំង​ពល​បរិវារ​នៅ​ស្ថានសួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀកពាក់​សំពត់​ទេស ហើយ​ស្អាត​ផង ១៥ មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ​ឱស​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំងបាយជូរ ជា​សេចក្តី​ឃោរឃៅ​របស់​សេចក្តី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ១៦ ទ្រង់​មាន​ព្រះនាម​កត់​នៅ​ព្រះពស្ត្រ ហើយ​នៅ​ព្រះ​ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ?

គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​សោះ​បាន​កើត​ឡើង ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំង​នេះ នៅ​ពេល​ដែល​ អាន់ សាំងហុង និង ហ្សាង គីល ចា មក​នោះ។ អាន់ សាំងហុង និង ហ្សាង គីល ចា ជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។
មុខពូថៅ
តើ​ក្រុម​នេះ​បាន​ប្រើ​ការ​បង្រៀន​អ្វី​ធ្វើ​ជា​មុខ​ពូថៅ ដើម្បី​ពុះ​គ្រីស្ទ​បរិស័ទ​ចេញ​ពី​ក្រុម​ជំនុំ អ្នក​ធ្វើការ​ឲ្យ​ អាន់ សាំងហុង ​តែងតែ​ចាប់ផ្តើម​ដោយ​និយាយ​អំពី​ថ្ងៃ​ឈប់សម្រាក​នៅ​ថ្ងៃ​ទី​៧។ ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​សួរ​សំណួរ​អ្វី​ផ្សេងទៀត​ទេ​ ទាល់តែ​អ្នក​យល់ព្រម​ជាមួយ​ពួកគេ​ជាមុន​សិន​អំពី​ថ្ងៃ​ឈប់សម្រាក​នៅ​ថ្ងៃ​ទី​៧​ ហើយ​យល់ព្រម​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​ពួកគេ​ដែរ។ តាម​ពិត ជា​ការ​ងាយស្រួល​ចំពោះ​ពួកគេ ដែល​អាច​រក​ខ​ជាច្រើន​នៅក្នុង​គម្ពីរសញ្ញាចាស់ ​ដែល​បង្គាប់​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ឈប់សម្រាក​នៅ​ថ្ងៃទី​៧​ ពីព្រោះ​នេះ​ពិត​ជា​ច្បាប់​របស់​ព្រះ​សម្រាប់​អ៊ីស្រាអែល ​នៅក្នុង​គម្ពីរសញ្ញាចាស់​នៅ​លើ​ភ្នំ​ស៊ីណាយ។ ប៉ុន្តែ​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី គ្មាន​សេចក្ដី​បង្គាប់​ណា​ដែល​យើង​ត្រូវ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​៧​នោះ​ទេ។

តើ​អ្វី​ជា​ខ្នង​ពូថៅ? តើ​គោល​លទ្ធិ​ប្រមាថ​អ្វីខ្លះ​ដែល​ពួកគេ​នឹង​លាក់​ពី​អ្នក​រហូតដល់​ពេលក្រោយ? ជា​ធម្មតា​ ​ពួកគេ​លាក់បាំង​ការ​បង្រៀន​របស់​ពួកគេ​ ដែល​ថា អាន់ សាំងហុង គឺជា​ព្រះ​គ្រីស្ទ​ដែល​យាង​មក​លើក​ទីពីរ ​ហើយ ហ្សាង គីល ចា គឺជា «ព្រះ​មាតា»។ ក៏​ប៉ុន្តែ អាន់ សាំងហុង ​គ្រាន់តែ​ជា​មនុស្ស​ ​ហើយ​ឥឡូវ​គាត់​ស្លាប់​ហើយ។ ប្រពន្ធ​របស់​គាត់​គ្រាន់តែ​ជា​មនុស្ស​ប៉ុណ្ណោះ គាត់​ក៏​ត្រូវ​ស្លាប់​ដែរ ហើយ​នឹង​មិន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​ទទួល​យក​ការ​បង្រៀន​ខុសឆ្គង​របស់​ពួកគេ ​អំពី​ថ្ងៃ​ឈប់​សម្រាក ​និង​បុណ្យ​រំលង​ហើយ ​ ​នោះ​មុខ​ពូថៅ​បាន​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​រួចហើយ​ ​ហើយ​មិន​យូរ​ទេ ខ្នង​ពូថៅ​នឹង​ចូល​តាម​ក្រោយ​ភ្លាម​យ៉ាង​ងាយ​ស្រួល ​ដោយ​បំបែក​អ្នក​ចេញពី​ព្រះ​គ្រីស្ទ​ពិត និង​ដំណឹង​ល្អ​ពិត។

នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​របស់​ អាន់ សាំងហុង​ ចង់​និយាយ​អំពី​ថ្ងៃទី​៧ ​អ្នក​ត្រូវ​តែ​ទទូច​ឲ្យ​ពួកគេ​និយាយ​ជាមុន​អំពី «ព្រះគ្រីស្ទ​ពិត​ជា​អ្នកណា ហើយ​ធ្វើ​ម៉េច​ឲ្យ​យើង​ដឹង?» ​និង​ «ហេតុអ្វី​បាន​ជា​ អាន់ សាំងហុង ​មិន​រស់​ពី​ស្លាប់​ឡើង​វិញ ​បើ​គាត់​ជា​ព្រះគ្រីស្ទ?» ​និង​ «តើ​អាន់ សាំងហុង ​អាច​ជួយ​យើង​បាន​យ៉ាងម៉េច ​បើ​គាត់​ស្លាប់​បាត់​ហើយ?» ហើយ​និង «ហេតុអ្វី​បាន​ជា​ព្រះគម្ពីរ​មិន​ដែល​ចែង​អំពី​ឈ្មោះ ព្រះ​មាតា​សោះ?» បើ​ពួក​គេ​មិន​ព្រម​និយាយ​អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​បំផុត​ទាំងនេះ ​អ្នក​ត្រូវ​តែ​បញ្ចប់​ការ​សន្ទនា​ភ្លាមៗ។ ចូរ​ចង​ចាំ​ថា ​អ្នក​ជា​មេគ្រួសារ។ បើ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​និយាយ​នៅ​ក្នុង​ផ្ទះ​អ្នក​ទេ​ ពួកគេ​ត្រូវ​តែ​ចេញ​ពី​ផ្ទះ​របស់​អ្នក។ អ្នក​ធ្វើការ​របស់​អាន់ សាំងហុង ​គឺ​ជា​ឆ្កែ​ចចក​ពាក់​រោម​ចៀម​ មិន​មែន​ជា​អ្នក​ជឿ​ពិតប្រាកដ​ទេ។ យើង​កុំ​ព្រួយបារម្ភ​ ​ក្នុង​ការ​បង្អន់​ចិត្ត​ឆ្កែចចក​ឡើយ​ ព្រោះ​វា​ចង់​បំផ្លាញ​កូន​ចៀម​របស់​យើង។

វិធី​មួយទៀត​ដែល​ក្រុម​ខុសឆ្គង​អាន់ សាំងហុង​​ចូល​ទៅ​គ្រីស្ទបរិស័ទ​ គឺ​តាមរយៈ​ការងារ​រក្សា​បរិស្ថាន​ ​កម្មវិធី​បរិច្ចាគ​ឈាម​ និង​ការ​ជួយសង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ។ ការ​ទាំងនេះ​ហាក់​ដូចជា​មាន​ប្រយោជន៍​ដល់​សង្គម​ផង ប៉ុន្តែ​ទាំងនេះ​គឺ​ជា​មធ្យោបាយ​របស់​ពួកគេ​ ដើម្បី​ជះឥទ្ធិពល​ដល់​មនុស្ស​កាន់​តែ​ច្រើន។ ការ​នេះ​គ្រាន់​តែ​ជា​មុខ​ពូថៅ​ប៉ុណ្ណោះ។

ទី​បញ្ចប់​សូម​កុំ​ភ្លេច​២យ៉ូហាន ១ៈ១០-១១៖ «បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ​ នោះ​កុំ​ឲ្យ​ទទួល​អ្នកនោះ​នៅ​ក្នុង​ផ្ទះ​ឡើយ ​កុំ​ឲ្យ​ទាំង​ជំរាបសួរ​ដល់​អ្នក​នោះ​ផង​ ​ដ្បិត​បើ​អ្នកណា​ជំរាបសួរ ​នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្រឡាញ់លោកិយ៍

ព្រះវិញ្ញាណ