in

ហេតុ​អ្វី​ព្រះ​​ជ្រើសរើស​មនុស្សល្ងង់​ល្ងើ?

សួស្តី​មិត្ត​អ្នក​ស្ដាប់! សំណួរ​សម្រាប់​ថ្ងៃ​នេះ​មាន​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​ព្រះ​ជ្រើស​រើស​ពួក​អ្នក​ល្ងង់​ល្ងើ​នៃ​លោកីយ៍​នេះ ហើយ​មិន​រើស​ពួក​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លាំង​ពូកែ។ ហេតុ​អ្វី​មិន​រើស​អ្នក​ច្នៃ​ប្រឌិត​ថ្មី​ដែល​ជា​អ្នក​មាន​បំផុត អ្នក​មាន​ទេព​កោសល្យ​ដែល​ឆ្លាត​វៃ​បំផុត អ្នក​ដែល​មាន​វោហារ​ល្អ​បំផុត អត្ត​ពលិក​ដែល​ល្អ​បំផុត​នៅ​លើ​លោក​នេះ​ហើយ​និង​តារា​ភាព​យន្ត​ដែល​ល្បី​ល្បាញ​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ដល់​ពិភព​លោក​ទាំង​មូល? ហេតុ​អ្វី​បាន​ជា​ព្រះ​សម្រេច​ជ្រើស​រើស និង​ប្រើ​ប្រាស់​អ្នក​ទន់​ខ្សោយ​សម្រាប់​បេសកកម្ម​របស់​ព្រះ​អង្គ​ទៅ​វិញ?»

សំណួរ​នេះ​បាន​មក​ពី​អ្នក​ស្តាប់​សេចក្តី​អធិប្បាយ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា សុភី ដែល​រស់​នៅ​ខេត្ត​កំពង់​ចាម។ «ជំរាប​សួរ​លោក​គ្រូ ខ្ញុំ​បាន​ថ្វាយ​ជីវិត​ខ្ញុំ ដើម្បី​មហា​បេសកកម្ម ហើយ​មាន​បំណង​ចិត្ត​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​គ្រប់​ប្រជា​ជាតិ​ទាំង​អស់។ កណ្ឌ​គម្ពីរ ១កូរិនថូស ១:២៧ បាន​ចែង​ថា «ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំ​សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស»។ នេះ​ជា​សំណួរ​របស់​ខ្ញុំ៖ «ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​មិន​សង្គ្រោះ​ពួក​អ្នក​ឆ្លាត​វៃ​ទាំង​អស់​នៅ​លើ​លោកីយ៍​នេះ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​ពិភព​លោក​ទាំង​មូល? តើ​ការ​នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​លឿន​ជាង ហើយ​មាន​ឥទ្ធិ​ពល​ជាង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ជា​ជាង​ការ​ជ្រើស​រើស​មនុស្ស​ល្ងង់​ល្ងើ​ជា​ច្រើន ដើម្បី​ធ្វើ​ការ​នេះ​ទេ​ឬ​អី?»។

សូម​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​ជ្រើស​រើស​មនុស្ស​ល្ងង់​ល្ងើ។

ចម្លើយ​ដំបូង​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា ឥទ្ធិពល​របស់​មនុស្ស​មាន​ប្រាជ្ញា​ទាំង​អស់​នោះ—មនុស្ស​ឆ្លាត​ទាំង​អស់​នោះ មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ទាំង​នោះ មនុស្ស​ដែល​មាន​អំណោយ​ទាន​ទាំង​នោះ—ប្រហែល​ជា​អាច​ធ្វើ​បាន​លឿន​ជាង​មែន ហើយ​ប្រហែល​ជា​មាន​ផ្នែក​ធំ​ជាង នៅ​ខាង​ក្រៅ​មែន ប៉ុន្តែ​វា​នឹង​មិន​មែន​ជា​ជំនឿ​គ្រីស្ទ​បរិស័ទ​ទេ។ ប្រសិន​បើ​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់​បាន​យាង​មក​ផែន​ដី​ជា​អ្នក​ចម្បាំង ឬ​ជា​ទស្សនៈ​វិទូ ដើម្បី​ជះ​ឥទ្ធិពល​ដល់​ពិភព​លោក​ដោយ​អំណាច ហើយ​និង​ប្រាជ្ញា​ប៉ិន​ប្រសព្វ​របស់​ទ្រង់ នោះ​ឥទ្ធិពល​នឹង​បាន​លឿន​ជាង ហើយ​និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​ពី​ខាង​ក្រៅ​មែន ប៉ុន្តែ​វា​នឹង​មិន​មែន​ជា​ជំនឿ​គ្រីស្ទ​បរិស័ទ​ទេ។

ឈើ​ឆ្កាង​ជា​ស្នូល​កណ្ដាល

យើង​ស្ទើរ​តែ​មិន​អាច​ប៉ាន់​ស្មាន​បាន​អំពី​សារៈ​សំខាន់​នៃ​ការ​សម្រេច​ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់​នៅ​ស្ថាន​សួគ៌​បាន​ទេ—ពិត​ណាស់ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ថា—ព្រះ​ទ្រង់​នឹង​សង្គ្រោះ ហើយ​ផ្តល់​ការ​កំណត់​របស់​មនុស្ស​តាម​រយៈ​ភាព​កម្សោយ ហើយ​និង​ការ​ស្លាប់​ដ៏​អាក្រក់​បំផុត​ដែល​មិន​អាច​ស្រមៃ​បាន៖ ការ​សុគត​ដោយ​ការ​ជាប់​ឆ្កាង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់ វា​ជា​ការ​ជំពប់​ដួល វា​ជា​រឿង​ដែល​ល្ងីល្ងើ​បំផុត អាម៉ាស់​បំផុត វា​ជា​ការ​ប្រមាថ​មើល​ងាយ​ខ្លាំង​បំផុត ហើយ​នោះ​ជា​របៀប​ដែល​យើង​ទទួល​បាន​សេចក្តី​សង្គ្រោះ។ នោះ​ជា​របៀប​ដែល​ដំណឹង​ល្អ​មាន​ជ័យ​ជម្នះ។

នៅ​ក្នុង​បី​ជំពូក​ដំបូង​នៃ​សំបុត្រ​របស់​សាវ័ក ប៉ុល ទៅ​កាន់​ក្រុម​ជំនុំ​កូរិនថូស គឺ​គាត់​បាន​សរសេរ​ឡើង ដើម្បី​បញ្ជាក់​ដល់​ពួក​ជំនុំ​នៅ​ទី​នោះ—ហើយ​និង​មក​កាន់​យើង​ថា—ជំនឿ​គ្រីស្ទ​បរិស័ទ​គឺ​មិន​មែន​កំណត់ ឬ​ពង្រីក​ដោយ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​វោហារ​របស់​មនុស្ស ឬ​ភាព​ទាក់​ទាញ​នៃ​ប្រាជ្ញា​របស់​មនុស្ស​នោះ​ឡើយ។ ការ​ផ្ដោត​លើ​ទាំង​ពីរ​នោះ​គឺ​ជា​អំនួត​របស់​អ្នក​ក្រុម​ជំនុំ​កូរិនថូស៖ អ្នក​មាន​វោហារ​យ៉ាង​ល្អ ហើយ​និង​អ្នក​ប្រាជ្ញ​ដ៏​ឆ្នើម។ ហើយ​ជាក់​ស្ដែង ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ពិត​ជា​មាន​ការ​ជាប់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចការ​ទាំង​នេះ​ណាស់។ ពួក​គាត់​បាន​អួត​អាង​ដោយ​និយាយ​ថា «ខ្ញុំ​ជា​សិស្ស​សាវ័ក ប៉ុល» ឬ «ខ្ញុំ​ជា​សិស្ស​លោក អ័ប៉ូឡុស» ឬ «ខ្ញុំ​ជា​សិស្ស​លោក កេផាស» (១កូរិនថូស ១:១២)។

ពួក​គាត់​បាន​ព្យាយាម​ស្វែង​រក​ខ្ចី​ការ​អួត ខ្ចី​ភាព​ល្បី​ល្បាញ ខ្ចី​ការ​សរសើរ​តាម​រយៈ​ការ​ឈរ​តម្រង់​ជួរ​ពី​ខាង​ក្រោយ​គ្រូ​ដែល​ពួក​គាត់​គិត​ជា​អ្នក​ដែល​មាន​វោហារ និង​អ្នក​ប្រាជ្ញ​ដ៏​ខ្លាំង​បំផុត។ សាវ័ក ប៉ុល បាន​យក​បី​ជំពូក ដើម្បី​បង្ហាញ​ថា នេះ​មិន​មែន​ជា​អត្ថន័យ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ទេ ហើយ​ក៏​មិន​មែន​ជា​របៀប​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ជំនឿ​គ្រីស្ទ​បរិស័ទ​ដែរ។

បញ្ហា​ជា​មួយ​ប្រាជ្ញា​របស់​មនុស្ស

នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​ឮ​ថា​អ្នក​ជំនុំ​នៅ​ទី​ក្រុង​កូរិនថូស​និយាយ​ថា «ខ្ញុំ​ជា​សិស្ស​របស់​ប៉ុល» (១កូរិនថូស ១:១២) គាត់​ក៏​បាន​តប​ឡើង​ថា «តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី?» (១កូរិនថូស ១:១២)។ គាត់​មិន​នឹក​ស្មាន​ថា ពួក​គាត់​បាន​ផ្លាស់​ប្ដូរ​ព្រះ​រាជសារ​នៃ​ការ​សុគត​លើ​ឈើ​ឆ្កាង​របស់​ព្រះ​គ្រីស្ទ​ឲ្យ​ទៅ​ជា​ហេតុ​នៃ​ការ​អួត​អំពី​ទេព​កោសល្យ​របស់​គាត់​ទៅ​វិញ។ បន្ទាប់​មក នៅ​ក្នុង​បី​ខ​បន្ទាប់​ទៀត​គាត់​បាន​លើក​ឡើង​ថា «ព្រះ​គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ… ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្ដុង្គ​ឧត្ដម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ» (១កូរិនថូស ១:១៧)។

បញ្ហា​ទាំង​ពីរ​នោះ​គឺ​ជា៖ ភាព​ឧត្តុង្គ​ឧត្តម​របស់​មនុស្ស និង​ប្រាជ្ញា​របស់​មនុស្ស។ អ្នក​មាន​វោហារ ចំណេះ​ជ្រៅ​ជ្រះ ភាព​ប៉ិន​ប្រសប់​ក្នុង​ពាក្យ​សម្ដី ភាព​មោះ​មុត​នៃ​គំនិត—ទាំង​នេះ​គឺ​ជា​ចំណុច​ផ្ដោត​យ៉ាង​ខ្លាំង​បំផុត​នៃ​ការ​កោត​សរសើរ និង​អំនួត​នៃ​អ្នក​ក្រុង​កូរិនថូស។ ជា​លទ្ធ​ផល​សាវ័ក ប៉ុល បាន​និយាយ​ថា «អ្នក​មាន​វោហារ ហើយ​និង​អ្នក​ប្រាជ្ញ​ដ៏​ឧត្តុង្គ​ឧត្តម​ប្រហែល​ជា​អាច​មាន​ហ្វូង​មនុស្ស​ច្រើន ប្រហែល​ជា​អាច​ទទួល​ការ​សាទរ​កាន់​តែ​ច្រើន និង​ប្រហែល​ជា​អាច​ជះ​ឥទ្ធិ​ពល​នៅ​ទី​សាធារណៈ​កាន់​តែ​លឿន​មែន ប៉ុន្តែ​វា​នឹង​មិន​មែន​ជា​ជំនឿ​គ្រីស្ទ​បរិស័ទ​ទេ»។ តាម​ពិត វា​អាច​ក្លាយ​ជា​ការ​បដិសេធ​ព្រះ​គ្រីស្ទ ហើយ​និង​ការ​ដក​ឈើ​ឆ្កាង​របស់​ព្រះ​គ្រីស្ទ​ចេញ ពីព្រោះ​ឈើ​ឆ្កាង​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​ទី​បញ្ចប់​នៃ​អំនួត​នៅ​ក្នុង​ការ​សម្រេច​បាន​របស់​មនុស្ស។

វា​មាន​ន័យ​ថា ជា​ការ​ជំនួស​អំនួត​អួត​អាង​បែប​នោះ​ជា​មួយ​ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ ការ​ទុក​ចិត្ត​ដូច​ជា​កូន​ក្មេង​នៅ​ក្នុង​ព្រះ​អង្គ​សង្គ្រោះ ពីព្រោះ​ថា​យើង​ពិត​ជា​ត្រូវ​ការ​វា​យ៉ាង​ខ្លាំង និង​ដោយ​សារ​យើង​ពេញ​ដោយ​អំពើ​បាប។ ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទ​មិន​មែន​គ្រាន់​តែ​ជា​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ។ វា​ក៏​ជា​ការ​ស្លាប់​របស់​យើង​ដែរ។ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​ជា​ការ​ជាប់​ឆ្កាង​ខាង​ឯ​ការ​សង្គ្រោះ​ខ្លួន​ឯង ហើយ​និង​ការ​លើក​តម្កើង​ខ្លួន​ឯង​ដោយ​អំនួត។ បន្ទាប់​មក នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១:១៨ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ»។

ប្រាជ្ញា​របស់​ព្រះ

បី​ខ​បន្ទាប់​មក​ទៀត នៅ​ក្នុង​ខ​ដ៏​អស្ចារ្យ​នោះ គាត់​បាន​ប្រាប់​យើង​អំពី​មូល​ហេតុ​ដែល​ប្រាជ្ញា​របស់​មនុស្ស ភាព​ឈ្លាសវៃ​របស់​មនុស្ស ហេតុ​ផល និង​អ្វី​ដែល​យើង​មាន​ពី​ធម្ម​ជាតិ​តែ​មួយ​មុខ គឺ​មិន​អាច​រក​ឃើញ​ប្រាជ្ញា​ដ៏​អស់​កល្ប​នៅ​ក្នុង​ព្រះ​ជាម្ចាស់ ឬ​សេចក្តី​សង្គ្រោះ​បាន​ឡើយ។ នេះ​ជា​អ្វី​ដែល​គាត់​បាន​សរសេរ៖ «ដ្បិត​ដោយ​ព្រោះ​ព្រះ​ទ្រង់​បាន​សម្រេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា [នោះ​គឺ​ជា​ឃ្លា​គន្លឹះ] មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ​ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​លោក​អ្នក​ដែល​ជឿ ដោយសារ​សេចក្តី​ល្ងីល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ»( ១កូរិនថូស ១:២១)។

ប្រាជ្ញា​របស់​ព្រះ​ជាម្ចាស់​បាន​សម្រេច​ថា ប្រាជ្ញា​របស់​មនុស្ស​មិន​អាច​ជា​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ជំនឿ​នៅ​ក្នុង​ភាព​ល្ងង់​ល្ងើ​នៃ​ព្រះ​ជាម្ចាស់ គឺ​ជា​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ។ «ដ្បិត​សេចក្តី​ល្ងង់​ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្តី​កម្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​មនុស្ស​ដែរ» (១កូរិនថូស ១:២៥)។ ចំណុច​ដែល​ចង់​សង្កត់​ធ្ងន់​សម្រាប់​មិត្តភក្ដិ​របស់​យើង​កញ្ញា សុភី ដែល​រស់​នៅ​ខេត្ត​កំពង់​ចាម​គឺ​ថា វា​មិន​អាច​កើត​ឡើង​ក្នុង​របៀប​នោះ​បាន​ទេ។

ភាព​ល្ងង់​ល្ងើ​របស់​ព្រះ​មាន​ប្រាជ្ញា​ជាង​មនុស្ស ប៉ុន្តែ​វា​មិន​កើត​ឡើង​ក្នុង​របៀប​នោះ​ទេ។ វា​មើល​ទៅ​អាច​ដូច​ជា​ភាព​ល្ងង់​ល្ងើ​វិញ។ ភាព​កម្សោយ​របស់​ព្រះ​អង្គ​គឺ​ខ្លាំង​ក្លា​ជាង​មនុស្ស ប៉ុន្តែ​វា​មិន​កើត​ក្នុង​របៀប​នោះ​ទេ។ វា​មើល​ទៅ​អាច​ដូច​ជា​ភាព​ទន់​ខ្សោយ​វិញ។ នោះ​ហើយ​គឺ​ជា​ជំនឿ​គ្រីស្ទ​បរិស័ទ។ នេះ​គឺ​ជា​របៀប​ដែល​ដំណឹង​ល្អ​រីក​សាយ​ភាយ​នៅ​ក្នុង​ពិភព​លោក​នេះ។ សាវ័ក ប៉ុល លើក​ឡើង​ម្តង​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ២:១៖ «រីឯ​ខ្ញុំ បង​ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម»។ ជា​ថ្មី​ម្តង​ទៀត៖ វោហារ​ដ៏​ឧត្តុង្គ​ឧត្តម ភាព​ប៉ិន​ប្រសប់ ពាក្យ​ពេចន៍ ឬ​សម្ដី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​ក៏​ទស្សនៈ​វិជ្ជា​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត។

យុទ្ធ​សាស្ត្រ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់

«ហេតុ​អ្វី​សាវ័ក ប៉ុល?!»។ នោះ​ជា​អ្វី​ដែល​កញ្ញា សុភី បាន​សួរ។ «ហេតុ​អ្វី​បាន​ជា​មិន​ប្រើ​ប្រាស់​អ្នក​មាន​វោហារ និង​ប្រាជ្ញា​ដ៏​ឧត្តម​របស់​មនុស្ស​អញ្ចឹង?»។ កណ្ឌ​គម្ពីរ ១កូរិនថូស ២:៥ បាន​ផ្តល់​ជា​ចម្លើយ៖ «ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ​ចេស្តា​នៃ​ព្រះ​វិញ»។ ឥឡូវ​នេះ​កញ្ញា សុភី ចាប់​ផ្ដើម​ស្រង់​កណ្ឌ​គម្ពីរ ១កូរិនថូស ១:២៧ ហើយ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​មិន​សង្គ្រោះ​ពួក​អ្នក​ឆ្លាត​វៃ​ទាំង​អស់​នៅ​លើ​លោកីយ៍​នេះ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​ពិភព​លោក​ទាំង​មូល? តើ​ការ​នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​លឿន​ជាង ហើយ​មាន​ឥទ្ធិ​ពល​ជាង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ជា​ជាង​ការ​ជ្រើស​រើស​មនុស្ស​ល្ងង់​ល្ងើ​ជា​ច្រើន ដើម្បី​ធ្វើ​ការ​នេះ​ទេ​ឬ​អី?»។

សូម​ឲ្យ​យើង​បាន​បញ្ចប់​នៅ​កន្លែង​ដែល​កញ្ញា សុភី បាន​ចាប់​ផ្ដើម ពីព្រោះ​កថាខណ្ឌ​នោះ​បាន​ផ្តល់​ចម្លើយ​ពីរ​យ៉ាង​ច្បាស់​មក​កាន់​សំណួរ «ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​ធ្វើ​នៅ​ក្នុង​របៀប​បែប​នោះ?» នេះ​ជា​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង៖

«ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ។ ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ មាន​សេចក្តី​ខ្មាស។ ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើល​ងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ»(១កូរិនថូស ១:២៦-២៨)។

នេះ​ជា​ចម្លើយ​ទី​មួយ​របស់​គាត់៖ «ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ» (១កូរិនថូស ១:២៩)។ ហើយ​គាត់​បាន​បន្ត​ទៀត​ថា៖ «តែ​ដោយសារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង»។ ហើយ​នេះ​ជា​ចម្លើយ​ទី​ពីរ​របស់​គាត់៖ «ដើម្បី​ឲ្យ​បាន​ត្រូវ​នឹង​សេចក្តី​ដែល​ចែង​ទុក​មក​ថា “អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះអម្ចាស់​ប៉ុណ្ណោះ”» (១កូរិនថូស ១:៣០-៣១)។

ដូច្នេះ ហេតុ​អ្វី​បាន​ជា​មិន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​គ្រប់​ជាតិ​សាសន៍​ឲ្យ​កាន់​តែ​លឿន និង​មាន​ឥទ្ធិពល​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​តាម​រយៈ​អ្នក​ប្រាជ្ញ អ្នក​មាន​អំណាច និង​អ្នក​ខ្ពង់​ខ្ពស់? ចម្លើយ​មាន​ពីរ៖

១. ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ
២. អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ​អម្ចាស់​ប៉ុណ្ណោះ

គោល​បំណង​របស់​ព្រះ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​ពិភព​លោក​ទាំង​មូល គឺ​ដើម្បី​ដាក់​ទី​បញ្ចប់​នៃ​អំនួត​របស់​មនុស្ស ហើយ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ការ​សរសើរ​តម្កើង​របស់​មនុស្ស​វិញ។ របៀប​របស់​ទ្រង់​គឺ​មិន​មែន​ជា​របៀប​របស់​យើង​ឡើយ។ យើង​គឺ​គ្រាន់​តែ​ជា​អ្នក​ទទួល​យក​ប៉ុណ្ណោះ។ របៀប​របស់​ទ្រង់​គឺ​មិន​មែន​ជា​របៀប​របស់​យើង​ឡើយ។ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​បាន​កំណត់​អ្វីៗ​គ្រប់​យ៉ាង។

ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​មិន​សង្គ្រោះ​ពួក​អ្នក​ឆ្លាត​វៃ​ទាំង​អស់​នៅ​លើ​លោកីយ៍​នេះ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​ពិភព​លោក​ទាំង​មូល? តើ​ការ​នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​លឿន​ជាង ហើយ​មាន​ឥទ្ធិ​ពល​ជាង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ជា​ជាង​ការ​ជ្រើស​រើស​មនុស្ស​ល្ងង់​ល្ងើ​ជា​ច្រើន ដើម្បី​ធ្វើ​ការ​នេះ​ទេ​ឬ​អី…

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ង៉ែត វិទូ, លោក ឈាង បូរ៉ា និងលោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​គ្រីស្ទ​បរិស័ទ​អាច​បាត់​បង់​នូវ​សេចក្តី​សង្គ្រោះ​របស់​ពួក​គេ​ដែរ​ទេ?

អត្ថបទ​លេខ​៥- តើ​ព្រះ​គម្ពីរ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​ស្ត្រី​នៅ​ក្នុង​ព័ន្ធ​កិច្ច​?