លោកអ្នកប្រហែលជាភ្ញាក់ផ្អើលដែលខ្ញុំបញ្ចូលគ្រីស្ទសាសនាសេរីនិយមនៅក្នុងសៀវភៅអំពីក្រុមខុសឆ្គង ប៉ុន្តែវាមិនគួរឲ្យយើងភ្ញាក់ផ្អើលនោះទេ។ ចូរចាំថាក្រុមខុសឆ្គងទាំងអស់ដែលយើងបានសិក្សា គេប្រើពាក្យដែលគ្រីស្ទបរិស័ទស្គាល់ច្បាស់ ដូចជា ព្រះជាម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ ការរស់ឡើងវិញ ការសង្គ្រោះ និង ព្រះគម្ពីរ ជាដើម។ ប៉ុន្តែគេចេះតែបំបែរអត្ថន័យនៃពាក្យទាំងនោះ។ គ្រីស្ទសាសនាសេរីនិយមក៏ធ្វើដូចគ្នាដែរ ហើយបានក្លាយជា គ្រីស្ទសាសនាក្លែងក្លាយម្យ៉ាង គឺជាលទ្ធិអង់ទីគ្រីស្ទ។
ខ្ញុំជឿថា រយៈពេល២០០ ឆ្នាំកន្លងមក គ្រីស្ទសាសនាសេរីនិយមបានបណ្តាលឲ្យសមាជិកពួកជំនុំបាត់បង់ជំនឿរបស់ខ្លួន ច្រើនជាងពួកក្រុមខុសឆ្គងទាំងអស់រួមបញ្ចូលគ្នាទៅទៀត។ សូម្បីតែសព្វថ្ងៃនេះ មានមនុស្សរាប់សិបលាននាក់ ដែលជាសមាជិកនៃនិកាយ និងក្រុមជំនុំដែលពីមុនបានកាន់ខ្ជាប់តាមដំណឹងល្អ ប៉ុន្តែឥឡូវនេះលែងផ្សាយដំណឹងល្អ ហើយលែងជឿព្រះគម្ពីរទៀតហើយ។ ទោះបីពួកគេនៅតែហៅខ្លួនឯងថា ជាពួកជំនុំគ្រីស្ទបរិស័ទក៏ដោយ។ ការផ្លាស់ប្តូរនេះបានកើតឡើងយឺតៗសន្សឹមៗ ក្នុងរយៈពេលរាប់សិបឆ្នាំ ដូច្នេះសមាជិកក្រុមជំនុំស្ទើរតែមិនដឹង នូវអ្វីដែលបានកើតឡើងនោះផង។
ប្រវត្តិ
គ្រីស្ទសាសនាសេរីនិយមបានកើតឡើងក្នុងកំឡុងពេលសម័យកាល Enlightenment (សម័យភ្លឺឡើងនៃចំណេះដឹង) នៃសតវត្សទី ១៧ និង ១៨ នៅពេលដែល វិចារណញ្ញាណរបស់មនុស្ស បានជំនួសការបើកសម្ដែងរបស់ព្រះ ដែលជាផ្លូវសំខាន់ជាងគេក្នុងការស្វែងរកសេចក្ដីពិត។ ការពឹងលើគំនិតមនុស្សនេះគេហៅថា ហេតុផលនិយម (Rationalism)។ ចំពោះគេព្រះលែងជាចំណុចកណ្តាលនៃអ្វីៗទាំងអស់ហើយ ផ្ទុយទៅវិញមនុស្សបានក្លាយទៅជាចំណុចកណ្តាលនៃអ្វីៗទាំងអស់វិញ។ ទស្សនៈនេះហៅថា មនុស្សនិយម (Humanism)។ មនុស្សក៏ចាប់ផ្តើមជឿថា អ្វីៗនៅក្នុងពិភពលោក ទាំងកំណើតលោកិយ ជីវិត និងសាសនា បានកើតឡើងដោយដំណើរធម្មជាតិ មិនមែនតាមការអស្ចារ្យពីព្រះទេ។ ទស្សនៈនេះហៅថា ធម្មជាតិនិយម (Naturalism)។ ទស្សនៈធម្មជាតិនិយម ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រីស្ទសាសនាដែរ ជាពិសេសនៅសតវត្សទី១៨ និង១៩។
នៅសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ និកាយទាំងមូលនៅអឺរ៉ុប និងអាមេរិក ឈប់ជឿលើគោលជំនឿដែលព្រះគ្រីស្ទ និងពួកសាវកបានបង្រៀន។ ជំនួសការនោះ ពួកគេយល់ថា គ្រីស្ទសាសនាជាអ្វីដែលកើតឡើងដោយដំណើរធម្មជាតិ ដោយមិនត្រូវការអន្តរាគមន៍ និងការអស្ចារ្យពីព្រះទេ។ តែទោះបីជាពួកគេឈប់ជឿលើគ្រីស្ទសាសនាពិតក៏ដោយ ពួកគេនៅតែប្រើពាក្យដែលមកពីគ្រីស្ទសាសនា ប៉ុន្តែមានអត្ថន័យខុសពីមុន៖
- ពួកគេនៅតែប្រើព្រះគម្ពីរ ប៉ុន្តែវាលែងជាការសម្ដែងពីព្រះ ដែលល្អឥតខ្ចោះ និងខ្លាំងពូកែ តែជាសៀវភៅរបស់មនុស្សដែលពេញដោយកំហុស និងរឿងមិនពិត។
- ពួកគេនៅតែជឿលើការអស្ចារ្យរបស់ព្រះយេស៊ូវ ប៉ុន្តែគ្រាន់តែជានិមិត្តសញ្ញា និងរឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រពិតទេ។
- ពួកគេនៅតែនិយាយថា ជឿលើការរស់ឡើងវិញ ប៉ុន្តែថា វាគឺជាវិញ្ញាណរបស់ព្រះគ្រីស្ទដែលបានរស់ឡើងវិញ មិនមែនជារូបកាយរបស់ទ្រង់ទេ។
- ពួកគេនៅតែនិយាយអំពីសេចក្ដីសង្គ្រោះ ប៉ុន្តែវាមកពី ការប្រព្រឹត្តល្អដែលមនុស្សបានប្រព្រឹត្ត មិនមែនជាការអស្ចារ្យ ដែលមានតែព្រះជាម្ចាស់អាចធ្វើក្នុងចិត្តមនុស្សទេ។
- ពួកគេនៅតែផ្សាយដំណឹងល្អ ប៉ុន្តែជាដំណឹងល្អនៃការប្រព្រឹត្តល្អ មិនមែនជាដំណឹងល្អនៃការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង សម្រាប់អំពើបាបរបស់យើងទេ។
ដំបូងមានតែអ្នកដឹកនាំ និងសាស្ត្រាចារ្យនៃសាលាព្រះគម្ពីរនៃនិកាយ ដែលបាត់បង់ជំនឿពីដំណឹងល្អពិត។ សមាជិកក្រុមជំនុំធម្មតានៅតែជឿដំណឹងល្អ និងព្រះគម្ពីរ។ តើសមាជិកពួកជំនុំបានកែតម្រូវដល់អ្នកដឹកនាំរបស់ពួកគេ ដែលបានឈប់ជឿលើការពិតនោះទេ? ភាគច្រើនពួកគេមិនបានធ្វើទេ។ ហេតុអ្វី មិនបាន?
មូលហេតុបីដែលសមាជិកក្រុមជំនុំមិនបានកែតម្រង់អ្នកដឹកនាំរបស់គេ
១. ពីព្រោះ អ្នកដឹកនាំរបស់គេអះអាងថា ពួកគេនៅតែជឿគោលជំនឿសំខាន់ៗ នៃជំនឿយើង។ ពួកគេក៏បន្តប្រើពាក្យដូចគ្នានឹងយើង ដូចជា ដំណឹងល្អ សេចក្ដីសង្គ្រោះ និងការរស់ឡើងវិញ ជាដើម។ ដូច្នេះ វាពិបាកសម្រាប់សមាជិកក្រុមជំនុំធម្មតា ដើម្បីដឹងថា អ្នកដឹកនាំកំពុងចាកចេញពីជំនឿហើយ។
២. សមាជិកក្រុមជំនុំ គ្មានសេចក្ដីក្លាហានក្នុងការកែ អ្នកដឹកនាំរបស់ពួកគេ។ ពួកគេថា «យើងគ្មានជំនាញដូចគេទេ យើងអត់មានចំណេះដឹងគ្រប់គ្រាន់ដើម្បីកែតម្រង់ពួកគេអំពីគោលជំនឿទេ»។ ពួកគេបានភ្លេចពាក្យលើកទឹកចិត្តរបស់សាវកយ៉ូហានចំពោះសមាជិកក្រុមជំនុំសម័យគាត់៖ «រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង» (១យ៉ូហាន ២ៈ២០)។
៣. សមាជិកក្រុមជំនុំអត់បានកែតម្រង់អ្នកដឹកនាំរបស់ពួកគេ ពីព្រោះពួកគេចង់ធ្វើស្លូតបូត ដូចព្រះយេស៊ូវ ហើយមិនចង់ឲ្យមនុស្សគិតថា ពួកគេជាមនុស្សឆាប់ឈ្លោះគ្នា។ ពួកគេភ្លេចថា ព្រះយេស៊ូវក៏បានប្រឆាំងដោយសេចក្ដីក្លាហាន ទាស់នឹងគ្រូខុសឆ្គងនៅសម័យទ្រង់ដែរ។
ដោយសារ អ្នកជឿពិតបានរង់ចាំយូរពេក មុននឹងកែតម្រង់អ្នកដឹកនាំរបស់ពួកគេ នោះគ្រីស្ទសាសនាសេរីនិយម បានក្លាយជាទស្សនៈភាគច្រើន ក្នុងនិកាយរបស់គេ ហើយគ្រីស្ទបរិស័ទពិត ត្រូវចាកចេញវិញ។ ក្រោយមកនៅដើមសតវត្សរ៍ទី២០ គ្រីស្ទបរិស័ទពិតទាំងនោះបានបង្កើតនិកាយថ្មី ដែលជឿលើគោលជំនឿត្រឹមត្រូវ នៃព្រះយេស៊ូវ និងពួកសាវករបស់ទ្រង់។ ប៉ុន្តែតើនិកាយថ្មីទាំងនោះនឹងនៅតែស្មោះត្រង់ចំពោះជំនឿ ឬក៏នៅទីបំផុតពួកគេនឹងក្លាយជានិកាយសេរីនិយមដែរ? ចូរយើងអធិស្ឋានសូមឲ្យពួកគេ និងយើងផងនៅបន្តភាពស្មោះត្រង់ចំពោះ «សេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច» (យូដាស ៣)។
ខុសពីក្រុមខុសឆ្គងដែលយើងបានសិក្សាក្នុងសៀវភៅនេះ គ្រីស្ទសាសនាសេរីនិយម មិនព្យាយាមលួចចូលក្រុមជំនុំឯទៀតទេ។ វាដូចជាមហារីកវិញ ដែលរាលដាលសន្សឹមៗ ក្នុងក្រុមជំនុំ និងនិកាយ។ ធម្មតាមហាវិទ្យាល័យដែលបង្វឹកបង្វឺនអ្នកដឹកនាំក្រុមជំនុំ ចាញ់គ្រីស្ទសាសនាសេរីនិយមមុនគេ។ ក្រោយមកនៅពេលសិស្សចេញពីសាលា ដើម្បីធ្វើការក្នុងក្រុមជំនុំ ពួកគេនាំយកលទ្ធិសេរីនិយម រហូតដល់រាលដាលដល់និកាយទាំងមូល។
គ្រីស្ទសាសនាសេរីនិយមជឿអ្វី?
ទោះបីជាមានទម្រង់ និងកំរិតជាច្រើននៃគ្រីស្ទសាសនាសេរីនិយមក៏ដោយ នេះគឺជាជំនឿទូទៅរបស់គេ៖
ពួកគេជឿលើធម្មជាតិនិយម។ ជំនឿសំខាន់ជាងគេនៃគ្រីស្ទសាសនាសេរីនិយម គឺថា ជំនឿអំពីព្រះគ្រីស្ទបានកើតឡើងដោយដំណើរការនៃធម្មជាតិ មិនមែនដោយការសម្ដែង និងអន្តរាគមន៍ពីព្រះនោះទេ។ គេជឿថា ការអស្ចារ្យដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរ មិនមែនជាប្រវត្តិសាស្ត្រពិតនោះទេ ប៉ុន្តែជានិមិត្តរូប និងនិមិត្តសញ្ញាតែប៉ុណ្ណោះ។ គោលការណ៍នៃធម្មជាតិនិយមនេះ នាំមកនូវជំនឿផ្សេងទៀតទាំងអស់៖
ពួកគេជឿលើទ្រឹស្ដីវិវត្តន៍។ គ្រីស្ទសាសនាសេរីនិយមជឿថា ទោះបីជាចក្រវាលដើមដំបូងអាចត្រូវបានបង្កើតដោយព្រះក៏ដោយ វាបានមកដល់ស្ថានភាពបច្ចុប្បន្នរបស់វានេះ តាមរយៈតែដំណើរការធម្មជាតិ រួមទាំងជីវិតដំបូង និងមនុស្សដំបូងផង។ ដូច្នេះគ្មានអ័ដាម និងអេវ៉ា ពិតប្រាកដ ដែលធ្លាប់ល្អឥតខ្ចោះ ហើយបន្ទាប់មកធ្លាក់ក្នុងអំពើបាបនោះទេ។ (សូមសម្គាល់៖ គ្រីស្ទបរិស័ទសេរីនិយមស្ទើរតែទាំងអស់ ជឿលើទ្រឹស្ដីវិវត្តន៍។ ប៉ុន្តែមានមនុស្សមួយចំនួនដែលជឿលើទ្រឹស្ដីវិវត្តន៍ តែមិនទទួលគោលជំនឿជាច្រើននៃគ្រីស្ទសេរីនិយមទេ។)
ពួកគេជឿថា មនុស្សលោកមានចិត្តល្អ។ ពួកគ្រីស្ទសាសនាសេរីនិយមបង្រៀនថា មនុស្សលោកមានចិត្តគំនិតល្អ ឬគ្រាន់តែឈឺប៉ុណ្ណោះ។ ប៉ុន្តែ គ្រីស្ទសាសនាពិតបង្រៀនថា ចិត្តគំនិតមនុស្សស្លាប់ហើយ ហើយមានតែតាមរយៈការអស្ចារ្យនៃការកើតជាថ្មីប៉ុណ្ណោះទេ ដែលនឹងធ្វើឲ្យចិត្តមនុស្សមានជីវិត (អេភេសូ ២ៈ១-៣)។ ដោយសារគ្រីស្ទសាសនាសេរីនិយមមិនជឿថា មានអ័ដាម និងអេវ៉ាពិត ពួកគេក៏មិនជឿលើការធ្លាក់ចុះរបស់មនុស្ស ឬថា សេចក្ដីស្លាប់របស់មនុស្ស បានមកតាមរយៈអំពើបាបនោះទេ។
ពួកគេជឿថា ព្រះគម្ពីរមិនមែនជាការសម្ដែងពីព្រះទេ។ ព្រះគម្ពីរគ្រាន់តែជាសៀវភៅរបស់មនុស្ស ដែលបានមកដល់យើងតាមដំណើរធម្មជាតិតែប៉ុណ្ណោះ។ ដូច្នេះវាពោរពេញទៅដោយកំហុស ហើយមិនរស់ និងមានអំណាចទេ។
ពួកគេជឿថា ព្រះយេស៊ូវមិនបានកើតពីក្រមុំព្រហ្មចារីនោះទេ។
ពួកគេជឿថា ព្រះយេស៊ូវមិនបានលោះយើងនៅលើឈើឆ្កាងទេ។ គ្រីស្ទសាសនាសេរីនិយមមិនជឿថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាការសុគតជំនួសអំពើបាបរបស់មនុស្សជាតិទេ។ ពួកគេជឿថា ព្រះគ្រីស្ទបានសុគត ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ ហើយផ្តល់ជាគំរូសម្រាប់យើងធ្វើតាម មិនមែនដើម្បីលោះយើងពីអំពើបាបឡើយ។
ពួកគេជឿថា ព្រះកាយរបស់ព្រះយេស៊ូវមិនបានរស់ពីសុគតឡើងវិញទេ។ ពួកគេអះអាងថា គេនៅជឿលើការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ ប៉ុន្តែអ្វីដែលពួកគេចង់មានន័យគឺថា វិញ្ញាណរបស់ទ្រង់បានបន្តរស់នៅ តែព្រះកាយរបស់ទ្រង់នៅតែស្ថិតក្នុងផ្នូរហើយរលួយទៅ។ នៅពេលពួកគេនិយាយថា ព្រះគ្រីស្ទមានព្រះជន្មរស់ ពួកគេចង់មានន័យថា ទ្រង់មានព្រះជន្មរស់នៅក្នុងចិត្តយើង។
ពួកគេជឿថា ការសង្គ្រោះគឺដោយអំពើល្អរបស់យើង។ ការសង្គ្រោះកើតឡើងចំពោះយើងដោយការដែលយើងយកតម្រាប់តាមជីវិតរបស់ព្រះគ្រីស្ទ។ ផ្លូវសង្គ្រោះនៅក្នុងគ្រីស្ទសាសនាសេរីនិយម គឺស្រដៀងគ្នាទៅនឹងការសង្គ្រោះនៅក្នុងសាសនានៅតំបន់អាស៊ីរបស់យើងដែរ៖ «ធ្វើល្អ បានល្អ»។ គ្រីស្ទសាសនាសេរីនិយមចាប់ផ្តើមដោយ «យើងត្រូវតែ…»។ តែគ្រីស្ទសាសនាពិតចាប់ផ្តើមនឹង «ព្រះបានធ្វើ…»។ គ្រីស្ទសាសនាសេរីនិយមនិយាយថា ព្រះជាព្រះវរបិតា ជាឪពុករបស់មនុស្សជាតិទាំងអស់។ ដូច្នេះនៅទីបំផុតមនុស្សគ្រប់គ្នា នឹងត្រូវបានសង្គ្រោះ ទោះជាពួកគេមិនបានឮ និងជឿលើដំណឹងល្អក៏ដោយ នេះគេហៅថា (សកលនិយម Universalism)។
ពួកគេជឿលើសេរីភាពខាងផ្លូវភេទ។ សព្វថ្ងៃនេះពួកគ្រីស្ទសាសនាសេរីនិយម យល់ស្របជាមួយលោកិយថា ទំនាក់ទំនងភេទដូចគ្នា គឺគាប់ព្រះហទ័យព្រះ ហើយការផ្លាស់ប្តូរភេទរបស់មនុស្សក៏ល្អដែរ។ អ្នកដើរតាមគ្រីស្ទសាសនាសេរីនិយម ភាគច្រើនក៏មិនប្រឆាំងនឹងអំពើអសីលធម៌ផ្លូវភេទ ការលែងលះ និងការរំលូតកូនដែរ។
គ្រីស្ទសាសនាពិត គឺផ្អែកលើប្រវត្តិសាស្ត្រ
ពួកគ្រីស្ទសាសនាសេរីនិយមចង់សម្រេចចិត្តដោយខ្លួនឯងថា គ្រីស្ទសាសនា គឺជាអ្វី។ គំនិតនេះមានបញ្ហា ពីព្រោះគ្រីស្ទសាសនា គឺជាសាសនាពឹងផ្អែកលើប្រវត្តិសាស្ត្រ គឺប្រវត្តិសាស្ត្រពិត អំពីមនុស្សពិត ដែលបានសរសេរឯកសារពិត និងគោលជំនឿពិត។ ប្រសិនបើនរណាម្នាក់ចង់បង្កើតគ្រីស្ទសាសនាថ្មីទាន់សម័យ គាត់មានសេរីភាពក្នុងការធ្វើដូច្នេះ ប៉ុន្តែគាត់មិនអាចហៅថា គ្រីស្ទសាសនាបានទេ។ គ្រីស្ទសាសនាសេរីនិយមមិនមែនជាគ្រីស្ទសាសនាពិតទេ។ គ្រីស្ទសាសនាសេរីនិយមមានគោលលទ្ធិផ្សេង មានទស្សនៈអំពីមនុស្សជាតិផ្សេង មានព្រះគ្រីស្ទផ្សេង (ដែលមិនបានរស់ពីសុគតឡើងវិញ!) ហើយនិងផ្លូវសង្គ្រោះផ្សេងដែលពឹងផ្អែកលើការប្រព្រឹត្តល្អ។ គ្រីស្ទសាសនាពិត គឺពឹងផ្អែកលើប្រវត្តិសាស្ត្រ ហើយព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រនោះ មិនអាចផ្លាស់ប្ដូរទេ។ ឧទាហរណ៍ ជាការពិតនៃប្រវត្តិសាស្ត្រដែលសម្តេចសីហនុ ទាមទារឯករាជ្យកម្ពុជាពីបារាំងនៅឆ្នាំ១៩៥២។ គ្មាននរណាម្នាក់មានសិទ្ធិនិយាយថា រឿងនេះមិនបានកើតឡើងនោះទេ ព្រោះវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ដូចគ្នាដែរគ្រីស្ទសាសនាសេរីនិយមមិនមានសិទ្ធិផ្លាស់ប្តូរគ្រីស្ទសាសនាពិតទេ។ ពីព្រោះវាជាសាសនាមានប្រវត្តិសាស្ត្រជាមូលដ្ឋាន។
តើសាសនារបស់ព្រះយេស៊ូវ ខុសពីសាសនារបស់សាវកប៉ុលឬ?
គ្រីស្ទបរិស័ទសេរីនិយមខ្លះនិយាយថា ពួកគេចូលចិត្តរបៀបសាសនារបស់ព្រះយេស៊ូវ ប៉ុន្តែមិនមែនការបង្រៀនរបស់លោកប៉ុលទេ។ ពួកគេនិយាយថា ព្រះយេស៊ូវបានបង្ហាញផ្លូវជីវិតដល់យើង ប៉ុន្តែក្រោយមកសាវកប៉ុល បានណែនាំមកនូវសាសនាតឹងរ៉ឹង នៃគោលលទ្ធិវិញ។ ប៉ុន្តែប្រវត្តិសាស្ត្រជាក់ស្តែងបង្ហាញថា គោលលទ្ធិគ្រីស្ទសាសនា បានមកពីព្រះយេស៊ូវ និងពួកសាវកដើម។
ឧទាហរណ៍នៅក្នុង១កូរិនថូសជំពូក ១៥ លោកប៉ុលកំពុងពិភាក្សាអំពីគោលលទ្ធិនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ គ្រូក្លែងក្លាយខ្លះបង្រៀនថា ព្រះយេស៊ូវមិនមានព្រះជន្មរស់ឡើងវិញនោះទេ។ តើលោកប៉ុលបានឆ្លើយតបដូចម្ដេច? តើគាត់បានថា «ទោះបីជា រូបកាយរបស់ព្រះយេស៊ូវរស់ពីសុគត ឬអត់ មិនសំខាន់ទេ ឲ្យតែទ្រង់រស់ក្នុងចិត្តយើង ហើយយើងព្យាយាមរស់នៅតាមគំរូទ្រង់»? អត់ទេ! លោកប៉ុលបាននិយាយនៅ១កូរិនថូស ១៥ៈ៣-៧ ថា ក្រុមជំនុំរបស់ព្រះគ្រីស្ទ បានទទួលដំណឹងល្អអំពីការសុគត ការបញ្ចុះសព និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ពីព្រះគ្រីស្ទផ្ទាល់ និងពីអ្នកជឿដំបូងបង្អស់។ លោកប៉ុលថែមទាំងនិយាយថា អ្នកណាដែលបដិសេធដំណឹងល្អនេះ នោះមិនអាចទទួលបានសេចក្តីសង្គ្រោះទេ!
សាស្ត្រាចារ្យ ជេ ក្រេសាំ មេចិន (J. Gresham Machen) បានពន្យល់អំពីទំនាក់ទំនងប្រវត្តិសាស្ត្រនិងគោលជំនឿដោយរបៀបនេះ៖ «តាំងពីដំបូង ដំណឹងល្អនៃគ្រីស្ទសាសនា…ជាកំណត់ត្រាអំពីព្រឹត្តិការណ៍ដែលពិតជាបានកើតឡើង [ក្នុងប្រវត្តិសាស្ត្រ]។ ហើយតាំងពីដំបូងដែរ អត្ថន័យនៃព្រឹត្តិការណ៍នោះ ត្រូវបានប្រកាសដែរ។ ពេលដែលអត្ថន័យនៃព្រឹត្តិការណ៍ប្រវត្តិដែលបានកើតឡើង ត្រូវបានប្រកាស នោះហើយជាគោលលទ្ធិគ្រីស្ទសាសនា។ <ព្រះគ្រីស្ទ បានសុគត> នោះហើយជាប្រវត្តិសាស្ត្រ។ <ព្រះគ្រីស្ទបានសុគតជំនួសអំពើបាបរបស់យើង> នោះហើយជាគោលលទ្ធិ» (Machen 28)។ តាំងពីសេចក្ដីអធិប្បាយដំបូងបំផុតនៅក្នុងកិច្ចការ ២ ពួកសាវកបានប្រកាសពីការពិត នៃការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ សាវកប៉ុលមិនបានបន្ថែមអ្វីទៅក្នុងការបង្រៀនដើមនេះនោះទេ។
និកាយគ្រីស្ទសាសនាសេរីនិយម
នៅក្រោមជាបញ្ជីមួយផ្នែក នៃនិកាយដែលអាចហៅថា គ្រីស្ទសាសនាសេរីនិយម។ ខ្ញុំអរគុណព្រះអង្គ ដែលមិនមែនក្រុមជំនុំទាំងអស់ក្នុងនិកាយទាំងនេះ ជាក្រុមគ្រីស្ទសាសនាសេរីនិយមទេ (សូមព្រះជាម្ចាស់ជួយគ្រីស្ទបរិស័ទស្មោះត្រង់ដែលនៅមាន)។ ប៉ុន្តែថ្នាក់ដឹកនាំនៃនិកាយនេះ ភាគច្រើន ខាងគ្រីស្ទសាសនាសេរីនិយម ទាំងសាលាព្រះគម្ពីរ និងក្រុមជំនុំដែរ។ សូមកុំភ្លេចថា និកាយទាំងនេះភាគច្រើន នៅតែមានសេចក្តីថ្លែងការណ៍គោលជំនឿត្រឹមត្រូវ (ដែលសេសសល់ពីជំនាន់មុន) ប៉ុន្តែការសម្រេចចិត្ត និងជំនឿសព្វថ្ងៃនេះរបស់ថ្នាក់ដឹកនាំបានចេញឆ្ងាយពីសេចក្ដីពិត។ (បើបញ្ជីខាងក្រោមនេះមានកំហុស សូមជួយប្រាប់យើងខ្ញុំផង)
Episcopal Church in the United States Presbyterian Church (USA)
Evangelical Lutheran Church in America United Church of Christ
Evangelical Lutheran Church of Canada Church of the Brethren
United Church of Canada Unitarian Church
Uniting Church of Australia Methodist Church of Great Britain
Lutheran State Churches in Germany Church of Sweden
Evangelical Lutheran Church of Finland Church of Iceland
Church of Denmark Church of Norway
United Protestant Church of France Church of Scotland
United Protestant Church in Belgium Swiss Reformed Church
United Reformed Church of Great Britain ។ល។
មាននិកាយផ្សេងទៀតដែលកំពុងឈានទៅជិតគ្រីស្ទសាសនាសេរីនិយមដែរ ដូចជា យូណៃធីត មេតូឌីស (United Methodist Church)។ មានតែសាខាដែលអភិរក្សនិយម ពីអាហ្វ្រិក និងអាស៊ី ដែលរារាំងនិកាយនេះ កុំឲ្យបាត់បង់ជំនឿត្រឹមត្រូវទាំងអស់ ហើយក្លាយជានិកាយគ្រីស្ទសាសនាសេរីនិយមទាំងស្រុង។ សូមព្រះទ្រង់បានប្រទានពរ ដល់ពួកជំនុំ និងអ្នកដឹកនាំស្មោះត្រង់នៅទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង ដែលកំពុងរក្សាសេចក្តីពិត ខណៈដែលក្រុមជំនុំនៅអឺរ៉ុប និងអាមេរិកខាងជើង កំពុងងាកចេញពីសេចក្ដីពិតរបស់ព្រះ។ (នៅឆ្នាំ ២០២១ និកាយយូណៃធីត មេតូឌីស្ទ ទូទាំងពិភពលោកបានប្រកាសថា ពួកគេមានផែនការបំបែកនិកាយជាពីរ មួយគ្រីស្ទសាសនាសេរីនិយម និងមួយទៀត គ្រីស្ទសាសនាដែលជឿលើដំណឹងល្អពិត)។
មុខពូថៅ
តើអ្វីជាមុខពូថៅដែលនាំឲ្យគ្រីស្ទសាសនាសេរីនិយមទទួលបានជោគជ័យក្នុងនិកាយជាច្រើន? តើមេដឹកនាំនៃគ្រីស្ទសាសនាសេរីនិយម បានបន្តរក្សាឋានៈដឹកនាំរបស់គេយ៉ាងដូចម្ដេច ប្រសិនបើពួកគេបានបោះបង់ចោលគោលលទ្ធិគ្រីស្ទសាសនាពិតរួចទៅហើយនោះ? ពីព្រោះដូចជាក្រុមខុសឆ្គងដែរ ពួកគេនៅប្រើពាក្យដូចគ្នានឹងពួកគ្រីស្ទបរិស័ទដែលស្មោះត្រង់ដែរ ដូចជា ការរស់ឡើងវិញ សេចក្ដីសង្គ្រោះ ដំណឹងល្អ ព្រះយេស៊ូវ ព្រះគម្ពីរ ប៉ុន្តែបានឲ្យអត្ថន័យថ្មីសម្រាប់ពាក្យទាំងនោះ។ ការបោកបញ្ឆោតបែបនេះ គឺជាមុខពូថៅរបស់គ្រីស្ទសាសនាសេរីនិយម។
ការបោកប្រាស់នេះ ធ្វើឲ្យគ្រូគង្វាលពិបាកដឹងថា សិក្ខាសាលា ឬមហាវិទ្យាល័យព្រះគម្ពីរដែលគាត់ចង់ចូលរៀននោះ ត្រឹមត្រូវនឹងព្រះបន្ទូលរបស់ព្រះ ឬអត់។ គាត់ត្រូវតែសួរសំណួរជាក់លាក់ដូចជា «តើសាលានេះមានសាស្ត្រាចារ្យខ្លះដែលជឿថា ព្រះគម្ពីរមានកំហុសឬទេ?» ឬ «តើសាលានេះមានសាស្ត្រាចារ្យខ្លះដែលជឿថា រូបកាយរបស់ព្រះយេស៊ូវ មិនមានព្រះជន្មរស់ឡើងវិញទេ?» ។ល។
ប្រសិនបើអ្នកដឹកនាំសេរីនិយម ក្នុងនិកាយ ក្រុមជំនុំ និងសាលាគម្ពីរមានភាពស្មោះត្រង់ នោះពួកគេនឹងប្រកាសដល់មនុស្សគ្រប់គ្នាថា ពួកគេលែងជឿលើគោលលទ្ធិគ្រីស្ទបរិស័ទដើមទៀត ហើយ ហើយពួកគេនឹងចាកចេញពីនិកាយគ្រីស្ទសាសនារបស់គេ ហើយបង្កើតក្រុមជំនុំសេរីនិយមរបស់គេ។ ប៉ុន្តែពួកគេនឹងមិនធ្វើបែបនេះទេ។ ពួកគេមិនអាចបង្កើតក្រុមជំនុំសេរីនិយមបានទេ ពីព្រោះគ្រីស្ទសាសនាសេរីនិយមគ្មានដំណឹងល្អដើម្បីប្រកាសទេ។ គ្រីស្ទសាសនាសេរីនិយម ប្រៀបដូចជាមេរោគគ្រុនចាញ់ ដែលអាចរស់ដោយសារតែស៊ីអ្វីដែលនៅសេសសល់ពីក្រុមជំនុំគ្រីស្ទសាសនាពិត រហូតដល់វាបានស៊ីយកជីវិតទាំងអស់ចេញពីក្រុមជំនុំនោះ។ ដូច្នេះពួកគ្រីស្ទបរិស័ទសេរីនិយម នឹងបន្តការបោកបញ្ឆោតពួកជំនុំ ដោយប្រើប្រាស់ពាក្យដែលគ្រីស្ទសាសនាប្រើ ប៉ុន្តែបង្វែរអត្ថន័យរបស់ពាក្យនោះ ដើម្បីបោកប្រាស់សមាជិកស្មោះត្រង់ក្នុងក្រុមជំនុំ។ ពួកគេដឹងថា ប្រសិនបើពួកគេស្មោះត្រង់ ហើយប្រាប់សមាជិកនូវអ្វីដែលពួកគេពិតជាជឿ ពួកគេនឹងបាត់បង់ការងារ មុខរបររបស់ពួកគេ។ ការបោកប្រាស់ប្រភេទនេះ គឺមកពីអារក្សសាតាំងផ្ទាល់។
(ជំពូកនេះពឹងផ្អែកលើសៀវភៅ Christianity and Liberalism [គ្រីស្ទសាសនា និង សាសនាសេរីនិយម], J. Gresham Machen, McMillen, NY 1923. https://www.extremetheology.com/files/MachenLiberalism.pdf)
តើព្រះអាចសង្គ្រោះគ្រីស្ទបរិស័ទសេរីនិយមបានដែរឬទេ?
លោកបណ្ឌិត ថូម៉ាស ស៊ី អូដិន (Thomas C. Oden) គឺជាអ្នកទេវវិទូជាន់ខ្ពស់នៃពួកជំនុំយូណៃធីត មេតូឌីស (United Methodist Church) នៅចុងសតវត្សរ៍ទី២០។ ក្នុងនាមជាអ្នកទេវវិទ្យាសេរីនិយម គាត់បានបដិសេធគោលលទ្ធិស្ទើរតែទាំងអស់ក្នុងគ្រីស្ទសាសនាពិត រួមទាំងគោលលទ្ធិ អំពីការប្រោសលោះ និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ។ គាត់បានបង្រៀនថា គោលបំណងនៃដំណឹងល្អ គឺដើម្បីរំដោះយើងពីការជិះជាន់ផ្នែកសេដ្ឋកិច្ច មិនមែនដើម្បីជួយសង្គ្រោះយើងពីអំពើបាប និងស្ថាននរកទេ។ យូរឆ្នាំក្រោយមកគាត់បានទទួលស្គាល់ថា សម្រាប់ពាក់កណ្តាលដំបូងនៃជីវិតរបស់គាត់ «គាត់ស្រឡាញ់គ្រីស្ទសាសនាខុសឆ្គង» គឺគាត់ស្រឡាញ់ការបង្រៀនក្លែងក្លាយ ហើយបានបដិសេធការបង្រៀនរបស់ព្រះគ្រីស្ទ និងពួកសាវក។
ប៉ុន្តែនៅប្រហែលឆ្នាំ ១៩៧០ គាត់បានចាប់ផ្តើមសិក្សាសៀវភៅ និងសេចក្តីអធិប្បាយ របស់គ្រូគង្វាលគ្រីស្ទសាសនានានានៃក្រុមជំនុំដំបូង ដូចជា លោក អាថាណាស៊ីយុស (Athanasius) អហ្គឺស្ទីន (Augustine) ប៉ូលលីខាប (Polycarp) និង អ៊ីរ៉េនេអ៊ូស (Irenaeus) ហើយរាប់សិបនាក់ទៀត។ គាត់បានឃើញថា អ្នកដឹកនាំពួកជំនុំទាំងនេះ បានជឿអ្វីៗទាំងអស់ដែលព្រះគ្រីស្ទ និងពួកសាវកបានបង្រៀន ហើយថា ពួកគេបានផ្តល់ភ័ស្តុតាងដ៏មានឥទ្ធិពលថា គ្រីស្ទសាសនា អូស្សូដក់ (ត្រឹមត្រូវ) គឺជាគ្រីស្ទសាសនាពិតតែមួយ។ គាត់ចាប់ផ្តើមនឹកឃើញថា ការងាររបស់គ្រូបង្រៀនគ្រីស្ទសាសនា មិនមែនដើម្បីបង្កើតគំនិតថ្មីទេ ប៉ុន្តែដើម្បី «ការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច» (យូដាស ៣) និងប្រកាន់ខ្ជាប់នូវ «អ្វីដែលអ្នកបានឮពីដើមមក» (១យ៉ូហាន ២ៈ២៤)។ គាត់បានកែប្រែចិត្តពីដំណឹងល្អក្លែងក្លាយ និងព្រះគ្រីស្ទក្លែងក្លាយរបស់គាត់ ហើយបានក្លាយជាគ្រីស្ទបរិស័ទពិត។ គាត់បានចំណាយពេល ៤០ឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ ដើម្បីបង្រៀនដំណឹងល្អពិតរបស់ព្រះគ្រីស្ទ និងពួកសាវកដូចដែលមាននៅក្នុងព្រះគម្ពីរ។ ពិតមែន ព្រះអាចសង្គ្រោះគ្រីស្ទបរិស័ទសេរីនិយម! (ជីវប្រវត្តិរបស់លោក ថូម៉ាស អូដិន៖ A Change of Heart [ការផ្លាស់ប្តូរចិត្ត] Thomas C. Oden, IVP, ២០១៤)។
តើព្រះអាចសង្គ្រោះនិកាយដែលបានក្លាយជាសេរីនិយមបានដែរឬទេ?
សម្ព័ន្ធបាបទីស្ទខាងត្បូង (SBC) គឺជានិកាយប្រូតេស្តង់ដ៏ធំជាងគេនៅអាមេរិក។ អស់រយៈពេល ៥០ឆ្នាំដំបូងនៃនិកាយនោះ ពួកជំនុំ និងអ្នកដឹកនាំនៃនិកាយនោះបានជឿលើ «សេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច » (យូដាស ៣)។ ប៉ុន្តែបន្តិចម្តងៗ ដូចជាមហារីក ជំនឿសេរីនិយមបានចាប់ផ្តើមរីករាលដាលក្នុងនិកាយSBC។ ដល់ឆ្នាំ១៩៨០ អ្នកដឹកនាំភាគច្រើន និងសាលាព្រះគម្ពីរទាំងអស់ បានក្លាយជាសេរីនិយមហើយ។ ជារៀងរាល់ឆ្នាំសាស្ត្រាចារ្យពីសាលាព្រះគម្ពីរ ត្រូវបានតម្រូវឲ្យចុះហត្ថលេខា លើសេចក្តីថ្លែងការគោលលទ្ធិ ដើម្បីបញ្ជាក់ថា ពួកគេនៅតែជឿលើគោលជំនឿត្រឹមត្រូវ។ ពួកគេទាំងអស់បានចុះហត្ថលេខាលើវា ប៉ុន្តែពួកគេភាគច្រើនបានចុះហត្ថលេខាដោយបោកបញ្ឆោត ព្រោះតាមពិតពួកគេមិនជឿលើអ្វីដែលពួកគេកំពុងចុះហត្ថលេខានោះទេ។
វាហាក់ដូចជាយឺតពេលហើយ ក្នុងការជួយសង្គ្រោះនិកាយនោះ ពីលទ្ធិសេរីនិយម។ ប៉ុន្តែនៅឆ្នាំ១៩៧៩ គ្រូគង្វាលមួយក្រុម បានចាប់ផ្តើមអធិស្ឋាន និងធ្វើការ ដើម្បីនាំនិកាយរបស់ពួកគេ ឲ្យត្រឡប់ទៅដំណឹងល្អពិតវិញ។ ពួកគេបានដឹងថា ជាង ៥០% នៃសមាជិកពួកជំនុំធម្មតា នៅតែជឿលើព្រះគម្ពីរ និងដំណឹងល្អ។ ពួកគេថា «ហេតុអ្វីបានជាអ្នកភាគតិចដែលមិនជឿលើដំណឹងល្អ ដឹកនាំនិកាយទាំងមូលចេញពីព្រះយ៉ាងដូច្នេះ?»។ ដូច្នេះរយៈពេល១៥ ឆ្នាំក្រោយមក ក្រុមនេះបានអធិស្ឋាន និងព្យាយាម ឲ្យនិកាយរបស់គេបោះឆ្នោតជ្រើសរើសអ្នកជឿលើព្រះគម្ពីរពិត ឲ្យកាន់តំណែងជាអ្នកដឹកនាំ។ បន្ទាប់មកពួកគេរកសាស្ត្រាចារ្យដែលជឿព្រះគម្ពីរជំនួសអ្នកដែលមិនបានជឿ។ ការនេះមិនងាយស្រួលនោះទេ។ ពួកសេរីនិយមក្នុងនិកាយបានចោទប្រកាន់ពួកគេថា ពួកគេចង់លួចនិកាយនេះ ទោះបីជា ពួកសេរីនិយមដែលបានលួចនិកាយ៥០ឆ្នាំមុនក៏ដោយ។ ពួកសេរីនិយមក៏ចោទប្រកាន់ទៀតថា ពួកគេបានបំផ្លាញការរួបរួមគ្នា។ តាមពិតគឺគ្រូខុសឆ្គងដែលបានបំបាក់បំបែកការរួបរួមគ្នា ដោយគោលជំនឿថ្មី។ ទីបញ្ចប់បន្ទាប់ពីការតស៊ូ ២០ឆ្នាំ និកាយបាទីស្ទភាគខាងត្បូង គឺជាពួកជំនុំដែលជឿលើដំណឹងល្អ និងព្រះគម្ពីរឡើងវិញ។
នៅពេលនោះគ្រូគង្វាល និងពួកជំនុំសេរីនិយមភាគច្រើនបានចាកចេញពីនិកាយនោះ។ ប៉ុន្តែ នោះគឺជាការដែលគួរកើតឡើង។ គ្រីស្ទបរិស័ទស្មោះត្រង់គួរនៅ ហើយអ្នកដែលមានគោលលទ្ធិថ្មី គួរតែចាកចេញ ដូចអ្វីដែលបានកើតឡើងនៅក្នុងក្រុមជំនុំរបស់សាវកយ៉ូហាន៖ «គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ» (១យ៉ូហាន ២ៈ១៩)។ ពិតមែន! ព្រះអាចសង្គ្រោះ ក្រុមជំនុំ និងនិកាយសេរី និយមបាន!
មតិយោបល់
Loading…