in

សេរី​ភាព​ដោយ​​ទទួល​បាន​ការ​អត់​ទោស

តើ​លោក​អ្នក​កំពុង​តែ​ជាប់​នៅ​ក្នុង​អំពើ​បាប​មែន​ទេ? តើ​អំណរ​របស់​លោក​អ្នក​បាន​រលាយ​បាត់​បង់​ទៅ​ហើយ​មែន​ទេ? តើ​ទំនាក់​ទំនង​របស់​លោក​អ្នក​មាន​ភាព​រកាំរកូស​មែន​ទេ? អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា នៅ​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់ អស់​សង្ឃឹម ប៉ុន្តែ​ព្រះ​ហស្ត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​នៅ​តែ​ចាំ​ទទួល ហើយ​ទ្រង់​តែង​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​ឱកាស​ទី​ពីរ​ជា​និច្ច។ ស្ដេច ដាវីឌ ផ្ទាល់​ទ្រង់​ធ្លាប់​មាន​បទ​ពិសោធន៍​មួយ​នេះផងដែរ។

១. ការ​សិក្សា​វិភាគ​នៃ​អំពើ​បាប

នៅ​ក្នុង​ទំនុក​តម្កើង ៣២:១ ស្ដេច ដាវីឌ បាន​ស្រែក​ដង្ហោយ​ថា «មាន​ព​រហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ!»។ យើង​មិន​ប្រាកដ​ថា តើ​មូល​ហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​ស្ដេច ដាវីឌ រអៀស​ខ្លួន​បែប​នេះ​នោះ​ឡើយ ប៉ុន្តែ​យើង​ប្រហែល​ជា​អាច​នឹង​សន្មត​ថា វា​បណ្ដាល​មក​ពី​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​នាង បាតសេបា។

ស្ដេច ដាវីឌ មិន​បាន​និយាយ​ឲ្យ​ចំ​នោះ​ទេ។ អំពើ​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ហើយ​វា​លើស​ពី​ពាក្យ​ថា «អូៗ…» ទៀត​ផង។ ស្ដេច ដាវីឌ ហៅ​វា​ថា​ជា​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ជា​ការ​បះបោរ​ប្រឆាំង និង​ក្បត់​ជាតិ វា​ប្រៀប​ដូច​ជា សត្វ​សមុទ្រ​ដែល​មាន​អាវុធ​ដ៏​ច្រើន​ហើយ​បាន​ឆក់​យក​ជីវិត​របស់​គាត់។

២. ភាព​លំបាក នៃ​ការ​រអៀស​ខ្លួន

នៅ​ក្នុង​ខ​៣ ស្ដេច ដាវីឌ បាន​បន្ត​ទៀត​ថា «កាល​ទូល​បង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូល​បង្គំ​បាន​ខ្សោះ​ទៅ​ដោយ​សារ​ដំងូរ​ដែល​ទូល​បង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះ​ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូល​បង្គំ​ជា​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ​ធាតុ​ទឹក​របស់​ទូល​បង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត​ដូច​ជា​រដូវ​ក្ដៅ»។ ស្ដេច ដាវីឌ មាន​ដួង​ចិត្ត​ស្មោះ​ត្រង់ ដោយ​ពន្យល់​ប្រាប់​ថា គាត់​បាន​រង​ទុក្ខ​វេទនា​ជា​ខ្លាំង ក្នុង​ពេល​ដែល​គាត់​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​ទាំង​អស់។ កូន​ក្នុង​ពោះ​របស់​នាង បាតសេបា ជា​មួយ​នឹង​ស្ដេច ដាវីឌ ចេះ​តែ​លូត​លាស់​ធំ​ឡើងៗ ខណៈ​ពេល​ដែល អ៊ូរី ដែល​ជា​ប្ដី​របស់​នាង បាតសេបា វិញ​មិន​ព្រម​ចាញ់​បញ្ឆោត​ដែល​ទ្រង់​ដាក់​សោះ។

ពាក្យ​របស់​ស្ដេច ដាវីឌ ដែល​ពិពណ៌នា​អំពី​កំហុស​ខ្លួន៖ រាង​កាយ​របស់​គាត់​ត្រូវ​បាន​ចុះ​ខ្សោយ មានន័យថា គាត់​កាន់​តែ​ឈឺ​ខ្លាំង​ទៅៗ វិញ្ញាណ​របស់​គាត់​មាន​ទម្ងន់​ធ្ងន់​ជា​ខ្លាំង មាន​ន័យ​ថា គាត់​មាន​អារម្មណ៍​ថា មាន​ដុំ​ពក​ដុះ​នៅ​ក្នុង​ពោះ​របស់​គាត់ ហើយ​ចំណង់​របស់​គាត់​បាន​ក្រៀម​ស្វិត មាន​ន័យ​ថា គាត់​មិន​មាន​ចំណង់​ខាង​ផ្លូវ​ភេទ​ទៀត​ទេ។

នៅ​ក្នុង​សម័យ​ទំនើប​របស់​យើង​បច្ចុប្បន្ន​នេះ យើង​ហៅ​វា​ថា​ជា ជំងឺ​ផ្លូវ​ចិត្ត។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ​ថា វិទ្យា​សាស្ត្រ​សម័យ​ទំនើប​របស់​យើង​បច្ចុប្បន្ន នៅ​តែ​បន្ត​ផ្សា​ភ្ជាប់​នូវ​អ្វី​ដែល​យើង​ប្រឈម​នៅ​ខាង​ក្នុង ជា​មួយ​នឹង​រាង​កាយ​មិន​ប្រក្រតី​ដែល​យើង​មាន​នៅ​ខាង​ក្រៅ។ វា​ដូច​ជា​អ្វី​ដែល​ស្ដេច ដាវីឌ ធ្លាប់​បាន​ជួប​ប្រទះ​ដែរ គឺ​ជំងឺ​អាច​បណ្ដាល​មក​ពី​អំពើ​បាប។ វា​មិន​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​វា​អាច​ទៅ​រួច។

៣. សេចក្ដី​មេត្តា​ករុណា​នៃ​ទុក្ខ​វេទនា

នៅ​ក្នុង​ទំនុក​តម្កើង ៣២:៤ ស្ដេច ដាវីឌ មាន​បន្ទូល​ថា ដ្បិត​ព្រះ​ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូល​បង្គំ​ជា​ធ្ងន់។ លក្ខណៈ​ប្លែក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ស្ដេច ដាវីឌ មាន​បន្ទូល​ថា អ្វីៗ​ដែល​អំពើ​បាប​ធ្លាប់​បាន​បំផ្លាញ​គឺ ព្រះ​ជា​ម្ចាស់​កំពុង​តែ​ប្រើ​ប្រាស់​ដើម្បី​កសាង​វា​ឡើង​វិញ។ ពាក្យ​ថា «ព្រះ​ហស្ត​នៃ​ព្រះ» គឺ​ជា​របៀប​របស់​ស្ដេច ដាវីឌ ដែល​មាន​បន្ទូល​ថា «ព្រះ​យេហូវ៉ា​បាន​បញ្ចូល​លាយ​ឡំ​វា​ឡើង» ឬ «ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​នៅ​ក្នុង​វា»។

ពិត​មែន​ហើយ! ទុក្ខ​វេទនា​អាច​ជា​អំណោយ​ដែល​មក​ពី​ព្រះ។ ហើយ​ទ្រង់​ប្រើ​ប្រាស់​វា​ដូច​ជា ឡ​កម្ដៅ ដើម្បី​ដុត​យក​មនសិការ​របស់​យើង ហើយ​នាំ​យើង​ឲ្យ​ឆ្ពោះ​ទៅ​រក​ការ​សារភាព​កំហុស​ខ្លួន។ ព្រះ​យេស៊ូវ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​រូប​ភាព​មួយ​នេះ នៅ​ពេល​ទ្រង់​ប្រាប់​យើង​អំពី​រឿង​កូន​ពៅ​វង្វេង​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ជប់​លៀង​យ៉ាង​ខ្ជះខ្ជាយ​នៅ​ខាង​ក្រៅ (លូកា ១៥)។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​ធ្លាក់​ខ្លួន​ក្រ នៅ​តែ​ម្នាក់​ឯង ហើយ​អស់​សង្ឃឹម និង​ញ៉ាំ​ចំណី​ជ្រូក​ជា​អាហារ។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា វា​បាន​ធ្វើ​ឲ្យ​គាត់ «ភ្ញាក់​ខ្លួន​ឡើង​វិញ…»។

៤. វាក្យ​សព្ទ​នៃ​ពាក្យ​លើក​លែង​ទោស

ស្ដេច ដាវីឌ បាន​សារភាព​អំពើ​បាប​របស់​ខ្លួន​នៅ​ក្នុង​ខ​៥​ថា៖ ទូល​បង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់​ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់​ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូល​បង្គំ​ទុក​ឡើយ «ទូល​បង្គំ​បាន​និយាយ​ថា ទូល​បង្គំ​នឹង​លន់​តួ​អស់​ទាំង​ការ​រំលង​របស់​ទូល​បង្គំ​ដល់​ព្រះ​យេហូវ៉ា» ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូល​បង្គំ​ទៅ។

វា​ពិបាក​ក្នុង​ការ​យល់​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​នៅ​ក្នុង​ភាសា​ហេព្រើរ​វិញ យើង​មាន​ពាក្យ​មួយ​ដែល​គេ​ប្រើ​គឺ​ពាក្យ កាសា (kasa) «គ្រប​បាំង»។ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ស្ដេច ដាវីឌ បាន​បិទ​បាំង​អំពើ​បាប​របស់​ទ្រង់ ពោល​គឺ លាក់​បាំង។ បន្ទាប់​មក ព្រះ​ជា​ម្ចាស់​បាន​បើក​បង្ហាញ​អំពើ​បាប​របស់ ស្ដេច ដាវីឌ ពោល​គឺ ចាប់​បាន។ ប៉ុន្តែ បន្ទាប់​មក​ទៀត​ស្ដេច ដាវីឌ បាន​លាត​ត្រដាង​ពី​អំពើ​បាប​របស់​ខ្លួន៖ ការ​សារ​ភាព ។ ដូច្នេះ ព្រះ​អង្គ​ទ្រង់​បាន​គ្រប​បាំង​អំពើ​បាប​របស់​គាត់​ដោយ​ការ​ការ​អត់​ទោស។

ឃ្លា​សំខាន់ៗ​ទាំង​អស់​នេះ​គឺ​មាន​ន័យ​ថា «អ្នក​ត្រូវ​បាន​អត់​ទោស​រាល់​កំហុស…»។ ហើយ​បើ អាន​តាម​ន័យ​ត្រង់​វិញ​គឺ​ថា អ្នក​បាន​លាក់​បាំង​ប្រវត្តិ ហើយ​បាន​លុប​រាល់​បំណុល។ ដោយ​ធម្មជាតិ នោះ​វា​នឹង​ជំរុញ​ឲ្យ​មាន​សំណួរ​សួរ​ថា តើ​ដោយ​របៀប​ណា? អ្នក​ណា​ជា​អ្នក​លុប​ចោល? ហេតុ​អ្វី​បាន​ជា​ត្រូវ​បោះ​វា​ចោល? ហើយ​អ្នក​ណា​ជា​អ្នក​បង់​ថ្លៃ?

ជា​ការ​ពិត​ណាស់ ចម្លើយ​នោះ​គឺ អ្នក​បម្រើ​ដែល​រង​ទុក្ខ៖

(ព្រះ​យេស៊ូវ)៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៥៣:៦ «យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់»។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ២:២៤ «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់​ដែល​អ្នក​រាល់​គ្នា​បាន​ជា»។

នៅ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ២:១៣-១៤ «ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង»។

៥. មេ​រៀន​នៃ​បទ​ពិសោធន៍​ដែល​ជួប​ប្រទះ

នៅ​ក្នុង​ទំនុក​តម្កើង ៣២:៨-៩ ស្ដេច ដាវីឌ បាន​ជំរុញ​អ្នក​អាន​ឲ្យ​រៀន​ពី​កំហុស​របស់​គាត់ «អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ​អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់ កុំ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញា​ដែលគេ​ត្រូវ​ដាក់​បង្ខាំ ហើយ​នឹង​បង្ហៀរ ដើម្បី​ទប់​វា​ក្រែង​វា​មិន​ព្រម​មក​ឯ​ឯង​នោះ​ឡើយ»។

ធម្មជាតិ​របស់​សេះ​គឺ «ផ្អើលៗ» ដូច្នេះ​ត្រូវ​ការ​ដែក​ដើម្បី​បង្ខាំ និង​ចង​បង្ហៀរ។ ដូច​គ្នា​ដែរ ធម្មជាតិ​របស់​សត្វ​លា​គឺ រឹង​រូស និង​ឆោត​ល្ងង់។ ស្ដេច ដាវីឌ បាន​ព្រមាន​យើង​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ​គឺ កុំ​រឹង​ក្បាល កុំ​ខួរ​ក្បាល​ស្ពឹក និង​កុំ​ឆោត​ល្ងង់! បើ​មិន​ដូច្នោះ​ទេ ទ្រង់​នឹង​បោះ​អ្នក​ឲ្យ​ចូល​ទៅ​ក្នុង​ឡ​កម្ដៅ​របស់​ទ្រង់​ដែរ​ជា​មិនខាន!

៦. ការ​ត្រាស់​ហៅ​នៃ​សេចក្ដី​អំណរ

នៅ​ក្នុង ខ១០-១១ ស្ដេច ដាវីឌ បាន​បញ្ចប់​វា​ជា​មួយ​នឹង សេចក្ដី​អំណរ និង​ការ​ធូរ​ស្បើយ «ឯ​មនុស្ស​អាក្រក់​គេ​នឹង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា​នោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំ​វិញ​ខ្លួន ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយ​ចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក​រាយ​ឡើង​ក្នុង​ព្រះ​យេហូវ៉ា​ចុះ អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ»

វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​កត់​សម្គាល់​ពី​ភាព​ផ្ទុយ​គ្នា៖ ស្ដេច ដាវីឌ មិន​បាន​ប្រៀប​ធៀប​មនុស្ស​អាក្រក់​ជា​មួយ​នឹង​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​កំពុង​ប្រៀប​ធៀប​មនុស្ស​អាក្រក់ ទៅ​នឹង ការ​អត់​ទោស។ គឺ​យើង​ត្រូវ​តែ​ចង​ចាំ​វា​ជា​និច្ច។ ព្រះ​ជា​ម្ចាស់​មិន​រំពឹង​ថា មនុស្ស​នឹង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ គឺ​គ្រាន់​តែ​ជា​មនុស្ស​ដែល​បន្ត​ក្នុង​ការ​បន្ទាប​ខ្លួន​ទៅ​បាន​ហើយ។ បុរស ឬ​ស្ត្រី ដែល​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ម្ដង​ទៀត នោះ​គេ​នឹង​ទទួល​បទ​ពិសោធន៍​ពី​សេចក្ដី​សង្ឃឹម​នៃ​ភ្នំ​កាល់វ៉ារី និង​សេចក្ដី​អំណរ​នៃ​ការ​រួម​ប្រកប​គ្នា។

សេចក្ដី​សន្និដ្ឋាន

សូម​កុំ​ឲ្យ​បាត់​បង់​ឱកាស​នោះ​ឡើយ ចូរ​លន់តួ​អំពើ​បាប​របស់​លោក​អ្នក នោះ​ព្រះ​ទ្រង់​ស្មោះ​ត្រង់ ទ្រង់​នឹង​អត់​ទោស​ឲ្យ​លោក​អ្នក ព្រម​ទាំង​សម្អាត​អ្នក​ពី​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។

ព្រះ​អង្គ​ទ្រង់​ល្អ​ខ្លាំង​ណាស់។ ទ្រង់​មិន​ទុក​លោក​អ្នក​ចោល​ក្នុង​អំពើ​បាប​ឡើយ ព្រះ​អង្គ​ក៏​កំពុង​តែ​ចាប់​យក​មនសិការ​របស់​លោក​អ្នក និង​ដាស់​លោក​អ្នក​ឲ្យ​ភ្ញាក់ ដើម្បី​ទទួល​បាន​អ្វី​ដែល​ល្អ​ប្រសើរ។

ព្រះ​ជា​ម្ចាស់​ទ្រង់​ល្អ​ណាស់។ ព្រះ​អង្គ​ប្រទាន​ការ​អត់​ទោស​ដល់​លោក​អ្នក ហើយ​ព្រះ​រាជ​បុត្រា​ទ្រង់​បាន​សុគត ដើម្បី​លាក់​ប្រវត្តិ​របស់​លោក​អ្នក លុប​ចោល​បំណុល និង​បង់​ថ្លៃ​ជួស​អ្នក។

ព្រះ​ជា​ម្ចាស់​ទ្រង់​ល្អ​ណាស់។ ទ្រង់​ផ្ដល់​សេចក្ដី​អំណរ​ដល់​លោក​អ្នក ដូច្នេះ​លោក​អ្នក​អាច​មាន​អំណរ​ឡើង​វិញ ដោយ​ចូល​រួម​ជា​មួយ​មនុស្ស​សុចរិត ដើម្បី​ច្រៀង និង​ស្រែក​ដោយ​អស់ពី​ចិត្ត ឥត​ឈប់​ឈរ។

និពន្ធ​ដោយ៖ Anthony Wood
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បើ​ព្រះ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​គាត់ ហេតុ​អ្វី​លោក អ័ដាម មាន​ភាព​ឯកោ?

តើ​លោក​អ្នក​ត្រូវ​បញ្ឈប់​ការ​ប្រឹក្សា​យោបល់​នៅ​ពេល​ណា?