ព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង » (ម៉ាថាយ ៧:១-២) ។
ជាទូទៅ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវខាងលើនេះ ភាគច្រើនត្រូវបានគេយល់ខុស។ ជាញឹកញាប់ យើងតែងតែឮគេនិយាយច្បិចៗថា «កុំថ្កោលទោសខ្ញុំ»។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការនិយាយបែបនេះ គឺជាការនិយាយបញ្ច្រាសទៅនឹងមេរៀនរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមិនបានមានបន្ទូលហាមគេកុំឲ្យថ្កោលទោសយើងនោះទេ ផ្ទុយទៅវិញទ្រង់កំពុងមានបន្ទូលប្រាប់យើងកុំឲ្យថ្កោលទោសគេវិញទេតើ។ រឿងអ្វីដែលគេធ្វើ មិនមែនជាអ្វីដែលយើងត្រូវខ្វល់ខ្វាយជាចម្បងនោះទេ រឿងដែលត្រូវខ្វល់ខ្វាយជាចម្បង គឺរឿងយើងខ្លួនឯង។ បញ្ហាដ៏ធំបំផុតរបស់យើងគឺមិនមែនថា តើគេបានថ្កោលទោសយើងយ៉ាងម៉េចនោះទេ ប៉ុន្តែតើយើងបានថ្កោលទោសគេយ៉ាងម៉េចវិញ នោះទើបជាបញ្ហា។
ចូរប្រយ័ត្ន៖ ថ្កោលទោសដោយប្រថុយខ្លួនឯងផ្ទាល់
តាមពិតទៅ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យថ្កោលទោសគេឡើយ» ទ្រង់មិនបានបង្គាប់ដោយហាមប្រាមមិនឲ្យថ្កោលទោសអ្នកដទៃនោះទេ តែផ្ទុយទៅវិញ ទ្រង់កំពុងតែព្រមានដ៏ធ្ងន់ធ្ងរថាឲ្យយើងប្រុងប្រយ័ត្នក្នុងការដែលយើងថ្កោលទោសអ្នកដទៃ។ យើងដឹងដូចនេះ ដោយសារតែព្រះយេស៊ូវបានមានបន្ទូលបន្តទៀតថា៖
«ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា “ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល៍ មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។”» (ម៉ាថាយ៧:៣-៥)
វាមិនខុសទេ ដែលយើងជួយយកកំទេចដែលធ្វើឲ្យឈឺចាប់ចេញពីភ្នែករបស់បងប្អូនយើងដោយសេចក្តីស្រឡាញ់នោះ។ តែអ្វីដែលខុស គឺការមើលឃើញកំទេចដែលនៅក្នុងភ្នែករបស់បងប្អូនយើងដោយអាងលើសេចក្តីសុចរិតផ្ទាល់ខ្លួន ហើយបែរជាមិនរវីរវល់អំពីធ្នឹមដ៏គួរឲ្យអស់សំណើច ដែលទល់ក្នុងភ្នែកខ្លួនឯងទៅវិញទេ ដោយគិតថានោះមិនមែនជារឿងធំដុំ។
នេះហាក់បីដូចជាថា ព្រះយេស៊ូវកំពុងតែបំពាក់ស្លាកសញ្ញាភ្លើងអ៊ីយូតាពណ៌ក្រហមញាក់ៗ (neon-red blinking sign) លើអ្នកដទៃដែលកំពុងប្រាប់យើងថា «ចូរប្រយ័ត្ន៖ ថ្កោលទោសដោយប្រថុយខ្លួនឯងផ្ទាល់»។ ការធ្វើដូចនេះគឺជាការទុកពេលឲ្យយើងឈប់បន្តិច ហើយពិនិត្យមើលខ្លួនឯងមុននឹងហាមាត់និយាយអ្វីមួយ។ និស្ស័យដែលបានធ្លាក់ក្នុងអំពើបាបរបស់យើង គឺអាត្មានិយមហួសល្បត់ និងមានអំនួត ហើយជារឿយៗមានពុតត្បុត ដោយថ្កោលទោសខ្លួនឯងធូររលុង ហើយបែរជាថ្កោលទោសអ្នកដទៃតឹងរ៉ឹងវិញ។ យើងរហ័សត្រង់ទាញសត្វមម៉ងចេញ តែរហ័សលេបសត្វអូដ្ឋចូល (ម៉ាថាយ ២៣:២៤) រហ័សយកដង្កៀបដាក់ក្នុងភ្នែកគេ ខណៈពេលដែលភ្នែកខ្លួនឯងត្រូវការមានឡានស្ទូចលើកទំនិញមកដកធ្នឹមយើងចេញវិញ។ កុំថ្កោលទោសបែបហ្នឹង នោះល្អជាង ព្រោះអីយើងនឹងទទួលបានការថ្កោលទោសតាមរបៀបដែលយើងថ្កោលទោសគេដូចគ្នាដែរ។
ព្រះយេស៊ូវជំនុំជម្រះ ឬក៏ថ្កោលទោសបែបហ្នឹងដោយម៉ឺងម៉ាត់ណាស់។ ទ្រង់គឺជាចៅក្រមដ៏សុចរិត (២ធីម៉ូថេ ៤:៨) ដែលពេញដោយព្រះគុណ និងសេចក្តីពិត (យ៉ូហាន ១:១៤)។ ទ្រង់មិនជំនុំជម្រះតាមលក្ខខណ្ឌមើលតែពីខាងក្រៅនោះទេ តែទ្រង់ជំនុំជម្រះតាមសេចក្តីសុចរិតវិញ (យ៉ូហាន ៧:២៤)។ រាល់ការជំនុំជម្រះដែលទ្រង់ធ្វើ គឺបង្ហាញចេញពីព្រះចិន្តាពេញដោយក្តីស្រឡាញ់ ដែលជាស្នូលរបស់ទ្រង់ (១យ៉ូហាន ៤:៨)។
ហេតុដូច្នេះហើយបានជានៅពេលដែលយើងជំនុំជម្រះ ឬក៏ថ្កោលទោស ហើយបទគម្ពីរក៏ពិតជាបានណែនាំដល់គ្រីស្ទបរិស័ទគ្រប់រូបឲ្យថ្កោលទោសដែរ (១កូរិនថូស ៥:១២) នោះយើងត្រូវតែប្រុងប្រយ័ត្នក្នុងការថ្កោលទោសរបស់យើង ដូចដែលព្រះយេស៊ូវធ្វើអញ្ចឹង គឺព្រះអង្គបានធ្វើពេញដោយក្ដីស្រឡាញ់។
ចូររហ័សជឿថាគ្មានកំហុស
វិធីដំបូងមួយក្នុងការដែលយើងថ្កោលទោសដោយប្រុងប្រយ័ត្ន គឺយើងត្រូវតែមានការយឺតយ៉ាវក្នុងការប្រាប់អំពីកំហុស នៅពេលដែលភស្តុតាងមានតិចតួច គ្រាន់តែឮគេនិយាយតាមគ្នា ឬមិនច្បាស់លាស់។ ការធ្វើដូចនេះ មិនត្រឹមតែប្រឆាំងទៅនឹងនិស្ស័យដែលធ្លាក់ក្នុងអំពើបាបរបស់មនុស្សយើងប៉ុណ្ណោះទេ តែវាថែមទាំងប្រឆាំងទៅនឹងវប្បធម៌និយាយតៗគ្នាពីម្នាក់ទៅម្នាក់ ដែលលើកទឹកចិត្តដល់ការថ្កោលទោសដូចភ្លើងចំបើងទៀតផង។ វាជាការឆ្លាតវៃប្រសិនបើគ្រប់គ្នាប្រាប់ត្រាប់តាមអ្វីដែលបានចងក្រងក្នុងប្រព័ន្ធតុលាការរបស់យើងរួចហើយដែរ។
ឧទាហរណ៍ នៅសហរដ្ឋអាមេរិក នៅពេលដែលមនុស្សណាម្នាក់ត្រូវបានគេចោទប្រកាន់អំពីបទបំពានផ្លូវច្បាប់ តែគេមិនមានភស្តុតាងដែលប្រឆាំងនឹងគាត់គ្រប់គ្រាន់ នោះយុទ្ធសាស្ត្រតម្រូវឲ្យយើងសន្មតពីភាពគ្មានទោសកំហុសរបស់គាត់សិន ទាល់តែមានភស្តុតាងគ្រប់គ្រាន់ដែលអាចបង្ហាញពីកំហុសជំទាស់លើភាពសង្ស័យដែលមិនអាចមើលរំលងបានរបស់គាត់។ ជាធម្មតា ការបង្ហាញបែបនេះមិនកើតឡើងរហ័ស ឬងាយស្រួលនោះទេ។
សូមមានការហ្មត់ចត់មុននឹងប្រកាសអំពីកំហុស
ភស្តុតាងដែលសម្អាងលើអង្គហេតុ មិនត្រូវបានដាក់នៅមុខចៅក្រមថា «ត្រឹមត្រូវ» ដែលជាអ្នកប្រកាសសាលក្រមដោយផ្អែកទៅលើការបកស្រាយទូទៅរបស់តុលាការនោះទេ។ សហស្សវត្សរ៍នៃប្រវត្តិសាស្ត្រមនុស្សជាតិបានបង្រៀនយើងថា លក្ខណៈខាងក្រៅអាចបោកបញ្ឆោតយើងបាន ហើយសូម្បីតែមនុស្ស «ត្រឹមត្រូវ» ក៏នៅមានភាពលម្អៀងទាំងដឹងខ្លួន និងមិនដឹងខ្លួន ដែលពួកគេបកស្រាយភស្តុតាងយ៉ាងម៉េចក៏បាន។
ដូច្នេះ តុលាការតម្រូវឲ្យមានដំណើរការវាយតម្លៃភស្តុតាងយ៉ាងហ្មត់ចត់ ដើម្បីធ្វើយ៉ាងណាឲ្យប្រាកដថាលក្ខណៈខាងក្រៅដែលអាចបោកបញ្ឆោតបាន ហើយមានភាពលម្អៀងនឹងមិនបំផ្លើសសេចក្តីពិតឡើយ។ ដំណើរការបែបនេះទាមទារការព្យាយាម ការអត់ធ្មត់ និងការដាក់កំហិតលើខ្លួនឯង។ ហើយខណៈពេលដែលនៅមានការសង្ស័យអំពីភស្តុតាងដ៏ជាក់លាក់ទាក់ទងនឹងកំហុសរបស់បុគ្គលណាម្នាក់ នោះយើងក៏ត្រូវតែនៅព្រមជឿថា—យ៉ាងហោចណាស់ក្នុងន័យផ្លូវច្បាប់—បុគ្គលនោះមិនមានកំហុសទេ។ យើងព្រមទទួលថា «គាត់គ្មានកំហុស»។
នៅពេលដែលសាវ័ក ប៉ុល បានសរសេរថា «សេចក្តីស្រឡាញ់ជឿទាំងអស់» (១កូរិនថូស ១៣:៧) គឺគាត់កំពុងតែនិយាយ អំពីការថ្កោលទោសដោយមានក្ដីស្រឡាញ់ដូចនេះឯង។ ព្រះជាម្ចាស់បានត្រាស់ហៅឲ្យគ្រីស្ទបរិស័ទគ្រប់រូបជឿទុកចិត្តចំពោះគ្នាទៅវិញទៅមក រហូតទាល់តែមានភស្តុតាងគ្រប់គ្រាន់មកបញ្ជាក់ប្រឆាំងនឹងភាពសង្ស័យ ដែលមិនអាចលាក់បាំងបានចំពោះអំពើរំលងច្បាប់បានកើតឡើង។
ចូរមានបំណង ដើម្បីស្ដារឡើងវិញ
នៅពេលដែលភស្តុតាងបង្ហាញបញ្ជាក់ថា ការរំលងបានពិតជាកើតមានឡើងមែន វិធីទីពីរក្នុងការដែលយើងថ្កោលទោសដោយប្រុងប្រយ័ត្នគឺ «មានបំណង ដើម្បីស្ដារឡើងវិញ» (២កូរិនថូស ១៣:១១) ។
ប្រសិនបើយើងពាក់ព័ន្ធដោយផ្ទាល់នៅក្នុងស្ថានភាពបែបនេះ គោលដៅរបស់យើងក្នុងការប្រឈមមុខនឹងនរណាម្នាក់ដែលធ្លាក់ក្នុងអំពើបាប ឬប្រសិនបើចាំបាច់ផ្ដួចផ្ដើមគំនិតនូវដំណើរការនៃការដាក់វិន័យពីក្រុមជំនុំគឺ គឺយើងធ្វើឡើងដើម្បីឲ្យបងប្អូនប្រុសស្រីរបស់យើងកែប្រែចិត្តចេញពីអំពើបាបតែប៉ុណ្ណោះ (ម៉ាថាយ ១៨:១៥)។ គោលដៅរបស់យើង មិនមែនជាការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែជាការសង្គ្រោះមកវិញ។ យើងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន «[មាន] ចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរ» (អេភេសូរ ៤:៣២)។ ទោះបើជាមនុស្សដែលមានកំហុសមិនបានប្រែចិត្ត ហើយការប្រកបគ្នានឹងត្រូវកាត់ផ្តាច់ក៏ដោយ ក៏គោលបំណងនៅតែ ដើម្បីសង្គ្រោះគាត់មកវិញ នេះសម្រាប់អ្នកដែលប្រព្រឹត្តិខុស (១កូរិនថូស ៥:៥) និងសម្រាប់ក្រុមជំនុំ (១កូរិនថូស ៥:៦)។
ប្រសិនបើអាច សូមនៅស្ងៀមចុះ
បើយើងមិនពាក់ព័ន្ធដោយផ្ទាល់ ឬនៅដោយប្រយោលក្តី ក៏យើងនៅតែអាចមានគោលដៅសម្រាប់ការស្ដារឡើងវិញរបស់គេដដែលហ្នឹង ដោយកុំនិយាយអ្វីទាំងអស់ ប្រសិនបើអាចធ្វើបាន។ គោលការណ៍ដ៏ឆ្លាតវៃមួយគឺថា៖ បើនៅកាន់តែឆ្ងាយ នោះយើងក៏មិនសូវដឹងកាន់តែច្បាស់ដែរ។ ហើយការបញ្ចេញមតិយោបល់ដែលមិនសូវដឹងច្បាស់អំពីមនុស្សណាម្នាក់ ឬក៏ស្ថានភាពណាមួយ គឺមិនសូវជាជួយបានច្រើនទេ ហើយផ្ទុយទៅវិញវាគ្មានអ្វីក្រៅពីដូចជាការនិយាយដើម ឬបង្កាច់បង្ខូចគេ ដែលនោះជាអ្វីព្រះយេស៊ូវហៅថាជាការអាក្រក់នោះ (ម៉ាថាយ ១៥:១៩)។
យើងត្រូវតែចងចាំថា សតិរបស់យើងងាយគិតខុសណាស់ និងមានភាពលម្អៀងដែលងាយនឹងបង្ខូចការថ្កោលទោសគេ។ យើងច្រើនតែគិតថា យើងយល់អំពីអ្វីដែលកំពុងកើតឡើង តែតាមពិតយើងមិនសូវដឹងអ្វីទាំងអស់ទេ។ ពីចម្ងាយ ការបង្ហាញសេចក្ដីស្រឡាញ់ដែលគ្របបាំងអំពើបាបជាអនេកអនន្ត (១ពេត្រុស ៤:៨) គឺយើងមិននិយាយដដែលៗអំពីការនោះទេ (សុភាសិត ១៧:៩)។
ចូរថ្កោលទោសដោយយុត្តិធម៌
របៀបដែលយើងថ្កោលទោសអ្នកដទៃឆ្លុះបញ្ចាំងខ្លួនយើងច្រើនជាងការដែលអ្នកដទៃថ្កោលទោសយើងទៅទៀត។ នេះគឺជាមូលហេតុដែលព្រះជាម្ចាស់នឹងជំនុំជម្រះ ឬក៏ថ្កោលទោសយើងដូចទៅនឹងអ្វីដែលយើងបានថ្កោលទោសអ្នកដទៃដែរ គឺមិនមែនដូចទៅនឹងអ្វីដែលអ្នកដទៃបានថ្កោលទោសយើងនោះទេ។ ហេតុដូចនេះហើយបានជាយើងត្រូវតែថ្កោលទោសដោយយុត្តិធម៌ ឬក៏សុចរិត (យ៉ូហាន ៧:២៤)។ ហើយការថ្កោលទោសដែលសុចរិតគឺជាការរហ័សជឿលើភាពគ្មានទោសដែលពេញដោយក្តីស្រឡាញ់ យឺតយ៉ាវក្នុងការប្រាប់ពីកំហុសដោយក្តីស្រឡាញ់ ធ្វើឡើងដោយក្ដីស្រឡាញ់ដែលមានគោលបំណងដើម្បីសង្គ្រោះ ហើយនៅស្ងាត់ដោយក្តីស្រឡាញ់ ប្រសិនបើអាចធ្វើទៅបាន។
ហើយនៅពេលដែលមិនច្បាស់លាស់ «កុំឲ្យថ្កោលទោសគេឡើយ»។
មតិយោបល់
Loading…