in

ស្លៀកពាក់​ដូច​សត្វ​ចៀម

នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ជំពូក៧ ព្រះ​យេស៊ូវ​បាន​ប្រទាន​ឲ្យ​នូវ​ការ​ព្រមាន​ដ៏​ច្បាស់​លាស់​មួយ៖ សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​បន្លំ​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ និង​បន្លំ​ធ្វើ​ជា​អ្នក​ដឹកនាំ​ខាង​ឯ​វិញ្ញាណ។ ពេល​មើល​ទៅ គឺ​ហាក់​បី​ដូចជា​ថា​ពួក​គាត់​ពិត​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​មែន ប៉ុន្តែ​ពេល​វេលា​នឹង​បញ្ជាក់​អំពី​ផល​ផ្លែ​របស់​ពួក​គាត់​ជា​មិន​ខាន ដោយ​បើក​សំដែង​ឲ្យ​ឃើញ​ថា តាម​ពិត​ទៅ​ពួកគេ​គឺ​ជា​ពួក​ចចក។

«ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ» (ម៉ាថាយ ៧:១៥)។

ពួក​ហោរា​ក្លែង​ក្លាយ​មិន​ដែល​មក​ដោយ​ពាក់​ផ្លាក​ថា​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ។ ពួក​គាត់​មាន​សណ្ឋាន និង​ពាក្យ​សម្ដី​ដូច​ជា​អ្នក​ជឿ​ពិត ហើយ​ក៏​ចុះ​សម្រុង​ទៀត​ផង យ៉ាង​ហោច​ណាស់​សម្រាប់​មួយ​រយៈ​ដែរ។ ពួក​គាត់​ស្លៀក​ពាក់​ដូច​ជា​សត្វ​ចៀម មាន​សម្លេង​ដូច​ជា​សត្វ​ចៀម និង​មាន​ក្លិន​ដូច​ជា​សត្វ​ចៀម។ ពួក​គាត់​បន្លំ​ធ្វើ​ជា​អ្វី​ដែល​ខ្លួន​មិន​មែន ដោយ​ប្រសប់​ខ្លួន​ថា​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​យ៉ាង​ប្រុង​ប្រយ័ត្ន។


ស្រប​ពេល​នោះ ពួក​គាត់​ក៏​លាក់​លក្ខណៈ​ពិត​របស់​ខ្លួន​ដែរ។ ពួក​គេ​ទំនង​ជា​មាន​វេទិកា​ធំ ហើយ​មាន​ទ្រឹស្ដី​ដែល​ពេញ​ដោយ​ទំនុក​ចិត្ត​អំពី​ជីវិត​ខាង​ឯ​សាច់​ឈាម និង​ខាង​ឯ​វិញ្ញាណ។ លោកគ្រូ ស៊ីនខ្ល័រ ហ្វើគីសុន (Sinclair Ferguson) បាន​ចែក​ចាយ «លោកអ្នក​នឹង​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​អះអាង​ថា​ខ្លួន​កំពុង​តែ​ដើរ​ខាង​ឯ​វិញ្ញាណ ក្រោម​ឆ័ត្រ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​ពួក​គាត់​នឹង​មិន​លើក​ឡើង​អំពី​ចំណុច​សំខាន់​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ទាក់ទង​ទៅ​នឹង​ការ​ធួន​នឹង​បាប​ទេ»។ ហើយ​នេះ​ឯង​គឺ​ជា​ចំណុច​សំខាន់​នៃ​ជំនឿ​ពិត។


ចំណុច​ដែល​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​កើត​ឡើង​នៅ​ពេល​ដែល​ពួក​គាត់​លាយឡំ​សេចក្តី​ពិត​ជា​មួយ​នឹង​សេចក្តី​ក្លែង​ក្លាយ។ ពួក​គាត់​លើក​ឡើង​ព្រះ​បន្ទូល​ជា​សម្រង់​សម្ដី។ ពួក​គាត់​ប្រើប្រាស់​ភាសា​ដែល​ស្រដៀងៗ។ ពួក​គាត់​មាន​គោលលិទ្ធិ​ត្រឹម​ត្រូវ​ជា​ឯកសារ​យោង។ ដោយ​សារ​ពួក​គាត់​ជា​កញ្ចក់​ឆ្លុះ​សេចក្តី​ពិត ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ចាប់​សេចក្តី​ខុស​ឆ្គង​របស់​ពួក​គាត់​បាន។ ខាង​ក្រោម​នេះ​ជា​ចំណុច​ជំនួយ​បួន​យ៉ាង​ពី​លោក​គ្រូ ស៊ីនខ្ល័រ ហ្វើគីសុន អម​ជា​មួយ​នឹង​ការ​បន្ថែម​គំនិត​ពន្យល់​មួយ​ចំនួន៖

) យុទ្ធសាស្ត្រ​ស្ងៀមស្ងាត់​អំពី​ព័ន្ធកិច្ច​នៃ​ការ​ធួន​នឹង​បាប​របស់​ព្រះ​គ្រីស្ទ


គ្រូ​ក្លែង​ក្លាយ​នឹង​និយាយ​អំពី​រឿង​ខាង​ឯ​វិញ្ញាណ​ជា​ច្រើន ប៉ុន្តែ​សូម​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​ដែល​ពួក​គាត់​មិន​បង្រៀន​ផង​ដែរ។ ដូច​ដែល​លោក​គ្រូ ស៊ីនខ្ល័រ ហ្វើគីសុន បាន​លើក​ឡើង «លោក​អ្នក​នឹង​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​អះអាង​ថា​ខ្លួន​កំពុង​តែ​ដើរ​ខាង​ឯ​វិញ្ញាណ ក្រោម​ឆ័ត្រ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​ពួក​គាត់​នឹង​មិន​លើក​ឡើង​អំពី​ចំណុច​សំខាន់​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ទាក់ទង​ទៅ​នឹង​ការ​ធួន​នឹង​បាប​ទេ»។


ហេតុ​អ្វី​បាន​ជា​ចំណុច​នេះ​សំខាន់​ម៉្លេះ? ឈើ​ឆ្កាង​គឺ​មិន​មែន​ជា​ចំណុច​បន្ទាប់​បន្សំ​ទេ—ឈើ​ឆ្កាង​គឺ​ជា​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត។ ព្រះ​គ្រីស្ទ និង​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ៖ មាន​តែ​ប៉ុណ្ណឹង។ ទោះ​បើ​គ្រូ​ខុស​ឆ្គង​ហាក់​បី​ដូច​ជា​និយាយ​អំពី​ព្រះ​យេស៊ូវ​ឥត​ឈប់​ឈរ​ក៏​ដោយ​ក៏​តាម​ពិត​ទៅ​ពួក​គាត់​គ្រាន់​តែ​និយាយ​អំពី​ព្រះ​អង្គ​ក្នុង​នាម​ជា​គ្រូ ឬ​ក៏​ជា​គំរូ​ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​យើង​ឲ្យ​ធ្វើ​អំពើ​ល្អ ជា​ជាង​និយាយ​អំពី​ព្រះ​អង្គ​ក្នុង​នាម​ជា​ព្រះ​សង្គ្រោះ ដែល​បាន​សុគត​ជំនួស​អំពើបាប​របស់​យើង។ បើ​ពួក​គាត់​និយាយ​ក្នុង​ប្រធាន​បទ​នៃ​សេចក្តី​សង្គ្រោះ នោះ​លោក​អ្នក​នឹង​ទំនង​ជា​ឮ​ច្រើន​អំពី​ព្រះ​យេស៊ូវ​ថា ទ្រង់​ជា​អ្នក​ដែល​យល់​ចិត្ត​យើង ប៉ុន្តែ​លោកអ្នក​នឹង​កម្រ​ឮ​អំពី​ការ​ដែល​ពួក​គាត់​និយាយ​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ស្ដាប់​បង្គាប់​ជា​ទ្វេ​ដង​នោះ​ទេ៖ ដោយ​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​នៅ ក្នុង​សណ្ឋាន​ដែល​យើង​មិន​អាច​រស់​នៅ​បាន ហើយ​បាន​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​សេចក្តី​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អំពើ​បាប​យើង។


ប្រសិន​បើ​ឈើ​ឆ្កាង​គ្រាន់​តែ​បាន​ក្លាយ​ជា​សញ្ញា​នៃ​អំពើ​អយុត្តិធម៌ ឬ​ក៏​គំរូ​ខាង​ឯ​សីលធម៌ ជា​ជាង​កន្លែង​ដែល​ព្រះ​អង្គ​បាន​សម្រេច​ការ​ប្រោស​លោះ នោះ​មាន​ន័យ​ថា យើង​បាន​មើល​រំលង​ដំណឹង​ល្អ​ហើយ។

) ពួក​គាត់​បង្រៀន​តិច​តួច​ណាស់​អំពី​ជីវិត​នៅ​ក្រោម​ឈើ​ឆ្កាង


ចំណុច​សម្គាល់​មួយ​ទៀត​អំពី​គ្រូ​ក្លែង​ក្លាយ​គឺ​ត្រង់​ចំណុច​ថា ពួកគាត់​បង្រៀន​តិចតួច​ណាស់​អំពី​ជីវិត​ជា​គ្រីស្ទ​បរិស័ទ ទាក់​ទង​ទៅ​នឹង​ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង និង​ការ​លះ​អាល័យ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​យើង​លី​ឈើឆ្កាង​ជា​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រូ​បង្រៀន​ខុស​ឆ្គង​នឹង​តែង​តែ​បង្រៀន​ជា​គោល​អំពី​ជំនឿ​គ្រីស្ទ​បរិស័ទ​ថា​ជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​អ្វី​មួយ​ផ្សេង​ទៀត៖ ការ​ដែល​យើង​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន ប្រកប​ដោយ​សិទ្ធិ​អំណាច និង​ការ​ដែល​យើង​អាច​ប្រកាស​នូវ​អ្វី​ដែល​យើង​កាន់​តែ​ចង់​បាន​ឲ្យ​ក្លាយ​ជា​ការ​ពិត​មក។ ពួក​គាត់​តែងតែ​បង្រៀន​អំពី​ការ​ទូលាយ​ចូល និង​ការ​លូត​លាស់​ខាង​ឯ​សាច់​ឈាម ប៉ុន្តែ​បង្រៀន​តិច​តួច​ណាស់​អំពី​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។


គ្រូ​បង្រៀន​ខុសឆ្គង​តែងតែ​គេច​ចេញ​ពី​ការ​បង្រៀន «អំពី​ជីវិត​នៅ​ក្រោម​ឈើ​ឆ្កាង» ដោយ​ពួក​គាត់​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​លូតលាស់​ជា​បុគ្គល​ភាព និង​ការ​បំពេញ​តាម​បំណង​ចិត្ត​របស់​ខ្លួន​ទៅ​វិញ ជា​ជាង​បង្រៀន​អំពី​ការ​លះ​អាល័យ​ខ្លួន​ឯង។ ជីវិត​ជា​គ្រីស្ទបរិស័ទ​គឺ​មិន​មែន​អំពី​ជីវិត​នៃ​ការ​ដែល​មាន​សុខភាព​ល្អ មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្ដម្ភ និង​ភាព​អរ​សប្បាយ​នោះ​ទេ—តែ​ជា​ជីវិត​ដែល​ប្រឈម​នឹង​ការ​តយុទ្ធ​ជា​មួយ​នឹង​អំពើ​បាប​នៅ​ក្នុង​យើង ដោយ​មាន​អំណរ​ដែល​នេះ​មាន​ន័យ​ថា «មិន​ថា​ស្លាប់ ឬ​ក៏​រស់​គឺ​យើង​នឹង​តយុទ្ធ​រហូត​ដល់​ពេល​ព្រះ​អង្គ​យក​យើង​ទៅ»។ នៅ​ពេល​ដែល​មាន​គេ​បង្រៀន​អំពី​ភាព​ស្រណុក​សុខ​ស្រួល​ដោយ​មិន​មាន​ការ​លះបង់ បង្រៀន​អំពី​ជោគជ័យ​ដោយ​មិន​មាន​ការ​ថ្វាយ​យញ្ញ​បូជា ឬ​ក៏​បង្រៀន​អំពី​ការ​ទទួល​យក​ខ្លួន​ឯង ជា​ជាង​អំពី​ការ​ត្រាប់​តាម​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា​លោក​អ្នក​ទំនង​ជា​កំពុង​ឮ​សេចក្តី​បង្រៀន​ដែល​មិន​មាន​លក្ខណៈ​ដូចជា​អ្វី​ដែល​ព្រះ​យេស៊ូវ​ពិត​ជា​បាន​បង្រៀន​ហើយ។

) ពួក​គាត់​បង្រៀន​អំពី​ការ​លើក​ខ្លួន​ឯង​ជា​ជាង​ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ


ការ​បម្រើ​ខ្លួន​ឯង​គឺ​ជា​ចំណុច​ស្នូល​នៃ​សេចក្តី​បង្រៀន​ខុស​ឆ្គង។ សូម​ចងចាំ​អំពី​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ​ទាក់ទង​ទៅ​នឹង​ចចក​ដែល​ឃ្លាន​លោក​អ្នក។ គ្រូ​ខុស​ឆ្គង​មិន​ខ្វល់​អំពី​ការ​បម្រើ​កូនៗ​របស់​ព្រះ​ជាម្ចាស់​ទេ ប៉ុន្តែ​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​តែ​លើ​របៀប​ដែល​ពួក​គាត់​អាច​ប្រើប្រាស់​កូនៗ​របស់​ព្រះ សម្រាប់​តែ​សម្រេច​គោល​បំណង​របស់​ខ្លួន​ទៅ​វិញ។ ដោយ​មិន​ដឹង​ខ្លួន ប្រហែល​ព័ន្ធកិច្ច​របស់​ពួក​គាត់​គឺ​គ្រាន់​តែ​សម្រាប់​បំពេញ​សេចក្តី​ប្រាថ្នា​របស់​ខ្លួន ទាក់​ទង​ទៅ​នឹង​ការ​ជះ​ឥទ្ធិពល អំណោយ​ទាន​របស់​ខ្លួន ឬ​ក៏​ការ​យល់​ដឹង​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។


គឺ​ផ្ទុយ​ពី​អ្វី​ដែល​លោក ជច វ៉ៃហ្វៀល (George Whitefield) ដែល​បាន​លើក​ឡើង​ថា «សូម​ឲ្យ​ឈ្មោះ​ខ្ញុំ​រលាយ​បាត់​ទៅ ប៉ុន្តែ​សូម​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​បាន​នៅ​គង់​វង្ស​អស់​កល្ប​ជានិច្ច​វិញ»។ ចំណែក​ឯ​គ្រូ​ខុស​ឆ្គង​វិញ ពួក​គាត់​តែង​តែ​បន្ត​ទាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្លួន​ឯង ដោយ​ប្រើ​ព្រះនាម​របស់​ព្រះ​យេស៊ូវ ដើម្បី​ធ្វើការ​នោះ។


ពួក​គាត់​ញែក​ខ្លួន​ឯង​ចេញ ដោយ​សន្មត​ថា ខ្លួន​មាន​អំណោយ​ទាន​ពិសេស ឬ​ក៏​អាច​ចូល​ទៅ​កាន់​ព្រះ​វត្តមាន​របស់​ព្រះ​ក្នុង​លក្ខណៈ​ពិសេសៗ។ លក្ខណសម្បត្តិ​របស់​ពួក​គាត់​បើក​បង្ហាញ​អំពី​សណ្ឋាន​ពិត​របស់​ខ្លួន—សត្វ​ចចក​វា​មិន​ទៅ​បម្រើ​សត្វ​ចៀម​ទេ ប៉ុន្តែ​វា​ប្រើប្រាស់​សត្វ​ចៀម​សម្រាប់​គោលបំណង​របស់​វា​ផ្ទាល់​វិញ។ ព័ន្ធកិច្ច​ពិត​ត្រូវ​តែ​មាន​ការ​លះ​អាល័យ និង​ការ​បម្រើ​អ្នក​ដទៃ តែ​គ្រូ​ខុសឆ្គង​គ្រាន់​តែ​ផ្ដោត​ទៅ​លើ​ការ​បង្កើត​អំណាច​បុណ្យ​ស័ក្តិ សម្រាប់​ខ្លួន​តែ​ប៉ុណ្ណោះ។

) កាន់​តែ​ជិត​ព្រះ​គ្រីស្ទ?


នៅ​ទី​បំផុត ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​មើល​លើស​ពី​សម្បក​ក្រៅ​នៃ​គ្រូ​ណា​ម្នាក់ ហើយ​ឲ្យ​យើង​ពិនិត្យ​មើល​ថា តើ​សេចក្តី​បង្រៀន​របស់​ពួកគាត់​នាំ​ឲ្យ​យើង​ទៅ​ដល់​ណា​ជា ពិសេស​ផ្នែក​ខាង​ឯ​វិញ្ញាណ។ សូម​គិត​អំពី​ចំណុច​តម្រង់​ទិស—តើ​សេចក្តី​បង្រៀន​នោះ​កំពុង​តែ​នាំ​លោក​អ្នក​ទៅ​ណា? ដូច​ដែល​លោក​គ្រូ ស៊ីនខ្ល័រ ហ្វើគីសុន បាន​ដាស់​តឿន​យើង៖ តើ​សេចក្តី​បង្រៀន​នោះ​កំពុង​តែ​ធ្វើ​អ្វី​ដល់​ខ្ញុំ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ? តើ​សេចក្តី​បង្រៀន​នោះ​កំពុង​តែ​នាំ​ឲ្យ​ខ្ញុំ​មាន​សេរី​ភាព​មែន​ឬ? តើ​សេចក្តី​បង្រៀន​នោះ​កំពុង​តែ​នាំ​ខ្ញុំ​ទៅ​កាន់​ព្រះ​គ្រីស្ទ​មែន​ឬ? តើ​សេចក្តី​បង្រៀន​នោះ​កំពុង​តែ​នាំ​ខ្ញុំ​ទៅ​កាន់​ឈើ​ឆ្កាង​មែន​ឬ? តើ​សេចក្តី​បង្រៀន​នោះ​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ​ដែរ​ឬ​ទេ?


សំណួរ​ទាំង​នេះ​ចាក​ចុច​លើ​វោហារ​សាស្ត្រ និង​ប្រជា​ប្រិយ​ភាព ដើម្បី​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពី​លក្ខណៈ​ពិត​នៃ​អ្វី​ដែល​យើង​កំពុង​តែ​ទទួល​យក។ មើល​ទៅ សេចក្តី​បង្រៀន​ខុស​ឆ្គង​ហាក់បី​ដូចជា​នាំ​ឲ្យ​យើង​មាន​សេរី​ភាព តែ​តាម​ពិត​ទៅ​វា​កំពុង​តែ​ចង​យើង​ជា​មួយ​នឹង​សេចក្តី​សង្ឃឹម​មិន​ត្រឹម​ត្រូវ ប្រាជ្ញា​របស់​មនុស្ស ឬ​ក៏​កំពុង​តែ​ចង​យើង​ផ្ទាល់​ជា​មួយ​នឹង​គ្រូ​ខុស​ឆ្គង​នោះ​តែ​ម្ដង។ ទោះ​បើ​មាន​ការ​ចាក់​ដោត​លើ​សេចក្តី​បង្រៀន​ត្រឹម​ត្រូវ​ក៏​ដោយ​ក៏​សេចក្តី​បង្រៀន​ត្រឹម​ត្រូវ​នឹង​បង្កើត​នូវ​ការ​លូត​លាស់​ខាង​ឯ​ការ​ដែល​យើង​ស្រឡាញ់​ព្រះ​គ្រីស្ទ និង​អ្នក​ដទៃ—មិន​មែន​គ្រាន់​តែ​បង្កើត​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន ឬ​ក៏​ការ​ជំរុញ​ឲ្យ​ល្អ​សម្រាប់​តែ​មួយ​ឆាវ​នោះ​ទេ។


ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ​ទាក់ទង​ទៅ​នឹង​ទ្វារ​ចង្អៀត និង​ទ្វារ​ទូលាយ​មាន​ការ​ពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង​ណាស់ ទៅ​នឹង​ការ​យល់​ដឹង​របស់​យើង​អំពី​គ្រូៗ។ ទ្វារ​ចង្អៀត​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត—ដែល​ផ្ដោត​ទៅ​លើ​ព័ន្ធកិច្ច​នៃ​ការ​ធួន​នឹង​បាប​របស់​ព្រះ​គ្រីស្ទ ការ​លះ​អាល័យ​ខ្លួន​ឯង​ជា​ប្រចាំ​ថ្ងៃ និង​ការ​ទទួល​បាន​សេចក្តី​សង្គ្រោះ​ចេញ​ពី​អំពើបាប—ពេល​មើល​ដំបូង​ទៅ​គឺ​ហាក់បី​ដូចជា​ពិបាក​ខ្លាំង​ជាង ហើយ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ដែរ បើ​ប្រៀប​ធៀប​ទៅ​ទ្វារ​ទូលាយ​នៃ​សេចក្តី​បង្រៀន​តែ​ផ្ដោត​ទៅ​លើ​ការ​បំពេញ​ខ្លួន​ឯង និង​ភាព​ស្រណុក​សុខ​ស្រួល​ដែល​ហោរា​ខុស​ឆ្គង​បង្រៀន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្ដង​ហើយ​ម្ដង​ទៀត គឺ​ទ្វារ​ចង្អៀត​នេះ​ឯង​ដែល​នាំ​ទៅ​កាន់​សេរីភាព និង​ជីវិត​ពិត ខណៈ​ពេល​ដែល​ទ្វារ​ទូលាយ​ដែល​ហាក់បី​ដូចជា​ស្រួល ហើយ​មិន​យូរ​មិន​ឆាប់​នឹង​នាំ​ទៅ​កាន់​ការ​បំផ្លិច​បំផ្លាញ​ខាង​ឯ​វិញ្ញាណ​វិញ។


នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់—ដោយ​ចេះ​មើល​ឃើញ​សេចក្តី​បង្រៀន​ខាង​ឯ​វិញ្ញាណ​សើៗ ដោយ​វាយ​តម្លៃ​លើ​សេចក្តី​បង្រៀន​ទៅ​នឹង​ផល​ផ្លែ​ដ៏​យូរ​អង្វែង​របស់​វា ហើយ​សម្លឹង​មើល​ទៅ​កាន់​ព្រះ​គ្រីស្ទ ជា​ជាង​មើល​លើ​បុគ្គលិក​លក្ខណៈ ដែល​ពូកែ​វោហារ។ សព្វ​ថ្ងៃ​នេះ ជីវិត​ខាង​ឯ​វិញ្ញាណ​មាន​ពេញ​ទៅ​ដោយ​សម្លេង​ជា​ច្រើន​ដែល​អះអាង​ថា ខ្លួន​មាន​អំណាច ដែល​តាម​ពិត​ទៅ ការ​នេះ​ធ្វើ​ឲ្យ​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ជំពូក៧ កាន់​តែ​មាន​ប្រយោជន៍​លើស​ពី​ពេល​ណាៗ​ផ្សេង​ទៀត។

និពន្ធ​ដោយ៖ លោក​គ្រូ Sinclair Ferguson និង​លោក​ស្រី Kara Dedert

បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា

កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក ង៉ែត វិទូ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថបទ​លេខ​១៥–ប្រហែល​ជា​តាំង​ពី​យូរ​ណាស់​មក​ហើយ ដែល​ស្ត្រី​មិន​បាន​ទទួល​ការ​អប់រំ​នោះ​ទេ។ តើ​ស្ត្រី​អាច​ធ្វើ​ជា​គ្រូ​គង្វាល​បាន​ទេ ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ការ​អប់​រំ​ដូច​ពេល​បច្ចុប្បន្ន​នេះ?