in ,

១០ចំណុចគួរយល់អំពីការរងទុក្ខ

១. ការ​រង​ទុក្ខ​គឺ​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ក្នុង​អំពើ​បាប

ព្រះ​ជាម្ចាស់​បាន​ណែនាំ​លោក អ័ដាម ថា​ការ​បរិភោគ​ពី​ផ្លែឈើ​ដែល​ព្រះ​អង្គ​បាន​ហាម​នឹង​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ជា​លទ្ធផល (លោកុប្បត្ដិ ២)។ កណ្ឌ​គម្ពីរ រ៉ូម បាន​បញ្ជាក់​ថា ការ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក អ័ដាម បាន​ធ្លាក់​ចុះ​នៅ​ក្នុង​អំពើ​បាប «ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ សេចក្ដី​ស្លាប់ (ដែល​រួម​មាន​ទាំង​ការ​ឈឺ​ចាប់ និង​ការ​រង​ទុក្ខ) បាន​កើត​មក​ពី​លទ្ធផល​នៃ​អំពើ​បាប​ដំបូង និង​អំពើ​បាប​ដែល​យើង​កំពុង​តែ​បន្ត​ប្រព្រឹត្ត។ ការ​ឈឺ​ចាប់ ការ​រង​ទុក្ខ និង​ការ​ស្លាប់—នៅ​ក្នុង​វា​ផ្ទាល់—គឺ​មិន​ល្អ​នោះ​ទេ។

២. ព្រះ​ជាម្ចាស់​ប្រើប្រាស់​ការ​រងទុក្ខ​សម្រាប់​ជា​ការ​ល្អ​វិញ

ចូរ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដោយ​សារ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពួក៨​បាន​ប្រាប់​យើង​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​តម្រិះ​ទ្រង់»។ ព្រះ​ជាម្ចាស់​មិន​ដែល​ប្រាប់​យើង​ថា​ការ​ឈឺ​ចាប់​របស់​យើង​គឺ​ជា​ការ​ល្អ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ប្រើ​ប្រាស់​ការ​ឈឺ​ចាប់ ដើម្បី​ធ្វើ​ការ​នោះ​សម្រាប់​ការ​ល្អ​របស់​យើង​នៅ​ក្នុង​របៀប​ដ៏​អស្ចារ្យ និង​អាថ៌កំបាំង​របស់​ទ្រង់។

របៀប​មួយ​ដែល​ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​ការ​ឈឺ​ចាប់​គឺ ដើម្បី​ដាស់​តឿន​យើង និង​នាំ​យើង​មក​កាន់​ព្រះ​អង្គ​ផ្ទាល់។ ទំនោរ​របស់​យើង​នៅ​ក្នុង​អំឡុង​ពេល​ជួប​ការ​ល្បង​ល​គឺ​ជា​ការ​រត់​ចេញ​ពី​ព្រះ​ជាម្ចាស់ ខឹង​ជា​មួយ​នឹង​ព្រះ​អង្គ ឬ​យក​ការ​កម្សាន្ត​បែប​លោកីយ៍​សម្រាប់​សម្រាល​បន្ទុក​របស់​ខ្លួន។ លោក​គ្រូ ស៊ី. អេឆ. ស្ពើចិន (C. H. Spurgeon) បាន​លើក​ឡើង​បាន​យ៉ាង​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​យើង​ក្នុង​ការ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ការ​ឈឺ​ចាប់​របស់​យើង។ គាត់​បាន​សន្មត​ជា​មួយ​នឹង​ឃ្លា​ដែល​បាន​លើក​ឡើង​ថា «ខ្ញុំ​បាន​រៀន​ថើប​ទឹក​រលក [ការ​រង​ទុក្ខ] ដែល​បាន​បោក​ខ្ញុំ​ទៅ​កាន់​ថ្ម​ដា [ព្រះ]»។ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា ព្រះ​ជាម្ចាស់​គ្រប់​គ្រង​លើ​គ្រប់​កាលៈទេសៈ​ទាំង​អស់…ហើយ​ព្រះ​អង្គ​ទ្រង់​ល្អ។ យើង​ត្រូវ​តែ​បើក​ភ្នែក​របស់​យើង​នៅ​ក្នុង​ការ​ឈឺ​ចាប់​របស់​យើង ហើយ​ឲ្យ​ឃើញ​ថា​គ្រប់​កាលៈទេសៈ​របស់​យើង​គឺ​កំពុង​តែ​នាំ​យើង​ចូល​ទៅ​កាន់​ព្រះ​អង្គ។

៣. យើង​មិន​អាច​ដឹង​បាន​ថា​ព្រះ​ជា​ម្ចាស់​កំពុង​តែ​ធ្វើ​អ្វី​នៅ​ក្នុង​ការ​ឈឺ​ចាប់​របស់​យើង​នោះ​ទេ

លោក​គ្រូ អហ្គស្ទីន (Augustine) បាន​សរសេរ​អំពី​ព្រះ​ជាម្ចាស់ និង​ពី​កាលៈទេសៈ​របស់​យើង «ប្រសិន​បើ​លោក​អ្នក​យល់ នោះ​មិន​មែន​ជា​ព្រះ​ជាម្ចាស់​ដែល​លោក​អ្នក​យល់​នោះ​ទេ»។ យើង​មាន​ការ​ពិបាក​ក្នុង​ការ​ពិនិត្យ​មើល​នូវ​ផ្ទៃ​ខាង​ក្រៅ​នៃ​ឆន្ទៈ ការ​បង្កើត និង​ព្រះ​ប្រាជ្ញា​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់​ណាស់។ តើ​នរណា​អាច​ផ្ដល់​យោបល់​ដល់ ឬ​រិះគន់​ពី​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​បាន? កណ្ឌ​គម្ពីរ សុភាសិត ១៦:៤ បាន​លើក​ឡើង​ថា «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង»។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ជាម្ចាស់​តែង​តែ​ធ្វើ​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​យល់​បាន។

៤. ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​ការ​រង​ទុក្ខ ដើម្បី​ឲ្យ​យើង​ពេញ​វ័យ​ឡើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ

កណ្ឌ​គម្ពីរ យ៉ាកុប ១ បាន​ចែង​ថា «បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់​ខ្ជួន ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ»។ យើង​អាច​រាប់​ការ​ល្បង​ល​ថា​ជា​សេចក្ដី​អំណរ​បាន ពី​ព្រោះ​ព្រះ​ជាម្ចាស់​កំពុង​តែ​ស៊ូ​ទ្រាំ​ជា​មួយ​នឹង​សេចក្ដី​ជំនឿ​របស់​យើង។ ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ ហើយ​ការ​ទាំង​នោះ​ឯង​តែង​តែ​ជា​កម្រៃ​វិញ។

៥. ការ​ស៊ូ​ទ្រាំ​តាម​រយៈ​ការ​រង​ទុក្ខ អនុញ្ញាត​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អ្នក​ដទៃ​ដែល​រង​ទុក្ខ​ដែរ

ព្រះ​ជាម្ចាស់​ជួយ​យើង​ឆ្លង​កាត់​ការ​រង​ទុក្ខ ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អ្នក​ដទៃ​ដែល​កំពុង​រង​ទុក្ខ​ដែរ។ កណ្ឌគម្ពីរ ២កូរិនថូស ១:៣-៤ បាន​ចែង​ថា «សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរ​បិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ​វរ​បិតា​ដ៏​មាន​សេចក្ដី​មេត្តា​ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កម្សាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កម្សាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ​សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កម្សាន្ត​ចិត្ត​យើង​ស្រេច​ហើយ»។ អ្នក​ទទួល​បន្ទុក​ដ៏​ល្អ​បំផុត​គឺ​ជា​អ្នក​ដែល​ត្រូវ​ការ​នរណា​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក​ជួយ​សម្រាល​បន្ទុក​របស់​ខ្លួន​ដែល​មាន​ពី​អតីតកាល។

៦. ការ​រង​ទុក្ខ​បើក​បង្ហាញ​អំពី​ឱកាស​ព័ន្ធកិច្ច​ដែល​លោក​អ្នក​មិន​ធ្លាប់​ស្រមៃ​ដល់

ដោយ​សារ​ខ្ញុំ​ធំ​ធាត់​ឡើង​ដោយ​មាន​រាង​កាយ​ដែល​រឹងមាំ នោះ​ខ្ញុំ​មិន​បាន​ដឹង​ថា ថ្ងៃ​មួយ​ជីវិត​របស់​ខ្ញុំ និង​ព័ន្ធកិច្ច​របស់​ខ្ញុំ​រួម​បញ្ចូល​ជា​មួយ​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​កំពុង​ឈឺ​ចាប់ និង​ជួយ​ដល់​អស់​អ្នក​ដែល​មើល​ថែ​អស់​អ្នក​ដែល​កំពុង​ឈឺ​ចាប់​ទេ។ ខ្ញុំ​ជា​ម្នាក់​ដែល​មាន​ការ​ឈឺ​ចាប់​ឥត​ឈប់​ឈរ—ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ថា​វេទនា និង​មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ដៃ​ទាំង​ពីរ​របស់​ខ្ញុំ​ខ្លាំង​មែន​ទែន។ ខ្ញុំ​មិន​អាច​សូម្បី​ដាក់​ខ្សែ​ក្រវាត់​ពេល​ជិះ​ឡាន បើក​គម្រប​ដប​ទឹក បិទ​ឡេវ​អាវ​ខ្លួន​ឯង ឬ​ក៏​ចាប់​ដៃ​ជា​មួយ​មិត្តភក្ដិ​របស់​ខ្ញុំ​ផង។ នៅ​ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​នេះ​ដែរ​ដែល​បាន​កើត​ឡើង​នៅ​លើ​ជើង​របស់​ខ្ញុំ។ ថ្ងៃ​ខ្លះ វា​ឈឺ​ពិបាក​ទ្រាំង​ខ្លាំង​ណាស់។ ស្ទើរ​តែ​រាល់​យប់​ខ្ញុំ​មាន​ការ​ពិបាក​ក្នុង​ការ​គេង។ ហើយ​ជម្ងឺ​បាក់​ទឹក​ចិត្ត​បាន​រុំ​ព័ទ្ធ​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​សារ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ពន្លឺ​ដ៏​ភ្លឺ​ចែង​ចាំង​តាម​រយៈ​ឱកាស​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​កាន់​ខ្ញុំ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ទៀត។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​គុណ​ដល់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ជា​គ្រូ​គង្វាល​ខណៈ​ពេល​ដែល​ខ្ញុំ​ទន់​ខ្សោយ និង​ប្រកាស​ដល់​អ្នក​ដទៃ​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ​អង្គ។ ខ្ញុំ​មិន​ដែល​បាន​ជ្រើស​រើស ឬ​មាន​ក្ដី​ស្រមៃ​អំពី​ព័ន្ធកិច្ច​ដូច​នេះ​ឡើយ—ព្រះ​អម្ចាស់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ។

៧. ព្រះ​ជាម្ចាស់​ធ្វើ​ការ​តាម​រយៈ​ភាព​កម្សោយ និង​ការ​រង​ទុក្ខ មិន​មែន​ដោយ​សារ​វា​នោះ​ទេ

ជំនឿ​គ្រីស្ទ​បរិស័ទ​បង្រៀន​ថា គោល​បំណង (នៅ​ក្នុង​ជីវិត​នេះ) គឺ​មិន​មែន​ធ្វើ​ឲ្យ​លែង​មាន​ការ​ឈឺ​ចាប់ និង​ភាព​ទន់​ខ្សោយ​ទៀត​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ព្រះ​ជាម្ចាស់​ដែល​ការ​ធ្វើ​ការ​នៅ​ក្នុង និង​តាម​រយៈ​ការ​រង​ទុក្ខ​​របស់​លោក​អ្នក​វិញ។ សាវ័ក ប៉ុល មាន​បន្លា១​នៅ​ក្នុង​សាច់​ឈាម​របស់​គាត់ ហើយ​បាន​ទូល​សូម​ព្រះ​ជាម្ចាស់​ជា​ច្រើន​ដង ដើម្បី​ដក​វា​ចេញ ប៉ុន្តែ​គាត់​នៅ​តែ​មាន​ដដែល (២កូរិនថូស ១២:៧)។ អាច​មាន​គេ​ឆ្ងល់​ថា តើ​ព័ន្ធកិច្ច​របស់​សាវ័ក ប៉ុល នឹង​អស្ចារ្យ​យ៉ាង​ណា ប្រសិន​បើ​ព្រះ​ជាម្ចាស់​មិន​បាន​ដាក់​បន្លា១​នោះ​នៅ​ក្នុង​គាត់។ ទោះ​បើ​គាត់​មាន​បន្លា​នោះ​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​មិន​បាន​ប្រើ​ប្រាស់​សាវ័ក ប៉ុល ដែរ ប៉ុន្តែ​គឺ​តាម​រយៈ​បន្លា​របស់​គាត់​នោះ​វិញ។ ព្រះ​ជាម្ចាស់​មិន​មែន​ធ្វើ​ឲ្យ​យើង​រងទុក្ខ ដើម្បី​ឲ្យ​ទ្រង់​អាច​ធ្វើ​ការ​បាន​នោះ​ទេ ប៉ុន្តែ​ទ្រង់​យក​ការ​រងទុក្ខ​នោះ​មក​ប្រើ​ការ។ ភាព​កម្សោយ​គឺ​ជា​របៀប​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ធ្វើ​ការ​នៅ​ក្នុង​ផែនដី​នេះ។

៨. ទស្សនៈ​របស់​យើង​បែប​លោកីយ៍​នេះ​ចំពោះ​កំឡុង​ពេល​នៃ​ការ​រង​ទុក្ខ គឺ​មាន​ភាព​ខុស​គ្នា​ពី​ព្រះ​ជាម្ចាស់​ទាំង​ស្រុង

លោក ណូអេ បាន​ធ្វើ​ទូក ហើយ​រង់​ចាំ​ទឹក​ជំនន់។ លោក អ័ប្រាហាំ និង​នាង សារ៉ា បាន​រង​ចាំ​ក្នុង​ការ​មាន​កូន​អស់​ជា​ច្រើន​ឆ្នាំ។ លោក យ៉ូសែប បាន​ជាប់​គុក​អស់​ជា​ច្រើន​ឆ្នាំ។ លោក ម៉ូសេ បាន​វង្វេង​នៅ​ទី​រហោស្ថាន​អស់​រយៈ​ពេល​៤០​ឆ្នាំ។ នាង ហាណា បាន​យំ​ឥត​ឈប់​ឈរ​ក្នុង​ការ​រង​ចាំ​ឲ្យ​មាន​កូន។ លោក ដាវីឌ បាន​រត់​គេច​ខ្លួន​ពី​ស្ដេច​ដ៏​កំណាច​អស់​រយៈ​ពេល​១៣​ឆ្នាំ​នៅ​ទី​រហោស្ថាន។ ហោរា យេរេមា (ដែល​មាន​ងារ​ថា «ហោរា​ទឹក​ភ្នែក») បាន​អធិប្បាយ ហើយ​ក៏​មិន​ឃើញ​មាន​ផល​ផ្លែ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​ដែរ។ សាវ័ក ប៉ុល បាន​ប្រឈម​នឹង​ការ​ជាប់​គុក​ម្ដង​ហើយ​ម្ដង​ទៀត។ កណ្ឌ​គម្ពីរ ២កូរិនថូស ៤:១៧ បាន​ផ្ដល់​ឲ្យ​យើង​នូវ​ទស្សនៈ​វិស័យ​យ៉ាង​ល្អ​នៅ​ពេល​ដែល​យើង​មាន​ការ​តស៊ូ​ជា​មួយ​នឹង​ការ​ល្បង​ល​ផ្សេងៗ «ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ»។

៩. ការ​រង​ទុក្ខ​អាច​ជំរុញ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​សង្គម

ការ​រង​ទុក្ខ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ពឹង​ផ្អែក​ទៅ​លើ​សហគមន៍​ដែល​ទទួល​ជឿ​ព្រះ​អង្គ​ក្នុង​ការ​ជួយ បម្រើ លើក​ទឹក​ចិត្ត និង​ជួយ​អធិស្ឋាន។ ទោះ​បើ​តាម​រយៈ​ការ​ស្វែង​រក​ជំនួយ​គឺ​ជា​ការ​បន្ទាប​ខ្លួន​ក៏​ដោយ ក៏​វា​មាន​អត្ថ​ប្រយោជន៍​បន្ថែម​ក្នុង​ការ​បង្កើត​មិត្តភាព​ដែរ។ ខ្ញុំ​គិត​អំពី​ការ​ជិះ​ឡាន​ជា​មួយ​គ្នា​ដែល​មិត្តភក្ដិ​របស់​ខ្ញុំ វិសាល និង តុលា បាន​ឲ្យ​ខ្ញុំ​ជិះ​ឡាន​ជា​មួយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​គិត​អំពី​ការ​លើក​ទឹក​ចិត្ត​របស់ ធាវី ខ្ញុំ​បាន​គិត​អំពី​ការ​និយាយ​ទូរស័ព្ទ​ជា​មួយ ភារម្យ ដែល​បាន​ទូរស័ព្ទ​មក​ពី​ពាក់​កណ្ដាល​​ពិភព​លោក និង​អំពី​សារ​របស់ គន្ធា និង រក្សា។ នៅ​ពេល​ដែល​យើង​តយុទ្ធ​ក្នុង​ការ​ដក​ខ្លួន​ឯង​ចេញ​ពី​សង្គម នោះ​ព្រះ​ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង​មាន​ការ​ប្រកប​គ្នា​យ៉ាង​ជិត​ស្និទ្ធ។

១០. ជំនឿ​គ្រីស្ទ​បរិស័ទ​គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​រង​ទុក្ខ

គ្រប់​សាសនា​ផ្សេងៗ​មិន​មាន​មធ្យោបាយ​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ​នឹង​ការ​ឈឺ​ចាប់ និង​ការ​រង​ទុក្ខ​នោះ​ទេ។ អ្នក​ខ្លះ​នៅ​ក្នុង​បច្ចុប្បន្ន​នេះ​មាន​ផែន​ការ​ក្នុង​ការ​គេច​ចេញ​ពី​ភាព​ពិត​នៃ​ភាព​ឈឺ​ចាប់។ អ្នក​ខ្លះ​ទៀត​បាន​បង្រៀន​អំពី​របៀប​ក្នុង​ការ​រម្ងាប់​កំហឹង​របស់​ព្រះ​នានា។ អ្នក​ខ្លះ​បាន​សរសើរ​ពី​ទស្សនៈ​នៃ​កម្ម​ផល។ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ផ្ដោត​ទៅ​លើ​ការ​ខំ​ប្រឹង​ធ្វើ​ល្អ ដើម្បី​ទទួល​បាន​ស្ថានសួគ៌—ជា​កន្លែង​មួយ​ដែល​មិន​មាន​ការ​ឈឺ​ចាប់ និង​មាន​ភាព​សប្បាយ​រីក​រាយ​ដែល​គ្មាន​ដែន​កំណត់។

ប៉ុន្តែ មាន​តែ​ជំនឿ​គ្រីស្ទ​បរិស័ទ​តែ​មួយ​គត់​ទេ ដែល​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​សម្រាប់​អ្នក​ដែល​កំពុង​ឈឺ​ចាប់។ ការ​រង​ទុក្ខ និង​សេចក្ដី​ស្លាប់​គឺ​ជា​រឿង​ដែល​គេច​មិន​ផុត​សម្រាប់​យើង​ទាំង​អស់​គ្នា ប៉ុន្តែ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​បាន​ដោយ​សារ​មាន​ម្នាក់​ដែល​បាន​ឆ្លង​កាត់​មុន​យើង​នៅ​ក្នុង​សេចក្ដី​ស្លាប់​រួច​ហើយ។ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​១០០ភាគ​រយ និង​ជា​មនុស្ស​១០០​ភាគ​រយ បាន​រស់​នៅ​ក្នុង​ជីវិត​ដែល​មិន​មាន​បាប​ទាល់​តែ​សោះ​ជំនួស​យើង។ ព្រះ​អង្គ​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បួង និង​ការ​ល្បងល​ផ្សេងៗ—ព្រះ​អង្គ​ត្រូវ​បាន​អ្នក​ដែល​នៅ​ជិត​ព្រះ​អង្គ​បំផុត​ក្បត់ ចំអក មាន​អារម្មណ៍​ឈឺ​ចាប់ ការ​ឈឺ​ចាប់​ផ្នែក​រាង​កាយ ហើយ​ដែល​សំខាន់​បំផុត​នោះ​គឺ​ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដាក់​ទោស​ទ្រង់​ផង​ដែរ។

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ជាប់​នៅ​លើ​ឈើ​ឆ្កាង​ដោយ​ទទួល​ផ្ទុក​នូវ​ទម្ងន់​នៃ​អំពើ​បាប​របស់​មនុស្ស ព្រះ​អង្គ​មិន​មែន​គ្រាន់​តែ​បាន​ប្រឈម​មុខ​ទៅ​នឹង​សេចក្ដី​ស្លាប់​ដ៏​អាក្រក់​បំផុត​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ទេ (ជា​ការ​ដាក់​ទោស​សម្រាប់​តែ​អ្នក​ណា​ដែល​មាន​បទ​ឧក្រិដ្ឋ​ដែល​អាក្រក់​ជាង​គេ​ប៉ុណ្ណោះ) ព្រះ​អង្គ​ក៏​ប្រឈម​មុខ​នឹង​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​ចាក់​ពី​ពែង​របស់​ទ្រង់​ទៀត​ផង។ ប៉ុន្តែ រឿង​នេះ​មិន​បាន​បញ្ចប់​ត្រឹម​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ប៉ុណ្ណេះ​នោះ​ទេ។

បី​ថ្ងៃ​ក្រោយ​មក ព្រះ​អង្គ​បាន​យាង​ចេញ​ពី​ផ្នូរ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ហើយ។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​មាន​ន័យ​ថា ការ​ឈឺ​ចាប់ និង​ការ​ល្បង​ល​របស់​យើង ហើយ​សូម្បី​តែ​ការ​ស្លាប់​របស់​យើង​ក៏​មិន​មែន​ជា​ការ​បញ្ចប់​នៃ​ដំណើរ​រឿង​ដែរ។

និពន្ធដោយ៖ លោកគ្រូ Dave Furman
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, លោក ទេព រ៉ូ, លោក ខែម បូឡុង,​ លោក ប៊ុន ធីម៉ូថេ,​ លោក ឯក សត្យានិងលោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី www.crossway.org​ ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

លោកអ្នកមិនត្រូវការកាន់តែស្រឡាញ់ខ្លួនឯងនោះទេ

តើបទគម្ពីរ យេរេមា ២៩:១១ មាន​ន័យ​យ៉ាង​ដូច​ម្ដេច?